រឿងផ្កាស្រពោនវគ្គទី៥

យាយនួនគាត់ឃើញថា កូនគាត់មានអផ្សុកក្នុងចិត្ត។ ប្រើប្រសិនជាមានគូស្រករទៅ ហើយចេះស្រឡាញ់គ្នាផងនោះ មុខជានឹងបាត់ហ្មងសៅពុំខាន។ បើដូច្នោះហើយ តោងគាត់រិះរកឧបាយកលផ្ដាច់នាងវិធាវី ពី ប៊ុន – ធឿន ចេញ ព្រោះគាត់យល់ថា ការជំពាក់ពាក្យគ្នាយ៉ាងនេះ ជាឧបសគ្គមិនឲ្យអ្នកផងគេចូលមកនិយាយដណ្ដឹងកូនគាត់បានទេ។ មិនយូរប៉ុន្មាន ស្រាប់តែទេសកាលណែនាំឲ្យគាត់ជួបនឹងឱកាស ដែលគាត់ខំរកនោះភ្លាម។

យាយនួន គាត់មានសម្លាញ់ម្នាក់ ឈ្មោះយាយចាន់។ ស្ត្រីនេះតាំងផ្ទះនៅភូមិវត្តសង្កែ។ មិត្រទាំងពីរនាក់នេះតែងតែទៅមករកគ្នាមិនសូវដាច់ទេ។

មានថ្ងៃមួយ ក្រោយពីថ្ងៃដែលយើងនិទានក្នុងភាគមុនបួនខែមក គេឃើញស្ត្រីម្នាក់សក់កាត់ជ្រង អាយុប្រហែលជាង៦០ហើយ តែងរឹងប៉ឹងនៅឡើយ។ ដូនចាស់ដែលស្លៀកខៀនពណ៌ស្បែកតុកកែ ពាក់អាវផាប៉ានស ពានាក្រមាទេសឯកដែរនោះ បានបញ្ឈប់រ៉ឺម៉កនៅចំមុខផ្ទះយាយនួន ហើយគាត់ក៏ដើរចូលទៅកាន់គេហដ្ឋាននេះ។ បន្តិចក្រោយមក គេក៏ឮសូរមាត់យាយនួនស្រែកថា៖

  • អាវីអើយ អ៊ំចាន់ឯងគេមកលេង។ ឯណាប្រអប់ស្លា យកមក។

ថាហើយ គាត់ក៏បែរមុខឆ្ពោះទៅកាន់មិត្រគាត់៖

  • អញ្ជើញចាន់! អញ្ជើញមកលើកន្ទេលមក អង្គុយលើក្ដារមិនកើតទេ ប្រឡាក់ខៀនអស់ហើយ។

យាយចាន់ឆ្លើយ៖

  • មិនអីទេ ក្ដារនេះរលីងស្រិល អង្គុយត្រជាក់ស្រួលណាស់។

ខណៈនោះ នាងវិធាវីលើកហិបស្លាមកដាក់នៅមុខភ្ញៀវ ទើបនាងលើកដៃសំពះ៖

  • ជម្រាបសួរអ៊ំ!

យាយចាន់ដែលភ្នែកសម្លឹងរាងកាយនាងយុវតីមិនដាច់ ក៏ឆ្លើយថា៖

  • ថ្វាយព្រះ ក្មួយ! យីក្មួយឯងកើតអី ក៏ស្គមស្លឹតស្លាំងម្ល៉េះ?
  • ខ្ញុំឥតឈឺថ្កាត់អីទេ អ៊ំ!

យាយចាន់ចាប់ម្លូមួយសន្លឹក មកបៀកផ្ចិតផ្ចង់ពមទៅក្នុងមាត់ ហើយទើបទំពាបណ្ដើរ បែរនិយាយទៅកាន់ស្ត្រីម្ចាស់ផ្ទះបណ្ដើរ៖

  • យីឯង យើងចុងខែអស្សុជហើយ ក៏នៅមានភ្លៀងមេធំៗម្ល៉េះ។
  • ខ្ញុំចូលចិត្តតែភ្លៀងធំៗអីចឹង បើភ្លៀងរួច វាស្រស់ដីតែម្ដង។ ឯភ្លៀងរលឹម ធ្វើឲ្យធុញអផ្សុកណាស់។
  • ចាស៎ អីចឹងមែន។

ថាហើយ យាយចាន់គាត់ទាញកន្ថោរមកស្ដោះទឹកមាត់ពណ៌ឈាម ឮសូរច្រចៗ រួចយកកន្សែងក្រហមមួយមកជូតមាត់ ទើបចាប់និយាយទៅទៀត៖

  • ខ្ញុំមកជួបនួនឯងនេះ ព្រោះចង់និយាយការបន្តិច។

យាយនួនងាកមុខទៅចំកូនគាត់ ហើយថា៖

  • អាវី ឯងបណ្ដោយកំផៃដាំក្ដាតតែម្នាក់ឯងមិនកើតទេ។ ត្រូវឯងទៅមើលផងទើបល្អ។

នាងវិធាវីទទួលសម្ដីម្ដាយ ហើយក៏ដើរចេញពីទីនោះមិននិយាយថាអ្វីឡើយ។ ចិត្តនាង នឹកបារម្ភមិនដឹងជាយាយចាន់នេះ មកចាក់រុកម្ដាយខ្លួនដូចម្ដេចទេ!

ត្រង់នេះ ស្ត្រីចាស់ទាំងពីរឈប់ស្ងៀមមួយស្របក់ធំ ហាក់ដូចជាចង់សម្លឹងមើល ក្នុងចិត្តគ្នាទៅវិញទៅមក។ យាយនួនគាត់ឆ្លៀតឱកាសនេះ ដើម្បីបៀកម្លូមួយម៉ាត់ លុះបានទំពាស្ដោះក្នុងកន្ថោរម្ដងហើយ ទើបគាត់សួរទៅយាយចាន់៖

  • មានការអ្វី ចាន់?
  • អើរឿងកូនចៅឯងនោះ វាម្ដេចទៅហើយ? ឯងចាំ ប៊ុន – ធឿន ចេញពីរៀនទើបគិតគូរផ្សំផ្គុំវា ឬយ៉ាងណា?
  • ហ៊ឺ ចាន់អើយ ខ្ញុំលាក់បាំងអី។ ឥឡូវដូចចាន់ឯងដឹងស្រាប់ ឪពុក ប៊ុន – ធឿន ធ្លាក់ខ្លួនក្រហើយ។ មានសង្ឃឹមតែលើបៀវត្សរ៍ ប៊ុន – ធឿន តែម្យ៉ាង ដូចគេសង្ឃឹមផ្កាយលើកមេឃអីចឹង។ ខ្ញុំមានកូនតែមួយ មានរំពឹងតែលើវា លុះជរាភាពមកដល់ខ្លួន។ បើប្រសិនជាខ្ញុំឲ្យទៅថី ប៊ុន – ធឿន ទៅ ថី ប៊ុន – ធឿន បន្តិចគេផ្លាស់ទៅធ្វើការនៅខេត្តនេះ បន្តិចទៅខេត្តនោះ។ ឯប្រពន្ធតោងទៅតាមប្ដី។ ចំណែកខ្ញុំនឹងនៅម្នាក់ឯង ឥតនរណាជាពុំនឹក នេះម្យ៉ាង។ ម្យ៉ាងទៀត ប៊ុន – ធឿន នេះធ្លាក់ក្រហើយ ម្ល៉េះសមនឹងជញ្ជក់យកធនធានដែលខ្ញុំនឹងឲ្យទៅកូននោះ ទៅសងបំណុលមិនខាន។ កូនខ្ញុំធ្វើម្ដេចនឹងបានសេចក្ដីសុខ។

ដោយសម្ដីវែងយ៉ាងនេះ ទឹកមាត់ក្រហមប្រគាក ក៏ពុះពោរពេញមាត់ ធ្វើឲ្យសម្ដីឮឡុលៗ។ ដូច្នោះ លុះយាយនួនគាត់ស្ដោះមួយច្រចរួច ទើបយាយចាន់ គាត់ឆ្លើយ៖

  • នួនឯង និយាយយ៉ាងនេះចំជាត្រូវហើយ។ ប្រើប្រសិនជាខ្ញុំដូចនួនឯងវិញ ខ្ញុំក៏ផ្ដាច់ដែរ។ គិតមើលសព្វៗទៅ យើងមិនទាន់ស៊ីស្លាបញ្ជាប់ពាក្យ ឬទទួលវត្ថុអ្វីជាខាន់ស្លាក៏នៅដែរ។

លើកនេះ ត្រូវយាយចាន់គាត់ងាកទៅរកកន្ថោរវិញ។ លុះគាត់បានសម្រេចចិត្តហើយ ទើបអ្នកម្ចាស់ផ្ទះតបទៅវិញ៖

  • ចាន់អើយ ខ្ញុំក៏គិតនឹងផ្ដាច់ដែរ តែមកតុះតុញ មិនដឹងធ្វើដូចម្ដេច នឹងធ្វើសំបុត្រទៅប្រាប់ចិក ប៊ុន – ថន ភ្លាមទៅ ដូចជាឯងចិត្តអាក្រក់ពេក។ ឮតែគេខាតស្រូវភ្លាម ក៏ថាផ្ដាច់កូនផ្ដាច់ចៅភ្លាម។

យាយចាន់ គាត់បើកភ្នែកធំៗ ហាក់ដូចជាសម្ដីនេះ ធ្វើឲ្យគាត់ឆ្ងល់ពន់ពេក។ ដូច្នេះគាត់ក៏ឆ្លើយ៖

  • ចាំបាច់ប្រាប់គេធ្វើអ្វី។ យើងនៅតែស្ងៀមធ្វើហីទៅ។ បើនរណាគេចូលមកដណ្ដឹង យើងគិតមើលល្មមលើក ក៏លើកឲ្យគេទៅ។
  • ឱ! នរណាអើយ គេនឹងហ៊ានចូលដណ្ដឹងឯងនោះ បើគេដឹងថា ឯងនៅជាប់ពាក្យសម្ដីចិក ប៊ុន – ថន ទៅហើយ។

យាយចាន់គាត់សើចក្អាកៗ ហើយថា៖

  • នួនឯង និយាយយ៉ាងនេះចំពេញជាខុស។ មានគេគិតចូលមកហើយ តើឯងថាម៉េចទៅ?

យាយនួនអរព្រើត កកិលចូលជិត ហើយសួរទៅភ្ញៀវគាត់៖

  • អ្នកណាគេចង់ចូលមកនោះ?

យាយចាន់ខ្សឹបដាក់ត្រចៀកយាយនួន៖

  • ចិក ណៃស៊ាន!
  • ណៃស៊ាន ថៅកែកាណូតដើរទន្លេនោះហាស៎ ?
  • អើ មានណៃស៊ានណាពីរបី។ ឯងស្គាល់ចៅ ណៃ ស៊ត កូនគេនោះទេ។
  • ខ្ញុំធ្លាប់ឃើញវាតែពីតូចៗ។
  • ឥឡូវវាប៉ិនរកស៊ីណាស់ ដូចឪពុកវាអីចឹង។ ខ្ញុំឮដំណឹងថា បើចៅណៃស៊តនេះវាមានប្រពន្ធទៅ គេនឹងចែកឲ្យកាណូតពីរ ឡានកាំម្ញ៉ុងមួយ និងដើមទុនមួយម៉ឺន។ នេះនៅមិនទាន់គិតមាសពេជ្រអ្វីទៀតផង។

យាយនួនគាត់ពព្រិចភ្នែកញ័រ ហើយបែរសួរថា៖

  • ណៃ ស៊ត នោះវាកើតឆ្នាំអីហ្ន៎ ?

យាយចាន់ ដែលហាក់ដូចជាចាំតែពាក្យសួរនេះ នឹងអាលឆ្លើយនោះ ក៏ប្រាប់ទៅវិញភ្លាម៖

  • ឆ្នាំជូត ថ្ងៃអាទិត្យ ខែស្រាពណ៍។

យាយនួនគាត់ក៏ទទួលទន្ទេញហាក់ពុំចង់ឲ្យភ្លេច ឬមួយដោយហេតុដែលគាត់ធ្លាប់ទន្ទេញធម៌ ក្នុងពេលឧបោសថនោះក៏មិនដឹង។

ឆ្នាំជូត… ថ្ងៃអាទិត្យ ខែស្រាពណ៍…
ឆ្នាំជូត… ថ្ងៃអាទិត្យ ខែស្រាពណ៍…

យាយចាន់គាត់សួរ៖

  • បើប្រសិនណាគេចូលមកមែន តើឯងព្រមឬទេមើលទៅ?
  • អើ ចាំមើលស្រួលបួលសិន ទុកដាក់កូនចៅនីមួយៗមិនងាយទេ។

សម្ដីយាយនួនយ៉ាងនេះ ដូចជាគ្រាន់តែការពារឲ្យល្អមើលខាងក្រៅទេ។

នៅល្ងាចនោះឯង កាលបើយាយចាន់លាគាត់ចុះផុតទៅ យាយនួនក៏រួសរាន់រៀបខ្លួន ហើយកាន់ម្លូ បារី មួយស៊ងដាក់លើជើងពាន និងទៀន១គូ ដើរតម្រង់ទៅកាន់កុដិលោកគ្រូអាន វត្តពោធិ៍ក្នុង ដែលមានព្រះនាមល្បីខាងហោរាសាស្ត្រ និងមន្តអាគមស្ដោះព្រួស។

ដល់ហើយ យាយនួនគាត់ចូលទៅថ្វាយបង្គំព្រះភិក្ខុអង្គនោះ ដែលមានសង្ឃដីកាសួរមក៖

  • យាយមានធុរៈអ្វី?
  • ខ្ញុំព្រះករុណា យកម្លូស្លា បារីនេះមក ប្រគេនលោកគ្រូម្ចាស់ ហើយសុំនិមន្តលោកគ្រូម្ចាស់មើលដួងជតាកូនខ្ញុំព្រះករុណា ព្រោះខ្ញុំព្រះករុណាចង់ឲ្យវាមានគូស្រករ។

លោកគ្រូអាន ក៏ទាញវត្ថពន្ធបោះលាតមក ព្រះហស្តស្ដាំលោកចាប់ជាយម្ខាង។ យាយនួនគាត់ក៏លើកពានបារី និងទៀនដាក់លើជាយម្ខាង ទើបលោកដៃប្រណម្យឡើងជាថ្មី។ រួចហើយ លោកគ្រូអាន ក៏ទាញក្ដារឆ្នួនមួយធំ ដែលទុកនៅប្របសំណិង រើយកដីសមួយដុំ ហើយមកគង់នៅចំពោះមុខយាយនួន ទើបមានសង្ឃដីកាសួរថា៖

  • យាយ កូនយាយកើតឆ្នាំអ្វី?
  • លោកម្ចាស់ វាឆ្នាំរោង ខែ ពិសាខ ថ្ងៃ អង្គារ។

លោកគ្រូអានកត់លើក្ដារឆ្នួន រួចហើយទើបសួរទៀត៖

  • តើខាងប្រុសនោះ គេឆ្នាំអ្វី?
  • ឆ្នាំជូត ថ្ងៃ អាទិត្យ ខែស្រាពណ៍។

លោកគ្រូអាន ក៏វាយលេខអត្តៈមួយសន្ទុះ ទើបមានសង្ឃដីកា៖

  • យីយាយ លេខប្រសើរណាស់តើ! តាំងតែពីអាត្មាចេះមើលហោរមក ពុំដែលឃើញលេខនរណាប្រកបគ្នាអីដល់ម្ល៉េះទេ។
  • បើដូច្នេះ ខ្ញុំព្រះករុណា សូមផ្សងចាក់គម្ពីរមើលម្ដងទៀត។

លោកគ្រូអានក៏ក្រោកឈរទាញគម្ពីរសាស្ត្រា ហើយស្រាយលាតក្របបញ្ចេញឲ្យឃើញស្លឹករឹត លាបទឹកមាសភ្លឺរន្ទាលដែលមាន ខ្សែចំណងពណ៌បៃតង ក្រហមលឿងចាក់ ឆ្លាស់គ្នាយ៉ាងល្អចម្លែក។ លោកលើកគម្ពីរនោះដាក់លើតោកឈើមួយ លាបថ្នាំខ្មៅលំអដោយភ្ញីដាំខ្យង ហើយលោកលូកយកទៀនក្រមួនឃ្មុំមួយ ដែលយាយនួនបានយកមកប្រគេន មកអុជបិតនឹងក្របតោក។ រួចស្រេច លោកក៏មានសង្ឃដីកា៖

  • អញ្ជើញយាយចាក់ទៅ។

យាយនួន គាត់ក៏លើកហត្ថសំពះគ្រប់បីដង ហើយគាត់ស្ទួយតោកគម្ពីរនោះដាក់លើក្បាលដៃឆ្វេងគាត់ទប់តោកដៃស្ដាំគាត់យកកន្លាស់ធូបចាក់ជ្រៀត ទៅក្នុងស្លឹករឹតរួចហើយទើបគាត់ ប្រគេនតោកគម្ពីរនោះទៅព្រះថេរៈ។ ភិក្ខុនេះ ក៏ទាញសាស្ត្រាយកមកលាតមើល ត្រង់កន្លែងដែលកន្លាស់ធូបសៀតចង្អុលរឿងត្រង់ព្រះមហោសថ ទៅជួបនឹងនាងអមរា ហើយមានព្រះហឫទ័យស្រឡាញ់នាងនេះពន់ប្រមាណ។

លុះអានបានសព្វគ្រប់ហើយ លោកមានសង្ឃដីកាពន្យល់៖

  • តាមអាត្មាយល់ថា ជាគាប់ប្រសើរក្រៃលែង។

ឱព្រះភិក្ខុអើយ! ទំនាយក្បួនតម្រា និងពាក្យអធិប្បាយតាមគម្ពីររបស់លោក ដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះបរមគ្រូនោះ បែរទៅជានាំជនពីរនាក់ ដែលមានសេចក្ដីស្នេហាទៅមកយ៉ាងធំបំផុត ឲ្យខានបានជួបគ្នាទៅវិញ ហាក់ដូចជាលោកជួយច្រានគូសង្សារនេះ ទម្លាក់ទៅរណ្ដៅទុក្ខសង្រេង។

យាយនួន កាលបើបានឮសង្ឃដីកាលោកគ្រូនេះ អានដូច្នោះហើយ គាត់មានចិត្តសោមនស្សឥតឧបមា។ គាត់យារជើងឈានមក ដូចជាស្រាលអស់ទាំងខ្លួនប្រាណគាត់ ព្រោះគាត់ដឹងថា ថៅកែណៃ ស៊ាន នេះមានទ្រព្យធនស្ដុកស្ដម្ភណាស់។ ឯចៅណៃ ស៊តចេះចង់មាន ចង់បាន ហើយថែមទាំងចេះប្រណិប័តន៍ឪពុកម្ដាយផង។ ឱ ហៅគាប់ប្រសើរ! សែនគាប់ប្រសើរ! យាយនួនគាត់ខ្សឹបក្នុងចិត្ត ធៀបផ្ទឹមនាមយុវជនទាំងពីរ “ណៃស៊ត វិធាវី! វិធាវី ណៃស៊ត” យីឈ្មោះទាំងពីរនេះសមគ្នាណាស់តើ! ម្ល៉េះផងគេនឹងរបូតមាត់ថា យិះៗ! មិនខាន… យាយមុខញញឹមប៉ប្រិម បិទមាត់ស្ទើរមិនជិត ដើរពង្រាយសេចក្ដីសប្បាយទៅលើស្មៅ តាមផ្លូវចេញពីវត្តដូចជា អ្នកព្រោះស្រូវរោយគ្រាប់ធញ្ញជាតិទៅក្នុងស្រែ។

ប្រហែលជាមួយអាទិត្យក្រោយមក យាយនួនគាត់ទប់នឹងសេចក្ដីរំខាន ដោយទន្ទឹងផ្លូវយាយចាន់ពុំបាន គាត់ក៏ឡើងជិះរ៉ឺម៉កឆ្ពោះទៅផ្ទះសម្លាញ់គាត់៖

  • ចាន់អើយ លេខវាល្អណាស់ ខ្ញុំមិនថាអីទេ ឲ្យគេចូលមកចុះ៕
បានចុះផ្សាយក្នុង រឿងផ្កាស្រពោន. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: