ភ្លេងនគររាជ

១​~ សូម​ពួក​ទេព្ដា​
ឱ្យ​បាន​រុងរឿង​
យើង​ខ្ញុំ​ព្រះអង្គ​
នៃ​ព្រះ​នរបតី​

គ្រប់​គ្រង​ដែន​ខ្មែរ

រក្សា​មហាក្សត្រ​យើង
ដោយ​ជ័យ​មង្គល​ សិរីសួស្ដី
សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​
វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
បុរាណ​ថ្កើនថ្កាន។
២~ ប្រាសាទ​សិលា​
គួរ​ឲ្យ​ស្រមៃ
ជាតិ​ខ្មែរ​ដូច​ថ្ម​
យើង​សង្ឃឹម​ពរ​

មហា​រដ្ឋ​កើត​មាន

កំបាំង​កណ្ដាល​ព្រៃ
នឹក​ដល់​យសសក្ដិ​ មហា​នគរ
គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
យូរ​អង្វែង​ហើយ។
៣~ គ្រប់​វត្ត​អារាម​
សូត្រ​ដោយ​អំណរ​
ចូរ​យើង​ជា​អ្នក
គង់​តែ​ទេវតា​

ដល់​ប្រទេស​ខ្មែរ

ឮ​តែ​សូរស័ព្ទ​ធម៌
រំឭក​គុណ​ពុទ្ធសាសនា
ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ជា​មហានគរ។
Advertisements
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

សិល្បៈតែងកំនាព្យខ្មែរ

ដើម្បីតែងកំនាព្យ គេត្រូវស្គាល់សញ្ញាណមួយចំនួនអំពីវាសិន។

ធាតុ​របស់​កំណាព្យ

នៅ​ក្នុង​កំណាព្យ​មាន​ធាតុ​សំខាន់ៗ ដូច​តទៅ​នេះ ៖

  • ព្យាង្គ ៖ សំឡេង​មួយ​ម៉ាត់ៗ នៅ​ក្នុង​កំណាព្យ។
  • ឃ្លា ៖ ព្យាង្គ​ច្រើន​រួម​គ្មាន បាន​ជា​ឃ្លា។
  • ល្បះ ឬ ល្បះខ័ណ្ឌ ៖ ឃ្លា​ច្រើន​រួម​គ្នា​មក ដោយ​មាន​ខ័ណ្ឌ។

ព្យាង្គនិងពាក្យ

  • ព្យាង្គ ៖ គឺ​សំឡេង​ចេញ​មក​ម្តង ទោះ​បាន​ន័យ​ក្តី មិន​បាន​ន័យ​ក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ
  • ពាក្យ ៖ គឺ​សំឡេង​ចេញ​មក​ម្តង​ក្តី ឬ​ច្រើន​ដង​ក្តី មាន​ន័យ​គ្រប់​គ្រាន់។ ឧ. (ពាក្យ​១​ព្យាង្គ) ក- ខ-​ឈប់-​គិត-​ពេញ, (ពាក្យ​២​ព្យាង្គ) សំដី-​សម្រស់-​ប្រសាសន៍-​សម្បតិ្ត, (ពាក្យ​៣​ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-​កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-​ឆពណ្ណរង្សី

ពាក្យពេចន៍និងពាក្យសម្ផស្ស

  • ពាក្យពេចន៍ ៖ សម្រាប់​រំលេច​ន័យ​ខ្លឹមសារ​របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេចធ្លោ​ឡើង ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ ចង់​និយាយ​យ៉ាងណាៗ​នោះ។
  • ពាក្យ​សម្ផស្ស ៖ គឺ​ជា​ពាក្យ​គន្លឹះ​ចួន ឬ​ហៅ​ចំណាប់​ចុង​ចួន ដែល​ធ្វើ​ឲ្យ​រូបភាព ឬ​ទម្រង់​នៃ​អត្ថបទ​កំណាព្យ​មាន​សម្រស់​ល្អ​ឡើង ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។ គេចែកពាក្យសម្ផស្សជាពីរគឺ ៖
    • ពាក្យ​សម្ផស្ស​ក្នុង ៖ គឺ​សំគាល់​លើ​ចំណាប់​ចួន​ផ្ទួន​រណ្តំ ដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។ ឧ. ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
    • ពាក្យ​សម្ផស្ស​ក្រៅ ៖ គឺ​សំគាល់​ចំណាប់​ចួន ផ្ទួន រណ្តំ ដែល​ឆ្លង​គ្នា​ពី​ឃ្លា​មួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។ ឧទាហរណ៍ៈ
សូរិយាកើតឃ្លង់ ក្នុងមុងចំបែង លោកខែកើតស្រែង ផ្កាយដុះកន្ទុយ
មូសពាំដំរ ពីព្រៃធ្វើនុយ ខ្លាចាស់ពោះស្អុយ ស៊ីនុយផឹនមូស
រុយជាប់ពីងពាង ទៅឈឺមាត់ឈ្លូស បានដៃសត្វមូស បឺតឈាមសព្វសត្វ

(កំណាព្យ​នេះ​សរសេរ​​ក្នុង​សម័យ លន់ នុល បក​អាក្រាត​ពី​របប​ជិះជាន់​ពុករលួយ​ដល់​ខួរឆ្អឹង​ ចៃ​អាមេរិកកាំង។)

សូរស័ព្ទ ឬសូរសៀង ឬសំនៀង

សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅ​ក្នុង​កំណាព្យ​មាន​សារសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សូរ​សំឡេង​ដូច​គ្នា។ ពោល​បើ​សំនៀង​នោះ ចេញ​មក​ពី​ព្យញ្ជនៈ​ឃោសៈ ខ្យល់​គ្រលរ​សំឡេង “អ៊” ត្រូវ​តែ​ឲ្យ​ចួន​ឃោសៈ​ដែរ។ ឧទារហណ៍ ៖ គិត – មិត្ត – ពិត – រឹត។ គុំ – ជុំ – នំ – ធំ ។ល។ និង ។ល។

  • បើសំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ អឃោសៈ សំឡេង​តូច​ស្រួយ​ខ្យល់ “អ” ត្រូវ​តែ​ឲ្យ​ចួន​អឃោសៈ​ដែរ។ ឧទាហរណ៍ ៖ កង – បង – ឡង – សង – ដង ។ សត្វ – បាត់ – កាត់ – ម៉ាត់ ។ល។ និង ។ល។
  • មិន​ត្រូវ​យក​ឃោសៈ ទៅ​ចួន​នឹង​អឃោសៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត បើ​ព្យាង្គ ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ “ ួ ” ស្រៈ “ ឿ ” និង​ស្រៈ “ ៀ ” នោះ​ព្យញ្ជនៈ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។ ឧទាហរណ៍ ៖
    • “​ ួ ” គួ – តួ, គួន – ចួន, ពួន – ខ្លួន
    • “ ឿ “ លឿង – សឿង, គ្រឿង – ក្បឿង
    • “ ៀ “ ទិតៀន – បៀតបៀន, ទៀត – ស្នៀត

ឬ​អាច​ឆ្លង​គ្នា​បែប​នេះ​ក៏​បាន គឺ​ឃោសនៈ​ស្រៈ “ ា “ ចួន​នឹង​អឃោសៈ​ស្រៈ “ ៀ “ ។ ឧទាហរណ៍ ៖ ឃ្លាន – ចៀន, នាង​ – សៀង, វាត – បៀត។

អាច​នៅ​មាន​ក្រៅ​ពី​នេះ​ខ្លះ​ទៀត ប៉ុន្តែ​ជា​សំខាន់​ចំណាំ​តែ​សូរ​សំឡេង​ដូច​គ្នា។

រង្វាស់ពាក្យ ឬមាត្រាពាក្យ

រង្វាស់​ពាក្យ ឬ​មាត្រា​ពាក្យ គឺ​ចំនួន​ព្យាង្គ​ជា​កំណត់​ក្នុង​ឃ្លា​នីមួយៗ និង​ចំនួន​ឃ្លា​ជា​កំណត់​ក្នុង​ល្បះ​នីមួយៗ។ គឺ​អាស្រ័យ​ចំណាប់​ចួន​ខុស​គ្នា… កំណត់​ព្យាង្គ និង​ឃ្លា ក្នុង​ល្បះ​ខុសៗ​គ្នា​នេះ​ហើយ ដែល​នាំ​ឲ្យ​រូបភាព “ទម្រង់” កំណាព្យ​ទាំង​ឡាយ​ខុស​គ្នា និង​មាន​ឈ្មោះ​ក៏​ប្លែកៗ​គ្នា​ដែរ។

ឧទាហរណ៍ ៖ បទ​ពាក្យ៤ មួយ​ល្បះ​មាន​៤​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ។ បទ​កាកគតិ មួយ​ល្បះ​មាន​៧​ឃ្លា ក្នុង​មួយ​ឃ្លា​មាន​៤​ព្យាង្គ​ស្មើ​គ្នា។

ចង្វាក់

ពាក្យចង្វាក់​នៅ​ក្នុង​កំណាព្យ​គឺ សំគាល់​ការ​លើក ឬ​ដាក់​សំឡេង​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា ទៅ​តាម​បទ​កំណាព្យ​នីមួយៗ។ វា​ជា​ជំនួយ​ជួយ​សម្រួល​ដល់​ការ​និពន្ធ ការ​ពោល ឬ​ការ​សូត្រ​កំណាព្យ និង​ជួយ​ជម្រុញ​ឲ្យ​កំណាព្យ​មាន​លក្ខណៈ​ពិរោះ​រណ្តំ​ជា​តន្ត្រី។

ឧទាហរណ៍ ៖ បទពាក្យ៧ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ២ និង ៤ – ស្តាយសាច់ ស្រអែម កែមសំដី…។ បទពាក្យ៨ ត្រូវ​សង្កត់​សំឡេង​លើ​ព្យាង្គ ៣ និង ៥ – អនិច្ចា តោថ្ម លោកកសាង….។

សង្កេត

១. បទពាក្យ ៦ ពាក្យ៧ ពាក្យ៨ ពាក្យ៩ ពាក្យ១០ និងពាក្យ១១ ជា​ឈ្មោះ​កំ​ណាព្យ ដែល​ចាស់​បុរាណ​យើង​បាន​និយម​ប្រើ ប៉ុន្តែ​តាម​ការ​ពិត “ពាក្យ” នេះ​មិន​មែន​សំគាល់​ចំនួន​ពាក្យ​នៅ​ក្នុង​ឃ្លា​ទេ ផ្ទុយ​ទៅ​វិញ​គឺ​សំគាល់​ចំនួន​ព្យាង្គ​នៅ​ក្នុង​ឃ្លា​នីមួយៗ ពោល​គឺៈ បទពាក្យ៦ មាន៦ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៧ មាន៧ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៨ មាន៨ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ៩ មាន៩ព្យាង្គ​ក្នុងមួយឃ្លា, បទពាក្យ១០ មាន១០ព្យាង្គ​ក្នុងមួយឃ្លា និងបទពាក្យ១១ មាន១១ព្យាង្គ​ក្នុងមួយឃ្លា។

២. តាម​ធម្មតា បើ​គេ​និពន្ធ​អត្ថបទ​កំណាព្យ​មួយ​ដែល​មាន​ច្រើន​ល្បះ គេ​ត្រូវ​រក្សា​ចំណាប់ចួន តាម​ពី​ល្បះ​ទី​១ រហូត​ដល់​ល្បះ​បញ្ចប់… មិន​ត្រូវ​ឲ្យ​ភ្លាត់ ឬ​ក៏​ដាច់​ចួន​នៅ​ដំណាក់​ណា​មួយ​ឡើយ។

៣. ក្រោយ​ពី​ការ​សិក្សា​របៀប​សូត្រ​ កំណាព្យ​ខ្មែរ យើង​អាច​សង្កេត​ឃើញ​ថាៈ បទ​កំណាព្យ​នីមួយៗ​មិន​មែន​សម្រាប់​បម្រើ​តែ​មនោសញ្ចេតនា​មួយ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ទាំង​នោះ អាច​បម្រើ​បាន​ស្ទើរ​តែ​គ្រប់​មនោសញ្ចេតនា​របស់​មនុស្ស ដូច​ជា​រំភើប សប្បាយ កំសត់ ពិពណ៌នា និរាស​ព្រាត់ប្រាស កំហឹង ទូន្មាន​ប្រៀន​ប្រដៅ សង្វេគ អវិជ្ជា ។ល។ និង ។ល។ ជាក់ស្តែង​គ្រាន់​តែ​បទ​កាកគតិ​មួយ យើង​អាច​សូត្រ​បាន​ច្រើន​បែប​គឺ ៖ សូត្រ ​បែប​កូន​ក្មេង, សូត្រ​បែប​ចាស់, សូត្រ​បែប​ក្អែក​លោត, សូត្រ​បែប​​ក្អែក​បូល, សូត្រ​​បែប​ពិពណ៌នា, សូត្រ​​បែប​​ទំនួញ, សូត្រ​​បែប​​ពិលាប, សូត្រ​​បែប​​កាក​កាត់​ត្រើយ​, សូត្រ​បែប​ត្រៃ​លក្ខណ៌​ជាដើម, ដែល​អាស្រ័យ​ដោយ​ខ្លឹមសារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​នោះ​កំណត់។

បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

បណ្តាំពាលី

បណ្តាំពាលី​ ត្រូវបានតែង​ជា​ពាក្យ​កាព្យដោយ ហ្មឺនមាសគឺ​ឲកញ៉ា វិបុល​រាជ​សេនា (មាស )។​ បណ្តាំពាលីមានខ្លឹមសារដូច​តទៅ៖

បណ្តាំពាលី
សូម​សំដែង​សារ​ស័ព្ទ​ច្បាប់​សេយ្យ​ភេទ នៃ​ចមពង្សពាន​រេត​រឿង​ស្នាម
ក្លៀវក្លា​ក្លែង​ស្ទែង​ស្ទាត់​បទ​សង្រ្គាម ទ្រង់​ព្រះ​នាម​រាជា​ឈ្មោះ​ពាលី ។
ជា​បុត្រ​អង្គ​អម្រិន្ទ​ពិន​លោកិយ គ្រង​ខាសខិម​បុរី​រាជ​ធានី
ល្បីល្បះ​គ្រប់​ភព​ផែន​ដែន​បឋវី សព្វ​ទិស​ទី​ទ្វីទ្វីប​សឹង​ខ្លាច​ក្រែង ។
ទាំង​ទេវា​យក្ស​យង់​ទ្រង់​អំណាច ឮ​តែ​នាម​ខ្លបខ្លាច​ស្ញោរ​ស្ញប់ស្ញែង
រអា​អស់​មិន​អាច​ចេញ​អង្គទែង ព្រះ​អង្គ​ឯង​ពូជ​ពង្ស​វង្ស​ឥន្រ្ទា ។
កាល​ត្រូវ​សរ​ព្រហ្ម​មាស​រិទ្ធី​ក្រៃ ទ្រង់​យក​ដៃ​ចាប់​ជាប់​ដោយ​ឫទ្ធា
មិន​ឲ្យ​មុត​មាន​ស្នាម​អង្គា នឹង​ឲ្យ​ស្ញែង​នាមា​ទួទ្វីបា ។
ទុក​ជា​ច្បាប់​សំរាប់​រាល់​ទាហាន ត្រិះ​ធ្យោក​ធ្យាន​ធ្វើ​តាម​ទៅ​មុខ​ណា
ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ក្ដាប់​ចាប់​សរ​ថ្លា ព្រះ​ហត្ថា​ឆ្វេង​ក្សត្រ​ទ្រង់​បោយ​ហៅ ។
ទៅ​សុគ្រីព​សូរ្យវង្ស​ពង្ស​សុរិយា នឹង​អង្គ​បុត្រា​រ័តន៍​ឆោម​ឆ្លៅ
ប្អូន​អើយ​ចូរ​មក​អាយ​បង​ប្រដៅ ដ្បិត​អង្គ​ចៅ​នឹង​ជា​ខ្ញុំ​ចក្រី ។
ខំ​គ្រង​វង្ស​ឲ្យ​គង់​ជា​ច្បងច្បាស់ យក​តេជះ​ដំកល់​លើ​កេសី
បា​តាំង​ចិត្ត​សុចរិត​ស្និទ្ធ​ភ័ក្ដី ជីវិត​វៃ​ថ្វាយ​ក្រោម​ព្រះ​បាទា ។
កាល​បាន​នឹង​ឡើង​គាល់​ដល់​ទ្វារ​វាំង បា​ឈប់​តាំង​ប្រណម្យ​នា​កេសា
រំលឹក​គុណ​បុណ្យ​បាទ​ព្រះ​មូលិកា សឹម​យាត្រា​កាន់​ផ្ទៃ​ព្រះ​រោង​ទ្រង់ ។
មួយ​កាល​គង់​ចាំ​គាល់​ក្នុង​និវេសន៍ កុំ​បា​ធ្វេស​ប្រហែស​ឲ្យ​លើស​លង់
ក្រែង​ជួន​ស្ដេច​ត្រាច់​ត្រង់​មក​យល់​យង់ រវាំង​អង្គ​អូន​ខ្លាច​ព្រះ​អាជ្ញា ។
ធ្វើ​ជា​ខ្ញុំ​សំគាល់​ដល់​ទី​ស្ថាន ឲ្យ​បាន​តាម​ព្រះ​ទ័យ​ទ្រង់​ប្រាថ្នា
បើ​ត្រាស់​សួរ​មក​ចំ​សឹម​វាចា គិត​ត្រិះ​ត្រា​ឲ្យ​ត្រូវ​ទំនង​ន័យ ។
ចូល​គាល់​កុំ​តែង​អង្គ​ឲ្យ​ពណ្ណរាយ ហាក់​ពាយ​ងាយ​ផ្ទឹម​នឹង​អង្គ​ជៀស្ឋ​ជ័យ
កុំ​ទូល​ទាស់​ផ្ទញ់​ផ្ទាល់​នៃ​ព្រះ​ហ្ឫទ័យ កុំ​សំឡឹង​នេត្រ​នៃ​ព្រះ​ច័ក្ករា ។
រី​ព្រះ​ចម​ចក្រ​ពង្ស​វង្ស​នារាយណ៍ ព្រះ​ប្រាជ្ញា​ឈ្វេង​ឆ្ងាយ​ដូច​រតនា
កុំ​បា​ឲ្យ​ហក់​ហួស​ជ្រួស​រាជការ រិះ​ត្រិះត្រា​ឲ្យ​ត្រូវ​ចិត្ត​មហាជន ។
បើ​ណា​កាច​បា​ភ្លៃ​ធ្វើ​តាម​កាច នរណា​ខ្លាច​ស្វែង​ផល​ឲ្យ​គិត​គន់
ជា​ជញ្ជីង​ជញ្ជឹង​ថ្លឹង​ចិត្ត​ជន ខាង​ណា​ធ្ងន់​លន់​លុប​លា​លស់​លៃ ។
មួយ​ស្នេហ៍​ស្នំ​សម​ស័ក្តិ​អគ្គ​នារី នេះ​ជា​ទី​ចំរើន​រីក​ហ្ឫទ័យ
កុំ​បា​បែរ​បាយ​បៀង​មៀង​មើល​វៃ ព្រះ​ជៀស្ឋ​ជ័យ​ទត​យល់​ពីភាល់​បា ។
ទាំង​ទាសី​នៃ​អ្នក​អគ្គ​នារី ទោះ​ឆវី​ល្អ​ស្មើ​កិន្នរ​ណា
កុំ​ប្អូន​ប្អូក​លូក​លលង​ស្នេហា ប្រៀប​ចិន្ដា​ថា​ជា​ស្នំ​បវរ ។
របស់​អ្វី​ហ្ឫទ័យ​ទ្រង់​ស្ម័គ្រ​ស្មោះ ថែ​របស់​នោះ​ទុក​តាម​ភូ​ធរ
បទ​ណា​ហាម​ប្រាម​ចិត្ត​កុំ​គិត​ល បា​សាទរ​ទុក​តាម​ជា​ខ្ញុំ​វៃ ។
បើ​ទ្រង់​ប្រោស​កុំ​ធ្វើល​លើ​ខ្លាំង រិះ​រវាំង​ក្រោយ​មុខ​ខ្លាច​ទុក្ខ​ភ័យ
កុំ​កាច​កោង​ប៉ោង​យ៉ៃ​ក្រៃ​ពេក​នៃ កុំកួន​គៃ​កុំ​ក្រោធ​ត​បក្ស​ត្រា ។
បា​ថ្នម​យស​ឲ្យ​សម​ពហូ​ស័ក្តិ កំហ៊ឹកហ៊ាក់​ឲ្យ​ហួស​ពី​វា​ស្នា
ស្លៀក​ប្រដាប់​ឲ្យ​សម​នឹង​កាយា កុំ​យាត្រា​គន់​កាយ​ឆ្វេង​ស្ដាំ​ផ្សំ ។
មួយ​មាន​ភឿនភ័ក្តិ​ភុម​ខ្ញុំ​រាជការ នឹង​ស្រឡាញ់​ជា​គ្នា​រើស​ឲ្យ​សម
បើ​គេ​ត្រង់​ៗ​ស្នង​សង​អារម្មណ៍ បើ​គេ​វៀច​ៗ​សម​ឲ្យ​សួន​ការ ។
បើ​បង់​សីល​រិះ​គិត​ថ្និតថ្នម​ស័ក្តិ ទើប​ចាត់​ជាក់​ជា​ហ៊ាន​មាន​ចិត្ត​ក្លា
បើ​គប់​ពាល​គិត​លុប​បង់​ពាល​ណា គិត​ប្រហារ​ពាល​កាច​ឲ្យ​ខ្លាច​ក្រែង ។
បើ​គេ​ល្អ​ស្មើ​ចិត្ត​កុំ​គិត​កាច បើ​គេ​ខ្លាច​ឱន​យស​កុំ​កំហែង
កុំ​នាំ​ភឿន​ដើរ​លេង​ជា​អ្នក​ល្បែង សង្ខេប​ចិត្ត​គិត​ក្រែង​ព្រះ​ចេស្ដា ។
មួយ​បើ​ត្រូវ​រាជ​ទ័ណ្ឌ​ដល់​ពាន់​ដង កុំ​បា​ចង​គំនុំ​គុំ​ក្សត្រា
កុំ​ប្រែ​ចិត្ត​គិត​ក្បត់​ព្រះ​ចក្ករា ខំ​ឧស្យាហ៍​ស្វែង​ផល​ប្រយោជន៍​ខ្លួន ។
បើ​ម៉ប​គាល់​នា​ឆ្ពោះ​ព្រះ​ភក្រ្តា កុំ​ប្រែ​ក្រោយ​ចរចា​មិន​សម​សួន
នៅ​មុខ​ព្រះ​ទីនាំង​រវាំង​ខ្លួន បា​គាល់​គួន​ចាំ​ស្ដាប់​រ៉ាប់​បញ្ជា ។
បើ​ទ្រង់​ព្រះ​ក្រោធ​នឹង​មុខ​មន្រ្តី កុំ​ស៊យ​សែម​ថែម​ស្ដី​ឲ្យ​ក្រោធា
ទោះ​កិច្ចការ​សារពើ​សព្វ​នា​នា កុំ​ពិត​ទូល​វេលា​ទ្រង់​ព្រះ​ខ្ញាល់ ។
មើល​ទំនង​ល្មម​ទូល​សឹម​ទូល​ពិត បា​ពិនិត្យ​ក្នុង​ក្រៅ​គ្រប់​អម្បាល
យល់​ប្រីតា​ប្រិមប្រិយ​ប្រោស​ក្រសាល មិន​ទ្រង់​ខ្ញាល់​សឹម​យក​សេចក្ដី​ថ្លែង ។
បើ​ត្រាស់​សួរ​ប៉ុន្មាន​ទូល​ប៉ុណ្ណោះ ពាក្យ​ក្រៅ​នោះ​កុំ​យក​មក​ផ្លើស​ប្លែង
តែ​ស្ដី​ច្រើន​ជ្រួស​មាត់​ភ្លយ​ភ្លាត់​ឯង ពាក្យ​ស្ដែង​គេ​មិន​ស្ដាប់​អាប់​អង្គ​បា ។
១​ទៀត​ព្រះ​ហរីរ័ក្ស​ចក្រ​ពេជ្រ ប្រោស​ប្រទាន​បំណាច់​ពល​សេនា
ដែល​ប្រាកដ​ប្រកប​ឆប​រាជការ កុំ​ឫស្យា​ទូល​ទាស់​អធ្យាស្រ័យ ។
របស់​អ្វី​ឈ្មោះ​ថា​ព្រះ​រាជ​ទ្រព្យ បា​គ្នេរគ្នៃ​គៃ​រាប់​រិះ​សព្វ​ថ្ងៃ
ទោះ​តិច​តួច​ហោច​ស្ដួច​ជា​សរសៃ យក​ចិត្ត​គិត​អាល័យ​ដូច​ផង​ខ្លួន ។
បើ​មាន​អ្នក​ប្រទេស​ដទៃ​មក កុំ​បៀត​រក​យក​មិត្រ​ភ័ក្ដី​ស្ងួន
តែ​ជ្រាប​ដល់​នឹង​កើត​អម្ពល់​ខ្លួន បា​គិត​អ្វី​ឲ្យ​មួន​កុំ​ឲ្យ​ហ្មង ។
មួយ​កាល​ចម​ចក្រពង្ស​ហរីរ័ក្ស ស្ដេច​កាន់​ទី​ដំណាក់​ឆ្នួន​ផែ​ផង
សឹង​ព្រម​ដោយ​រាជ​រថ​ស្នំ​ស្នែហ៍​ស្នង កុំ​ផ្អៀង​ផ្អង​ម៉ងមៀង​បៀង​បោយ​បែរ ។
ស្ថាន​ណា​ទ្រង់​ព្រះ​បញ្ញត្ត​ហាម បា​ប្រាបប្រាម​ចិត្ត​ចាំ​តាម​ក្រសែ
កុំ​ភ្លើន​ភ្លេច​ឲ្យ​ភ្លាត់​បទ​បាទ​បែរ បា​គិត​កែ​ឲ្យ​គង់​បណ្ដាំ​មុនី ។
វេលា​មាន​ទ័ព​ទាម​សង្រ្គាម​សឹក កុំ​បា​ភ្លឹក​ឲ្យ​ភ្ញាក់​ផ្អើល​យោធី
ចូរ​គិត​គៃ​កែ​កុន​កល់​ភេរី រក​ទិស​ទី​តាំង​តែង​ឲ្យ​សង៉ា ។
នឹង​ប្រព្រឹត្ត​គិត​ការ​សង្រ្គាម​ជ័យ ឲ្យ​វាង​វៃ​វេះ​វាត់​ស្ទាត់​កល់​ការណ៍
យល់​ទ្រោម​ទ្រុឌ​មិន​ទ្រាំ​ឲ្យ​ចោម​ណា បើ​គេ​គង់​ក្លៀវក្លា​បា​បោះ​ទល់ ។
បា​ថ្នម​ចិត្ត​ពល​ផង​ឲ្យ​ស្នេហា នឹង​គិត​ការ​មើល​ហេតុ​សង្កេត​ផល
សព្ទ​ឧបាយ​ស្រាយ​ដោះ​ឲ្យ​ដឹង​ដល់ មាន​ការ​កល​គិត​កែ​ឲ្យ​អាច​ហាន ។
ទាំង​នេះ​ហើយ​តែ​ដោយ​ព្យាយាម​ពិត កុំ​ខ្ជិល​គិត​ប្រើ​គេ​តាង​ភ្នែក​ប្រាណ
ជា​ចម​ទ័ព​រំងាប់​ចិត្ត​ក្រោធ​ថ្កាន នឹង​ហ៊ាន​ខ្លាច​ក្លាហាន​ឲ្យ​ល្មម​ល្អ ។
កុំ​អួត​ចេះ​រិះ​រក​តែ​ទី​ងាយ ទី​ណា​ធ្លាយ​យក​កាយបាតាំង​ត
ជា​ជាតិ​ប្រុស​ធ្វើ​ទ័ព​ទុក​នាមករ ឲ្យ​ល្បីល្បាញ​ខ្ចាយខ្ចរ​ទួ​លោកា ។
ចូរ​មើល​បែប​យ៉ាង​បង​មាន​សច្ចំ មិន​គិត​តាំង​ជីវិត​ប៉ុន​កេសា
មិន​គួរ​ស្ដាប់​គួរ​ស្ដាយ​ដួង​ជីវ៉ា មិន​គួរ​សូន្យ​សង្ខារ​កុំ​អាល័យ ។
បង​ផ្ញើ​កែវ​តារា​យុផា​ភក្រ្ត១ ចូរ​រួម​រ័ក្ស​ស្ម័គ្រ​ស្មោះ​កុំ​អា​ថៃ
គ្រង​រក្សា​គ្នា​ទៅ​នៅ​ក្រុង​ក្រៃ ទាំង​ក្របី​ស្រី​កំហែង​ហនុមាន ។
បា​ថែ​ទាំ​សង្គ្រោះ​សព្វ​សុរ្យវង្ស នៅ​ពីរ​ពង្ស​អង្គ​ក្មួយ​ទាំង​ពីរ​ប្រាណ
ផ្ដាំ​ស្រេច​លេង​សរ​ព្រះ​អវតាណ២ សង្ខារ​ប្រាណ​បាន​ទៅ​កើត​សួគ៌ា ។
ទើប​បាន​នាម​ទេវា​ជា​ពាលី ព្រោះ​មាន​ទី​សច្ចំ​ជា​សព្វ​គ្រា
នឹង​តេជះ​សរ​នារាយណ៍​ជួយ​នាំ​ពាហ៍ បាន​សោយ​សុខ​សួគ៌ា​សម្រាន្ត​ចិត្ត ។
សុភាសិត​ពាលី​ពី​បុរាណ នោះ​ចំណាន​មែន​ហើយ​តែ​ប្រគិត
សាធុជន​ទញ់​ទាល់​នឹង​ពិនិត្យ ទើប​គិត​កែ​គ្រាន់​ងាយ​ពិចារណា ។
ខ្ញុំ​ជា​ហ្មឺន​ឈ្មោះ​មាស​ឈ្លាស​ឈ្លៀត​គិត ចង​លិខិត​ប្រឹត​ប្រែ​កែ​លិខា
ទុក​ជា​ច្បាប់​សម្រាប់​ខ្ញុំ​រាជការ មិន​វិត្ថារ​ព្រោះ​ទើប​រើប​ហ្វឹកសន ។
នោះ​បើ​ខុស​បើ​ខាត​បាទ​បទ​ក្ដី សូម​ប្រណី​ផ្លាស់​កែ​ប្រែ​សុន្ថន៣
ឲ្យ​តែ​ត្រូវ​តែ​ត្រង់​គណៈ​ក្លន ទុក​ជា​បន​ជា​បែប​បណ្ដាំ​អឺយ ។
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

ច្បាប់ស្រី

ច្បាប់ស្រីត្រូវបានតែងនិពន្ធឡើងដោយបណ្ឌិត ម៉ឺន មៃ ជាបទភុជង្គលីលា។ ច្បាប់ប្រុសមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ច្បាប់ស្រី
នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី។
កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្យកយក្សា។
នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ។
ទៅឋានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី។
ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឲ្យស្វាមី អាក់អន់ចិន្ដា។
នាងអើយគម្ដែង[១]ក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ។
ហៃកូនស្រីមាសម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី។
ក្រមួយមិនបានសម្ដី ពាក្យទន់តិចនៃ ឲ្យញាតិចូលចិត្ត។
ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។
ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់។
កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន។
កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ដ ពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដី ការកេរជាស្រី កុំស្ដីឡេះឡោះ។
ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកម្លោះ សសៀរចូលជិត។
សើចព្រៀងកញ្ឆៀងមិនគិត ប្រុសព្រើលបានចិត្ត វាហ៊ានដោយសារ។
ហៅស្រីអប្រិយឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន។
សើរើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកឲ្យប្រុស។
ហៅស្រីអប្រិយទុយ៌ស មិនខ្លាចខ្លួនខុស មារយាទក្រឹត្យក្រម។
ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ថាឯងជាស្រី។
មិនកោតមិនខ្លាចចិត្តប្ដី ឲ្យប្រុសដទៃ មាក់ងាយប្ដីណា។
ហៅស្រីឥតលក្ខណា ឥតមានកិរិយា មារយាទពុំសម។
ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឲ្យហើយ។
កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា។
ទោះធ្វើហូលគោមព្រែ[២]ផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ។
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឲ្យដើរ លេងផ្ទះគេណា។
ឱស្ងួនខ្លឹមខ្លួនរក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ។
មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លាត។
ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត យំទារតែឆី។
រីងព្រួយទាំងមួយទាំងពីរ រកបានឲ្យឆី ទើបបានបាត់មាត់។
ទៅកាន់ការធ្វើឲ្យស្ទាត់ ហូលគោមគាត់កាត់ អន្ទងត្បាញទៅ។
កុំទុកក្នុងស្មុគស្មាញនូវ ក្រែងដល់យូរទៅ ខាតខូចអសារ។
ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា កុំភ្លេចស្មារតី។
ចូររករៀនយកច្បាប់ស្រី ឲ្យកោតខ្លាចប្ដី គម្ដែងក្រឡា។
ធ្វើវត្តប្រតិបត្តិសោតណា ឲ្យនាងរក្សា ភ្នក់ភ្លើងទាំងបី។
ឲ្យកាត់ឲ្យគង់ប្រក្រតី សព្វថ្ងៃកុំឲ្យបី ភ្លេចផ្លុំឲ្យឆេះ។
ក្រែងរាលដូចដាលព្រាយប្រេះ កើតក្ដៅរលេះ រលាយអស់អង្គ។
ភ្លើងក្រៅកុំនាំទៅក្នុង ឲ្យឆេះបំផ្លុង ឬផ្លុំបង្កាត់។
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ ឲ្យឆេះឯក្រៅ។
អុជអាលបណ្ដាលឲ្យក្ដៅ ដាលដល់កូនចៅ អសោចអប្រិយ។
ឲ្យនាងខំប្រុងស្មារតី មើលភ្លើងទាំងបី រក្សាឲ្យគង់។
ភ្លើងនោះឲ្យកូនពុំលង់ នឹងឲ្យឧត្ដុង ឧត្ដមកន្លង។
កើតយសរបស់ទ្រព្យផង បរិបូរឥតហ្មង ប្រសើរក្ដាត់ណា។
ភ្លើងមួយនោះឲ្យរក្សា គឺគុណមាតា បិតាស្ងូនគ្រង។
ឲ្យនាងធ្វើដោយគន្លង ប្រណិប័តន៍កុំឆ្គង នឹងម្ដាយឪពុក។
ឲ្យខំថែទាំញ៉ឹកញ៉ុក ចំណីចំណុក ចំណង់អាត្មា។
កុំឃ្លានទុកឆីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី។
ពាក្យពេចន៍ការកិច្ចអ្វីៗ អត់ឱនកុំបី ឲ្យអាក់ចិន្ដា។
ភ្លើងមួយគម្ដែងក្រឡា គឺប្ដីអាត្មា ឋិនថេររួមរ័ក្ស។
ឲ្យនាងប្រណិប័តន៍ជឿជាក់ កុំធ្វើឲ្យអាក់ ឲ្យអន់ចិត្តប្ដី។
អត់ឱនខ្លាចខ្លួនជាស្រី កុំឲ្យស្រដី ទុកគេជាស្មើ។
ទោះកើតហេតុភេទសារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់។
ទោះប្ដីស្រដីពុំគាប់ ពុំគួរឲ្យប្រាប់ បានដឹងដល់ម្ដាយ។
កើតខឹងរែងរីងខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់ប្ដី។
មិនក្សាន្តបែកបានពីប្ដី កើតជាសម្ដី សួរចុះសួរឡើង។
ពុំស្ងាត់ស្ងៀមមាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់។
តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឲ្យបាត់ ឲ្យបានទីសុខ។
ជជែកស្ទើរបែកទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ។
នេះហៅភ្លក់ភ្លើងទាំងបី ម្ដាយផ្ដាំកូនស្រី ឲ្យខំរក្សា។
នាងគម្ដែងក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី។
ឲ្យអត់សង្កត់ហឫទ័យ កូនកុំស្រដី ដើមប្ដីកំបាំង។
កុំជេរកុំចេញជាខ្លាំង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ។
ល្ងង់ខ្សោយប្រើឲ្យនិយាយ ណែនាំលេងលាយ ឲ្យស្រួលវាចា។
ទោះប្ដីស្រដីម្ដេចម្ដា ខេខឹងជេរថា បោះពាក្យទម្ងន់។
ក្រោធក្រេវឆុលឆេវមិនអន់ មិនអាក់ស្រោកស្រន់ ដោយចិត្តគ្នាន់ក្នាញ់។
រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ត្បិតទាស់នឹងចិត្ត។
ឲ្យកូនស្រីស្ងួនខំអត់ ឲ្យបានរលត់ រលាយកំហឹង។
កុំកូនកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នកជាស្វាមី។
ខេខឹងក្រញឹង[៣]សម្ដី មិនគិតខ្លួនស្រី ស្រដីទ្រគោះ។
ប្រកែកស្ដីពាក្យគំរោះ គំរាមបញ្ឆេះ បញ្ជោរឲ្យខឹង។
រឹងរូសមើលមុខសម្លឹង សម្លក់ទៅរឹង ចចឹងចង់ឈ្លោះ។
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ បំបែកជាឈ្លោះ បំបែរពុំទៀង។
ជេរថាឆ្កែឆ្មាបំព្រៀង ដៀលត្មះបញ្ឆៀង បញ្ឈឺចិត្តប្ដី។
បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត។
មិនស្រួលទទួលបាត់មាត់ ម្នះម្នាក្នុងចិត្ត ឲ្យបានប្ដីចាញ់។
ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យសឆ្ងាយ។
ហៅកូនស្រីស្ងួនមាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ។
ទោះបីបើប្ដីនាងជេរ នាងចូលទៅឯ ដំណេកគិតសិន។
ចេញមកនាងយកពាក្យទន់ ស្រដីឲ្យអន់ ស្រាយទោសនោះទៅ។
ទោះបីបើប្ដីប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា។
ពាក្យពេចន៍កុំភ្លេចឡើយណា ក្រែងឆ្គងម្ដេងម្ដា ត្បិតបានផ្ដាំស្រាប់។
ព្រោះឯងមិនក្រែងមិនស្ដាប់ ពាក្យគេបង្កាច់ បង្កើតតែឈ្លោះ។
ឥតសុខអាក្រក់តែឈ្មោះ ឮគេប្រឈ្លោះ មិនចេះហៅល្ហែ។
នេះពុំរាប់ជាស្ត្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង។
ឲ្យមាត់បង្គ្របប្ដីផង ឲ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ។
គឺមោះនាងនោះមិនប្រើ មិនបើកឲ្យដើរ បញ្ចើឲ្យទេ។
ទោះបីប្ដីប្រើមាសមេ កុំកូនចំអែ[៤] ចំអៀកមិនទៅ។
ឆ្ងាយជិតកុំគិតរង់នៅ ក្រោកក្រេសដើរទៅ កុំឲ្យប្ដីជេរ។
កុំទៅនៅយូរផ្ទះគេ រវល់ទំនេរ រវៀសមកណា។
ហៃកូនខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង។
មិនថាត្បិតល្អរូបរាង មិនរើសត្បិតជាង ចេះការទាំងគ្រប់។
មិនបានស្គាល់ទិគោរព ស្គាល់ទេឧបទ្រព ទាំងដប់ប្រការ។
ហៅតែនឹងល្អរូបា ពិតហើយចេះការ គួរកោតដោយយ៉ាង។
មួយរូបល្អសសន្លាង[៥] ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ។
ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ។
គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា។
នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី។
ហៃកូនស្រីស្ងួនពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ។
កាន់ក្បាលប្ដីហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ។
លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។
កន្លងជើងប្ដីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី។
ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាលអប្រិយ កើតព្យាធិរោគា។
ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង។
ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសុស។
ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ។
ស្រីមួយសើចលេងក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី។
ស្មើសត្វចចាត[៦]បក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា។
ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្ដី។
ទុកស្មើពស់ក្រាយ[៧]អប្រិយ ឡើងផ្ទះឥតបី ឥតបើគណនា។
ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែងឆ្ងាយ។
ស្រីមួយសក់វែងអន្លាយ រំសុសរំសាយ សក់សោតរេរា។
នៅមាត់អណ្ដូងមាត់ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក។
ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ។
ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក។
សំពត់ដាច់ដាចមិននឹក ដើរឮគគឹក ស្មើសូររន្ទះ។
ញ៉ាំញើសំណើរលះ ដាក់ជើងលើផ្ទះ គគ្រាំងគគ្រេង។
កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ។
ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក។
ពុំចេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។
ទ្រព្យនោះរលោះចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ។
ទោះឆីចំណីនូវបាយ លបលូកកកាយ ពម[៨]ពុំសណ្ដាប់។
កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ។
ឲ្យចៀសអស់ទាំងនេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង។
គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា។
មួយមាតុមួយមិត្តភរិយា កាតុភរិយាជាតិ ទាសភរិយាផង។
ទាំងបួនប្រសើរឥតហ្មង គួរឲ្យចាំចង ទុកក្នុងអង្គា។
រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ។
ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៍ឲ្យប្ដី។
បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្ដី ឲ្យបានសក្តិយស។
មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង។
ចេះរៀបរណ្ដាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្ដី។
មួយបើប្ដីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ។
រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្ដីឲ្យជា។
រីឯហៅកាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង។
នោះមានចរិតពីរផង ដូចប្អូននិងបង ចិត្តមូលមួយប្រាណ។
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា។
មួយទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្ដី។
ពុំត្រូវអាស្រូវអប្រិយ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ។
ទោះបីបើប្ដីមានទុក្ខ គិតឲ្យបានសុខ យកខ្លួនធានា។
មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ។
បីដូចកលមិត្តសម្លាញ់ មានចិត្តអស់អញ មិនឲ្យមានហ្មង។
បីដូចកលប្អូននិងបង ប្រាសយូរលង់ហោង ទើបមកជួបគ្នា។
មានចិត្តប្រតិព័ទ្ធមហិមា ត្បិតបានជួបគ្នា មិនឲ្យមានហ្មង។
មួយមានមារយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ។
រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី។
ចរិតប្រាំបីប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ។
ប្រុងចិត្តការគិតខ្មាសគេ មិនឲ្យប្ដីជេរ បន្ទោសខ្លួនបាន។
ទោះខឹងប្ដីក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់។
មួយទោះប្ដីនោះកាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង។
មិនហ៊ានឆ្លើយឈ្លោះរំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ។
មួយចេះប្រដាប់រៀបបាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។
អត់ចាំទម្រាំប្ដីមក ជួបជុំទើបយក បរិភោគផងគ្នា។
នេះឯងហៅទាសភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់។
បើអស់ស្រីណាបានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។
លុះអស់អាយុក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ។
នឹងបានក្សេមក្សាន្តពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកយា។
រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមានបួន។
កុំឲ្យយកទុក្ខក្នុងខ្លួន ឲ្យចៀសចេញជួន កើតកម្មវេរា។
មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឲ្យប្ដី។
ប្រទូសរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ។
ឆ្លើយឆ្លងសូរសងបណ្ដើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្ដីវិញ។
មួយមិនចង់ធ្វើបំពេញ បង្អាប់ប្ដីវិញ ឲ្យថ្កើងខ្លួនឯង។
អាងចេះដៀលតិះពុំក្រែង ឲ្យប្ដីស្ដាប់ឯង ដោយចិត្តអន្ធពាល។
មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោលពេញមុខប្ដី។
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុសទៀត។
គិតកាប់សម្លាប់បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា។
រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ។
មួយមិនខ្លាចប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ ប្ដីសួរបីម៉ាត់ ពុំស្រដីផង។
មួយប្ដីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់។
មួយមិនចង់ឲ្យប្ដីគាប់ មិនចង់ប្រដាប់ ឲ្យប្ដីថ្កុំថ្កើង។
មួយទោះនឹងស្រដីឡើង ពាក្យធំចចើង ចចេសនឹងប្ដី។
មួយទោះប្ដីលោះខ្ញុំស្រី វាបម្រើប្ដី មិនឲ្យអាក់អន់។
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រច័ណ្ឌ ជេរថានាយអាយ។
មួយត្បិតប្ដីមានសាហាយ ហួរហែកសុសសាយ ឲ្យប្ដីអាស្រូវ។
រីចោរភរិយានោះកូវ ចរិតពុំត្រូវ មានបីប្រការ។
មួយចង់ចាយទ្រព្យប្ដីណា ឲ្យខូចអសារ មិនគង់ជាល្អ។
មួយប្ដីឃ្មាតខ្មីខំរក៍ របស់បានមក៍ មិនថែទាំទុក។
លួចឲ្យទៅម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា។
មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់។
ដេកលេងចំខែងអស់កល លុះប្ដីគេយល់ ពុតធ្វើជាឈឺ។
ទទូរដេកថ្ងូរហ៊ឺៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់។
នេះហៅប្រពន្ធពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ។
លុះអស់អាយុក្ល័យក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក។
តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ។
ហេតុអកុសលនេះហើយ ត្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរៀងមិនរង ខុសនឹងច្បាប់ស្រី។
មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា។
មាក់ងាយមួយនោះឯងណា ត្បិតប្ដីពិការ មិនបានមាំមួន។
ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់។
មើលប្ដីឲ្យជាឆាប់ផុត ខឹងវិញមិនអត់ បន់ឲ្យប្ដីស្លាប់។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរកោះគាប់ ស្មើនឹងអាត្មា។
ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់។
មាក់ងាយត្បិតប្ដីអប្បយស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ។
ឆ្មើងខ្លួនឲ្យប្ដីបម្រើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស។
មាក់ងាយមួយត្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ។
ដៀលត្មះពុំចេះអាសូរ សម្ដីខ្មោះខ្មូរ មិនក្រែងប៉ុនសក់។
មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស។
កន្ទ្រល រោងរលក្រអុះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង។
ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម។
មាក់ងាយមួយប្ដីមិនខំ ធ្វើការលេលាំ ឡែឡដើរលេង។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា។
មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែតោ។
ពាក្យក្អេងរាំច្រៀងឡោៗ ឲ្យឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ។
ឮមាត់ប្ដីហើយខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្តក្នាញ់។
មាក់ងាយមួយទៀតនោះមិញ ត្បិតប្ដីស្រឡាញ់ លលូកប្រឡែង។
មួលបិចចាក់ចុចជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ។
ត្បិតតែយល់គេស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ។
ធ្វើក្នាញ់បែរចេញព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា។
ពុំបានក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំពីរ។
កូនអើយនេះហើយច្បាប់ស្រី ឲ្យកូនពិសី រករៀនរក្សា។
យកទុកក្នុងអង្គអាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី។
ប្រសើរទាំងនាលោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា។
ទោះចិត្តគន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូរណ៍។
ដូចចិត្តឆុតឆាប់ពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង។
កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា។
ច្បាប់នេះឧត្តមថ្លៃថ្លា ទោះស្រីឯណា ឮហើយមានភ័ព្វ។
ជាល្អកម្របានស្ដាប់ ស្ដាប់ហើយចូរចាប់ ចូរចាំគ្រប់គ្នា។
បានដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច។
ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យពិតកាព្យកិច្ច បរិបូរណ៍ប្រពៃ។
ប្រាជ្ញាប្រែរីឯនាមនៃ ខ្ញុំឈ្មោះម៉ឺន មៃ មែនមានសទ្ធា។
មានចិត្តកួចគិតកាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល។
សច្ចាប្រាថ្នាមគ្គផល ផុរផុសយោបល់ លេចលើកទុកនៅ។
ទោះបីសេចក្ដីខុសត្រូវ សូមទានតម្រូវ តម្រង់ឲ្យផង។
កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា។
សម្រាប់ជាច្បាប់មាត្រា សូរេចបការា បរិបូរណ៍ចែងចប់៕
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

ច្បាប់ប្រុស

ច្បាប់ប្រុស
នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។
ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។
នឹងដើរដូចភុជង្គ ឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។
រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យគេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំ ជំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។
ដេកយូរកុំដេកយូរ ហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង។
ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា
កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ពារក្សាយើង
ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។
កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ។
ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កម្ដៅអង្គ អុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនចុះ
គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយ សព្វពួច ពាងអាងអុង ធំ។
កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើអុស។
ជួនកាលក្រែងមានបន្លា មុតអាត្មាគ្រាន់ចាក់ជួស
ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។
ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ
កាប់កាន់កុំដៃទេ អង្គុយគន់មើលឆ្វេងស្ដាំ។
ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត។
សោះស្រីស្រដីបាន បើអុសមានមិនព្រួយគិត
សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្ដួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើន ទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យមើលមុខៗ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ។
កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ទោះធ្វើស្រែចំការ ឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង។
កុំឲ្យបង់កម្លាំង ទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រង់ផង ឲ្យលូតលាស់មានផ្លាផ្កែ។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ។
ជាងយប់បិតឫស្សី ត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ។
កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចំការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម។
ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា។
ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា
គេម៉ៃ មកអាត្មា តាមដំណឹងដំណើរខុស។
កូនអើយបាកុំធ្លោយ កុំធ្លាយឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀរប៉ោធួ កំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងគេនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងដាំក្បាលចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់។
មើលមុខល្អមិនតិចអី មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្ដាប់ មាត់ស្ញេញស្ញាញពេបកូនក្មេង។
ស្រែកថ្ងូរអេះអូយអើយ អាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។
ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង
កុំលកុំលូកលេង គួរឲ្យវាងឲ្យវៀរសោះ។
កុំឈរកុំឈប់ចិត្ត ក្រែងមិនអត់បង់កេរ្តិ៍កោះ
កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសម្លាញ់
ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ
វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។
ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់
មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា។
ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជា កុំធានាណា៎អ្នកអាយ។
កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណា។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា
វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ។
ភ្លេចទានសីលសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ។
បង្កើតតែទុក្ខទោស បើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយ ឲ្យទាស់តែងខឹងនឹងគ្នា។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូន ម្ដាយនិងកូនគុំធ្វើគ្នា។
រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ
លក់ព្នៃ ខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា។
គេកាប់ដោតទាំងក្បាល មិនចេះចោលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះណា នឹកតែត្រង់សេពសប្បាយ។
រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។
នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា។
អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ។
ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កម្លាំងឯងស្មើនឹងចៃ មិនកោតគេតិចឡើយណា។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា
មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។
បញ្ជោរបញ្ចៀសផ្ដាស ជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។
ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាធាក់ ដោយចិត្តធំបទបានស្រា។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។
គេឃើញអស់ខ្មាសខ្ញុំ ក្មេងជៀវ ជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំងខ្លួន។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ដឹងហើយស្រវឹងបួន ខ្លួនខ្សត់ទេអួតថាមាន។
អ្នកស្លូតទៅជាកាច ឯងអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី។
គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ
នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា។
ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង។
លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ។
នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន
ដោយធម៌បុរាណ លោកឧបមាដូច្នេះនា។
ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូច្នេះនៃ។
កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិត មៃ
គិតចងជាសេចក្ដី ប្រដៅជនចប់ម្ល៉េះហោង៕
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

ច្បាប់ក្រម

ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

នេះគឺច្បាប់ក្រម ប្រសើរឧត្ដម ទូន្មានអ្នកផង
ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង
កើតដោយប្រណិប័តន៍។
នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរដ្ន
ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្ដិ
យកផ្លូវនិព្វាន។
នរូអ្នកផង ទោះដឹងយល់ហោង ចិត្ដនោះឲ្យហ៊ាន
បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលឹកលាន
ដោយចិត្ដអន្ធពាល។
ម្ដាយឪពុកសោតណា ស្រលាញ់ស្ងួនភ្ងា ហៅកូនសង្សារ
អាចមកបំបួស ហេតុចង់សម្ភារ ប្រើបង់អន្ធពាល
រៀនដោយក្រមច្បាប់។
សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់
សង្វាតសូត្ររៀន ដោយគ្រូប្រញ័ប្ដិ កុំធ្វើលេលាប់
ដោយចិត្ដមាក់ងាយ។
ហៃអស់សាមណេរ ម្ដាយមកបង្វែរ អ្នកជាបាធ្យាយ
សង្វាតសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ
ដូចនៅគ្រហស្ថ។
កុំធ្វើរាយមាយ និងគ្រូបាធ្យាយ ទុកស្មើអម្ចាស់
សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់
នាំញាតិទាំងឡាយ។
អាសូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ
អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ
ប្រយោជន៍ទាំងបី។
មួយចង់ក្ដីច្បាប់ ឲ្យខ្លួនបានគាប់ នៅនាលោកិយ
មួយចង់ប្រាជ្ញា មិនឲ្យអប្រិយ មួយចង់បារមី
១០ នាំញាតិទាំងឡាយ។
ហៃអស់សាមណេរ កុំធ្វើដែលដែរ ត្រង់ក្ដីពាយងាយ
លំអុតបំរើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្ដាយ
ឪពុកទីទៃ។
សង្វាតសូត្ររៀន កុំធ្វើអៀនប្រៀន ក្នុងចិត្ដសព្វថ្ងៃ
លំអុតបំរើ ផ្គាប់ដោយហរិទ័យ បារម្ភមៃៗ
ក្ដីច្បាប់កុំបង់។
ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រិត្យសង្ឃ
ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបង់ ចំណេរទៅលង់
ខ្លួនបានជាធំ។
សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យក្រម
បំរើបាធ្យាយ ឲ្យមានបារម្ភ ទើបខ្លួនជាធំ
ទៅដល់មហាក្សត្រិយ៍។
ច្បាប់នេះសោតណា ទូន្មានអាត្មា ថេរនៅពុំបាត់
ទោះខ្លួនឥតបុណ្យ បំរើមហាក្សត្រិយ៍ គោរពប្រតិបត្ដិ
យសនោះពុំលែង។
១៥ ហេតុបានដឹងច្បាប់ បានដូចបង្គាប់ ចិត្ដគ្រូយល់ស្ដែង
ទោះទៅបំរើ ស្ដេចជាគំដែង យសនោះពុំលែង
ប្រាកដពណ្ណរាយ។
ក្ដីនេះជាច្បាប់ ឲ្យសាមណេរត្រាប់ សព្វសរិលទាំងឡាយ
កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ
បង្កើតក្ដីច្បាប់។
សាមណេរណាៗ ទោះមានប្រាជ្ញា នឹងចង់រៀនច្បាប់
ឲ្យយកត្រចៀក នោះឲ្យចូលស្ដាប់ ធ្វើដោយក្រមច្បាប់
នៃគ្រូបាធ្យាយ។
សាមណេរណាសោត ចិត្ដនោះក្រេវក្រោធ ឲ្យចៀសចេញឆ្ងាយ
ច្បាប់នេះមិនខំ សាមណេរទាំងឡាយ តាមចិត្ដសប្បាយ
អាត្មាទីទៃ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ឲ្យបានខ្លួនថ្លៃ
ចូរដឹងខុសគាប់ ដោយអធ្យាស្រ័យ ផ្គាប់ដោយហរិទ័យ
អ្នកជាបាធ្យាយ។
២០ ទោះនឹងស្វែងធម៌ ឲ្យមានសំគាល់ កុំធ្វើរាយមាយ
ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំណាយ កុំឲ្យអន្ដរាយ
នូវច្បាប់ក្រមផង។
រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ ឪពុកយើងផង
ហ្វឹកហ្វឺនប្រដៅ មិនឲ្យមានឆ្គង តាមដោយគន្លង
ព្រេងព្រឹទ្ធបុរាណ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ជារស្មីប្រាណ
ឲ្យគិតជញ្ជឹង រំពឹងលែងបាន កុំធ្វើបំពាន
ប្រទូស្តវឹងស្នង។
នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង
ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង
នៃចិត្ដចិន្ដា។
រីនឹងចេះឯង ដូចអ្នកវង្វេង កណ្ដាលអធ្វា
ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា
ឥតអ្នកដឹកដៃ។
២៥ សូម្បីរកផ្លូវ ពុំដែលនឹងត្រូវ សឹងពានឯព្រៃ
ហេតុត្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្ដនោះសង្ស័យ
ដូចយល់ពុំដល់។
នេះដូចអ្នកផង ពុំដោយគន្លង នៃលោកណាយល់
សឹងធ្វើមោហោ ទោះសោកំហល់ ពុំអាចទប់ទល់
នាធ្ងន់នាស្រាល។
ប្រដៅក្ដីច្បាប់ សឹងថាពុំគាប់ ហេតុចិត្ដអន្ធពាល
ក្ដីច្បាប់ទំងន់ សឹងថាជាស្រាល ហេតុចិត្ដអន្ធពាល
ចង់តែសប្បាយ។
ពុំដឹងដើមគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្ដាយ
ក្លឺពីមនុស្សលោក រួចដល់ស្ួគ៌នាយ ចៀសចតុរាបាយ
នរកទាំងបួន។
នាបីហៅគ្រូ កុំធ្វើមូទូ ចិត្ដនោះឲ្យស្ងួន
កុំធ្វើតំកើង ចង់ធំតែខ្លួន ក្រែងបាបមកចួន
នៅនាលោកិយ។
៣០ រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី
ហើយឲ្យរុងរឿង អស់បញ្ចិន្រ្ទិយ ស្មើព្រះជននី
ជនកសោតហោង។
ព្រះជនកសោតណា បង្កើតអាត្មា ឲ្យមានសរិលផង
រក្សាពីតូច មិនឲ្យមានហ្មង អស់សុខទុក្ខផង
ពុំដែលនឹងឆ្អន់។
ព្រះជនកព្រះជនី បើនឹងស្រដី ប្រសើរពេកពន់
ថាភ្នំព្រះសុមេរុ៍ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍
ពុំអាចកន្លង។
រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ ឪពុកឯងហោង
អាចឲ្យក្ដីច្បាប់ ប្រដៅធម៌ផង ដោយនូវគន្លង
ព្រះពុទ្ធទាំងឡាយ។
នរូអ្នកណា ទោះមានប្រាជ្ញា ឲ្យគិតវែងឆ្ងាយ
គុណនោះទាំងបី ហៅមហាទូលាយ កុំឲ្យអន្ដរាយ
ក្ដីពីព្យាយាម។
៣៥ រីបុណ្យនិងបាប អំពើសភាព នោះវាតែងតាម
ប្រដូចស្រមោល អន្ទោលតាមប្រាណ ពុំដែលចៀសបាន
ត្រង់ក្ដីសល់វ៉ល់។
ឲ្យគិតជញ្ជឹង ហើយឲ្យរំពឹង ប្រាជ្ញាឲ្យយល់
ឲ្យមានវិរិយំ សច្ចំកុសល កុំធ្វើសល់វ៉ល់
និងក្ដីទុក្ខសោក។
នរូអ្នកណា នឹងនាំអាត្មា ឧស្សាហ៍អធ្យោគ
ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោក ចូលមហាបថមោក្ខ
គឺនិព្វានហោង។
បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »

ប្រវត្តិកំនាព្យខ្មែរ

បើ​យើង​ពឹង​ផ្អែក​លើ​បទ​ភ្លេង និង​ទំនុក​ច្រៀង​នៃ​វង់​ភ្លេង​អារក្ស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​តន្រ្តីខ្មែរ​យល់​ថា ជា​វង់ភ្លេង​ខ្សែ​ដែល​កើត​មុន​គេ ដូច​គ្នា​នឹង​គ្រឿង ដំគង​កាប់​ក្របី​របស់​បង​ប្អូន​ជន​ជាតិ ដែរ​នោះ ជា​តន្ត្រី​សម្រាប់​បម្រើ​ពិធី​ផ្សេងៗ ៖ បូជា​អារក្ស​អ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរដើម ហើយ​ដែល​កើត​មាន​​តាំង​ពី​មុន​សម័យ​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រហូត​ចូល​មក​កម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ….

ម្យ៉ាងទៀត បើ​យើង​ពឹង​ផ្អែក​លើ​ទំនុក​ច្រៀង បទ​ភ្លេង​នៃ​វង់​ភ្លេង​ប្រពៃណី​(ភ្លេងការ) ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​កើត​មាន​តាំង​ពី​សតវត្សរ៍​ទី១ នៃ​គ្រឹស្ត​សករាជ គឺ​ក្នុង​ពេល​ដែល​រៀប​អាពាហ៍​ពិពាហ៍ មង្គលការ ព្រះថោង​និង​នាងនាគ (ហ៊ុនទៀន និង​នាង​លីវយី ឬ​ព្រះនាង​សោមា​កូនព្រះច័ន្ទ្រ) ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត ដូចជា​ បទព្រះថោង​នាងនាគ នាគព័ន្ធ ជាដើម យើង​ឃើញ​ថា​កំនាព្យខ្មែរ​ដែល​កើត​មាន​មុន​គេ គឺ​បទពាក្យ៤ ដែល​ក្នុង​មួយ​ល្បះខណ្ឌ​មាន ៤ឃ្លា និង​ក្នុង​មួយ​ឃ្លា​មាន ៤ព្យាង្គ ស្មើគ្នា។

រហូត​​មក​ដល់​ចុង​សតវត្សទី៦ ដើម​សម័យចេនឡា ទើប​យើង​ឃើញ​មាន​៤ទម្រង់​កំណាព្យ​មួយ​បទ​ទៀត កើត​ឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺ​ក្នុង​១​ល្បះ​មាន​៤​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៨​ព្យាង្គ… ប៉ុន្តែ​ការ​ចាប់​ចុងចួន មិន​ដូច​បទពាក្យ៨ ដែល​កើត​សម័យ​ក្រោយ​ទេ។

នៅ​ក្នុង​រឿងរាមកេរ្តិ៍ ពី​ខ្សែ​១ ដល់​ខ្សែ​១០​ ដែល​កើត​មាន​នៅ​សម័យអង្គរ គេ​ឃើញ​មាន​ទម្រង់​កំណាព្យ ៥បទ​ទៀត កើត​ឡើង​គឺ ៖

  • បទកាកគតិ ៖ ដែល​ក្នុង​១​ល្បះ​ខណ្ឌ មាន​៧​ឃ្លា និង​ក្នុង​១​ឃ្លា​មាន​៤​ព្យាង្គ​ស្មើគ្នា។
  • បទព្រហ្មគីតិ ៖ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៥​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៥​ព្យាង្គ និង​ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។
  • បទពំនោល ៖ ១​ល្បះ​មាន​២​ឃ្លា​ – ឃ្លា​ទី​១​មាន​៦​ព្យាង្គ ឃ្លា​ទី​២​មាន​៤​ព្យាង្គ និង​ឃ្លា​ទី​៣មាន​៦​ព្យាង្គ។
  • បទបន្ទោលកាក ៖ ១​ល្បះ​មាន​៤​ឃ្លា – ឃ្លា​ទី​១​មាន​៤​ព្យាង្គ ឃ្លា​ទី​២​មាន​៦​ព្យាង្គ ឃ្លា​ទី​៣​មាន​៤​ព្យាង្គ ឃ្លា​ទី​៤​មាន​៦​ព្យាង្គ។
  • បទភុជង្គលីលា ៖ ១​ល្បះ​មាន​៣​ឃ្លា – ឃ្លា​ទី​១មាន​៦​ព្យាង្គ ឃ្លា​ទី​២​និង​ទី​៣​មាន​៤​ព្យាង្គ។

ទម្រង់កំណាព្យ​ទាំង​៥​ខាង​លើមាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​ប្រើ​ឈ្មោះ​នៅ​ឡើយ។ រហូត​មក​ដល់​សតវត្ស​ទី​១៥ ឆ្នាំ១៤៩៨ ក្នុង​ល្បើកអង្គររបស់អ្នកប៉ាង ទើប​កំណាព្យ​ដដែល​នេះ​មាន​ប្រើ​ឈ្មោះ​ជា កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោលកាក និង​ភុជង្គលីលា។

នៅ​ក្នុង​រឿង​រាមកេរ្តិ៍ ពី​ខ្សែ​៧៥​ ដល់​៨០ ដែល​ជា​ស្នាដៃ​បន្ត ហើយ​ដែល​អ្នក​ស្រាវជ្រាវ​អក្សរសាស្ត្រ​ជាតិ​យល់​ថា​ជា​ស្នាដៃ​កើត​ក្រោយ​សម័យ​អង្គរ ឬ​ក៏​ក្រោយ​ពេល​ជ្រួល​ច្របល់​ចលាចល ព្រោះ​សៀម​លុក​លុយ​ក្រុងអង្គរ​នោះ គេ​ឃើញ​មាន​កំណាព្យ​ថ្មី​មួយ​ទៀត គឺបទពាក្យ៦ ដែល​ក្នុង​១​ល្បះ​មាន​៤​ឃ្លា ក្នុង​១​ឃ្លា​មាន​៦​ព្យាង្គ​ស្មើ​គ្នា។

មកដល់​សម័យចតុមុខ ចាប់​ពី​ពេល​ដែល​ព្រះ​បាទពញាយ៉ាត​ប្តូរ​រាជធានី​ពី​អង្គរ​មក​តាំង​នៅ​ ស្រីសន្ធរ រួច​មក​ភ្នំពេញ និង​ការ​ផ្លាស់ប្តូរ​ទីក្រុង​ចុះ​ឡើង ពី​ភ្នំពេញ​ទៅ​លង្វែក ពី​លង្វែក​ទៅ​ឧត្តុង្គ និង​កន្លែង​ដទៃ​ជា​ច្រើន​ទៀត រហូត​ដល់​សម័យ​នរោត្តម​ប្តូរ​ទីក្រុង​ពី​ឧត្តុង្គ​មក​ភ្នំពេញ… ដល់​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​មាន​កំណាព្យ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។

  • បទពាក្យ៧ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ
  • បទពាក្យ៨ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ
  • បទពាក្យ៩ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ
  • បទពាក្យ១០ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ
  • បទពាក្យ១១ ៖ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ

ហើយ មាន​បទ​ជា​ច្រើន​ទៀត​ដែល​ជា​របៀប​សរសេរ​បំភ្លៃ​ចេញ​ពី​បទ​ទាំងឡាយ​ខាង​ក្រោយ​នេះ ដូចជា ៖ បទនមោ បទកខ បទអក្សរលូន បទអក្សរសង្វាស បទកង្កែបលោតកណ្តាលស្រះបទកង្កែបលោតលើគោក បទកង្កែបលោតស្លាក់ពេជ្រ បទកង្កែបលោតផាត់ខ្ចៅ បទនាគបរិព័ទ្ធ បទនាគគៀវក្រវាត់ បទនាគរាជប្លែងឫទ្ធិ បទគោព័ទ្ធស្នឹង បទសឹង្ហតោលេងកន្ទុយ បទរមាំងដើរព្រៃបទផ្កាឈូករីក បទក្របចក្រវាឡ បទម្ករខ្ជាក់កែវ បទឆ័ត្របីជាន់ បទរលកយោលយាវ បទរលកខ្ទប់ជ្រាំង បទសហរា បទវិវិធមាលី បទពស់លេបកន្ទុយ បទថយក្រោយចូលព្រែក បទសត្វកាងស្លាបបទរមាំងបើកបាស បទទន្សាយទីសទាស បទមាន់ទឹកបណ្ដើរកូន បទសរថីទាញរថ បទអើយរ៉ា បទត្រឡាចឡើងទ្រើង បទសុក្រទិនវិសាល បទសៅរ៍ទិនវិសាល បទយត្តិភ័ង្គ បទសបាត់សប៉ឹងបទជាប់ទង បទត្រីពិធព័ន្ធ បទសឡាបលូន បទវង្សវិចិត្រ និង បទព្រះចន្ទ្របាំងឆ័ត្រ

បានចុះផ្សាយក្នុង កំនាព្យខ្មែរ. Leave a Comment »