ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបាន៖

 • អនុម័តដោយអង្គប្រជុំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៥
 • រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦
 • ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមស្របតាមទម្រង់ និងគតិច្បាប់នេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧
 • ព្រះរាជក្រម ប្រកាសឱ្យប្រើ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧

ច្បាប់នេះមានទាំងអស់ ១២ជំពូក ចែកចេញជា ៩៥មាត្រា។

ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់

ក្រុមត្រួតពិនិត្យសេចក្ដីព្រាងច្បាប់

 • ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
 • ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន
 • ឯកឧត្តម ជុំ អៀក រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន
 • ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌

ក្រុមតាក់តែងសេចក្ដីព្រាងច្បាប់

 • ឯកឧត្តម អ៊ឹង ជុនហួរ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន
 • លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 • លោក ព្រាប ច័ន្ទវិបុល មន្ត្រីស្រាវជ្រាវច្បាប់ និងបច្ចេកទេស

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ១ វិសាលភាព

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្តប់រាល់ ការធ្វើចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២ គោលបំណង

ច្បាប់នេះ មានគោលបំណង :

 • រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
 • ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
 • ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
 • ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

មាត្រា ៣ ការគោរពបទប្បញ្ញត្តិច្បាប់ចរាចរណ៍

អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។

មាត្រា ៤ ការប្រកាន់ស្តាំ

ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច។
គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។

មាត្រា ៥ ការកំណត់និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍

ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យ ដូចតទៅ :

 • ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវគឺជាទំហំទាំងមូលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវ ឬចិព្ចើាមផ្លូវ
 • ពាក្យថា ទ្រូងផ្លូវ គឺជាផែ្នកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
 • ពាក្យថា ជាយផ្លូវ គឺជាផែ្នកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
 • ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ប៉ុនែ្តមិនអាចចតយានជំនិះនៅទីនោះបានទេ
 • ពាក្យថា គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្អូតតាមបណ្តោយទ្រូងផ្លូវដែលមានទទឹងគ្រប់​គ្រាន់​អាច​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ធ្វើចរាចរណ៍បានមួយជួរ
 • ពាក្យថា ទីប្រជុំជន គឺជាទីកនែ្លងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញ ឬចូលនៅទីនោះមានដាក់ផ្លាកសញ្ញាឈ្មោះ​ទី​ប្រជុំ​ជន​សម្គាល់​ការ​ចូល​ ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូងពណ៌‌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវនិងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
 • ពាក្យថា ផ្លូវប្រសព្វ គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរឬច្រើនដែលមានផៃ្ទរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +, X, T, Y ឬរង្វង់មូលជាដើម
 • ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាក ឬវិមានផេ្សងៗនិង​មាន​ទ្រូង​ផ្លូវ​ឯក​ទិស​ព័ទ្ធ​ជុំវិញ​ដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
 • ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឲ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
 • ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម :
 1. ផ្លូវឯកជនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ
 2. ផ្លូវឯកជនមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ

សហគ្រាស​ អគារ ឬទីលានបរិវេណផេ្សងៗ

 • ពាក្យថា ផ្លូវលំ គឺជាផ្លូវដីដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬឃុំនៅជនបទ
 • ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈ ពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬកែ្បរយានជំនិះខ្លួន​ដើម្បី​ឲ្យ​អ្នក​ដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
 • ពាក្យថា ចត គឺការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
 • ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនៅលើផ្លូវ
 • ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោង
 • ពាក្យថា យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និង​យាន​យន្តុប្បករណ៍
 • ពាក្យថា យានយន្តុប្បករណ៍ គឺជាយានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បនែ្ថមដោយគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវ ស្ពាន ជាដើម
 • ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើង ដែលធ្វើដំណើរនៅលើផ្លូវ
 • ពាក្យថា ទម្ងន់ទទេរបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញ ប៉ុនែ្តមានប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយានមានឧបករណ៍ជួសជុល និង​កង់​បម្រុង
 • ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
 • ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
 • ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ បើ​សិន​ជា​យាន​មាន​សណ្តោង​ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
 • ពាក្យថា ទម្ងន់សរុបជាក់សែ្តងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់សែ្តង
 • ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
 • ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង។

ជំពូកទី ២ សញ្ញាចរាចរណ៍

មាត្រា ៦ សញ្ញាចរាចរណ៍

សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផេ្សងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជា​ហូរ​ហែ​នៅ​តាម​កនែ្លង​មាន​សារៈ​ប្រយោជន៍​ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្រៃ្តយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវចំណាត់ថ្នាក់ផ្លូវ និង​ស្ថានភាព​ផ្លូវ​ដែល​អាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬរបស់ផេ្សងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផេ្សងៗទៀត​ដែល​ប្រើ​ប្រាស់​សម្រាប់​សញ្ញា​ចរាចរណ៍​ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើ​ឲ្យ​អ្នក​បើកបរចាំងភែ្នក។
រូបភាព និងខ្លឹមសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៧ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានអត្ថន័យដូចខាងក្រោម :

 • ដៃស្តាំលើកឡើងលើបាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ ជាសញ្ញា​ឲ្យប្រុងបៀ្របឈប់លើកលែង​តែ​អ្នក​បើក​បរ​ណា​​ដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
 • ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
 • ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆេ្វង ឬពីខាងស្តាំភ្នាក់ងារ ត្រូវអនុញ្ញាតឲ្យឆ្លងកាត់
 • ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
 • ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។

មាត្រា ៨ លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍

លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ :

 1. ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
 2. ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
 3. សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។

ជំពូកទី ៣ អ្នកបើកបរយានជំនិះ

]មាត្រា ៩ ល័ក្ខខ័ណ្ឌនៃអ្នកបើកបរយានយន្ត

គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម :

 1. អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូប ឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
 2. នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និង​ឆាប់​រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឲ្យបាំងភែ្នកអ្នកបើកបរ។
 3. អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខែ្សក្រវាត់សុវត្ថិភាពជាដាច់ខាត។
 4. អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
 5. ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ ។
 6. ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខែ្សក្រវាត់សុវត្ថិភាព។
 7. ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
 8. កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹង​កៅ​អី​ក្រោយ​​នៃ​រថយន្ត​។
 9. ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវនិងអ្នកប្រើប្រាស់ផ្លូវ។
 10. ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
 11. ហាមបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់លើទ្រូងផ្លូវ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
 12. ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។

មាត្រា ១០ ការប្រើប្រាស់ទ្រូងផ្លូវ

នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផែ្នកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆេ្វង។ អ្នក​បើក​បរ​អាច​ប្រើ​ប្រាស់​ទ្រូង​ផ្លូវខាងឆេ្វងបាននៅពេលជែង ឬឈប់ ដោយឡែក។ នៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និង​ដឹកជញ្ជូន។

មាត្រា ១១ ការប្រើប្រាស់គន្លងផ្លូវ

នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើនអ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នក​បើក​បរ​អាច​បើក​បរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬ ច្រើន​អ្នក​បើក​បរ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាង​ស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅវាក្យខ័ណ្ឌ៣ និងវាក្យខ័ណ្ឌ៤ ខាងលើ យានជំនិះនៅក្នុងគន្លងណាមួយ​លឿន​ជាង​យាន​ជំនិះ​នៅ​ក្នុង​គន្លង​ណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។ ចំពោះអ្នកបើកបរយានដែលមានទម្ងន់សរុបលើសពី៣,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំជានិច្ច។ លើកលែង​មាន​ការបត់ឆេ្វង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផេ្សងទៀតបាន។
ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ១២ ការឈប់នៅពេលភ្លើងក្រហម

នៅពេលភ្លើងសញ្ញាចរាចរណ៍បពោ្ចញពន្លឺពណ៌‌លឿងជាសញ្ញាឲ្យប្រុងប្រយ័ត្នតៀ្រមឈប់ ឬ ចេញដំណើរទៅមុខ ពណ៌‌បៃតងជា សញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរពណ៌‌ក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៍បពោ្ចញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខែ្សបន្ទាត់គំនូសជាប់ពណ៌‌សកាត់ទទឹងទ្រូងផ្លូវ ឬ​មុខ​គំនូស​សម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្តាំបំផុតអាចបត់ស្តាំបាននៅត្រង់ចំណុចភ្លើងក្រហមណា ដែល​មាន​សញ្ញា​អនុញ្ញាត​បត់ស្តាំ។

មាត្រា ១៣ ការបើកបរត្រង់ផ្លូវរង្វង់មូល ផ្លូវមានខឿន ឬមានរូបសំណាកនៅលើទ្រូងផ្លូវ

អ្នកបើកបរត្រូវវាងតាមស្តាំដៃ នៅគ្រប់រង្វង់មូល ឬ ខឿនបែងចែកទ្រូងផ្លូវដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមាន​កំណត់​ផ្ទុយ​។​

មាត្រា ១៤ ការបើកបរទន្ទឹមគ្នា និងបើកបរកាត់ក្បួនដងែ្អផេ្សងៗ

អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយបានទេ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬ​ក្បួន​ដងែ្អ​ជា​ជួរ​ផេ្សង​ៗ​។​

មាត្រា ១៥ ការសណ្តោងយានជំនិះ

បែបបទនៃការសណ្តោងត្រូវអនុវត្តតាមបញ្ញត្តិដូចខាងក្រោម :

 • ចំពោះការថ្ពក់សណ្តោងយានជំនិះ អ្នកបើកបរត្រូវប្រើខែ្សកាប ឬដងដែក ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន
 • ហាមអ្នកបើកបរប្រើខែ្សសណ្តោងចំពោះយានដែលមានទម្ងន់សរុបលើសពី៥តោនឡើងទៅ
 • ហាមអ្នកបើកបរ សណ្តោងយានលើសពីមួយគ្រឿង ឬសណ្តោងយាន ដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក
 • ហាមសណ្តោងទោចក្រយាន ឬទោចក្រយានយន្ត
 • ហាមអ្នកបើកបរសណ្តោងរថយន្តគ្រប់ប្រភេទដែលមានអ្នកដំណើរនៅក្នុងនោះ ក្រៅពីអ្នកកាន់ចង្កូត
 • រថយន្តដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកព្ចាក់ចាំងពន្លឺពណ៌‌លឿងពីរ ដាក់នៅ​កាង​រថយន្ត​ខាង​មុខ​អម​សង​ខាង​ផ្លាកលេខ។

បចេ្ចកទេសនៃការថ្ពក់សណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងការដោះរ៊ឺម៉ក ឬសឺមីរ៉ឺម៉កចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

មាត្រា ១៦ កនែ្លងរថយន្តក្រុងឈប់

នៅកនែ្លងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះប្រភេទផេ្សងពីរថយន្តក្រុង ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់​ដើម្បី​ទុក​ឲ្យ​រថយន្ត​ក្រុង​ចេញចូល ឬឈប់បានដោយងាយស្រួល។

មាត្រា ១៧ ល្បឿនបើកបរសម្រាប់យានជំនិះ

ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមល័ក្ខខ័ណ្ឌ ដូចមានចែងខាងក្រោមនេះ :

 1. ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ :
  • នៅក្នុងទីប្រជុំជន :
   • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
   • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ។
  • នៅក្រៅទីប្រជុំជន :
   • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែល​មាន​ទម្ងន់​សរុប អតិបរមា​លើសពី ៣,៥តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៦០​គីឡូម៉ែត្រក្នុងមួយម៉ោង។
 2. ល្បឿនបើកបរសម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់ៈ
  • នៅក្នុងទីប្រជុំជន :
   • អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្តត្រូវប្រើល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
   • អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
  • នៅក្រៅទីប្រជុំជន :
   • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន និងលើសពី៣,៥តោន ចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំងទប់នឹងភាពគាំងកង់។ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​យាន​ដែល​មាន​ទម្ងន់សរុបអតិបរមាលើស៣,៥តោន ដែល​គ្មាន​ប្រព័ន្ធ​ហ្រ្វាំង​ទប់​នឹង​ភាព​គាំង​កង់។
 3. ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ :
  • នៅក្នុងតំបន់ប្រជុំជន :
   • អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រើល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
  • នៅក្រៅតំបន់ប្រជុំជន :
   • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
 4. ល្បឿនបើកបរសម្រាប់យានជំនិះ មានសិទ្ធិអាទិភាព :
  • បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ និង ចំណុចទី៣នៃមាត្រានេះ មិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កង​អាវុធ​ហត្ថ​ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ ភ្លើងសញ្ញា ពិសេស​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ឡើយ។
  • អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតី ដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឲ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវ​បើក​បរអែបទៅខាងស្តាំ ដើម្បីទុកឲ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆេ្វងដៃបានដោយងាយស្រួល។​
  • អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឲ្យយឺតខុសប្រក្រតី ត្រូវឲ្យដំណឹងដល់អ្នកបើកបរផេ្សងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ​ហើយ​ត្រូវ​បើក​បរ​អែប​ទៅ​ខាងស្តាំបំផុតនៃទ្រូងផ្លូវ។

]មាត្រា ១៨ ការបន្ថយល្បឿនយានជំនិះ

ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្រ្ត សភាពផ្លូវ ស្ថាន​ភាព​​​អាកាស​ធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន ដើម្បីអាចបញ្ឈប់យាន បានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។

អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោម :

 1. នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត។
 2. នៅពេលជៀស ឬជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬរថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
 3. ពេលទៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
 4. នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយ និងច្បាស់។
 5. នៅពេលប្តូរទិសចរាចរណ៍។
 6. នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។
 7. នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំណោត។
 8. នៅពេលជៀស ឬជែងក្បួនយានកំពុងឈប់ ឬ នៅពេលជៀស ឬជែងក្បួនដងែ្អផេ្សងៗ។
 9. នៅពេលមានវត្ថុច្រងេងច្រងាង ឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
 10. ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។
 11. កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្ត ដែលមានបន្លឺសូរស័ព្ទ ឬ​ភ្លើង​សញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកអែបមកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន​ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​យាន​ទាំង​នេះ ធ្វើដំណើរទៅមុខដោយសុវត្ថិភាព។
 12. នៅកនែ្លងមានសាលារៀនដែលមានទីតាំងស្ថិតនៅកែ្បរផ្លូវមិនលើសពី៥០ម៉ែត្រ។

មាត្រា ១៩ ការរក្សាទុកចន្លោះសុវត្ថិភាព

យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផេ្សងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិច នៅ​ពេល​ដែល​យាន​ជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ ត្រូវរក្សាឲ្យកាន់តែវែងចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន។ នៅ​ក្រៅ​ទី​ប្រជុំ​ជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន ឬមានបណ្តោយយានវែងលើសពី ៧ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា ចម្ងាយ​​ចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ម៉ែត្រ។

មាត្រា ២០ ការជែង

ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម :

 1. អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆេ្វង។ ប៉ុនែ្តអ្នកបើកបរអាចជែងខាងស្តាំបាន បើសិនជាអ្នកបើកបរយានដែលត្រូវគេជែងនោះ បាន​នឹង​កំពុង​ធ្វើសញ្ញាប្តូរទិសខាងឆេ្វង ហើយឈប់ ឬតៀ្រមដើម្បីបត់ឆេ្វង។
 2. មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះឥតបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្តដូចខាងក្រោម :
  • ឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច ដោយមិនរំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ដទៃឡើយ។
  • គ្មានអ្នកបើកបរយានជំនិះណាមួយ ដែលនៅពីក្រោយខ្លួនចាប់ផ្តើមសុំជែងខ្លួន។
  • គ្មានឲ្យសញ្ញាសុំជែងយានផេ្សងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន។
  • ត្រូវដឹងច្បាស់ថា ល្បឿនសមាមាត្រ រវាងយានទាំងពីរអាចឲ្យជែងក្នុងរយៈពេលខ្លីបំផុតបាន។
  • ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆេ្វងហើយក្នុងករណីចាំបាច់ ត្រូវប្រើបនែ្ថមភ្លើងកូតហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផេ្លនៅពេលថៃ្ង លើក​លែង​តែ​ក្នុងទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផេ្លសុំជែងត្រូវហាមឃាត់។
  • ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយ និងខាងមុខ បានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
 3. អ្នកបើកបរយានខាងមុខនៅពេលដឹងថាយានខាងក្រោយសុំជែង ត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឲ្យសញ្ញាប្តូរទិសខាងស្តាំ ឬលើកដៃឆេ្វងឡើងលើបត់ទៅស្តាំ និងបន្ថយល្បឿនអែបទៅខាងស្តាំ ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថា អាចជែងបាន។ ក្នុង​​ករណី​អ្នក​បើក​បរខាងមុខពិនិត្យឃើញថា នៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញា ប្តូរទិសខាងឆេ្វង ឬ​លាត​ដៃ​ឆេ្វង​សន្ធឹង​ត្រង់​ទៅ​ខាង​ក្រៅជាសញ្ញាឲ្យដឹងថា ការជែងពុំទាន់អាចធ្វើទៅបានទេ។
 4. នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ។
 5. នៅលើទ្រូងផ្លូវគ្មានគំនូសបង្អូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងទៀតបាន លុះត្រាតែទង្វើនេះមិនធ្វើឲ្យមានគ្រោះថ្នាក់ ឬ​រំខាន​ដល់​យានដែលបើកបរផ្ទុយនឹងទិសរបស់ខ្លួន។
 6. នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្តូរទិសខាងស្តាំវិញ ដើម្បីឲ្យដំណឹងថាខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ។
 7. ក្នុងករណីទ្រូងផ្លូវ មានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផេ្សងគ្នា យានស្ថិតនៅគន្លងណាមួយបើកបរ​លឿន​ជាង​យាន​នៅ​គន្លង​ណា​មួយ​ទៀត មិនចាត់ទុកជាការជែងឡើយ។

ហាមជែងគ្នា នៅក្នុងករណីខាងក្រោម :

 • ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែងគ្នា)
 • នៅកនែ្លងមានសញ្ញាហាមជែង
 • នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល លើកលែងតែការជែងនេះអាចទុកឲ្យផែ្នកទ្រូងផ្លូវខាងឆេ្វង គំនូសបង្អូតកណ្តាលនៅទំនេរបាន
 • នៅជិត ឬត្រង់ផ្លូវបត់ ផ្លូវខែ្វង ផ្លូវរអិល
 • នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
 • នៅលើស្ពាន ឬពេលចុះចំណោត
 • នៅកនែ្លងការដ្ឋាន
 • នៅជិត ឬ ត្រង់កំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
 • នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
 • នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ឬចុះអ័ព្ទខ្លាំង ឬដីហុយខ្លាំង
 • នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
 • នៅលើផ្លូវដែលមានទឹកលិច

មាត្រា ២១ ការជៀស

ក្នុងការជៀស :

 1. អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្តាំដៃរៀងៗខ្លួន។
 2. នៅមុនពេលជៀសគ្នា អ្នកបើកបរទាំងសងខាង ត្រូវជឿជាក់ថា ការជៀសគ្នានេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
 3. ដើម្បីជៀសគ្នា អ្នកបើកបរត្រូវអែបខាងស្តាំដៃរៀងៗខ្លួនដោយទុកផ្លូវទំនេរនៅឆេ្វងដៃរបស់ខ្លួនឲ្យបានធំបំផុតដែលអាចធ្វើទៅបាន។
 4. ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬ នៅលើផ្លូវដែលអាចមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន ក្នុងករណីចាំបាច់យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃ ឬដោយស៊ីផេ្លនៅពេលថៃ្ង ឬ​ប្រើ​ភ្លើង​ហ្វា​កូត​ជា​សញ្ញា​នៅ​ពេល​យប់ ហើយរង់ចាំយានជំនិះដែលមកពីមុខបពោ្ចញសញ្ញាយល់ព្រមឲ្យទៅមុនទើបធ្វើដំណើរទៅបាន។ ប៉ុនែ្តបើសិនជាយានប្រភេទខុសគ្នា អ្នក​បើក​បរ​យាន​ធុនធំត្រូវទុកផ្លូវឲ្យយានដែលមានទំហំតូចជាងយានរបស់ខ្លួនធ្វើដំណើរទៅមុន។
 5. ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកនែ្លងមួយដែលអាចជៀសគ្នាបានយានជំនិះណាដែលមកដល់កនែ្លងនេះមុន​ត្រូវ​ឈប់​រង់ចាំនៅកនែ្លងនេះដើម្បី​ទុកឲ្យយានជំនិះមួយទៀតជៀសបានស្រួល។
 6. ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានណាមួយត្រូវថយក្រោយ ត្រូវអនុវត្តដូចខាងក្រោម :
  • ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវហើយត្រូវមានការយល់ព្រមថយក្រោយពីយានមួយទៀត។
  • ចំពោះយានគ្មានសណ្តោង និងយានមានសណ្តោង យានគ្មានសណ្តោងត្រូវថយក្រោយ។
  • ចំពោះយានធុនស្រាល និងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
  • ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញត្រូវថយក្រោយ។
 7. ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោតត្រូវឈប់ ដើម្បីទុកឲ្យយានជំនិះឡើងចំណោតទៅមុន។
 8. ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញ នៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជាផ្លូវខូច ឬ​មាន​យាន​ជំនិះ​ឈប់​ស្ងៀម​យាន​ជំនិះ​នោះ​ត្រូវ​ឈប់​ដើម្បី​ទុកឲ្យយានជំនិះមួយទៀតទៅមុន។
 9. នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគឿ្រង រថយន្តធុនធំត្រូវទុកសិទ្ធិឲ្យរថយន្តធុនស្រាលទៅមុន។
 10. មុនពេលជៀសគ្នា នៅពេលយប់ក្រៅទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនីយានជំនិះទាំងពីរ ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។

មាត្រា ២២ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ

ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វដូចខាងក្រោមនេះ :

 1. គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿន និងពិនិត្យមើលចលនាចរាចរណ៍នៅលើទ្រូង ផ្លូវ ដែលខ្លួនត្រូវឆ្លងកាត់​នោះ​ហើយ​ត្រូវ​ធ្វើ​ដំណើ​រឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុតបើផ្លូវខាងមុខមិនស្រឡះល្អ។ ក្នុងករណីចាំបាច់ ត្រូវធ្វើសញ្ញាឲ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវផេ្សងទៀត ដោយ​ប្រើសញ្ញាសូរស័ព្ទពេលថៃ្ង និងប្រើភ្លើងសញ្ញាកូតហ្វាឆ្លាស់គ្នានៅពេលយប់។ នៅលើផ្លូវបាត់សិទ្ធិ អ្នក​​បើក​បរ​ត្រូវ​បើក​បរ​ក្នុង​ល្បឿន​មួយ​ដែល​អាច​បញ្ឈប់យាន​ខ្លួនបាន ដើម្បីផ្តល់សិទ្ធិដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។
 2. ទោះជានៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌‌បៃតង ដែលអនុញ្ញាតឲ្យធ្វើចរាចរណ៍ទៅមុខបានក៏ដោយក៏អ្នក​បើក​បរ​មិន​ត្រូវ​បើក​ចូល​ទៅ​ក្នុង​ផ្លូវ​ប្រសព្វ​ឡើយ បើសិនជាអំពើនេះអាចតម្រូវឲ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។ ក្នុងករណីបែបនេះ អ្នក​បើក​បរ​ត្រូវ​ឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឲ្យស្ទះចរាចរណ៍យានដែលមកពីទិសផេ្សងទៀត។
 3. នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយានដែលមកពីស្តាំរបស់ខ្លួនទៅមុន។ ប៉ុនែ្ត​​​ក្នុង​ករណី​ផ្លូវ​ប្រសព្វ​បែក​ជា​បី​ដែល​គ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយាននៅលើផ្លូវបន្តទៅមុន។
 4. អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយត្រូវផ្តល់សិទ្ធិអាទិភាពឲ្យអ្នកបើកបរដែល​ស្ថិត​នៅ​ក្នុង​ទ្រូង​ផ្លូវ​ឯក​ទិស​ក្រវាត់​រង្វង់​មូលដែលមានសញ្ញាបង្អាញទិសទៅមុន។
 5. នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកផ្លូវឲ្យយានជំនិះដែលស្ថិតនៅលើ​ផ្លូវ​មាន​សិទ្ធិ​អាទិភាព​ធ្វើ​ដំណើរ​ទៅ​មុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបាន តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
 6. នៅពេលទៅដល់ផ្លូវប្រសព្វ ដែលមានដាក់សញ្ញា “ឈប់”អ្នកបើកបរត្រូវឈប់ស្ងៀម នៅមុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឲ្យយានជំនិះ និង​ថ្មើរ​ជើង​ដែល​នៅលើផ្លូវមានសិទ្ធិធ្វើដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនេះ តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
 7. ដោយែឡកអ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬ​យានសង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ចដោយឲ្យសញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។
 8. យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ :
  • យានពន្លត់អគ្គិភ័យ
  • យានសង្គ្រោះរបស់មន្ទីរពេទ្យ
  • យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ
 9. មុននឹងបើកបរចេញពីផ្លូវឯកជន ដែលមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ ដូចជា ពីច្រកគេហដ្ឋាន រោងចក្រ អគារ ឬទីលានផេ្សងៗ អ្នក​បើក​បរ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិអាទិភាពឲ្យយានជំនិះ ឬអ្នកថ្មើរជើង ដែលកំពុងធ្វើចរាចរណ៍លើផ្លូវបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទៅមុន។
 10. អ្នកបើកបរចេញមកពីផ្លូវលំ ឬផ្លូវដី ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរលើផ្លូវផេ្សងទៀត ដែលមិនមែនជា ផ្លូវលំ ឬផ្លូវដីទៅមុន។
 11. នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយ មានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយ ឬច្រើនត្រូវបម្រុងសម្រាប់យានជំនិះ

ប្រភេទខ្លះធ្វើចរាចរណ៍ បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើ​ចរាចរណ៍​នៅ​លើ​គន្លង​ផ្លូវ​ប្រភេទ​នេះ លើកលែងតែយានជំនិះដែលមានចែងក្នុងចំណុចទី៧ និងចំណុចទី៨។

មាត្រា ២៣ ការឆ្លងកាត់ផ្លូវរថភ្លើង

ក្នុងការឆ្លងកាត់ផ្លូវរថភ្លើង :

 1. អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
 2. អ្នកបើកបរ មិនត្រូវបរយានជំនិះរបស់ខ្លួនកាត់ផ្លូវរថភ្លើងឡើយ បើដឹងថាយានជំនិះរបស់ខ្លួនមានបញ្អាបចេ្ចកទេស ឬស្ថានភាពចរាចរណ៍មិនអនុគ្រោះ អាច​ជ្រុល​ទៅ​នាំ​ឲ្យ​ស្ទះ​នៅ​កនែ្លង​នោះ។
 3. នៅកនែ្លងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ប$របាំងអ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទប$កំពុងបិទ ប$កំពុងបើកឡើយ
 4. នៅកនែ្លងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬ​របាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះ​បាន​លុះ​ត្រា​ជឿ​ជាក់​ថា​ពុំ​មាន​រថភ្លើង​​ណាមួយមកដល់ឡើយ។
 5. នៅកនែ្លងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំហើយ មិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។
 6. កាលណាមានរថភ្លើងមកជិតដល់អ្នកប្រើប្រាស់ផ្លូវ គ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន គង្វាលសត្វទាំងអស់​ត្រូវ​រក​វិធី​ទប់​ស្កាត់​ហ្វូងសត្វពាហនៈ កុំឲ្យឆ្លងកាត់ផ្លូវរថភ្លើងជាដាច់ខាត។​
 7. កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​ឡើយ​។
 8. ក្នុងករណី ដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ​ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​កុំ​ឲ្យ​មាន​កើត​ជាឧបសគ្គ ដល់រថភ្លើង ឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតនូវគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងបាននោះ បើ​សិន​ជា​ខ្លួន​មិនអាចបញ្ចៀសសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន។

មាត្រា ២៤ ការឈប់ និងការចតនៅលើផ្លូវថ្នល់

ក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់ :

 1. គ្រប់យានជំនិះ ដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
 2. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម :
  • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត ឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
  • ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆេ្វងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
 3. នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបានបើគ្មានទីណាផេ្សងទៀត​ដែល​អាច​ចត​បាន​ក្រៅ​ពី​ទ្រូង​ផ្លូវ​ទេ​នោះ​ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី២ នៃមាត្រានេះ។
 4. នៅពេលយប់ ឬនៅកនែ្លងហាមឈប់ ឬចត គ្រប់រថយន្ត និងរ៉ឺម៉កដែលខូចគាំង ឬត្រូវបង្ខំឲ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវ​ដាក់​សញ្ញា​ជា​ដំណឹង​ក្នុង​ចម្ងាយ​គ្រប់​គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
 5. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើស ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬ​ចត​យ៉ាង​តិចបំផុត​ ១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
 6. ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្រ្វាំងដៃ ឬមានវិធានការផេ្សងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅ​ពេល​ដែល​ខ្លួន​អវត្តមាន។
 7. ការចត ឬឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម :
  • នៅលើទ្រូងផ្លូវ ចិព្ចើាមផ្លូវ ដែលទុកបម្រុងឲ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ អ្នកថ្មើរជើង ឬ​​នៅ​លើ​គំនូស​នេះ​
  • លើកនែ្លងបម្រុងទុកសម្រាប់ការឈប់ ឬចត នៃយានប្រភេទខ្លះ
  • នៅចន្លោះគែមទ្រូងផ្លូវ និងខែ្សបន្ទាត់បង្អូត បើសិនជានៅចន្លោះខែ្សគំនូសបង្ហូត និងយានចតនេះតិចជាង៣ម៉ែត្រ ដែល​មិន​អាច​ឲ្យ​យាន​មួយ​ផេ្សង​ទៀត​បរ​បាន​ដោយឥតឆ្លងកាត់ ឬជាន់លើខែ្សគំនូសបង្ហូត
  • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬ ផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភែ្នកអ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ
  • នៅគ្រប់ទីកនែ្លងដែលយាននេះ ធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
  • នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយាន​ផេ្សង​ទៀត​ពីចម្ងាយបាន
  • នៅចន្លោះតិចជាង ២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយទីតំាងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យ
  • លើច្រកចេញចូល នៃអគារសាធារណៈ
  • នៅមុខច្រកចេញ ចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ
  • ជាពីរជួរទន្ទឹមគ្នា
  • នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត ដែលឈមមុខគ្នាជាកនែ្លងទុកសម្រាប់ឲ្យយានជំនិះចត លើកលែងតែក្នុងករណី ដែល​អាច​ចត​បាន​ទាំង​សង​ខាង​
  • នៅកនែ្លងដែលមានសញ្ញាហាមឈប់ ឬហាមចត
  • នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ម៉ោង
  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកនែ្លងរបស់រថយន្តក្រុងឈប់
  • នៅចន្លោះតិចជាង ១ម៉ែត្រពីមុខ ឬពីក្រោយរថយន្តដែលឈប់ ឬចតបន្តកន្ទុយគ្នា
  • នៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។

មាត្រា ២៥ ការបើកទ្វារយានជំនិះ

ការបើកទ្វារយានជំនិះដើម្បីចុះ ឬឡើង ធ្វើបានតែពេលណាដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះឡើយ និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់ជានិច្ច ជាពិសេសចំពោះការបើកទ្វារចុះ ឬឡើងនៅទ្វារខាងឆេ្វងយាន។

មាត្រា ២៦ ការប្តូរទិសនៃយានជំនិះ

មុននឹងផ្លាស់ប្តូរទិសដៅនៃយានរបស់ខ្លួន ដូចជាក្នុងការបត់ឆេ្វង ឬបត់ស្តាំពេលប្តូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និង​ត្រូវ​ជឿជាក់ជាមុនថា មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និង​គ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃ ដែល កំពុងប្រើប្រាស់ផ្លូវនោះដែរ ។
មុន​​ពេល​ចេញ​ដំណើរពីចំណត អ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយ​ត្រូវ​ជឿ​ជាក់​ថា​ការ​ចេញ​ដំណើររបស់យានយន្តគ្មានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
លើកលែងតែមានបញ្ជារបស់នគរបាលចរាចរណ៍ ឬគំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវក្នុងការបត់ឆេ្វង បត់ស្តាំ បត់ត្រឡប់ក្រោយ ឬថយក្រោយ អ្នក​បើក​បរ​ត្រូវ​គោរពតាមការណែនាំដូចខាងក្រោម :

 1. ការបត់ឆេ្វង :
  • មុននឹងធ្វើការបត់ឆេ្វង ត្រូវក្រេឡកមើលក្រោយតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ខាងឆេ្វង ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍នៅ​ពី​ខាង​ក្រោយ​​។
  • ត្រូវធ្វើសញ្ញាប្តូរទិសទៅខាងឆេ្វងឲ្យបានចម្ងាយគ្រប់គ្រាន់ពីកនែ្លងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើគ្មានឧបសគ្គអ្វីទេ​ត្រូវ​បើក​អែប​គំនូស​បង្អូត​កណ្តាល​ទ្រូងផ្លូវ
  • នៅពេលរៀបនឹងបត់ឆេ្វង ត្រូវមើលឆេ្វង ស្តាំ និងមើលឆេ្វងម្តងទៀត ពិសេសមើលចរាចរណ៍យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន​ពិសេស​​​ចំពោះ​ថ្មើរជើងដែលកំពុងឆ្លងកាត់។ បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឲ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិសខាងស្តាំទៅមុន។
  • ការបត់ឆេ្វងត្រូវធ្វើតាមបែបសៀរស្តាំ គឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ លើកលែងតែមានការណែនាំ​ពីនគរបាលចរាចរណ៍។
 2. ការបត់ស្តាំ :
  • មុននឹងធ្វើការបត់ស្តាំ ត្រូវក្រេឡកមើលតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ខាងស្តាំ ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍យាននៅពីខាងក្រោយ
  • បើគ្មានឧបសគ្គអ្វីទេ ត្រូវធ្វើសញ្ញាប្តូរទិសខាងស្តាំ ឲ្យបានចម្ងាយគ្រប់គ្រាន់ពីទីកនែ្លងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើកអែបមកស្តាំ
  • នៅពេលរៀបនឹងបត់ស្តាំ ត្រូវមើលឆេ្វង ស្តាំ ហើយត្រូវមើលក្រោយតាមកញ្ចក់ខាងស្តាំម្តងទៀត ជាពិសេសត្រូវជឿ​ជាក់​ថា​គ្មាន​ឧបសគ្គ​នៅ​ខាង​ស្តាំ​ផែ្នក​ខាង​ក្រោយ​ឡើយ។ បើទំនេរត្រូវបើកឲ្យកៀកស្តាំបំផុតដែលអាចធ្វើទៅបាន និងត្រូវប្រុងប្រយ័ត្នចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។
 3. ការបត់ត្រឡប់ក្រោយ និងថយក្រោយ :
  • អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ ឬថយក្រោយត្រូវជឿជាក់ថាទងើ្វនេះមិនធ្វើឲ្យរំខានខ្លាំង ឬបណ្តាលឲ្យមាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ផេ្សង​ទៀត​ឡើយ​
  • ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ននិងក្រេឡកមើលចលនាចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ ត្រូវ​ប្រុង​ប្រយ័ត្ន​មើលឲ្យបានសព្វជ្រុងជ្រោយ ចំពោះក្មេងតូច ឬសត្វតូចៗនៅខាងក្រោយ
  • ហាមបត់ត្រឡប់ក្រោយ នៅក្នុងករណីដូចខាងក្រោម :
   • នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវកាត់រថភ្លើង
   • នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផេ្សងៗទៀតបានក្នុងចម្ងាយ ១៥០ម៉ែត្រ
   • នៅជិតដល់កំពូលខ្ពស់ និងចុះពីកំពូលខ្ពស់
   • នៅកនែ្លងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
   • នៅលើទ្រូងផ្លូវឯកទិស

មាត្រា ២៧ ករណីមានថ្មើរជើងឆ្លងកាត់

នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម :

 1. គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
 2. នៅត្រង់កនែ្លងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ ក្នុងការធ្វើឲ្យអាក់ខាន ឬរាំងស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះ​ជា​គ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។
 3. ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលមានភ្លើងសញ្ញាចរាចរណ៍ ឬ មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះ​ជា​មាន​ភ្លើង​ពណ៌‌បៃតង ឬ មានបញ្ជាភ្នាក់ងារឲ្យទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឲ្យរំខាន ឬ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើង​ឆ្លង​កាត់ឡើយ។ ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផេ្សងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរ​ត្រូវ​បន្ថយ​ល្បឿន​បើ​ចាំ​បាច់​ត្រូវ​ឈប់​ ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងឆ្លងកាត់រួចរាល់សិន។
 4. ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នក​បើក​បរ​ត្រូវ​បន្ថយល្បឿន ឬ បើចាំបាច់ត្រូវឈប់ ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងដែលកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់ទៅមុន។

ជំពូកទី ៤ ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ

មាត្រា ២៨ ការ​​ប្រើ​ប្រាស់​ភ្លើង​សញ្ញា​យាន​ជំនិះ

នៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវ​ប្រើ​ប្រាស់​ភ្លើងសញ្ញា តាមល័ក្ខខ័ណ្ឌដូចខាងក្រោម :

 1. ក្នុងករណីកំពុងបើកបរយានយន្ត :
  • ភ្លើងហ្វា : នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​​ដែលមកពីទិសផ្ទុយ។ ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំ​បើក​ផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
  • ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម :
   • នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ
   • នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹងជៀសយានមួយផេ្សងទៀត និងនៅ​ពេល​បើក​បរ​ពី​ក្រោយ​ជិត​យាន​ជំនិះ​មួយទៀត
   • នៅពេលថៃ្ង កាលណាមើលមិនសូវច្បាស់ ដោយអាកាសធាតុមិនល្អ ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ
   • ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភែ្លតៗ ជាសញ្ញាជំនួសស៊ីផេ្លនៅពេលថៃ្ង។
  • ភ្លើងទីតាំង : នៅពេលយប់ ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត​ បើ​សិនជាទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។ ភើ្លងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។
  • ភ្លើងផេ្សងៗៈ នៅពេលយប់ ឬនៅពេលថៃ្ងដែលមានអាកាសធាតុមិនល្អមិនអាចមើលទៅមុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ :
   • ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
   • ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
   • ភ្លើងទទឹងយានៈ បង្អាញទំហំទទឹងយាន ឬ បន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត
   • ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នៅពេលប្តូរទិសទៅឆេ្វង ឬទៅស្តាំ
   • ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយ យាននៅពេលធ្វើចលនាថយក្រោយ
   • ភ្លើងស្តុបៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាន នៅពេលជាន់ ឬចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
   • ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជានៅពេល អ្នក​បើក​បរ​ត្រូវ​បង្ខំ​ចិត្ត​បើក​បរ​ក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវក្រៅទីប្រជុំជនដោយ​មូល​ហេតុ​យាន​ខូច​ ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។
   • ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបនែ្ថមលើភ្លើងកូតបាន។
 2. ក្នុងករណីកំពុងបើកបរយានដែលមិនមែនយានយន្ត អ្នកបើកបរយានប្រភេទដូចខាងក្រោម ត្រូវអនុវត្តដូចតទៅនេះ :
  • រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌ស ឬលឿងដាក់នៅខាងមុខ និងភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌​ក្រហម​មួយ​ដាក់​នៅ​ខាង​ក្រោយ​ ភ្លើងទាំងពីរនេះដាក់នៅជ្រុងឈមនឹងទ្រូងផ្លូវ
  • រទេះអូសទាញដោយសត្វ ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌ស ឬលឿងពីរដាក់នៅខាងមុខជ្រុងសងខាង និងត្រូវមានភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌‌​ក្រហម​ពីរ​ដាក់នៅខាងក្រោយ ជ្រុងសងខាង
  • ទោចក្រយាន និងត្រីចក្រយាន ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើង ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌‌​ក្រហម​យ៉ាង​តិច​មួយ​ ឬ ភ្លើងក្រហមមួយនៅខាងក្រោយ
  • រ៊ឺម៉កសណ្តោងដោយម៉ូតូ ឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺ ឬភ្លើងពណ៌‌ក្រហម ពីរដាក់នៅខាងក្រោយជ្រុងសងខាង
  • យានប្រភេទទាំងនេះត្រូវឈប់ ឬ ចតតមៀ្របគ្នានៅជិតគែមបំផុតនៃទ្រូងផ្លូវ។
 3. ក្នុងករណីឈប់ ឬចត យានយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ :
  • ភ្លើងទីតាំង : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខដឹងពីវត្តមានយាន និងទំហំទទឹងយាន
  • ភ្លើងក្រហម : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងក្រោយដឹងពីវត្តមានយាន និងទំហំទទឹងយាន
  • ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ។
  • នៅទីប្រជុំជន ការប្រើប្រាស់ភើ្លងសញ្ញាដែលបានចែងក្នុងវាក្យខ័ណ្ឌនេះ មិនចាំបាច់ប្រើប្រាស់ទេ បើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវ ហើយមានពន្លឺគ្រប់​គ្រាន់​​អាច​ឲ្យអ្នកប្រើប្រាស់ផ្លូវ មើលយានបានច្បាស់ពីចម្ងាយដ៏សមល្មម។
 4. ក្នុងករណី ចតរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផ្តាច់ចេញពីរថយន្តត្រូវចតអែបចិញ្ចើមផ្លូវ ឬជាយផ្លូវ ហើយត្រូវប្រើភ្លើងស ឬលឿងមួយនៅខាងមុខ​និង​ភ្លើង​ក្រហម​មួយ​នៅ​ខាងក្រោយ។ ភ្លើងនីមួយៗត្រូវដាក់នៅជ្រុងនៃយាន “ជ្រុងរ៉ឺម៉ក” ដែលឈមមុខទៅនឹងទ្រូងផ្លូវ ដែលរ៉ឺម៉ក ឬសឺមីរ៉ឺម៉កតមៀ្របគ្នាតាមបណ្តោយនោះ។ នៅ​ក្នុង​ទី​ប្រជុំជន ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែលមានពន្លឺគ្រប់គ្រាន់អាចឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មើល​ឃើញ​យាន​ជំនិះ​ដែល​ចតនៅលើទ្រូងផ្លូវពីចម្ងាយសមល្មមបាន។
 5. ក្នុងករណីយានជំនិះត្រូវបង្ខំឲ្យឈប់ ឬ ចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬ គ្រោះថ្នាក់ចរាចរណ៍ ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវ​ចុះ​ទួល​ និងផ្លូវកាត់ផ្លូវរថភ្លើងដោយមូលហេតុយានខូចគាំង ឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នក​បើក​បរ​ត្រូវ​ប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផេ្សងទៀត ដោយប្រើភ្លើងសញ្ញាអាសន្ន ឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រពីខាងក្រោយយាន។ ចំពោះ​​​​​យាន​ដែល​មាន​ទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញបានភ្លាមៗនោះ ត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផេ្សងទៀត ដោយ​ប្រើ​សញ្ញា​ត្រីកោណ និងភ្លើងសញ្ញា​អាសន្នព្រមគ្នា ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច៣០ម៉ែត្រពីទំនិញនោះ។
 6. ក្នុងករណីយាន បម្រើការនគរបាល យោធា អាវុធហត្ថពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច​អ្នក​បើក​បរ​មាន​សិទ្ធិ​ប្រើ​ប្រាស់​ភ្លើង​សញ្ញាពិសេសបានគ្រប់ពេលវេលា។

មាត្រា ២៩ ការប្រើប្រាស់សូរស័ព្ទយានជំនិះ

ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម :

 1. ការប្រើប្រាស់សញ្ញាសូរស័ព្ទ “ស៊ីផេ្ល” ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថៃ្ង ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់​ដែល​អាចកើតមានឡើងជាយថាហេតុ។
 2. នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។
 3. សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
 4. ចាប់ពីពេលថៃ្ងលិចរហូតដល់ថៃ្ងរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា។
 5. នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វាឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
 6. ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច មាន​សិទ្ធិ​ប្រើ​ប្រាស់​សញ្ញា​សូរស័ព្ទពិសេសបានគ្រប់ពេលវេលា។
 7. ហាមប្រើស៊ីផេ្លខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។

មាត្រា ៣០ ការប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទយានពិសេស

ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោម :

 1. ភ្លើងសញ្ញាពិសេស គឺជាភ្លើងបនែ្ថមមានជះពន្លឺផេ្លកបន្ទោរភ្លឹបភែ្លតៗ វិលជុំវិញនិងមានច្រើនពណ៌‌ ដែលមានអត្ថន័យដូចខាងក្រោម :
  • ភ្លើងសញ្ញាពិសេសពណ៌‌ខៀវ ឬក្រហមត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ និង​សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនៅពេលកំពុងបំពេញភារកិច្ច ដើម្បីឲ្យដំណឹងពីវត្តមានយានដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
  • ភ្លើងសញ្ញាពិសេសពណ៌‌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ ដូចជាយានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និង​យាន​ដឹក​ជញ្ជូន​ពិសេស​ដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយត្រូវបើកបរក្នុងល្បឿនយឺត។
 2. សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបនែ្ថមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬ​ពន្លត់​អគ្គីភ័យ​ដែលមានបនែ្ថមសំឡេងស៊ីរ៉ែនរោទិ៏។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបនែ្ថមសំឡេងរោទិ៏ ពីរដងឡើងចុះៗ។
 3. នៅពេលយានមានសិទ្ធិអាទិភាព ប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទពិសេស អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬ​ឈប់​ដើម្បី​ទុក​ឲ្យ​យាន​ទាំងនេះជែង ជៀស ឬឆ្លងកាត់ដោយងាយស្រួល។

ដោយែឡកនៅពេលកំពុងបំពេញភារកិច្ច អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ :

 • ប្រញ្ចាសទិសនៅលើផ្លូវឯកទិស
 • នៅពេលភ្លើងសញ្ញាចរាចរណ៍ បពោ្ចញពន្លឺពណ៌‌ក្រហម
 • ក្នុងល្បឿនមិនកំណត់
 • ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
 • កាត់ ឬជាន់ខែ្សគំនូសបង្អូតជាប់។

ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត និង​ត្រូវ​គោរព​សញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ជាដាច់ខាត។

មាត្រា ៣១ ការហាមបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗ

ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗទៀតក្រៅពីការកំណត់លក្ខណបចេ្ចកទេសរបស់យានជំនិះ ត្រូវហាមឃាត់។

ជំពូកទី ៥ ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ

មាត្រា ៣២ ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ

ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ ថ្មើរជើង ត្រូវអនុវត្តដូចខាងក្រោម :

 1. ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិព្ចើាមផ្លូវ ឬជាយផ្លូវដែលជាកនែ្លងបម្រុងទុកឲ្យថ្មើរជើងទៅមក។
 2. អនុញ្ញាតឲ្យប្រើប្រាស់ទ្រូងផ្លូវបើចិញ្ចើមផ្លូវ ឬជាយផ្លូវគ្មានលទ្ធភាពឲ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឲ្យកៀកជិតចិព្ចើាមផ្លូវតាមទិសចរាចរណ៍។
 3. គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។ ថ្មើរជើងត្រូវ​ឆ្លង​កាត់​តាម​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង បើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។
 4. នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
  • ថ្មើរជើងត្រូវគោរពធ្វើតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍
  • នៅកនែ្លងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវ​ប្រាកដ​ថា​ការ​ឆ្លង​កាត់​នេះ​ពុំ​បណ្តាល​ឲ្យមានគ្រោះថ្នាក់អ្វីឡើយដោយប្រមាណគិតដល់ភាពមើលច្បាស់នូវចម្ងាយ និងល្បឿនរបស់យានដែលកំពុងរត់លើទ្រូងផ្លូវ។
 5. នៅកនែ្លងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
  • ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន ឬធ្វើឲ្យមានគ្រោះថ្នាក់អ្វីឡើយ
  • នៅពេលឆ្លងកាត់ទ្រូងផ្លូវ ហាមថ្មើរជើងឆ្លងកាត់កនែ្លងប្រសព្វនៃទ្រូងផ្លូវ។ ថ្មើរជើងត្រូវឆ្លងកាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបងែ្អបង្អង់ ឬ​ឈប់​នៅ​លើ​ទ្រូងផ្លូវបើសិនគ្មានការចាំបាច់។
 6. ហាមក្មេងអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
 7. ចំពោះជនងងឹតភែ្នកទាំងពីរ ដែលធ្វើដំណើរលើផ្លូវថ្នល់និងឆ្លងកាត់ផ្លូវថ្នល់ត្រូវមានអ្នកនាំផ្លូវ។

មាត្រា ៣៣ ក្បួនដងែ្អផេ្សងៗ

ក្បួនដងែ្អផេ្សងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច :

 • ត្រូវហែនៅអែបទ្រូងផ្លូវខាងស្តាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផែ្នកខាងឆេ្វងឲ្យនៅទំនេរទាំងស្រុង។
 • អាចដើរហែជាក្បួនមានជាពីរ បី ឬបួនជួរបានដោយប្រមាណដល់ទទឹងទ្រូងផ្លូវហើយត្រូវគោរពបទបញ្ជាចរាចរណ៍។
 • ក្បួនដងែ្អត្រូវកាន់ភ្លើងពណ៌‌សនៅខាងមុខ និងត្រូវកាន់ភ្លើងពណ៌‌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។

មាត្រា ៣៤ អ្នកជិះ ឬដឹកសត្វ

អ្នកជិះ ឬដឹកសត្វ ត្រូវអនុវត្តដូចខាងក្រោម :

 1. អ្នកជិះ ដឹក ឬ បរសត្វនៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យមានឧបសគ្គ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ដោយ​ត្រូវ​ដាក់​ចំនួន​មនុស្ស​ដឹក​ឲ្យ​សម​ស្រប​នឹង​ចំនួន​សត្វដែលអាចបញ្ជាសត្វឲ្យទៅ ឬឈប់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
 2. នៅពេលយប់ ឬ ពេលថៃ្ង កាលណាមើលមិនឃើញច្បាស់ អ្នកដឹកសត្វពាហនៈ ត្រូវប្រើភ្លើងពណ៌‌សនៅខាងមុខ និងពណ៌‌ក្រហមនៅខាងក្រោយ។
 3. ហាមលែងសត្វ ឲ្យដើររហេតរហូតលើផ្លូវថ្នល់។
 4. សត្វដែលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀតដែលកំពុងធ្វើចរាចរណ៍។
 5. នៅក្នុងទីប្រជុំជន អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម :
  • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
  • ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្តាំ ឬខាងឆេ្វងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។

ជំពូកទី ៦ ករណីមានគ្រោះថ្នាក់ចរាចរណ៍

មាត្រា ៣៥ សមត្ថកិច្ចរបស់នគរបាលចរាចរណ៍

គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី :

 1. រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកនែ្លងកើតហេតុ។
 2. ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
 3. ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌‌មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍។
 4. រក្សាសន្តិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ។
 5. កត់ត្រាអត្តសញ្ញាណ និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
 6. ដោះស្រាយជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។

មាត្រា ៣៦ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ ឬ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម​ :

 1. បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត។
 2. ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬ នគរបាលចរាចរណ៍។
 3. ហាមប្រើហឹង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
 4. ហាមចាកចេញពីកនែ្លងកើតហេតុមុនការព្រមពៀ្រងគ្នា ឬគ្មានការអនុញ្ញតពីនគរបាលចរាចរណ៍។

មាត្រា ៣៧ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ

បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្រ្តីនគរបាលចរាចរណ៍ឡើយ។

មាត្រា ៣៨ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត

ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវ​អនុវត្ត​ដូច​ខាងក្រោម :

 1. ត្រូវផ្តល់ព័ត៌‌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ដែលនៅជិតកនែ្លងកើតហេតុបំផុត។
 2. ត្រូវចាត់ចែងជូនព័ត៌‌មាន ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកនែ្លងកើតហេតុបំផុត។ ហាមអ្នកមាន​យាន​ជំនិះ​គ្រប់​ប្រភេទ​បដិសេធ​ដោយ​ឥត​សមហេតុនូវសំណើរជួយសង្គ្រោះនេះ។
 3. ត្រូវសហការជួយធានាឲ្យមានសន្តិសុខដល់គ្រប់ភាគីពាក់ព័ន្ធ និងដល់កិច្ចដំណើរការចរាចរណ៍ទូទៅនៅជុំវិញកនែ្លងកើតហេតុ។
 4. ត្រូវជៀសវាងធ្វើឲ្យមានការប្រែប្រួលដល់ទីកនែ្លងកើតហេតុ ឬឲ្យបាត់ដាន ឬ ស្នាមដែលជាកត្តាមានប្រយោជន៍​ដល់​ការ​សែ្វង​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​គ្រោះ​ថ្នាក់។
 5. ត្រូវរង់ចាំនៅនឹងកនែ្លងកើតហេតុ រហូតដល់ភ្នាក់ងារនគរបាលចរាចរណ៍បានមកដល់ ហាមអ្នកបង្កគ្រោះថ្នាក់ចាកចោល​កនែ្លង​កើត​ហេតុ​មុន​បាន​ការ​អនុញ្ញាត​ពី​ភ្នាក់​ងារ​នគរ​បាល​ចរាចរណ៍​។

មាត្រា ៣៩ គ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬ​បេសកកម្ម​ទូត​

ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ និង​របាយ​ការណ៍​ស្តី​ពី​គ្រោះ​ថ្នាក់​នេះ ផ្ញើ​ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយ ភ្នាក់ងារនគរបាលចរាចរណ៍ ដើម្បី​ពិនិត្យ​និង​លើកវិធានការសមស្រប។

ជំពូកទី ៧ ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន

មាត្រា ៤០ ប្រភេទប័ណ្ណបើកបរយានយន្ត

ប័ណ្ណបើកបរជាតិ និងអន្តរជាតិសម្រាប់យានយន្តគ្រប់ប្រភេទត្រូវចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិ ត្រូវ​ចេញ​ប័ណ្ណ​បើក​បរ​សម្រាប់អ្នកបើកបរយានយន្តពិសេសបម្រើជំនាញដូចជា រថក្រោះ រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែរអម ដែលជាទ្រព្យសម្បត្តិរដ្ឋ។ ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា មាន០៥ប្រភេទដូចខាងក្រោម :

 1. ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន :
  • ក ១-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់ ១២៥សង់ទីម៉ែត្រគូប។
  • ក ២-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
  • ទោចក្រយានយន្តមានសណ្តោង និងត្រីចក្រយានយន្ត។
 2. ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩នាក់ដោយគិតទាំងអ្នកបើកបរ។
  • រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
  • រថយន្តក្នុងប្រភេទ នេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
 3. ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី ០,៧៥តោន។
 4. ប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ :
  • ឃ១ : សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី ០,៧៥តោន។
  • ឃ២ : សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
 5. ប្រភេទ ង : សម្រាប់រថយន្តប្រភេទ ខ គ និង  មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោនត្រូវចែកជាបីប្រភេទ គឺប្រភេទ (ខ) ប្រភេទ (គ) និងប្រភេទ (ឃ)។

មាត្រា ៤១ ល័ក្ខខ័ណ្ឌប័ណ្ណបើកបរ

ល័ក្ខខ័ណ្ឌផេ្សងៗទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម :

 1. អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមានសិទ្ធិបើកបរយានយន្តពិសេស​និង​មាន​ប័ណ្ណ​បើក​បរ​ដែល​មាន​លក្ខណៈ​ពិសេសសម្រាប់តែជនពិការ។
 2. អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឲ្យបានមុនពេលកំណត់ ដែលប័ណ្ណបើកបរអស់សុពលភាព។ ការមិនបានមកបន្តសុពលភាព ត្រូវ​ទទួល​ការ​ពិន័យ​តាមច្បាប់កំណត់។
 3. អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរដូចខាងក្រោម :
  • អាយុ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក១
  • អាយុ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក២ និង 
  • អាយុ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ  និង ឃ១
  • អាយុ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង 
 4. អ្នកមានប័ណ្ណប្រភេទ ក២ អាចបើកបរយានយន្តប្រភេទក១ បាន។
 5. អ្នកមានប័ណ្ណប្រភេទ  អាចបើកបរយានយន្តប្រភេទក១ យានយន្តកសិកម្ម ឬយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាមិនលើសពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង តែមិនអាចបើកបរយានយន្តប្រភេទ ក២ ឬ  ឬ ឃ១ ឬ ឃ២ ឬ បានទេ។
 6. ចំពោះអ្នកបើកបរយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានប័ណ្ណប្រភេទ 
 7. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ  ត្រូវមានប័ណ្ណបើកបរប្រភេទ  ឬ ឃ១ សិន។
 8. អ្នកបើកបរយានយន្តប្រភេទ  ឬ ឃ១ ឬ ឃ២ អាចបើកបរយានយន្តប្រភេទ  បាន។
 9. អ្នកមានប័ណ្ណបើកបរប្រភេទ  មិនអាចបើកបរយានយន្តប្រភេទ ឃ២ បានទេ ប៉ុនែ្តអ្នកមានប័ណ្ណបើកបរប្រភេទ ឃ២អាចបើកបរយានយន្តប្រភេទ  ឬ  ឬ ឃ១បាន។
 10. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ១ ត្រូវមានប័ណ្ណបើកបរប្រភេទ  សិន។
 11. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ២ ត្រូវមានប័ណ្ណបើកបរប្រភេទ  ឬ  ឬ ឃ១សិន។
 12. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ  ត្រូវមានប័ណ្ណបើកបរប្រភេទ  ឬ  ឬ ឃ១ ឬ ឃ២សិន។
 13. អ្នកមានប័ណ្ណបើកបរប្រភេទ  អាចមានសិទ្ធិ បើកបររថយន្តសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី​០,៧៥​តោន​បាន​ទៅ​តាម​ប្រភេទ​ប័ណ្ណ​បើក​បរ​ដូចជា (ខ) ឬ (គ) ឬ (ឃ១) ឬ (ឃ២)។

មាត្រា ៤២ សុពលភាពនៃប័ណ្ណបើកបរ

រយៈពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោម :

 1. ប័ណ្ណបើកបរប្រភេទ  និង  មានសុពលភាពរហូតដល់អ្នកកាន់ប័ណ្ណបើកបរមានអាយុដល់ ៦៥ឆ្នាំ ប៉ុនែ្តត្រូវពិនិត្យសុខភាព និង​ពន្យារ​ប័ណ្ណបើកបរ​ក្នុង​រយៈ​ពេល​ ៥ឆ្នាំម្តង។
 2. ប័ណ្ណបើកបរប្រភេទ គ ឃ និង  មានសុពលភាពរយៈពេល៣ឆ្នាំ។ អ្នកបើកបរត្រូវពន្យារសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំម្តង បន្ទាប់​​ពី​ការ​ពិនិត្យសុខភាពដែលអនុញ្ញាតឲ្យបើកបរបាន។
 3. ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណបើកបរគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុខភាព ២ឆ្នាំម្តងៗ រីឯ​សុពលភាព​នៃ​ប័ណ្ណបើកបរ​ត្រូវ​ពន្យារ​ពេល​ ២ឆ្នាំម្តង។

មាត្រា ៤៣ ពិន្ទុនៃប័ណ្ណបើកបរ

គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន១២ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែល​មាន​ដូច​ខាង​ក្រោម :

 1. ត្រូវកាត់បន្ថយ ១ពិន្ទុ :
  • មិនពាក់ខែ្សក្រវាត់ ឬមួកសុវត្ថិភាព
  • ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
  • បើកបរជាន់តាមខែ្សគំនូសបង្អូតកណ្តាលទ្រូងផ្លូវ
  • បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង
  • បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត
  • ការផ្ទុកមនុស្សជិះលើសកំណត់
 2. ត្រូវកាត់បន្ថយ ២ពិន្ទុ :
  • បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង
  • បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន
  • ការបត់ឆេ្វង ស្តាំមិនបានត្រឹមត្រូវ
  • ការបត់ត្រឡប់ក្រោយ នៅកនែ្លងហាមឃាត់
  • ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ
  • ការបត់ឆេ្វង ស្តាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង
  • ការជែង ឬជៀសមិនបានត្រឹមត្រូវ
  • បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ
  • បើកបរដោយធេ្វសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
  • មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
  • យានមានលក្ខណបចេ្ចកទេសមិនត្រឹមត្រូវ
  • ផ្ទុកទំនិញមិនបានត្រឹមត្រូវ
  • ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
  • ឈប់ ឬចតនៅលើកនែ្លងគំនូសតម្រឹមទ្រូងផ្លូវ
  • ដាក់ក្មេងអាយុក្រោម ១០ឆ្នាំឲ្យអង្គុយនៅកៅអីផែ្នកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
  • មិនបានដាក់ក្មេងអាយុក្រោម ៥ឆ្នាំអង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ ឬដេក
 3. ត្រូវកាត់បន្ថយ ៣ពិន្ទុ :
  • ការឈប់ ឬចតនៅកនែ្លងដែលគ្រោះថ្នាក់
  • ការជែងដែលប្រកបដោយគ្រោះថ្នាក់
  • បើកបរជែងគ្នានៅកនែ្លងហាមឃាត់
  • ការប្តូរទិសគ្មានឲ្យសញ្ញាជាដំណឹង
  • បើកបរឆ្លងកាត់គំនូសបង្អូតជាប់កណ្តាលទ្រូងផ្លូវ
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ទៅ ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម
  • ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត
  • កំហុសនៃការឈប់ ឬមិនផ្តល់សិទ្ធិអាទិភាពនៅកនែ្លងថ្មើរជើងឆ្លងកាត់
  • មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌‌ក្រហម
  • មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព
  • មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍
 4. ត្រូវកាត់បន្ថយ ៤ពិន្ទុ :
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង
  • បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
  • ការបើកបរទន្ទឹមគ្នា
  • ការធ្វើឲ្យស្ទះចរន្តចរាចរណ៍
  • មិនបានផ្តល់សិទ្ធិអាទិភាពឲ្យយានយន្តមានសិទ្ធិអាទិភាព
  • ទំនិញធ្លាក់ពីលើយាន
  • បើកបរប្រញ្ចាសទិសចរាចរណ៍
  • បើកបរដែលប្រកបដោយគ្រោះថ្នាក់
 5. ត្រូវកាត់បន្ថយ ៦ពិន្ទុ :
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬ មាន ឥទ្ធិពល គ្រឿងញៀន
  • រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
  • ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តកែ្លងក្លាយ
  • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នករបួសដោយអចេតនា
  • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នកស្លាប់ដោយអចេតនា ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក ដូចមានចែងក្នុងចំណុច២,ខ នៃមាត្រា៦៥ នៃ​ច្បាប់​នេះ​
  • កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ
  • បដិសេធមិនឲ្យធ្វើតេស្តជាតិអាកុល ឬគ្រឿងញៀន
  • រត់គេចពីមន្រ្តីនគរបាលចរាចរណ៍
  • ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់

មាត្រា ៤៤ ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ

ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ :

 • ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ
 • ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឲ្យលើសពី ៨ពិន្ទុឡើយ
 • ក្នុងករណីពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តបន្ទាប់ពីរយៈពេល ៣ឆ្នាំបន្ទាប់ពីការដកពិន្ទុចុងក្រោយ អ្នក​បើកបរ​មិន​បាន​ធ្វើ​ឲ្យ​មាន​កំហុស​អ្វី​មួយ​ថែម​ទៀត​ដើម្បីឲ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរនឹងត្រូវទទួលប័ណ្ណពិន្ទុថ្មីដែលមានចំនួន១២ ពិន្ទុដោយស្វ័យប្រវត្តិ
 • ក្នុងករណីពិន្ទុបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល ២ថៃ្ង ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។
 • ក្នុងការរៀននេះពិន្ទុអាចកើនឡើង៤ពិន្ទុ ប៉ុនែ្តមិនអនុញ្ញាតឲ្យចំនួនពិន្ទុសរុបលើសពី ១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបង្កើនពិន្ទុក្នុងចន្លោះពេលយ៉ាងតិច ២ឆ្នាំ។
 • ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់ អ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើង​វិញ​ក្នុង​រយៈ​ពេល​៦ខែ​ដោយ​ឆ្លង​កាត់​ការត្រួតពិនិត្យសុខភាព
 • ក្នុងករណី​ប័ណ្ណបើកបរ​ត្រូវទុកជាមោឃៈដោយអ្នកបើកបរបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬស្លាប់ដោយអចេតនា អ្នកបើកបរអាចរៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ជា​ថ្មីឡើងវិញយ៉ាងតិច៥ឆ្នាំ ក្រោយពីការបង្កឲ្យមានគ្រោះថ្នាក់ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព។

ទម្រង់បែបបទ នៃ​ការ​ចេញ​ប័ណ្ណពិន្ទុ​សម្រាប់​ប័ណ្ណបើកបរត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៤៥ ប័ណ្ណបើកបរសម្រាប់ជនបរទេស

លើកលែងតែមានកិច្ចព្រមពៀ្រង ឬ សន្ធិសញ្ញាអន្តរជាតិទទួលស្គាល់ប័ណ្ណបើកបរទៅវិញទៅមកជាទេ្វរភាគី ឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា ជនបរទេស​ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា​ត្រូវ​មាន​ប័ណ្ណបើកបរ​របស់​កម្ពុជា​តាម​មធ្យោបាយ​ពីរយ៉ាងៈ

 1. ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខែ្មរដែរ។
 2. ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូននិងត្រូវបំពេញល័ក្ខខ័ណ្ឌ ដូច​ខាងក្រោម :
  • ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព។
  • ប័ណ្ណបើកបរត្រូវមានសុពលភាព។
  • មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្តីបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច។
  • មានលិខិតបញ្ជាក់កាយសម្បទា និងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៦ខែ។
  • ក្នុងករណីប័ណ្ណបើកបរមិនសរសេរជាអក្សរអង់គេ្លស ឬបារាំងត្រូវតែបកប្រែជាភាសាអង់គេ្លស ឬបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬ​កុងស៊ុល​របស់ខ្លួន ឬស្ថាប័នមានសមត្ថកិច្ច។

សុពលភាពប័ណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្តូរមកប័ណ្ណបើកបររបស់កម្ពុជា មានរយៈពេល ១ឆ្នាំ។ ចំពោះសុពលភាព​ប័ណ្ណបើកបរ​របស់​ជន​បរទេស​ដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងជនជាតិខ្មែរដែរ។ ក្នុងករណីប័ណ្ណបើកបរជាតិរបស់ជនបរទេសអស់សុពលភាព សាមី​ខ្លួន​ត្រូវ​ធ្វើ​ការ​ប្រឡង​ទាំងទ្រឹស្តី ទាំងការអនុវត្តន៍ដៃចង្កូតឡើងវិញ។ ជនបរទេសដែលមានប័ណ្ណបើកបរប្រភេទ គ ឃ និង មិនអាចប្តូរយកប័ណ្ណបើកបររបស់កម្ពុជាប្រភេទ គ ឃ ឬ បានឡើយ ប៉ុនែ្តអាចប្តូរយក ប័ណ្ណបើកបរ​​ប្រភេទ  ឬ បាន។

មាត្រា ៤៦ ការគ្រប់គ្រងសាលាបងៀ្រនបើកបរយានយន្ត

គ្រប់សាលាបងៀ្រនបើកបរ ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបងៀ្រនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គ្រប់គ្រូបង្អាត់នៅសាលាបងៀ្រនបើកបរ ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាព ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួង​សាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសអំពីនីតិវិធីនៃការចេញប័ណ្ណបើកបរ ការធ្វើអាជីវកម្មសាលាបងៀ្រនបើកបរ ល័ក្ខខ័ណ្ឌ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បញ្ជាក់​សមត្ថភាពរបស់គ្រូបង្អាត់ និងកម្មវិធីសិក្សានៅសាលាបងៀ្រនបើកបរយានយន្ត។
ក្នុងករណីចាំបាច់ ក្រសួងមហាផៃ្ទមានសិទ្ធិត្រួតពិនិត្យគ្រប់សាលារៀនបើកបរឯកជនទាំងអស់។

មាត្រា ៤៧ ការផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត

គ្រប់យានយន្ត និងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី៧៥០គក្រ មុននឹងដាក់ឲ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវចុះបញ្ជីការសុំ​ប័ណ្ណសម្គាល់យានយន្ត និង​មាន​ពាក់​ផ្លាកលេខ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ យានយន្តដែលពុំទាន់ចុះបញ្ជីការសុំប័ណ្ណសម្គាល់ និងគ្មានពាក់ផ្លាកលេខ ត្រូវ​ផ្ទុក​លើ​យាន​ដែល​មាន​ផ្លាកលេខ នៅពេលធ្វើចរាចរណ៍។
គ្រប់រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងគឿ្រងចក្រដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសម្រាប់បម្រើការសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និង​ការពារ​ជាតិ​នៅសមរភូមិគ្រប់គ្រងដោយក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិត្រូវចុះបញ្ជីការ ផ្តល់ប័ណ្ណសម្គាល់យានយន្តដោយក្រសួងមហាផៃ្ទ ឬ​ក្រសួងការពារជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវផ្តល់បញ្ជីស្ថិតិយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត មកក្រសួង​មហាផៃ្ទ​មួយ​សបា្តហ៍​ម្តង។
ក្រសួងមហាផៃ្ទ និងក្រសួងការពារជាតិ ក៏ត្រូវផ្តល់ព័ត៌‌មានអំពីចំនួនរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬគ្រឿងចក្រជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ខ្លួនជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូន មួយសបា្តហ៍ម្តង។
ការចុះបញ្ជីយានជំនិះ និងការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ៤៨ ការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត

គ្រប់យានយន្ត រ៉ឺម៉ក សឺមីរ៉ឺម៉ក ទោចក្រយានយន្ត ឬត្រីចក្រយានយន្តដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនប័ត្រត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​ជំនិះ ចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សុពលភាព​នៃវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត ត្រូវកំណត់ដូចខាងក្រោម :

 1. រថយន្តធុនទេសចរណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តលើកទី១​ដែលមានសុពលភាព ៤​ឆ្នាំ​។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
 2. រថយន្តធុនទេសចរណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
 3. រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រ​ត្រួត​ពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​យន្ត​លើកទី១ ដែលមានសុពលភាព២ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេស រៀងរាល់១ឆ្នាំម្តង។
 4. រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​រៀង​រាល់​ ១ឆ្នាំម្តង។
 5. រ៉ឺម៉កថ្មី និងសឺមីរ៉ឺម៉កថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែលមានសុពលភាព​២ឆ្នាំ។ បន្ទាប់​មក​ត្រូវ​មកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
 6. រ៉ឺម៉កចាស់ និងសឺមីរ៉ឺម៉កចាស់ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
 7. គ្រប់យានយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលទើបបានកែឆៃ្នក្នុងប្រទេសរួច មុននឹងធ្វើការចុះបញ្ជីផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត ត្រូវ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណបចេ្ចកទេសជាមុនសិន បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
 8. ទោចក្រយានយន្ត និងត្រីចក្រយានយន្តថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រូតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែល​មាន​សុពលភាព​៤ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
 9. ទោចក្រយានយន្ត និងត្រីចក្រយានយន្តចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តជារៀងរាល់២ឆ្នាំម្តង។
 10. រ៉ឺម៉កទោចក្រយានយន្ត ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។

ការកំណត់លក្ខណបចេ្ចកទេសយានជំនិះ និងការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៤៩ ការគ្រប់គ្រងយានដ្ឋានជួសជុល និងកែចៃ្ន​តម្លើង​យាន​យន្ត​

គ្រប់យានដ្ឋានជួសជុលយានយន្ត និងយានដ្ឋានកែចៃ្នតម្លើងយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញឲ្យដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផៃ្ទ។
ទម្រង់បែបបទនៃការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែចៃ្នយានយន្ត ព្រមទាំងបទដ្ឋានបចេ្ចកទេសកែចៃ្នយានយន្ត​ត្រូវ កំណត់​ដោយអនុក្រឹត្យ។

មាត្រា ៥០ ការធ្វើអាជីវកម្មដឹកជញ្ជូន

ការគ្រប់គ្រងការដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោមៈ

 1. គ្រប់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស ឬឆ្លងដែននិងភ្នាក់ងារផ្តល់សេវាដឹកជញ្ជូនឯកត្តបែប ឬពហុបែប ត្រូវមានលិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ដែល​ចេញ​ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
 2. បែបបទនៃការគ្រប់គ្រងអាជីវករដឹកជញ្ជូន និងអ្នកផ្តល់សេវាដឹកជញ្ជូន ត្រូវកំណត់ដោយអនុក្រឹត្យ។
 3. ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរត្រូវកំណត់ដោយអនុក្រឹត្យ។
 4. ការដឹកជញ្ជូនទំនិញមានគ្រោះថ្នាក់ និងទំនិញងាយខូចគុណភាពត្រូវកំណត់ដោយអនុក្រឹត្យ។
 5. កិច្ចសន្យាដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវគោក ត្រូវមានចែងក្នុងច្បាប់មួយដោយឡែក។
 6. ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវគោក ត្រូវអនុវត្តតាមកិច្ចព្រមពៀ្រងអន្តរជាតិ នៅពេលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី។

មាត្រា ៥១ សុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន

គ្រប់រថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន មានសុពលភាពមួយឆ្នាំ ម្ចាស់យានយន្តត្រូវមកបន្តសុពលភាពមួយឆ្នាំម្តងៗ បើយឺតយ៉ាវនឹងត្រូវពិន័យ។​ ក្រសួង​សាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសណែនាំលម្អិតអំពីការផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។

មាត្រា ៥២ សំណុំលិខិតសំរាប់ធ្វើអាជីវកម្មដឹកជញ្ជូន

នៅពេលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូន មធ្យោបាយដឹកជញ្ជូននីមួយៗត្រូវមានលិខិតស្នាម ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផេ្សងៗទៀតដូចខាងក្រោម :

 1. ប័ណ្ណសម្គាល់យានយន្ត និងផ្លាកលេខ។
 2. ប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត។
 3. វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត។
 4. លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន។
 5. លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។
 6. លិខិតធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង។
 7. លិខិតអនុញ្ញាតផេ្សងៗចេញដោយស្ថាប័នមានសមត្ថកិច្ចផេ្សងៗទៀត។

មាត្រា ៥៣ ការរៀបចំផ្ទុកទំនិញ និងមនុស្ស

ការរៀបចំផ្ទុកទំនិញ និងមនុស្ស ត្រូវអនុវត្តដូចខាងក្រោម :

 1. ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារ :
  • ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬធ្វើឲ្យខូចទ្រព្យសម្បត្តិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
  • ការបាំងភែ្នកអ្នកបើកបរ ឬការធ្វើឲ្យអន់ថយ នូវលំនឹងយាន និងការបើកបរយាន
  • ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផេ្សងៗទៀតដែលអាចជៀសវាងបាន
  • ការធ្វើឲ្យបាំងភ្លើងស្តុប ភ្លើងសញ្ញាប្តូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ត។
 2. គ្រប់ឧបករណ៍ការពារបនែ្ថមដូចជាខែ្សនីឡុង ខែ្សកាបច្រវ៉ាក់ និងកម្រាលសំពត់តង់ ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញត្រូវគ្រប និង​ចង​ឲ្យ​បាន​ជាប់​ល្អ។
 3. គ្រប់ករណីនៃការផ្ទុកឈើហ៊ុប ឬវត្ថុផេ្សងៗទៀត ដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខយាន និង​មិន​ត្រូវ​ឲ្យ​ហួស​ពី​គែម​ខាង​ក្រោយ​នៃយានចំនួន ៣ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
 4. បើសិនជាបន្ទុកត្រូវលូតហួស ១ម៉ែត្រពីគែមខាងក្រោយយានពេលថៃ្ងត្រូវចងក្រណាត់ពណ៌‌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំង​​ពន្លឺ​ពណ៌‌​ក្រហម​នៅ​ចុង​បន្ទុក​។ ចំពោះទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានដែលរោងចក្រផលិតយានកំណត់ឡើយ លើកលែងតែរថយន្តផ្ទុកមនុស្សចំនួនអតិបរមាត្រឹម ២០នាក់ ហើយដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម ០,៥០ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រ ឬ​រនាំង​ចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
 5. ក្នុងករណីផ្ទុកទំនិញគ្រោះថ្នាក់ត្រូវរៀបចំទុកដាក់ ឬវេចខ្ចប់ឲ្យមានសុវត្ថិភាពល្អ ហើយត្រូវសរសេរឈ្មោះប្រភេទ និងបិទផ្លាកសញ្ញាសម្គាល់វត្ថុ​គ្រោះ​ថ្នាក់​នោះ​។
 6. បចេ្ចកទេសផ្ទុក វេចខ្ចប់ទំនិញ ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
 7. ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ហើយត្រូវឲ្យមានផាសុខភាពល្អ។

ការផ្ទុកមនុស្សត្រូវហាមឃាត់ ដូចខាងក្រោម :

 • ហាមផ្ទុកមនុស្សលើសពីចំនួនកនែ្លងអង្គុយ ដែលកំណត់ដោយរោងចក្រផលិតយាន ឬ កំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន
 • ហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីន ឬដំបូលរថយន្ត
 • ហាមតោងពីមុខ ពីក្រោយ ឬពីចំហៀងរថយន្ត
 • ហាមផ្ទុកមនុស្សនៅលើរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក
 • ហាមផ្ទុកវត្ថុដែលមានក្លិនអាក្រក់ ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស។

មាត្រា ៥៤ ការកំរិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ

ការផ្ទុកទំនិញលើរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កមិនត្រូវឲ្យលើសទម្ងន់អតិបរមាសង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមារបស់យានដែលកំណត់​ដោយ​រោង​ចក្រ​ផលិត​យាន​ឡើយ និងមិនត្រូវលើសទម្ងន់អនុញ្ញាតដូចខាងក្រោម :

 1. ការកម្រិតទម្ងន់អតិបរមាសង្កត់លើភ្លៅរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹមៈ
  • ៦តោន សម្រាប់ភ្លៅទោល ដែលមានកង់២ ស្ថិតនៅផែ្នកចង្កូតរថយន្ត
  • ១១តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ ស្ថិតនៅផែ្នកចង្កូតរថយន្ត
  • ១០តោន សម្រាប់ភ្លៅទោល ដែលមានកង់៤
  • ១៩តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៨
  • ២៤តោន សម្រាប់ភ្លៅ៣ជិតគ្នាដែលមានកង់១២។
 2. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តត្រូវកំណត់ត្រឹម :
  • ១៦តោន សម្រាប់រថយន្តដែលមានភ្លៅ២ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅទោលខាងក្រោយរថយន្តដែលមានកង់៤
  • ២៥តោន សម្រាប់រថយន្តដែលមានភ្លៅ៣ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨
  • ៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ គឺភ្លៅភ្លោះផែ្នកខាងមុខរថយន្ត ដែលមានកង់៤ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨។
 3. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងរ៉ឺម៉កត្រូវកំណត់ត្រឹម :
  • ៣៥តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ ភ្លៅទោលផែ្នកខាងក្រោយរថយន្តដែលមានកង់៤ ភ្លៅ​ទោល​ផែ្នក​ខាងមុខរ៉ឺម៉កដែលមានកង់៤ និងភ្លៅទោលផែ្នកខាងក្រោយរ៉ឺម៉ក ដែលមានកង់៤
  • ៤០តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី ៥ឡើងទៅ។
 4. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម :
  • ៣៥តោន សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្តដែលមានកង់២ ភ្លៅទោល ផែ្នក​ខាង​ក្រោយ​រថយន្ត​ដែល​មាន​កង់​៤ និងភ្លៅភ្លោះផែ្នកខាងក្រោយសឺមីរ៉ឺម៉កដែលមានកង់៨
  • ៤០តោនសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅចាប់ពី៥ឡើងទៅ។

ចំពោះទម្ងន់រថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែល​គ្មាន​ចែង​នៅ​ក្នុង​ចំណុច​ខាងលើនេះ ត្រូវសុំលិខិតអនុញ្ញាតពិសេសពីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ត រថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែល កំណត់ក្នុងផ្លាកសញ្ញា​ដាក់​តាំង​នៅពីមុខស្ពាន។

ចំពោះទំហំរថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលគ្មានបន្ទុក ត្រូវកំណត់ដូចខាងក្រោម :

  • ប្រវែងទទឹងអតិបរមាមិនត្រូវឲ្យលើសពី ២,៥០ម៉ែត្រ លើកលែងតែយានយន្តុបករណ៍ មិនត្រូវឲ្យលើសពី៣ម៉ែត្រ
  • ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី ៤,២០ម៉ែត្រ
  • ប្រវែងបណ្តោយអតិបរមានៃរថយន្តនីមួយៗមិនត្រូវឲ្យលើសពី ១២,២០ម៉ែត្រ
  • ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងសឺមីរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៦ម៉ែត្រ
  • ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៨ម៉ែត្រ។

បទដ្ឋានបចេ្ចកទេសស្តីពីទំហំ និងទម្ងន់យានជំនិះផេ្សងទៀតត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៥៥ ប្រាក់ថៃ្លសេវា និងប្រាក់ពិន័យ

ការបង់ប្រាក់សម្រាប់ថៃ្លសេវាចេញ​ប័ណ្ណបើកបរ ប័ណ្ណសម្គាល់ ផ្លាកលេខ ត្រួតពិនិត្យលក្ខណបចេ្ចកទេស និងលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្ម ប្រាក់​ពិន័យ​ក្នុងការយឺតយ៉ាវផេ្សងៗ និងសេវាផេ្សងៗ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ជំពូកទី ៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

មាត្រា ៥៦ សមាសភាព និងតួនាទីភារកិច្ចនៃគ.ស.ច.គ

ត្រូវបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានភារកិច្ចសម្របសំរួល ប្រមូលកំលាំង និងបង្កើនកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធផ្សេងៗ សមាគមអ្នកដឹកជញ្ជូន អង្គការក្រៅរដ្ឋាភិបាល និងអង្គការឯកជនផ្សេងទៀត​ដើម្បី​ចាត់​វិធាន​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង ទិសដៅការពារអាយុជីវិត​ប្រជាជន ការការពារការខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងធានាអោយបានរឹងមាំនូវសន្តិសុខ សន្ដាប់ធ្នាប់ និង សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតាមផ្លូវថ្នល់។
សមាសភាព តួនាទីភារកិច្ច និងការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវកំនត់ដោយអនុក្រឹត្យ។

មាត្រា ៥៧ ថវិកាដោយឡែករបស់ គ.ស.ច.គ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវមាន ថវិកាដោយឡែកដែលជាឧបសម្ព័ន្ធរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង​ថវិកា​របស់​ដៃ​គូ​សុវត្ថិភាព​ផ្លូវគោកសំរាប់ប្រើប្រាស់ លើវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។

ជំពូកទី ៩ សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

មាត្រា ៥៨ មន្រ្តីអនុវត្តច្បាប់ចរាចរណ៍

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរក្រុមគឺ អង្គភាពនគរបាលចរាចរណ៍ និងក្រុមត្រួតពិនិត្យចំរុះ ៖

 1. អង្គភាពនគរបាល ដែលទទួលបន្ទុករៀបចំសន្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចៈ
  • ចាត់ចែងចរាចរណ៍អោយមានសន្ដាប់ធ្នាប់ល្អ
  • តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទបញ្ញាត្ដិចរាចរណ៍
  • ធ្វើរបាយការណ៍ស្តីពីសភាពការណ៍សន្ដាប់ធ្នាប់ចរាចរណ៍បទល្មើសចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង
  • ធ្វើការពិន័យជាប្រាក់ចំពោះបទលហុដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍
  • សំរុះសំរួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដូចមាន ចែងក្នុងមាត្រា៦៤
  • ត្រួតពិនិត្យ និងកត់ត្រាដំនើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ធ្វើការដកហូតជាបណ្តោះអាសន្ននូវ​ប័ណ្ណបើកបរ​ និង​ឃាត់​យាន​ជំនិះ​តាម​មាត្រា៦១ មាត្រា៦៥ និងមាត្រា៦៦
  • ធ្វើកំនត់ហេតុដោយមានភ្ជាប់ជាមួយនូវសំនុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីកំនត់ដោយច្បាប់នេះ។
 2. ក្រុមត្រួតពិនិត្យចំរុះដែលមានមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងពាក់ព័ន្ធ មានភារកិច្ចត្រួតពិនិត្យបទល្មើស​ចរាចរណ៍​ក្នុង​ករណី​ចាំបាច់​។ តួនាទី​ភារកិច្ចរបស់ក្រុមត្រួតពិនិត្យចំរុះ ត្រូវកំនត់ដោយអនុក្រឹត្យ។

មាត្រា ៥៩ សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស

ជនប្រព្រិត្ដបទល្មើសមានសទិ្ធប្ដឹងតវ៉ាទៅតុលាការក្នុងករណី ដែលខ្លួនកើតទុក្ខមិនសុខចិត្ត ចំពោះសេចក្តីសំរេចមិនត្រឹមត្រូវអំពីការពិន័យលើបទល្មើសនោះ។

មាត្រា ៦០ ការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ

ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ត្រូវ អនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ រឺ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។

មាត្រា ៦១ ការដកព្យួរទុកប័ណ្ណបើកបរ

មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី ១ខែយ៉ាងយូរ គិតទាំងការ​ដកពិន្ទុ​ដែល​មាន​ចែង​ក្នុង​មាត្រា​៤៣​នៃ​ច្បាប់​នេះ ចំពោះបទល្មើសណាមួយ ដូចខាងក្រោមៈ

 1. បើកបរខុសទិសចរាចរណ៍ ឬ បើកបរតាមទិសចរាចរណ៍ ដែលមានដាក់សញ្ញាហាមឃាត់។
 2. បើកបរដោយល្បឿនលើស ៤០គីឡូម៉ែត្រក្នុងមួយម៉ោងពីល្បឿនដែលបានកំនត់ក្នុងច្បាប់នេះ។
 3. មិនគោរពសិទ្ធិអាទិភាព។
 4. មិនគោរពផ្លាកសញ្ញាឈប់ រឺ ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ពណ៌ក្រហមភ្លឹបភ្លែតៗ។
 5. បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតប័ណ្ណសំគាល់យានយន្ត រឺ ប័ណ្ណបើកបរ នៅក្នុងករណីដែលពុំមានចែងក្នុងច្បាប់នេះឡើយ។

មាត្រា ៦២ ការឃាត់ខ្លួនអ្នកបើកបរ និងយានជំនិះ

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នក​បើកបរ​ដើម្បី​សាកសួរ​ព័ត៌មាន​និង​ធ្វើ​កំនត់​ហេតុ​កត់ត្រា​ ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាល ចរាចរណ៍នៅកន្លែងកើតហេតុ។ ក្នុងករណីអ្នកបើកបរស្ថិតនៅក្រោមអិទ្ធិពលជាតិស្រវឹង រឺ គ្រឿងញៀន មន្ត្រី​នគរបាល​យុត្តិធម៌​ផ្នែកចរាចរណ៍ត្រូវប្រគល់ភារកិច្ចនេះជូនមន្ទីរពេទ្យពិនិត្យនិងចេញលិខិតបញ្ជាក់អត្រាជាតិស្រវឹង រឺ គ្រឿងញៀន ដើម្បី​ភ្ជាប់​ជាមួយ​កំនត់​ហេតុ​គ្រោះ​ថ្នាក់ទៅតុលាការ។

មាត្រា ៦៣ ការបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ

បទល្មើសចរាចរណ៍ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ផ្តន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​ខេត្ត​ក្រុង ត្រូវបញ្ជូនតាមឋានានុក្រមទៅសាលាជម្រះក្តី នៃកន្លែងកើតហេតុនូវកំនត់ហេតុរៀបរាប់ពីហេតុការណ៍ ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ចំលើយ​របស់​អ្នក​បើកបរ និង អ្នករងគ្រោះ រឺចំលើយរបស់សាក្សី ដែលធ្វោឡើងដោយមន្ដ្រីនគរបាលចរាចរណ៍។ សំនុំរឿងដែលប្រមូលបានមកនេះ គប្បី​មាន​ព័ត៌មាន​ច្បាស់​លាស់​គ្រប់គ្រានដើម្បីបញ្ជូនទៅតុលាការ ។

មាត្រា ៦៤ ការផ្តន្ទាទោសពិន័យអន្តរកាណ៍

បទល្មើសចរាចរណ៍ ដែលមានលក្ខណៈ ជាបទលហុដែលត្រូវផ្តន្ទាទោស ពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍។ មន្ត្រី​នគរបាលចរាចរណ៍​មាន​សិទ្ធិ​សំរុះ​សំរួល​ក្នុងករណីមានគ្រោះ ថ្នាក់ដែលបណ្តាលអោយសងតែសំនងខូចខាត។ បើសិនជាការសំរុះសំរួលមិនបានសំរេច មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវបញ្ជូនសំនុំរឿងនេះទៅតុលាការ។

]មាត្រា ៦៥ ការទុកជាមោឃៈ ឬព្យួរទុកប័ណ្ណបើកបរ

មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំបែបបទប្តឹងទៅ តុលាការចំពោះគ្រប់អ្នកបើកបរដែល ប្រព្រឹត្តបទល្មើសចរាចរណ៍ដើម្បីទុកប័ណ្ណបើកបរជាមោឃៈ រឺ ត្រូវព្យួរទុកប័ណ្ណបើកបរមួយរយៈពេល ដូចខាងក្រោម ៖

 1. ការព្យួរទុកប័ណ្ណបើកបរក្នុងរយៈពេលមិនលើសពី១ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះ ៖
  • បើកបរនៅពេលស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង មួយលីត្រខ្យល់ រឺ ចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ រឺ ស្ថិត​ក្រោម​ឥទ្ធិពលគ្រឿងញៀន រឺ ប្រកែកមិនព្រមអោយគេធ្វើការពិនិត្យ អត្រាជាតិអាកុល រឺ គ្រឿងញៀន។
  • រត់គេចខ្លួននៅពេលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
  • មិនព្រមគោរពតាមបញ្ជាឃាត់យានជំនិះរឺ ប្រកែកមិនព្រមអោយត្រួតពិនិត្យយានជំនិះ។
  • ប្រើប្រាស់ផ្លាកលេខ ប័ណ្ណសំគាល់យានជំនិះ រឺ លិខិតក្លែងក្លាយដើម្បីធ្វើចរាចរណ៍។
 2. ប្រកាសប័ណ្ណបើកបរជាមោឃៈ រឺ ព្យួរទុកក្នុងរយៈពេលមិនលើស២ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ ៖
  • បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សមានរបួសធ្ងន់ធ្ងរដោយអចេតនា។
  • បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សស្លាប់ដោយអចេតនា ។

ក្នុងករណីអ្នកបើកបរប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងចំនុច១ និង២ ខាងលើនេះ ប្រធានអង្គភាពនគរបាលចរាចរណ៍ខេត្ត-ក្រុង​មាន​សិទ្ធិ​សំរេច​ព្យួរ​ប័ណ្ណបើកបរ​ដែលមានរយៈពេលរហូត ដល់១ឆ្នាំដើម្បីរង់ចាំតុលាការវិនិច្ឆ័យ។ នៅពេលតុលាការសំរេចរឿងក្តីជាស្ថាពររួចហើយ សេចក្តី​សំរេច​ខាង​លើ​ត្រូវ​ជំនួស​ដោយសេចក្តីសំរេចរបស់សាលក្រម រឺ សាលដីកា ។

មាត្រា ៦៦ ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ

មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនអោយធ្វើចរាចរណ៍ រឺ ឃាំងទុកយានយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែល​អ្នក​បើកបរបានប្រព្រតឹ្តល្មើស និងបទបញ្ញាត្ដិចរាចរណ៍ដូចខាងក្រោម ៖

 1. យានជំនិះដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៥​ក្រាម​ក្នុង​មួយ​លីត្រ​ឈាមឡើងទៅ រឺ ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។
 2. យានជំនិះដែលអ្នកបើកបរប្រកែកមិនព្រមអោយគេត្រួតពិនិត្យអត្រាជាតិអាកុល រឺ គ្រឿងញៀន។
 3. យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ ។
 4. យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
 5. យានជំនិះដែលមានលក្ខណបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
 6. យានជំនិះដែលបញ្ចោញផ្សែងខ្លាំង រឺ សំលេងខ្លាំងលើសពីស្តង់ដារកំនត់ធ្វើអោយរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត រឺអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។
 7. យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានផ្លាកលេខ និង ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតផ្សេងៗ ដើម្បីធ្វើចរាចរណ៍។
 8. យានជំនិះដែលផ្ទុកទំនិញ រឺ អ្នកដំនើរនាំអោយបាំង រឺ ទើសទែងដល់អ្នកបើកបរ។
 9. យានជំនិះដែលចតធ្វើអោយរំខាន រឺ នាំអោយមានគ្រោះថ្នាក់ដល់យានដទៃ។
 10. យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី ៧២ម៉ោង។
 11. ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណបច្ចេកទេសតាមពេលកំនត់ រឺ មិនបានជួសជុលយាន តាមពេលកំនត់របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន។

មាត្រា ៦៧ ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​

មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទុក និងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​អ្នក​បើក​បរ​ដែល​បានបានប្រព្រឹត្ដបទល្មើសចរាចរណ៍ដូចខាងក្រោមៈ

 1. យានជំនិះដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។
 2. យានជំនិះដែលមានផ្លាកលេខ រឺ ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតក្លែងក្លាយ។
 3. យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ទំងន់ ហើយធ្វើអោយខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានជាក់ស្តែង។

មាត្រា ៦៨ សមត្ថកិច្ចរៀបចំបែបបទកត់ត្រាអងេ្កត និងពិន័យបទល្មើសចរាចរណ៍​

សមត្ថកិច្ចរៀបចំបែបបទពិនិត្យអង្កេតកត់ត្រាបទល្មើស មានដូចខាងក្រោម ៖

 1. បែបបទនៃការពិនិត្យអង្កេតកត់ត្រាតាមបទល្មើសការប្រើប្រាស់សៀវភៅមានគល់បញ្ជី និង ការធ្វើកំនត់ហេតុគ្រោះថ្នាក់ចរាចរណ៍ និង បញ្ជូនលិខិត រឺ សំនុំ​ឯកសារ​ទៅសមត្ថកិច្ចបន្ទាប់ត្រូវកំនត់ ដោយប្រកាសរួមរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។
 2. បែបបទនៃការបង់ប្រាក់ពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលបានមកពីការពិន័យ​ត្រូវ​កំនត់​ដោយ​ប្រកាស​រួម​របស់​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។

ជំពូកទី ១០ ទោសបញ្ញាត្ដិ

មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់​អ្នក​បើកបរ​​

អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ ការ​រំលោភ​លើ​រាង​កាយ​ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

មាត្រា ៧០ ការទទួលខុសត្រូវផែ្នករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ​

កម្មសិទ្ធិករ រឺ អ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណីមានគ្រោះ​ថ្នាក់​បណ្តាល​អោយ​មាន​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​យានជំនិះដែលខ្លួនមានជាកម្មសិទ្ធិ រឺ គ្រប់គ្រង។

មាត្រា ៧១ បទល្មើស និងអំពើល្មើសចរាចរណ៍

គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការ លើកលែងតែបទល្មើសមានលក្ខណៈជាបទលហុ ដែលត្រូវផ្តន្ទាទោសពិន័យអន្ដរការណ៍ ឬ​ករណី​ដែល​មាន​ចែង​ក្នុងមាត្រា ៦៤ អំពើបទល្មើសដែលត្រូវទទួលព្រមាន។

មាត្រា ៧២ ករណីមន្រ្តី ឬភ្នាក់ងារនគរបាលចរាចរណ៍ប្រើសិទ្ធិអំណាចរំលោភ​

មន្ត្រី រឺ ភ្នាក់ងារនគរបាលទទួលបន្ទុកសន្ដាប់ធ្នាប់ចរាចរណ៍ណា ដែលប្រើសិទ្ធិអំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណ​សំគាល់​យាន រឺ ឃាត់ទុកយានរបស់អ្នកបើកបរត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅ (មួយ១)ខែ រឺ /និង​ពិន័យ​ជា​ប្រាក់​ពី​ពីរម៉ឺន​ប្រាំ​ពាន់​(២៥.០០០)​រៀល​ទៅ​ម្ភៃម៉ឺន(២០០.០០០)រៀល។
ក្នុងករណីដែលមានការខូចខាត រឺ បាត់បង់ផ្នែកណាមួយនៃយាន បណ្តាលមកពីការឃាត់ទុក អង្គភាពសាម៉ីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។ ប្រសិន​បើកំរិតនៃការបំពានករណីយកិច្ចរបស់មន្ត្រី រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ក្នុងការបញ្ចៀសនូវលទ្ធផលមានភាពធ្ងន់ធ្ងរ នោះ​អង្គភាព​អាច​ទាម​ទារ​សំនងពីមន្ត្រី រឺ ភ្នាក់ងារនោះបាន ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅ បី(៣)ឆ្នាំ រឺ /និងពិន័យជាប្រាក់ ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល​ចំពោះ​មន្ត្រី​ រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ណាដែល ៖

 • បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំនត់
 • ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសំរាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ រឺ ដោយមិនចេញបង្កាន់​ដៃ​ប្រាក់​ពិន័យ​អោយ​អ្នក​បើក​បរ​ដែល​ត្រូវ​ពិន័យ​។
 • ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំរឺ /និងពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល ចំពោះ​មន្ត្រីរាជការ រឺ បុគ្គលិកដែលធ្វើការងារផ្ទាល់ រឺ មានសមត្ថកិច្ច រឺ មានភារកិច្ច ដែលធ្វើការងារក្នុងការគ្រប់គ្រងសាលាបើកបរ រឺ ការងារចេញប័ណ្ណបើកបរ រឺ ការងារ​ចុះ​បញ្ជីការចេញប័ណ្ណសំគាល់យានយន្ត ហើយដែលបានប្រព្រឹត្តផ្ទុយនឹងមាត្រា៤០ រឺ មាត្រា៤៨ នៃច្បាប់នេះ។

មាត្រា ៧៣​ ករណីប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ

ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក រឺ ទុកជាមោឃៈ ហើយសាម៉ី ខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំនត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ថ្ងៃ ទៅ​ប្រាំ​(៥)ថ្ងៃ រឺ /និងពិន័យជាប្រាក់ពីប្រាំពាន់(៥.០០០)រៀល ទៅពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។

មាត្រា ៧៤ ករណីបើកបរយានដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ​

ជនណាបើកបរយានដោយគ្មានប័ណ្ណបើកបរ រឺ ក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក រឺទុកជាមោឃៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំមួយ​(៦)​ថ្ងៃ ទៅមួយ(១) ខែ រឺ /និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា ៧៥ ករណីរារាំងដល់ការឃាត់យានជំនិះ

ជនណារារាំងដល់ការឃាត់យានជំនិះ រឺ មិនព្រមបញ្ឈប់យាន ជំនិះតាមការបញ្ជារបស់នគរបាលមានសមត្ថកិច្ច រឺ​ប្រកែក​មិន​ព្រម​អោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​យាន រឺ ប្រកែកមិនព្រមដាក់ខ្លួនអោយធ្វើតេស្តពិនិត្យជាតិអាកុល រឺ គ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ​/​និង​ពិន័យ​ជា​ប្រាក់ពី ពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀលទៅម្ភៃម៉ឺន (២០០.០០០)រៀល។

មាត្រា ៧៦ ករណីបើកបរយានជំនិះក្នុងពេលស្រវឹង

ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨​ក្រាម​ក្នុង​មួយ​លីត្រឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ រឺ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅ​មួយ​លាន​ (១.០០០.០០០)រៀល។

មាត្រា ៧៧ ករណីប្រើប្រាស់ឯកសារកែ្លងក្លាយ

ជនណាបានប្រើប្រាស់ប័ណ្ណបើកបរ ប័ណ្ណសំគាល់យាន ផ្លាកលេខសំគាល់យាន រឺ លិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាវត្ថុក្លែងក្លាយ និង​ជន​ក្លែង​ប័ណ្ណ​បើកបរ ប័ណ្ណសំគាល់យាន រឺ លិខិតអនុញ្ញាត ផ្សេងៗដើម្បីចរាចរយានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ពីរ(២)ឆ្នាំទៅ ប្រាំ(៥)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​បួនលាន (៤.០០០.០០០)រៀល ទៅដប់លាន(១០.០០០.០០០)រៀល។

មាត្រា ៧៨ ការប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់​ចរាចរណ៍​សាធារណៈ​

ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដល់ចរាចរណ៍សាធារណត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ខែទៅមួយ(១)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ម្ភៃម៉ឺន(២០០.០០០) រៀល ទៅពីរលាន(២.០០០.០០០)រៀល។

មាត្រា ៧៩ ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាន និងផ្លាកលេខ​

ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសំគាល់យាន និង គ្មានផ្លាកលេខសំគាល់យាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ /​និង​ផ្តន្ទាទោស ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា ៨០ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យអសមត្ថភាពការងារ

ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលអោយមាន អសមត្ថភាពធ្វើការងារស្មើ រឺ លើសពី ប្រាំបី (៨)ថ្ងៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពីពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀល ទៅ ពីរលាន(២.០០០.០០០)រៀល ។​ត្រូវ​ផ្តន្ទាទោស​ដល់កំរិតអតិបរមាក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាងក្រោម ៖

 1. បើកបរដោយគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការកំនត់។
 2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
 3. បណ្តាលអោយមានរបួសមនុស្សច្រើននាក់។
 4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨១ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាល​ឲ្យពិការអចិន្រៃ្តយ៍

ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃ បណ្តាលអោយពិការ អចិន្ត្រៃយ៍ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្តបទលេស្មី ស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖

 1. បើកបរដោយគ្មានប័ណ្ណ បើកបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
 2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
 3. បណ្តាលអោយមានរបួសមនុស្សច្រើននាក់ ។
 4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនា

ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរ​លាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖

 1. បើកបរដោយគ្មានប័ណ្ណ បើបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
 2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
 3. បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់។
 4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨៣ ករណីបង្កឲ្យមានរបួស ពិការ ឬស្លាប់ដោយចេតនា

ជនណាបើកបរបង្កអោយអ្នកដទៃមានរបួស ពិការ រឺ ស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

មាត្រា ៨៤ ការផ្ទុកទម្ងន់លើសកម្រិតកំណត់

ការផ្ទុកទំងន់អតិបរមានៃភ្លៅ និងទំងន់សរុបអតិបរមាយានយន្តដឹកជញ្ជូនដែលល្មើស កំរិតកំនត់ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម ៖

 1. មិនលើស ៥% ត្រូវធ្វើការព្រមានជាលាយលក្ខ័ណ៍អក្សរដោយមិនពិន័យ ។
 2. លើសពី៥% ទៅ១០% ត្រូវៈ
  • ពិន័យជាប្រាក់ចំនួន ដប់ម៉ឺន(១០០.០០០)រៀលក្នុងមួយតោន។
  • រើទំនិញចេញ និងឃាត់យានជំនិះចំនួនដប់(១០)ថ្ងៃ។
  • ដកប័ណ្ណបើកបរ ព្យួរទុកចំនួនដប់(១០)ថ្ងៃ។
 3. លើសពី១០% ទៅ២០% ត្រូវៈ
  • ពិន័យជាប្រាក់ចំនួន ម្ភៃម៉ឺន(២០០.០០០)រៀលក្នុងមួយតោន។
  • រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ខែ។
  • ដកប័ណ្ណបើកបរព្យួរទុកចំនួន ប្រាំមួយ(៦)ខែ។
 4. លើសពី២០% ត្រូវៈ
  • ពិន័យជាប្រាក់ចំនួន សាមសិបម៉ឺន(៣០០.០០០)រៀលក្នុងមួយតោន។
  • រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ឆ្នាំ។
  • ដកប័ណ្ណបើកបរព្យួរទុកចំនួនពីរ(២)ឆ្នាំ។

ក្នុងករណីអំពើល្មើសលើការផ្ទុកទំងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទំងន់អតិបរមានៃភ្លៅនោះ ត្រូវធ្វើការផាកពិន័យទាំងពីរករណី។
ក្នុងករណីមិនរាងចាល ការពិន័យត្រូវទ្វេគុណ និង បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយ(១)ឆ្នាំ។ ម្ចាស់រថយន្ដ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​ដាក់​ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ ថែទាំទំនិញ និង យានជំនិះរបស់ខ្លួន។
ទណ្ឌកម្មខាងលើ មិនមែនជាឧបសគ្គ ដល់ការដាក់ទណ្ឌកម្មអោយសងការខូចខាត ដែលត្រូវសំរេចដោយតុលាការឡើយ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​ខូច​ខាត​ហេដ្ឋា​រចនាសម្ព័ន្ធជាក់ស្តែង បណ្តាលមកពីការផ្ទុកលើសទំងន់កំរិតកំនត់។

មាត្រា ៨៥ ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហេតរហូតលើផ្លូវថ្នល់​

ជនជាអាណាព្យាបាលបណ្តោយអោយក្មេងមានអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់ បណ្តាលអោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋប្បវេណី​។

មាត្រា ៨៦ ករណីលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់

ជនលែងសត្វដែលខ្លួនចិញ្ចឹម អោយដើររហេតរហូតលើផ្លូវថ្នល់បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។

មាត្រា ៨៧ ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ

មន្ត្រីរាជការដែលមិនបានអនុវត្តតាមមាត្រា ៤៧នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្ម តាមច្បាប់រដ្ឋបាល។

មាត្រា ៨៨ បទលហុ

បទលហុមាន ៤ថ្នាក់ គិតតាមចំនួនទឹកប្រាក់ពិន័យអន្តរការណ៍ដោយគិតទាំង ការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ តាមកំរិតដូចខាងក្រោមៈ

 1. បទលហុថ្នាក់លេខ ១
  • បើកបរដោយប្រើសញ្ញាសូរស័ព្ទ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិ។
  • បើកបរដោយមិនពាក់ខ្សែក្រវាត់ការពារ រឺ មួកការពារសុវត្ថិភាព ។
  • បើកបរដាក់ក្មេងអាយុតិចជាង១០ឆ្នាំជិះនៅកៅអីខាងមុខរថយន្តេ ដាយគ្មានមនុស្សចាស់ការពារពារ រឺដោយគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
  • អំពើល្មើសនឹងចំនុចទី៧ និងចំនុចទី៨ នៃមាត្រា៩។
  • ឈប់ រឺ ចតដោយរំលោភ រឺ រំខាន។
  • បើកបរដោយកុងទ័រល្បឿន មិនដំនើរការ។
  • បើកបរហួសល្បឿនកំនត់ ចាប់ពី១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ប្រើប្រាស់ទូរស័ព្ទគ្មានអុបករណ៍ភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។
  • អំពើល្មើសនឹងមាត្រា១៥។
   • បទល្មើស ខាងលើនេះ ត្រូវផន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ដ ដូចខាងក្រោម ៖
    • ទោចក្រ រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បីពាន់(៣.០០០)រៀល
    • យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
    • យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺន១០.០០០)រៀល ។
 2. បទលហុថ្នាក់លេខ ២ ៖
  • ការផ្ទុកទំនិញ ដែលមានប្រវែងទទឹង បណ្តោយ រឺ កំពស់ខុសបទបញ្ញាត្ដិច្បាប់នេះ។
  • ការផ្ទុកទំនិញមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
  • អេំពើ ល្មើសទាក់ទងការរៀបចំដាក់ភ្លើង និង ភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
  • អំពើល្មើសទាក់ទងនឹងម៉ាស៊ីនដែលបញ្ចោញសំលេងខ្លាំង រឺ ផ្សែងច្រើន ។
  • អំពើ ល្មើសទាក់ទងការរៀបចំតាក់់តែងបរិធានបើកបរ។
  • បើកបរហួសល្បឿនកំនត់ចាប់ពី២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
   • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
    • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បួនពាន់(៤.០០០)រៀល
    • យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំបីពាន់(៨.០០០)រៀល
    • យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺនប្រាំពាន់(១៥.០០០)រៀល។
 3. បទលហុថ្នាក់លេខ ៣
  • បើកបរខុសទិសដែលតំរូវអោយធ្វើចរាចរណ៍ រឺ បើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។
  • បើកបរហួសល្បឿនកំនត់ចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។
  • អំពើល្មើសទាក់ទងនឹងការជៀស និងការជែង។
  • អំពើល្មើសទាក់ទងនឹងអាទិភាពនៅផ្លូវប្រសព្វ។
  • អំពើល្មើសទាក់ទងនឹងការប្រើប្រាស់ភ្លើង និងភ្លើងសញ្ញានៃយានជំនិះ។
  • បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ក្រហមភ្លឹបភ្លែតៗ។
  • បើកបរមិនគោរពផ្លាកសញ្ញាហាមឃាត់។
  • មិនរាងចាលដោយប្រព្រឹត្តដដែលនូវអំពើល្មើសស្តីពីការឈប់ រឺ ចត។
  • ប្រើប្រាស់សម្បកកង់មិនត្រឹមត្រូវ តាមបទបញ្ញាត្ដិច្បាប់។
  • បើកបរដោយពុំមានលិខិតត្រួតពិនិត្យលក្ខណបច្ចេកទេសយាន ។
  • បើកបរដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។
  • មិនគោរពសញ្ញាបញ្ជាចរាចរណ៍ របស់ភ្នាក់ងារនគរបាលចរាចរណ៍។
   • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោមៈ
    • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
    • យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺន(១០.០០០)រៀល
    • យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺន(២០.០០០)រៀល។
 4. បទលហុថ្នាក់លេខ៤
  • បើកបរដោយប្រើប្រាស់ប័ណ្ណបើកបរ មិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
  • បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ។
  • បើកបរហួសល្បឿនកំនត់ចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។
  • ប្រើប្រាស់ផ្លាកលេខសំគាល់យានដែលរចនាខុសពីលក្ខណៈដើម រឺ រលុបលេខ រឺ បាក់ផ្លាកបាត់លេខ។
  • បើកបរដោយប្រើប័ណ្ណបើកបរហួសសុពលភាព។
  • បើកបរមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតំរូវអោយពាក់វ៉ែនតា។
  • បើកបរដោយមានអត្រាជាតិអាកុលចាប់ពី០,២៥ ទៅ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី០,៥ ទៅ០,៧៩ក្រាមក្នុងមួយលីត្រឈាម។
  • ការបត់ឆ្វេង រឺ ស្តាំ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិនៃច្បាប់នេះ។
  • អោយមនុស្សជិះលើយាន រឺ រ៉ឺម៉កដែលកំពុងសន្ដោង ក្រៅពីអ្នកបើកបរ។
  • ផ្ទុកមនុស្សលើសចំនួនកំនត់។
  • រៀបចំចាត់ចែង រឺ ប្រណាំងយានដោយគ្មានការអនុញ្ញាតលើផ្លូវសំរាប់ធ្វើចរាចរណ៍ជាសាធារណៈ។
   • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
    • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ប្រាំមួយពាន់(៦.០០០)រៀល
    • យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺនពីរពាន់(១២.០០០)រៀល
    • យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។

ក្នុងករណីដែលជនល្មើសមិនបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃដែលបានទទួលប័ណ្ណពិន័យចំនួនទឹកប្រាក់ពិន័យនេះ​នឹង​ត្រូវ​តំលើង​ជា​ពីរ​ដង​បើ​លើស​ពី ៦០ថ្ងៃ ចំនួននៃប្រាក់ពិន័យនឹងត្រូវតំលើងជាបីដង។ បើផុតរយៈពេល ៩០ថ្ងៃ មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំអែកសារបញ្ជូនទៅតុលាការ។

មាត្រា ៨៩ ការព្រមាន

រាល់បទល្មើស នឹង បទបញ្ញត្ដិចរាចរណ៍ ដែលពុំមានចែងក្នុងមាត្រា៨៨ខាងលើនឹងត្រូវធ្វើការព្រមាន។

មាត្រា ៩០ ការជៀសផុតពីបណ្តឹងអាជ្ញា

ចំពោះទោសដែលជាពិន័យអន្តរការណ៍ អាចអនុញ្ញាតអោយអ្នកប្រព្រឹត្តល្មើសជៀសផុតពីបណ្តឹងអាជ្ញាបាន។

ជំពូកទី ១១ អន្តរបញ្ញត្តិ

មាត្រា ៩១ ការប្តូរពីផ្លាកលេខរដ្ឋ នគរបាល និងខេមរភូមិន្ទមកផ្លាកលេខឯកជន​

យានយន្តជាកម្មសិទ្ធិរបស់អែកជនដែលបានពាក់ផ្លាកលេខរដ្ឋនគរបាល និង ខេមរភូមិន្ទ ត្រូវធ្វើបែបបទសុំប្តូរពីផ្លាកលេខរដ្ឋ នគរបាល និង ខេមរ​ភូមិន្ទ​មក​ផ្លាក​លេខ​ឯកជនអោយបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន ។

មាត្រា ៩២ ការអនុវត្តន៍ទោសប្បញ្ញត្តិ

ជំពូកទី ១០ ស្តីពីទោសបញ្ញាត្ដិត្រូវចាប់អនុវត្តប្រាំមួយ (៦)ខែ ក្រោយពេលច្បាប់នេះចូលជាធរមានលើកលែងតែបទបញ្ញាត្ដិមានចែងក្នុងមាត្រា៧៧ មាត្រា៧៩ និងមាត្រា៨៤នៃច្បាប់នេះ។

មាត្រា ៩៣ ការអនុវត្តន៍ចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩​

បទបញ្ញាត្ដិដែលមានចែងក្នុងចំនុចទី៧ និងទី៨ នៃមាត្រា៩ ជំពូកទី៣ នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំក្រោយពេលច្បាប់នេះចូលជាធរមាន។

មាត្រា ៩៤ ការអនុវត្តន៍មាត្រា៤៣ និងមាត្រា៤៤

បទបញ្ញាត្ដិដែលមានចែងក្នុងមាត្រា៤៣ និងមាត្រា៤៤ ជំពូកទី៧នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំ ក្រោយពេលច្បាប់នេះចូលជាធរមាន។

មាត្រា ៩៥ ការទុកជានិរាករណ៍

ក្រិតលេខ ៦៨ក្រ ចុះថ្ងៃទី ៣១ ខែសីហា ១៩៩១ ដែលប្រកាសអោយប្រើ ស្ដីពីចរាចរណ៍ផ្លូវគោក និង បទបញ្ញាត្ដិទាំងឡាយណាដែលផ្ទុយពីច្បាប់នេះ ត្រូវ​ទុក​ជា​និរាករណ៍។

ឯកសារយោង

 • ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: