រឿងមហាភារតយុទ្ធ ភាគទី១៖សេចក្ដីឫស្យានៃញាតិ

ក្នុង​យុគ​ជា​ដំបូងនៃ​ប្រជា​វតា​របស់​លោក ក្នុង​ប្រទេស​ឥណ្ឌាភាគ​លើ មាន​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា សាន្តនុ ជា​ពូជ​ពង្ស​វង្ស​ព្រះ​ចៅ​ភរត ដែល​ជា​ឱរស​របស់​ព្រះ​ចៅ ទុសយន្ត និង​នាង សកុន្តលា ជា​បរម​ក្សត្រិយ៍ ដែល​ល្បីល្បាញ​ព្រះ​កិត្តិនាមជាង​ព្រះ​ចៅ សាន្តនុ ក្សត្រិយ៍​អង្គ​នេះ ទ្រង់​រក្សា​រាជ​ប្រវេណី នៃ​ប្រយូរវង្ស​របស់​ព្រះ​អង្គ​ទុក​ដោយ​ប្រពៃ យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ពេចពិល​រមិល​មើល សុខ​ទុក្ខ​របស់​ប្រជា​រាស្ត្រ ដោយ​ការុណ្យ​ចិត្ត​ជា​យ៉ាង​ក្រៃពេក អ្នក​នគរ​ស្មោះ​សរ​ស្រឡាញ់​ព្រះ​អង្គ ហាក់​បី​ដូចជា​ដួង​ហឫទ័យ​របស់​គេ រាប់អាន​តម្កុំកម្កើង​លើក​ឡើង​បូជា​ព្រះ​អង្គ បីដូច​ទេពតា​ក្នុង​សួគ៌ាល័យ រាជ​សត្រូវ​ស្ញប់ស្ញែង​ក្រែង​ព្រះ​តេជ​បារមី ដូច​កល​ខ្លាច​ស្ដេច​ខ្មោច​ក៏​ប្រហែល​គ្នា ព្រះ​ចរិយា​វត្ត​ដែល​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​យ៉ាង​រាស្ត្រ​អ្នក​ជា មិន​បាន​ប្រកាន់​ព្រះ​អង្គ កាន់​យក​តែ​យុត្តិធម៌ គឺ​សេចក្ដី​ជា​អ្នក​បរិសុទ្ធ​ប្រាស​ចាក​មន្ទិល និង​ពាក្យ​ដំនៀល​និន្ទា​ព្រះ​អាណា​សោត​ក៏​រឹងរឹត​រុងរឿង​បីដូច​សូរ្យ័ង្សី ។

សេចក្ដី​ស្ងប់​ក្នុង​ប្រទេស និរាស​ភ័យ​អរិរាជ​សត្រូវ និរាស​សេចក្ដី​រន្ធត់​នេះ​ឯង ជា​អាការ​ដ៏​សំខាន់​នៃការ​តាំង​នៅ​បាន​នៃ​ជាតិ និង​ពាណិជ្ជ​កម្ម​សព្វ​សារពើ​ដែល​ជា​លាន​ធំ សម្រាប់​ធ្វើ​ឲ្យ​ធន​សម្បត្តិ​ក្នុង​ប្រទេស​ដំណើរ​ឡើង​ទៅ​កាន់​សេចក្ដី​ចម្រើន ព្រះ​អង្គ​ជា​អ្នក​គ្រង​រាជ​នេះ ក៏​បាន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​មើល​រាល់​វេលា ទ្រព្យ​សម្បត្តិ​ក៏​សម្បូណ៌​ឡើង​ក្នុង​ព្រះ​នគរ ទ្រង់​ជ្រះ​ថ្លា​ក្នុង​សាសន​កិច្ច សម្បូណ៌​ដោយ​ទស្សនៈ និង​មតិ ទ្រង់​ប្រើ​សេចក្ដី​គិត​អាន​កាញ់​គ្នេ ដោយ​យោបល់​តាម​មតិ​របស់​ជាតិ​ផ្សេង ៗ ឬ​របស់​គណៈ របស់​បុគ្គល​ឯក​ជន ទ្រង់​ចាត់​តាំង​របៀប​សមាគម និង​ទំនៀម​ជា​ប្រវេណី​គតិ​ទុក​រៀបរយ របស់​អំបាល​នេះ​ជា​ធម្មតា​ប្រចាំ​នៅ​ក្នុង​រាជ​អាណា​ចក្រ​ដ៏​ធំ​នេះ​ទួទៅ គ្មាន​អ្នក​ណា ១ ស្គាល់​ឡើយ​ថា​គ្រប់គ្រង​ដូច្នេះ ៗ ខុស​គន្លង​ធម៌ ទាំង​ទារុណ​កម្ម​ក្ដី អធម្មិក​រាជ​ក្ដី អយុត្តិ​ធម៌​ក្ដី គ្មាន​អ្នក​ណា​ស្គាល់​ថា​មុខ​មាត់​វា​យ៉ាង​ម៉េច ប្រជា​រាស្ត្រ​រាល់​គ្នា មាន​សេចក្ដី​ភក្ដី និង​ពេញ​ចិត្ត​ណាស់​ដែល​បាន​ម្ចាស់​សម​គួរ ជា​ប្រមុខ​មក​សោយរាជ្យ​ដូច្នេះ ។

ព្រះ​ចៅ សាន្តនុ ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ ទាល់​តែ​ជរា​ភាព​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម វិចិត្រ​វិរយ ជា មកុដ​កុមារ​រជ្ជទាយាទ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​មក ក្សត្រិយ៍​នេះ មាន​ឱរស​ពីរ​អង្គ នាម ធ្ឫត​រាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាល​ព្រះ​អង្គ​ទិវង្គត​បង់​ទៅ​ហើយ ក៏​កើត​ជា​បញ្ហា​ចោទ​គ្នា​ឡើង​ថា នឹង​លើក​លោក​អង្គ​ណា​សោយរាជ្យ នេះ​ជា​រឿង​ដ៏​ជ្រៅ​សុខុម កម្រ​និង​ទម្លុះ​ទម្លាយ​ទៅ​បាន ព្រោះ​ថា ធ្ឫត​រាស្ត្រ ជា​រាជ​បុត្រ​ច្បង បើ​តាម​ព្រះ​វេណី​ត្រូវ​បាន​រាជ​សម្បត្តិ តែ​ខ្វាក់​បង់​អំពី​កំណើត ហេតុ​ដូច្នោះ​រាជ​សម្បត្តិ ទើប​ធ្លាក់​ទៅ​លើ បណ្ឌុ ជា​អនុជ​វិញ ព្រម​គ្នា​អញ្ជើញ បណ្ឌុ ឡើង​គ្រង​ពិភព ។

កាល បណ្ឌុ ឡើង​សោយរាជ្យ​មក មិន​យូរ​ប៉ុន្មាន​ក៏​ទ្រង់​រាជ​តម្រិះ​នឹង​ស្ដេច​ចេញ​ទៅ​នៅ​ព្រៃ សព្វ​ព្រះ​ហឫទ័យ​គ្រង​ជីវិត​នៅ​ដោយ​សេចក្ដី​វិវេគ​វិញ​ប្រសើរ តែ​មិន​មាន​បន្ទូល​ឲ្យ​អ្នក​ឯ​ណា​និមួយ​ដឹង ព្រោះ​ក្រែង​រាជ​បរិពារ​ទាំងឡាយ​មិន​យល់​ព្រម តែ​ក្នុង​ព្រះ​ហឫទ័យ​ក៏​នៅ​តែ​បំណង​ដូច្នេះ​ខ្ជាប់​មិន​ចេះ​អស់ មិន​ចេះ​ហើយ ក្នុង​ទី​បំផុត ក៏​ឲ្យ​កើត​នឿយណាយ​ដោយ​តូរ្យ​តន្ត្រី ដែល​ចោម​រោម​ជុំ​វិញ​រាជ​បល្លង្ក​រាល់​វេលា ទើប​ស្ដេច​ដាក់​រាជ​សម្បត្តិ​ចេញ​ចាក​ព្រះ​នគរ ពនេចរ​ទៅ​នៅ​ព្រៃ នាំ​យក​ទាំង​មហេសី​សម្លាញ់​ទៅ​ផង លុះ​កាល​កន្លង​យូរ​មក ព្រះ​រាជា បណ្ឌុ ក៏​ទិវង្គត​ក្នុង​ដំណាក់​ព្រៃ ឬ អាស្រម​នោះ​ឯង មាន​ឱរស ៥ អង្គ ទ្រង់​នាម យុធិស្ឋិរ ល្បី​នាម​ជា​អ្នក​ធ្ងន់​ក្នុង​សច្ចៈ និង​សទ្ធា​ជ្រះ​ថ្លា ភីម ល្បី​នាម​ថា​ទ្រង់​នៅ​ព្រះ​កាយ ពលមហិមា ខុស​នឹង​មនុស្ស​ធម្មតា មនុស្ស​ញញើត​ទួទៅ អរជុន ល្បី​នាម​ថា មាន​ថ្វី​ដៃ​ក្នុង​យុទ្ធ​វិធី និង​ការ​ប្រើ​អាវុធ នកុល និង សហទេព មួយ​គូ​នេះ​ជា​កូន​ភ្លោះ​ប្ងូន​បន្ទាប់​និង​អរជុន ។

កាល​ដំណឹង​ទិវង្គត​នៃ​ព្រះ​ចៅ បណ្ឌុ ឮ​ទៅ​ដល់​ព្រះ​នគរ អ្នក​នគរ​បាន​ពាក់​គ្រឿង​កាន់​ទុក្ខ​ថ្វាយ​តាម​ប្រវេណី នឹង​នាំ​គ្នា​យំ​សោក​សម្ដែង​អាការ​ស្ដាយ​ព្រះ​អង្គ ហាក់​បី​ដូច​ជា​ញាតិ​របស់​គេ​ម្នាក់​ស្លាប់​ទៅ​ដូច្នោះ ព្រះ​ញាតិ​វង្ស​ព្រម​ដោយ​រាជ​បរិពារ​បាន​នាំ​គ្នា​ទៅ​អញ្ជើញ​ព្រះ​នាង​ដ៏​ជា​វិធរា និង បាណ្ឌព​កុមារ ទាំង ៥ អង្គ ត្រឡប់​ចូល​មក​កាន់​ក្រុង​ហស្ដិន​បុរ​វិញ ឲ្យ​សំណាក់​នៅ​ក្នុង​វាំង​ព្រះ​ចៅ ធ្ឫត​រាស្ត្រ (ក្សត្រិយ៍​ខ្វាក់) ចំណែក​ឯ​ឱរស​ទាំង ៥ របស់​ព្រះ​នាង ធ្ឫត​រាស្ត្រ ជា​បិតុលា ក៏​ទ្រង់​ឧបត្ថម្ភ​ឲ្យ​រៀន​សូត្រ​សិល្ប​សាស្ត្រ​ផ្សេង ៗ ជា​មួយ​នឹង​ឱរស​របស់​ព្រះ​អង្គ មាន ទុរយោធន៍ ជាដើម ។

កាល​រាជ​កុមារ​បង​ប្អូន​ទាំង ៥ អង្គ ចម្រើន​វ័យ​ធំ​ឡើង រូប​រាង​សក្ដិ​សម ទ្រូង​សាយ អវៈយវៈ ទាំង​ពួង​បាន​លក្ខណៈ​គ្រប់​យ៉ាង​ទាំង​ដំណើរ​យាត្រា និង​កិរិយា​មារយាទ​ក៏​ល្អ​មាន​រាសី ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នគរ​នឹក​សង្ឃឹម​ក្នុង​ព្រះ​រាជ​កុមារ​ទាំង ៥ ទ្វេរ​ចំនួន​ច្រើន​ឡើង​ដោយ​លំដាប់ គុណ​សម្បត្តិ​ជា​ទី​និយម​នៃ​ប្រជុំ​អនេក​និករជន ក្នុង​ព្រះ​រាជ​បិតា បាន​ឆ្លាក់​មក​ជា​មត៌ក​ដល់​ព្រះ​រាជ​កុមារ​ទាំង ៥ ពេញ​បន្ទុក យ៉ាង​ព្រះ​វររាជ​បិតា តែ​គុណ​សម្បត្តិ​ទាំង​នេះ​ត្រឡប់​ទៅ​ជា​របស់​ស្លែង ធ្វើ​ឲ្យ ទុរយោជន៍ ព្រម​ទាំង​បង​ប្អូន និង​បក្ស​ពួក​របស់ ទុរយោជន៍ នាំ​គ្នា​ឫស្យា​ក្នុង បាណ្ឌព​កុមារ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​ផង​គ្នា​ជា​យ៉ាង​ក្រៃពេក ។

ព្រះ​កុមារ​ទាំង ៥ បាន​សិក្សា​ការ​ប្រើ​អាវុធ​ផ្សេង ៗ រាល់​ថ្ងៃ​ក្នុង​រាជ​សេដ្ឋា​វិជ្ជា គឺ​ការ​ប្រើ​ធ្នូ​សរ ការ​ប្រើ​រថ​សឹក ការ​កាប់​ដាវ​និង​ដាវ ពួយ លំពែង គុន ដាល់ និង​ហាត់​វិជ្ជា​យ៉ាង​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង ដែល​ជា​ភាគ​នៃ​រាជ​វត្ត ឬ​ការ​ហាត់​សម្រាប់ ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ក្នុង​សម័យ​នោះ​យ៉ាង​ស្ទាត់ គ្រូ​អ្នក​បង្វឹក​បង្ហាត់​រាជ​កុមារ អំបាល ជា​ព្រាហ្មណ៍​មាន​ត្រកូល​នាម ទោណ អាចារ្យ​ជា​ប្រាជ្ញ​មាន​គុណ​គួរ​រាប់អាន មាន​មុខងារ​ជា​អ្នក​ប្រិតប្រៀន​វិជ្ជា​ទាហាន ដល់​ក្សត្រិយ៍​គ្រប់​អង្គ​ក្នុង​ត្រកូល​នោះ ។

ទោណ​អាចារ្យ ត្រូវ​ជា​មា​ព្រះ ធ្ឫត​រាស្ត្រ កំណត់​ទុក​ថា កាល​រាជ​កុមារ អំបាល នេះ រៀន​យុទ្ធ​វិទ្យា​ចេះ​ស្ទាត់​ហើយ នឹង​បាន​ជា​កម្លាំង​ជួយ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាល​នគរ ដែល​ជា​រាជ​សត្រូវ​នឹង​ព្រះ​អង្គ​មក​អំពី​ថ្ងៃ​មុន ។

ទោណ​អាចារ្យ យក​ចិត្ត​ទុក​ដាក់​ប្រៀន​ប្រដៅ ហើយ​ស្រឡាញ់​ប្រណី បាណ្ឌ​កុមារ ទាំង ៥ ជា​សិស្ស​ច្រើន ការ​រៀន​គ្រា​នោះ អរជុន​មាន​ចំរឿន​លឿន​ទៅ​មុខ​បង​ប្អូន​ពោះ​មួយ និង​បង​ប្អូន​ជីដូន​មួយ​ទាំងអស់ ក្នុង​ផ្លូវ​វិទ្យា​អ្នក​ចម្បាំង មាន​សតិ​បញ្ញា​ស្រួច​ជាង​គេ ហើយ​ជា​អ្នក​ធ្ងន់​ក្នុង​ហិរិឱត្តប្ប ប្រដៅ​ជឿ​ស្ដាប់​ងាយ​ជាង​បង​ប្អូន​ទាំង​ពួង ការុណ្យ​ចិត្ត​ដែល ទោណ​អាចារ្យ សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដូច្នេះ ធ្វើ​ឲ្យ ទុរយោជន៍ ទ្វេរ​សេចក្ដី​ឫស្យា​ក្នុង​កុមារ​ទាំង ៥ ថែម​ឡើង​ទៀត​ជាច្រើន​ហើយ​និង​ឫស្យា​ស្អប់ អរជុន ដែល​មាន​ថ្វី​ដៃ​ពូកែ​ជា​បំផុត ។

លុះ​កុមារ អំបាល នោះ រៀន​វិជ្ជា​ទាហាន​ចេះ​ចប់​បរិបូណ៌​ហើយ បាន​មាន​ការ​ប្រឡង​ថ្វី​ដៃ​កុមារ​អ្នក​ចម្បាំង​អំបាល​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​នាំ​គ្នា​មក​កាន់​ទី​ប្រជុំ ដើម្បី​មើល​ការ​ប្រឡង បាន​ទះ​ដៃ​សម្ដែង​សេចក្ដី​ត្រេកអរ ឮ សូរ​សព្ទ​ទ្រហឹង​អឺងកង ពួក​អ្នក​ប្រឡង ក៏​ចូល​ប្រឡង តាំង​ចិត្ត​ប្រឹងប្រែង​សម្ដែង​ថ្វី​ដៃ​យ៉ាង​ពេញ​កម្លាំង តែ​មិន​យូរ​ប៉ុន្មាន​ការ​ប្រឡង​នោះ មិន​ត្រឹម​តែ​សាក​ចំណេះ​វិជ្ជា ឬ សម្ដែង​ឲ្យ​ល្អ​មើល ទាំង​សង​ខាង​បណ្ដាល​ទោស​ខ្លាំង​ឡើង ក៏​ស៊ូ​គ្នា​តែ​មែនទែន ទុរយោជន៍ ចាប់​តស៊ូ​គ្នា​នឹង ភិម គូ​បដិបក្ស​ទាំង​ពីរ​នេះ បាន​ចូល​ប្រឡូក​តយុទ្ធ​គ្នា​យ៉ាង​ពេញ​ថ្វី​ដៃ​ទាំង​សង​ខាង​ក៏​រឹត​តែ​បណ្ដាល​ទោស​ខ្លាំង​ឡើង ៗ ស្ទើរ​តែ​នឹង​ហុត​ឈាម​ទៅ​វិញ​ទៅ​មក គ្រា​នោះ​មាន​មនុស្ស​ចូល​ទៅ ហាម​ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជា និង ទោណ​អាចារ្យ ជា​គ្រូ​ធំ ទើប​ក្រោក​ចេញ​ទៅ វេលា​រសៀល​ថ្ងៃ​នោះ មាន​អ្នក​ចម្បាំង​ប្លែក​មុខ ចូល​មក​ក្នុង​ទី​ប្រឡង​ម្នាក់​ទៀត​ឈ្មោះ​ថា កណ៌ តែ​ជា​ត្រកូល​ដូចម្ដេច​គ្មាន​អ្នក​ណា​ដឹង​ស្គាល់ បាន​ចូល​មក​ចាប់​គូរ​តស៊ូ​គ្នា​និង អរជុន ដែល​ជា​អ្នក​ក្លៀវក្លា​សំខាន់​សម្ដែង​ស្នាដៃ​ឲ្យ​អ្នក​មើល​ទាំងឡាយ​ឃើញ​ថា ខ្លួន​គេ​ជា​គូ​គួរ​គ្នា​នឹង អរជុន ទុរយោជន៍ ឃើញ​កម្លាំង​ស្នាដៃ កណ៌ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ណាស់ ឲ្យ​នាំ​ខ្លួន​ចូល​ទៅ​គាល់​ឯ​វាំង ប្រទាន​រង្វាន់​ជា​ច្រើន ហើយ​ទ្រង់​ជប់លៀង​ទុក​ជា​ទាហាន​របស់​ព្រះ​អង្គ ។

ការ​ប្រឡង​ថ្វី​ដៃ​គ្រា​នេះ​ជា​ហេតុ​រុក​រុញ ទុរយោជន៍ ឲ្យ​កើត​សេចក្ដី​ឫស្យា​ក្នុង បោណ្ឌ​កុមារ ណាស់​ឡើង ដោយ​ហេតុ​ដែល​ទទាក់​ទទួល​មនុស្ស​មាន​ជាតិ​ដ៏​ថោក​ទាប ដូច​យ៉ាង កណ៌ ទុក​នេះ​ក៏​ស្មើ​ដូច​ជា​យក​ឲ្យ​មក​បង់​ចុះ​ក្នុង​គំនរ​ភ្លើង ឬ​ថែម​ចំណី​ឲ្យ​ភ្លើង​ក៏​ប្រហែល​គ្នា រមែង​ពោល​អួត​ខ្លួន ហើយ​ញុះញង់​បង​ប្អូន ឬ មិត្ត​សម្លាញ់​របស់​គេ​ឲ្យ​បែក​គ្នា ។

កុមារ​ទាំង ៥ បង​ប្អូន​ជា​អ្នក​កំព្រា​បិតា បាន​សេចក្ដី​ចង្អៀត​ចង្អល់​ក្ដៅ​ក្រហាយ​ជា​រាល់​ថ្ងៃ តែ​ក៏​ទ្រាំ​អត់​សង្កត់​សេចក្ដី​ប្រមាទ និង​សេចក្ដី​មើល​ងាយ​គ្រប់​ប្រការ ទាំង​ក្នុង​ព្រះ​រាជ​ស្ថាន ទាំង​ក្នុង​ទី​ប្រជុំ មាន​កណ្ដាល​ថ្នល់​ជាដើម​មិន​ត​តប​វិញ មើល​ទៅ​មិន​ខុស​អី​នឹង​ឆ្កែ ឬ ឆ្មា ដែល​ជា​សត្វ​តិរច្ឆាន​នោះ​ឡើយ ធ្ឫត​រាស្ត្រ ទ្រង់​ជ្រាប​ការ​ប្រមាទ​ព្យាបាទ មើល​ងាយ​របស់ ទុរយោជន៍ ដោយ​ប្រាជ្ញា​ញាណ ដ៏​ជា​អ្នក​ឆ្លាស​ក្នុង​រដ្ឋ​ប្រសាសនោបាយ ហើយ​ទ្រង់​ក៏​ឲ្យ​បន្លែង​ឋាន​ក្មួយ​ទាំង ៥ ឲ្យ​ទៅ​នៅ​ឯ​វារណាវ័ត ទោះ​បី​ម្លឹងហើយ ទុរយោជន៍ ជា​មនុស្ស​ប្រកប​ដោយ ប្រទុស្ត​ចិត្ត​ជា​ប្រក្រតី ក៏​មិន​បណ្ដាល​ឲ្យ​កុមារ​ទាំង ៥ នៅ​ជា​សុខ​បាន​ឡើយ នៅ​តាម​ទៅ​បៀតបៀន​ទៀត គឺ​ទ្រង់​ឲ្យ​សាង​វាំង ១ ធំ ប្រកប​ដោយ​ក្រមួន​ជ័រ​ស្រល់ ជ័រ​ទឹក និង​វត្ថុ​ដទៃ​ទៀត​ដ៏​ជា​ចំណី​ភ្លើង ហើយ​យក​កំបោរ​បូក​ពី​ក្រៅ​យ៉ាង​ស្និទ្ធ ឲ្យ​មើល​ឃើញ​ដូច​យ៉ាង​ឥដ្ឋ​និង​សិលា ដើម្បី​អញ្ជើញ​កុមារ​ទាំង ៥ ឲ្យ​ទៅ​នៅ ដេល​សាង​ឡើង​ដូច្នេះ ដោយ​ចេតនា​បំណង​នឹង​បំផ្លាញ បោណ្ឌ​កុមារ ដោយ​អគ្រនី តែ​នៅ​មាន​អ្នក​អាណិត​គឺ​វិទូរ (ជា​ឱរស​នៃ​គុរុ) ជា​អ្នក​មាន​សតិ​បញ្ញា​វាងវៃ បាន​ខ្សឹប​ប្រាប់​ដំណឹង​នេះ​ឲ្យ​កុមារ​ទាំង ៥ ដឹង​ខ្លួន​ជា​មុន លុះ​សាង​មន្ទីរ​ស្រេច ទុរយោជន៍ ក៏​អញ្ជើញ​កុមារ​ទាំង ៥ ភាតា ឲ្យ​ទៅ​អាស្រ័យ​នៅ​ក្នុង​វាំង​ថ្មី​នោះ ដោយ​អាង​ហេតុ​ថា ក្នុង​ព្រះ​មហារាជ​វាំង​គ្មាន​ដំណាក់​នឹង​នៅ​ឲ្យ​គ្រប់​គ្នា ។

វេលា​គ្រោះ​អាក្រក់​មក​ដល់ ក្នុង​រាត្រី​កាល ១ នោះ​យប់​ងងឹត​ពពក​ខ្មៅ​មីរដេរដាស បិទ​បាំង​អាកាស​មើល​មិន​យល់​អ្វី អ្នក​ស្រុក​កំពុង​ដេក​លក់​សព្វ​រាល់​ផ្ទះ​សម្បែង​ស្ងាត់​ច្រៀប គ្មាន​មនុស្ស​ដើរ​ទៅ​មក តាម​ថ្នល់​ហ្វូង​ដល់​ម្នាក់​ឡើយ ខណៈ​នោះ​វាំង​ធំ​ដែល​សាង​ឡើង​ថ្មី ក៏​ស្រាប់​តែ​លេច​អណ្ដាត​ភ្លើង​ភ្លឺ​សន្ធោ​ឡើង ឮ សន្ធឹក​ផូងផាំង ៗ មួយ​ស្របក់ វាំង​ថ្មី​នោះ ក៏​ទ្រោម​ទៅ​ជា​ផះ​អស់ បោណ្ឌ​កុមារ ក៏​មិន​ឥត​គំនិត ឬ ធ្វេស​ប្រហែស​ក្នុង​រឿង​នេះ បាន​ទ្រង់​ជ្រាប​រហស្ស​កម្ម​មក​យូរ​ថ្ងៃ​ជា​មុន​ហើយ ទើប​បលាយនាការ​គេច​វះ អំពី​អគ្គីភ័យ​ទៅ​តាម​ផ្លូវ​ក្នុង​ដី ផុត​ភ្នែក ទុរយោជន៍ និង​អ្នក​ដទៃ គ្មាន​អ្នក​ណា​ដឹង​យល់​គ្រា​នោះ ទុរយោជន៍ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​ទម្លាយ​គូ​សត្រូវ​បាន​សម្រេច​ដូច​ប្រាថ្នា ទំនង​ដូច​គ្នា​នឹង​ពាល​រាជា ១ អង្គ​ទៀត ក្នុង​បុរាណ​សម័យ​បាន​ទ្រុង​ខ្លុយ​ឆ្វេក ៗ ក្រសាល​លេង​ជា​ទី​រីករាយ​កោមល​ហឫទ័យ​ក្នុង​ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​ផូងផាំង​នោះ​ឯង ។

កម៌ មុខ​គួរ​ស្ញែង ដែរ ទុរយោជន៍ បាន​ធ្វើ​ទៅ​ដោយ​ប្រទុស្ត​ចិត្ត​គ្រា​នេះ ជា​គ្រឿង​សម្ដែង​បំភ្លឺ​ឲ្យ​បណ្ដា​រាស្ត្រ​ទួទៅ​ដឹង​បាន​យ៉ាង​ច្បាស់​ថា គិត​នឹង​ដុត បោណ្ឌ​កុមារ ច្បង គឺ យុធិស្ឋិរ ដើម្បី​យក​រាជ​សម្បត្តិ​ជា​សិទ្ធិ​ដាច់​ខាត មក​ជា​របស់​ខ្លួន​ទាំង​មូល ទុរយោជន៍ បាន​គិត​បិទ​បាំង​រហស្ស​កម៌ ការ​សម្ងាត់​នេះ​ទុក​យ៉ាង​សំខាន់ តែ​បុរាណ​លោក​តែង​ថា សេចក្ដី​សម្ងាត់​ដែល​ប្រឹង​បិទ​បាំង​ណាស់ រមែង​លេច​ចេញ​បាន សូម្បី​កំបាំង​នៅ​ក្នុង​ដួង​ហឫទ័យ​របស់​បរម​ក្សត្រិយ៍ ព្រោះ​ធម្មតា​អណ្ដាត​មិន​ចេះ​ស្ងៀម រមែង​រលាស់​បញ្ចេញ​សូរ​សព្ទ​ជា​ដំណឹង​ទៅ​ខាង​ក្រៅ​ជា​អាចិន​ដំបូង ក៏​គញរាន់​តែ​ខ្សឹប​ខ្សៀវ​គ្នា លុះ​កន្លង​ទៅ​បន្តិច​មិន​យូរ​ប៉ុន្មាន ក៏​លាន់ ឮ ចេញ​មក​ខ្លាំង ៗ យ៉ាង​ដែល​សន្ទនា​គ្នា​ធម្មតា គ្រប់​ផ្ទះ​សម្បែង គ្រប់​កន្លែង​ថ្នល់​ផ្សារ ឥត​មាន​កោត​ក្រែង​ស្ដេច ឬ ចៅហ្វាយ​នាយ​ណា​ឡើយ ហេតុ​ដែល​កើត​មក​ទាំង​នេះ ជា​រឿង​មុខ​គួរ​ខ្ពើម​រអើម​ណាស់ ហេតុ​នោះ​កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន រហស្ស​កម៌​នោះ ក៏​លេច​ជ្រួតជ្រាប​ទួទៅ សម្លេង​និន្ទា​និង​ផរុសវាទ​ក៏​ធ្លាក់​មក​ត្រូវ ទុរយោជន៍ កល​បីដូច​ជា​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​អំពី​នភាកាស ។

ចំណែក​ឯ​កុមារ​ទាំង ៥ ភាតា ព្រម​ដោយ​ព្រះ​ជននី​ក៏​នាំ​គ្នា​លីលា​ចាក​ព្រះ​នគរ បែរ​មុខ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស យក​ព្រៃ​ព្រឹក្សា​ជា​ទី​ពឹង ក្នុង​រវាង​ដែល​ពនេចរ​ទៅ បាន​ត្រូវ​កំដៅ​ថ្ងៃ​ត្រូវ​ភ្លៀង និង​សេចក្ដី​នឿយ​លំបាក​ស្រេក​ឃ្លាន​សព្វ​ទិវា​រាត្រី មាន​តែ​សេចក្ដី​អំណត់​អត់​ធន់ គឺ​អធុវាសន​ខន្តី​នេះ​ឯង ជា​គ្រឿង​ការពារ​ក្ដៅ​រងារ និង​សេចក្ដី​ស្រេក​ឃ្លាន ជួន​កាល​ម្ដាយ​និង​កូន​អស់​កម្លាំង​ណាស់ ក៏​នាំ​គ្នា​ឈប់​សម្រាក​កាយ​ខាង​មាគ៌ា កាល​ល្ហែ​ហើយ​ក៏​នាំ​គ្នា ត្រេច​ពនេចរ​តទៅ ជួន​កាល​ក៏​ត្រូវ​ឆ្លង​គង្គា នាំ​គ្នា​ព្យាយាម​ហែល​ទៅ​កាន់​ត្រើយ​នាយ ខ្សែ​ទឹក​ផាត់​ផាយ​ផ្កាប់​ផ្ងារ​ទំរាំ​តែ​ដល់​ត្រើយ​ជល​សារ ដែល​ឆ្ងាយ​លន្លឹម​លន្លោច ក៏​អស់​កម្លាំង​ទៀប​ដាច់​ខ្យល់ បាន​រួច​អំពី​គ្រោះ​ថ្នាក់​ទៅ​ម្ដង ៗ ហាក់​ដូច​បាន​កើត​ឡើង​ជា​ថ្មី កាល​រួច​ទៅ​ហើយ​នឹង​រក​ទី​សំណាក់​អាស្រ័យ​ក៏​មិន​បាន តោង​នាំ​គ្នា​ដើរ​កាត់​ភូមិ​ប្រទេស​ដ៏​ដាច់​សង្វែង​នោះ​សង្សឹម ៗ ទៅ ទាល់​តែ​មាតា​ស្ងួត​ក​ស្រេក​ទឹក​ខ្លាំង​ណាស់ ក៏​ប្រះ​ប្រាណ​លើ​ប្រថពី ភីម អាណិត​ម្ដាយ​ក៏​ខំ​ត្រេច​រក​វារី តែ​ក៏​គ្មាន​អ្វី​នឹង​ដួស​ដង ទើប​ដោះ​សំពត់​ឆ្នួត​មក​ជ្រលក់​ទឹក ឲ្យ​ជោក​ហើយ ក៏​ម្នី​ម្នា​យក​មក​ពូត​បន្តក់​សម្រក់​ចូល​ក្នុង​មាត់​មាតា ជួយ​ជីវិត​មាតា​ឲ្យ​រួច​បាន​ទៅ ១ គ្រា តែ​ទឹក​ក្នុង​សំពត់​នោះ​តិច មិន​ល្មម​នឹង​រំលេម​បំពង់​ក​បង​ប្អូន ៤ នាក់​ទៀត​ដែល​នឿយ​លំបាក​មក​ជា​មួយ​គ្នា​ទាំង​ឃ្លាន​អាហារ​ក៏​សែន​ឃ្លាន គ្មាន​ប្រទះ​ផលាផល​ឯ​ណានីមួយ ដែល​គួរ​នឹង​បរិភោគ​ក្នុង​ថ្ងៃ​នោះ ម្ដាយ​និង​កូន​មិន​អាច​និង​ដើរ​ផ្លូវ​ទៅ​បាន ក៏​ឈប់​សម្រាក​កាយ​ក្រោម​ដើម​ព្រៃ​ព្រឹក្សា តែ​កាយ​និង​ចិត្ត ភីម មិន​បាន​សម្រាក​សម្រាន្ត​ឡើយ ដោយ​អំណាច​ឈឺ​ចាប់​ក្ដួល​ក្ដៅ​ក្នុង​ចិត្ត និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា អ្នក​ណា​មួយ នឹង​ជៀស​វាង​លិខិត​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​បាន ឱ​កម្ម​អើយ​កម្ម កម្ម​ដែល​បង​ប្អូន​យើង មក​ទ្រាំ​រង​វេទនា​គ្រា​នេះ ចិត្ត​យើង​ក្ដៅ​អី​ក្ដៅ​ម្ល៉េះ ទៅ​ខាង​មុខ​គ្រោះ​កាច នឹង​មាន​មក​ដល់​យើង​ជា​ច្រើន​ទៀត ឬ យុធិស្ឋិរ ជា​អ្នក​គួរ​បាន​រាជ​សម្បត្តិ ក្នុង​ប្រទេស​កុរុ​រដ្ឋ ឥឡូវ​នេះ​មក​ដេក នៅ​កណ្ដាល​ដី កណ្ដាល​ខ្សាច់ នឹង​រក​កម្រាល​ក្រាល​ដេក​ប៉ុន​បាត​ដៃ​ក៏​គ្មាន ចំណែក​ឯ ទុរយោជន៍ អ្នក​ដណ្ដើម​រាជ​សម្បត្តិ គេ​ដេក​អង្គុយ​លើ​កម្រាល ក្រាល​លាត​ស្អាត​ព្រម​ពាស​ពេញ​ដោយ​គ្រឿង​តម្កើង​កិត្តិយស​និង​អានុភាព ព្រះ​រៀម​របស់​យើង ជា​មនុស្ស​ចិត្ត​ទន់ មិន​សូវ​ចេះ​ប្រកាន់​ទោស ក្រោធ​ខឹង​នឹង​អ្នក​ឯ​ណា ចេះ​តែ​ឲ្យ​អភ័យ​ដល់​គេ​ងាយ ៗ កុំ​អី ….. ម្ល៉េះ​គេ​សោយ​សុខ​សម្បត្តិ​ត្រេក​ត្រអាល ចិត្ត​គេ​រីករាយ​ស្ទើរ​នឹង​អណ្ដែត​ទៅ​ជាប់​នឹង​ស្ថាន​សួគ៌ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: