រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ

ដំនើររឿង

មាន​បុរស​ម្នាក់​ មាន​កូន​ប្រុស​៤​នាក់​ បាន​សិក្សា​វិជ្ជា​៤​បទ​ ស្ទាត់​ជំនាញ​រៀង​ខ្លួន​ គឺ​ម្នាក់​ចេះ​ស៊ី , ម្នាក់​ចេះ​ដេក , ម្នាក់​ចេះ​កាត់​ក្ដី​ ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង​៤​នាក់​ទៅ​ថ្វាយ​ស្ដេច​ ក្រាប​អំពី​វិជ្ជា​នីមួយ​ៗ​ ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ ។ ស្ដេច​ទ្រង់​រក្សា​ទទួល​ទុក ។ ថ្ងៃ​មួយ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ម្នាក់​ ដែល​ចេះ​ស៊ី​ជា​មុន, ឲ្យ​គេ​រៀប​ភោជនាហារ​ជា​ច្រើន​មុខ​ ស្ដេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក​ ដាក់​ទៅ​ក្នុង​ចាន​សម្ល​មួយ​ ហើយ​ទ្រង់​ប្រាប់​ទៅ​បុរស​នោះ​ថា << ឲ្យ​ស៊ី​ភោជនាហារ​គ្រប់​មុខ >> ។ បុរស​នោះ​ក៏​បរិភោគ​ តាម​ព្រះ​រាជ​បញ្ជា, ដល់​ទៅ​សម្ល​មួយ​មុខ​ ដែល​ស្ដេច​បាន​ដាក់​ទឹក​ឆៅ​មួយ​ក្រចក​ចូល​នោះ​ បុរស​នោះ​មិន​បរិភោគ ។ ស្ដេច​សួរ​បុរស​នោះ​ថា << ហេតុម្ដេច​បាន​ជា​ចៅ​ឯង​ មិន​បរិភោគ​សម្ល​នេះ ? ។ បុរស​នោះ​ក្រាប​ទូល​ថា << សម្ល​នេះ​ មាន​ទឹក​ឆៅ​មួយ​ក្រចក​នៅ​ក្នុង​នោះ​ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ មិន​ទទួល​ព្រះ​រាជ​ទាន >> ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា<< បុរស​នេះ​ ចេះ​វិជ្ជា​ខាង​ស៊ី​ស្ទាត់​​មែន >> ។ អំពី​នោះ​ទៅ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ចេះ​ដេក​ទៀត​ ទ្រង់​ឲ្យ​រៀប​ទី​កន្លែង​យ៉ាង​ស្អាត​ មាន​ពូក​កម្រាល​ក្រាល​ពី​លើ ។ ស្ដេច​យក​សក់​មួយ​សរសៃ​ ទៅ​ដាក់​ក្រោម​កម្រាល​ពូក​នោះ , ដល់​ពេល​យប់​ ទ្រង់​ហៅ​បុរស​នោះ​ ឲ្យ​ទៅ​ដេក ។ បុរស​ប្រះ​ដេក​ទៅ​ក្រោក​ឡើង​វិញ​ភ្លាម ។ ស្ដេច​ទ្រង់​សួរ​ថា << ហេតុ​ម្ដេច​ បាន​ជា​ដេក​ហើយ​ក្រោក​ឡើង​វិញ ? >> ។ បុរស​នោះ​ក្រាប​ទូល​ថា << មាន​សក់​មួយ​សរសៃ​នៅ​ក្នុង​ដំណាក់​នោះ​ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ក្រោក >> ។ ស្ដេច​ទ្រង់​នឹក​សរសើរ​ក្នុង​ព្រះ​ទ័យ​ថា << បុរស​នោះ​ ស្ទាត់​ខាង​វិជ្ជា​ដេក​ប្រាកដ​មែន >> ។ ថ្ងៃ​មួយ​ មាន​បុរស​ម្នាក់​ស្លាប់​ នៅ​កណ្ដាល​វាល​ គ្មាន​ភិន​ភាគ​ស្លាក​ស្នាម​អ្វី​ នៅ​រូប​កាយ​នោះ​សោះ។ ស្ដេច​ទ្រង់​បង្គាប់​ឲ្យ​តុលាការ​មុខ​ក្រសួង​ ស៊ើប​សួរ​រក​ហេតុ​នោះ​ ក៏​ពុំ​ឃើញ, ទ្រង់​ព្រះ​វិតក្ក​ក្នុង​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​នឹក​ឃើញ​បុរស​ដែល​ចេះ​វិជ្ជា​ ខាង​ផ្លូវ​តុលាការ​នោះ​ ក៏​មាន​ព្រះ​រាជ​ឱង្ការ​ ឲ្យ​ហៅ​ចូល​មក​ ហើយ​ទ្រង់​ចាត់​ប្រើ​ឲ្យ​ទៅ​ស៊ើប​រក​រឿង​ពិរុទ្ធ​នោះ។ បុរស​នោះ​ សូម​ព្រះ​រាជ​អនុញ្ញាតិ​អំណាច​ ក្នុង​វេលា​ដែល​ស៊ើប​សួរ​យក​ការណ៍​នោះ ។ ស្ដេច​ក៏​ព្រះ​រាជ​ទាន​ពរ​តាម​សុំ​បុរស​នោះ​ចេញ​ ទៅ​ដល់​ទី​កន្លែង​មនុស្ស​ស្លាប់​នោះ​ ចាត់​ការ​ហៅ​អ្នក​ស្រុក​មក​ប្រជុំ​ មិន​ឲ្យ​មាន​សល់​ម្នាក់ , ហើយ​បុរស​នោះ​ហាម​ប្រាម​ថា << ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ​ មិន​ឲ្យ​អ្នក​ណា​ ទៅ​ណា ​មក​ណា​ ក្រៅ​ពី​ភូមិ​ខ្លួន​ទេ​ ឲ្យ​ទាំងអស់​គ្នា​ ទាំង​ប្រុស​ទាំង​ស្រី​ ចាស់​ក្មេង​ចូល​ទៅ​មើល​គេ​ធ្វើ​បុណ្យ​រំលាយ​សព​បុរស​អនាថា​ ដែល​ស្លាប់​នៅ​កណ្ដាល​វាល​ស្រែ​ លើក​តែ​មនុស្ស​ខ្វាក់​ខ្វិន​ចេញ ។ ខណៈ​ដែល​រៀប​ចំ​រំលាយ​សព​នោះ​ បុរស​ជា​អ្នក​ស៊ើប​សួរ​ បាន​ចាត់​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ ពន្យល់​ពី​កិច្ច​ហេតុ​ ដែល​យក​ការណ៍​ក្នុង​រឿង​នោះ​ បើ​ឃើញ​ឈ្មោះ​ណា​ប្រកប​នឹង​កិច្ច​ដែល​បាន​ពន្យល់​នោះ​ ឲ្យ​យក​ឈ្មោះ​នោះ​មក​ប្រគល់​ឲ្យ​ខ្លួន​ជា​នាយ​មួយ​រំពេច ។ ពេល​ភ្លើង​ឆេះ​ពេញ​កម្លាំង​ មាន​ស្រី​ក្មេង​ម្នាក់​ស្រក់​ទឹក​ភ្នែក​ច្រោក ។ បុរស​ជា​អ្នក​គយ​គន់​មើល​ហេតុ​ ក៏​នាំ​យក​ខ្លួន​នាង​នោះ​ ទៅ​ប្រគល់​ឲ្យ​នាយ​ខ្លួន ។ បុរស​ជា​នាយ​ យក​ខ្លួន​នាង​ទៅស៊ើប​សួរ​ដំណើរ​ដែល​នាង​យំ​នោះ​ ដោយ​យោបល់​ដ៏​ល្អិត ។ នាង​នោះ​ រក​ផ្លូវ​គេច​កែ​ដោះ​សា​ទៅ​ពុំ​បាន​ក៏​ប្រាប់​បុរស​នោះ​ តាម​ត្រង់​ថា << ខ្លួន​នាង​បាន​សាហាយ​នឹង​បុរស​ដែល​ស្លាប់​ ទើប​នឹង​បាន​គ្នា​ក្នុង​យប់​ដែល​ស្លាប់​នោះ , ហើយ​ថា​ដំណើរ​ដែល​ស្លាប់​នោះ​ គ្មាន​អ្នក​ណា​វាយ​ដំ​ធ្វើ​បាប​អ្វី​ទេ​ គឺ​វេលា​ចូល​ដំណេក​ បុរស​នោះ​ប្រើ​នាង​ឲ្យ​ទៅ​រក​ទឹក​មក​ឲ្យ​ផឹក​ នាង​មិន​ហ៊ាន​ចេញ​ទៅ​ដង​ទឹក​ឯ​ក្រៅ​ ដោយ​ខ្លាច​ឪពុក​ដឹង​ ក៏​យក​ផ្តិល​ត្រង​ទឹក​ភ្លៀង​ដែល​ហូរ​ធ្លាក់​ តាម​រង​ស្បូវ​ប្រក់​ផ្ទះ​នោះ​ឲ្យ​ផឹក, លុះ​ផឹក​ហើយ​ ក៏​បណ្ដាល​ឲ្យ​ដល់​មរណៈ​ក្នុង​ខណៈ​នោះ​ទៅ ។ បុរស​ដែល​ជា​អ្នក​ស៊ើប​សួរ​ ក៏​យល់​ច្បាស់​ក្នុង​ចិត្ត​ថា << នាង​នេះ​ មិន​មាន​សណ្ដាន​ចិត្ត​ជា​ទុច្ចរិត​ នឹង​បុរស​ដែល​ស្លាប់​នោះ​ទេ​ ព្រោះ​ទើប​ស្រឡាញ់​គ្នា​ បាន​ជួប​គ្នា​ក្នុង​ខណៈ​នេះ , ការណ៍​នេះ​ ប្រាកដ​ជា​មាន​សត្វ​អាសិរពិស​អ្វី​ នៅ​លើ​ដំបូល​ផ្ទះ​នោះ​ បាន​ជា​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់ >> ។ ទើប​បុរស​ជា​នាយ​ចាត់​ឲ្យ​ទៅ​មើល​លើ​ដំបូល​ផ្ទះ​នោះ​ ឃើញ​ពស់​នាគ​រាជ​មួយ​នៅ​ចំ​ពី​លើ​ល្វែង​ ដែល​នាង​នោះ​ដេក ។ បុរស​ជា​នាយ​ ក៏​ឲ្យ​វាយ​ពស់​នាគ​រាជ​នោះ​ យក​មក​ថ្វាយ​ស្ដេច​ ក្រាប​ទូល​តាម​ដំណើរ​ ហើយ​ដោះ​លែង​នាង​នោះ​ទៅ​ ដោយ​វិនិច្ឆ័យ​ថា << ហេតុ​ដែល​បណ្ដាល​ឲ្យ​បុរស​នោះ​ស្លាប់​ មក​អំពី​ផឹក​ទឹក​ភ្លៀង​លាយ​ដោយ​ពិស​ពស់​នាគ​រាជ​ ដែល​នាង​នោះ​ត្រង​មក​ឲ្យ​ផឹក​ ដោយ​ឥត​ចេតនា ។ ស្ដេច​ក៏​ទ្រង់​សរសើរ​ថា​ បុរស​ជា​នាយ​ចេះ​ស្ទាត់​ក្នុង​ការ​ស៊ើបសួរ​ ខាង​ផ្លូវ​តុលាការ​មែន ។

ថ្ងៃ​មួយ​ក្រោយ​មក​ មាន​សេដ្ឋី​ម្នាក់​ស្លាប់​ សេដ្ឋី​នោះ​ មាន​ប្រពន្ធ​ក្មេង​ល្អ ។ នាង​នោះ​ប្ដេជ្ញា​ថា << មិន​យក​ប្ដី​ទៀត​ទេ >> ។ ដំណឹង​នោះ​ជ្រាប​ដល់​ស្ដេច​ៗ​ទ្រង់​ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ ទៅ​ចង់​នាង​មេម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​នោះ ។ នាហ្មឺន​ទាំង​អស់​ទៅ​ចង់​មិន​បាន​ ស្ដេច​ទ្រង់​គិត​ថា << នាង​នេះ​ ប្រហែល​ជា​មិន​យក​ប្ដី​ដូច​ដំណឹង​ ដែល​ទ្រង់​ជា្រប​នោះ​មែន >> តែ​ទ្រង់​គិត​ក្នុង​ព្រះ​រាជ​ហឫទ័យ​ថា << នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​នោះ​ប្រហែល​ជា​មិន​ពេញ​សេចក្ដី​ប្រាថ្នា​នាង ​មេម៉ាយ​ទេ​ បើ​អង្គ​អញ​ប្រហែល​ជា​នាង​នេះ​ព្រម>>។ ក៏​ទ្រង់​យាង​ទៅ​ផ្ទះ​មេម៉ាយ​នោះ​ ហើយ​ទ្រង់​ឲ្យ​ប្រាប់​នាង​ថា << ល្ងាច​នេះ​ ទ្រង់​នឹង​មក​ផ្ទំ​នឹង​នាង​ ឲ្យ​នាង​រៀប​ចំ​ទី​កន្លែង​ចាំ​ទទួល >> ។ នាង​ម៉ម៉ាយ​ក៏​ទទួល​ព្រះ​រាជ​ឱង្ការ ។ ពេល​ល្ងាច​នាង​រៀប​ក្រឡា​ព្រះ​បន្ទំ​ ហើយ​តែង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​កើត​ស្រែង​នៅ​ខ្លួន​ រចនា​ដោយ​គ្រឿង​ប្រដាប់​ សម្រាប់​តាក់​តែង​រូប​កាយ​ស្រី​ គឺ​គ្រឿង​មាស​ពេជ្រ​ និង​គ្រឿង​ក្រអូប​គ្រប់​ប្រដាប់​ ហើយ​ឲ្យ​នាង​នោះ​ចូល​ទៅ​ក្នុង​ទី​ក្រឡា​ព្រះ​បន្ទំ​ ដែល​រៀប​ចំ​ទទួល​ស្ដេច​ តាម​ព្រះ​រាជ​ឱង្ការ ។ ដល់​ស្ដេច​យាង​មក​ ដោយ​ទ្រង់​មិន​បាន​គិត​ពិនិត្យ​សព្វ​គ្រប់​ ទ្រង់​ក៏​យល់​ថា << ទី​នេះ​ ជា​ទី​សម្រាប់​នាង​ម៉េម៉ាយ​មែន​ បាន​ជា​មនុស្ស​ទាំង​ឡាយ​ មិន​ហ៊ាន​មក​នៅ​ទី​នេះ >> ទ្រង់​ក៏​ដាក់​ព្រះ​អង្គ​គង់​អែប​ ដោយ​សំគាល់​ថា << នាង​ម៉េម៉ាយ >> ទ្រង់​ផ្ទុំ​ជា​មួយ​នាង​នោះ​ រួច​ហើយ​ទ្រង់​កំណត់​ព្រះ​ចិន្ដា​ថា << អញ​មក​ចង់​នាង​នេះ​បាន​ហើយ >> ។ ដើម្បី​ឲ្យ​បាន​ជា​ភស្តុតាង​ដល់​ភ្នែក​អ្នក​ផង​ទាំង​ពួង, ស្ដេច​ក៏​ទ្រង់​ខាំ​ថ្ពាល់​នាង​នោះ​ជា​សំគាល់​ រួច​ទ្រង់​យាង​មក​ព្រះ​បរម​រាជ​វាំង​វិញ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ផ្ដាំ​ថា << ព្រឹក​ស្អែក​នេះ​ឲ្យ​នាង​ចូល​ទៅ​គាល់​ស្ដេច​កុំ​ខាន >> ។ ទ្រង់​យាង​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង​ ទ្រង់​ក៏​មាន​ព្រះ​រាជ​ឱង្ការ​ ប្រាប់​អស់​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ថា​ ព្រះ​អង្គ​យាង​ទៅ​ចង់​នាង​នោះ​បាន​ មាន​ទាំង​សម្គាល់​ស្នាម​ព្រះ​ទន្ត​នៅ​ថ្ពាល់​នាង​នោះ​ផង​ ហើយ​ទ្រង់​បាន​ប្រាប់​ឲ្យ​ចូល​មក​គាល់​ ក្នុង​វេលា​ព្រឹក​នេះ​ផង​ ឲ្យ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​អស់​ចាំ​មើល ។ ដល់​នាង​ម៉េម៉ាយ​ចូល​មក​គាល់​ យក​ទាំង​ស្រី​បម្រើ​ដែល​តាក់​តែង​កាយ​ ទទួល​ស្ដេច​ពី ​យប់​នោះ​មក​ជា​មួយ​ផង, លុះ​ចូល​មក​គាល់​ ក៏​អង្គុយ​តាម​មុខ​ក្រោយ , នាង​ម៉េម៉ាយ​អង្គុយ​មុខ ​ស្រី​បំរើ​អង្គុយ​ក្រោយ ។ ស្ដេច​ឲ្យ​នាហ្មឺន​ទៅ​ពិនិត្យ​មើល​ នៅ​កន្លែង​សំគាល់​ ដែល​ទ្រង់​បាន​ប្រាប់​ហើយ​នោះ ។ លុះ​ភ្នាក់​ងារ​ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ទៅ​ពិនិត្យ​ ត្រឡប់​មក​ក្រាប​ទូល​ស្ដេច​វិញ​ថា << នាង​អង្គុយ​ក្រោយ​ មាន​ស្នាម​នៅ​ថ្ពាល់​ជា​សម្គាល់​ដោយ​ធ្មេញ​ ឯ​នាង​ម៉េម៉ាយ​គ្មាន​ស្នាម​អ្វី​ជា​សម្គាល់​ទេ >> ។ ស្ដេច​ក៏​តូច​ព្រះ​រាជ​ហឫទ័យ​ដោយ​សេចក្ដី​មិន​បាន​ពិនិត្យ​ជា​មុន​ ក៏​ព្រះ​អង្គ​ទ្រង់​ចិន្ដា​ត្រិះរិះ​ទៅ​ឃើញ​ថា << នាង​នេះ​ជា​ស្រី​មាន​ប្រាជ្ញា​ នឹង​រក​អ្នក​ណា​ទៅ​ចង់​នាង​ពុំ​បាន >> ទ្រង់​នឹក​ដល់​បុរស​ដែល​ជា​អ្នក​ស្ទាត់​ខាង​វិជ្ជា​ចង់​ស្រី​ ក៏​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​ចូល​ទៅ​គាល់ ។ ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ​សួរ​ទៅ​បុរស​នោះ​ថា << ឯង​ទៅ​ចង់​នាង​ម៉េម៉ាយ​ ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​បាន​ឬ​ទេ ? បើ​បង​ឯង​ត្រូវ​ការ​វត្ថុ​អ្វី​ យើង​ឲ្យ​ឯង​ទាំង​អស់ >> ។ បុរស​នោះ​ក្រាប​ទូល << ទទួល​តាម​បន្ទាល់​ ដោយ​មិន​បាច់​យក​វត្ថុ​ជា​ឧត្ដម​ទៅ​ទេ​ សុំ​តែ​សំពត់​ផាឌឹប​ស​ចាស់​ យក​ទៅ​ស្លៀក​ពាក់​ ហើយ​នឹង​ឆ្អឹង​គោ​មួយ​ថោ​វេច​ខ្ចប់​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ​ បាន​ហើយ >> ។

ឯ​នាង​ម៉េម៉ាយ​ ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​ វេលា​ដែល​ត្រឡប់​ពី​គាល់​ស្ដេច​ទៅ​វិញ​ ក៏​រៀប​សាលា​ធ្វើ​បុណ្យ​ខ្មោច​សេដ្ឋី​ជា​ប្ដី​ រំលាយ​សព​ជា​ស្រេច​ រើស​ធាតុ​យក​មក​ខ្ចប់​តម្កល់​លើ​សាលា​ធ្វើ​បុណ្យ​ឆ្លង ។ វេលា​យប់​នោះ​បុរស​ ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ បាន​ទៅ​ដល់​លើ​សាលា​ ដែល​នាង​ម៉េម៉ាយ​ធ្វើ​បុណ្យ​ខ្មោច​ប្ដី​ ដែល​នឹង​ហើយ​ស្រេច​នៅ​វេលា​ព្រឹក​ស្អែក​នោះ​ ដល់​ហើយ​ធ្វើ​ជា​យំ​សោក​នឹង​ខ្មោច​ប្រពន្ធ​ខ្លួន​ស្លាប់​ មាន​សេចក្ដី​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​មាន​ទាំង​ធាតុ​ស្ពាយ​ជាប់​នឹង​ខ្លួន​ ជា​សំគាល់​ផង, បណ្ដាល​ឲ្យ​អស់​អ្នក​ជា​ពួក​ក្រុម​នាង​ម៉េម៉ាយ​ ដែល​នៅ​លើ​សាលា​នោះ​ទាំង​ប៉ុន្មាន​ មាន​សេចក្ដី​ឆ្ងល់​ភ័ន្ត​ភាំង​គ្រប់​គ្នា​ សួរ​ទៅ​បុរស​នោះ​ថា​ ហេតុ​អ្វី​ ក៏​អ្នក​មក​យំ​សោក​ បោក​ខ្លួន​ប្រាណ​លើ​ទី​នេះ​ខ្លាំង​ម្ល៉េះ ? >>។បុរស​នោះ​ប្រាប់​ទៅ​អ្នក​រក្សា​សាលា​នោះ​ថា << ខ្ញុំ​ឃើញ​គេ​ធ្វើ​បុណ្យ​ខ្មោច​លោក​សេដ្ឋី​នោះ​ ខ្ញុំ​នឹក​ដល់​ខ្មោច​ប្រពន្ធ​ខ្ញុំ​ ដែល​ស្លាប់​ជា​យូរ​ ហើយ​នោះ​ភ្លាម​ ក៏​បណ្ដាល​ឲ្យ​សង្វេគ​នឹង​ទុក្ខ​វេទនា​និង​ការ​ព្រាត់​ប្រាស​ ជា​ថ្មី​មួយ​ជាន់​ទៀត, តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ​នោះ​ខ្លួន​ខ្ញុំ​លះ​បង់​ការងារ​ចោល​អស់​ ស្ពាយ​តែ​ធាតុ​ប្រពន្ធ​ដើរ​ ដោយ​សេចក្ដី​អាឡោះ​អាល័យ >> ហើយ​បុរស​នោះ​ សុំ​អ្នក​ចាំ​សាលា​អ្នក​ស្នាក់​មួយ​យប់ ។ បុរស​ដែល​ចាំ​សាលា​ មិន​ហ៊ាន​សម្រេច​ដោយ​ខ្លួន​ឯង​ ក៏​យក​សេចក្ដី​នោះ​ ទៅ​ជំរាប​នាង​ម៉េម៉ាយ​ជា​ចៅហ្វាយ​តាម​ដំណើរ​ ដែល​បុរស​នោះ​ អធិប្បាយ​អំពី​សេចក្ដី​កំសត់​របស់​ខ្លួន​ ហើយ​សុំ​សាលា​ស្នាក់ ។ នាង​ម៉េម៉ាយ​មាន​ចិត្ត​អាណិត​ដល់​បុរស​កំសត់​ ដែល​មាន​ទុក្ខ​ព្រាត់​ប្រាស​ប្រពន្ធ​នោះ​ ក៏​យល់​ព្រម​ឲ្យ​ស្នាក់​ ហើយ​បង្គាប់​ទៅ​មនុស្ស​បម្រើ​ ឲ្យ​រៀប​អាហារ​ភោជន​ ឲ្យ​ទាន​បុរស​នោះ​ផង ។ លុះ​យប់​នាង​ម៉េម៉ាយ​ ទៅ​ស្ដាប់​ធម៌​ទេសនា​ ឆ្លង​បុណ្យ​ខ្មោច​ប្ដី​ នៅ​លើ​សាលា​ដែល​តម្កល់​ធាតុ​នៅ​នោះ ។ ឯ​បុរស​ចង់​ស្រី​ ក៏​សម្ងំ​ធ្វើ​ជា​ដេក​លក់​ទៅ ។ នាង​ម៉េម៉ាយ​នោះ​ស្ដាប់​ធម៌​ទេសនា​ចប់​ត្រឡប់​មក​ផ្ទះ​វិញ ។ បុរស​ជា​អ្នក​ចង់​ស្រី​ ឃើញ​ឱកាស​ស្ងាត់​ល្អ​ ក៏​លួច​យក​ធាតុ​ប្រពន្ធ​ខ្លួន​ ទៅ​ដាក់​ប្រប​ធាតុ​សេដ្ឋី​ជា​ប្ដី​នាង​ម៉េម៉ាយ ។ លុះ​ដល់​ព្រឹក​ឡើង​ នាង​ម៉េម៉ាយ​ចូល​ដល់​សាលា , បុរស​នោះ​ក៏​ស្រែក​យំ​យ៉ាង​ខ្លាំង​ថា << អ្នក​ណា​ លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​បាត់ ? >> ។ នាង​ម៉េម៉ាយ​ឆ្ងល់​ ក៏​សួរ​បុរស​នោះ​ថា << ហេតុ​អ្វី​ ក៏​អ្នក​ឯង​យំ​ខ្លាំង​ម្ល៉េះ ? >> ។ បុរស​នោះ​ប្រាប់​ទៅ​នាង​ម៉េម៉ាយ​វិញ​ថា << អ្នក​ឯ​ណា​លួច​ធាតុ​ប្រពន្ធ​ខ្ញុំ​ទៅ​បាត់ >> ហើយ​ចោទ​ប្រកាន់​ ទៅ​លើ​រូប​នាង​ម៉េម៉ាយ​ថា << ខ្មោច​ប្ដី​នាង​ម៉េម៉ាយ​ លួច​ធាតុ​ប្រពន្ធ​ទៅ >> ។ នាង​ម៉េម៉ាយ​មាន​សេចក្ដី​អន់​ចិត្ត​នឹង​បុរស​ចោទ​ប្រកាន់​ខ្មោច​ប្ដី​ថា << លួច​ធាតុ​ប្រពន្ធ​ដូច្នោះ, ក៏​នាំ​បុរស​នោះ​ឲ្យ​ទៅ​មើល​ ឃើញ​នៅ​ជិត​គ្នា​មែន ។ បុរស​ក៏​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​នាង​ម៉េម៉ាយ​ថា << ប្ដី​នាង​ យក​ប្រពន្ធ​គាត់​ទៅ​ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ហើយ​ លុះ​តែ​នាង​ព្រម​ទទួល​ធ្វើ​ជា​ប្រពន្ធ​គាត់​វិញ​ ទើប​ព្រម​សុខ​ចិត្ត , ។ សេចក្ដី​ចោទ​ចំពោះ​ខ្លួន​នាង​ម៉េម៉ាយ​នោះ​ ជា​ដំណំ​ច្រើន​ខ​ណាស់​ដោយ​ឧបាយ​យ៉ាង​ល្អិត ។ នាង​ម៉េម៉ាយ​ រក​ផ្លូវ​ដោះ​សា​គ្មាន​ ក៏​ចាញ់​កល​នោះ​ជា​ទម្ងន់​ ថែម​ទាំង​មាន​សេចក្ដី​អន់​ចិត្ត​ នឹង​ខ្មោច​ប្ដី​ខ្លួន​ដែល​ស្លាប់​នោះ​ ថា​ជា​មនុស្ស​គ្មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រពន្ធ​ បន្តិច​បន្តួច​សោះ​ គ្នា​កំពុង​កើត​ទុក្ខ​នឹង​ខ្លួនៗ​ ហ៊ាន​ទៅ​លួច​ប្រពន្ធ​គេ​ យក​មក​បញ្ចើ​នៅ​មុខ​ នាង​ជា​អុក​ជា​ទុក្ខ​គិត​សព្វ​ៗ​ ទៅ​ក៏​ទទួល​ព្រម​យក​បុរស​នោះ​ធ្វើ​ជា​ប្ដី​ ជា​សចក្ដី​ផ្គើន​ តប​ឲ្យ​ទល់​ពុត​ ទៅ​នឹង​ខ្មោច​ប្ដី​ខ្លួន​វិញ​ដែល​ហ៊ាន​ខូច​ លួច​ប្រពន្ធ​បុរស​នោះ។ចំណែក​បុរស​នោះ​ ដល់​បាន​នាង​ម៉េម៉ាយ​ជា​ប្រពន្ធ​៣ – ៤​ថ្ងៃ​ក៏​បបួល​គ្នា​ទៅ​គាល់​ស្ដេច។ឯ​ស្ដេច​នឹង​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ បាន​ទត​ បាន​ឃើញ​ ក៏​មាន​សេចក្ដី​សរសើ​ចំពោះ​បុរស​នោះ​ ថា​ជា​អ្នក​មាន​វិជ្ជា​ចេះ​ចង់​ស្រី​ប្រាកដ​មែន ។

ម្ង៉ៃ​នឹង​ចេះ​ ឲ្យ​គេ​កោត​ ម្ងៃ​នឹង​ឆោត​ ឲ្យ​គេ​អាណិត​

បានចុះផ្សាយក្នុង ប្រជុំរឿងព្រេងខ្មែរ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: