រឿងមហាភារតយុទ្ធ ភាគទី១១៖ប្រឹក្សាការស្ងប់សឹកត្រៀមច្បាំង

ទូត​របស់​យុធិស្ឋិរ មក​ដល់​ក្រុង​ហស្ថិនបុរ ក៏​ត្រង់​ចូល​ទៅ​គាល់​ក្នុង​ព្រះ​ទីនាំង​គំនាល់ ក្រាប​ទូល​មូល​មតិ​ទៅ​ដូច​នេះ ៖ ព្រះ​រាជា​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រាស់​ប្រើ​ឲ្យ​ទូល​បង្គំ​មក​ក្រាប​ទូល​ព្រះ​អង្គ​ថា​ដូច​នេះ បាណ្ឌព និង​គោរព​ជា​បង​ប្អូន​ជីដូន ១ នឹង​គ្នា ហេតុ​ម្ដេច​ទើប​ឱរស​ធ្ឫតរាស្ត្រ បាន​រាជ​អាណាចក្រ​ទាំង​មូល​គ្រប់គ្រង ឱរស​បាណ្ឌុ​មិន​បាន​អ្វី​នឹង​គេ សូម្បី​តែ​ធូលី​មួយ​ក្ដាប់ ទុរយោជន៍​គិត​ព្យាបាទ​ព្រះ​ញាតិវង្ស​រាល់​ទិវារាត្រី ធ្វើ​ឧបាយកល​ឲ្យ​ទៅ​អញ្ជើញ​គេ​មក​លេង​ស្ការ​ភ្នាល់ អ្នក​ស្ការ​សំខាន់​របស់​ទុរយោជន៍​យក​ស្ការ​បង្កប់​សំណរ​មក​លេង​ដោយ​កល​កោង​នឹង​ព្យាបាទ យុធិស្ឋិរ​លេង​ទៅ​ដោយ​ជឿ​ចិត្ត​ថា​បង​ប្អូន​ក៏​ចាញ់​រាល់ ៗ ក្ដារ តោង​បង់​ទ្រព្យ​ស្រិង្គារ​បរិវារ​របស់​គេ​ទៅ​ឲ្យ​ទុរយោជន៍​រលីង​អំពី​ខ្លួន ទុរយោជន៍​ក៏​ចេះ​តែ​កើប​កោយ​ច្រក​ទៅ​ឥត​មាន​ញញើត​ដៃ ក្នុង​ទី​បំផុត​ត្រូវ​និរទេស​ខ្លួន​ទៅ​នៅ​ក្នុង​ដែន​ព្រៃ​ភ្នំ​ក្រំ​ថ្ម បាន​ទទួល​ប្រតិបត្តិ​តាម​ខ​សន្យា​យ៉ាង​ឧក្រិដ្ឋ ដែល​កម្រ​មនុស្ស​ទាំង​ពួង​លើ​ផែនដី​នឹង​ធ្វើ​បាន ក៏​ឥឡូវ​នេះ គេ​បាន​ប្រតិបត្តិ​តាម​ខ​សន្យា​នោះ ធួន​បរិបូណ៌​សព្វ​គ្រប់​ហើយ ហើយ​បាន​បំភ្លេច​រឿង​ហេតុការណ៍​ទាំង​ពួង ក្នុង​អតីតភាព ដែល​កន្លង​ទៅ​ហើយ មិន​ឲ្យ​កើត​កោស​រូស​សន្ដាន​ចិត្ត បើ​ប្រគល់​រាជ​អាណាចក្រ​របស់​គេ ឲ្យ​គេ​វិញ​ដោយ​ស្រួល ក៏​នឹង​មិន​កើត​កាប់​សម្លាប់​គ្នា បើ​ពាក្យ​ពោល​សុំ​នេះ​ត្រឹមត្រូវ​តាម​ធម៌ ហើយ​ត្រូវ​ផាត់​ចោល មិន​ទទួល​សម្រេច​ដោយ​ផ្លូវ​យុត្តិធម៌​សោត ក៏​នឹង​តោង​ប្រកាស​សង្គ្រាម​គ្នា​ឲ្យ​ពេញ​រយៈ ជឿ​ទុក​ជា​មុន​ថា ពួក​កុរុ​គ្រា​នេះ​នឹង​ខ្ទេច​ជាភីស្ម​ធូលី ដែនដី​ទាំង​នោះ​ពួក​បាណ្ឌព​នឹង​រឹប​យក​ទាំង​មូល ។

រាជ​ទូត​ក្រាប​ទូល​ប៉ុណ្ណោះ ហើយ​ក៏​ស្ងៀម​នៅ​ចាំ​ស្ដាប់​ព្រះ​រាជ​តម្រាស់​តប​សំដី​របស់​យុធអិស្ឋិរ ដែល​ប្រើ​ឲ្យ​រាជ​ទូត​ទៅ​និយាយ​ជំនួស​នោះ​ស្ដាប់​ទៅ​ត្រូវ​ចិត្ត​ភីស្ម​ច្រើន ដោយ​ទ្រង់​យល់​ថា​ជា​ពាក្យ​ត្រឹមត្រូវ​តាម​យុត្តិធម៌ តែ​វា​ខុស​ក្នុង​ចិត្ត​ទិរយោជន៍​ឆ្ងាយ​កាយ​បាន​ឮ​រាជ​ទូត​ថ្លែង​ដូច្នេះ ហឫទ័យ​ទុរយោជន៍​ក៏​បណ្ដាល​ខ្មួលខ្មាញ់​ឡើង ត្រាស់​ព្រះ​សូរសៀង​ឡើង​ថា អា​កញ្ជះ​នេះ​បង្អាច​ចូល​មក​ទទឹង​មុខ​រាជសីហ៍​ក្នុង​គុហារ ចូល​ប្រាប់​វា​ថា​ពាក្យ​គំរាម​ប៉ុណ្ណោះ មិន​ទម្ងន់​ធួន​ល្មម​នឹង​ឲ្យ​ទុរយោជន៍​ព្រឺ ជា​ជាង​ស្វា​ព្រាម​ដែល​វា​ញេញ​ធ្មេញ​ឲ្យ​អញ​នោះ​ទេ ក្លា​មាត់​មិន​ស្មើ​នឹង​ក្ល​ដៃ ក្លា​មាត់​គ្រាន់​តែ​រលាស់​អណ្ដាត​អួត​ពូកែ​ផូង​ផាង សុទ្ធ​តែ​ខ្យល់​ទទេ​ដែល​នឹង​ឲ្យ​មែន​ដល់​ទៅ​ចាប់​អាវុធ​ចូល​ប្រឡង​សឹក​ស៊ូ​គ្នា​ឃើញ មិត្ត​បាន​ចូល​ប្រាប់​យុធិស្ឋិរ និង​ប័ក្ខ​ពួក​របស់​គេ​ថា ពាក្យ​គម្រោះ​គម្រាម​ជា​ខ្យល់ ៗ ប៉ុណ្ណឹង មិន​ធ្វើ​ឲ្យ​ទុរយោជន៍​ព្រឺ​រោម ដល់​ទៅ​លើក​របស់​ដែល​បាន​ក្នុង​កណ្ដាប់​ដៃ​ដោយ​ជ័យជម្នះ​ឲ្យ​ទៅ​វិញ​ទេ ចូរ​ប្រាប់​ពួក​បាណ្ឌព​ឲ្យ​បែរ​មុខ​ទៅ​កាន់​ព្រៃ​ម្ដង​ទៀត ហើយ​សឹម​មក​ថ្វាយ​ដីកា​ប្រឹក្សា​សុំ​ទោស​នឹង​ព្រះ​រាជា​ទុរយោជន៍ ស្រេច​តែ​ព្រះ​អង្គ​នឹង​ទ្រង់​មេត្តា​ប្រោស​ដូចម្ដេច ។ ព្រះ​បាទ​ធ្ឫតរាស្ត្រ​ទ្រង់​ហាម​ប្រាម​ព្រះ​រាជ​ឱរស និង​ត្រាស់​មធុរកថា និង​សូត្រ​ថា ពាក្យ​លើស​លែង​ស្លែង​សោត​ដែល​ទុរយោជន៍​ពោល​ហើយ ចូរ​អ្នក​កុំ​ប្រកាន់​កាន់​យក​ជា​អារម្មណ៍​ឡើយ សម្ដី​ទុរយោជន៍​ច្រើន​តែ​ឲ្យ​ទោស​ច្រើន​ជាង​គុណ យើង​មាន​រាជ​សាសន៍​ទៅ​ដល់​យុធិស្ឋិរ​ថា យើង​នឹង​បញ្ជូន​ទូត​របស់​យើង​ទៅ​ជា​ប្រញាប់ ដើម្បី​នឹង​ចាត់​ការ​សំរួប​សំរួម​ទាំង​សង​ខាង ឲ្យ​ព្រម​ព្រៀង​គ្នា​ដោយ​ស្រួល ។ តាម​សេក្ដី​បដិញ្ញាណ​នេះ ធ្ឫតរាស្ត្រ​បាន​បញ្ជូន​សេនាបតី និង​នាយ​សារថី សញ្ជ័យ​ឲ្យ​ទៅ​គាល់​បាណ្ឌវ​ក្សត្រិយ៍​ឲ្យ​ទូល​ថា ដូច​នេះ បើ​ទ្រង់​ប្រាថ្នា​រក​សេចក្ដី​ស្ងប់​សឹក សាន្ត​ត្រាណ​និរាស​ផង​គ្នា ក៏​អញ្ជើញ​ទ្រង់​មក​រក​ខ្ញុំ ខ្ញុំ​នឹង​បាន​ប្រកាស​កាត់​សេចក្ដី​ឲ្យ​យុត្តិធម៌ ។ កាល​សញ្ជ័យ​មក​ដល់​ក្រុង​វិរាដ​ក៏​មាន​សេចក្ដី​ឆ្ងល់ ដែល​បាន​ឃើញ​បាណ្ឌព​ក្សត្រិយ៍​ប្រជុំ​ពល​ត្រៀបត្រា​មុខ​គួរ​ស្ញែង ទោះបី​ដូច​នោះ​ក្ដី គេ​ក៏​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត ព្រោះ​គេ​មិន​បាន​មក​ក្នុង​ឋានៈ​ជា​ចារបុរស គេ​មក​ក្នុង​ឋានៈ​ជា​ទូត ហេតុ​ដូច​នោះ​ទើប​មិន​ធ្វើ​ឲ្យ​គេ​រវល់​ក្នុង​រឿង​ត្រួតត្រា​កងទ័ព​បាណ្ឌវ​ក្សត្រិយ៍ គេ​ក៏​ដើរ​ត្រង់​ចូល​ទៅ​ក្នុង​រោង​គំនាល់ លុះ​ស្រេច​ការ​បដិ​សណ្ឋារ​ហើយ ក៏​ក្រាប​ទូល​រាជសាសន៍​ដល់​យុធិស្ឋិរ ។ យុធិស្ឋិរ មិន​សូវ​ពេញ​ព្រះ​ហឫទ័យ​ក្នុង​រាជ​សាសន៍​នោះ ដែល​ពោល​សេចក្ដី​ខ្លី​ពេក ទើប​ត្រាស់​ថា យើង​គោរព​ព្រះ​បាទ​ធ្ឫតរាស្ត្រ​ណាស់ តែ​ក្រែង​ថា ទ្រង់​នឹង​វង្វែង​ជឿ​ពាក្យ​ឧបាយកល​របស់​ឱរស​ទៀត សព្វ​ថ្ងៃ​នេះ ទុរយោជន័​គិត​តែ​នឹង​ក្រញិប​ក្រញី​យើង​ឲ្យ​ខ្ទេច​ទៅ​ប៉ុណ្ណោះ មហា​រាជ​ម្ចាស់ ទ្រង់​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​សេចក្ដី​ការពារ​រក្សា​យើង ស្មើ​មាតា​បិតា​រក្សា​បុត្រ តែ​មិន​ព្រះ​រាជ​ទាន​ឲ្យ​តាម​ពាក្យ​របស់​យើង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាម​ច្បាប់​ខត្តិយ​ប្រវេណី ។ ទ្រង់​រំពឹង​មួយ​ស្របក់​ហើយ​ក៏​ត្រាស់​ទៅ​នឹង​ទូត​ខ្លះ ត្រាស់​ឯង​អើ​ឯង​ខ្លះ យ៉ាង​ម្ដេច​ក៏​តោង​កើត​សង្គ្រាម មិន​មាន​ផ្លូវ​នឹង​វេះ​វាង​ឡើយ យុត្តិធម៌​ក៏​ល្មម​ស៊ូ​គ្នា​នឹង​យុត្តិធម៌​បាន តែ​ដែល​នឹង​ស៊ូ​អយុត្តិធម៌​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​វត្ត​កំណាច យក​មក​តស៊ូ អនិច្ចា មុខ​គួរ​សង្វែគ​ដែល​ពួក​ញាតិ​វង្ស តោង​កាប់​សម្លាប់​គ្នា ស្លាប់​ដូច​គេ​ហាល ឮ​តែ​សំឡេង​ស្រី​មេ​ម៉ាយ​យំ​ទួញ និង​សំឡេង​ក្មេង​កំព្រា​ឥត​ផ្ទះ​សំណាក់​អាស្រ័យ មុខ​គួរ​ស្ដាយ​របស់​គួរ​ចម្រើន ដែល​លំអ​ក្នុង​ព្រះ​នគរ នឹង​វិនាស​ខ្ទេចខ្ទី​ទៅ​ក្នុង​មួយ​រំពេច​បុព្វបុរស​យើង លោក​បាន​ព្យាយាម​កសាង​ឡើង បាន​នូវ​សេចក្ដី​នឿយ​លំបាក​ច្រើន​លំដាប់​បុគ្គល​មក​ហើយ វេលា​នេះ​ហើយ​និង​សាបសូន្យ​ស្នាដៃ​របស់​លោក មុខ​គួរ​ស្ដាយ​សេចក្ដី​សង្ឃឹម​របស់​និកររាស្ត្រ ដែល​នឹក​សង្ឃឹម​លើ​យើង​យប់​ព្រឹក​ថា នឹង​ត្រឡប់​ចូល​ព្រះ​នគរ​វិញ​ដោយ​រៀបរយ ឥឡូវ​នេះ​គេ​នឹង​ឃើញ​តែ​យុទ្ធ​កម៌​មុខ​គួរ​ស្ញែង ដើរ​ព្រិប ៗ ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​សេចក្ដី​វិនាស​ឲ្យ​ដល់​អ្នក​ធ្វើ​ការ​សង្កត់​សង្កិន​នឹង​គ្រប់គ្រង​មិន​ត្រូវ​គន្លង​ធម៌ ឲ្យ​លុះ​ទៅ កក្កឡធម៌​ទាំង​ពីរ​យ៉ាង​នេះ បាន​កើត​ឡើង​ដែល​យើង​ចេញ​ចាក​រដ្ឋ​សីមា តែ​វេលា​នេះ យើង​នឹង​ក្រិស្ណ​ជា​អ្នក​តំណាង​ទៅ​ក្រុង​ហស្តិនបុរ ដើម្បី​ប្រឹក្សា​ការ​រាជការ​ស្រុក​ទេស​ឲ្យ​រួបរួម​ផង ឲ្យ​ជា​សុខ​សាន្ត​ត្រាណ​តទៅ ចំណែក​ឯ​យើង​នៅ​ខាង​នេះ ក៏​នឹង​ព្យាយាម​ឲ្យ​ដល់​ការ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម សូម​ផល​សម្រេច​ចូរ​មាន​ក្នុង​កណ្ដាប់​ដៃ​នៃ​លោក​ជា​ម្ចាស់​ទឹកដី អ្នក​ជា​ប្រធាន​ក្នុង​ការ​ស្ងប់​សឹក និង​ការ​ច្បាំង ។ សញ្ជ័យ​ថ្វាយ​បង្គំ​លា ត្រឡប់​ទៅ​ដល់​ក្នុង​ហស្តិនបុរ ចូល​គាល់​ព្រះ​ចៅ​ធ្ឫតរាស្ត្រ ទូល​ថ្លែង​ក្រសែ​ព្រះ​រាជ​តម្រាស់​របស់​យុធិស្ឋិរ​ថា ដូច​នេះ មហា​រាជ​ដ៏​ចម្រើន ការ​ដែល​ត្រាស់​ប្រើ​ទូល​បង្គំ​ជា​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​វិរាដ​បាន​សេចក្ដី​ដូច​នេះ មើល​ទៅ​មាន​អន្លង់​នៃ​សេចក្ដី​បែក​សាមគ្គី​រវាង​គោរព​នឹង​បាណ្ឌព អន្លង់​នេះ​នឹង​សង់​ស្ពាន​ឆ្លង ដោយ​សេចក្ដី​សំរួប​រំរួល​ឲ្យ​ស្ងប់​សង្គ្រាម​ឲ្យ​រហូត​ទៅ​ដល់​ត្រើយ​មិន​បាន ម្ដង​នេះ​នឹង​ផ្សារ​ឃើញ​ជា​មិន​ជិត​ហើយ ចិត្ត​យុធិស្ឋិរ​បំណង​ចង់​បាន​តែ​អាណាចក្រ​ពាក់​កណ្ដាល សម្រាប់​ខ្លួន​គេ​ដូច​អំពី​ដើម ថា​បើ​យើង​មិន​ព្រម​ឲ្យ​គេ ក៏​តោង​កើត​សង្គ្រាម​កាប់​សម្លាប់​គ្នា ជា​គ្រឿង​វិនិច្ឆ័យ​ក្នុង​រឿង​នេះ រក​ផ្លូវ​នឹង​ចៀស​វាង​មិន​បាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ឃើញ​កង​ទាហាន​ខ្នាប់​ដែល​ពុក​បាណ្ឌវ​ត្រៀម​ទុក ព្រោះ​ហេតុ​នោះ ដែល​គេ​ឲ្យ​មក​គម្រាម​យើង មិនមែន​គម្រាម​ទទេ ៗ ជា​ពាក្យ​ស្រែក​របស់​គេ​មួយ​យ៉ាង ជា​ខុស​ឬ​ត្រូវ​ដូចម្ដេច​ក៏​តាម​តែ​ការ ស្រេច​គ្នា​យក​ត្រង់​កងទ័ព​ដ៏​មាន​កម្លាំង​នឹង​វិនិច្ឆ័យ ឲ្យ​ដាច់​ស្រេច​ទៅ កាល​បើ​ដូច​នោះ សេចក្ដី​ឃើញ​យ៉ាង​ជាន់​ទាប ៗ របស់​ទូល​បង្គំ​ជា​ខ្ញុំ​ថា គួរ​នឹង​ចៀស​វាង​ការ​សង្គ្រាម កុំ​បី​ឲ្យ​កើត​រឿង​កាប់​សម្លាប់​គ្នា​នេះ​ឡើយ ។ ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ត្រាស់​ថា អ្នក​ពោល​គាប់​គួរ​ហើយ យើង​ក៏​មិន​ចូល​ចិត្ត​កាត់​សេចក្ដី​យ៉ាង​ព្រៃ ៗ យក​កំហែង​ទល់​នឹង​កំហល់ យើង​នឹង​ព្យាយាម​ឲ្យ​ពេញ​កម្លាំង ដើម្បី​រក្សា​សេចក្ដី​ស្ងប់​សាន្ត​ត្រាណ​ក្នុង​ប្រទេស ។ តាម​បដិញ្ញា​ដែល​យុធិស្ឋិរ​ធ្វើ​ទុក និង​សញ្ជ័យ​អំពី​ថ្ងៃ​មុន ទ្រង់​ក៏​បញ្ជូន​ក្រិស្ណ ទៅ​កាន់​ក្រុង​ហស្តិនបុរ ដើម្បី​សំរួប​សំរួម​សេចក្ដី​វិវាទ នៃ​ព្រះ​ញាតិវង្ស​ទាំង​សង​ខាង កាល​មក​ដល់​ក្រុង​ហស្តិនបុរ ព្រះ​ចៅ​ធ្ឫតរាស្ត្រ​បាន​បដិសណ្ឋារ ទទាក់​ទទួល​យ៉ាង​ពេញ​កិត្តិយស មាន​សេចក្ដី​គារវៈ និង​ស្នេហា​មេត្រី ប្រាស្រ័យ​ទៅ​រក​គ្នា​ដោយ​ស្រួល ព្រោះ​ក្រិណ្ណ មិន​គ្រាន់​តែ​ជា​ក្សត្រិយ៍ ទ្រង់​នូវ​មហិទ្ធិឫទ្ធិ​មួយ​យ់ាង​ប៉ុណ្ណោះ​ទាំង​ជាប់​ខ្សែ​ស្រឡាយ​ជា​ញាតិវង្ស ១ អង្គ​ផង ទ្រង់​ប្រាស្រ័យ​និង​ក្រិស្ណ​ថា ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ទ្រង់​បាន​ស្ដេច​យាង​មក​ថ្កាន​សំណាក់​ទូល​បង្គំ ហើយ​ទូល​បង្គំ​មាន​សេចក្ដី​ត្រេកអរ​ពេញ​ហឫទ័យ ដើម្បី​ទទួល​ស្គាល់​ទ្រង់​ជា​ពិត​ប្រាកដ ទូល​បង្គំ​មិន​ដឹង​បើ​នឹង​យក​ពាក្យ​អ្វី​មក​សម្ដែង​អំពី​បីតិ​របស់​ទូល​បង្គំ​បាន ។ ក្រិស្ណ​តប​ថា ខ្ញុំ​មក​អំពី​ក្រុង​វិរាដ ដើម្បី​កិច្ចការ​របស់​បាណ្ឌវ ធ្ឫតរាស្ត្រ​ទូល​ថា ដើម្បី​ក៏​តាម​ការ សូម​ឲ្យ​ត្រាស់​ចេញ​មក​ចុះ ទ្រង់​រមែង​នាំ​សេចក្ដី​បីតិ​ប្រាមោជ្ជ​មក​កាន់​ក្រុង​ហស្តិនបុរ​ជានិច្ច ទូល​បង្គំ​មាន​អំណរ​នឹង​ចាំ​ស្ដាប់មធុរកថា​របស់​ទ្រង់ តែ​សញ្ជ័យ​ទូត​របស់​ទូល​បង្គំ ទើប​នឹង​ត្រឡប់​អំពី​រាជ​សំណាក់​វិរាដ ទូល​បង្គំ​តោង​ពោល​ថា មិន​សម​ប្រាថ្នា​ក្នុង​ផ្លូវ​រាជការ​ដែល​គេ​ទៅ គេ​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ផ្សះផ្សារ​ការ​បែក​បាក់​គ្នា រវាង​សាខា​នៃ​ព្រះ​ញាតិវង្ស​ម្ដង ហើយ​មិន​បាន​រួបរួម​គ្នា​ជា​ស្រួល ទូល​បង្គំ​ពោល​នេះ​តាម​សេចក្ដី​រាយការ​របស់​ទូត ដែល​មក​ថ្លែង​ដល់​ទូល​បង្គំ កាល​បើ​យុធិស្ឋិរ​មាន​ចំណង់​ចេតនា​នឹង​ធ្វើ​សង្គ្រាម គ្មាន​ខាង​ណា​លោះ​លា​ត្រា​ប្រណី ក៏​មុខ​ជា​នឹង​ទង្គិច​គ្នា​ម្ដង​យ៉ាង​ខ្លាំង ទូល​បង្គំ​យល់​ជា​ប្រាកដ​ថា កាល​មាន​ចិត្ត​ក្រហល់​ក្រហាយ ចង់​តែ​ស៊ី​សាច់​ច្របាច់​ឈាម​គ្នា មាន​នៅ​ដរាប​ណា​ការ​ប្រឹក្សា ដើម្បី​ស្ងប់​សឹក​រមែង​ធ្លាក់​សូន្យ​ទទេ​ដរាម​នោះ ដូច​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​លើ​ផែន​ថ្ម​ដ៏​ក្ដៅ ។ ក្រិស្ណ​តប​ថា ខ្ញុំ​នឹក​សន្ធិះ ពាក្យ​ដែល​ទ្រង់​ពោល​មក​នេះ ឃើញ​ធ្លាយ​អំពី​សេចក្ដី​ដែល​ពិត ខ្ញុំ​ដឹង​ជា​ការ​ពិត​ថា យុធិស្ឋិរ​បាន​ព្យាយាម​គ្រប់​ផ្លូវ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម ឱរស​របស់​ទ្រង់​ទេ​តើ ជា​អ្នក​ព្យាយាម​ស្វែង​រក​សឹក​សាប់​កប់​គ្នា​ដោយ​ចិត្ត​ពាល​យង់​ឃ្នង ការ​ដែល​យក​សេចក្ដី​កំបិទ​កំបាំង​ក្នុង​ចិត្ត ទៅ​ប្រហារ​អ្នក​ដទៃ​ជា​រាជការ​វៀច មិន​ធ្លាប់​ប្រាកដ​ក្នុង​ចិត្ត​ដ៏​ត្រង់​របស់​យុធិស្ឋិរ​ឡើយ ខ្ញុំ​មិន​ចង់​នាំ​រឿង​គំនិត​ខូច​ដែល​ធ្វើ​ឲ្យ​អានាថ​បាណ្ឌព បាន​ទទួល​ទណ្ឌ​កម្ម​មក​ហើយ ដោយ​តុណ្ណីភាព​នោះ​ទេ រឿង​លេង​ស្ការ​ភ្នាល់​គ្នា​ដោយ​ឧបាយ​កល​កោង រឿង​គិត​នឹង​ផ្ដាច់​យក​ជីវិត​គ្នា នឹង​រឹប​រាជ​សម្បត្តិ​យក​ជា​ប្រយោជន៍​ខ្លួន រឿង​ប្រមាទ​មើល​ងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន នឹង​រឿង​ទុរាចារ​ដែល​បាន​ធ្វើ​ដល់​ទ្រៅបទី ដោយ​គ្មាន​អារ្យ​សម្បត្តិ​សេចក្ដី​លាមក​អំបាល​នេះ ជា​ខ​ដំនៀល​ស្ថិត​នៅ​រហូត​ទៅ ធ្វើ​កេ​ឈ្មោះ​រនស់​កុរុវង្ស​ស្អុយ​រក​ទី​បំផុត​គ្មាន ត្រង់​នេះ​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​ទាហាន ព្រោះ​គ្មាន​ផ្លូវ​នឹង​ត្រឡប់​ជា​គ្នា គ្មាន​ផ្លូវ​កែ​ខៃ គ្មាន​ផ្លូវ​ផ្សះផ្សារ​ឲ្យ​ជា​មេត្រី​ភាព គ្មាន​អ្វី​នឹង​យក​មក​លុប​លាង អសត្យ​របស់​បង​ប្អូន​ឯង​នេះ​បាន ទ្រព្យ​សម្បត្តិ​ដែល​បាត់​ទៅ​អាច​នឹង​ឃើញ​មក​វិញ​បាន កេរ្តិ៍​ឈ្មោះ​ដែល​ខូច គឺ​ខូច​ឈ្មោះ​ថា​ខូច​រហូត​និរន្តកាល ពួក​បាណ្ឌព​បាន​ទទួល​ទណ្ឌកម្ម ត្រាំ​ត្រែង​អាការ​បៀតបៀន អំបាល​នេះ​ ដោយ​ខន្តី ដោយ​សេចក្ដី​ព្យាយាម​ក្លា នឹង​មាន​មក​អស់​ការ​ជា​យូរ​ហើយ ឥឡូវ​គេ​ស្រែក​សុំ​ដោយ​សម្លូត មិន​មែន​ជា​ការ​សង​សឹក​យ៉ាង​ជ្រោកជ្រាក សុំ​ទទួល​សិទ្ធ​មរតក ដ៏​ជា​ភាគ​របស់​គេ ដោយ​ត្រូវ​តាម​ច្បាប់​ប៉ុណ្ណោះ មិន​ចង់​បាន​រាជ្យ​សម្បត្តិ​របស់​ទ្រង់​ទេ គឺ​សុំ​តែ​ដែនដី​របស់​គេ ល្មម​តែ​តាំង​ខ្លួន​ជា​ឥស្សរ​បាន ល្មម​សម​ដល់​ឋានៈ​ជា​ក្សត្រិយ៍ ល្មម​សម​ដល់​ឋានៈ​ជា​មនុស្ស គេ​នឹង​អាស្រ័យ​ភុក្ខហារ​ចិញ្ចឹម​ជីវិត យ៉ាង​វណ្ណិ​ពួក​ព្រាហ្មណ៍​ទាំងឡាយ​មិន​បាន ក្នុង​នាម​នៃ​មនុស្ស​ជាតិ បាណ្ឌព​ខ្ញុំ​សុំ​ក្រោក​ឈរ​ឡើង សុំ​សេចក្ដី​ស្ងប់​ម្ដង​ទៀត នឹង​ស្រែក​សុំ​យល់​ទាស់​ក្នុង​រឿង​ច្បាំង​កាប់​សម្លាប់​គ្នា ។ លំដាប់​នោះ​ក្រិស្ណ ក៏​ស្ដេច​ទៅ​តំណាក់​ទុរយោជន៍ ដោយ​បំណង​នឹង​សំរួប​សំរួម​គ្នា ឲ្យ​គេ​យល់​ផង​តាម​សេចក្ដី​ឃើញ​របស់​ទ្រង់​ដែល​បំណង​តែ​ផ្លូវ​ស្ងប់ ទ្រង់​ជ្រាប​ថា ទុរយោជន៍​គ្រប​លើ​មនុស្ស​ទាំងឡាយ​ក្នុង​រាជ​ត្រកូល​នោះ​ទ្រង់​ជ្រាប​ធ្ឫតរាស្ត្រ គ្មាន​សម្ដី​ធំ​អ្វី​នឹង​គេ​ក្នុង​រាជការ​ស្រុក​ទេស ទ្រង់​ជ្រាប​ថា ភីស្ម​ក្សត្រិយ៍​ចាស់ សូម្បី​មាន​ព្រះ​ហឫទ័យ​បង្អោន​ទៅ​រក​ផ្លូវ​ស្ងាត់​ស្ងប់ ក៏​មិន​អាច​តប​ត​នឹង​ទុរយោជន៍​បាន ទ្រង់​ជ្រាប​ថា ទោណ កណ៌ នឹង​គោរព​ទី​ប្រឹក្សា​ឯ​ទៀត ក៏​សុទ្ធ​តែ​ជា​ខ្ញុំ​នៅ​ក្នុង​បង្គាប់​ទុរយោជន៍​ទាំងអស់ ទ្រង់​មក ទ្រង់​ព្រះ​ចិន្ដា​ឃើញ​ថា បើ​ទ្រង់​និយាយ​បង្អោន​ចិត្ត ទុរយោជន៍​មិន​ឲ្យ​ច្បាំង​បាន ការ​លំបាល​រញិករញុក​ទាំង​ពួង​ក៏​ឈ្មោះ​ថា បាន​សម្រេច​ស្រេច​អស់​តែ​ពាក្យ​ប្រឹក្សាសើ​រើ​របស់​ក្រិស្ណ មុខ​គួរ​នឹង​បំពេញ​ចិត្ត​ទុរយោជន៍​ឲ្យ​ត្រជាក់​ទន់​ទៅ​រក​ផ្លូវ​ស្ងប់ ត្រឡប់​ទៅ​ជា​រឿង​បង្អៅ​ទុរយោជន៍​ឲ្យ​កើត​មាន​របឹង​រឹង​រូស អួត​ពូកែ​ឡើង​ជាង​មុន ទុរយោជន៍​បែរ​ព្រះ​ភក្ដ្រ​មក​ខាង​ក្រិស្ណ​ហើយ​ត្រាស់​ថា ម្ដេច​ទ្រង់​សម្ដែង​អាការ​ជិន​ឆ្អន់​នឿយ​ណាយ​នឹង​ខ្ញុំ ។ ក្រិស្ណ​តប ខ្ញុំ​ជា​មិត្រ​នឹង​ទ្រង់​មិន​ខាន​ដរាប ទ្រង់​នឹង​ត្រឡប់​ចិត្ត​ប្រព្រឹត្ត​ប្រពៃ ក្នុង​រវាង​បាណ្ឌព​ជា​គណៈ​ញាតិ​របស់​ទ្រង់ ។ បញ្ចុះ​បញ្ចូល​ឲ្យ​ទុរយោជន៍​ត្រឡប់​ចិត្ត​មក​សម្រេច ក្រិស្ណ​ក៏​ស្ដេច​ទៅ​រក​អ្នក​ដទៃ ៗ តទៅ​ទៀត ដែល​ធ្វើ​ដូច​នេះ បំណង​នឹង​រក​ឲ្យ​ច្រើន ៗ ជួយ​ទំរុត​ទំរោម​សេចក្ដី​យល់​ឃើញ​របស់​ទុរយោជន៍​ឲ្យ​រសាយ​ទៅ បាន​ស្ដេច​ទៅ​រក​វិទូរ​ថ្លែង​រឿង​នោះ​តាម​ការ គេ​ក៏​មាន​សេចក្ដី​ស្ដាប់​ក្នុង​រឿង​ប្រឹក្សា​ការ​ស្ងប់​សឹក​នោះ​ដែរ ដោយ​ឃើញ​ស្រួល​គ្រប់​ផ្លូវ​ត្រូវ​ធម៌ គេ​ទូល​ទ្រង់​ថា ទុរយោជន័​ធ្វើ​ស្បិត​បិទ​ត្រចៀក​ធ្វើ​មិន​ឮ​ក្នុង​រឿង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាល​ផ្លូវ​យុត្តិធម៌ ព្រោះ​ចិត្ត​របស់​គេ គិត​ប៉ង​តែ​នឹង​ស៊ី​សាច់​ច្របាច់​ឈាម​ឲ្យ​ទាល់​តែ​បាន បើ​ទ្រង់​កុំ​យាង​មក​កាន់​ទី​នេះ​សោះ​តែ​ម្ដង​ល្អ​ជា​ជាង ទុរយោជន៍​មុខ​ជា​នឹង​មិន​ជឿ​ស្ដាប់​ពាក្យ​មនុស្ស​ឯ​ណា​និមួយ មក​និយាយ​ឲ្យ​តែ​ខាត​វេលា​ទទេ ហាក់​ដូចជា​និយាយ​ចោល កាល​គេ​និយាយ​សម្ដី​អ្វី​ឡើង គេ​ត្រូវ​ការ​តែ​ឲ្យ​មនុស្ស​ក្នុង​សកល​លោក​យល់​តាម​គេ​ទាំងអស់ ។ ក្រិស្ណ​តប សេចក្ដី​បំណង​ដោយ​ចំពោះ​របស់​យើង គឺ​នឹង​ការពារ​មិន​ឲ្យ​កើត​សឹក​សង្គ្រាម​ប៉ុណ្ណោះ ដែល​យើង​ខំ​មក​កាន់​ក្រុហ​ហស្តិនបុរ​ទាំង​នេះ ដើម្បី​នឹង​ជួយ​ពួក​កុរុ​ឲ្យ​រួច​អំពី​សេចក្ដី​វិនាស ដែល​គេ​ស្វែង​រក​មក​ដាក់​ខ្លួន​គេ បើ​គេ​ជឿ​ស្ដាប់​យើង គេ​រាល់​គ្នា​នឹង​នៅ​ជា​សុខ​និរាស​ភ័យ បើ​គេ​មើល​ងាយ​ពាក្យ​ណែនាំ​របស់​យើង គេ​នឹង​បាន​សេចក្ដី​វិនាស​ជា​រង្វាន់ ។ ថ្ងៃ​ព្រឹក​ឡើង មាន​កាល​ប្រជុំ​រដ្ឋ​មន្ត្រី​ជា​មហា​សមាគម​ដោយ​ឱកាស​នោះ ក្រិស្ណ​បាន​ចូល​ទៅ​និយាយ​សំរួប​សំរួម​ការ​ស្ងប់​សឹក​ម្ដង​ទៀត ក្នុង​ទី​មហា​សមាគម ត្រាស់​នឹង​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ថា ខ្ញុំ​មក​នេះ​មិន​មែន​ជា​មក​ស្វែង​រក​សង្គ្រាម មក​ដើម្បី​ទំរុត​ទំរោម​រឿង​សឹក​សង្គ្រាម ឲ្យ​ត្រឡប់​មាន​មេត្តា​ស្នេហា​គ្នា​ទៅ​វិញ មហា​រាជ​ចូល​ទ្រង់​កុំ​គាប់​ចិត្ត​ក្នុង​អំពើ​អកុសល​ធម៌ ដ៏​ជា​គ្រឿង​សៅហ្មង​ចិត្ត​នេះ​ឡើយ ចូល​លើក​ព្រះ​ហស្ថ​ឡើង​ឲ្យ​ពរ​ជ័យ​សិរី​សួស្ដី​ដល់​ប្រទេស បំបាត់​ឧបទ្រព​ភ័យ​ដ៏​មាន​កម្លាំង ដែល​នឹង​មក​ញាំ​ញី​យាយី​រាជធានី និង​ព្រះ​រាជវង្សានុវង្ស​របស់​ទ្រង់ ចូរ​ព្រមព្រៀង​លើក​ផែនដី​ក្រុង​ឥន្ទ្របថ​ឲ្យ​បាណ្ឌវ​ក្សត្រិយ៍ តែ​ដោយ​ស្រួល​ទៅ តាម​ពាក្យ​សម្រែក​ស្រែក​សុំ​ដ៏​ត្រូវ​តាម​គន្លង​ធម៌ កុំ​ធ្វើ​វរ​រក​រឿង​នឹង​គេ​ឡើយ បើ​ធ្វើ​បាន​ដូច​នេះ​សោត ប្រទេស​របស់​ទ្រង់​នឹង​រុងរឿង​កិត្តិយស​ខ្ពស់​មុខ​ប្រាស​ចាក​សព្វ​ភ័យ ល្បី​នាម​ទួទៅ សុំ​ឲ្យ​ទ្រង់​គិត​មើល ប្រសិប​បើ​ជា​ច្បាំង​គ្នា​ទៅ​ហើយ បាណ្ឌវ​ក្សត្រិយ៍​ចាញ់​ស្លាប់​អស់​ក្នុង​ទី​យុទ្ធ​ភូមិ​សោត តើ​ទ្រង់​នឹង​បាន​អ្វី​អំពី​គេ ១ ទៀត ការ​ស្លាប់​ដោយ​ថ្វី​ដៃ​របស់​ទ្រង់​ដូច​នោះ នឹង​ធ្វើ​ឲ្យ​ទ្រង់​រីករាយ​សប្បាយ​ព្រះ​ហឫទ័យ​បាន​ឬ តែ​ខ្ញុំ​សុំ​ថ្លែង​ក្នុង​ទី​ប្រជុំ​ដ៏​សង្ហា​នេះ សូម​ឲ្យ​ជ្រាប​ថា ពួក​បាណ្ឌវ​ត្រៀម​ទុក​ព្រម​ស្រេច ដើម្បី​នឹង​ច្បាំង ហើយ​នឹង​ត្រៀម​ដើម្បី​ស្ងប់​សឹក​ស្មើ​គ្នា ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ​យក​ខាង​ច្បាំង ឬ​ខាង​ស្ងប់​ឈប់​សឹក​បាន​មួយ​រំពេច តែ​បើ​ប្រសិន​ជា​កើត​ច្បាំង​គ្នា​ឡើង ពួក​ចិន្ត​ក្រវី​នឹង​ចារឹក​ឡើង​រឿង​ចម្បាំង​នោះ​ទុក​ក្នុង​ពង្សាវតារ ពណ៌នា​តាម​លំអាន​រឿង​ពេញ​ទៅ​ដោយ​សេចក្ដី​គ្មាន​សច្ចៈ ដឹង​ឬ​ទេ​ថា ការ​សង្គ្រាម​ដូច​នេះ ព្រះ​ជា​ម្ចាស់​លើ​ឋាន​សួគ៌​លោក​ហាម បើ​កាល​យាង​ចុះ​កាន់​សង្គ្រាម​ហើយ អ្នក​ណា​នឹង​ទំនាយ​បាន​ថា នឹង​ចប់​ចុះ​ត្រឹម​មរណ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ឬ​ត្រឹម​អស់​ពូជ​ពង្ស​កុរុ ការ​ស្ដាប់​ពាក្យ​សំរួប​សំរួម​នៃ​ក្រិស្ណ​សព្វ ៗ ទៅ ធ្ឫតរាស្ត្រ​ទ្រង់​ជា​ទុក្ខ​ព្រួយ​ព្រះ​ហឫទ័យ ដោយ​ធម្មជាតិ​ទ្រង់​ជា​អ្នក​មាន​ធាតុ​ទន់ តែ​ត្រាស់​កែ​ខ្លួន​ថា មិន​ដឹង​បើ​នឹង​ឆ្លាក់​ឆ្លៀត​កែ​ខៃ និស្ស័យ​កំណាច​របស់​ឱរស​យ៉ាង​ម្ដេច​បាន​ទេ អស់​ផ្លូវ​នឹង​ជួយ​ជ្រោម​ជ្រែង​ហាម​ឃាត់​បាន​ហើយ ។ លំដាប់​នោះ​ភីស្ម​ក្រោក​ឈរ​ឡើង ថ្លែង​សន្ទុរកថា​ដាស់​តឿន​ទុរយោជន៍​តាម​ពាក្យ​ណែនាំ​ដ៏​ប្រសើរ​របស់​ក្រិស្ណ តែ​ទុរយោជន៍​ស្ដាប់​ហើយ ៗ ក៏​ស្ងៀម​ព្រងើយ ធ្វើ​ហាក់​ដូចជា​មិន​ឮ តែ​ក្នុង​ព្រះ​ហឫទ័យ​ក្ដៅ​ក្មួល​ស្ទើរ​ស្រក់​ព្រះ​លោហិត ។ ទោណ វិទូរ នារទ និង​អ្នក​ដទៃ​ក្រៅ​អំពី​នេះ មាន​សេចក្ដី​ឃើញ​យ៉ាង​ភីស្មៈ ក៏​ដំណើរ​តាម​ភីស្មៈ​ចូល​មក​អង្វរ​ទុរយោជន៍ កុំ​ឲ្យ​ប្រកាន់​អំណាច​រាជ​សក្ដិ​ខ្លាំង​ពេក ចេះ​តែ​ផ្លាស់​មុខ​គ្នា​ចូល​មក​អង្វរ​ត ៗ គ្នា​ជា​ច្រើន​នាក់ ទុរយោជន័​នឹង​ទ្រាំ​អង្គុយ​ឲ្យ​គេ​លោក​តទៅ​ទៀត​ពុំ​បាន ទើប​ក្រោក​ឈរ​ឡើង​ដំឡើង​ព្រះ​នេត្រ​ក្រឡាត​ចិញ្ចើម​ក្រញូវ​ត្រាស់​ថា ក្រិស្ណ​ស្អប់​មុខ​យើង ស្រឡាញ់​ពួក​បាណ្ឌព ភីស្មៈ​ធ្វើ​ព្រះ​ភក្ដ្រ​តឹង​ខឹង​នឹង​យើង វិទូរ និង​ទោណ​ដាក់​មុខ​ធ្មឹង​សំឡឹង​សំឡក់​យើង​ដោយ​សំអប់ ព្រះ​រាជ​បិតា​យើង​សោត ក៏​ទ្រង់​ព្រះ​កន្សែង​ថ្លែង​ទុក្ខ រឿង​បាបកម្ម​របស់​យើង នឹង​ត្អូញត្អែរ ដើម្បី​ឲ្យ​ស្អប់​សឹក​ដែរ ដូច្នោះ​តើ​ឃើញ​យើង​ធ្វើ​ល្មើស​អ្វី​ទៅ​ហើយ ១ ទៀត បើ​ចេះ​តែ​ដូច្នេះ យើង​ជា​ក្សត្រិយ៍​ទ្រង់​នូវ​ឥស្សរភាព​នឹង​លូក​ដៃ​ទៅ​ធ្វើ​អ្វី​បាន លោក​អ្នក​ធំ​ទាំងឡាយ​អើយ សុំ​ឲ្យ​លោក​គិត​មើល​មួយ​រំពេច​សិន បើ​យុធិស្ឋិរ​ចូល​ចិត្ត​លឹង​ល្បែង​ភ្នាល់ ហើយ​បាន​លេង​ស្ការ​ភ្នាល់​ទាល់​តែ​ខ្មុក ខូច​រាជ​សម្បត្តិ និង​ឥស្សរភាព​ដោយ​គំនិត​ខ្លួន ម្ដេច​ក៏​មក​ពាលោ​រក​រឿង​យើង​ថា​ខូច កាល​គេ​លេង​ភ្នាល់​លើក​ទី​ពីរ​ចាញ់​ហើយ ព្រម​ទទួល​ទោស​និរទេស​ដោយ​ខ្លួន​ឯង ម្ដេច​គេ​មក​ហៅ​យើង​ថា​ចោរ​ជតា​រាសីរបស់​បាណ្ឌវ​វេលា​នេះ ធ្លាក់​ត្រណាត់​ត្រណែង​ទៅ​តាម​យថាកម្ម​របស់​គេ ប័ក្ស​ពួក​របស់​គេ​ក៏​មិន​មាន​ប៉ុន្មាន​នាក់ កម្លាំង​រេហ៍ពល​ក៏​មិន​សូវ​មាំមួន​មិន​ធួន​នឹង​ការ​ប្រឡង​ជ័យ ខ្លួន​យើង​មិន​ធ្លាប់​ក្រែង​ព្រះ​លើ​ឋាន​សួគ៌ ហើយ​នឹង​ញញើត​សម្ដី​គម្រាម​របស់​មនុស្ស​រប៉ិចសប៉ី​កំទេច​កំទី​នេះ​ឬ ក្សត្រិយ៍​អាច​នឹង​ស្លាប់​ក្នុង​ទី​ប្រឡង​សឹក​ក៏​បាន តែ​មិន​ព្រម​ឱន​លំទោន​ចុះ​ចាញ់​អ្នក​ណា អ្នក​ប្រាជ្ញ​លោក​ពោល​ទុក​ដូច​នេះ ក៏​ឥឡូវ​នេះ​អញ្ជើញ​លោក​ព្រះ​ញាតិ​ទាំងឡាយ​ចូល​ស្ដាប់​ពាក្យ​ខ្ញុំ​ថ្លែង​ខ្លះ​វិញ ព្រះ​រាជ​បិតា​របស់​យើង​បាន​លើក​អាណាចក្រ​ឥន្ទ្របថ​ឲ្យ​ទៅ​បាណ្ឌវ ក្នុង​វេលា​ដែល​ទ្រង់​កំពុង​វង្វេង​ស្រឡាញ់​កូន​ក្មួយ ឬ​មិន​ដូច្នោះ ក៏​ព្រោះ​ទ្រង់​ធ្លោយ​មិន​ខាន​ជា​គិត​ឲ្យ​សព្វ​គ្រប់ ក្នុង​ផ្លូវ​រាជការ​សម្រាប់​ស្រុក​ទេស ជីវិត​របស់​យើង​មាន​នៅ​ដរាប​ណា​ពួក​បាណ្ឌវ ក៏​មិន​គង់​មិន​បាន​ជា​ម្ចាស់​ខែត្រ​ខណ្ឌ​សីមា​ឥន្ទ្របថ​ទៀត​ជា​ដាច់​ខាត ដរាម​នោះ រាជ​អាណាចក្រ​កួរ​នឹង​មិន​ញែក​ជា​ពីរ​ភាគ បាន​មក​រួម​ក្នុង​ផែនទី​ជា​មួយ​គ្នា​ឡើយ គង់​រួម​នៅ​ដូច​នេះ​រហូតនិរន្តរកាល​ទៅ ពាក្យ​របស់​ខ្ញុំ​ដែល​ពោល​ទៅ​នេះ ច្បាស់​ណាស់​ជា​ពាក្យ​មាំ គ្មាន​ច្រឡំ​ត្រង់​ណា មិន​ត្រឡប់​ប្រែប្រួល​ជា​ពាក្យ​ពីរ​ទៅ​បាន ។ ក្រិស្ណ​ក៏​ជ្រាប​ហើយ​ថា គ្មាន​ប្រយោជន៍​ក្នុង​រឿង​នេះ បើ​ទុក​ជា​លើក​យក​យុត្តិធម៌​មក​សំដិល​សម្ដែង​យ៉ាង​ម្ដេច ទុរយោជន័​ក៏​គង់​មិន​យល់​តាម ព្រោះ​មាន​និស្ស័យ​របឹង​ត្រាំ​នៅ​ក្នុង​សន្ដាន តែ​ដរាប​ណា​នៅ​មាន​ឱកាស​ល្មម​និយាយ ក៏​អន់​និយាយ​មិន​បាន គ្រា​នេះ​ក៏​ទៀត ក្រិស្ណ​ត្រាស់​ថា ទុរយោជន៍​អើយ ម្ដេច​ទ្រង់​មិន​និយាយ​ដូច​នេះ​បាន ម្ដេច​ទ្រង់​ភ្លេច​បង់​ត្រង់​ដែល​ថា ទ្រង់​នឹង​មិន​ល្មើស​ទ្រើស​កន្លង​លើ​បង​ប្អូន ។ ទុហសាសន៍​បែរ​ទៅ​ខ្សឹប​ទូល​ទុរយោជន៍​ពីរ​បី​ម៉ាត់​ជា​ប្រញាប់ ដាស់​តឿន​រំឭក​ឲ្យ​ដឹង​ខ្លួន​ថា ក្រែង​កើត​ហេតុ​ធំ​ទៅ​បាន ដែល​មក​រឹង​ទទឹង​អ្នក​ធំ អ្នក​ប្រាជ្ញ​ជា​ច្រើន​គ្រា​ក្នុង​ទី​មហា​សមាគម​ទុរយោជន៍ បាន​ស្ដាប់​ពាក្យ​អនុជ​ទូល​តឿន មិន​ទាន់​បាន​តប​ឆ្លើយឆ្លង​សម្ដី ក្រិស្ណ​ក៏​ក្រោក​ដើរ​ចេញ​អំពី​ទី​ប្រជុំ​រដ្ឋ​មន្ត្រី ព្រះ​ភក្ដ្រ​ឡើង​ច្រាល​បណ្ដាល​ឲ្យ​ទោស ។ ព្រះ​រាជា​ធ្ឫតរាស្ត្រ ​បាន​ពន្យល់​ហេតុ​ផល​ផ្សេង ៗ ឲ្យ​ឱរស​មុខ​រឹង​ស្ដាប់​ម្ដង​ទៀត ព្រះ​នាង​គន្ធារី​ជននី​ជា​ទុរយោជន៍ ក៏​យល់​ឃើញ​តាម​សម្ដី​មហារាជ​នោះ​ដែរ តែ​ទោះបី​ដូច្នោះ​ទុរយោជន៍ ក៏​មិន​ផ្លាស់​គំនិត​ក្រែង​អ្នក​ណា ។ ក្រិស្ណ​ឃើញ​ថា សេចក្ដី​ព្យាយាម​របស់​ព្រះ​អង្គ​ក្នុង​ទី​ផុត​នេះ​រលំ​រលាយ​បង់ មិន​សម្រេច​ប្រយោជន៍​ដូច​បំណង ក៏​ស្ដេច​ចេញ​ចាក​ក្រុង​ហស្ថិនបុរ ទៅ​ដល់​ក្រុង​វិរាដ សារសព្ទ​ហេតុការណ៍​ទាំង​ពួង ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រាជ​សំណាក់​កុរុ ឲ្យ​យុធិស្ឋិរ​ស្ដាប់​តាម​ដំណើរ​គ្រប់​ប្រការ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី១២៖សង្គ្រាមកុរុក្សត្រ

ព្រះ​ក្រិស្ណ នាំ​សារ​ទៅ​កាន់​រាជ​សំណាក់​កុរុ មិន​សម្រេច​ផល​ដូច​បំណង​ចរ​ផ្គង​ត្រឡប់​ទៅ​មិន​យូរ ទុរយោជន៍​ក៏​បញ្ជូន​រាជសារ​បបួល​ច្បាំង​ទៅ​ដល់​បាណ្ឌវ​ក្សត្រិយ៍ ក្នុង​រាជសារ​បបួល​ច្បាំង​នោះ ពេញ​ទៅ​ដោយ​នូវ​ពាក្យ​ប្រមាទ​ជាទី​បំផុតចេតនា​ប្រុង​តែ​ប្រើ​អាវុធ​គឺ​ការ​ មើល​ងាយ ជាង​ការ​ប្រកាស​សង្គ្រាម សេចក្ដី​ថា ទ្រង់​ស្បថ​ទុក​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​ដណ្ដើម​ជ័យជម្នះ​គ្នា​នឹង​យើង ក៏​ឥឡូវ​ដល់​វេលា​នេះ​ហើយ ដែល​ទ្រង់​នឹង​ត្រូវ​បដិបត្តិ​តាម​ពាក្យ​សម្បថ​ដ៏​ពិត​នោះ រាជ​អាណា​ចក្រ​របស់​ទ្រង់​ត្រូវ​យើង​អូស​យក នាង​ទ្រៅបទី​របស់​ទ្រង់ ក៏​ត្រូវ​យើង​ធ្វើ​ផ្ចាញ់ផ្ចាល​ឲ្យ​បាន​នូវ​សេចក្ដី​អាម៉ាស់​មុខ ស្ទើរ​ដក​ដង្ហើម​មិន​រួច ព្រះ​អង្គ​ទ្រង់​ព្រម​ទាំង​បង​ប្អូន ត្រូវ​យើង​សង្កត់​ក​និរទេស​ឲ្យ​ទៅ​នៅ​ព្រៃ​ដូច​ពានរ ភីម​យក្ខ​ធំ​មាត់​រឹង​អួត​ខ្ជោល​តែ​មាត់​នោះ គេ​មុខ​ទៅ​ពួន​ឯ​ណា ភ្លេច​ហើយ​ឬ​សម្ដី​ដែល​អួត​ថា​នឹង​ផឹក​ឈាម​ទុហសាសន ទុហសាសន​ចាំ​មើល​តែ​មាត់​ឈ្លើង​នឹង​មក​ជ្ញជក់​ឈាម អរេជុន​អួត​ខ្លាំង​ពូកែ​ណាស់​នៅ​ឯ​ណា ឲ្យ​គេ​ចេញ​មក​អំពី​ទី​ពួន​មុខ ហើយ​សម្ដែង​សិល្ប​សរ​យ៉ាង​ក្មេង​វត្ត​ទើប​ហាត់​ឲ្យ​យើង​មើល​ផង នឹង​ជា​អ្វី​ទៅ នឹង​និយាយ​អ្វី​ផ្សេង ៗ ជា​ច្រើន ។ ពួក​បាណ្ឌវ​បាន​ទទួល​ពាក្យ​បបួល​ច្បាំង​នេះ​ទុក ហើយ​បាន​បញ្ជូន​ពាក្យ​ប្រកាស​សង្គ្រាម​តប​ទៅ​ដល់​ពួក​កុរុ​វិញ តែ​ប្រើ​សម្ដី​រៀបរយ​តាម​ទំនៀម​រាជការ ។ ថ្ងៃ​ព្រឹក​ឡើង​កងទ័ព​ទាំង​ពីរ​ខាង គឺ​កងទ័ព​គោរព និង​បាណ្ឌព​ក៏​មក​តាំង​នៅ​ទី​វាល​ធំ មិន​ឆ្ងាយ​អំពី​ក្រុង​ហស្តិនបុរ​ប៉ុន្មាន អំពី​នោះ​មក​ទី​នោះ​ក៏​ប្រាកដ​នាម​ក្នុង​ពង្សាវតារ​ថា (សង្គ្រាម​កុរុ​ក្សេត្រ) ភីស្មៈ ត្រូវ​រើស​ជា​ស្ដេច​សឹក​កំពូល​ទ័ព គឺ​មេទ័ព​ស្រួច ខាង​ទ័ព​កុរុ ទោណ​អាចារ្យ​ជា​អ្នក​បញ្ជាការ​ស្លាប​ស្ដាំ (គឺ​ជា​មេទ័ព​ខាង​ស្ដាំ) មាន​សកុនី​ជា​ភូឈួយ និង​កង​ទាហាន​គន្ធារី​ជិះ​សេះ​កាន់​ទួន ទុហសាសន​ជា​អ្នក​បញ្ជាការ​ខាង​ឆ្វេង (គឺ​មេទ័ព​ខាង​ឆ្វេង) ព្រះ​ធ្ឫតរាស្ត្រ​ជា​អ្នក​បញ្ជា​កងទ័ព​ខាង​ក្រោយ​មាន​សញ្ជ័យ នាយ​សារថី​របស់​ព្រះ​អង្គ​នៅ​ជា​មួយ​ផង ចាំ​ក្រាប​ទូល​រាយការណ៍​សេចក្ដី​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ចម្បាំង​ឲ្យ​ទ្រង់​ ជ្រាប ។ កងទ័ព​បាណ្ឌព​មាន ធ្ឫស្ដឡុម័ន ឱរស​ព្រះ​ចៅ​ទ្រុបទ បង​ប្អូន​ទ្រៅបទី ជា​មេទ័ព​ស្រួច ជា​អ្នក​នាំ​ទ័ព​ខាង​បាណ្ឌព ក្នុង​កងទ័ព​បាណ្ឌព​មាន​ក្សត្រិយ៍​កម្លាំង ៗ ច្រើន បណ្ដា​ក្សត្រិយ៍​កម្លោះ​អម្បាល​នោះ​អភិមន្យុ បុត្រ​អរជុន កើត​នឹង​នាង​សុភទ្រា​កនិដ្ឋកគិនី​ក្រិស្ណ ក្អេងក្អាង​ជាង​គេ​ទាំងអស់ កងទ័ព​ទុរយោជន៍ មាន​កម្លាំង​រេហ៍ពល​រឹងប៉ឹង​ជាង​កងទ័ព​យុធិស្ឋិរ ។ អ្នក​នាំ​ទ័ព​ទាំង​សង​ខាង​មាន​សេចក្ដី​រីករាយ​សប្បាយ​ចិត្ត ជា​យ៉ាង​ក្រៃ​ពេក​បាន​ចាត់​ក្បួន​ទ័ព​ដោយ​រួសរាន់ ទង់​ពណ៌​ឥន្ទធនូ​របស់​កងទ័ព ទាំង​សង​ខាង​បោកបក់​រវិច​ទៅ​តាម​ខ្យល់ ត្រែ​ស័ង្ខ​ក៏​ផ្លុំ​សូរស៊ាន​រងំ​ទាំង​យុទ្ធ​មណ្ឌល ស្គរ​ជ័យ​ទួងទូង ៗ បណ្ដើរ​អន្លូង​ជា​ចង្វាក់​សម្រាប់​ប្រាប់​ហេតុ​អ្វី ៗ ដំរី​សឹក​សោត​ក៏​ស្រែក​គឹក ៗ សន្ធឹក​សូរ​សព្ទ​ផ្កាប់​ស្ទើរ​ប្រថពី រថ​សឹក​ទឹម​សេះ​ពាជី​គ្រឹក ៗ សន្ធឹក​ឮ​ដូច​ផ្គរ​លាន់ គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ​បាន​ត្រៀម​មក​ស្រេច​គ្រប់​មុខ​គ្រប់​យ៉ាង សេនា​ទាហាន​ទាំង​សង​ខាង​សម្រឹង​ត្រចៀក​ស្ដាប់​បញ្ជាការ​នាយ​កាយ​របស់​ខ្លួន​ ស្រែក​ឲ្យ​ត្រៀម​ចូល​វាយ​សឹក ។ ខណៈ​ដែល​កងទ័ព​សង​ខាង​កំពុង​ឈរ​ទ្រឹង សម្លឹង​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ហេតុ​ចម្លែក ១ យ៉ាង​ប្រាកដ​ដល់​ភ្នែក​មនុស្ស​ទាំងឡាយ គឺ​យុធិស្ឋិរ​ចុះ​អំពី​រថ​សឹក​ដោះ​គ្រឿង​សឹក​ចេញ​អំពី​ព្រះ​អង្គ ហើយ​ដើរ​ត្រង់​ទៅ​កាន់​សំណាក់​អ្នក​បង្គាប់​ការ​កងទ័ព​ខាង​កុរុ ដែល​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ តែ​ទ្រង់​គ្មាន​កាន់​អាវុធ​នៅ​ដៃ​សោះ នេះ​ជា​គ្រឿង​សម្គាល់​ឲ្យ​ឃើញ​ថា​ទ្រង់​មក ដើម្បី​សេចក្ដី​ស្ងប់​សឹក ព្រោះ​តាម​កតិកា​អ្នក​ស្រុក​ឥណ្ឌា​ថា អ្នក​ចម្បាំង​ឯ​ណា​ទៅ​ប៉ះពាល់​កាយ​បច្ចាមិត្រ ដែល​មិន​បាន​កាន់​អាវុធ​ក្នុង​ដៃ​នោះ​ជា​មិន​បាន ពួក​សេនា​ទាហាន​ខាង​យុធិស្ឋិរ ក៏​នឹក​ឆ្ងល់​តែ​រាល់​គ្នា​ខាង​ពួក​កុរុ​នាំ​គ្នា​រីករាយ ដោយ​សម្គាល់​ថា យុធិស្ឋិរ ស្ញប់ស្ញែង​ខ្លាច​ក្រែង​បារមី ទើប​មក​សុំ​ធ្វើ​សន្យា​ស្ងប់​សឹក ឈប់​ច្បាំង​ប៉ុណ្ណឹង​ហើយ ក៏​បង្អង់​ចាំ​មើល​មួយ​ស្របក់​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី តែ​ភ្នែក​មនុស្ស​រាល់ ៗ រូប ក៏​សម្លឹង​ទៅ​តែង​យុធិស្ឋិរ ខណៈ​ដែល​ដើរ​ទៅ​រក​នាយ​ទាហាន​ធំ​ខាង​កុរុ​មើល​ទៅ​ព្រះ​ភ័ក្ដ្រ​យុធិស្ឋិរ​ ប្រាប់​ថា មិន​សប្បាយ​ព្រះ​ហឫទ័យ ។ យុធិស្ឋិរ​ដើរ​សំដៅ​ទៅ​រក​ភីស្មៈ​ដែល​កំពុង​ឈរ​នៅ ក្នុង​កង​ទាហាន​ជួរ​មុខ​សន្សឹម ៗ ចូល​ទៅ​ស្ទាប​ព្រះ​បាទ​ភីស្មៈ សុំ​ខមាល​ទោស​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឡង​យក​ជ័យជម្នះ ព្រោះ​ធម្មតា​ក្សត្រិយ៍​អ្នក​ធ្ងន់​ក្នុង​អារ្យ​ចិត្ត កាល​ទ្រង់​ជ្រាប​ថា ព្រះ​អង្គ​នឹង​កាន់​អាវុធ​ចូល​ធ្វើ​សង្គា្រម​នឹង​ពួក​ព្រះ​ញាតិ​អ្នក​ធំ​ដ៏​ ដ៏​មេ​បា​ត្រកូល ដោយ​មិន​បាន​ខមាទោស​ជា​មុន​សិន​មិន​បាន សូម្បី​ជេដ្ឋ​បុគ្គល​នោះ​កាន់​អាវុធ​មក​បម្រុង​នឹង​ប្រហារ​ខ្លួន​ក្ដី រួច​ហើយ​ទ្រង់​ចូល​ទៅ​រក​ទោណ​អាចារ្យ សុំ​ខមាល​ទោស​នឹង​អាចារ្យ ដែល​ទ្រង់​នឹង​តោង​ហូត​ក្រប៊‍ី​ចូល​ត​យុទ្ធ​នឹង​កុរុ ទ្រង់​គ្មាន​ចេតនា​គិត​តស៊ូ​និង​អាចារ្យ និង​ប័ក្ខ​ពួក​អាចារ្យ​អ្នក​ស័ក្ដិសិទ្ធិ ដែល​បាន​សិក្សា​សិល្បសរ​អំពី​លោក​នោះ​ក៏​ទេ អ្នក​ចម្បាំង​ចាស់​ទាំង​ពីរ ក៏​អនុម័តិ​ព្រម​លើក​ទោស​យុធិស្ឋិរ​ដែល​សុំ​បាណ្ឌវ​រាជា​ក៏​ថយ​ចូល​ទៅ​ក្នុង កងទ័ព​របស់​ព្រះ​អង្គ​វិញ លំដាប់​នោះ កង​ទ័ព​ទាំង​សង​ខាង បាន​ស្រែក​ប្រកាស​តាម​ទំនៀម​ថា ចូល​ទី​សង្គ្រាម​ធំ​ឥត​មាន​សម​នឹង​អ្នក​ណា ។ អរជុន​ឲ្យ​ក្រិស្ណ​រាជ​សម្ពន្ធ​មិត្រ​របស់​គេ ធ្វើ​នាទី​បរ​រថសឹក​នា​ទី​ដទៃ មិន​ស្រួល​ដូច​នាទី​នេះ ព្រោះ​ក្រិស្ណ​បាន​ប្ដេជ្ញា​នឹង​ទុរយោជន៍​ថា នឹង​មិន​កាន់​អាវុធ​ដើម្បី​ចូល​ជួយ​ខាង​ពួក​ពាណ្ឌព​ខណៈ​កាល អេជុន​ឡើង​លើ​រថសឹក​ដ៏​ខ្ពស់ ក្រឡេក​ទៅ​ត្រួត​មើល​ថែវ​ទាហាន​សឹក​ខាង​មុខ សង្កេត​ឃើញ​ពួក​ទាហាន​អម្បាល​នោះ​ពេញ​ទៅ​ដោយ​ព្រះ​ញាតិ​របស់​ខ្លួន ទាំង​ចាស់​ទាំង​ក្មេង ក៏​ទ្រង់​ស្លុត​ព្រះ​ហឫទ័យ ទើប​ប្រារព្ធ​នឹង​ក្រិស្ណ​ថា ចិត្ត​ខ្ញុំ​រសេះ​រសោះ​រួញរា​ក្នុង​ការ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​គ្នា​ ឈាម​ច្រាល​ទាំង​ប្រថពី​ក្នុង​ទី​ចំពោះ​មុខ​នេះ​ខ្ញុំ​ឥត​បំណង​ស្វែង​រក​ ជ័យជម្នះ​បៀតបៀន​គ្នា​ដូច្នេះ មិន​ក្រហល់​ក្រហាយ​រក​អំណាច មិន​ប្រាថ្នា​រក​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ អ្នក​ដែល​យើង​លោភ​ដើម្បី​ប្រយោជន៍​ដល់​គេ គេ​ក៏​មក​ចូល​ក្បួន​ទ័ព​ច្បាំង​នឹង​យើង ប្រយោជន៍​អ្វី​ដែល​យើង​នឹង​គប្បី​បាន​ក្នុង​លោក​នេះ សុខ​អ្វី​ក្នុង​លោក​នេះ​នឹង​មាន បើ​យើង​សម្លាប់​បង​ប្អូន​ឯង​អស់​ទៅ​ហើយ ។ ក្រិស្ណ​ទ្រង់​ដាស់តឿន​ថា អ្នក​ចម្បាំង​ដែល​ស៊ូ​ច្បាំង​គ្នា ក៏​មិនមែន​ស្វែង​រក​សេចក្ដី​ល្អ ឬ​កិត្តិយស មិនមែន​សម្រាប់​លោក​ឬ​សម្រាប់​ធម៌ មិន​មែន​សម្រាប់​អ្នក​ជិត​ដិត ឬ​អ្នក​ឆ្ងាយ​ទីទៃ គេ​ច្បាំង ឬ​មិន​ច្បាំង​ដើម្បី​បដិប័ត្តិ​ការ​តាម​នាទី ដោយ​មិន​តោង​នឹក​ដល់​ផល​ក្នុង​បំផុត តែ​យ៉ាង​ឯ​ណា​នីមួយ​យក​ជា​អារម្មណ៍​ទ្រង់​ជា​ក្សត្រិយ៍ អ្នក​ច្បាំង ហើយ​ការ​នេះ​ជា​នាទី​របស់​ទ្រង់ នឹង​តោង​ច្បាំង​ជំនួស​ព្រះ​រាជា​របស់​ទ្រង់ ដោយ​ពេញ​សតិ​កម្លាំង​ផល​ជា​យ៉ាង​ដូចម្ដេច​ក៏​តាម​តែ​ការ ជា​ការ​សម្រាប់​ខ្លួន ឬ​សម្រាប់​អ្នក​ដទៃ​ក្ដី មិន​តោង​យក​មក​គិត​នឹក​ជា​អារម្មណ៍ តែ​សូម​កុំ​បី​កាន់​យក​សម្ដី​របស់​ខ្ញុំ​ជា​គ្រឿង​សន្ធាប់​ឲ្យ​ខ្លាច ហើយ​ធ្វើ​ការ​ទៅ​ដោយ​គេច​វេះ​មិន​រួច​ដែល​ទ្រង់​និយាយ​អំពី​កិត្តិយស​សោត កិត្តិយស​របស់​អ្នក​ច្បាំង​ក៏​គឺ​ការ​ច្បាំង បើ​ទ្រង់​និយាយ​ដល់​រឿង​មរណៈ ក៏​គ្មាន​មរណៈ​ឯ​ណា​នឹង​ល្បី​កេរ្តិ៍​ឈ្មោះ​ជាង​មរណៈ​ក្នុង​សង្គ្រាម ខ្ញុំ​សូម​ប្រការ​សិត​ក្នុង​ទី​នេះ​ថា មិន​សម្លាញ់​នឹង​គណ​ញាតិ​របស់​ទ្រង់​កាន់​អាវុធ​ចូល​តស៊ូ​នឹង​ទ្រង់​ហើយ តែ​នឹង​មក​រំលោភ​លើ​ទ្រង់​ម្នាក់​ឯង​ក៏​មិន​បាន ឯ​ទ្រង់​សោត​នឹង​កែ​ខៃ​ដោះ​ដៃ​យ៉ាង​ម្ដេច​ក្នុង​រឿង​នេះ​ក៏​មិន​បាន​ដែរ ចូរ​រឭក​ដល់​ព្រះ​ធម៌​ពាក្យ​ប្រដៅ​ដ៏​សក្ដិសិទ្ធិ​របស់​អ្នក​ច្បាំង​ហើយ​ ដំណើរ​តាម​នោះ ធ្វើ​ជា​មនុស្ស​ចិត្ត​ទន់​ហួស​ក្នុង​ទី​ច្បាំង​ដូច្នេះ​នឹង​ជា​កូន​ប្រុស​ បាន​ឬ តែ​ណ្ហើយ​ចុះ ខ្ញុំ​ឈប់​និយាយ​សង្កត់​សង្កិន​ទ្រង់​ប៉ុណ្ណេះ​ហើយ សេចក្ដី​ស្រឡាញ់​អធ្យោគ​អធ្យាស្រ័យ​យល់​មុខ​យល់​មាត់​នេះ​ឯង រមែង​ធ្វើ​ឲ្យ​ខូច​ការ​ទាំងអស់ ។ អរជុន​សំរឹង​សោត្រ​ស្ដាប់​ក្រិស្ណ​រៀបរាប់​រំឭក​សព្វ ៗ ទៅ ក៏​កើត​មាន​ចិត្ត​គិត​នឹង​ច្បាំង​តទៅ ។ ខណៈ​នោះ​ឮ​សម្លេង​ស្ដេច​សឹក​ម្នាក់ ស្រែក​ដោយ​សម្លេង​ធ្ងន់​ក្រអួន​ថា ច្បាំង ក្នុង​មួយ​រំពេច​នោះ ក៏​កើត​លោកាហល ដូច​ខ្យល់​កំបុត​ត្បូង​បោកបក់​មក​អំពី​ទិស ៨ ត្រែ​ចម្បាំង​ក៏​បន្លឺ​សូរ​ស័ព្ទ​រំពង​ទាំង​ដង​ព្រៃ ស្គរ​ជ័យ ក៏​បញ្ចេញ​សព្ទ​ញាប់​រន្ថើន​ហាក់​ដូចជា​ក្រើន​ទាហាន​ឲ្យ​ចូល​ច្បាំង​សម្លេង​ ស័ង្ខ​ក៏​ប្រឆាំង​គ្នា​នឹង​សម្លេង​ស្គរ​ធំ​ឮ​សូរ​វូ ៗ ទំ ៗ រងំ​ទៅ ពួក​កោរព​លើក​មក​ចូល​វាយ​ដោះ​ពល​សេះ ពល​ដើរ​ជើង​និង​ពល​ដំរី​សឹក សូរ​សព្ទ​គគ្រឹក​គគ្រាំ​ចូល​មក ស្ទើរ​កក្រើក​របើក​ផែន​ពសុធា ពួក​បាណ្ឌព​ទទួល​ទប់​ដោយ​ពល​យោធា រៀប​ជា​ថែវ​ជិត​មមី​មាំ​ដូច​ផែន​សិលា​ទាហាន​តែ​ម្នាក់​ក៏​មិន​បាន​ថយ​ចាក​ទី របស់​ខ្លួន សូម្បី​តែ​មួយ​ជំហាន រំយោល​ស្លាប​សត្វ​ដែល​ដោត​នឹង​មួក ក៏​មិន​ខ្ទេច​រេច​ខុស​ប្រក្រតី សូម្បី​តែ​មួយ​សសៃ​ពួក​បាណ្ឌព​រុក​ចូល​ពព្រិច​បី​ដូច​ជា​ខ្យល់​កំបុត​ត្បូង ធ្វើ​ឲ្យ​ថែវ​ទាហាន​កុរុ​ធន់​មិន​បាន​តោង​ថយ​ចាក​ទី ទាំង​ពីរ​ពួក​ក៏​សង្ខុញ​សង្ឃ​ករុក​រោមមរាត​តស៊ូ​គ្នា​ជា​យូរ យ៉ាង​មិន​គិត​ជីវិត ផង​ធូលី​ហើរ​ហុយ​ទ្រលោម​ត្រឡប់​អាប់​ផ្សែង​ទួទាំង​សមរភូមិ ។ ខណៈ​នោះ ក៏​បណ្ដាល​ឲ្យ​ឃើញ​អាភេទ​ហេតុ​អាក្រក់​មាន​មក​គ្រប់​ទិស ភ្លៀង​លោហិត​ក៏​ធ្លាក់​ចុះ​មក​អំពី​អាកាស​ក្រហម​ច្រាល ដូច​ទឹក​ល័ក្ខ ឆ្កែ​ព្រៃ​ក៏​លូរ​ទ្រហឹង​ទាំង​កណ្ដាល​ថ្ងៃ ខ្លែង និង​ត្មាត​ក៏​ហិច​ហើរ​ឆ្វែល​ឆ្វាត់​លើ​នភាកាស ផ្ទៃ​ពសុធា​ដែល​ក្រាស់ក្រៃ​លែង ក៏​រំភើប​ញាប់​ញ័រ​ខុស​ប្រក្រតី បន្តិច​មេឃ​ក៏​ទូទឹម​អាប់​អស់​អាកាស​អន្ធការ​ងងឹត​សូន្យសុង ឃើញ​តែ​ផ្លេក​បន្ទោរ​ផ្លេក ៗ ភ្លាម ៗ សូរ​ផ្គរ​គ្រហឹម​គ្រឹក​គ្រាក់​គំរាម​លើ​អាកាស ស្ទើរ​ហាក់​នឹង​ធ្លាក់​មក​លើ​ក្បាល មុខ​គួរ​ឲ្យ​សម្បើម មុខ​គួរ​ឲ្យ​ស្ញែង ។ តែ​ចិត្ត​អ្នក​ចម្បាំង​ទាំងអស់​គ្នា មិន​រួញ​រា​ញាប់​ញ័រ​រន្ធត់​នឹង​ហេតុ​ភេទ​អាក្រក់​អំបាល​នេះ នៅ​លេង​សម្ដី​ឡកឡឺយ​នៅ​ក្នា​និង​គ្នា ឥត​មាន​រួញរា​ក្រាក​ញាក​ដល់​តិច ចេះ​តែ​រុករាន​ឈ្លាន​ចូល​ប្រឡូក​កាប់​ចាក់​គ្មាន​ស្រាក​ស្រាន្ត គិត​តែ​យក​ជ័យជម្នះ​ឲ្យ​បាន ឬ​លះ​ជីវិត​ជា​បំណាច់​ផែនដី​ប៉ុណ្ណោះ​ក្រប៊‍ី និង​ក្រប៊‍ី​ប៉ះ​គ្នា​ឮ​សូរ​ឆោត ៗ ឆាប់ ៗ ខ្លះ​ក៏​ឮ​តែ​ញាំង ៗ កាល​ត្រូវ​ខ្លាំង​ក៏​ខ្ទាត​ទៅ​ដោយ​សព្វ​ខ្លួន កូន​សរ​ត​វឺ ៗ ប្រសាច​លើ​អាកាស កល់​បី​ដូច​ជា​គ្រាប់​ភ្លៀង​បង្អុរ​ចុះ​មក ស្នរ​លំពែង​សោត​ក៏​ពួយ​ទៅ​មក​ច្រវាត់ កាល​អាកាស​ភ្លឺ​ព្រាង​ស្វាង​ឡើង ការ​ច្បាំង​ក៏​បណ្ដើរ​ក្បាច់​ញឹក​ឡោះង ៗ ដោយ​ទោសៈ ភីស្មៈ​អ្នក​ចម្បាំង​ចាស់ ក៏​ចេញ​មុខ​ទន្ទេង​មក​សម្ដែង​ឫទ្ធិ ទុរយោជន៍​នាំ​ពល​ចូល​ត​ទល់​នឹង​កង​ពល​ភីម ទុហសាសន លើក​ចូល​ប្រយុទ្ធ​គ្នា​នឹង​កុល យុធិស្ឋិរ លើក​ចូល​វាយ​សល្យ​រាជា​នៃ​ប្រទេស​មទ្រ ធ្ឫស្ដឡុម័ន ចូល​វាយ​ទោណ ព្រះ​ចៅ​ទ្រុបទ​ចូល​តស៊ូ​គ្នា​នឹង​ជ័យរថ​រាជា​នៃ​ប្រទេស​សិន្ធ តស៊ូ​គ្នា​ជា​គូរ ៗ ទួទៅ​ទាំង​ទី​ច្បាំង តែ​វេលា​នោះ​នៅ​ពុំ​ទាន់​ឃើញ​​ផល​ជា​ខាង​ណា​មាន​ប្រៀប​ជាង កងទ័ព​ទាំង​ពីរ​បាន​ត​យុទ្ធ​គ្នា​ដោយ​មាន​មួយ​ថ្ងៃ​វាល់​ល្ងាច លុះ​ធ្លាក់​វេលា​ល្ងាច​ទៀប​យប់​សន្ធយា​អភិមន្យុ​ឃើញ​ថា ពួក​គោរព​បាន​ប្រៀប​ជាង​ក្នុង​ជើង​ចម្បាំង ក៏​ហិច​ចូល​ទៅ​វាយ​ភីស្មៈ ប្រហារ​ទង់ជ័យ​នាំ​ពល​ដែល​ជោត​លើ​រថ​ភីស្មៈ​ដោយ​ក្រប៊‍ី​ដ៏​មុត​ថ្លា ដាច់​ធ្លាក់​ស្រយ៉ាល​ទៅ​លើ​ផែន​ធរណី​អំពី​កាល​ណា​មក វីរ​បុរស​ភីស្មៈ​អាយុ​រវាង ៨០-៩០ ឆ្នាំ​មក​នេះ​ហើយ ពុំ​ដែល​ឃើញ​មាន​អ្នក​ចម្បាំង​កម្លោះ​ណា​ធ្វើ​ការ​ក្លាហាន​ក្នុង​សង្គ្រាម​ ដល់​ម៉្លេះ ភីស្មៈ​លើក​ចូល​វាយ​ទ័ព​បាណ្ឌព​ជា​គម្រប់​ពីរ​ដង ដោយ​មាន​រឹង​រិទ្ធិ កាប់​សម្លាប់​កងទ័ព​ទាហាន​បាណ្ឌព​ឈាម​ច្រាល មាន​របួស និង​ស្លាប់​ជា​ច្រើន អរជុន​ឃើញ​ពួក​បាណ្ឌព​ទន់ ក៏​បរ​រថសឹក​ខ្មាញ់​ចូល​ទៅ​ជួយ​ទ័ព​កម្លាំង​បាណ្ឌព​បាន វេលា​នេះ​ព្រះ​អាទិត្យ​ក៏​គោចរ​ទន់​ទាប​បិទ​បាំង​ភ្នំ​ព្រះ​សុមេរុ​បាត់​ រស្មី រាត្រី​សម័យ​ក៏​ចូល​មក​ដល់ តែ​សញ្ញា​ឈប់​ច្បាំង​ក៏​បន្លឺ​សូរ​សព្វ​តែត ៗ ឡើង ការ​ច្បាំង​ក្នុង​ថ្ងៃ​ដំបូង​ក៏​ចប់​ចុះ​តែ​ប៉ុណ្ណោះ ផល​នៃ​ការ​សង្គ្រាម​មិន​ទាន់​ដាច់​ខាត​ចុះ​ទៅ ទាហាន​សឹក​ទាំង​ពីរ​ប្រទេស​ក៏​នាំ​គ្នា​ចូល​សម្រាក​ក្នុង​បន្ទាយ ។ រហូត​រាត្រី​នោះ យុធិស្ឋិរ​ទ្រង់​ខ្វល់​អំពល់​ព្រះ​ហឫទ័យ គ្មាន​បាន​សម្រាក​សម្រាន្ត​កាយ-ចិត្ត​សោះ ព្រោះ​ជោគជ័យ​នៃ​ការ​សង្គ្រាម ប្រាកដ​នឹង​ព្រះ​នេត្រ​របស់​ទ្រង់​ហើយ​ថា ឃើញ​ទាស់ ៗ ធ្វើ​ទៅ​មិន​ស្រួល យប់​នោះ ទ្រង់​រំពឹង​សព្វ ៗ ទៅ ក៏​កើត​សង្វេគ​ក្នុង​ហឫទ័យ ទើប​ស្ដេច​ទៅ​រក​ក្រិស្ណ អភិប្រាយ​ហេតុ​ផល​តាម​ដែល​ប្រាកដ​នឹង​ចិត្ត​ឲ្យ​ក្រិស្ណ​ស្ដាប់ ក្រិស្ណ​ក៏​ដាស់តឿន​ទ្រង់ កុំ​ឲ្យ​ញញើត​ឬ​ភកលឹក​នឹង​រឿង​សឹក​សង្គ្រាម​នេះ​ឡើយ ។ ស្រេច​សន្ទនា អរុណ​ក៏​រះ​ឡើង​ត្រចះ​ចែង​អំពី​ភាគ​បូព៌ា លុះ​បាន​វេលា​ឧសាយោគ តាលធ្វ័ល គឺ​ទង់ជ័យ​នាំ​ទ័ព​រូប​ដើម​ត្នោត​របស់​ភីស្មៈ ក៏​តាំង​ឡើង​ជា​ថ្មី​យ៉ាង​ចិញ្ចែង លេង​កន្ទុយ​រវិច​លើ​ស្នាម​យុទ្ធ កងទ័ព​ទាំង​សង​ខាង​ក៏​យាត្រា​មក​កាន់​យុទ្ធ​មណ្ឌល ផ្ដើម​តស៊ូ​គ្នា​ជា​ថ្មី ឱរស​ព្រះ​ចៅ​ទ្រុបទ​ចូល​ត​យុទ្ធ​នឹង​ទោណ ភីម​ក៏​សម្ដែង​សេចក្ដី​ក្លាហាន ចូល​វែក​ហ្វូង​ដំរី​សឹក​ដែល​ពួក​គោរព​លែង​មក​បញ្ជាន់​រេហ៍ពល​របស់​គេ​ឲ្យ​ បែក​ខ្ចាត់ខ្ចាយ​ទៅ ទាំង​ហ្វូង ទុរយោជន៍ ឃើញ​រេហ៍ពល​របស់​ទ្រង់​ដែល​គង់​ជីវិត​ខ្លះ​ផាយ​ព្រាត់​ព្រាយ​ទៅ​ក៏​ត្រាស់​ ពាក្យ​ស៊ក​សៀត​ឲ្យ​ភីស្មៈ​ថា ភីស្មៈ​ទ្រង់​សម្គាល់​ព្រះ​អង្គ ទ្រង់​ថា​ជា​អ្នក​នាំ​ទ័ព​កុរុ​នេះ​ឬ សម្គាល់​ថា​ទោណ​ជា​កម្លាំង​របស់​ទ្រង់ ឬ​ម្ដេច​ទ្រង់​មក​បង្អែបង្អង់​រារង់​ដោយ​សេចក្ដី​មេត្តា​ប្រណី​ពួក​បាណ្ឌព បើ​ដូច្នោះ​សូម​ឲ្យ​កណ៌​ទទួល​ដំណែង​ជា​មេទ័ព​របស់​យើង​វិញ​ចុះ ភីស្មៈ​ឮ​ពាក្យ​កោស​រួស​ដូច្នោះ ក៏​បណ្ដាល​ទោស​ព្រះ​ភក្ដ្រ​ឡើង​ក្រញូវ ព្រះ​ហឫទ័យ​ទុរយោជន៍​កំពុង​ពេញ​ពាល មាន​សេចក្ដី​រូតរះ​រហ័ស​ចង់​បាន​ជ័យជម្នះ ឲ្យ​ដាច់​ស្រេច​ទាន់​ចិត្ត​តែ​ក្នុង ១ ថ្ងៃ មក​ឃើញ​ការ​មិន​សម្រេច​ដូច​ព្រះ​ហឫទ័យ ក៏​ដាល​វ៉ាល​កោស​រួស​ទម្លាក់​ទោស​ឲ្យ​ភីស្មៈ​តែ​ម្នាក់​ឯង តែ​ភីស្មៈ​ជា​មនុស្ស​មាន​ចិត្ត មាន​ថ្វី​ដៃ​មក​ជា​យូរ​ណាស់​ហើយ មិន​មែន​ជា​មក​ទ្រាំ​ឲ្យ​និយាយ​ស៊ក​សៀត​លេង​ទទេ ៗ ភីស្មៈ ឬ​ទោណ ឬ​កណ៌ មិន​អាច​នឹង​លប់​លាង​មន្ទិល​នៃ​យុត្តិធម៌​ដែល​ធ្វើ​រំលោភ​លើ​ច្បាប់ ដោយ​គ្មាន​ខ្មាស​បាប​ដូច្នេះ​ទេ ទ្រង់​អាច​នឹង​ឈ្នះ​ហេតុដែល​ត្រូវ​តាម​គន្លង​ធម៌ ដោយ​សេចក្ដី​ឆ្លាត លាយ​ទៅ​ដោយ​កល​កោង​របស់​ទ្រង់ ឬ​ខ្ញុំ​នឹង​តស៊ូ​សឹក​សត្រូវ​របស់​ទ្រង់​យ៉ាង​អ្ន​ចម្បាំង​ប្រកប​ដោយ​សត្យ តាម​សតិ​កម្លាំង​នៃ​ខ្លួន​ដែល​នឹង​គប្បី​បាន ។ និយាយ​ដូច្នោះ​ហើយ ក៏​ទ្រង់​ចូល​ទៅ​ច្បាំង​វាយ​ស្ដាំ​វាត់​ឆ្វេង​ត្រឡប់​ត្រឡិន​បែក​ខ្ចាយ​ ព្រាយ​ទៅ​ខាង​មុខ រថ​សឹក​បាក់​ខ្ទេចខ្ទី ហ្វូង​ដំរី​សឹក​ក៏​ភ្លូក​បោល​ព្រាត់​ព្រាយ សេះ​សឹក​ក៏​បោល​ខ្ចាត់ខ្ចាយ​ពុំ​ហ៊ាន​ត​ទល់​រេហ៍ពល​ទាហាន​ស្លាប់​ត្រៀប​ត្រា ប្រគង​ប្រគរ​លើ​គ្នា ដែល​រស់​នៅ​ក៏​ជ្រួល​ច្របល់​រត់​ទៅ​ផ្ដុំ​គ្នា​ពី​ជ្រុង​ខាង​នេះ​ទៅ​ជ្រុង​ ខាង​នោះ ពី​ជ្រុង​ខាង​នោះ​មក​ជ្រុង​ខាង​នេះ ទប់​ទល់​កម្លាំង​ភីស្មៈ​ស្ទើរ​ពុំ​បាន សូម្បី​តែ​ចិត្ត​អរជុន​អ្នក​ធ្លាប់​ក្លាហាន​ក៏​តោង​រួញរា​ញញើត​ទៅ​មួយ​ ស្របក់ តែ​មក​មាន​មាន​ឡើង​ដោយ​ពាក្យ​ក្រើន​របស់​ក្រិស្ណ ទើប​ដេញ​ពល​សេះ​ឲ្យ​ចូល​ពាំង​រាំង​សឹក​ដែល​រុក​ចូល​មក​នោះ ហើយ​វាយ​កាត់​ថែវ​ទាហាន​សឹក​ដាច់​ជា​ពីរ​ភាគ ដេញ​តាម​ប្រហារ​បែក​ខ្ញែក​ទៅ​ឆ្វេង​ទៅ​ស្ដាំ​អស់​ទៅ ។ ធ្លាក់​វេលា​រសៀល បាន​ឃើញ​ការ​តស៊ូ​គ្នា​រវាង​ក្សត្រិយ៍​កំឡោះ​អ្នក​ចម្បាំង​ឯក​ពីរ​អង្គ គឺ​អភិមន្យុ​បុត្រ​អរជុន និង​ម្ខាង​លក្សណម័ន​បុត្រ​ទុរយោជន៍​ម្ខាង តែ​ដល់​ចុង​ដៃ​ឃើញ​លក្សណម័ន​ទន់​ជាង​ក្នុង​ក្បួន​ពិជ័យ​សង្គ្រាម​វិស​នឹង​ អប្បរាជ័យ តែ​បាន​ព្រះ​រាជ​បិតា​ទៅ​ជួយ​រួច​មក ហើយ​ពួក​កុរុ​ក៏​ព្រួត​គ្នា​ចោម​រោម​អភិមន្យុ បាន​ទទួល​តស៊ូ​រាជ​សត្រូវ​គ្នា​ច្រើន​តែ​ម្នាក់​ឯង មួយ​ស្របក់ ពួក​ទាហាន​បាណ្ឌព​ឃើញ​អភិមន្យុ ធ្លាក់​នៅ​ក្នុង​រវាង​សឹក ក៏​ស្រែក​ហៅ​អរជុន អរជុន​ក៏​រលះ​រលាំង​ទៅ​ជួយ​បុត្រ​ទាន់​ការ គ្រាន់​តែ​ឃើញ​រថសឹក​អរជុន​បរ​ត្រង់​ចូល​មក ពួក​ទាហាន​កុរុ​ក៏​ស្រែក​ថា អរជុន អរជុន​ហើយ ហើយ​ក៏​នាំ​គ្នា​រត់​ព្រាត់​ទៅ ក៏​ទទួល​វេលា​អស្ដង្គត មាន​អាណត្តិ​សញ្ញា​សម្រាក​ចង​តាម​ទំនៀម ។ យុទ្ធ​វារ​ថ្ងៃ ១ ទៀត ព្រឹក​ព្រាង​ស្វាង​ឡើង​មក ពន្លឺ​អរុណ​ឆ្លុះ​ទៅ​ចាប់​នឹង​ផ្ទៃ​មេឃ​ខាង​ទិស​បូព៌ា ត្រូវ​គ្នា​នឹង​ផ្ទៃ​ស្នាម​យុទ្ធ ដែល​ច្រាល​ទៅ​ដោយ​លោហិត ក៏​រឹត​តែ​ធ្វើ​ទី​នោះ​ឲ្យ​ក្រហម​ណាស់​ឡើង ។ លុះ​បាន​វេលា អ្នក​ចម្បាំង​ទាំង​ពីរ​ប្រទេស ក៏​រៀបចំ​ក្បួន​ទ័ព ហើយ​យាត្រា​ក្បួន​ទ័ព​ចូល​ទៅ​កាន់​ទី​សមរភូមិ ម្ដង​នេះ​ខាង​ពួក​បាណ្ឌព​ជា​អ្នក​រុក​ចាត់​ក្បួន​ជា​រូប​ព្រះ​ចន្ទ លើក​ពុះពារ​ចូល​ទៅ​វាយ​ទ័ព​កុរុ ដោយ​ទាំង​ខ្មាំង កាប់​សម្លាប់​ស្លាប់​រពាយ ឈាម​ហូរ​ដក់​ដូច​ទឹក សេះ​សឹក​ដួល​ដេក​ដាច់​ខ្យល់​ងាប់​រពីង ដោយ​អស់​ជើង​នឹង​ត្រូវ​អាវុធ ឮ​តែ​សំឡេង​ថ្ងូរ​នឹង​សូរ​យំ​ទ្រហឹង​ដូច​ហ៊ីង​ត្រូវ​ភ្លៀង​ដើម​ឆ្នាំ គ្រា​នោះ​មាន​អាភេទ​ហេតុ​អាក្រក់ បណ្ដាល​ឲ្យ​ឃើញ​ប្រាកដ​មក​ម្ដង​ទៀត មើល​ទៅ​ទាហាន​ឃើញ​កំបុត​ក្បាល​អស់​មាន​តែ​ខ្លួន ពពក​ត្រឡប់​ក្លាយ​ទៅ​ជា​រូប​បិសាច​មាយា​សម្ដែង​អាការ​ជា​ទាហាន​កំពុង​ច្បាំង តស៊ូ​គ្នា​គគ្រឹក​លើ​អាកាស​មុខ​គួរ​ស្ញែង មួយ​ស្របក់​ឃើញ​រថ​បាក់​ខ្ទេចខ្ទី ទងជ័យ​កំពូល​ពល ក៏​ធ្លាក់​ស្រយាក​មក​ដល់​ដី រេហ៍ពល​ស្លាប់​ត្រៀបត្រា ជា​ការ​អស្ចារ្យ ឃើញ​ច្បាស់​ដោយ​ចក្ខុ ។ ទុរយោជន៍​កាល​ឃើញ​ហេតុ​ដូច្នោះ ឲ្យ​មាន​ព្រះ​ហឫទ័យ​រន្ធត់​ស្ញប់ស្ញែង មិន​ទុក​ចិត្ត​ក្នុង​រឿង​ការ​សង្គ្រាម​ថា​នឹង​មាន​ជ័យ ទើប​ទ្រង់​ប្រាស្រ័យ​នឹង​ភីស្មៈ​ម្ដង​ទៀត ទ្រង់​តោង​ទុក​ដាក់​ដំណែង​របស់​ទ្រង់ ឬ​ដៃ​ជើង​របស់​ទ្រង់ វា​ដូចម្ដេច​ទៅ​ហើយ ។ ភីស្មៈ​តប​ដោយ​សូរសៀង​ក្រោធ​ទៀត​ថា ទុរយោជន៍​អឺយ​សឹនានុភាព​របស់​ទ្រង់ ឬ​នឹង​ស៊ូ​ធម្មានុភាព​របស់​បាណ្ឌព​បាន​ការ​មាន​ជ័យ​ក្នុង​សង្គ្រាម មិន​មែន​នៅ​ត្រង់​មាន​រេហ៍ពល​ច្រើន មាន​ទាហាម​កឡោះ​កម្លាំង​កាយ​មាំមួន ឬ​ប្រាជ្ញា​ឆ្លាត​លាយ​ដោយ​ឧបាយ​កោង​នោះ​ទេ របស់​អំបាល​នេះ​នឹង​យក​មក​ស៊ូ​អានុភាព​នៃ​ធម៌ មិន​បាន​ទាំងអស់ មនុស្ស​យ៉ាង​កណ៌​ត​ឲ្យ​ទាំង​ម៉ឺន ក៏​មិន​អាច​នឹង​យក​ជ័យជម្នះ​នៃ​ធម្ម​បាន ។ និយាយ​តែ​ប៉ុណ្ណោះ​ហើយ ភីស្មៈ​ក៏​បរ​រថសឹក​ចូល​វាយ​សឹក​ម្ដង​ទៀត បាន​ចូល​សម្រុក​លុយ​លប់​កងទ័ព​ធំ​នៃ​បាណ្ឌព​ដែល​មក​ត​យុទ្ធ វាយ​ត្រឡប់​ត្រឡិន​ព្រាត់​ព្រាយ រត់​ជ្រក​ដោយ​កៀន​កោះ​មិន​ជា​កង​ជា​ក្បួន ដែល​ស្លាប់​ក៏​ច្រើន​ឥត​បី​បើ​គណនា ពួក​បាណ្ឌព​ទប់​ទល់​នឹង​ថ្វី​ដៃ​ភីស្មៈ​មិន​បាន​ក៏​តោង​ថយ​ក្រោក​ចេញ​ទៅ​សិន តែ​ផល​នៃ​ការ​សង្គ្រាម ក៏​នៅ​មិន​ទាន់​ដាច់ ក៏​នៅ​មិន​ទាន់​ដាច់​ស្រេច ក៏​ទទួល​ដល់​រត្តិ​សម័យ កងទ័ព​ទាំង​ពីរ​ក៏​ផ្លុំ​តែ​សញ្ញា នាំ​គ្នា​ទៅ​សម្រាក​ក្នុង​បន្ទាយ ។ ថ្ងៃ​ទី ៤ នៃ​ការ​សង្គ្រាម​មក​ដល់ ទាំង​ពីរ​ពួក​ក៏​រៀប​ក្បួន​ទ័ព​ចេញ​កាន់​ទី​យុទ្ធ​ភូមិ​ដូចជា​ថ្ងៃ​មុខ បាន​ស៊ូ​ច្បាំង​គ្នា​មក ៣ ថ្ងៃ​ហើយ នៅ​មិន​ទាន់​ឃើញ​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​នូវ​ឡើយ គ្រាន់​តែ​វាយ​ទៅ​វាយ​មក​ពូន​ចុះ​ពូន​ឡើង ឲ្យ​ផល​ត្រឹម​តែ​ធ្វើ​ឲ្យ​រេហ៍ពល​ស្លាប់ ប្រពាក់​ប្រពូន​លើ​គ្នា​ដូច​គេ​ហាល ក្បាល​ដាច់​រមាល​ដូច​ដុំ​ដី​ដុំ​ថ្ម​ប៉ុណ្ណោះ ។ ថ្ងៃ​នេះ​ស៊ូ​គ្នា​រវាង វីរ​បុរស ភីស្មៈ និង​អរជុន អ្នក​ចម្បាំង​ឯក​ទាំង​ពីរ​បាន​ចូល​ប្រយុទ្ធ​គ្នា​ហើយ​ប្រយុទ្ធ​ទៀត ម្ខាង​ថយ​ទៅ​ម្ខាង​សង្ខុញ​ជិត​ចូល​មក តែ​ក្រឺម​ទៅ​ក្រឺត​មក ដូច្នេះ​ជា​យូរ មើល​ទៅ​អ្នក​ទាំង​ពីរ ឃើញ​ហាក់​ដូចជា​ម្ចាស់​ប្រទាន​ចំណែក​កម្លាំង​ឲ្យ​ស្មើ ៗ គ្នា មាន​កម្លាំង​ប៉ុន​គ្នា ល្មម​ប្រឡង​គ្នា បន្តិច​ភីស្មៈ​ថយ​មួយ​ជំហាន បន្តិច​អរជុន​ថយ​មួយ​ជំហាន ត​មក​ម្ដង​ឃើញ​ដូចជា​ភីស្មៈ​ឈ្នះ រួច​ពី​នោះ​ឃើញ​ដូចជា​អរជុន​នឹង​ឈ្នះ ផ្លាស់​គ្នា​មាន​ប្រៀប​ម្ដង​ម្នាក់​រហូត​វេលា ក្នុង​ថ្ងៃ​នេះ​ឃើញ​មុខ​មាត់​នៃ​ការ​ចម្បាំង​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ដូច​ពោល​មក​នេះ ។ លុះ​ដល់​វេលា​រសៀល ភីម សម្ដែង​មហិទ្ធិ​ឫទ្ធិ​ដ៏​មហិមា ដូច​ខ្យល់​ព្យូវ​កួច​មក បោក​សម្រុក​កណ្ដាល​ទ័ព​កុរុ ម្ដង​ទៀត​ដើម្បី​កាច់​កម្លាំង​កុរុ តែ​ក៏​មិន​សម្រេច​ដូច​បំណង គ្រាន់​តែ​បាន​ផ្ញើ​របួស​ទុក​ឲ្យ​ទុរយោជន៍ និង​សល្យរាជ​ទាំង​ពីរ​អង្គ​បន្តិច​ម្នាក់ អនុជ​របស់​ទុរយោជន៍ ១៤ អង្គ​រួម​កម្លាំង​គ្នា​ត្រង់​ចូល​មក​ជួយ​ព្រះ​ជេដ្ឋា ដើម្បី​កាច់​កម្លាំង​ភីម​តែ​ម្នាក់​ឯង តែ​ក៏​គ្រាន់​តែ​មក​រោម ៗ ហើយ​ក៏​ថយ​ទៅ ភីម​ប្រហារ​បង់ ៨ អង្គ ក្រៅ​ពី​នោះ​ក៏​គេច​មុខ​បាត់​អស់​ទៅ ។ ក្នុង​ភាព​ម្ខាង​នៃ​ស្នាម​យុទ្ធ អ្នក​ចម្បាំង​បី​នាក់ គឺ​ក្រិបាចារ្យ​ទោណ និង​សាលី ព្រួត​គ្នា​ចូល​វាយ​អរជុន​តែ​ម្នាក់​ឯង ព្យាយាម​នឹង​គ្រញេច​អរជុន​ឲ្យ​ខ្ទេច​ទៅ​នឹង​ដៃ តែ​អរជុន​គេច​រួច​អំពី​អន្ទាក់​នៃ​អ្នក​ទាំង​បី ហើយ​ចូល​ធ្វើ​ការ​ដណ្ដើម​ជ័យ តែ​ក៏​ត្រូវ​វាយ​ទំលាយ​កង​នោះ ៗ បែក​ខ្ចាយ​ទៅ​ទាំង​ពីរ​ពួក ថ្ងៃ​នេះ​ពួក​បាណ្ឌព​សូម្បី​ត្រូវ​វាយ​ច្រង៉ាប់​ច្រងឹល​ម៉្លោះ​ក្ដី ក៏​គង់​ការពារ​រក្សា​ខ្លួន​បាន មិន​ដល់​ទៅ​អប្បរាជ័យ ដល់​ពេល​ហើយ​ត្រូវ​បិទ​ឆាក រាត្រី​សម័យ​ក៏​ចោល​ស្រមោល​មក​ដល់ តោង​សម្រាក​ច្បាំង​តាម​ទំនៀម ។ យុទ្ធ​វារ​ទី ៥ នៃ​ការ​សង្គ្រាម​បាន​ភ្លឺ​ឡើង ទាហាន​ក្រុម​ភ្លេង​ក៏​ផ្លុំ​ត្រែ​ស័ង្ខ​ជា​អណត្តិ​សញ្ញា​រៀប​ក្បួន​ទ័ព​នឹង​ លើក​ព្យូហ​ទៅ​កាន់​ទី​យុទ្ធ​ភូមិ ទាំង​ពីរ​ពួក​បាន​លើក​ចេញ​ចាក​បន្ទាយ​ដោយ​ក្បួន​យ៉ាង​ស្រស់ ទៅ​កាន់​ស្នាម​យុទ្ធ បី​ដូចជា​យាត្រា​ទៅ​លេង​ក្នុង​ការ​​ល្បែង​សប្បាយ​ឯ​ណា​និមួយ ។ របៀប​ច្បាំង​ដោយ​រួម​កម្លាំង​ដែល​ពួក​កោរព​ផ្ដើម​ធ្វើ​ឡើង​កាល​ថ្ងៃ​មុន ថ្ងៃ​នេះ​ពួក​បាណ្ឌព​ក៏​គិត​យក​បែប​នេះ​មក​ប្រើ ភីម និង​អរជុន​រួម​កម្លាំង ជា​មួយ​កង​ចូល​វាយ​សឹក​ទុរយោជន៍​ដឹង​ទាន់​ក៏​ដោះ​ដៃ​ចេញ​អំពី​មុខ ពីរ​បងប្អូន​ទោណ​ជា​គ្រូ​របស់​ភីម និង​អរជុន សិស្ស​ទាំង​ពីរ​នេះ​និង​លាង​ត្រូវ​ដោយ​ក្រប៊‍ី​នោះ​មិន​បាន សូម្បី​ចូល​កាន់​សង្គ្រាម​ប្រើ​ច្បាប់​អាជ្ញា​សឹក ហើយ​ក៏​ធ្វើ​មិន​បាន​ជា​ឧបាយ​កល​យ៉ាង​ឯក​របស់​ពួក​កោរព ដែល​ចាត់​លោក​គ្រូ​ឲ្យ​មក​តស៊ូ​និង​កូន​សិស្ស ។ ទើប​ឯ​អ្នក​កំឡោះ ១ គូ ដែល​តស៊ូ​គ្នា​ពី​ថ្ងៃ​ម្សិល​មិញ ថ្ងៃ​នេះ​ក៏​បាន​មក​ប្រទះ​គ្នា​ម្ដង​ទៀត គឺ​អភិមន្យុ និង​លក្សណ៍ម័ន​បាន​ច្បាំង​គ្នា​តួតតួ​ជា​ច្រើន​ម៉ោង រហូត​វេលា​នោះ​មិន​អាច​នឹង​ទំនាយ​បាន​ថា អ្នក​ណា​ជា​អ្នក​ឈ្នះ អ្នក​ណា​ជា​អ្នក​ចាញ់ តែ​ក្នុង​ទី​បំផុត​ទុរយោជន៍​ឈោង​ចូល​មក​ជួយ​លក្សណ៍ម័ន មិន​យូរ​ប៉ុន្មាន​ទុរយោជន៍​ត្រូវ​អាវុធ​របស់​អភិមន្យុ​មាន​ស្លាក​ស្នាម​ជា​ ដំណំ​តោង​ដាក់​អង្រឹង​សែង​ចេញ​អំពី​ទី​ចម្បាំង អភិមន្យុ​កាល​មាន​ជ័យ​ដូច្នេះ​ហើយ ក៏​ទៅ​គាល់​យុធិស្ឋិរ ។ រួច​ពី​នោះ​អភិមន្យុ កំរើប​ឫទ្ធិ​ក្អេងក្អាង ដោយ​មាន​ជ័យជម្នះ​បោល​សម្រុក​ទៅ​រក​ភីស្មៈ​ទៀត ដោយ​បំណង​នឹង​កាច់​សឹក​កុរុ​ឲ្យ​អប្បរាជ័យ​រលីង​ទៅ ភីស្មៈ​បាន​ឃើញ​អភិមន្យុ​ចូល​មក​ក៏​ញញឹម​ហើយ​និយាយ​ថា កូន​ក្មេង​អើយ​យើង​ស្ដាយ​ណាស់ ដែល​ទារក​តូច​តោង​ប្រាស​អំពី​ទ្រូង​ម្ដាយ​ទៅ​ជា​ឆាប់ តែ​ណ្ហើយ​ចុះ​យើង​ឲ្យ​អភ័យ​ទុក​ជីវិត​ឲ្យ​វា​ម្ដង​ចុះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​ដល់​វេលា​សម្រាក​សម្បាំង ត្រែ​ស័ង្ខ​ក៏​ផ្លុំ​ជា​សញ្ញា​ឲ្យ​ថយ​ទ័ព ទី​ចម្បាំង​ក៏​ស្ងាត់​ច្រៀប​បាត់​ឮ​សូរ​សន្ធឹក​ពាយុ​នៃ​ការ​ច្បាំង ។ កាល​អរុណ​រឿងរះ​មក​ម្ដង​ទៀត កងទ័ព​ទាំង​ពីរ​បាន​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ទី​ដដែល តស៊ូ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មិន​គិត​ជីវិត​នឹង​មរណា អ្នក​ច្បាំង​សំខាន់​សម្រាប់​ថ្ងៃ​នេះ មាន​ភីម​ម្ខាង នឹង​អស្វត្ថាម័ន សុសរម័ន ម្ខាង​ទៀត ចេញ​ប្រយុទ្ធ​គ្នា​កណ្ដាល​រណរង្គ ការ​សង្គ្រាម​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​នឹង​គ្នា​ប្រឹង​ដណ្ដើម​ជ័យ​ដោយ សព្វ​ខ្លួន តែ​ការ​ជោគជ័យ​នៅ​ជា​ពាក់​កណ្ដាល​នៅ​ឡើយ ។ ត​អំពិ​នោះ​មាន​រឿង​ប្លែក ១ យ៉ាង ដោយ​ជឿ​កម្លាំង​របស់​ខ្លួន​ភីម​បាន​រុករាន​ចូល​ទៅ​ក្នុង​កង​ទាហាន​ថែវ​មុខ​ ដ៏​ក្រាស់​រស់​កោរព ពួក​កោរព​ចោម​រោម​ជុំ​វិញ ព្រួត​គ្នា​វាយ​ទៀប​នឹង​អប្បរាជ័យ​របស់​គេ​ទៅ​ហើយ តែ​កម្លាំង​កាយ​ចិត្ត​របស់​ភីម​មិន​បាន​រន្ធត់​ដល់​បន្តិច គេ​ថ្លែង​សរ​រះ​ទៅ​ជុំ​វិញ​ខ្លួន ត្រូវ​បច្ចាមិត្រ​ស្លាប់​ទៅ​ខ្លះ​ចេះ​តែ​តស៊ូ​រឿយ​មក​យ៉ាង​មិន​គិត​ជីវិត ត្បិត​មក​ធ្លាក់​នៅ​ក្នុង​ទី​ចង្អៀត​ចង្អល់ កម្លាំង​របស់​គេ​ស្មើ​នឹង​កម្លាំង​មនុស្ស​ដប់​នាក់​ក​គ្រា​នេះ​ក៏​ទ្វេ​ឡើង​ ទៀត​ដប់​ភាគ មុខ​គួរ​សម្បើម​មា​ល្បាយ សេចក្ដី​បំណង​របស់​គេ ក៏​គឺ​នឹង​សម្លាប់​ឬ​នឹង​ចាប់​ទុរយោជន៍​ឲ្យ​បាន តាម​ប្ដេជ្ញា​ក្នុង​កាល​មុន គេ​បាន​សម​ប្រាថ្នា​បន្តិច​បន្តួច ត្រឹម​តែ​ផ្ញើ​ស្នាម​ទុក​នៅ​រាង​កាយ​ទុរយោជន៍ ព្រោះ​ហេតុ​នោះ​កុរុ​អ្នក​អហង្ការ ទើប​មិន​អាច​នឹង​មក​ធ្វើ​ការ​ដណ្ដើម​ជ័យ​ក្នុង​ពេល​នេះ​បាន ។ គ្រា​នោះ​ភីម​បាត់​មុខ​អំពី​ថែវ​ទាហាន​ពាណ្ឌព​ទៅ យុធិស្ឋិរ​កាល​មិន​ឃើញ​ប្អូន​នៅ​ក្នុង​ស្នាម​យុធិភាគ​ខាង​ខ្លួន ក៏​ឲ្យ​រសាប់​រសល់​ខ្វល់​ក្នុង​ព្រះ​ហឫទ័យ ទើប​ត្រាស់​បញ្ជា​ឲ្យ​ធ្ឫស្តទ្យុម័ន​ទៅ​តាម​រក​ធទ្យុម័ន​ទៅ​មិន​ឆ្ងាយ​ ប៉ុន្មាន ក៏​ឃើញ​រថសឹក​របស់​ភីម​ចត​នៅ​កណ្ដាល​ស្នាម​យុទ្ធ​ខាង​ដាន​ម្ខាង​គ្មាន​ មនុស្ស​នៅ​លើ​រថ​នោះ ធ្ឫស្តទ្យុម័ន​នឹក​ព្រួយ តែ​កាល​ណា​ចូល​ទៅ​ជិត​រថ នាយ​សារថី​ទូល​ថា ភីម​នៅ​មាន​ជីវិត​នៅ​ឡើយ ឥឡូវ​កំពុង​តស៊ូ​កណ្ដាល​ពពួក​ទាហាន​កុរុ នាយ​សារថី​បាន​ទាំង​ទូល​ប្រព្រឹត្ត​ហេតុ​ទៀត​ថា ទាហាន​សេះ​មួយ​ពួក​មក​ចោម​ព័ទ្ធ​រថ​ភីម ភីម​លោត​ចុះ​ពី​រថ ដើម្បី​នឹង​ប្រើ​ដៃ​ជើង​ឲ្យ​ស្រួល បាន​ក្រហែល​ទាហាន​ម្នាក់​ធ្លាក់​អំពី​ខ្នង​សេះ ហើយ​ភីម​ក៏​លោត​ឡើង​សេះ​នោះ បំផាយ​ចូល​ទៅ​វាយ​ចុង​ទ័ព​កុរុ ក្រៅ​អំពី​នេះ ធ្ឫស្តទ្យុម័ន​បាន​ឃើញ​ដោយ​ភ្នែក​ខ្លួន​ឯង​គឺ​នៅ​ឆ្ងាយ អំពី​ដែល​ទ្រង់​ឈរ​នោះ​ទ្រង់​មើល​ទៅ​ឃើញ​ដៃ​ភីម​កំពុង​វាត់​ឆ្វេង​គ្រវាស​ ស្ដាំ នឹង​ខាង​មុខ​ខាង​ក្រោយ​ច្របល់​ឥត​មាន​សម្រាក តែ​គេ​ប្រហែល​ជា​មិន​ដឹង​ជា​ខ្លួន​គេ​មក​ធ្លាក់​នៅ​ក្នុង​ទី​ប្រជុំ​ភ័យ​ អន្តរាយ ដល់​ម៉្លេះ​ទេ ដើម្បី​នឹង​ជួយ​រុញ​ចិត្ត​របស់​គេ​ឲ្យ​ស្ទុះ​ឡើង​ធ្ឫស្តទ្យុម័ន ក៏​ស្រែក​បង្ខៅ​អំពី​ចម្ងាយ​ទៅ​ថា ចូល​ប្រឹង​ច្បាំង​តទៅ​អ្នក​ចិត្ត​ក្លា យើង​មក​នៅ​ជិត ៗ នេះ​ហើយ ភីម​បាន​ឮ​ដែរ​ឬ​មិន​បាន​ឮ​មិន​ប្រាកដ តែង​ទទួល​កង​ទ័ព ១ កង លើក​តាម​ធ្ឫស្តទ្យុម័ន​ទៅ​ដល់ បាន​ចូល​ទៅ​ជួយ​ឲ្យ​គេ​មាន​ប្រៀប​ឡើង​មួយ​រំពេច វាយ​កង​សឹក​ដែល​កំពុង​ចោម​រោម​ភីម​នោះ​បែក​ខ្ចាយ​ទៅ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី១៣៖សេចក្ដីទោមនស្សរបស់ទុរយោធន៍

ទុរយោធន៍​សំគាល់​ខ្លួន​ថា​ជា បុរស​ចាតិ​យ៉ាង​ទេវតា​មួយ​អង្គ​ដែរ​គ្រា​នេះ​មក​ត្រូវ​អាវុធ​មិន​សូវ​ជា​ទម្ងន់​ប៉ុន្មាន​ទេ តែ​អាការ​ដែល​ទ្រង់​ថ្ងូរ​បំរះ​ននៀល ឃើញ​ជា​ការ​ទុរន​ទុរា ដុច​ជា​នឹង​ដាច់​ជីវិត​ទៅ​ចាក​រាង​កាយ ទាំង​នេះ​មិន​មែន​ដោយ​ឈឺ​របួស​ដែល​ត្រូវ​អាវុធ​នោះ​ទេ ដោយ​ឈឺ​ចិត្ត​រឿង​ទ្រង់​ក្រអឺត​ក្រអោង​ប៉ោង​ហួស​ប្រមាណ​ទាល់​តែ​ត្រូវ​សរ​របស់​គេ រឿង​នោះ​មក​ប៉ះ​ពាល់​ព្រះ​ហឫទ័យ ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​ព្រះ​អង្គ​មួហ្មង​ជាង​ខូច​ដៃ​ឬ​ជើង​ម្ខាង​ទៅ​បរិវារ​មួយ​ពួក​នោះ​បាន​ហែហម​អម​អង្គ ក្នុង​ខណ​ដែល​ស្ដេច​​ទទ្រេតទទហរោត​ត្រឡប់​បន្ទាយ កាល​ចូល​ដល់​ព្រះ​ពន្លា​ទី​ប្រថាប់​ក៏​ទម្លាក់​អង្គ​លើ​កម្រាល ផ្ទំ​ហាក់​ដូច​ជា​ទ្រៀមទ្រម​នឹង​ធ្វើ​កាល​កិរិយា ទ្រង់​រង​ចាំ​មើល​ផ្លូវ​ភីស្ម​ដោយ​សេចក្ដី​ក្រវល់​ក្រវាយ ដើម្បី​នឹង​បាន​និយាយ​ការ​ដែល​សំខាន់​មួយ​យ៉ាង​ៗ កាល​លោក​មេទ័ព​ចាស់​នោះ​មក​ដល់ ទ្រង់​ក៏​ដក​ដង្ហើម​ធំ​ហើយ​ត្រាស់​ថា ភីស្ម​ខ្ញុំ​ស្លាប់​ហើយ​ណា​បង់​គំនិត​ហើយ​ណា​យើង ពួក​បាណ្ឌព​យក​ប្រៀប​យើង​បាន​គ្រប់​ផ្លូវ ។ ភីស្ម​តប​សំដី​ផ្អែម​ល្ហែម​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ណា​បិតា​ថា កុំ​អាល កុំ​អាល​សិន ទ្រង់​កុំ​និយាយ​យ៉ាង​ក្មេង​ដូច្នេះ របួស​បន្តិច​បន្តួច ប្រហែល​នឹង​របួស​កូន​ក្មេង​ដែល​វា​រពឹស​ប៉ះ​នេះ​ទង្គិច​នោះ​ប៉ុណ្ណឹង យក​ទឹក​ក្ដៅ​លាង ហើយ​រុំ​សំពត់​ទៅ វា​ក៏​សះ​ជា​ទៅ​ហើយ ។ ទុរយោធន៍​តប​ថា ខ្ញុំ​ឈឺ​ចិត្ត​ណាស់​ដែល​ឃើញ​ពួក​បាណ្ឌព​មាន​ជ័យ ។ ភីស្ម​និយាយ​ថា នឹង​ជា​សេចក្ដី​ឃើញ​យ៉ាង​ឆ្ងាយ​អំពី​សេចក្ដី​ពិត ដូច​គ្នា​នឹង​សេចក្ដី​ឃើញ​ខាង​ដើម​នៃ​ការ​សង្គ្រាម កាល​ពីរ​បី​វេលា​ដែល​កន្លង​ទៅ​ហើយ ទ្រង់​បាន​ធ្វើ​ការ​ភ្លាំង​ភ្លាត់​ខ្លួន​ឯង ដោយ​ស្មាន​កម្លាំង​ពួក​បាណ្ឌពទាប​ពេក​ទៅ ក៏​ឥឡូវ​នេះ​ទ្រង់​ភ្លាំង​ភ្លាត់​យ៉ាង​ប្រើ​ការ​មិន​បាន​ទៀត​ដូច​ដែល​ហើយ​មក​ហើយ ស្មាន​ការ​ខូច​ខាត​របស់​ទ្រង់​ច្រើន​ហួស​ទៅ មិន​ទាន់​ដល់​ម្លះ​ទេ តាម​ដែល​ពិនិត្យ​ឃើញ​ថា កង​ទ័ព​យុធិស្ឋិរ​មាន​មេ​ទ័ព​ដែល​មាន​ថ្វី​ដៃ​ពូកែ​ៗ ច្រើន​មែន តែ​តាំង​អំពី​នោះ មក​ដល់​ឥឡូវ​នេះ គេ​ក៏​មិន​ទាន់​មាន​ប្រៀប​អ្វី​ជា​ដុំ​កំភួន​ធួន​ហេតុ​ផល​នឹង​កើត​ទោស​ច្រើន​ជាង​ការ​ខូត​ខាត​មែន​ៗ ។ ទុរយោធន៍​ស្ដេច​ចូល​ក្រឡា​បន្ទំ តែ​ព្រោះ​ទ្រង់​បាន​ទទួល​ទុក្ខ​វេទនា​ឈឺ​ចាប់​ស្នាម​របួស ប្រកប​ទាំង​ព្រះ​ហឫទ័យ​គិត​អណ្ដែត​អណ្ដូង​រាយមាយ​ទៅ​តែ​ក្នុង​រឿង​សឹក​សង្គ្រាម​ផង រាត្រី​យប់​នោះ ឥត​បាន​ផ្ទំ​ស្កល់​ដល់​បន្តិច​សោះ រាត្រី​កាល​ដែល​កន្លង​ទៅ​សន្សិម​ៗ ទំរាំ​តែ​គ្រប់ ៣ យាម​ឃើញ​យឺតយូរត​អីម្លេះ ហាក់​ដូច​ជា​សេចក្ដី​ឈឺ​ចាប់​ប្រចាំ​នៅ​ក្នុង​ខ្លួន​តែ​ដូច្នេះ​រហូត​អាយុ​ខ័យ ។ ​ផ្កាយ​ព្រឹក​រឿង​រះ​ត្រចះ​ឡើង​កំចាត់​យប់​យាម​រាត្រី សកុណ​ជាតិ​យាស​យំ​ប្រចាំ​យាម​ទៀប​ភ្លឺ បី​ដូច​ជា​តឿន​អរុណ​ឲ្យ​ឧទ័យ​រឿង​រះ​ភ្លឺ​ព្រាង​ស្វាង​ឡើង ទុរយោធន៍​មាន​សំពត់​រុំ​របួស​ថ្មី​ៗ បាន​ស្ដេច​នាំ​ទ័ព​ចូល​កាន់​ស្នាម​យុទ្ធ ដោយ​មិន​ឃើញ​ដល់​អាការ​ដែល​ឈឺ​ចាប់​ក្នុង​ព្រះ​អង្គ ។ ភីស្ម​ទ្រង់​ដំណែង​ជា​មេទ័ព​ធំ ទ្រង់​ចាត់​ក្បួន​ទ័ព​កុរុ​ជា​ព្យូហយាត្រា​យ៉ាង​បែប​ថ្មី ដើម្បី​យក​ជ័យ​ជំនះ​ដែល​ខូច​ខាត​ទៅ​ក្នុង​ថ្ងៃ​មុន ចាត់​ក្បួន​ដំរី​ក្រាល​ច្រើន​ស្រទាប់​ច្រើន​ជាន់​ជុំ​វិញ​កង​ទ័ព សណ្ឋាន​ដូច​ជា​កំផែង​ច្រើន​ជាន់ រៀប​រថ​មេទ័ព​មេកង​ផ្សេង​ៗ ទុក​នៅ​ក្រោយ​ទ័ព​ដំរី យក​ទ័ព​ដំរី​ជា​របាំង​រាល់​ៗ រថ​មាន​ទាហ៊ាន​ជិះ​សេះ​មួយ​ពួក ៧ អ្នក​ៗ ចាំ​ការ​ពារ​រក្សា ទាហ៊ាន​សេះ​រាល់​ៗ ទាហ៊ាន មាន​ពល​ទាហ៊ាន​កាន់​ធ្នូ​មួយ​ពួក​ៗ ចាំ​ការពារ ពួក​ទាហ៊ាន​ធ្នូ​រាល់​ៗ ទាហ៊ាន មាន​ពួក​ទាហ៊ាន​កង​លំពែង ៧ នាក់​ៗ ជា​ពួក​កាល់​តាម​ក្រោយ ។ អរជុន​ក្រឡេក​ឃើញ​ទ័ព​មុខ​ដុច​កំផែង​យាត្រា​ចូល​មក​ក៏​និយាយ​នឹង​ក្រិស្ណ​ថា ទ្រង់​ឃើញ​កង​ទ័ព​កុរុ​ឯណោះ​ណោ​ក្រាល​ច្រើន​ស្រទាប់​ច្រើន​ជាន់​ឬ​ទេ ថែវ​ទាហ៊ាន​របស់​របស់​គេ​ក្រាល​ក្រែល​ឡើង​ដ៏រាប​ណា ក៏​រិត​តែ​ជា​ការ​ងាយ​នឹង​ត្រាយ​ឲ្យ​វាល​ទៅ​ដ៏​រាប​នោះ ទ្រង់​សង្កេត​ឃើញ​ឬ​ទេ ពួក​មេទ័ព​របស់​គេ​បន្លិម​បាំអ​ខ្លួន​ក្នុង​រវាង​ថែវ​ទាហ៊ាន ៣ ចាន់ មើល​ចុះ​មនុស្ស​ជាតិ​អ្នក​ចម្បាំង​ខ្លាច​អីម្លេះ វា​ប្រយ័ត្ន​តែ​លោហិត​នឹង​ជីវិត​ខ្យល់​ដង្ហើម​របស់​វា​ប៉ុណ្ណោះ ។ លំដាប់​នោះ​អរជុន​ក៏​ដើរ​ចូល​ទៅ​រក​កង​ទ័ព​មុខ​ដែល​កំពុង​លើក​ចូល​មក ទោណ​អាចារ្យ​ក៏​ចេញ​មក​ទទួល​មុខ​អរជុន​បបួល​ឲ្យ​ច្បាំង​តតួ ព្រោះ​ជា​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង ឮ​ត្រង់​ចម្បាំង​ឥត​មាន​រុញ​រា​ប៉ុន​សសៃ​រោម​ទេ អ្នក​ចម្បាំង​ទាំង​ពីរ​បាន​តស៊ូ​គ្នា​ក្នុង​ល្បិច​យុទ្ធ​វិធី ទាំង​ពីរ​ក៏​សំដែង​សេចក្ដី​ក្លា បញ្ញា​នឹង​សេចក្ដី​អំណត់​អត់​ធន់ រក​អ្នក​ឯ​ណា​ស្មើ​គ្មាន សង្គ្រាម​គ្រា​ណា​ក៏​គ្មាន​ស្មើ​ដូច​គ្រា​នោះ គ្រា​នោះ​ជា​ឱកាស​ល្អ​បំផុត​ ជា​ឱកាស​ឲ្យ​បាន​ឃើញ​ទាហ៊ាន​ឯក​ស៊ូរ​គ្នា ។ ខណ​នោះ​កូន​សរ​មួយ​ទៅ​ដោត​ខ្នង​ទោណ​អាចារ្យ ដោយ​មិន​ទាន់​ដឹង​ខ្លួន ទោណ​អាចារ្យ​ក្រឡេក​មក​ឃើញ​ព្រះ​រាជា​សំខ​ដ៏​ជា​រាជ​សម្ពន្ធ​មិត្រ​របស់​យុធិស្ឋិរ​ក៏​ឆុលឆេះ​ដោយ​ទោសគ្គី បែ​ផាង​ទៅ​បាញ់​ព្រះ​រាជា​សំខ​ស្លាប់​នៅ​នឹង​កន្លែង ។ ព្រះ​ចៅ​សំខ​រាជ​សុគត​ចំពោះ​មុខ​អរជុន​ដូច្នោះ ធ្វើ​ឲ្យ​អរជុន​ឈឺ​ចិត្ត​រក​ផ្លូវ​កែ​កំហឹង​វិញ ទើប​ដក​ដៃ​ចេញ​អំពី​ទោណ​អាចារ្យ​ដែល​ទ្រង់​ជ្រាប​ថា ជា​អាចារ្យ​សម្លាប់​មិន​បាន ស្ទុះ​ខ្មាញ់​ទៅ​រក​សុសរម័ន​ដែល​ទ្រង់​ចាំ​បាន​ថា ធ្លាប់​ធ្វើ​ជា​មេទ័ព លើក​មក​កំរ៉ាប​ព្រះ​ចៅ​វិរាដ​ជា​គ្រា​ដំបូង​ម្ដង ឯ​ចំណេះ​ក្នុង​ផ្លូវ​យុទ្ធ​វិធី​របស់​សុសរម័ន នោះ​មិន​ល្មម​នឹង​មក​ទប់​ទល់​កម្លាំង​ថ្វី​ដៃ​អរជុន ហេតុ​នោះ​ការ​ប្រឡង​យុទ្ធ​គ្រា​នេះ អរជុន​ទើប​មាន​ប្រៀប​មួយ​រំពេច​វាត់​ដាច់​ក្បវាល​សុសរម័ន ដោយ​ក្រប៊ី​មុត​ថ្លា​ធ្លាក់​រមៀល​ទៅ​ម្ខាង​ក្នុង​លើក​ដំបូង​ដែល​ចូល​រះ​អាវុធ​គ្នា ។ តែ​ការ​មាន​ជ័យ​នឹង​អបរាជ័យ​អំបាល​នេះ គ្រាន់​តែ​ជា​ភាគ​បន្តិចបន្តួច​នៃ​សង្គ្រាម​ ជ័យ​ជំនះ​ភាគ​ធំ​ធ្លាក់​នៅ​កណ្ដាល​ដៃ​នៃ​ភីស្ម ក្នុង​ថ្ងៃ​ទី ៧ គេ​ធ្វើ​ការ​យ៉ាង​ម៉ឺងមាត់ សឹង​គ្មាន​អ្នក​ណា​នឹង​ទប់​ទល់​បាន ពួក​បាណ្ឌព​បែក​ខ្ចាយ​ផាយ​ថយ​ទៅ សូម្បី​ភីម​នឹង​ងរជុន​ដែល​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​រឹង​រិទ្ធិ​បំផុត ក៏​ទើត​មិន​បាន​មុន​រាត្រី​កាល​នឹង​មក​ដល់ ទង់​ជ័យ​កំពូល​ពល​របស់​យុធិស្ឋិរ​ត្រូវ​ពួគ​កោរព​ក្របែល​រលំ​គ្រេង​ទៅ រាត្រី​កាល​ក៏​ងងឹត​ព្រាង​ព្រិល​ចូល​ដល់ ត្រែ​សញ្ញា​ភាក់​ច្បាំង​ក៏​បន្លឺ​សូរ​សព្ទ​ដោយ​រួស​រាន់​នារាត្រី​យប់​នោះ មាន​ការ​រីក​រាយ​សប្បាយ​ជ្រួល​ជ្រើម​ក្នុង​បន្ទាយ​កុរុ ដោយ​ឃើញ​កង​ទ័ព​ទុរយោធន៍​មាន​ជ័យ​ជំនះ​យ៉ាង​សំខាន់ ។ លុះ​អរុណោទ័យ​បញ្ចេញ​រស្មី​ព្រឹក​ព្រាង​ស្វាង​ឡើង កង​ទ័ព​ទាំង​សង​ខាង​បាន​យាត្រា​ទៅ​កាន់​យុទ្ធមណ្ឌល បាន​ចូល​ប្រយុទ្ធ​គ្នា​កាប់​សម្លាប់​ឈាម​ច្រាល​ស្រប់បថពី​ទៀត ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ភីម​នឹង​សំដែង​កម្លាំង​ជា​ពន្លឹក​របស់​កេ​ជ័យ​ជំនះ​បន្តិច​បន្តួច​របស់​ពួក​កោរព រាល់​គ្រា​ដែល​មាន​ឡើង​ធ្វើ​ឲ្យ​ពួក​បាណ្ឌព​ក្ដៅ​ក្រហាយ ជ័យ​ជំនះ​របស់​ពួក​បាណ្ឌព​រាល់​ដង​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ភស្ម​ក្រោធ​ឆេះឆុល​ឡើង ការ​ដែល​ទឹក​នៃ​សង្គ្រាម​ឡើង​ៗ ចុះ​ៗ ដូច្នោះ ក៏​ព្រោះ​មក​ពី​ភីស្ម និង ភីម​ទាំង​ពីរ​ប្រាណ ផ្លាស់​គ្នា​សំដែង​មហិទ្ធិឫទ្ធិ៍​កម្លាំង​ក្លាហាន​ក្នុង​កណ្ដាល​ស្នាម​យុទ្ធ ឯ​ភីម​នេះ​សូម្បី​តែ​ក្នុង​វេលា​មាន​អារម្មណ៍​ស្ងប់​ស្រួល​ក៏​មើល​ទៅ​សម្បើម​មុខ​គួរ​ស្ញែង​ទៅ​ហើយ កាល​គេ​មាន​ទោស​បណ្ដាល​ឡើង​ហើយ ក៏​ស្មើ​ដូច​ជា​មាន​ពល​ទាំង​ម៉ឺន​ទាំង​សែន​នៅ​ក្នុង​ខ្លួន ថ្ងៃ​នេះ​គេ​ក៏​សំដែង​កម្លាំង​មហិទ្ធិឫទ្ធិ៍​ដ៏​ពន្លឹក​នោះ​ទៀត បាន​ចូល​វាយ​កង​រយ​នៃកុរុ​ខ្ចាត់​ខ្ចាយ​អស់​ទៅ​ទាំង​កង​ដោយ​ចំពោះ​តែ​ម្នាក់​ឯង ។ ភីស្ម​តោង​លួង​លោម​ពួក​ទាហ៊ាន​ដែល​ផាយ​រត់​ទៅ​នោះ​ស្ទើរ​បាន​ពុំ​បាន ប្រឹង​ស្រែក​ងស់​សម្រែក​ថា ឱ​កុរុ នេះ​ឬ​សេចក្ដី​ក្លាហាន​ដែល​ល្បី​នាម​របស់​កុរុ នេះ​ឬ​ប្រវេណី​អ្នក​ចម្បាំង ដោយ​សេចក្ដី​ប្រព្រឹត្ត​យ៉ាង​នេះ​ឬ ឈ្មោះ​ថា​នឹង​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​បុព្វ​បុរស​របស់​អ្នក ចូល​មើល​ចុះ ខ្លួន​យើង​បាន​ជីវិត​របស់​យើង​តែ​ម្នាក់​ឯង​ទៅ​តស៊ូ​ប្ដូរ​នឹង​សឹក ដែល​មាន​កម្លាំង​ច្រើន​ជាង​ទាំង​ពាន់​ភាគ​ម៉ឺន​ភាគ យើង​តែ​ម្នាក់​ឯង​ក៏​ងស់​កម្លាំង​កាយ ទោះ​បី​នឹង​វាយ​តម្លៃ​ថា រោម​របស់​យើង​ក្លាយ​ទៅ​ជា​ទាហ៊ាន​កាន់​អាវុធ​ចូល​តស៊ូ ក៏​គង់​ជា​លំបាក តែ​ម្លឹង​យើង​ក៏​មិន​រត់ ។ សំដី​អម្បាល​នេះ ចូល​ទៅ​ខ្ទាំង​ខ្ទប់​ហទយ​វត្ថុ​ទាហ៊ាន​កុរុពួកក្សត្រិយ៍​គន្ធារី ៦ អង្គ​ឮ​សំដី​លោក​មេទ័ព​ដូច្នោះ ឲ្យ​មាន​មានះ​ឡើង​មក ក៏​លាន់​វាចារ​ថា នឹង​យក​ជីវិត​ឥរាវ័ត​ឲ្យ​បាន​ទាំង ៦ អង្គ​ទ្រង់​សម្បុរ​ដូច​ទឹក​ដោះ បរ​រហេច​ដូច​ហ្វូង​ហង្ស​ហើយ​ឆ្លង​សមុទ្រ ចូល​ប្រយុទ្ធ​វាយ​ទ័ព​បាណ្ឌព​បែក​ខ្ចាត់​ខ្ចាយ​ទៅ នៅ​សល់​តែ​ឥរាវ័ត ( បុត្រ​អរជុន កើត​អំពី​នាង ឧលុបី ដ៏​ជា​នាគ​ធិតា ) ទទួល​តស៊ូ​តែ​ម្នាក់​ឯង ទាល់​តែ​សម្លាប់​គន្ធារី​កុមារ​បាន​ ៥ អង្គ ដោយ​លំដាប់​មក គន្ធារី​កុមារ​អង្គ​ទី ៦ ជា​ច្បង នៃ​កុមារ​ទាំង ៥ ដែល​សុគត​ទៅ រូប​រាង​មាំ​ដំបង បាន​តយុទ្ធ​គ្នា​តែ​តតួ មិន​យូរ​ប៉ុន្មាន​ក៏​ប្រហារ​ឥរាវ័ត​បាន ។ អរជុន​បាន​ដឹង​ថា ឥរាវ័ត​ត្រូវ​អាវុធ​ស្លាប់ ក៏​បណ្ដោល​ទោស​ឡើង​ដូច​ភ្លើង​ព្រៃ​ត្រូវ​ពាយុ ឡើង​ជិះ​ពាលី​លឿន​ស្លុង​ដូច​ព្រះ​កាល​បរ​សំដៅ​ទៅ​កង​ទ័ព​កុរុ បង្រុស​វាយ​ត្រឡប់​ត្រឡិន​ខ្ទេច​ខ្ទីរ ដូច​ផែន​សិលា​ដ៏​ធំ​ធ្លាក់​អំពី​ទី​ខ្ពស់​ទៅ​ទី​ទាប ធ្វើ​សេចក្ដី​វិនាស​ដល់​ពួក​កុរុ​ជុំវិញ​ខ្លួន ។ ឃដោត្តច ជា​បុត្រ​ភីម កើត​អំពី​នាង​ហិឌិម្ពា ជា​រក្សសី​មាន​ទាហ៊ាន​រួម​ចិត្ត​មួយ​ពួក​តាម​ទៅ​ផង រុក​ចូល​ទៅ​ក្នុង​កណ្ដាល​ហ្វូង​ទាហ៊ាន​សឹក ដើម្បី​សង​សឹក​មរណ​នៃ​ឥរាវ័ត ទុរយោធន៍​ជា​អ្នក​នាំ​ទ័ព​ខ្លោង​ដមរី​ចូល​បញ្ជាន់ តែ​ឃដោត្តច​វាយ​បង្អើល​ខ្លោង​ដំរី​ផ្អើល​រត់​ប្រសាច​ទៅ​ទាំង​ខ្លោង​ទៅ ទុរយោធន៍​មិន​រត់ ធ្លាក់​ទៅ​កណ្ដាល​សឹក​តេងតោង​តែ​ម្នាក់​ឯង តស៊ូ​ដោះ​ខ្លួន​បណ្ដើរ​មិន​ឲ្យ​សឹក​ចាប់​ខ្លួន​បាន ទទួល​ខណ​នោះ​មាន​ព្រះ​រាជា ១ អង្គ​ជា​សម្ព័ន្ធ​មិត្រ​បរ​ដំរី​សឹក​ទៅ​ជួយ វាយ​កាត់​រវាង​ទុរយោធន៍​នឹង​សឹក​ គឺ​ឃដោត្តច​ឲ្យ​គ្រាក​ចេញ​ទៅ បន្តិច​ភីស្ម​នាំ​កង​ទ័ព​ធំ​ស្រូត​ទៅ​ជួយ​ការពារ​ទុរយោធន៍​ទៀត ឃដោត្តច​ត្រឡប់​ជា​ធ្លាក់​នៅ​ក្នុង​ទី​ចោម​ព័ទ្ធ​វិញ ពួក​បញ្ចាល​មិន​ប្រញាប់​លើក​កម្លាំង​ទៅ​ជួយ​គង់​ជា​ចាប់​ខ្លួន​បាន ការ​ច្បាំង​ក្នុង​ថ្ងៃ​ទី ៨ នេះ ក៏​នៅ​មិន​ទាន់​ដាច់​ខាត​ជា​ខាង​ណា​មាន​ជ័យ ខាង​ណា​អបរាជ័យ តាំអ​ពី​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​ប្រឹង​ប្រែង​ដណ្ដើម​ជ័យ​រៀង​ខ្លួន តែ​សឹក​ទាំង​សង​ខាង​មាន​កម្លាំង​ស្មើ​គ្នា មិន​អាច​នឹង​ផ្ដាច់​ទី​យក​ជ័យ​ម្ខាង​ៗ​បាន តែ​ទុរយោធន៍​ទ្រង់​ជ្រាប​ចំនួន​ទាហ៊ាន​របស់​ព្រះ​អង្គ​ថា ស្លាប់​បាត់​ទៅ​ជា​ច្រើន ដែល​សេស​សល់​នៅ​ឃើញ​ស្ដើង ទុរយោធន៍​ទ្រង់​ទោមនស្ស​មួហ្មង​ព្រះ​ហឫទ័យ​ទៀត ដោយ​ទ្រង់​នឹក​រអា​ព្រះ​ហឫទ័យ​ក្នុង​រឿង​នឹង​ធ្វើ​ការ​ត​ទៅ ជា​យូរ​ឬ​ឆាប់​ដូចម្ដេច​ថា​មិន​ត្រូវ ព្រះ​ហឫទ័យ​របស់​ទ្រង់​គ្រាំ​ចម្បែង​ទៅ​ដោយ​ទុក្ខ ជញ្ជឹង​រំពឹង​ដល់​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​មិន​ឃើញ​ផល​អ្វី​​មួយ​ចំណិត​ដែល​ជា​ទី​ញាំង​ចិត្ត​ឲ្យ​រីករាយ​សប្បាយ​បាន រំពឹង​ទៅ​ថ្ងៃ​មុខ ក៏​គ្មាន​ឃើញ​ផ្លូវ​នឹង​សង្ឃឹម​បាន ខ​នេះ​ធ្វើ​ឲ្យ​ទ្រង់​ធ្ងន់​ក្នុង​ឱរា ។ ខណ​នោះ​កណ៌​អ្នក​មេ​បញ្ជាការ​ឧបាយ ចូល​ទៅ​គាល់​ក្នុង​បារាំ​ទី​ប្រថាប់​របស់​ទុរយោធន៍ តាំង​ដើម​ទូល​ញុះញង់​បំផ្លើស​ច្រក​ព្រះ​កណ៌​ទុរយោធន៍ ឲ្យ​ទ្រង់​សន្ធិះ​សង្ស័យ​ថា ទូល​ព្រះ​បង្គន់​គ្មាន​ចេតនា​បំណង​នឹង​លប់​លាង​សេចក្ដី​សត្យ​សុចរិត របស់​អ្នក​ឯ​ណា​និមួយ ដែល​ព្រះ​ករុណា​ទ្រង់​ទុក​ព្រះ​រាជ​ហឫទ័យ យ៉ាង​ស្និទ​ឥត​រង្គៀស​មក​យូរ​ហើយ​នោះ​ទេ តែ​ព្រះ​ករុណា​ក៏​ទ្រង់​ជ្រាប​ច្បាស់​ឥត​សង្ស័យ​ថា គ្មាន​កង​ទ័ព​ឯ​ណា បើ​ទោះ​បី​ជា​ខ្លាំង​ពូកែ​យ៉ាង​ម្ដេច​ក៏​តាម អាច​នឹង​ញាំង​សេចក្ដី​សម​ប្រាថ្នា​ឲ្យ​សម្រេច​ទៅ​បាន បើ​អ្នក​មេ​ទ័ព​នោះ​ៗ​ មក​បង្អង់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រាជ​ការ​នាទី​របស់​ខ្លួន អ្នក​មេទ័ព​ប្រៀប​ដូច​ជា​ក្បាល​របស់​រាង​កាយ​សេនា​ទាហ៊ាន​ប្រៀប​ដូច​ជា​អវយវ​ឯ​ទៀត អ្នក​ជា​មេទ័ព​តោង​សម្ដែង​សេចក្ដី​ព្យាយាម រឹង​ប៉ឹង​មាំមួន​ក្លាហាន ដោយ​កម្លាំង​កាយ​នឹង​ចិត្ត ដះ​ចិត្ត​ទាហ៊ាន​គ្រប់​កង​ក្នុង​បន្ទុក​បង្គាប់​បញ្ជា​របស់​ខ្លួន ឲ្យ​មាន​ចិត្ត​ក្នុង​ការ​តស៊ូ​សឹក​សត្រូវ ទូល​ព្រះ​បង្គន់​គិត​ក្រែង ……….. ទូល​ព្រះ​បង្គន់​អាច​សារភាព​ក្រាប​ទូល​ថា ភីស្ម​មាន​សេចក្ដី​គិត​ស្ងាត់​កំបាំង​ក្នុង​ចិត្ត សេចក្ដី​គ្មាន​សត្យ​សុចរិត​ក្នុង​ចិត្ត​របស់​មេទ័ព​នោះ​ឯង​ជា​ឈ្នួល​អាវុធ ដែល​អាច​នឹង​ញាំង​រាជ​អាណាចក្រ​ឲ្យ​លិច​លង់​វិនាស​បាន​ក្នុង​មួយ​វេលា​ជា​មិន​ខាន ។ ទុរយោធន៍​សំរឹង​ស្ដាប់​ពាក្យ​ឧបាយ​នេះ ព្រះ​ហឫទ័យ​ត្រឡប់​វិបត្តិ​សារ​ទៅ​ក្នុង​សេចក្ដី​សង្ស័យ​ដ៏​ងងឹត​ឈឹង ដែល​ទ្រង់​ក៏​ធ្លាប់​សន្ធិះ​មក​ហើយ ក្នុង​រឿង​ភក្ដី​នៃ​អ្នក​កំពូល​ពល​របស់​ព្រះ​អង្គ​ហើយ កណ៌ មនុស្ស​សំខាន់​ក្នុង​រាជ​ការ​ទាហ៊ាន ក៏​មក​មាន​សេចក្ដី​សន្ធិះ​ឡើង​ដែរ ជា​ហេតុ​ធ្វើ​សេចក្ដី​ងងឹត​ក្នុង​រឿង​ភក្ដី​នោះ​ឲ្យ​ភ្លឺ​ឡើង​បន្តិច​ទៀត ប្រការ ១​ទៀត កណ៌ ជា​ភឿន​គូរស់​គូ​ស្លាប់ ឬ​ជា​ភឿន​រួម​ចិត្ត​ជីវិត​មួយ​របស់​ទុរយោធន៍ ហេតុ​ដូច្នោះ​ពាក្យ​ទូល​ណែនាំ​របស់​គេ​រមែង​មាន​ទម្ងន់ គួរ​ឲ្យ​ជឿ​បាន កណ៌ បង្អង់​និយាយ​មួយ​ស្រប់ ហើយ​ក៏​និយាយ​ត​ទៅ​ទៀត​ថា ។ ទូល​ព្រះ​បង្គន់​ដឹង​ហើយ​ថា ភីស្ម​ជា​មហា​បិតុលា​របស់​ព្រះ​អង្គ ទំនៀម​មហា​បិតុលា មិន​ដែល​ធ្វើ​ឲ្យ​កូន​ឲ្យ​ក្មួយ​របស់​ខ្លួន​វិនាស​ហិន​ហោច តែ​ព្រះ​ករុណា​តោង​ទ្រង់​ជ្រាប​ថា គេ​ជា​បុព្វ​បុរស​ទាំង​ខាង​តួ ទាំង​ខាង​បាណ្ឌព ហើយ​ធម្មតា​មនុស្ស​ចាស់​រមែង​វង្វេង​រអៀង សម្ដែង​សេចក្ដី​ស្រឡាញ់​អើ​ពើ​ដល់​ម្ខាង​ច្រើន​ជា​ម្ខាង ត្បិត​មនុស្ស​ចាស់​រាល់​រូប រមែង​មាន​កូន-ក្មួយ​ជាទី​ស្រឡាញ់​ពេញ​ចិត្ត នឹង​កល្យាណ​នារី​ជាទី​សេ្នហា​របស់​គេ ភីស្ម​នឹង​បាន​ផុត​អំណាច​កិលេស​អម្បាល​នេះ​ហើយ​ក៏​ទេ ដែល​គេ​សំដែង​សេចក្ដី​លំអៀង​ទៅ​ខាង​បាណ្ឌព​នោះ ដឹង​កាល​គ្រា​ប្រឹក្សា​ស្ងប់​សឹក​គេ​ទូល​ធ្ឫតរាស្រ្ត​ឲ្យ​លើក​ឥស្សរភាព​ប្រគល់​ឲ្យ​បាណ្ឌព​វិញ​តែ​ខ​នេះ​មិន​បាច់​ព្រួយ​ការ ទូល​ព្រះ​បង្គន់​នឹង​រំលឹក​មក​សំដែង​​ឲ្យ​ពិស្ដារ ។ អរគុណ​អ្នក កណ៌ យើង​អរគុណ​អ្នក​ហើយ ទុរយោធន៍​តប​ដូច​មនុស្ស​ល្មើ​យល់​សប់​រួច​ក៏​ស្ដេច​ព្រុស​ប្រាស់​ទៅ​ឯ​បារាំ​ទី​ភាក់​ភីស្ម ស្រែក​សួរ​ថា ខ្ញុំ​ចូល​ទៅ​បាន​ឬ​ទេ ។ អ្នក​ណា​ណឹង​ហ្ន មក​ទាំង​យប់​អាធាត្រ​ខុស​បេល​វេលា​ដូច្នេះ សម្លេង​ភីស្ម​ស្រែក​សួរ​ទៅ​វិញ ។ ខ្ញុំ​ទុរយោធន៍ សុំ​អភ័យ​ទោស អញ្ជើញ​ស្ដេច​ចូល​មក​ខាង​ក្នុង អ្វី​វា​ដេញ​ឲ្យ​ទ្រង់​ក្រោក​ចេញ​​អំពី​ទី​បន្ទំ​ទាំង​យប់​ទាំង​ ទាំង​អាធាត្រ ។ ខ្ញុំ​មាន​សេចក្តី​តូច​ចិត្ត​ ដែល​មក​កំចោក​អារោក​ទ្រង់​ក្នុង​វេលា​ចូល​ដំណេក សេចក្ដី​គិត​មួយ​ខ​ដ៏​ធ្ងន់​មក​សង្កត​ហទយ​វត្ថុ​ខ្ញុំ​ៗ​មក​នេះ ដើម្បី​រំសាយ​ឲ្យ​ស្រាល​ទ្រូង ។ សេចក្ដី​គិត​ផ្ដេសផ្ដាស​ចាស់​ៗ របស់​ទ្រង់​ទៀត​ទេ​ដឹង ។ ទេ មិន​មែន​សេចក្ដី​គិត​ផ្ដេសផ្ដាស ខ្មោច​អី​វា​ចូល ពី​ព្រលប់​ដល់​ថ្មើ​នេះ ខ្ញុំ​ដេក​មិន​លក់ សេចក្ដី​ខ្មោច​ៗ នេះ​ឯង​វា​ចូល​គ្រប​សង្កត់​ធ្វើ​ទុក​ខ្ញុំ ។ ចូល​មាន​បន្ទូល​មក​មើល តែ​អាណិត​កុំ​តែ​បញ្ចេញ​សេចក្ដី​គិត​ចាស់​ៗ​មក​ទៀត ទូល​បង្គន់​នឹង​រំងាប់​ឲ្យ​ផ្ទុំ​លក់​បាន ។ ទុយោធន៍​ថា ទ្រង់​មិន​ឃើញ​ឬ​វេលា​ល្ងាច​យើង​ទន់​ប្រៀប​ជាង​កេ​រាល់ៗ​​ថ្ងៃ ភីស្ម​អឺយ សេចក្ដី​បំណង​ប៉ង​យក​ជ័យ​ជំនះ អាស្រ័យ​កម្លាំង​ក្លាហាន​របស់​ទ្រង់ ដែល​ទ្រង់​ដំណែង​ជា​កំពូល​ទ័ព​នៃ​កុរុ ពួក​បាណ្ឌព​គេ​ក្លាហាន​​ក្នុង​ការ​សិក​សង្គ្រាម គេ​ចៀស​ផុត​ពី​កណ្ដាប់​ដៃ​ទ្រង់​ដែល​ប្រកប​ដោយ​ប្រដិ​ពល ហើយ​គេ​ប្រហារ​កង​ទាហ៊ាន​របស់​ទ្រង់​បែក​ព្រាត់​រាល់​អន្លើ ចូរ​រលឹក​ដល់​ពាក្យ​បដិញ្ញា​របស់​ទ្រង់​ដែល​ថា នឹង​គាំ​ពារ​ត្រកូល​ខត្តិរាជ​ក្រុង​ហស្តិន​បុរទុក សូម​ទ្រង់​ឲ្យ​អភ័យ​ក្នុង​ពាក្យ​ដែល​មិន​គប្បី​របស់​ខ្ញុំ​ថា​បើ​ក្នុង​ហឫទ័យ​របស់​ទ្រង់ ត្រូវ​សេចក្ដី​មេត្ដា​ក្នុង​ពួក​បាណ្ឌព​ចូល​ទៅ​គ្រប​សង្កត់​សោត ក៏​ចូល​ឲ្យ​កណ៌​ធ្វើ​នាទី​ជា​អ្នក​នាំ​ទ័ព​របស់​យើង​ជំនួស​ទ្រង់​ចុះ នឹង​បាន​ធ្វើ​ការ​ឲ្យ​មាន​ជ័យ​ជំនះ​ជា​ឆាប់​ ឆាប់​ទៅ ។ ភីស្ម​ដក​ដង្ហើម​ធំ​ហើយ​ថា អនិច្ចា ទុរយោធន៍​សេចក្ដី​បំណង​ប៉ង​សំគាល់​របស់​ទ្រង់ មិន​ជា​ផល​ប្រយោជន៍ ការ​សង្គ្រាម​របស់​ទ្រង់​​ជា​ការ​តស៊ូ​ដែល​ខ្សត់​ផល សេនា​រេពល​របស់​ទ្រង់​ស្មើ​ដូច​របស់​លេង គ្មាន​តម្លៃ​ក្នុង​កណ្ដាប់​ដៃ​នៃ​កម្ម​ពៀរ ខ្ញុំ​បាន​ទូល​ប៉ុន្មាន​ដង​មក​ហើយ​ថា សេចក្ដី​ជា​ធម្ម​នឹង​ឈ្នះ ថា អ្នក​ដែល​ច្បាំង​ដើម្បី​ទ្រទ្រង់​នៅ​ធម៌ មាន​អាវុធ​ជាពីរ​ភាគ ចំណែក​ឯ​ការ​ចម្បាំង​ជា​អធម៌​មួល​កម្លាំង​ខ្លួន​ឯង​ចូល​មក​ទំលាយ​ខ្លួន​ឯង ទ្រង់​ភ្លេច​ហើយ​ឬ​កាល​យើង​លើក​ទៅ​វាយ​ប្លន់​យក​ហ្វូង​សត្វ​ពាហនៈ​នៅ​ទី​វាល​មច្ឆ​នគរ​ក្នុង​ដែល​វិរាឌ តែ​អំណាច​កម្លាំង​ក្លាហាន​​អរ​ជុន​ម្នាក់​ឯង រេ​ពល​របស់​ទ្រង់​ទាំង​ទ័ព តោង​រត់​ព្រាត​របស់​គេ ១ ទៀត ទ្រង់​ភ្លេច​ហើយ​ឬ ពី​ដើម​ពួក​គេ​គន្ធារព​ចាប់​ទ្រង់​បាន​ទៅ​បាន​អរជុន​តែ​ម្នាក់​ឯង ចូល​ទៅ​កាច់​គ្រឿង​គន្ធារព​ដោះ​ទ្រង់​រួច​មក អរជុន​នេះ​នៅ​មាន​ជីវិត​​នៅ​ក្នុង​ពួក​បាណ្ឌព​នៅ​ឡើយ​គ្រា​នេះ គេ​បាន​ក្រិណ្ណ​មក​ជួយ ធ្វើ​នាទី​​ជា​នាយសារ​ថិ​របស់អរជុន ទាំង​ទ្រង់​ក៏​ជ្រាប​​ហើយ​ថា​ក្រិណ្ណ ជា​បុរស​ជា​ត្រី មាន​ទេវតា ១ អង្គ គ្រប់​គ្រង​ខ្លួន​គេ រឿង​នេះ​វា​ក៏​ប្រាកដ​ដល់​ភ្នែក​យើង​ព្រិល​ៗ​ខ្លះ​ដែរ​ទុរយោធន៍ ព្រះ​អង្គ​ទ្រង់​តោង​ដល់​ព្រហ្ម​លិក្ខិត​ក្នុង​ការ​សង្គ្រាម​គ្រា​នេះ​ហើយ ភីស្ម​នៅ​មាន​ជីវិត​ដ៏រាប​ណា គេ​នឹង​ធ្វើ​មុខ​ងារ​នាទី​​របស់​គេ​ដោយ​សត្យ​សុចរិត តែ​មរណ​របស់​កេ​ចូល​ជិត​នាស់​មក​ហើយ កុំ​ព្រួយ​ឡើយ​ការ​មរណ​មក​ដល់​ហើយ សិម​ឲ្យ​អ្នក​ធំ​ណា​ឯ​ទៀត ចូល​គ្រង​ទី​ជា​អ្នក​បញ្ជាការ​កង​ទ័ព​កុរុ​ត​ទៅ​ចុះ តែ​ខ្ញុំ​សុំ​ពោល​បញ្ជាក់​ម្ដង​ទៀត​ឲ្យ​ទ្រង់​ជ្រាប​ថា ការ​កុរុ​ក្សេត្រ​គ្រា​នេះ​នឹង​ឲ្យ​ផល​ងល់​អបរាជ័យ​របស់​បរប័ក្ស ។ លុះ​ថ្ងៃ​ព្រឹក​ឡើង​មក ក៏​ចេញ​ធ្វើ​ការ​ត​យុទ្ធ​គ្នា​ដូច​ថ្ងៃ​មុន​ៗ ព្រះ​ភក្ត្រ​ភីស្ម​ក្រញូវ​ក្រញឹង​ឡើង​ខឹង​ក្រោធ ​ព្រះ​នេត្រ​ត្រលាន​ក្រឡោត​ស្ទើ​ស្រក់​លោហិត ដោយ​គិត​មក​ដល់​ពាក្យ​កោសរូស​របស់​ទុរយោធន៍ ហេតុ​នោះ​ថ្ងៃ​នេះ គេ​ទើប​ប្ដុរ​ច្បាំង​ដោយ​កម្លាំង​ទោស​មិន​ខ្លាច​ស្លាប់​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ពី​ថ្ងៃ​ត្រង់​ដល់​រសៀល គ្មាន​អ្នក​ណា​​នឹង​តទល់​វិរបុរស​នេះ​បាន ពួក​បាណ្ឌព​នាំ​គ្នា​រត់​ប្រសាច​ទៅ​ខាង​មុខ​គេ​ដូច​ហ្វូង​ម្រឹគ រថ​សឹក​ភីស្ម​ដែល​គ្មាន​អ្នក​ទប់​ទល់​បាន​ក៏​បរ​បង្រុស​ពុស​បាសព​ទាហ៊ាន​ដែល​ស្លាប់ នឹង​ដែល​កំពុង​ត្រដាប​ត្រដួស​ទៀប​ស្លាប់​ត្រៀប​ត្រា​ដូច​គេ​ហាល សំដៅ​ទៅ​រក​ពួក​ដែល​តាំង​តស៊ូ​នឹង​ពួក​ដែល​គេច​រត់​ទៅ​ គ្មាន​នរណា​ប៉ះ​មុខ​បាន រហូត​ដល់​យប់​យាម​សន្ធនា​រាត្រី​កាល​ចរ​មក​ដល់ ។ យុធិស្ឋិរ​អ្នក​ទ្រង់​សីល ក៏​ទោមមនស្ស​តូច​ព្រះ​ហឫទ័យ​ពន់​ប្រមាណ ដោយ​បាន​ទត​ព្រះ​នេត្រ​ឃើញ ទីយុទ្ធ​ភូមិ​ដ៏​ស្រប់​ស្រោច​ដោយ​លោហិត​ខ្មោច​ទាហ៊ាន​ដែល​ត្រូវ​អាវុធ​ស្លាប់ នឹង​របួស​ទៀប​ស្លាប់​ច្រាល​ក្រាល​ទាំង​ប្រថពី ព្រះ​ហឫទ័យ​ដ៏​ទន់​របស់​ទ្រង់​ស្ទើ​តែ​នឹង​ទ្រាំ​ទ្រ នឹង​របស់​ដែល​ប្រទះ​ឃើញ​ដោយ​ព្រះ​នេត្រ​ពុំ​បាន ព្រះ​ហឫទ័យ​ស្រពោន ស្ដេច​ទោ​រក​ក្រិណ្ណ​ទាំង​យប់​ងងឹត ហើយ​ត្រាស់​ថា សង្គ្រាម​ដ៏​ពន្លឹក​មុខ​គួរ​ព្រឺ​នេះ មិន​ជា​ផល​ប្រយោជន៍ ការ​លាង​បំផ្លាញ​ញាតិ​មិត្ត​រលំ​រលាយ​គ្មាន​ទី​បំផុត​នេះ ជា​កម៌​របស់​ខ្ញុំ មិត្ត​របស់​យើង​ជា​សត្រូវ​នឹង​យើង ឯ​ការ​ដែល​យើង​កាប់​សម្លាប់​គេ​នោះ ក៏​ឈ្មោះ​ថា​យើង​សម្លាប់​ខ្លួន​យើង​ណឹង​ឯង បាន​ស៊ូ​ច្បាំង​កាប់​សម្លាប់​គ្នា​ឈាម​ជ័រ​ហូរ​ដាប​ទាំង​ម៉្លេះ​មើល​ទោ​យើង​​ក៏​មិន​ឃើញ ជា​នឹង​ជិត​ទៅ​តំរ៉ុយ​នៃ​ជ័យ​ជំនះ​នោះ​ឡើយ ដឹង​ជា​កាល​ណា​នឹង​ដល់​ទី​បំផុត ពួក​កុរុ​ក៏​មិន​ណយ​​ថយ​ត្រង់​ណា​ គេ​នៅ​មាន​ជ័យ​រហូត​មក​ គ្មាន​អ្នក​ណា​នឹង​អាច​​ទប់​ទល់​កម្លាំង​ភីស្ម​អ្នក​ឈ្នះ​គ្រប់​ទិស​នេះ​បាន ការ​ដ៏​នឿយ​ព្រួយ​ទទេ បង់​ជីវិត​ទៅ​ទទេ តស៊ូ​នឹង​កម៌​និយម​ទទេ ទាហ៊ាន​របស់​យើង​ឈាន​ជ័រ​ហុរ​ទទេ រាស្ត្រ​របស់​យើង​លះ​ជីវិត​ឲ្យ​យើង​ទទេ​ជាតិ​ទាំង​លាយ​បាន​លះ​បង់​ជីវិត​នឹង​លោហិត​របស់​គេ ដើម្បី​ឃើញ​ដល់​យើង​ក៏​ទេ ក្រិណ្ណ​អើយ​ខ្ញុំ​ទ្រាំ​មិន​បាន​ហើយ ចូល​ឈប់​ការ​កាប់​សម្លាប់​គ្នា​ដោយ​មិន​រើស​មុខ​ចុះ​ណា ហើយ​ក៏​នឹង​នាំ​គ្នា​ទៅ​នៅ​ព្រៃ​ម្ដង​ទៀត​ចុះ ។ កាល​ក្រោយ​ប្រឹក្សា​នឹង​ក្រិណ្ណ យុធុស្ឋិរ​បាន​ហៅ​ប្រជុំ​វេលា​​អាធាត្រ​ស្ងាត់​ ដើម្បី​នឹង​ចាត់​ការ​រឿង​នោះ​ឲ្យ​សាន​ត្រាន្ត ស្រេច​ការ​ប្រជុំ ទើប​ត្រាស់​ប្រើ​នាយ​ទាហ៊ាន​អ្នក​មុខ​អ្នក​ការ​ខាង​បាណ្ពព​ជា​ច្រើន​អ្នក​ឲ្យ​ទៅ​រក​ភីស្ម ទូល​អង្វរ​សុំ​មេត្តា​កុរុណា​ក្នុង​ការ​ដែល​នឹង​ស្លេះ​លើក​លែង​ធ្វើ​សង្គ្រាម​ត​ទៅ លោក​អ្នក​ចម្បាំង​បូរាណ បាន​បដិសន្ថារ​ទទាក់​ទទួល​ដោយ​សេចក្ដី​ករុណា​ប្រាណី​ជា​បំផុត​តែ​ត្រង់​រឿង​សុំ​សេចក្ដី​មេត្តា​ករុណា​នោះ គេ​ថ្លែង​តប​មក​​វិញ​ថា គេ​នៅ​មាន​ជីវិត​រស់​នៅ​ដ៏រាប​ណា នឹង​ស៊ូ​ច្បាំង​ដណញដើម​យក​ជ័យ​ឲ្យ​ទុរយោធន៍​ដរាប​នោះ គេ​បាន​ប្រណិធាន​ទុក​រឿង​នេះ​ជា​មាំ​មួន ជា​សំដី​អ្នក​ចម្បាំង គឺ​គេ​ប្រណិធាន​ទុក​ថា​នឹង​មិន​ច្បាំង​កាប់​សម្លាប់​សឹក​ដែល​ចាល​ចាញ់ ឬ​សឹក​ដែល​ញ?ម​ចុះ​ចាញ់ ឬ​អស់​កម្លាំង ឬ​ត្រូវ​អាវុធ ឬ​មាន​ជាតិ​កំណើត​ជា​ភេទ​ស្ត្រី ។ ពួក​អ្នក​មុខ​អ្នក​ការ​អំបាល​នោះ នាំ​គ្នា​ត្រឡប់​ទី​បន្ទាយ​វិញ ដោយ​សេចក្ដី​រីករាយ​សម​ប្រាថ្នា ប្រាប់​អរជុន​ថា ឥឡូវ​នេះ​មាន​ផ្លូវ​សង្ឃឹម​នឹង​មាន​ជ័យ​ហើយ ត្បិត​ភីស្ម​បាន​ប្រណិធាន​ទុក​ថា គេ​នឹង​មិន​ច្បាំង​នឹង​បុគ្គល​ភេទ​ជា​ស្រ្តី យើង​មាន​មនុស្ស​យ៉ាង​ដែល​ថា​នេះ​ម្នាក់ នៅ​ក្នុង​កង​ទាហ៊ាន​របស់​យើង លោក​យល់​ដូចម្ដេច​សិខណ្ឌិន សិខណ្ឌិន​គេ​កើត​មក​ជា​ភេទ​ស្ត្រី​ តែ​កាល​នៅ​ឡើយ បាន​ប្ដូរ​ភេទ​នឹង​យក្ស​មួយ ខ្លួន​គេ​ក៏​ក្លាយ​ជា​ភេទ​បុរស ដូច្នេះ​ចូល​ឲ្យ​សិខណ្ឌិន​នៅ​មុខ​នៃ​កង​ទ័ព​យើង ភីស្ម​ឃើញ​ក៏​គង់​ជា​ថយ​ទៅ ចោល​យើង​ទុក​នៅ​ឲ្យ​ជា​ម្ចាស់​ទីយុទ្ធភូមិ​ដោយ​មិន​តាំង​តោង​សង្ស័យ ។ អរជុន​កាល​បាន​ស្ដាប់​ពាក្យ​ប្រឹក្សា​នេះ ក៏​ក្រោធ​ហើយ​ស្រែក​ចេញ​មក​ខ្លាំង​ៗ​ថា អាម៉ាស់​មុខ​លោក​អឺយ អ្នក​ចម្បាំង​ដ៏​សុចរិត​ឯ​ណា​គេ​នឹង​បន្ទាប​ខ្លួន​ទៅ ធ្វើ​ការ​លួច​ល្បក់​ស្ងាត់​កំបាំង​ដុច្នេះ​ឬ​លាក់​សេចក្ដី​ក្លាហាន​ទុក​ក្រោយ​ស្ត្រី ឬ​កូន​ក្មេង យើង​ម្នាក់​ហើយ​​ជា​មិន​ព្រម​ច្បាំង​ដោយ​អាការ​កំឡាច​យ៉ាង​នេះ យក​ឧបាយ​យ៉ាង​មុខ​គួរ​អាម៉ាស់​មុខ ទៅ​ទំលាយ​ភីស្ម​អ្នក​រក​មន្ទិល​គ្មាន វិធី​កោង​នេះ​ធ្វើ​ឲ្យ​ខុច​កេរ្តិ៍​ឈ្មោះ​កិត្តិយស​របស់​យើង ។ ក្រិស្ណ​ក្រោក​ឈរ តប​អរជុន​ថា វា​ដល់​មិគ​សញ្ញី​ដោយ​ព្រហ្ម​លិខិត​ហើយ ថា​ថ្ងៃ​ស្ងែក​នេះ​ភីស្ម​នឹង​ដួល កាល​បើ​គេ​បាន​ច្បាំង​តស៊ូ​នឹង​​អ្នក​ដែល​កេ​ស្រឡាញ់ ដុចម្ដេច អរជុន​អើយ ទ្រង់​ក៏​តោង​ច្បាំង​តស៊ូ​នឹង​ញាតិ​របស់​ខ្លួន​ដូច្នោះ គេ​បាន​សំដែង​ឲ្យ​ទ្រង់​ឃើញ​ហើយ​តើ ក្សត្រ​អ្នក​ចម្បាំង​ត្រូវ​គ្រប់​មុខ​សព្វ​ទិស មិន​ថា​សត្រូវ​ដែល​ខ្លួន​ស្រឡាញ់ ឬ​សត្រូវ​ដែល​ខ្លួន​ស្អប់ តែ​លរ​មក​តោង​លេច​សង​ទៅ​វិញ ខ្ញុំ​សូម​ប្រាប់​ទ្រង់ វា​គ្មាន​បាបកម្ម​អ្វី​ត្រង់​ដែល​ឲ្យ​សិខណ្ឌិន​នាំ​កង​ទាហ៊ាន​របស់​យើង វេលា​ដែល​កើត គេ​កើត​ជា​អ្វី​ក៏​មក​តាម ឥឡូវ​នេះ​ជា​អ្នក​ចម្បាំង​ដូច​គ្នា​នឹង​ទ្រង់ ត្រូវ​តែ​ធ្វើ​ឲ្យ​នាទី​នោះ​បាន​ គ្មាន​ឧបាយ​កល​​យោបល់​កោង យ៉ាង​ដែល​ទ្រង់​នឹក​ក្រែង​នោះ​សោះ ។ កាល​បាន​ស្ដាប់​ពាក្យ​រំឭក​សតិ​ដុច្នោះ​ហើយ អរជុន​ក៏​ចេញ​ច្បាំង​ក្នុង​ថ្ងៃ​ទី ១០ មាន​សិខណ្ឌិន​ជា​អ្នក​នាំ​ទ័ព​នៃ​បាណ្ឌព​ទុរយោធន៍​កាល​ឃើញ​មេទ័ព​ថ្មី​នាំ​ទ័ព​យុធិស្ឋិរ ក៏​ព្យាយាម​អង្វរ​ភីស្ម​ម្ដង​ទៀត ដើម្បី​ឲ្យ​លះ​ដំណែង​មេទ័ព​ឲ្យ​កណ៌ ដោយ​ទ្រង់​យល់​ឃើញ​ថា ក្នុង​រាជការ​ទាហ៊ាន​ត្រូវ​តែ​ផ្លាស់​មេទ័ព​ជា​ដ៏រាប ទ្រង់​យល់​ឃើញ​ថា មេ​ទ័ព​តែ​ម្នាក់​នាំ​ទាហ៊ាន​ចេញ​ច្បាំង​រាល់​ៗ ថ្ងៃ មិន​ផ្លាស់​ខ្លះ​ដូច្នោះ ជា​ការ​ប្រាប់​សេចក្ដី​ខាត​ខ្វះ​មេទ័ព ដែល​ខ្លាំង​ពូកែ​ក្នុង​កង​ទ័ព​កុរុ ទ្រង់​ឃើញ​ថា ការ​ផ្លាស់​មេទ័ព​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សម្រើប​ចិត្ត​ពល​ទាហ៊ាន​ប៉ុណ្ណោះ នៅ​ធ្វើ​ពួក​សឹក​ញញើត​ថ្វី​ដៃ​មេទ័ព​ថ្មី​នោះ​ផង កាល​ទ្រង់​ឃើញ​ពួក​បាណ្ឌព​រើស​មេទ័ព​ថ្មី ទ្រង់​ក៏​ចង​ដំណើរ​តាម​យ៉ាង​គេ ទ្រង់​ឃើញ​ថា ដែល​ធ្វើ​ដូច្នោះ ជា​អាការ​សំដែង​ថា ទ្រង់​នៅ​មាន សេចក្ដី​មុខ​នឹង​សឹក ទើប​ទ្រង់​អង្វរ​ភីស្ម​ម្ដង​ទៀត ឲ្យ​ប្រគល់​ដំណែង​នោះ​ឲ្យ​កណ៌ តែ​ភីស្ម​ដាច់​អហំការ​ថា​ថ្ងៃ​នេះ នឹង​កម្រាប​ពួក​បាណ្ឌព​ឲ្យ​រាប​ទាល់​តែ​បាន ឬ​មិន​ទេ​ក៏​ស្លាប់​ក្នុង​ទី​យុទ្ធ​ភូមិ​ប៉ុណ្ណោះ កុំ​បាច់​រំខាន​ព្រះ​ហឫទ័យ​ទៅ​ឡើយ ការ​សម​ប្រាថ្នា របស់​​ព្រះ​អង្គ​នោះ​នៅ​មិន​ឆ្ងាយ​ទេ ។ ពោល​ពាក្យ​អំបាល​នេះ​ហើយ វីរបុរស​ជារា​ក៏​បរ​រថ​ស្ដា​ចេញ​ទៅ​ពោល​ឡក​ឡឺយ​ឲ្យ​អរជុន អ្នក​ចម្បាំង​ទាំង​ពីរ​ប្រាណ​ក៏​ចាប់​តស៊ូ​គ្នា​ដូច​បាយុ ក្បួន​សង្គ្រាម​ពី​កាល​ណា​មក​មិន​ដែល​មាន​ដូច​យ៉ាង​នេះ ភីស្ម​នឹង​ងរជុន ១ គូ​នេះ ជា​អ្នក​ចម្បាំង​ឯក រក​បុគ្គល​ប្រៀប​គ្មាន គេ​តស៊ូ​គ្នា​គ្រា​នេះ​បាន​បញ្ចេញ​ស្នៀត​គ្រប់​យ៉ាង មុខ​គួរ​មើល​ជា​បំផុត ពួក​ទាហ៊ាន​ទាំង​សង្ខាង​ជា​ច្រើន​ពាន់ នាំ​គ្នា​មក​ឈរ​ដំកង់​ជុំវិញ​ទី​នោះ ដើម្បី​មើល​ការ​តស៊ូ​រវាង​វីរបុរស​ទាំង​ពីរ ។ កាល​ការ​តស៊ូ​គ្នា​ដល់​កម្រិត​ជាន់​ខ្ពស់​បំផុត​ហើយ ខណ​នោះ​សិខណ្ឌិន​លេច​ធ្លោ​ចូល​មក​ព្រួត​វាយ​ភីស្ម​ពី​ខាង​ក្រោយ​ដោយ​មិន​ដឹង​ខ្លួន លុះ​ភីស្ម​ក្រឡេក​ទៅ​ឃើញ​ ក៏​រឮក​ឃើញ​ដល់​ពាក្យ​បដិញ្ញា​ដែល​ថា ​នឹង​មិន​ច្បាំង​តស៊ូ អ្នក​ដែល​កើត​មក​​ជា​ភេទ​ស្ត្រី កាល​រឭក​​ដល់​សំដី​នោះ​ហើយ ដៃ​របស់​គេ​ក៏​សម្រប​ចុះ​​ដង​ធ្នូ​ក៏​ធ្លាក់​ចុះ​អំពី​ដៃ ភីស្ម​វេលា​នោះ​បើ់​នឹង​ប្រៀប​ទៅ វិស័យ​ដូច​ដំបូក ខណ​នោះ​ស្រាប់​តែ​​កូន​សរ​របស់​អរជុន ក៏​រត់​ប្រសាច​មក​ចាក់​ដោត​រាង​កាយ​ភីស្ម​មុត​សុះ​សព្វ​អន្លើរ ទោះ​បី​ដូច្នោះ​ក្ដី​វីរបុរស​ជរា សក់​ស្កូវ​សរ​ព្រោង​ទាំង​សិរ ក៏​ឈរ​ចង្គ្រឹង​រឹង​ក្រអឺត​លើ​រថ​បីដូច​បព្វតា លោហិត​ហូរ​ស្រោច​អាត្មា ឥត​មាន​សំដែង​អាការ​ទុរុនទុរា យូរ​បន្តិច​ក៏​មាន​អាការ​ឲ្យ​ងងឹត​មុខ តែ​សម្លឹង​ក៏​ឈរ​ខ្ជាប់​នឹង​កន្លែង ក្នុង​ទី​បំផុត​គេ​ដឹង​ខ្លួន​ថា ការ​ប្រឹង​របស់​គេ​ឈ្មោះ​ថា បាន​ប្រឹង​ប្រែង​ហើយ ការ​ប្រឹង​ប្រែង​យក​កេរ្តិ៍​ឈ្មោះ​ជាតិ​អ្នក​យុទ្ធនា​ទុក​របស់​គេ ដល់​ទី​បំផុត​ប៉ុណ្ណោះ​ហើយ គេ​ក៏​ដួល​ចុះ​កណ្ដាល​ស្នាម​យុទ្ធនា ដួល​យ៉ាហ​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​តាំង​តែ​ចូល​កាន់​ស្នាម​យុទ្ធ​តស៊ូ​សឹក​សង្គ្រាម​គ្មាន​ល្ហែរ រហូត​ដល់​ទី​បំផុត​នេះ ឥត​មាន​ថ្ងូរ​ឥត​មាន​ដក​ដណ្ហើម​ធំ ទាំង​មិន​ព្រម​ឲ្យ​អ្នក​ណា​ដក​ព្រួញ​ធ្នូ​ដែល​ដោយ​នឹង​ខ្លួន​ច្រុង​ច្រាង​នោះ​ចេញ ថ្មម​ទុក​តោង​ពូក​គ្រែ​រង​កាយ​គ្រា​ដេក ។ ភីស្ម​កំពូល​ពល ដេក​ទាំង​ព្រួញ​ធ្នូ​ស្កះ​យ៉ាង​នេះ ក្នុង​ទី​យុទ្ធភូមិ ព្រះ​សុរិយន​ក៏ទន់​ទាប​បិទ​បាំង​បព្វតា ដួង​តារា​ក៏​រឿង​រះ​ព្រាង​ព្រាយ​ក្នុង​អម្ពរ បញ្ចេញ​រស្មី​ត្រជាក់​ទន់​ៗ មក​សម្ផស្ស​មុខ ដ៏​ស្រស់​របស់​លោក​មេទ័ព​ដែល​ដួល​នោះ ។ អ្នក​ចម្បាំង​ជរា​ដេក​យ៉ាង​សង្ហារ ព្រម​ដោយ​យស​នឹង​បរិវារ​គ្មាន​យក​ចិត្ត​ទៅ​ចាប់​នឹង​សេចក្ដី​ឈឺ​ រោល​រាល​ក្នុង​កាយ​ជា​អារម្មណ៍​សោះ បាន​សន្ធនា​ប្រាស្រ័យ​រីករាយ​នឹង​អ្នក​ទាំង​ពួង​ដែល​ទៅ​ចោម​រោម​ជុំ​ខ្លួន ដើម្បី​សំដែង​សេចក្ដី​សោក​ស្រណោះ​អ្នក​កាន់​ទុក្ខ​ទាំង​ពួង រួម​ទាំង​អរជុន​និង​យុធិស្ឋិរ ក៏​រាប់​ចូល​ក្នុង​ចំនួន​នោះ​ដែរ ទុរយោធន៍​ព្រម​ទាំង​បង​ប្អូន​របស់​ព្រះ​អង្គ បាន​ស្ដេច​ប្រញាប់​មក​កាន់​ទី​នោះ សន្សិម​ៗ​ចូល​ទៅ​ប្រថាប់​ខាង​អ្នក​ចម្បាំង​ដែល​ដួល ដួល​តែ​មិន​ទាន់​ស្លាប់ ។ ភីស្ម​ប្រាស្រ័យ​រីក​រាយ​នឹង​ទុរយោធន៍​មុន ព្រោះ​ព្រះ​ហឫទ័យ​កង្វល់​បលិពោធ​នឹក​តែ​ទុរយោធន៍​ប៉ុណ្ណោះ​ជាង​គេ ទ្រង់​ឲ្យ​ឱវាទ​ទុរយោធន៍​ជា​ច្រើន​យ៉ាង​ដោយ​តម្រិះ​ថា បច្ឆិម​វាចារ​របស់​គេ​ក្នុង​​បំផុត​នេះ ប្រហែល​ជា​ធ្វើ​ឲ្យ​ចាប់​ចិត្ត​ចាប់​ថ្លើម​ដ៏​រឹង​រុស​របស់​ទុរយោធន៍ ជាង​ដែល​ហើយ​មក​ហើយ ទើប​ថ្លែង​សុន្ទរកថា​ថា ចុរ​ស្ដាប់​ពាក្យ​ខ្ញុំ​ក្នុង​កាល​ឥឡូវ​នេះ ទុរយោធន៍​អឺយ ចូល​ស្ដាប់​ពាក្យ​បណ្ដាំ​មុន​ស្លាប់​របស់​ញាតិ​អ្នក​ភក្ដី ថា​បើ​ទ្រង់​នៅ​មាន​ព្រះ​ហឫទ័យ​សំវេគ​វេទនា​ខ្លះ​ដែរ​សោត ក៏​ចូល​ឲ្យ​លើក​លែង​កាប់​សម្លាប់​ពពួក​ញាតិ​ដោយ​ដៃ​របស់​ខ្លួន​ខ្លួន​នេះ​ចេញ កុរុ​ខត្តិរាជ​អឺយ ចូរ​ទុក​ជីវិត​បណ្ដា​ក្សត្រិយ៍​អ្នក​ក្លាហាន​ដែល​ជាប់​តាម​ព្រះ​អង្គ​មក​ក្នុង​រាជការ​កម្រាល​សិក​សង្គ្រាម ក្នុង​យាម​សុខ​និង​យាម​ទុក្ខ កុំ​ឲ្យ​ជាតិ​កុរុ​ដ៏​ក្លាហាន​នេះ​សាប​សូន្យ​ទៅ​ឡើយ ចូរ​បង្វឹល​អាណាចក្រ​ឥន្ទ្រ​បថ​ដ៏​ជា​របស់​ដ៏​ជា​របស់​គេ​ដោយ​យុត្តិធម៌​នោះ ឲ្យ​ដល់​យុធិស្ឋិរ​អ្នក​ទ្រង់​សីល​បរិសុទ្ធ នឹង​ទ្រង់​ស័ត្យ​រក​ទី​ទំនៀល​មិន​បាន​វិញ​ទៅ សុំ​ឲ្យ​ពួក​កុរុ​នឹង​បាណ្ឌុវ​នៅ​ជា​សុខ នឹង​ជា​មិត្រ​ភាព​ផង​គ្នា​មួយ​គ្រា​ទៀត​ចុះ នេះ​ជា​ពាក្យ​សុំ​គ្រា​ទី​បំផុត​របស់​ខ្ញុំ ។ ទុរយោធន៍​មាន​សេចក្ដី​សំវេគ​វេទនា​​អាណិត​លោក​មេទ័ព​អ្នក​ទៀប​មរណ​នេះ​ណាស់​ណា​តែ​បច្ឆិម​វាចារ​របស់​លោក​មេទ័ព​នោះ​ជា​អសារ​ឥត​ការ ក្នុង​កមហឫទ័យ​ទុរយោធន៍​មិន​ទទួល​អើ​ឲ្យ​ផង ព្រះ​ហឫទ័យ​ទ្រង់​បង្អោន​ទៅ តែ​ក្នុង​ការ​លាង​ពួក​បាណ្ឌព​ឲ្យ​រលីង​ទៅ ហើយ​នឹង​កោង​រិប​យក​អាណា​ចក្រ​របស់​គេ​ហេតុ​ដូច្នោះ ទ្រង់​តាំង​ព្រះ​ហឫទ័យ​នឹង​ធ្វើ​សង្គ្រាម​ត​ទៅ ស៊ូ​ទាល់​សល់​ទាហ៊ាន​តែ​ម្នាក់​កាន់​ធ្នូ​ស៊ូ​អរិរាជ​សត្រូវ​ទើប​ឈប់ ។ ខណ​នោះ កណ៌​ក៏​ចុរ​មក​រក​វិរបុរស​អ្នក​ទៀប​មរណ កណ៌​មិន​ចូល​ចិត្ត​នឹង​ភិស្ម នឹក​ឫស្យា​តម្រិះ​​វិជ្ជា​ដ៏​វិសេស​របស់​គេ​នឹង​តំណែង​យស​សក្តិ​ដ៏​ខ្បស់​ដែល​គេ​ស្ដី​ក្នុង​វេលា​នេះ ខណ​ដែល​លោក​មេទ័ព​ជរា​ដេក​ចាំ​ទទួល​មច្ចុរាជ គូ​សត្រូវ​ចាស់​ក៏​ភ្លេច​រឿង​ប្រកួត​អួត​ឫទ្ធិ៍​គ្នា បាន​មក​សំដែង​ពាក្យ​លា​នឹង​មេត្តា​ចិត្ត សន្សិម​ៗ​ចូល​មក​ដើម្បី​មិន​ឲ្យ​ខ្ទាំង​ខ្ទប់​ចិត្ត​លោក​​មេទ័ព ភីស្ម​បាន​ឮ​សូរ​ជើង​ដើរ​ក៏​ហៅ​ឲ្យ​ចូល​មក​ជិត​ខ្លួន និយាយ​យ៉ាង​ផ្អែម​ល្ហែម​ទឹក​សំដី​ពេញ​ទៅ​ដោយ​ស្នេហា​ប្រាណី​ថា ” យើង​ធ្លាប់​ជា​អ្នក​ប្រកួត​គ្នា​តាំង​តែ​កាល​ណា​ៗ មក​ហើយ ឫស្យា​សតិ​បញ្ញា នឹង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​របស់​គ្នា​នៅ​គ្នា នឹង​បំណង​តែ​យក​ជីវិត​គ្នា​ជា​និច្ច ក្នុង​វេលា​នេះ សុំ​អហោសិកម្ម​ឈប់​ឫស្យា​ព្យាបាទ​អាឃាត​គ្នា​ចុះ​ណា យើង​មាន​សេចក្ដី ១​ខរ ដែល​នឹង​បច្ចេញ​ឲ្យ​អ្នក​ស្ដាប់ តែ​យើង​ក្រែង​ជីវិត​​របស់​យើង​ផុត​ទៅ​​មុន​សេចក្ដី​ចប់ តែ​ទោះបី​ម្ដេច​ក្ដី ក៏​និយាយ​សេចក្ដី​ស្ងាត់​កំបាំង​របស់​អ្នក ដែល​ខ្ញុំ​បិទ​បាំង​មក​យូរ​ហើយ អរជុន​នេះ​មិន​មែន​អ្នក​ខ្លាំង​ពូកែ​ជាង​អ្នក តែ​យ៉ាង​ឯង​ណា​និមួយ​ទេ គេ​មិន​ទន់​ជាង​អ្នក​ក្នុង​វិជ្ជា​ចម្បាំង ឬ​សក្តិ​ត្រកូល​ក៏​មិន​ខ្ពង់​ខ្ពស់​ជាង​អ្នក ព្រោះ​អ្នក​ក៏​ជា​ជារិ​ក្សត្រិយ៍​ជាប់​ខ្សែ​ហោហិត​ជា​មួយ​គ្នា​នឹង​គេ អ្នក​ឯង​ឱរស​ព្រះ​នាង​កុន្តី នឹង​សូរ្យទេព កាល​ព្រះ​នាង​ប្រសូត្រ​អ្នក​មក​ ខណ​ព្រះ​នាង​នៅ​ក្រមុំ សូរ្យទេព​ជា​ជនករ​របស់​អ្នក កាល​នៅ​ជា​កុមារ​នោះ​គេ​យក​អ្នក​ទៅ​ចោល​លើ​ផែន​ថ្ម ដើម្បី​ឲ្យ​ស្លាប់​បង់ ដើម្បី​នឹង​ចៀសចាក​សេចក្ដី​អាម៉ាស់​មុខ​នៃ​មាតា​របស់​អ្នក​គ្រា​នោះ​មាន​នាយ​សារថិ​ម្នាក់​បាន​ទៅ​ប្រទះ​ក៏រើស​យក​ខ្លួន​ទៅ​ផ្ទះ​ចិញ្ចឹម​ជា​បុត្រ​របស់​គេ​មក​ដូច្នេះ អរជុន​ក៏​ជា​បង​ប្អូន​របស់​អ្នក​ឯង ឯ​សង្គ្រាម​ដែល​ធ្វើ​វេលា​នេះ ជា​សង្គ្រាម​រវាង​វង្ស​ញាតិ​យើង​នឹង​ឯង នេះ​ជា​ការ​មិន​គប្បី អំពី​នេះ​ទៅ​ធុរ​របស់​អ្នក​ដែល​នឹង​គប្បី​នាំ​សង្គ្រាម​ទៅ​កាន់​សេចក្ដី​ចប់​ស្រេច​អស់​ទៅដោយ​ឆាប់ ” ។ កណ៌​ភ្ញាក់​ខ្លួន ដោយ​ដែល​ភីស្ម​បើក​សេចក្ដី​ស្ងាត់​​កំបាំង​នៃ​ជាតិ​កំណើត​របស់​ខ្លួន តែ​មាន​សេចក្ដី​អំណរ​ក្នុង​ត្រង់​ខរ​ដែល​ថា គេ​ជា​កូន​នាយ​សាថិ​ត្រកូល​ថោក​ទាប​នោះ មិន​ពិត​ទៅ​ហើយ​សំឡេង​ដំនៀល​អស់​នេះ នឹង​គ្មាន​ត​ទៅ តែ​អន់​ចិត្ត​ត្រង់​ដែល​តោង​រាប់​អរជុន​ជា​បង​ប្អូន​ក្នុង​ពពួក​មនុស្ស​ក្នុង​សកលលោក​នេះ​អរជុន​ជា​អ្នក​ចម្បាំង​ដែល​គេ​កន្រ្ទិសឫស្យា​ស្អប់​បំផុត អរជុន​ជា​សឹក​សត្រូវ​នឹង​គ្នា ដែល​គេ​ចង់​តែ​ក្រញិច​ឲ្យ​ខ្តេច​បាត់​ទៅ តាំង​តែ​នៅ​កុមារ​តូច ចូល​ប្រលង​រះ​អាវុធ​គ្នា គេ​មាន​សេចក្ដី​ឫស្យា​អរជុន​ច្រើន ទើប​កើត​ចា​សេចក្ដី​បំណង​​ដោយ​ចំពោះ នឹង​កាច់​គូ​សត្រូវ​នេះ ឲ្យ​រាប​ទាល់​តែ​បាន ព្រោះ​ហេតុ​នោះ​ពាក្យ​ភីស្ម​ដែល​សុំ​ឲ្យ​គេ​នាំ​សង្គ្រាម​ទៅ​កាន់​សេចក្ដី​ចប់​ស្រេច​អស់​ទៅ នោះ​ចូល​ទៅ​សម្ផស្ស​ហឫទ័យ​កណ៌​តិច​ណាស់ ស្មើ​នឹង​ដែល​សម្ផស្សហឫទ័យ​ទុរយោធន៍​ដូច្នោះ ។ ភីស្ម​ផ្ទំ​ទាំង​ព្រួញ​ធ្នូ​ស្កះ​ខ្លួន​យ៉ាង​ព្រងើយ មាន​អ្នក​យាម​រក្សា​ការ​ជុំវិញ រង់ចាំ​ដល់​វេលា​របស់​គេ​នឹង​ដំណើរ​ទៅ​តាម​យថាកម្ម ។ អាស្រ័យ​ការ​បង្វឹក​បង្ហាត់​ចិត្ត​របស់​គេ បាន​យ៉ាង​អស្ចារ្យ​លោក​មេទ័ព​អ្នក​គ្មាន​បាន បាន​រង​វេលា​ស្លាប់​ឲ្យ​យូរ​ទៅ​ដល់​ថ្ងៃ​ពេញបូរណ៌មី​ខាង​មុខ កាល​ដល់​អភិលក្ខិតកាល​នោះ លោក​មេទ័ព​សម្ងម​សម្ងាត់​ បង្អោន​ចិត្ត​ដ៏​ក្លាហាន​របស់​គេ​ថ្វាយ​ព្រះ​ជា​ម្ចាស់​អ្នក​ទ្រង់​សាង​មក ។ ខាង​ពួក​កោរព បាន​ហៅ​ប្រជុំប្រឹក្សា​ការ​សង្គ្រាម​ម្ដង​ទៀត​ក្នុង​ប្រជុំ​គ្រា​នេះ គេ​បាន​រើស​យក​លោក​អាចារ្យ ទោណ ជា​មេទ័ព​កុរុ​ជំនួស​ភីស្ម ពួក​បាណ្ឌព​បាន​ដឹង​ដំណឹង​នេះ ក៏​ភ័យ​ហេតុ​ថា ទោណ​ជា​អាចារ្យ​របស់​គេ គេ​ឃើញ​បាបកម្ម​ក្នុង​ការ​ដែល​ធ្វើ​សង្គ្រាម​តស៊ូ​នឹង​គ្រូ ព្រោះ​រាង​កាយ​របស់​គ្រូ​នោះ ក្នុង​សម័យ​ឥណ្ឌា​បូរាណ រាប់​អាន​ថា​ជា​របស់​សក្តិ​សិទ្ធិ៍​ធ្វើ​ប្រទុស្ត​មិន​បាន ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន

រឿង ស៊ឹមអ្នកបរឡាន ត្រូវបាននិពន្ធឡើងដោយដោយលោកអឹម ថុក នៅឆ្នាំ១៩៥៦។ លោកអឹម ថុកគឺជាចាងហ្វាងកាសែតវត្តភ្នំកាលពីសម័យសង្គមរាស្ត្រនិយម។ លោកត្រូវបានស្លាប់ដោយសារជនមិនស្គាល់មុខលួចធ្វើឃាត។
រឿង ស៊ឹមអ្នកបរឡាន មានចំនួន១១វគ្គ៖

បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី១៖ វាលសង់ផ្ទះ)

ព្រឹកម៉ោង៩ នៅលើផ្លូវជាតិលេខ១ ចំពីមុខផ្សារត្រីក្រុងភ្នំពេញ រទេះឡានតូច-ធំបើកវីចុះឡើង ប្រជ្រៀតនឹងស៊ីក្លូ រទេះកង់ រទេះសេះ និងរទេះគោ។នៅក្បែរថ្នល់ខាងកើតឆៀងខាងជើងផ្សារ មានទីលានមួយមានបណ្ដោយប្រហែល៧០ម ទទឹង៣០ម។ក្នុងទីវាលនោះអ្នកធ្វើការប្រុសស្រី បានប្រញាយកាប់គាស់រែកសែង ញាប់ដៃញាប់ជើង។ខ្លះជីកចង្អូរ ខ្លះបំបែកដុំឥដ្ឋ ដុំបេតុង ខ្លះដងទឹកពីទន្លេសាបយកមកលាងក្រួសអាចម៍ផ្កាយលាយបាយអ។ល។ ហើយបើយើងសង្កេតមើលយូរបន្តិច យើងមុខជានឹងឃើញអ្នកធ្វើការទាំងនោះ មានមុខការខុសគ្នា ធ្វើដោយក្រុមៗនៅក្រោមមេតម្រួតបួននាក់។
ក្នុងក្រុមលាយបេតុង ស្រីប្រុសវៀតណាមធ្វើការលាយចម្រុះគ្នា។អ្នកទាំងអស់គ្នាបែកញើសសស្រាក់ខំធ្វើការតែរៀងខ្លួន ខ្លះជញ្ជូនថ្មដាក់ធុងវាល់ ខ្លះចូកខ្សាច់ ខ្លះលាយបេតុង ខ្លះរែកទឹក ខ្លះលីបាវស៊ីម៉ងត៍ ខ្លះទៀតជញ្ជូនបេតុងយកទៅចាក់ឫសផ្ទះ។ ក្នុងក្រុមរៀបជញ្ជាំង ជាងកំបោរ ខ្មែរវៀតណាម បានខំរៀបឥដ្ឋដាក់តជាន់លើគ្នាផ្សារភ្ជាប់នឹងបាយអ។បានមួយជាន់ពីរជាន់ឥដ្ឋ គេផ្ទៀងតម្រង់ខ្សែបន្ទាត់ឲ្យត្រង់ ប្រយ័ត្នកុំឲ្យវៀច។គេខំសម្អិតសម្អាងណាស់។នៅចម្រុះនឹងពួកជាងកំបោរ មានជាងឈើយកមេទ្វារបង្អួច មកលើកដំឡើង វាយចាងណាងខ្វែងចុះឡើង ប្រើកូនតឹងស្ទង់មេបញ្ឈរ ប្រើកែវស្ទង់មើលមេផ្ដេកឲ្យស្មើ។ ក្នុងក្រុមជីកបន្លាយឫស គូលីស្រីប្រុស ខ្មែរវៀតណាម ចម្រុះគ្នាបាន់ជីកកាប់ដីបំបែកដុំបេតុង គាស់កម្រាលឥដ្ឋ។ខ្លះទៀតកើបដីជញ្ជូនចាក់ឆ្ងាយពីកន្លែងធ្វើការ។
ក្រុមគូលីនោះរាប់អានគ្នាណាស់។គេមិនប្រកាន់ថា អ្នកនេះជាតិនេះ អ្នកនោះជាតិនោះឡើយ។គេនិយាយរកគ្នាដោយស្មោះស្ម័គ្រ គេចំអែចំអន់គ្នាលេង។ក្មេងៗហៅចាស់ៗ ពូមីង យាយតា។ឯចាស់ៗវិញ ហៅក្មេងៗ ក្មួយឬចៅ ឬអាមឹងទៅតាមការរាប់អានរបស់គេ។ក្រុមគូលីមានចិត្តស្រដៀងគ្នា គំនិតដូចគ្នា ជីវភាពដូចគ្នា ការងារដូចគ្នា ចិត្តដូចគ្នា។សេចក្ដីត្អូញត្អែររបស់កម្មករម្នាក់ ក៏ដូចជាសេចក្ដីត្អូញត្អែររបស់ក្រុមទាំងមូលដែរ។បើម្នាក់បានទទួលផលអាក្រក់ណាមួយ អ្នកឯទៀតបើមិនយូរក៏ឆាប់ ត្រូវទទួលផលអាក្រក់នោះមិនខានដែរ។
នៅក្នុងក្រុមបេតុង មីងប្រេមមានរាងស្គមស្លាំង បានងាកមើលឆ្វេងស្កាំ មិនឃើញអ្នកតម្រួត ក៏និយាយតិចៗថា៖

  • ខ្ញុំខានមួយថ្ងៃអាទិត្យនេះ។
  • ហេតុអ្វីក៏ដូចនេះ? (សម្លេងមួយសូរឡើង!)
  • អ្នកមិនដឹងឬ? ដើម្បីបានការធ្វើ ខ្ញុំត្រូវបង់ខាតមួយថ្ងៃឲ្យទៅគេណា។

នាយម៉េងដែលជាអ្នកចូកខ្សាច់ ក្រោយដែលបានយកខ្នងដៃជូតញើសថ្ងាស ឆ្លើយតប៖

  • មិនមែនតែមីងឯងទេខាតនោះ ខ្ញុំក៏ត្រូវគេកាត់ប្រាក់ឈ្នួលអស់ពីរថ្ងៃដែរ។គេចេះប្រកាន់ថា ខ្ញុំដើរឡានធ្វើឲ្យបែកក្បឿងច្រើន…
  • ប្រាក់ឈ្នួលមួយថ្ងៃ១៨រៀល ហើយកាត់មួយថ្ងៃទៅទៀត បានអ្វីស៊ី(មីងប្រេមថ្ងូរ)។យើងជាពួករងកម្មមែន…
  • ពិតមែនហើយ(ម៉េងឆ្លើយ)។យើងបានជាឫសសង្គមខ្មែរ។យើងត្រូវទទួលការធ្ងន់ទាំងប៉ុន្មាន មិនខុសពីបេតុងឫសផ្ទះយើងធ្វើនេះទេដែលត្រូវទ្រទម្ងន់ផ្ទះសព្វសារពើ…។

កំពុងតែជជែកថ្លែងទុក្ខប្រាប់គ្នាដូចនេះ ស្រាប់តែសម្លេងមួយខ្លាំងលាន់ថា៖

  • ខំធ្វើការឲ្យមែនទែន ខ្ជិលណាស់គិតតែជជែក… ប្រយ័ត្នមិនបើកលុយឲ្យថ្ងៃសៅរ៍អាទិត្យនេះ។
  • ថីសែហ្វមកហើយវ៉ើយកនយើង។ថីនេះជាភ្នែកច្រមុះរបស់ហាង។គាត់បានប្រាក់ខែច្រើនណាស់ ហាងឲ្យឡានគាត់មួយដើរត្រួតការ (នាងម៉េងបានខ្សឹបប្រាប់កូនគាត់)។

កន្លះម៉ោងក្រោយ ថីសែហ្វបានបើកឡានទៅវិញ ម៉េងនិយាយត៖

  • ប្រាំឆ្នាំហើយ ខ្ញុំធ្វើការជាមួយហាងនេះ។ខ្ញុំដើរឡានដឹកឥដ្ឋ ក្បឿង ឈើនៅកំពង់ឆ្នាំង កំពង់ចាម តាកែវ។ហាងបានចំណេញច្រើនណាស់ក្នុងប៉ុន្មានឆ្នាំនេះ ពីដើមមានឡានតែមួយទេ ឥឡូវមានប្រាំបី។ថៅកែពីដើមជិះតែស៊ីក្លូ ឥឡូវមានឡានតូចល្អណាស់ ឯចំណែកគូលីវិញ ដូចខ្ញុំជាដើម នៅតែខ្វះច្រករាល់ពេល។ក្នុងពពួកជើងឈ្នួលហាង មានតែថីសែហ្វទេដែលបានគ្រាន់បើមានផ្ទះនៅ មានកូនឡានជិះ។ហាងនេះទទួលម៉ៅការសង់ផ្ទះ សង់បន្ទាយច្រើនក្នុងប៉ុន្មានឆ្នាំនេះ។
បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី២៖ ថ្ងៃសម្រាក)

ព្រះអាទិត្យពេលជិតថ្ងៃត្រង់ ចោលចំហាយក្តៅដូចគេដុត អ្នកធ្វើការគ្រប់គ្នាអស់កម្លាំងធ្វើការរវ៉ើយដៃរវ៉ើយជើង ស្នូររគាំងលាន់ឮម៉ឹងៗ។ពេលសម្រាក់ថ្ងៃត្រង់បានពង្រីកមុខអ្នកធ្វើការ។ក្រុមគូលីសើចដាក់គ្នា យកប្រដាប់ប្រដារបស់ខ្លួន មានបង្គី ចបកាប់ ប៉ែល ធុងទឹក។ល។ ទៅប្រគល់ឲ្យអ្នកយាមឃ្លាំង រួចក៏បោសដីពីខ្លួនយ៉ាងប្រញាប់ប្រញាល់ ដើរសំដៅទៅទីកន្លែងរៀងខ្លួន។
គូលីនៅផ្ទះជិត ជាងណាមានកត់ជិះបានត្រឡប់ទៅសម្រាកថ្ងៃត្រង់នៅផ្ទះអាត្មាជួបជុំប្រពន្ធកូន។ឯចំណែកអ្នកគ្មានផ្ទះ ឬមានផ្ទះនៅឆ្ងាយមិនបានត្រឡប់ទៅទីលំនៅក្នុងពេលសម្រាកនេះទេ។ពួកថីកាប៉ូរ៉ាល់បានវិលត្រឡប់ទៅផ្ទះតែសព្វៗខ្លួន។
ក្នុងពពួកគូលីជាប់១០០នាក់ គេឃើញគូលី២០នាក់បានទៅសម្រាកក្នុងវាលធ្វើការហើយមានខ្លះពិតមែន តែមិនបានត្រឡប់ទៅផ្ទះ បានថយទៅសម្រាកនៅសំយាបផ្ទះ ឬក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ក្រៅរបងធ្វើការទៅវិញ។គូលីដែលបានសម្រាកក្នុងរបងធ្វើការបានបែងចែកគ្នាជាក្រុម។ អ្នកស្និទ្ធស្នាល ឬសាច់ញាតិគ្នាបានរួមបាយជាមួយគ្នា។មីងប្រេមបានចូលវង់ជាមួយម៉េង នាងប្រុញក្មួយស្រីគាត់ និងគូលីម្នាក់ទៀត។គេចូលម្ហូបគ្នា។ម្នាក់ៗសុទ្ធតែមានកញ្ចប់បាយ។ម្ហូបក្រៀមក្រោះ មានកូនត្រីប្រឡាក់ ក្តាមប្រៃ ខ្ទឹមប្រៃ ប្រហុកអំបិល។គេស៊ីត្បិតត្បៀតណាស់។គេស៊ីម្ហូប គេស៊ីបាយច្រើន។គេស៊ីឲ្យតែធ្ងន់ពោះ ព្រោះម្ហូបគេមិនមែនបានផ្តល់ឲ្យគេមានសុខភាពអាយុវែងទេ។គេស៊ីឲ្យតែរស់សម្រាប់កាប់គាស់ថ្ងៃរសៀល…ថ្ងៃស្អែកទៀត…។ ស៊ីរលីបរលាប រហេមរហាមនេះបានធ្វើឲ្យគេអស់កម្លាំងឆាប់ ព្រមនិងបណ្តុះស្មារតីឲ្យគេត្រិះរិះដោះទុក្ខវេទនារបស់គេ។លក្ខណៈសម្បត្តិនៃការរស់នៅជាមេកំណត់ស្មារតីរបស់មនុស្ស។ ម៉្លោះហើយគូលីទាំងនោះ ទាំងត្រូវទាំងខុស ចេះតែបបួលគ្នាជជែករកមធ្យោបាយប្រែការរស់នៅរបស់ខ្លួនឲ្យបានស្រួល ឲ្យបានឆ្អែត។
គេបាយបណ្តើរ គេជជែកគ្នាបណ្តើរ។មីងប្រេមបែបគិតជាងគេ។គាត់រំពៃមើលទៅកូនប្រុសគាត់ដែលមានអាយុ៥ឆ្នាំ ហើយដែលគាត់ដាក់ឲ្យវាដេកនៅបៀតនោះ។គាត់យកក្រមាបក់ដេញរុយឲ្យវាម្តងៗ បន្ទាប់មកគាត់បាននិយាយ៖

  • ធ្វើការហត់ណាស់ ញើសជាទឹក បានស៊ីមិនឆ្អែត បានព្រឹកខ្វះល្ងាច លិទ្ធអំបិលប្រហុករាល់តែថ្ងៃ មានកម្លាំងឯណាធ្វើការ។
  • ប្រាកដហើយ…! (ម៉េងបន្ថែម…)។
  • ស្រុកយើងឯករាជ្យ សន្តិភាពហើយ គួរតែយើងបានរស់ស្រួល គួរតែយើងស៊ីឆ្អែត គួរតែយើងបានធូរ។ (ម្នាក់បានបន្ត…)។
  • គ្មាននរណាស្គាល់ទុក្ខយើងជាងយើងទេ មានតែក្រុមយើងទេដែលអាចដោះទុក្ខយើង។ខ្លួនទីពឹងខ្លួន។យើងជាគូលីមិនខុសពីសត្វគោនោះទេ។គេចិញ្ចឹមយើងឲ្យ គ្រាន់តែរស់ដើម្បីគេប្រើថ្ងៃស្អែកទៀត…។ (ម៉េងបាននិយាយ)។
  • ចុះអ្នកហ៊ីឯង បានធ្វើគូលីប៉ុន្មានឆ្នាំហើយៗ មានសល់កាក់ខ្លះទេ? (មីងប្រេមបានសួរទៅគូលីម្នាក់ទៀតដែលបាយជាមួយ ហើយដែលមានមាឌមាំ សក់រួញអង្គាដី)។
  • ខ្ញុំធ្វើគូលីជាងមួយឆ្នាំហើយ។ប៉ុន្មានខែមុននេះ ខ្ញុំបានចូលធ្វើគូលីនៅបៀតវត្តភ្នំ ធ្វើផ្ទះបុណ្យពិព័រណ៍។
  • ធ្វើស្រួលឬទេនៅទីនោះ?
  • ស្រួលមិនកើតទេ! ស៊ីមិនគ្រាន់ដូចតែគ្នាអ៊ីចឹង!
  • ចុះហេតុអ្វីបានជាឈប់ពីទីនោះ?
  • ខ្ញុំទៅសួរកូនខ្ញុំឈឺនៅបាត់ដំណឹង ហើយត្រឡប់មកវិញ គេឈប់យកគូលីទៀត។ខ្ញុំតែលតោលអស់៤-៥ថ្ងៃទើបនឹងសូមធ្វើការបាននៅហាងនេះ…។នាងប្រុញ ក្មួយស្រីមីងប្រេមបានផ្ទៀងស្តាប់ ហើយក៏សួរដោយឆ្ងល់ថា៖
  • នៅគ្រប់កន្លែងធ្វើការគូលីស៊ីដូចគ្នាឬ?រស់នៅដូចគ្នាឬ?
  • មិនដូចគ្នាទេ។ (នាងម៉េងឆ្លើយ)។គូលីត្រាវ៉ូស៊ីបានមួយថ្ងៃ១២រៀលនៅខេត្តក្រៅ។នៅទីក្រុងស៊ី១៥រៀល ឬ១៨រៀលតាមភេទប្រុសស្រី តាមចាស់ក្មេង។គូលីហាងក៏ស៊ីមិនដូចគ្នាដែរ។ដូចពួកយើងនេះ មានស៊ីតាំងពី១៤រៀល ទៅ២២រៀល តាមអាយុក្មេងចាស់ និងតាមធ្វើការយូរឆាប់។នៅកន្លែងបូមដី គូលីមានស៊ីដល់ទៅ៣០រៀលមួយថ្ងៃ។

គូលីស្ទើរគ្រប់រូបបានស៊ីការ៉េម និងនំបញ្ចុកជឿ។ម៉្លោះហើយ ក្រោយពីបើក “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖

  • ខ្ញុំអាទិត្យនេះជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ខ្ញុំខំអត់សំចៃណាស់តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេកទ្រាំសុំផងមិនបាន…។

ហ៊ីបានបន្ថែម៖

  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម៉្ងៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក។

មិនស្របយោបល់នេះ ម៉េងបានបំភ្លឺ៖

  • នឿយជិតស្លាប់មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ… ចឹក និងមីងនំបញ្ចុកនោះក៏មិនឃើញចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួសដូចយើងអ៊ីចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង…។យើងខ្វះមុខ ខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្លៃតិចពេក…។ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្តាល។ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការជាងម្ភៃរៀល។រឿងជីកឫសផ្ទះនេះ ជាក់ស្តែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ឃើញទេ យើងធ្វើការ៨ម៉ោងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួលបួនម៉ោងទេ…។

ហ៊ីបានស្តាប់ឈប់ប្រកែក។គាត់បែររំលឹកម៉េងថា៖

  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯងសួរពីការរស់នៅស្រុកនានាថ្ងៃណាយើងទៅបាន…។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ…។
បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៣៖ ថ្ងៃបើកលុយ)

រាល់ថ្ងៃកន្លងទៅ ពួកគូលីបានដាំលើទីវាលនូវគេហដ្ឋានផ្សេងៗ។ ផ្ទះតូចមួយខ្នងនៅកៀនជញ្ជាំងរបងខាងត្បូង បានក្រោកឈរឡើងត្រដឹម។ នៅចំកណ្ដាលទីវាល ជញ្ជាំងឥដ្ឋពិតានខំវារងើបតាមសសរបេតុង ដែលបានលូនសំដៅត្រង់ទៅលើ។ នៅកៀនរបងខាងជើង សសរផ្ទះពីរជាន់លូចលេចឡើងមើលឆ្វេងស្តាំ មុខក្រោយ បែបនឹកក្នុងចិត្តថា មានតែខ្លួនទេដែលល្អ ដែលខ្ពស់ធំជាងគេនៅតំបន់ផ្សារត្រីតូចនោះ។
ផ្ទះចេះតែប្រែរូបរាងធ្វើខ្លួនថ្ងៃ លំអខ្លួនរាល់តែម៉ោង ពួកគូលីនៅតែនឿយ នៅតែហត់ នៅតែយ៉ាប់ដដែល រាល់ថ្ងៃសៅរ៍ មេហាងម៉ៅការបានមកត្រួតពិនិត្យ។ គាត់ញញឹមជាប់នឹងស្នាដៃពួកគូលីទាំងនោះ។ គាត់ដើរពីជើងទៅត្បូង ឈ្ងោកមើលត្រង់នេះ ចង្អុលត្រង់នោះ កិនក្រុមនេះ សរសើរក្រុមនោះ ថីសែហ្វបានដើរអែបថៅកែ មុខរីកទាំងពីរនាក់។ ថៅកែបាននិយាយ៖

  • ខំធ្វើការឲ្យឆាប់ឡើងទៅទៀត។ បើយើងហើយមុនពេលកំណត់ យើងរឹតតែចំណេញច្រើន។ តាមខ្ញុំគិតឃើញមួយលើកនេះ យើងចំណេញជិតមួយលាន… ផាត់ស៊ីចុក ស្គាល់លោកនេះ ស្គាល់លោកនោះទៅ យើងប្រហែលសល់ប្រាំសែនដែរ… ។
  • ធ្វើការឥឡូវមិនពិបាករកគូលីទេ។ មនុស្សគ្មានការងារធ្វើច្រើនណាស់ រាល់ថ្ងៃមានមនុស្សមកសុំធ្វើគូលីគ្មានដាច់… ។
  • បើដូចនេះត្រូវបង្ខំគូលីឲ្យធ្វើការលើសនេះទៅទៀត។ ត្រូវបង្ខំកាប៉ូរ៉ាល់ឲ្យចេះប្រើគូលីមែនទែន កុំឲ្យមាននៅទំនេរ… ។ ថីស្គាល់ទេ របៀបចាត់ការ តាមវិស្វករអាមេរិកឈ្មោះតៃល័រ។ គេលៃដូចម្ដេចកុំឲ្យគូលី កុំឲ្យជាង នៅទំនេរ… ។
  • កាប៉រ៉ាល់យើង សុទ្ធតែអ្នកថ្នឹកការទាំងអស់ ពូកែលោមមនុស្សប្រើណាស់។
  • យើងទៅមើលកន្លែងពោធិ៍ចិនតុងទៀត… ។
  • បាទ! អញ្ជើញ…

មុននឹងចេញទៅ ថីសែហ្វបានងាកមកបង្គាប់កាប៉ូរ៉ាល់ឲ្យខំប្រើគូលីមែនទែន ហើយបើមាននរណាខ្ជិល ដេញចេញ ហើយដល់បើកប្រាក់ល្ងាចថ្ងៃសៅរ៍ អាទិត្យនេះ។
នៅរាល់ល្ងាចថ្ងៃសៅរ៍ ប្រហែលម៉ោងជាងបួន អ្នកស្រីប្រពន្ធថៅកែ និងថីសែហ្វ បានយកប្រាក់ទៅបើកឲ្យគូលី ពួកជាង ពួកគូលី ខ្លះឈរ ខ្លះអង្គុយផ្ដុំគ្នាយកលុយ ហើយបានថយក្រោយមកវិញ។ ខ្លះបើកបាន៩០រៀល ខ្លះបើកបាន១២០រៀល តាមឋានៈ តាមភេទ តាមអាយុរៀងខ្លួន។ ក្នុងពេលនេះ គូលីបានរីកមុខខុសពីធម្មតា តែសេចក្តីសប្បាយនឹងបើកប្រាក់អត់ឃ្លាននេះ មិនបានហួសកន្លះម៉ោងទេ។ នៅទ្វារមាត់របង ចឹកលក់ការ៉េម បានឈរចាំ។ គាត់បានស្រែកពពាយនាយលក់ការ៉េម ហើយបានទារលុយពីអ្នកស៊ីការ៉េមគាត់ជឿ។ គេឮសម្លេងគាត់ប៉ៃឡាំថា អាតូចឯងជឿអញ៥រៀល… មីងឯង៤រៀល… សងអញមក។
នៅជិតគាត់ មីងពតអ្នកលក់នំបញ្ចុកបានស្រែកហៅគូលីបើកលុយមកភ្លក់នំបញ្ចុកគាត់ដែរ។ ដូចចឹកការ៉េម មីងពតបានលក់នំបញ្ចុកជឿឲ្យក្រុមគូលីសង់ផ្ទះ។ រាល់ល្ងាចថ្ងៃសៅរ៍ ប្ដីគាត់បានមកជាមួយផងដែរ។ ប្ដីគាត់បានកាន់កូនសៀវភៅតូចមួយ ហើយឈ្មោះអ្នកស៊ីជឿឲ្យសងលុយគាត់។
គូលីស្ទើរគ្រប់គ្នា បានស៊ីការ៉េម និងនំបញ្ចុកជឿ។ ម្ល៉ោះហើយក្រោយពី “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។ មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖

  • ខ្ញុំអាទិត្យនេះ ជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ ខ្ញុំខំអត់សំចៃណាស់ តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេក ទ្រាំសុំផងមិនបាន… ។

ហ៊ីបានបន្ថែម៖

  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម្ង៉ៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក

មិនយល់ស្របយោបល់នេះ ម៉េងបានបំភ្លឺ៖

  • នឿយជិតស្លាប់ មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ… ចឹក និងមីងលក់នំបញ្ចុកនោះក៏ឃើញមិនចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួស ដូចយើងឯចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង… ។ យើងខ្វះមុខខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្ងៃតិចពេក… ។ ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្ដាល។ ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការ ជាងម្ភៃ។ រឿងជីកឫសសង់ផ្ទះនេះ ជាក់ស្ដែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ ឃើញទេយើងធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួល៤ម៉ោងទេ… ។

ហ៊ីបានស្ដាប់ ឈប់ប្រកែក។ គាត់បែររំលឹកម៉េងថា៖

  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯង សួរពីការរស់នៅស្រុកនានា ថ្ងៃណាយើងទៅបាន… ។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ… ។
បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍)

យប់ខែដាច់ងងឹតចាក់ភ្នែកមិនធ្លុះនៅខាងក្រៅ។ក្នុងផ្ទះតៀមមួយដែលមានទំហំ៥ម៉ែតបណ្តោយ ៣ម៉ែតទទឹង ចង្កៀងប្រេងកាតតូចមួយបានបំភ្លឺមិនសូវច្បាស់ មនុស្សបួននាក់អង្គុយដំកង់លើគ្រែឫស្សី។មនុស្សនោះគឺមីងប្រេម ម៉េង ហ៊ី និងស៊ឹម។ស៊ឹមជាម្ចាស់ផ្ទះ គាត់ជាអ្នកបរឡាន។ស៊ឹមបានស្គាល់ម៉េងកាលនៅបើកឡានឲ្យហាង ហើយកាលនោះម៉េងធ្វើគូលីតាមឡាន។ពិតមែនតែស៊ឹមចេញមកបរឡានរាជការ អ្នកទាំងពីរនៅតែទៅមករកគ្នា រាប់អានគ្នាយ៉ាងជិតស្និទ្ធ។
ផ្ទះស៊ឹមគ្មានតុ ទូ កៅអីអ្វីទេ ក្រៅពីគ្រែឫស្សីដែលអ្នកទាំងបួនបានអង្គុយដំកង់លើ និងគ្រែដេកមួយទៀត។នៅលើធ្នើរជញ្ជាំងមុខ គេឃើញមានសៀវភៅអធិប្បាយរដ្ឋធម្មនុញ្ញ ទំនៀមទំលាប់ និងច្បាប់ខ្មែរ ប្រវត្តិអាចារ្យហែមចៀវ កាសែតសាមគ្គី ប្រជាជនប្រជាជាតិខ្មែរ ខ្មែរថ្មីទៅមុខ ចងជាបាច់រៀបមានសណ្តាប់ធ្នាប់យ៉ាងល្អ។ស៊ឹមជាអ្នកចង់ចេះដឹង ចង់ដឹងមើលច្រើន។
យប់នេះគេប្រជុំគ្នាផឹកតែ។អ្នកទាំងបួនបានជជែកគ្នាសួរពីនេះ ពីនោះ សុខទុក្ខយូរបន្តិចមក ម៉េងបានផ្តើមថា៖

  • ធ្វើការស្រួលទេស៊ឹម?
  • មិនសូវជាពិបាកទេ តែតឹងទ្រូងណាស់…
  • ឯងបានប្រាក់ខែច្រើន…
  • ច្រើនមិនកើត។ខ្វះរាល់ខែ។ប្រពន្ធខ្ញុំទៅស្រែជួញអង្ករបាត់ហើយ ដើម្បីយកមកជួយទប់។បើកឡានត្រូវចេញទៅមុន ត្រឡប់មកក្រោយគេ។ខ្ញុំខ្នាញ់ធុញនឹងជូតដានជើងស្រីៗ។
  • ចៅហ្វាយស៊ឹមឯងស្រីឬ?
  • នៅតែឆ្ងល់ទៀតម៉េងឯង។ចៅហ្វាយខ្ញុំគាត់ដើរលេងយប់ បឹងស្នោ បាកំប៉ាយ ហើយព្រលឹមឡើងខ្ញុំត្រូវជូតដានជើងទាំងអស់។
  • ស្គាល់ហើយបឹងស្នោនោះ តែអាបាកំប៉ាយវាស្អីដែរ?
  • អាហ្នឹងក៏ដូចជាបឹងស្នោដែរ នៅបៀតកន្លែងចាក់សំរាមដេប៉ូ។អាស្នោ និងអាកំប៉ាយនោះ វាមានក្លិនដូចតែអាសំរាមដេប៉ូអីចឹង។តែនឹកឃើញរឿងអស់នេះ ចង់តែឈប់ធ្វើការ ខ្ញុំធុញទ្រាន់ណាស់នឹងជូតដានជើងអស់នោះ។

ហ៊ី និងមីងប្រេមបានស្តាប់មើលមុខស៊ឹមមិនដាក់ភ្នែក។ម៉េងឃើញស៊ឹមតូចចិត្តខ្នាញ់ដូចនេះ បានប្រែរឿង៖

  • ឈប់និយាយពីរាត្រីថ្ងៃសៅរ៍ បឹងស្នោ ឬបាកំប៉ាញទៅ យើងមកយប់ថ្ងៃសៅរ៍នេះមានបំណងធំចង់ឲ្យស៊ឹមឯង ដែលជាអ្នកមើលសៀវភៅ កាសែតច្រើន ពន្យល់យើងអំពីការរស់នៅនៃគូលីនៅ ប្រទេសនានាក្នុងលោក។តើកម្មករស្រុកគេវេទនាដូចយើងដែរឬ? តើគេទិញមនុស្សប្រើខួបដូចយើងដែរឬ?
  • ខ្ញុំមិនសូវដឹងជ្រៅជ្រះទេរឿងប្រទេសគេ។តែខ្ញុំបានសួរគេឯង មើលកាសែតបានដឹងខ្លះ។ខ្ញុំនិយាយកាត់ៗបានខ្លះ តែបើបងប្អូនបានឮដំណឹងប្លែក ជួយកែតម្រង់ផង។

ដល់ត្រឹមនេះ ស៊ឹមបានឈប់ក្រែបតែលាងបំពង់ក រួចគាត់ចាប់និយាយត៖

  • សកលលោកសព្វថ្ងៃ ចែកជាពីរផ្នែក៖ ផ្នែកសង្គម និងចក្រពត្តិនិយម។នៅផ្នែកសង្គមនិយម បើយើងជឿសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយចំណានៗនៅទ្វីបអាស៊ី យើងមុខជាជ្រាប់បានថា នៅប្រទេសនោះការកសាងសេដ្ឋកិច្ចបានចម្រើនរហ័ស។កម្មករ គូលីបានធ្វើជាម្ចាស់នៃការងាររបស់ខ្លួន មានសមាគម មានសហជីពជួយដឹកនាំពួកកម្មករគូលី ឲ្យចេះតស៊ូទល់នឹងធម្មជាតិ បង្កើនផលដើម្បីកែប្រែ និងលើកតម្កើងការរស់នៅឲ្យបានខ្ពស់សុចរិតយុត្តិធម៌។នៅផ្នែកចក្រពត្តិវិញ ការរស់នៅប្រជាជនមានច្រើនជាន់ខុសគ្នាណាស់។អ្នកណាមានស៊ីៗមិនអស់ រឹតតែមានឡើង ហើយអ្នករហេមរហាមរឹតតែរហេមរហាមទៅ។នៅប្រទេសអាមេរិច សព្វថ្ងៃប្រជាជនជាង៤លាននាក់គ្មានការធ្វើហើយរស់នៅយ៉ាងវេទនា។តែដោយការទាមទារដ៏អង់អាចរបស ់កម្មករនៅប្រទេសចក្រពត្តិធំៗ បារាំង អង់គ្លេស អាមេរិច កម្មករមានសិទ្ធិផ្តុំគ្នាជាសមាគម ជាសហជីព រើសតំណាងឲ្យទៅតវ៉ាទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់ និងមានកម្រិតម៉ោងធ្វើការ កុំឲ្យហួសពី៤៨ម៉ោងមួយអាទិត្យ។ដូចនេះបានជាយើងបានដំណឹងរាល់ខែ រាល់អាទិត្យថា នៅប្រទេសចក្រពត្តិធំៗទាំងនោះ កម្មករមានអ្នកបើកឡាន ជាងតម្បាញទាំងពាន់ ទាំងម៉ឺន ទាំងសែននាក់បានធ្វើកូដកម្ម បាតុកម្មទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់។

មីងប្រេមបានសួរកាត់៖

  • ស្រុកយើងពួកគូលី ពួកជាងធ្វើសមាគមបានទេ?មនុស្សសល់ច្រើនណាស់សព្វថ្ងៃ។
  • ស្រុកយើងឯករាជ្យ ប្រជាធិបតេយ្យត្រូវតែមានអំណាចផ្តុំគ្នាធ្វើសមាគមបាន។តែនៅបែកខ្ញែកគ្នាណាស់។បើចង់កែប្រែការរស់នៅ ធ្វើជាម្ចាស់ការងាររបស់យើង ទាល់តែយើងបង្កើតសមាគមវិជ្ជាជីវៈ។
  • បើដូចនេះ ត្រូវធ្វើដូចម្តេច? មីងប្រេមសួរ។
  • រួបរួមសាមគ្គីរវាងគ្នាយើងយ៉ាងជិតស្និទ្ធ ដើម្បីរៀនសូត្រដើម្បីប្រមូលផ្តុំគ្នាជាសហជីព ជាសមាគម..។
  • រៀនម្តេចបាន បើធ្វើការអស់កម្លាំងជិតងាប់ម៉្ងៃ ហើយអាយុជាង៤០ហើយ។មីងប្រេមបានប្រកែក។
  • មិនជាអ្វីទេ ប្រពន្ធខ្ញុំទើបតែចាប់រៀន ក ខ ដែរ។ត្រូវឆ្លៀតរៀនពេលសម្រាកថ្ងៃ សម្រាកយប់ អក្សរមួយតួ ពីរតួ។សួរម៉េង សួរបងហ៊ី។បើយើងព្យាយាមមិនហួសពី៦ខែទេ យើងមើលកាសែតបាន។

ម៉េងបានសង្កត់ពាក្យស៊ឹម៖

  • ស្រុកយើងថ្កើន ទាល់តែពួកយើងថ្កើន ទាល់តែពួកយើងប្រឹងប្រែងការរស់នៅខ្លួនយើង។យើងត្រូវខំរៀន។

និយាយដល់ត្រង់នេះ នាឡិកាផ្ទះថ្មធំមុខបានទូង១១ម៉ូង ហ៊ីកេះម៉េងប្រាប់ថាល្មមហើយ។ម៉េងក៏និយាយត៖

  • យប់ជ្រៅហើយ យើងល្មមលាស៊ឹម ចាំថ្ងៃណាទំនេរមកទៀត។ហ៊ីត្រូវការខ្ចីសៀវភៅស៊ឹមខ្លះទេ?
  • ខ្ញុំចង់មើលប្រវត្តិអាចារ្យហែមចៀវ។
  • យកចុះ តែកុំឲ្យបាត់ ព្រោះក្រណាស់។សូមអញ្ជើញមកជជែកគ្នាលែងគ្នាទៀត ថ្ងៃក្រោយប្រពន្ធខ្ញុំមុខជាត្រឡប់មកពីស្រែវិញ។
បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៥៖ ចាំលោក)

  • ស៊ឹមឥឡូវមិនសូវនឿយហត់ទេ។ម៉ោងជិត៨បានមកដល់។ពូសនបាននិយាយទៅកាន់ស៊ឹម ក្រោយដែលស៊ឹមបានចតរទេះឡាននៅបៀតឡានគាត់ ហើយដើរមកអង្គុយជាមួយគាត់។
  • ចាំមិនយ៉ាប់ចុះ ស៊ឹមឆ្លើយ រាល់ថ្ងៃចេញពីផ្ទះម៉ោង៦ ទៅដល់ផ្ទះលោកម៉ោង៦កន្លះ ជូនកូនលោកទៅរៀន រួចត្រឡប់មកជូនលោកមកធ្វើការ។
  • កូនលោកទៅរៀនសាលាណា?
  • រៀនសាលាបារាំងបៀតវត្តភ្នំ។
  • ខ្ញុំមានកូនមួយដែរ វាប្រឡងជាប់សញ្ញាប័ត្រ តែប្រឡងចូលវិទ្យាល័យធ្លាក់។ឥឡូវមិនដឹងឲ្យទៅរៀនឯណាទេ។ប្រាក់ខែមិនគ្រប់គ្រាន់សោះ។មីងឯងចងការលុយគេចាយរាល់តែខែ ពិបាកណាស់…។
  • ខ្ញុំក៏អីចឹងដែរ។ខ្វះព្រឹក ខ្វះល្ងាច។ឲ្យប្រពន្ធទៅស្រែលក់អង្ករគ្រាន់នឹងទប់។
  • ពូសង្ឃឹមលើឆ្នោតណាស់សព្វថ្ងៃ។រាល់ថ្ងៃអាទិត្យ ពូទិញឆ្នោត៣សន្លឹក តែវាមិនដល់ម្តងសោះ។ឲ្យតែត្រូវចំហុកសិបម៉ឺន ពូមុខជាសង់ផ្ទះ ហើយឲ្យកូនទៅរៀនសាលាឈ្នួលទៀត…។
  • ខ្ញុំឈប់ចាប់ឆ្នោតផ្សងសំណាងជាងមួយឆ្នាំហើយ។អស់ជាងពីរឆ្នាំ ខ្ញុំបានប្រព្រឹត្តលេងឆ្នោតរាល់អាទិត្យ តែវាមិនដែលបៀតមួយលេខសោះ។មួយខែៗចាយទៅឆ្នោតជិត១០០រៀល។ជញ្ជាំងខ្ទមខ្ញុំពេញទៅដោយសន្លឹកឆ្នោតជាតិ…។
  • ចំណែកពូមិនដែលត្រូវសោះមែន តែមីងឯងដូចជាហេងជាងពូ គេត្រូវបានពីរលើកមួយពាន់ៗរៀល។ហេតុនេះហើយបានជាពូមិនទាន់អស់សង្ឃឹម ពូល្បងលេងទៀត…។
  • ខ្ញុំស្បថឈប់លេងហើយ។ខ្ញុំសន្សំលុយនោះយកទៅប្រើការផ្សេងវិញ។មួយខែជិត១០០រៀល។
  • យើងមិនចូលធ្លុងគ្នាទេ។ពូនៅតែលេងឆ្នោតជានិច្ច។មើល តើឯងសន្សំទុកដូចម្តេចកើត បើខ្វះច្រករាល់តែខែដូចនេះ។
  • ខ្ញុំចាយលុយនោះទិញសៀវភៅល្អៗយកមករៀន ខ្ញុំជាវកាសែតមើល…។
  • រៀនខ្មោចអី ចំណាស់ស៊ឹមឯងហើយ។វាអស់បានធ្វើលោកអ្នកនឹងគេហើយ ធុនយើងនេះ។
  • ខ្ញុំគ្មានចង់ធ្វើលោក-អ្នកទេ។ខ្ញុំចង់តែចេះដើម្បីឆ្ពោះទៅរកផ្លូវយុត្តិធម៌តែប៉ុណ្ណោះ។ខ្ញុំចង់ចេះដើម្បីការពារសិទ្ធិសេរីភាពខ្ញុំ កុំឲ្យគេបំពាន។ខ្ញុំចង់ចេះដើម្បីជួយពង្រឹង និងពង្រីកអព្យាក្រឹតភាព ឯករាជ្យ ប្រជាធិបតេយ្យប្រទេសយើង…។
  • ទាវាមិនដែលឡើងរានទេស៊ឹមអើយ ជឿពូចុះ។ពូបើកឡានតាំងពីជំនាន់បារាំងមក មិនដែលឃើញអ្នកបើកឡានណាឆ្កួតដូចស៊ឹមឯងទេ គិតមើលកាសែត គិតរៀននោះទេ… ឯងកុំចង់ចេះពេក ព្រោះអ្នកចេះមិនស្រួលទេ។
  • ហេតុអ្វីក៏ដូចនោះ?
  • តែចេះវារបេះក្បាច់។អាចារ្យហែម-ចៀវ វ័ណ្ឌកដោយសារចំណេះទេតើ។ឯងមិនចាំទេ បារាំងនិរទេសទៅកោះត្រឡាច ចោលឆ្អឹងនៅកោះកណ្តាលសមុទ្រ…
  • នោះជាន់ដើម យើងចំណុះបារាំង…។
  • ចុះឥឡូវ គ្មានគុកឬ? ចាងហ្វាងកាសែតច្រើនណាស់ សុទ្ធតែចេះអធិប្បាយក្បោះក្បាយដែរ…។អ្វី! ពូមិនចាំបាច់និយាយវែងទេ ឯងដឹងស្រាប់ហើយ។
  • ពូថាឲ្យអស់ទៅមើល។
  • តើនៅគុកប៉ុន្មានខែ ម្នាក់ៗ? ឯងចាំទេ?
  • បើដូចនេះ ចង់ឲ្យកូនពូឯងរៀនចេះធ្វើអ្វី? ចាំបាច់គិតព្រួយពីគ្មានសាលាឲ្យវារៀនធ្វើអ្វី?

ត្រង់ពាក្យសួរនេះ ពូសនបែបទាល់ហើយក៏បែរមើលមុខស៊ឹម សួរតបមកវិញ៖

  • មើលឯង បានរៀនអ្វីខ្លះ? ឯងមើលកាសែតអ្វីខ្លះ?
  • ខ្ញុំ ពីដើមជាវកាសែតសាមគ្គី ប្រជាជន ខ្មែរថ្មីទៅមុខ។បន្ទាប់មកខ្ញុំជាវកាសែតប្រជាជាតិ ប្រជាធិបតេយ្យ។លោកខ្ញុំឲ្យកាសែតសង្គមរាស្ត្រនិយមខ្ញុំមើល ឥឡូវខ្ញុំមើល “វត្តភ្នំ”។
  • ស៊ឹមឯងហ៊ានមើលកាសែតប្រជាជាតិ ប្រជាធិបតេយ្យ ប្រជាជនផង នៅស្រុកស្រែចំការ ឮគេថា គេហាមមិនឲ្យមើលកាសែតអស់នោះទេ។គេដៅសម្គាល់អ្នកមើល ស៊ឹមឯងប្រយ័ត្ន…។
  • ខ្ញុំគ្រាន់តែឮ តែខ្ញុំមិនទាន់ឃើញនរណាហាមម្តងសោះ ក្រៅពីពូឯងបំភ័យខ្ញុំនេះ ក្នុងការធ្វើអ្វីក៏ដោយ យើងត្រូវពិនិត្យហ្មត់ចង់ មិនត្រូវភ័យជ្រួលគ្មានចុងដើមទេ។
  • យើងត្រូវសួរជាមុន តើកាសែតទាំងនោះ នរណាឲ្យច្បាប់ចេញ ក្រែងរាជការឬ? បើដូចនេះ អ្នកដើរបំភ័យមិនឲ្យមើល មានពូសនជាដើម គឺសុទ្ធជាអ្នកបំផ្លាញច្បាប់ សេរីភាព សិទ្ធិប្រជាជនខ្មែរពេញទី។
  • កុំចេះពេក។ពូដាស់រំលឹកទៅ បែរជាចោទថា ពូរំលោភសេរីភាព សិទ្ធិទៅវិញ។ស៊ឹមឯងប្រយ័ត្ន កុំក្អេងក្អាងពេក…។
  • ពូសនៗ។បើកឡានមក។សម្លេងមួយបានចេញពីមន្ទីរធ្វើការ។

ពូសនរត់ចូលទៅក្នុងឡាន បញ្ឆេះម៉ាស៊ីន បើកឡានគាត់ទៅអែបជើងជណ្តើរ បន្ទាប់មកឡានម៉ាកអាមេរិកវែងបានលូនចេញទៅក្រៅ…។

បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »

រឿងស៊ឹមអ្នកបរឡាន (វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ)

  • ម៉ោងប៉ុន្មានហើយ? មកចាំខ្ញុំយូរហើយឬ? ម៉េងបានសួរទៅស៊ឹមដែលកំពុងតែឈរមើលម៉ាស៊ីនបូមដី នៅត្រង់ផ្លូវបែលហ្ស៊ិក និងផ្លូវស៊ីសុវត្ថិ។
  • មកមួយស្របក់ហើយ។ម៉ោង៨ជាងកន្លះហើយ។ព្រឹកនេះមេឃស្រទំជាប់។
  • ខ្ញុំមិនយឺតទេ បើដូចនោះ តស់យើង ទៅផ្ទះមីងប្រេម។
  • ផ្ទះគាត់នៅឆ្ងាយពីទីនេះឬ?
  • នៅឆ្ងាយដែរ។នៅកន្លែងគាត់ធ្វើការឯណោះ។អាទិត្យមុនគាត់នៅខាងលិចម៉ាស៊ីននេះចម្ងាយប្រហែល២០០ម៉ែត ជាមួយនឹងគូលីរទេះភ្លើងចាក់ដី។ក្រុងយើងត្រូវតុបតែងកាយទទួលជនបរទេស មកមើលបុណ្យ ម៉្លោះហើយ មីងប្រេម និងក្រុមគាត់ក៏ត្រូវបែកគ្នាចេញពីទីនេះ…។ណ្ហើយ កុំមើលម៉ាស៊ីនយូរពេក យើងត្រូវឆាប់ទៅ កុំឲ្យមីងប្រេមទន្ទឹងមើលផ្លូវ…។

ថាហើយម៉េង និងស៊ឹមបានឡើងកង់មួយម្នាក់ ជិះតាមផ្លូវបែលហ្ស៊ិកទៅឯជើង ម្ភៃនាទីក្រោយមកគាត់បានចូលទៅក្នុងភូមិមួយ មានផ្ទះពីរខ្នងធំៗ សង់មិនទាន់ហើយ។ម៉េងបាននាំស៊ឹមដើរសំដៅទៅពពួកខ្ទមគូលី ហើយចង្អុលប្រាប់ស៊ឹមថា៖

  • ស៊ឹម នេះផ្ទះមីងប្រេម។ឃើញគាត់ទេ កំពុងតែរៀន…។

ម៉េង និងស៊ឹមបានទៅដល់ផ្ទះមីងប្រេម។គេបានសួរសុខទុក្ខគ្នារួចហើយ មីងប្រេមអញ្ជើញភ្ញៀវឲ្យចូលទៅក្នុងខ្ទមគាត់ដែលចុះតែកូនគ្រែតូចមួយ។គ្រែនេះជាកន្លែងដេករបស់មីងប្រេម នាងប្រុញ និងអាប្រាជ្ញកូនតូចគាត់។គ្រែនេះជាកន្លែងទទួលភ្ញៀវ ហើយនៅពេលភ្ញៀវចេញ គ្រែនេះក៏ក្លាយទៅជាកន្លែងបាយទៀត។នៅក្រោមគ្រែមានឆ្នាំងដី ពាងក្រឡ លាយឡំចម្រុះនឹងចានគ្រើមបីបួន។មីងប្រេមបានហៅនាងប្រុញឲ្យយកអាប្រាជ្ញមកឲ្យគាត់ ហើយបង្គាប់ឲ្យរកថ្នាំដាក់ជូនម៉េង និងស៊ឹម។បន្ទាប់មកគាត់និយាយ៖

  • ស្មានតែមិនអញ្ជើញមក ខ្ញុំចាំមើលផ្លូវតាំងពីព្រឹក…។
  • មិនមកឯណាបាន ខ្ញុំនឹកមីងណាស់។ស៊ឹមបានតប។មីងរៀនចេះច្រើនហើយ មើលទៅបែបឧស្សាហ៍…។
  • មិនទាន់ចេះទេ ទើបតែរៀនដល់បំបែក។តាំងពីខ្ញុំស្តាប់អ្នកនិយាយយប់ថ្ងៃសៅរ៍មក ខ្ញុំបានឆ្លៀតរៀនជាប់។នាងប្រុញក្មួយខ្ញុំមើលសៀវភៅដាច់ខ្លះ វាបានរៀនដល់ថ្នាក់ទី៣នៅស្រុកខ្ញុំ។រាល់យប់វាបានដាក់ច្បាប់ឲ្យខ្ញុំ… ខ្ញុំរៀនទៅទៀត។
  • យើងដើរផ្លូវត្រូវហើយ។ម៉េងបានបន្ថែម។
  • វិញ្ញាណខ្ញុំ វាមិនមូលក្នុងការរៀនសូត្រសោះ។វាប្រេះបែកខ្ញែកមួយរយជំពូក។មីងប្រេមបានថ្លែងទុក្ខ។ខ្ញុំពិបាកជាប់ ព្រួយជាប់ ពិបាកកាយ ដោយខ្ញុំមិនសូវជាពិបាកចិត្តដោយមិនដឹងជាទៅនៅឯណាប្រាកដ ដល់អស់ការធ្វើនៅទីនេះ។
  • មីងគ្មានបងប្អូនទេឬ នៅភ្នំពេញ? ស៊ឹមបានសួរ។
  • មានដែរ តែឯងក្រមិនហ៊ានទៅបៀតគេឡើយ។អាប្រាជ្ញកើតមកបានជិតមួយខួប ប្តីខ្ញុំត្រូវគ្រាប់ស្លាប់នៅឱកាសដែលបារាំងទៅព័ទ្ធភូមិដុតផ្ទះអស់ពីរខ្នង។អាកូនបងខ្ញុំបាន១៨ឆ្នាំ ពេលនោះភ័យពេក រត់បាត់ទៅ មិនដឹងជាស្លាប់ឬរស់ទេ។ខ្ញុំចេញពីភូមិកំណើតជិតបួនឆ្នាំហើយ… ពិបាកណាស់នៅស្រែនោះ…។
  • មកភ្នំពេញមីងនៅឯណា?
  • ខ្ញុំនៅស៊ីឈ្នួលគេក្នុងគ្រួសារ។ខ្ញុំបម្រើគេ យកតែបាយចិញ្ចឹមអាប្រាជ្ញខ្ញុំ កាលនោះវាមានអាយុជាងមួយខួប។
  • មីងចេញមកធ្វើគូលីហាងយូរហើយ?
  • ចាស៎ ជាង៦ខែហើយ។តាំងពីមីក្មួយខ្ញុំនេះ វាមកនៅជាមួយ។មីនេះ ម៉ែឪវាស្លាប់ចោលអស់ទៅ រកអ្វីរៀនគ្មាន បានជាវារត់មកនៅជាមួយខ្ញុំ។វាទើបតែបានអាយុ១៣ឆ្នាំ…។ពិបាកណាស់ឯងក្រនោះ។គ្មាននរណាមើលឃើញឡើយ។ឥឡូវខ្ញុំនៅតែសម្បកខ្លួនប៉ុណ្ណឹងទេ។ថ្ងៃណាឈឺធ្វើការមិនកើត មុខជាដាច់ពោះហើយ។មិនដឹងជារកស៊ីអ្វីឲ្យបានសល់ទុកដាក់នឹងគេឡើយ ធ្វើការញើសជាទឹក នៅតែខ្វះជានិច្ច។មួយរៀលច្រៀកជាមួយរយចំរៀក នៅតែខ្វះទៀត។ប្រាក់បើកថ្ងៃសៅរ៍មិនដែលសល់ដល់អង្គារទេ។ទំនិញសព្វគ្រប់ឡើងថ្លៃ…។បើចេះតែយ៉ាប់ទៅៗដូចនេះ តើយ៉ាងណាទៅ។ណាអាណិតមីប្រញមិនទាន់ដល់អាយុផង ក៏ខំមកកាប់ជញ្ជូនដីនឹងគេ។
  • មានតែយើងទេដែលចេះស្គាល់ទុក្ខវេទនាក្រុមយើង។ស៊ឹមបានកាត់។
  • មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរកាន់ជើងយើង។ម៉េងបានបន្ថែម។
  • មានអ្នកចេះ អ្នកធំ អ្នកមានខ្លះដែរ តែចំនួនតិចតួចណាស់។ស៊ឹមបានប្រកែក។សំខាន់គឺយើងត្រូវពឹងលើកកម្លាំងយើង ដូចជានៅក្នុងកន្លែងធ្វើការនេះដែលមានគូលីជាប់១០០នាក់ យើងត្រូវចាត់តាំងបង្ហាត់បង្រៀនគ្នាឲ្យចេះរៀនសូត្រ ឲ្យចេះមើលកាសែត។នៅស្រុកប្រជាធិបតេយ្យពិតប្រាកដ ក្នុងហាងដូចជាយើងនេះ សុទ្ធតែមានសមាគម ឬសហជីពការពារក្រុមអ្នកធ្វើការ ហើយដឹកនាំអ្នកធ្វើការឲ្យចេះការពារកម្លាំងរបស់ខ្លួន…។រាល់ជាង រាល់គូលី សុទ្ធតែបានមើលកាសែតចេះដឹងរឿងនយោបាយក្នុងស្រុក និងក្រៅស្រុក…។
  • ក្រជិតងាប់ មាត់ជិតស្លាប់ មានលុយមានពេលឯណាទិញកាសែតមើល។មីងប្រេមបានប្រកែក។
  • បើម្នាក់ៗស្ម័គ្រចិត្តសន្សំប្រាក់កាក់មួយអាទិត្យ ចូលទិញកាសែតក្នុងកន្លែងយើងនេះ យើងអាចទិញកាសែតមួយថ្ងៃៗ បានពីរសន្លឹក ហើយនៅសល់ទិញសៀវភៅចែកគ្នាមើល ឬជួយអ្នកឈឺថ្កាត់ខ្លះទៀតផង…។
  • យើងកំពុងតែគិតដែរ រឿងនេះ។ម៉េងបានតប។ឥឡូវជាង និងគូលីចូលចិត្តនិយាយពីការរស់នៅ ពីសមាគមណាស់…។បើស៊ឹមឯងចង់ស្គាល់ពួកយើងប្រែខុសពីដើមយ៉ាងណា សូមមកលេងថ្ងៃធ្វើការ ពេលនេះកាន់តែថ្ងៃហើយ យើងល្មមលាមីងប្រេម។

ស៊ឹមបានចោលភ្នែកមើលនាឡិកាដៃ គាត់លោជាភ្ញាក់លាន់មាត់ថា “យី ម៉ោងជិត១១ហើយ ថ្ងៃហើយ តស់យើងទៅម៉េង! ថ្ងៃក្រោយសឹមជួបទៀត តែសូមមីងបន្តការរៀនសូត្រទៅទៀត។ស្រុកយើងចម្រើន ទាល់តែមីង ទាល់តែយើងទាំងអស់គ្នាមានផ្ទះ មានសម្លៀកបំពាក់គ្រប់គ្រាន់ឡើង” ។

បានចុះផ្សាយក្នុង រឿងស៊ឹមអ្នកបរឡាន. Leave a Comment »