មេរៀន​គ្រប់​គ្រង​ទេសចរ​នៅ​ កម្ពុជា

អតីត​រដ្ឋមន្ត្រី​ទេសចរឥណ្ឌូណេស៊ី លោក Joop Ave សុំធ្វើការរិះគន់ត្រង់​‌ៗ ក្នុង​ឪកាស​អញ្ជើញ​អោយ​ចូល​​រួម​បញ្ចេញ​បទ​ពិសោធ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​ ១០ មេសា ក្នុងសិក្ខាសាលា «បទ​ពិសោធទេសចរណ៍បាលី សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា» លោកបាន​និយាយសុំ​ទោស​ទុក​ជា​មុន​ ដោយ​សុំ​និយាយ​ត្រង់​ៗ នូវ​កំណត់​សំគាល់​មួយ​ចំនួន​របស់លោក​ស្តី​ពីការ​គ្រប់​គ្រង​រមណីយដ្ឋាន​ ប្រាសាទ​អង្គរ​។ តាម​ប្រសាសន៍​លោក Joop Ave«មិនមាន​ការការពារ​ប្រាង្គប្រាសាទ​បាន​ត្រឹម​ត្រូវ​ទេ»។ លោក​បាន​ផ្តល់​ដំបូន្មាន​ថា «មិនត្រូវ​សម្លាប់​មេ​មាន់​មាស​មុន​មាន​ពង​មាស​ទេ»។ ទន្ទឹម​នឹង​នេះ​ លោក​បាន​រៀប​រាប់​បញ្ហា​ពីនេះ​ពីនោះ​ជាច្រើន​ដែល​លោក​បាន​ជួប​ក្នុង​ឪកាស​ ដែល​លោក​បាន​ទស្សនា​ខេត្ត​សៀម​រាប។ អតីតរដ្ឋ​មន្ត្រី​ទេសចរណ៍​ឥណ្ឌូណេស៊ី​បាន​ពិពណ៌​នា​ពីការ​រីក​ដុះ​ដាល​នៃ​ សណ្ឋាគារ​ប្រណិត​ៗ លំដាប់​ថ្នាក់​ខ្ពស់​ តែការសាង​សង់​ទាំង​នេះ​ហាក់បីដូច​ជា​គ្មាន​ប្លង់​អភិវឌ្ឍន៍​ទីក្រុង​បាន​ ត្រឹម​ត្រូវ​ទេ​​ ហើយ​វាមិនចាំ​បាច់​ស្រប​តាម​ប្រាក់​កាស​អ្នក​ទេសចរ​ភាគ​ច្រើន​ទេ។

ទន្ទឹម​នឹង​នេះ​ដែរ លោក  Joop Ave បាន​ទាញ​យក​ឧទារហណ៍​មួយ​ពីចំនួន​អ្នក​ទេសចរ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ដ៏​ច្រើន ដែល​រាល់​ការ​ផ្គត់​ផ្គង់​ទាំងឡាយ​ធ្វើ​តែ​តាម​រយៈ​សេវាកម្ម​ផ្សេង​របស់​ជនជាតិ​គេ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ជានិច្ចកាល លោក​បាន​សោក​ស្តាយ​ថា ប្រាង្គប្រាសាទ​គួរតែ​«មានព្រលឹង​ជាតិ»។ លោក Joop Ave ធ្វើ​ការ​វាយ​តម្លៃថា «នៅបាលី ទេសចរណ៍​ទាំងឡាយ​ត្រូវ​តែទិញ​សំពត់​ ហើយស្លៀក​​មុន​ពេល​ចូល​ទស្សនា​ប្រាសាទ​របស់​យើង ដោយ​គោរព​តាម​ទំនៀម​ទំលាប់​របស់​យើង»។ លោក​បាន​បន្ថែម​ថា​ការលក់​វត្ថុ​ទាំង​នេះ​ធ្វើ​អោយ​ប្រជាជន​មួយ​ចំនួន​អាច​រស់​បាន។ នៅ​ក្នុង​ប្រធាន​បទ​នេះ​លោក​ បាន​និយាយ​ថា​មិនមាន​ឃើញ​ទាល់​តែ​សោះ​ពីលទ្ធផល​ពីនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ អ្នក​ដែល​រស់នៅ​រមណីដ្ឋាន​អង្គរ​ឡើយ។ និយាយ​ដោយខ្លី លោក​បាន​ណែនាំ​ពីរបៀប​គ្រប់គ្រង​ទេសចរណ៍​«ត្រូវ​គិត​ជាចំបង​ពីគុណភាព​ ជាង​បរិមាណ!»។

Advertisements
បានចុះផ្សាយក្នុង ពត៌មានក្នុងប្រទេស. Leave a Comment »