រឿងផ្កាស្រពោនវគ្គទី១

រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិនបើជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។

វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវសន្លឹម។

នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។

នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។

នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។

ពូកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮអ្នកលេងកុនឈ្មោះទីណូរូសស៊ីច្រៀង។ក្មេងមួយនាក់ឈ្មោះបូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។

វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!

ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។

ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។

កុមារគិតក្នុងចិន្តាថា៖ ឱភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។

រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ១៥គីឡូទៀតនឹងដល់ផ្ទះហើយ។មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។

ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹកញាប់ឡើង។

ផុតដំណាក់អូរដំបងហើយ…ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង…ផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។គុកក៏ត្រដាងជញ្ជាំងប្រផេះ…ផ្ទះនិងរោងជំនាងផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ…ថយ ស្ថានីយ! មនុស្សខ្មៅមីរនៅចាំទៅនោះ ។អ្នកដំណើរទាំងអស់គ្នាក្រោកស្រឈរមើល។ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នាដើម្បីចុះពីលើយានព្រោងព្រាត។

ប៊ុន-ធឿនទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយក៏ញែកពពួកមនុស្សដើរតម្រង់ទៅអ្នកចាំទ្វារ។ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។

ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។

រ៉ឺម៉កដែលប៊ុន-ធឿនជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួបនឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ទុក្ខដែលក្រាបងំកាលដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។

ប៊ុន-ធឿនលូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅថ្ងៃមុនដែលខ្លួនចេញពីក្រុងភ្នំពេញមកមើលឡើងជាថ្មីម្តងទៀត។សារនោះមានសេចក្តីថា៖

អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។

បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថាលោកឪពុកយើងគាត់បានផ្ទុកនូវស្រូវនឹងទូកប៉ុកចាយមួយចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប។ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។

ប៊ុន-ធឿនកាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។សេចក្តីបំណងដែលខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។

ឪពុកម្តាយប៊ុន-ធឿនដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។

ឱគំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱឪពុកម្តាយអើយ ខ្ញុំសែនលំបាក!…

អន្លង់វិល ជ្រនីក ស្វាយកង់…រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ប៊ុន-ធឿនមិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕

បានចុះផ្សាយក្នុង រឿងផ្កាស្រពោន. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: