រឿងមហាភារតយុទ្ធ ភាគទី១៖សេចក្ដីឫស្យានៃញាតិ

ក្នុង​យុគ​ជា​ដំបូងនៃ​ប្រជា​វតា​របស់​លោក ក្នុង​ប្រទេស​ឥណ្ឌាភាគ​លើ មាន​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា សាន្តនុ ជា​ពូជ​ពង្ស​វង្ស​ព្រះ​ចៅ​ភរត ដែល​ជា​ឱរស​របស់​ព្រះ​ចៅ ទុសយន្ត និង​នាង សកុន្តលា ជា​បរម​ក្សត្រិយ៍ ដែល​ល្បីល្បាញ​ព្រះ​កិត្តិនាមជាង​ព្រះ​ចៅ សាន្តនុ ក្សត្រិយ៍​អង្គ​នេះ ទ្រង់​រក្សា​រាជ​ប្រវេណី នៃ​ប្រយូរវង្ស​របស់​ព្រះ​អង្គ​ទុក​ដោយ​ប្រពៃ យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ពេចពិល​រមិល​មើល សុខ​ទុក្ខ​របស់​ប្រជា​រាស្ត្រ ដោយ​ការុណ្យ​ចិត្ត​ជា​យ៉ាង​ក្រៃពេក អ្នក​នគរ​ស្មោះ​សរ​ស្រឡាញ់​ព្រះ​អង្គ ហាក់​បី​ដូចជា​ដួង​ហឫទ័យ​របស់​គេ រាប់អាន​តម្កុំកម្កើង​លើក​ឡើង​បូជា​ព្រះ​អង្គ បីដូច​ទេពតា​ក្នុង​សួគ៌ាល័យ រាជ​សត្រូវ​ស្ញប់ស្ញែង​ក្រែង​ព្រះ​តេជ​បារមី ដូច​កល​ខ្លាច​ស្ដេច​ខ្មោច​ក៏​ប្រហែល​គ្នា ព្រះ​ចរិយា​វត្ត​ដែល​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​យ៉ាង​រាស្ត្រ​អ្នក​ជា មិន​បាន​ប្រកាន់​ព្រះ​អង្គ កាន់​យក​តែ​យុត្តិធម៌ គឺ​សេចក្ដី​ជា​អ្នក​បរិសុទ្ធ​ប្រាស​ចាក​មន្ទិល និង​ពាក្យ​ដំនៀល​និន្ទា​ព្រះ​អាណា​សោត​ក៏​រឹងរឹត​រុងរឿង​បីដូច​សូរ្យ័ង្សី ។

សេចក្ដី​ស្ងប់​ក្នុង​ប្រទេស និរាស​ភ័យ​អរិរាជ​សត្រូវ និរាស​សេចក្ដី​រន្ធត់​នេះ​ឯង ជា​អាការ​ដ៏​សំខាន់​នៃការ​តាំង​នៅ​បាន​នៃ​ជាតិ និង​ពាណិជ្ជ​កម្ម​សព្វ​សារពើ​ដែល​ជា​លាន​ធំ សម្រាប់​ធ្វើ​ឲ្យ​ធន​សម្បត្តិ​ក្នុង​ប្រទេស​ដំណើរ​ឡើង​ទៅ​កាន់​សេចក្ដី​ចម្រើន ព្រះ​អង្គ​ជា​អ្នក​គ្រង​រាជ​នេះ ក៏​បាន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​មើល​រាល់​វេលា ទ្រព្យ​សម្បត្តិ​ក៏​សម្បូណ៌​ឡើង​ក្នុង​ព្រះ​នគរ ទ្រង់​ជ្រះ​ថ្លា​ក្នុង​សាសន​កិច្ច សម្បូណ៌​ដោយ​ទស្សនៈ និង​មតិ ទ្រង់​ប្រើ​សេចក្ដី​គិត​អាន​កាញ់​គ្នេ ដោយ​យោបល់​តាម​មតិ​របស់​ជាតិ​ផ្សេង ៗ ឬ​របស់​គណៈ របស់​បុគ្គល​ឯក​ជន ទ្រង់​ចាត់​តាំង​របៀប​សមាគម និង​ទំនៀម​ជា​ប្រវេណី​គតិ​ទុក​រៀបរយ របស់​អំបាល​នេះ​ជា​ធម្មតា​ប្រចាំ​នៅ​ក្នុង​រាជ​អាណា​ចក្រ​ដ៏​ធំ​នេះ​ទួទៅ គ្មាន​អ្នក​ណា ១ ស្គាល់​ឡើយ​ថា​គ្រប់គ្រង​ដូច្នេះ ៗ ខុស​គន្លង​ធម៌ ទាំង​ទារុណ​កម្ម​ក្ដី អធម្មិក​រាជ​ក្ដី អយុត្តិ​ធម៌​ក្ដី គ្មាន​អ្នក​ណា​ស្គាល់​ថា​មុខ​មាត់​វា​យ៉ាង​ម៉េច ប្រជា​រាស្ត្រ​រាល់​គ្នា មាន​សេចក្ដី​ភក្ដី និង​ពេញ​ចិត្ត​ណាស់​ដែល​បាន​ម្ចាស់​សម​គួរ ជា​ប្រមុខ​មក​សោយរាជ្យ​ដូច្នេះ ។

ព្រះ​ចៅ សាន្តនុ ស្ថិត​នៅ​ក្នុង​រាជ​សម្បត្តិ ទាល់​តែ​ជរា​ភាព​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម វិចិត្រ​វិរយ ជា មកុដ​កុមារ​រជ្ជទាយាទ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​មក ក្សត្រិយ៍​នេះ មាន​ឱរស​ពីរ​អង្គ នាម ធ្ឫត​រាស្ត្រ (ធតរជ្ជ) ១, បណ្ឌុ ១, កាល​ព្រះ​អង្គ​ទិវង្គត​បង់​ទៅ​ហើយ ក៏​កើត​ជា​បញ្ហា​ចោទ​គ្នា​ឡើង​ថា នឹង​លើក​លោក​អង្គ​ណា​សោយរាជ្យ នេះ​ជា​រឿង​ដ៏​ជ្រៅ​សុខុម កម្រ​និង​ទម្លុះ​ទម្លាយ​ទៅ​បាន ព្រោះ​ថា ធ្ឫត​រាស្ត្រ ជា​រាជ​បុត្រ​ច្បង បើ​តាម​ព្រះ​វេណី​ត្រូវ​បាន​រាជ​សម្បត្តិ តែ​ខ្វាក់​បង់​អំពី​កំណើត ហេតុ​ដូច្នោះ​រាជ​សម្បត្តិ ទើប​ធ្លាក់​ទៅ​លើ បណ្ឌុ ជា​អនុជ​វិញ ព្រម​គ្នា​អញ្ជើញ បណ្ឌុ ឡើង​គ្រង​ពិភព ។

កាល បណ្ឌុ ឡើង​សោយរាជ្យ​មក មិន​យូរ​ប៉ុន្មាន​ក៏​ទ្រង់​រាជ​តម្រិះ​នឹង​ស្ដេច​ចេញ​ទៅ​នៅ​ព្រៃ សព្វ​ព្រះ​ហឫទ័យ​គ្រង​ជីវិត​នៅ​ដោយ​សេចក្ដី​វិវេគ​វិញ​ប្រសើរ តែ​មិន​មាន​បន្ទូល​ឲ្យ​អ្នក​ឯ​ណា​និមួយ​ដឹង ព្រោះ​ក្រែង​រាជ​បរិពារ​ទាំងឡាយ​មិន​យល់​ព្រម តែ​ក្នុង​ព្រះ​ហឫទ័យ​ក៏​នៅ​តែ​បំណង​ដូច្នេះ​ខ្ជាប់​មិន​ចេះ​អស់ មិន​ចេះ​ហើយ ក្នុង​ទី​បំផុត ក៏​ឲ្យ​កើត​នឿយណាយ​ដោយ​តូរ្យ​តន្ត្រី ដែល​ចោម​រោម​ជុំ​វិញ​រាជ​បល្លង្ក​រាល់​វេលា ទើប​ស្ដេច​ដាក់​រាជ​សម្បត្តិ​ចេញ​ចាក​ព្រះ​នគរ ពនេចរ​ទៅ​នៅ​ព្រៃ នាំ​យក​ទាំង​មហេសី​សម្លាញ់​ទៅ​ផង លុះ​កាល​កន្លង​យូរ​មក ព្រះ​រាជា បណ្ឌុ ក៏​ទិវង្គត​ក្នុង​ដំណាក់​ព្រៃ ឬ អាស្រម​នោះ​ឯង មាន​ឱរស ៥ អង្គ ទ្រង់​នាម យុធិស្ឋិរ ល្បី​នាម​ជា​អ្នក​ធ្ងន់​ក្នុង​សច្ចៈ និង​សទ្ធា​ជ្រះ​ថ្លា ភីម ល្បី​នាម​ថា​ទ្រង់​នៅ​ព្រះ​កាយ ពលមហិមា ខុស​នឹង​មនុស្ស​ធម្មតា មនុស្ស​ញញើត​ទួទៅ អរជុន ល្បី​នាម​ថា មាន​ថ្វី​ដៃ​ក្នុង​យុទ្ធ​វិធី និង​ការ​ប្រើ​អាវុធ នកុល និង សហទេព មួយ​គូ​នេះ​ជា​កូន​ភ្លោះ​ប្ងូន​បន្ទាប់​និង​អរជុន ។

កាល​ដំណឹង​ទិវង្គត​នៃ​ព្រះ​ចៅ បណ្ឌុ ឮ​ទៅ​ដល់​ព្រះ​នគរ អ្នក​នគរ​បាន​ពាក់​គ្រឿង​កាន់​ទុក្ខ​ថ្វាយ​តាម​ប្រវេណី នឹង​នាំ​គ្នា​យំ​សោក​សម្ដែង​អាការ​ស្ដាយ​ព្រះ​អង្គ ហាក់​បី​ដូច​ជា​ញាតិ​របស់​គេ​ម្នាក់​ស្លាប់​ទៅ​ដូច្នោះ ព្រះ​ញាតិ​វង្ស​ព្រម​ដោយ​រាជ​បរិពារ​បាន​នាំ​គ្នា​ទៅ​អញ្ជើញ​ព្រះ​នាង​ដ៏​ជា​វិធរា និង បាណ្ឌព​កុមារ ទាំង ៥ អង្គ ត្រឡប់​ចូល​មក​កាន់​ក្រុង​ហស្ដិន​បុរ​វិញ ឲ្យ​សំណាក់​នៅ​ក្នុង​វាំង​ព្រះ​ចៅ ធ្ឫត​រាស្ត្រ (ក្សត្រិយ៍​ខ្វាក់) ចំណែក​ឯ​ឱរស​ទាំង ៥ របស់​ព្រះ​នាង ធ្ឫត​រាស្ត្រ ជា​បិតុលា ក៏​ទ្រង់​ឧបត្ថម្ភ​ឲ្យ​រៀន​សូត្រ​សិល្ប​សាស្ត្រ​ផ្សេង ៗ ជា​មួយ​នឹង​ឱរស​របស់​ព្រះ​អង្គ មាន ទុរយោធន៍ ជាដើម ។

កាល​រាជ​កុមារ​បង​ប្អូន​ទាំង ៥ អង្គ ចម្រើន​វ័យ​ធំ​ឡើង រូប​រាង​សក្ដិ​សម ទ្រូង​សាយ អវៈយវៈ ទាំង​ពួង​បាន​លក្ខណៈ​គ្រប់​យ៉ាង​ទាំង​ដំណើរ​យាត្រា និង​កិរិយា​មារយាទ​ក៏​ល្អ​មាន​រាសី ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នគរ​នឹក​សង្ឃឹម​ក្នុង​ព្រះ​រាជ​កុមារ​ទាំង ៥ ទ្វេរ​ចំនួន​ច្រើន​ឡើង​ដោយ​លំដាប់ គុណ​សម្បត្តិ​ជា​ទី​និយម​នៃ​ប្រជុំ​អនេក​និករជន ក្នុង​ព្រះ​រាជ​បិតា បាន​ឆ្លាក់​មក​ជា​មត៌ក​ដល់​ព្រះ​រាជ​កុមារ​ទាំង ៥ ពេញ​បន្ទុក យ៉ាង​ព្រះ​វររាជ​បិតា តែ​គុណ​សម្បត្តិ​ទាំង​នេះ​ត្រឡប់​ទៅ​ជា​របស់​ស្លែង ធ្វើ​ឲ្យ ទុរយោជន៍ ព្រម​ទាំង​បង​ប្អូន និង​បក្ស​ពួក​របស់ ទុរយោជន៍ នាំ​គ្នា​ឫស្យា​ក្នុង បាណ្ឌព​កុមារ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​ផង​គ្នា​ជា​យ៉ាង​ក្រៃពេក ។

ព្រះ​កុមារ​ទាំង ៥ បាន​សិក្សា​ការ​ប្រើ​អាវុធ​ផ្សេង ៗ រាល់​ថ្ងៃ​ក្នុង​រាជ​សេដ្ឋា​វិជ្ជា គឺ​ការ​ប្រើ​ធ្នូ​សរ ការ​ប្រើ​រថ​សឹក ការ​កាប់​ដាវ​និង​ដាវ ពួយ លំពែង គុន ដាល់ និង​ហាត់​វិជ្ជា​យ៉ាង​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង ដែល​ជា​ភាគ​នៃ​រាជ​វត្ត ឬ​ការ​ហាត់​សម្រាប់ ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ក្នុង​សម័យ​នោះ​យ៉ាង​ស្ទាត់ គ្រូ​អ្នក​បង្វឹក​បង្ហាត់​រាជ​កុមារ អំបាល ជា​ព្រាហ្មណ៍​មាន​ត្រកូល​នាម ទោណ អាចារ្យ​ជា​ប្រាជ្ញ​មាន​គុណ​គួរ​រាប់អាន មាន​មុខងារ​ជា​អ្នក​ប្រិតប្រៀន​វិជ្ជា​ទាហាន ដល់​ក្សត្រិយ៍​គ្រប់​អង្គ​ក្នុង​ត្រកូល​នោះ ។

ទោណ​អាចារ្យ ត្រូវ​ជា​មា​ព្រះ ធ្ឫត​រាស្ត្រ កំណត់​ទុក​ថា កាល​រាជ​កុមារ អំបាល នេះ រៀន​យុទ្ធ​វិទ្យា​ចេះ​ស្ទាត់​ហើយ នឹង​បាន​ជា​កម្លាំង​ជួយ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាល​នគរ ដែល​ជា​រាជ​សត្រូវ​នឹង​ព្រះ​អង្គ​មក​អំពី​ថ្ងៃ​មុន ។

ទោណ​អាចារ្យ យក​ចិត្ត​ទុក​ដាក់​ប្រៀន​ប្រដៅ ហើយ​ស្រឡាញ់​ប្រណី បាណ្ឌ​កុមារ ទាំង ៥ ជា​សិស្ស​ច្រើន ការ​រៀន​គ្រា​នោះ អរជុន​មាន​ចំរឿន​លឿន​ទៅ​មុខ​បង​ប្អូន​ពោះ​មួយ និង​បង​ប្អូន​ជីដូន​មួយ​ទាំងអស់ ក្នុង​ផ្លូវ​វិទ្យា​អ្នក​ចម្បាំង មាន​សតិ​បញ្ញា​ស្រួច​ជាង​គេ ហើយ​ជា​អ្នក​ធ្ងន់​ក្នុង​ហិរិឱត្តប្ប ប្រដៅ​ជឿ​ស្ដាប់​ងាយ​ជាង​បង​ប្អូន​ទាំង​ពួង ការុណ្យ​ចិត្ត​ដែល ទោណ​អាចារ្យ សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដូច្នេះ ធ្វើ​ឲ្យ ទុរយោជន៍ ទ្វេរ​សេចក្ដី​ឫស្យា​ក្នុង​កុមារ​ទាំង ៥ ថែម​ឡើង​ទៀត​ជាច្រើន​ហើយ​និង​ឫស្យា​ស្អប់ អរជុន ដែល​មាន​ថ្វី​ដៃ​ពូកែ​ជា​បំផុត ។

លុះ​កុមារ អំបាល នោះ រៀន​វិជ្ជា​ទាហាន​ចេះ​ចប់​បរិបូណ៌​ហើយ បាន​មាន​ការ​ប្រឡង​ថ្វី​ដៃ​កុមារ​អ្នក​ចម្បាំង​អំបាល​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​នាំ​គ្នា​មក​កាន់​ទី​ប្រជុំ ដើម្បី​មើល​ការ​ប្រឡង បាន​ទះ​ដៃ​សម្ដែង​សេចក្ដី​ត្រេកអរ ឮ សូរ​សព្ទ​ទ្រហឹង​អឺងកង ពួក​អ្នក​ប្រឡង ក៏​ចូល​ប្រឡង តាំង​ចិត្ត​ប្រឹងប្រែង​សម្ដែង​ថ្វី​ដៃ​យ៉ាង​ពេញ​កម្លាំង តែ​មិន​យូរ​ប៉ុន្មាន​ការ​ប្រឡង​នោះ មិន​ត្រឹម​តែ​សាក​ចំណេះ​វិជ្ជា ឬ សម្ដែង​ឲ្យ​ល្អ​មើល ទាំង​សង​ខាង​បណ្ដាល​ទោស​ខ្លាំង​ឡើង ក៏​ស៊ូ​គ្នា​តែ​មែនទែន ទុរយោជន៍ ចាប់​តស៊ូ​គ្នា​នឹង ភិម គូ​បដិបក្ស​ទាំង​ពីរ​នេះ បាន​ចូល​ប្រឡូក​តយុទ្ធ​គ្នា​យ៉ាង​ពេញ​ថ្វី​ដៃ​ទាំង​សង​ខាង​ក៏​រឹត​តែ​បណ្ដាល​ទោស​ខ្លាំង​ឡើង ៗ ស្ទើរ​តែ​នឹង​ហុត​ឈាម​ទៅ​វិញ​ទៅ​មក គ្រា​នោះ​មាន​មនុស្ស​ចូល​ទៅ ហាម​ដោយ​ទទួល​បញ្ជា​ពី​ព្រះ​រាជា និង ទោណ​អាចារ្យ ជា​គ្រូ​ធំ ទើប​ក្រោក​ចេញ​ទៅ វេលា​រសៀល​ថ្ងៃ​នោះ មាន​អ្នក​ចម្បាំង​ប្លែក​មុខ ចូល​មក​ក្នុង​ទី​ប្រឡង​ម្នាក់​ទៀត​ឈ្មោះ​ថា កណ៌ តែ​ជា​ត្រកូល​ដូចម្ដេច​គ្មាន​អ្នក​ណា​ដឹង​ស្គាល់ បាន​ចូល​មក​ចាប់​គូរ​តស៊ូ​គ្នា​និង អរជុន ដែល​ជា​អ្នក​ក្លៀវក្លា​សំខាន់​សម្ដែង​ស្នាដៃ​ឲ្យ​អ្នក​មើល​ទាំងឡាយ​ឃើញ​ថា ខ្លួន​គេ​ជា​គូ​គួរ​គ្នា​នឹង អរជុន ទុរយោជន៍ ឃើញ​កម្លាំង​ស្នាដៃ កណ៌ ហើយ​ក៏​សព្វ​ព្រះ​ហឫទ័យ​ណាស់ ឲ្យ​នាំ​ខ្លួន​ចូល​ទៅ​គាល់​ឯ​វាំង ប្រទាន​រង្វាន់​ជា​ច្រើន ហើយ​ទ្រង់​ជប់លៀង​ទុក​ជា​ទាហាន​របស់​ព្រះ​អង្គ ។

ការ​ប្រឡង​ថ្វី​ដៃ​គ្រា​នេះ​ជា​ហេតុ​រុក​រុញ ទុរយោជន៍ ឲ្យ​កើត​សេចក្ដី​ឫស្យា​ក្នុង បោណ្ឌ​កុមារ ណាស់​ឡើង ដោយ​ហេតុ​ដែល​ទទាក់​ទទួល​មនុស្ស​មាន​ជាតិ​ដ៏​ថោក​ទាប ដូច​យ៉ាង កណ៌ ទុក​នេះ​ក៏​ស្មើ​ដូច​ជា​យក​ឲ្យ​មក​បង់​ចុះ​ក្នុង​គំនរ​ភ្លើង ឬ​ថែម​ចំណី​ឲ្យ​ភ្លើង​ក៏​ប្រហែល​គ្នា រមែង​ពោល​អួត​ខ្លួន ហើយ​ញុះញង់​បង​ប្អូន ឬ មិត្ត​សម្លាញ់​របស់​គេ​ឲ្យ​បែក​គ្នា ។

កុមារ​ទាំង ៥ បង​ប្អូន​ជា​អ្នក​កំព្រា​បិតា បាន​សេចក្ដី​ចង្អៀត​ចង្អល់​ក្ដៅ​ក្រហាយ​ជា​រាល់​ថ្ងៃ តែ​ក៏​ទ្រាំ​អត់​សង្កត់​សេចក្ដី​ប្រមាទ និង​សេចក្ដី​មើល​ងាយ​គ្រប់​ប្រការ ទាំង​ក្នុង​ព្រះ​រាជ​ស្ថាន ទាំង​ក្នុង​ទី​ប្រជុំ មាន​កណ្ដាល​ថ្នល់​ជាដើម​មិន​ត​តប​វិញ មើល​ទៅ​មិន​ខុស​អី​នឹង​ឆ្កែ ឬ ឆ្មា ដែល​ជា​សត្វ​តិរច្ឆាន​នោះ​ឡើយ ធ្ឫត​រាស្ត្រ ទ្រង់​ជ្រាប​ការ​ប្រមាទ​ព្យាបាទ មើល​ងាយ​របស់ ទុរយោជន៍ ដោយ​ប្រាជ្ញា​ញាណ ដ៏​ជា​អ្នក​ឆ្លាស​ក្នុង​រដ្ឋ​ប្រសាសនោបាយ ហើយ​ទ្រង់​ក៏​ឲ្យ​បន្លែង​ឋាន​ក្មួយ​ទាំង ៥ ឲ្យ​ទៅ​នៅ​ឯ​វារណាវ័ត ទោះ​បី​ម្លឹងហើយ ទុរយោជន៍ ជា​មនុស្ស​ប្រកប​ដោយ ប្រទុស្ត​ចិត្ត​ជា​ប្រក្រតី ក៏​មិន​បណ្ដាល​ឲ្យ​កុមារ​ទាំង ៥ នៅ​ជា​សុខ​បាន​ឡើយ នៅ​តាម​ទៅ​បៀតបៀន​ទៀត គឺ​ទ្រង់​ឲ្យ​សាង​វាំង ១ ធំ ប្រកប​ដោយ​ក្រមួន​ជ័រ​ស្រល់ ជ័រ​ទឹក និង​វត្ថុ​ដទៃ​ទៀត​ដ៏​ជា​ចំណី​ភ្លើង ហើយ​យក​កំបោរ​បូក​ពី​ក្រៅ​យ៉ាង​ស្និទ្ធ ឲ្យ​មើល​ឃើញ​ដូច​យ៉ាង​ឥដ្ឋ​និង​សិលា ដើម្បី​អញ្ជើញ​កុមារ​ទាំង ៥ ឲ្យ​ទៅ​នៅ ដេល​សាង​ឡើង​ដូច្នេះ ដោយ​ចេតនា​បំណង​នឹង​បំផ្លាញ បោណ្ឌ​កុមារ ដោយ​អគ្រនី តែ​នៅ​មាន​អ្នក​អាណិត​គឺ​វិទូរ (ជា​ឱរស​នៃ​គុរុ) ជា​អ្នក​មាន​សតិ​បញ្ញា​វាងវៃ បាន​ខ្សឹប​ប្រាប់​ដំណឹង​នេះ​ឲ្យ​កុមារ​ទាំង ៥ ដឹង​ខ្លួន​ជា​មុន លុះ​សាង​មន្ទីរ​ស្រេច ទុរយោជន៍ ក៏​អញ្ជើញ​កុមារ​ទាំង ៥ ភាតា ឲ្យ​ទៅ​អាស្រ័យ​នៅ​ក្នុង​វាំង​ថ្មី​នោះ ដោយ​អាង​ហេតុ​ថា ក្នុង​ព្រះ​មហារាជ​វាំង​គ្មាន​ដំណាក់​នឹង​នៅ​ឲ្យ​គ្រប់​គ្នា ។

វេលា​គ្រោះ​អាក្រក់​មក​ដល់ ក្នុង​រាត្រី​កាល ១ នោះ​យប់​ងងឹត​ពពក​ខ្មៅ​មីរដេរដាស បិទ​បាំង​អាកាស​មើល​មិន​យល់​អ្វី អ្នក​ស្រុក​កំពុង​ដេក​លក់​សព្វ​រាល់​ផ្ទះ​សម្បែង​ស្ងាត់​ច្រៀប គ្មាន​មនុស្ស​ដើរ​ទៅ​មក តាម​ថ្នល់​ហ្វូង​ដល់​ម្នាក់​ឡើយ ខណៈ​នោះ​វាំង​ធំ​ដែល​សាង​ឡើង​ថ្មី ក៏​ស្រាប់​តែ​លេច​អណ្ដាត​ភ្លើង​ភ្លឺ​សន្ធោ​ឡើង ឮ សន្ធឹក​ផូងផាំង ៗ មួយ​ស្របក់ វាំង​ថ្មី​នោះ ក៏​ទ្រោម​ទៅ​ជា​ផះ​អស់ បោណ្ឌ​កុមារ ក៏​មិន​ឥត​គំនិត ឬ ធ្វេស​ប្រហែស​ក្នុង​រឿង​នេះ បាន​ទ្រង់​ជ្រាប​រហស្ស​កម្ម​មក​យូរ​ថ្ងៃ​ជា​មុន​ហើយ ទើប​បលាយនាការ​គេច​វះ អំពី​អគ្គីភ័យ​ទៅ​តាម​ផ្លូវ​ក្នុង​ដី ផុត​ភ្នែក ទុរយោជន៍ និង​អ្នក​ដទៃ គ្មាន​អ្នក​ណា​ដឹង​យល់​គ្រា​នោះ ទុរយោជន៍ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​ទម្លាយ​គូ​សត្រូវ​បាន​សម្រេច​ដូច​ប្រាថ្នា ទំនង​ដូច​គ្នា​នឹង​ពាល​រាជា ១ អង្គ​ទៀត ក្នុង​បុរាណ​សម័យ​បាន​ទ្រុង​ខ្លុយ​ឆ្វេក ៗ ក្រសាល​លេង​ជា​ទី​រីករាយ​កោមល​ហឫទ័យ​ក្នុង​ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​ផូងផាំង​នោះ​ឯង ។

កម៌ មុខ​គួរ​ស្ញែង ដែរ ទុរយោជន៍ បាន​ធ្វើ​ទៅ​ដោយ​ប្រទុស្ត​ចិត្ត​គ្រា​នេះ ជា​គ្រឿង​សម្ដែង​បំភ្លឺ​ឲ្យ​បណ្ដា​រាស្ត្រ​ទួទៅ​ដឹង​បាន​យ៉ាង​ច្បាស់​ថា គិត​នឹង​ដុត បោណ្ឌ​កុមារ ច្បង គឺ យុធិស្ឋិរ ដើម្បី​យក​រាជ​សម្បត្តិ​ជា​សិទ្ធិ​ដាច់​ខាត មក​ជា​របស់​ខ្លួន​ទាំង​មូល ទុរយោជន៍ បាន​គិត​បិទ​បាំង​រហស្ស​កម៌ ការ​សម្ងាត់​នេះ​ទុក​យ៉ាង​សំខាន់ តែ​បុរាណ​លោក​តែង​ថា សេចក្ដី​សម្ងាត់​ដែល​ប្រឹង​បិទ​បាំង​ណាស់ រមែង​លេច​ចេញ​បាន សូម្បី​កំបាំង​នៅ​ក្នុង​ដួង​ហឫទ័យ​របស់​បរម​ក្សត្រិយ៍ ព្រោះ​ធម្មតា​អណ្ដាត​មិន​ចេះ​ស្ងៀម រមែង​រលាស់​បញ្ចេញ​សូរ​សព្ទ​ជា​ដំណឹង​ទៅ​ខាង​ក្រៅ​ជា​អាចិន​ដំបូង ក៏​គញរាន់​តែ​ខ្សឹប​ខ្សៀវ​គ្នា លុះ​កន្លង​ទៅ​បន្តិច​មិន​យូរ​ប៉ុន្មាន ក៏​លាន់ ឮ ចេញ​មក​ខ្លាំង ៗ យ៉ាង​ដែល​សន្ទនា​គ្នា​ធម្មតា គ្រប់​ផ្ទះ​សម្បែង គ្រប់​កន្លែង​ថ្នល់​ផ្សារ ឥត​មាន​កោត​ក្រែង​ស្ដេច ឬ ចៅហ្វាយ​នាយ​ណា​ឡើយ ហេតុ​ដែល​កើត​មក​ទាំង​នេះ ជា​រឿង​មុខ​គួរ​ខ្ពើម​រអើម​ណាស់ ហេតុ​នោះ​កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន រហស្ស​កម៌​នោះ ក៏​លេច​ជ្រួតជ្រាប​ទួទៅ សម្លេង​និន្ទា​និង​ផរុសវាទ​ក៏​ធ្លាក់​មក​ត្រូវ ទុរយោជន៍ កល​បីដូច​ជា​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​អំពី​នភាកាស ។

ចំណែក​ឯ​កុមារ​ទាំង ៥ ភាតា ព្រម​ដោយ​ព្រះ​ជននី​ក៏​នាំ​គ្នា​លីលា​ចាក​ព្រះ​នគរ បែរ​មុខ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស យក​ព្រៃ​ព្រឹក្សា​ជា​ទី​ពឹង ក្នុង​រវាង​ដែល​ពនេចរ​ទៅ បាន​ត្រូវ​កំដៅ​ថ្ងៃ​ត្រូវ​ភ្លៀង និង​សេចក្ដី​នឿយ​លំបាក​ស្រេក​ឃ្លាន​សព្វ​ទិវា​រាត្រី មាន​តែ​សេចក្ដី​អំណត់​អត់​ធន់ គឺ​អធុវាសន​ខន្តី​នេះ​ឯង ជា​គ្រឿង​ការពារ​ក្ដៅ​រងារ និង​សេចក្ដី​ស្រេក​ឃ្លាន ជួន​កាល​ម្ដាយ​និង​កូន​អស់​កម្លាំង​ណាស់ ក៏​នាំ​គ្នា​ឈប់​សម្រាក​កាយ​ខាង​មាគ៌ា កាល​ល្ហែ​ហើយ​ក៏​នាំ​គ្នា ត្រេច​ពនេចរ​តទៅ ជួន​កាល​ក៏​ត្រូវ​ឆ្លង​គង្គា នាំ​គ្នា​ព្យាយាម​ហែល​ទៅ​កាន់​ត្រើយ​នាយ ខ្សែ​ទឹក​ផាត់​ផាយ​ផ្កាប់​ផ្ងារ​ទំរាំ​តែ​ដល់​ត្រើយ​ជល​សារ ដែល​ឆ្ងាយ​លន្លឹម​លន្លោច ក៏​អស់​កម្លាំង​ទៀប​ដាច់​ខ្យល់ បាន​រួច​អំពី​គ្រោះ​ថ្នាក់​ទៅ​ម្ដង ៗ ហាក់​ដូច​បាន​កើត​ឡើង​ជា​ថ្មី កាល​រួច​ទៅ​ហើយ​នឹង​រក​ទី​សំណាក់​អាស្រ័យ​ក៏​មិន​បាន តោង​នាំ​គ្នា​ដើរ​កាត់​ភូមិ​ប្រទេស​ដ៏​ដាច់​សង្វែង​នោះ​សង្សឹម ៗ ទៅ ទាល់​តែ​មាតា​ស្ងួត​ក​ស្រេក​ទឹក​ខ្លាំង​ណាស់ ក៏​ប្រះ​ប្រាណ​លើ​ប្រថពី ភីម អាណិត​ម្ដាយ​ក៏​ខំ​ត្រេច​រក​វារី តែ​ក៏​គ្មាន​អ្វី​នឹង​ដួស​ដង ទើប​ដោះ​សំពត់​ឆ្នួត​មក​ជ្រលក់​ទឹក ឲ្យ​ជោក​ហើយ ក៏​ម្នី​ម្នា​យក​មក​ពូត​បន្តក់​សម្រក់​ចូល​ក្នុង​មាត់​មាតា ជួយ​ជីវិត​មាតា​ឲ្យ​រួច​បាន​ទៅ ១ គ្រា តែ​ទឹក​ក្នុង​សំពត់​នោះ​តិច មិន​ល្មម​នឹង​រំលេម​បំពង់​ក​បង​ប្អូន ៤ នាក់​ទៀត​ដែល​នឿយ​លំបាក​មក​ជា​មួយ​គ្នា​ទាំង​ឃ្លាន​អាហារ​ក៏​សែន​ឃ្លាន គ្មាន​ប្រទះ​ផលាផល​ឯ​ណានីមួយ ដែល​គួរ​នឹង​បរិភោគ​ក្នុង​ថ្ងៃ​នោះ ម្ដាយ​និង​កូន​មិន​អាច​និង​ដើរ​ផ្លូវ​ទៅ​បាន ក៏​ឈប់​សម្រាក​កាយ​ក្រោម​ដើម​ព្រៃ​ព្រឹក្សា តែ​កាយ​និង​ចិត្ត ភីម មិន​បាន​សម្រាក​សម្រាន្ត​ឡើយ ដោយ​អំណាច​ឈឺ​ចាប់​ក្ដួល​ក្ដៅ​ក្នុង​ចិត្ត និយាយ​រអ៊ូ​តែ​ម្នាក់​ឯង​ថា អ្នក​ណា​មួយ នឹង​ជៀស​វាង​លិខិត​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​បាន ឱ​កម្ម​អើយ​កម្ម កម្ម​ដែល​បង​ប្អូន​យើង មក​ទ្រាំ​រង​វេទនា​គ្រា​នេះ ចិត្ត​យើង​ក្ដៅ​អី​ក្ដៅ​ម្ល៉េះ ទៅ​ខាង​មុខ​គ្រោះ​កាច នឹង​មាន​មក​ដល់​យើង​ជា​ច្រើន​ទៀត ឬ យុធិស្ឋិរ ជា​អ្នក​គួរ​បាន​រាជ​សម្បត្តិ ក្នុង​ប្រទេស​កុរុ​រដ្ឋ ឥឡូវ​នេះ​មក​ដេក នៅ​កណ្ដាល​ដី កណ្ដាល​ខ្សាច់ នឹង​រក​កម្រាល​ក្រាល​ដេក​ប៉ុន​បាត​ដៃ​ក៏​គ្មាន ចំណែក​ឯ ទុរយោជន៍ អ្នក​ដណ្ដើម​រាជ​សម្បត្តិ គេ​ដេក​អង្គុយ​លើ​កម្រាល ក្រាល​លាត​ស្អាត​ព្រម​ពាស​ពេញ​ដោយ​គ្រឿង​តម្កើង​កិត្តិយស​និង​អានុភាព ព្រះ​រៀម​របស់​យើង ជា​មនុស្ស​ចិត្ត​ទន់ មិន​សូវ​ចេះ​ប្រកាន់​ទោស ក្រោធ​ខឹង​នឹង​អ្នក​ឯ​ណា ចេះ​តែ​ឲ្យ​អភ័យ​ដល់​គេ​ងាយ ៗ កុំ​អី ….. ម្ល៉េះ​គេ​សោយ​សុខ​សម្បត្តិ​ត្រេក​ត្រអាល ចិត្ត​គេ​រីករាយ​ស្ទើរ​នឹង​អណ្ដែត​ទៅ​ជាប់​នឹង​ស្ថាន​សួគ៌ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី២៖ការស្វយម្ពរឫការរើសគូនៃនាងទ្រៅបទី

សុំ​ឲ្យ​នឹក​មើល​ចុះ​ថា ម្ដាយ​និង​កូន​ដែល​ត្រូវ​និរទេស​ចាក​និវេសន៍​រាជស្ថាន​ទៅ​ក្នុង​យប់​នោះ រមែង​ល្ហិតល្ហៃ​យ៉ាង​ម្ដេច តែ​ទោះ​បី​ម្ល៉ឹង ជាតិ​ខន្តិយ​អ្នក​ចម្បាំង​រមែង​មាន​មានះ​ជា​ធម្មតា នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​ដោយ​ប្រមាណ​ស្មាន​ក្នុង​ចិត្ត មិន​ដឹង​ជា​គ្រោះ​កម្ម​វា​និង​នាំ​ទៅ​ដល់​ណា ១ ទៀត​នឹក​បារម្មណ៍​ក្រែង​ពួក​សត្រូវ​ដិត​ដោយ​តាម​មក​យាយី ទើប​ដោះ​គ្រឿង​ទ្រង់​ចេញ​អស់ យក​ផង់​ធូលី​ខ្មៅ​មក​ប្រឡាក់​លាប​កាយ ផ្លាស់​ផ្លែង​តែង​ខ្លួន​ជា​យោគី ដើម្បី​សុំ​ទៅ​បន្តិច​ប៉ុណ្ណោះ ឯ​ព្រះ​ជននី​សោត ក៏​តោង​ប្លម​ព្រះ​អង្គ​ជា​ស្រី​អនាថា។

ខណៈ​ដែល​ដើរ​ផ្លូវ​មក​ក្នុង​ថ្ងៃ ១ នោះ ម្ដាយ​និង​កូន​បាន​ជួប​នឹង​ព្រាហ្មណ៍ ១ ពួក គេ​ប្រាប់​ថា គេ​នឹង​ទៅ​ក្នុង​ការ ស្វយម្ពរធិតា ព្រះ​ចៅ បញ្ចា​រាជ ភារស្វយម្ពរ គ្រា​នេះ ជា​ការ​ធំ​អឹកធឹក ភ្នែក​មនុស្ស​នានា នឹង​ប្រទះ​ឃើញ​បាន ក៏​តែ​មួយ​ដង មួយ​គ្រា ប៉ុណ្ណោះ បាណ្ឌព​កុមារ បាន​ឮ​ដូច្នោះ ក៏​រៀបចំ​ខ្លួន​នឹង​ដើរ​ផ្លូវ​ទៅ​កាន់​ដែន​បញ្ចាល ដើម្បី​នឹង​ជៀស​ចាក​ភយន្តរាយ ជាង​ដែល​មាន​ចំណង់​នឹង​ទៅ​មើល​ការ​ស្វយម្ពរ ។

មក​ដល់​បញ្ចាល​រាជ​ធានី ជា​ប្រទេស​បដិបក្ស​គ្នា​មក​អំពី​ដើម ត ត ទ្រង់​ទើប​ធ្វើ​សង្គ្រាម​នឹង​គ្នា​មក​មិន​យូរ​ប៉ុន្មាន​ដោយ​បញ្ជា​ការ​នៃ ទោណ​អាចារ្យ តែ ទោណ​អាចារ្យ ឲ្យ​លើក​ទោស​ព្រះ​ចៅ បញ្ចល​រាជ ដ៏​ជា​មច្ចា​មិត្ត​ទុក​ជីវិត​ឲ្យ​ម្ដង ទាំង​បាន​ប្រគល់​ដែនដី​ដែល​មាន​ជ័យជំនះ​ឲ្យ​ត្រឡប់​ទៅ​វិញ តាំង​អំពី​នោះ ព្រះ​ចៅ ទ្រុបទ ព្រះ​ចៅ​ផែនដី​បញ្ចាល​រដ្ឋ​ឃើញ​សេចក្ដី​ក្លាហាន​ក្នុង​ពិជ័យ​សង្គ្រាម​នៃ បាណ្ឌព​កុមារ ទាំង ៥ អង្គ ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ មាន​ចំណង់​នឹង​ចង់​លើក​រាជ​ធីតា​ឲ្យ​ជា​បាទ​បរិចារិកា នៃ បាណ្ឌព​កុមារ គឺ​នឹង​ទ្រង់​លើក​ឲ្យ អរជុន តែ​រឿង​នេះ​ទ្រង់​នឹក​តែ​ក្នុង​ព្រះ​រាជ​ហឫទ័យ មិន​បាន​ចេញ​ព្រះ​វាចា ឬ​ប្រាប់​ព្រះ​រាជ​តម្រិះ​នេះ​ដល់​អ្នក​ឯ​ណា ព្រោះ​សិទ្ធិ​នៃ​ការ​រើស​គូ មិនមែន​នៅ​ក្នុង​អំណាច​ព្រះ​អង្គ​ជា​បិតា គឺ​ស្រេច​ហើត​តែ​នាង​ទ្រៅ​បទី​ដែល​ដ៏​ជា​ធីតា​ស្មោះ​ស្ម័គ្រ ឬ មិន​ស្មោះ​ស្ម័គ្រ តែ​ដើម្បី​នឹង​បដិបត្តិការ​ឲ្យ​សម​ព្រះ​រាជ​ហឫទ័យ​ក្នុង​រឿង​នេះ ទើប​ទ្រង់​ឲ្យ​ចាត់​ការ ១ យ៉ាង ដែល​ទ្រង់​ជឿ​មាំ​ក្នុង​ព្រះ​ហឫទ័យ​ថា នឹង​ធ្វើ​បាន​ក៏​តែ​អរជុន​មួយ​នាក់​ប៉ុណ្ណោះ គឺ​ទ្រង់​ឲ្យ​ធ្វើ​មហា​ធនូ ១ ធំ និង​រូប​ត្រី​មាស ១ ឲ្យ​យក​ទៅ​ព្យួរ​លើ​សសរ​ខ្ពស់ មាន​ចក្រ​វិល​ឆាល់​អំពី​ក្រោម ក្នុង​រឿង​នេះ​មាន​ខ​សន្យា​ថា អ្នក​ដែល​ជា​គូ​ព្រេង​របស់​ព្រះ​រាជ​ធីតា តោង​អាច​យិត​មហា​ធនូ​នោះ បាន​ដោយ​កម្លាំង​ដាក់​ព្រួញ​ផ្គង​បាញ់​ចាញ​ទៅ ឲ្យ​ព្រួញ​រត់​ទៅ​តាម​ចន្លោះ​ស្លាប​ចក្រ កុំ​ឲ្យ​ប៉ះ​ពាល់​ស្លាប​ចក្រ រហូត​ទៅ​ត្រូវ​ភ្នែក​ត្រី​មាស ដែល​ព្យួរ​ខាង​លើ ឲ្យ​ត្រី​នោះ​ធ្លាក់​ចុះ​ដល់​ដី អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ប្រឡង ដណ្ដើម​យក​នាង​រាល់ ៗ គ្នា បាញ់​តែ​ប្រាំ​ព្រួញ​ប៉ុណ្ណោះ ព្រោះ​ហេតុ​នោះ​បណ្ដាល​អ្នក​បាញ់​ទាំង​ប៉ុន្មាន ទ្រង់​ជឿ​ថា មាន​តែ​អរជុន​ប៉ុណ្ណោះ អាច​បាញ់​ត្រូវ​វង់​សម្គាល់​បាន ។

សម្រាប់​ក្នុង​ការ ស្វយម្ពរ​នេះ​ព្រះ​ចៅ បញ្ចាល​រាជ មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ចូល​ចាំង​ជម្រះ​ទី​កន្លែង​ដ៏​ធំ​ហើយ​ឲ្យ​សង់​ព្រះ​ពន្លា​ដាស​សំពត់​ស​មាន​កំពូល​យ៉ាង​មណ្ឌប​បិទ​មាស ប្រដាប់​មណី​ផ្សេង ៗ ច្រាល​រន្ទាល​មាន​ការ​លៀង​ភោជនាហារ និង​ល្បែង​លេង​នានា​ក្នុង​ព្រះ​រាជ​វាំង ក្នុង​វេលា​មុន​ប្រឡង​ធនូ​សិល្ប​ប្រមាណ​ជាង​ពីរ​សប្ដាហ៍ (ជាង​ពីរ​អាទិត្យ) លុះ​ដល់​ថ្ងៃ​ប្រឡង​ក្សត្រិយ៍​ទាំងឡាយ ដែល​ប្រាថ្នា​ព្រះ​រាជ​ធីតា​ជា​បំណាច់​ថ្វី​ដៃ ក៏​នាំ​គ្នា​មក​សន្និបាត​អង្គុយ​ចាំ​ត្រៀបត្រា​តាម​ទី​កន្លែង​របស់​ខ្លួន ក្នុង​រោង​ទង​មុខ​ព្រះ​ពន្លា​ហ្លួង​អង្គុយ​ដំ​កង់​ជា​វង់ ដូចជា​រូប​ព្រះ​ច័ន្ទ​ពាក់​កណ្ដាល​ដួង​បែរ​មុខ​ទៅ​ព្រះ​ពន្លា ។

លុះ​ក្សត្រិយ៍​ទាំងឡាយ​អង្គុយ​រៀបរយ​ស្រួល​ហើយ នាង ទ្រៅ​បទី ក៏​ស្ដេច​យាត្រា​ចូល​មក​ថ្កាន​ទី​ប្រជុំ ព្រះ​ហស្ថ​ដ៏​ទន់​ភ្លន់ ដូច​ប្រមោយ​ព្ធរាវណ៌ ក៏​កាន់​ភួង​មាល័យ​មួយ​មក​ផង ភួង​មាល័យ​នេះ​ប្រៀប​ដូច​ព្រះ​វលញ្ចករ (ត្រា) ដែល​នាង​នឹង​គប្បី​ប្រថាប់​ក្នុង​ការ​រើស​គូ​ស្ងួន​របស់​នាង​ឲ្យ​ដាច់​ខាត​ទៅ ។

បណ្ដា​ក្សត្រិយ៍​ដែល​ប្រជុំ​ក្នុង​ការ​ស្វយម្ពរ​គ្រា​នោះ មាន ទុរយោធន៍ កណ៌ បាណ្ឌព​កុមារ បង​ប្អូន ៥ អង្គ ក្រិស្ណ ពលរាម ជា​អនុជ ក្រិស្ណ ក្សត្រិយ៍​យាទព​ច្រើន​អង្គ ព្រះ​រាជា សិន្ទូ ព្រម​ទាំង​ឱរស (មិន​ប្រាកដ​ថា​ប៉ុន្មាន​អង្គ) ព្រះ​រាជា​ចេតិ ព្រះ​រាជា​កោសល ព្រះ​រាជា​ម័ទ្រ នៅ​មាន​ក្សត្រិយ៍​ក្រៅ អំពី​ដែល​ចេញ​ព្រះ​នាម​មក​ហើយ​ជា​ច្រើន​អង្គ តែ បាណ្ឌព​កុមារ ទាំង ៥ មិន​បាន​ចូល​ទៅ​អង្គុយ​ក្នុង​ចំណោម ក្សត្រិយ៍​អម្បាល​ណោះ​ទេ ទៅ​អង្គុយ​ក្នុង​ចំណោម​ពួក​ព្រាហ្មណ៍​មួយ​ពួក​ផ្សេង ព្រោះ​ទ្រង់​ប្លម​ជា​ព្រាហ្មណ៍​មក​ក្នុង​វេលា​នោះ ភ្នែក​មនុស្ស​ទាំងអស់​ក្នុង​វេលា​នោះ​សម្លឹង​មើល​តែ​ឆោម​លំអ​នៃ​នាង ទ្រៅ​បទី ទី​សន្និបាត​នោះ សូម្បី​មាន​មនុស្ស​ច្រើន​ច្រៀតបៀត​ញៀតញាត់​គ្នា​ទាំង​ម្ល៉ឹង​ក៏​ស្ងាត់​សម្លេង​ឈឹង​ភ្លាម ក្នុង​ខណៈ​ដែល​ធូស្តទយុម័ន ជា​អនុជ​របស់​នាង ទ្រៅ​បទី សូត្រ​ប្រកាស​តាម​ប្រវេណី​ដូច្នេះ ។

ព្រះ​អង្គ​ម្ចាស់​ក្សត្រី ទ្រៅ​បទី ទ្រង់​នៅ​ឆោម​ឆើតឆាយ មក​ឈរ​នៅ​ទី​នេះ ៗ អ្នក​ណា​អាច​យិត​ធនូ​នេះ​បាន​ហើយ បាញ់​រហូត​កង​ចក្រ​ដែល​កំពុង​វិល​ទៅ​ប្រហារ​ភ្នែក​ត្រី​ខាង​លើ​ឯ​ណោះ បើ​អ្នក​នោះ​ឯង​ជា​ផៅ​អ្នក​នេះ​សោត​និង​បាន​នាង​ចា​បាទ​បរិចារិកា ។

សូត្រ​ប្រកាស​ស្រេច​ហើយ ក៏​ទ្រង់​សូត្រ​បញ្ជី​រាយ​នាម​វង្ស និង​ប្រវត្តិ​ដោយ​សង្ខេប ពណ៌នា​គុណ​សម្បត្តិ​នៃ​ក្សត្រិយ៍​អំបាល​នោះ​ឲ្យ​នាង​ស្ដាប់​ហើយ​ឲ្យ​នាង​យក​ភួង​មាល័យ​ទៅ​បំពាក់​អ្នក​នោះ​ដែល​បាញ​ត្រូវ​វង់​តាម​ដែល​ប្រកាស​មក​ហើយ ។

លំដាប់​នោះ ក៏​ចាប់​ផ្ដើម​ប្រឡង​ធនូ​សិល្ប​រើស​ស្នាដៃ​ពូកែ ក្សត្រិយ៍​អំបាល​នោះ ខ្លះ​ក៏​នឹក​រា​ក្នុង​ព្រះ​ហឫទ័យ ដែល​មើល​ទៅ​ឃើញ​មហា​ធនូ​ដ៏​សម្បើម​និង​វង់​ដែល​ចាំ​តែ​គេច​ព្រួញ​ធនូ គិត​ថា​ម្ដេច​ក៏​បាញ់​មិន​ត្រូវ ឲ្យ​គ្រាន់​តែ​យិត​ធនូ​បាន​ក៏​រាប់​ថា​វិសេស​ណាស់​ទៅ​ហើយ ក្សត្រិយ៍​ទាំងឡាយ​ចូល​ទៅ​ប្រឡង​ម្ដង ១ អង្គ ៗ រួច​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម​វិញ ដោយ​មិន​វិសេស​ប្លែក​អ្វី ធ្វើ​ឲ្យ​តែ​អ្នក​អង្គុយ​ចាំ​មើល លប​អស់​សំណើច​លេង​តែ​សាមី​ខ្លួន មាន​តែ​សេចក្ដី​ទោមនស្ស តូច​ចិត្ត​ពន់​ប្រមាណ ដែល​ខុស​គំនិត​គិត​ទុក​មក​នោះ​បែរ​ជា​មិន​សម​ប្រាថ្នា ព្រះ​ភក្ត្រ​មិន​ស្រួល​តែ​រាល់​អង្គ​ពួក​អ្នក​ច្បាំង​ដែល​ល្បី​ឈ្មោះ​ទាំង​ប៉ុន្មាន កាល​ដើរ​ទៅ​ជិត​មហា​ធនូ ក៏​ឲ្យ​រន្ធត់​មុខ​ស្លេក​ស្លាំង មិន​អាច​នឹង​លើក​មហា​ធនូ​នោះ​រួច​ឡើយ ខ្លះ​ដើរ​ចូល​ទៅ​ខែង​រែង​ជាង​គេ ដោយ​អំណាច​មានះ​ខំ​ធ្វើ​ឫក​ឡើង តែ​ក៏​គង់​ត្រឡប់​មក​អង្គុយ​ដដែល​វិញ មិន​ប្លែក​ទៅ​ជាង​អ្នក​មុន ៗ ទាំង​ពួង អ្នក​ដែល​ធ្វើ​ការ​មិន​សម្រេច​អម្បាល​នោះ ខ្លះ​ក៏​ក្លែង​ធ្វើ​ទឹក​មុខ​ឲ្យ​រីករាយ តែ​សេចក្ដី​អៀន​ខ្មាស​ក្នុង​ចិត្ត ខ្លះ​ក៏​ធ្វើ​ជា​ញញឹម​បែប​ស្ងួត ៗ ។

លំដាប់​នោះ កណ៌ ជា​មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ចំណាប់ ដើរ​ចូល​ទៅ​កាន់​មហា​ធនូ ចាប់​យិត​តម្លោះ​ធនូ​មក​បាន​ភ្លាម ព្រះ​ចៅ ទ្រុបទ និង​ឱរស ក៏​ស្ញើប​ក្នុង​ព្រះ​ហឫទ័យ ក្រែង កណ៌ ជា​មនុស្ស​ដែរ​ព្រះ​អង្គ​មិន​ស្គាល់​ជាតិ​កំណើត​ជា​ដូចម្ដេច ធ្វើ​ការ​សម្រេច តែ​មុន​នឹង​បាញ់​ចេញ​ទៅ​នាង ទ្រៅ​បទី បាន​ស្រែក​ប្រកាស​សេចក្ដី​បំណង​របស់​នាង​ថា នាង​មិន​សព្វ​ព្រទ័យ​នឹង កណ៌ ដ៏​ជា​បុត្រ​នាយ​សារថី កណ៌ ចេញ​ស្លក់​ទឹក​មុខ មាន​ក្រសែ​ឈាម​ទោស​ឡើង​ព្រល ៗ ទម្លាក់​ធនូ​ចុះ​ហើយ​ក៏​ត្រឡប់​មក​អង្គុយ​តាម​ដើម ។

នៅ​មាន​អ្នក​ចូល​ទៅ​ប្រឡង​ក្រោយ កណ៌ ទៀត​ជា​ច្រើន​បាន​ប្រឹងប្រែង​ក្លែង​ធ្វើ​មានះ​ខែង​រែង តែ​ក៏​មិន​សម្រេច​ដូច​ប្រាថ្នា ខ្លះ​ខិតខំ​ហួស​កម្លាំង ភ្លាត់​ចំណាប់​ដួល​ដេក​ច្រខែង​លើ​ផែន​ពសុធា បណ្ដា​អ្នក​អង្គុយ​មើល​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​សើច​លាន់ ដោយ​ឃើញ​ថា​ជា​រឿង​គួរ​អស់​សំណើច​ពួក បាណ្ឌព​កុមារ ដែល​អង្គុយ​នៅ​ក្នុង​កំឡុង​ពួក​ព្រាហ្មណ៍ ឃ្លាត​អំពី​ពួក​ក្សត្រិយ៍​ទៅ​បន្តិច អង្គុយ​មើល​ការ​គេ​ព្រងើយ ហាក់បី​ដូច​ជា​គ្មាន​កិច្ចការ​អ្វី​ជា​មួយ​នឹង​គេ​ក្នុង​ថ្ងៃ​នោះ​ទេ ខណៈ​នោះ មាណព​ឆោម​ស្រស់​ប្រិមប្រិយ​មួយ​នាក់ ក្រោក​ដើរ​ចេញ​មក​អំពី​ពួក​ព្រាហ្មណ៍​អម្បាល​នោះ បណ្ដា​អ្នក​ប្រជុំ​នៅ​ទី​នោះ ក៏​នាំ​គ្នា​សើច​ឃឹក ៗ ទួទៅ​ទាំង​ព្រះ​លាន ព្រោះ​មក​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា ព្រះ1 អ្នក​រៀន​តែ​ធម្ម​ធម្មោ ម្ដេច​ក៏​ក្លា​មក​ប្រកួត​អួត​ថ្វី​ដៃ​នឹង​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​ដែរ ។

អាស្រ័យ​ហេតុ​នោះ​ព្រាហ្មណ៍​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ ទើប​និយាយ​ឃាត់​ព្រាហ្មណ៍​កម្លោះ​អ្នក​រួម​ភេទ​ជា​មួយ​គ្នា​នោះ​ថា កុំ​ទៅ​ប្រឡង​នឹង​គេ​អី អ្នក​ខ្លះ​និយាយ​ថា ជាតិ​ព្រាហ្មណ៍​រមែង​មាន​ថ្វី​ដៃ​គ្រប់​យ៉ាង ទាំង​ការ​គិត​អាន ទាំង​ការ​ប្រើ​អាវុធ​ផ្សេង ៗ មិនមែន​ចេះ​តែ​រឿង​សីល​ពរ​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ គ្រាន់​តែ​សម្លឹង​មើល​ព្រាហ្មណ៍​កម្លោះ​នោះ ដោយ​សេចក្ដី​អស្ចារ្យ​ឥត​មាន​ស្រដី​ថា​អ្វី ព្រាហ្មណ៍​កម្លោះ​ដោយ​គ្រឿង​យោគី ដ៏​ធ្វើ​ដោយ​ស្បែក​ម្រឹគ​ចេញ​គរ​ទុក​ក្នុង​ទី​ម្ខាង ហើយ​ដើរ​ចូល​ទៅ​កណ្ដាល​ស្នាម​យ៉ាង​រាជសីហ មើល​ទៅ​ទ្រូង និង​ស្មា​សាយ​ចង្កេះ​មូល​យ៉ាង​វាសុទេវិន ដើរ​ប្រទក្សិណ​ព្រម​ទាំង​ភាវនា​តែ​ក្នុង​ចិត្ត ចំណែក​ឯ​ភ្នែក​មនុស្ស​ជា​ច្រើន​ពាន់ ក៏​សម្លឹង​ចំពោះ​សំភី​មើល​តែ​ឆោម​ព្រាហ្មណ៍​កម្លោះ ៗ នោះ ក៏​កែ​ក្រាយ​ចាប់​លើក​មហា​ធនូ​ឡើង យិត​តម្លោះ​ក្រឹត មក​ដោយ​កម្លាំង​ដ៏​មហិមា បណ្ដា​អ្នក​អង្គុយ​មើល​ជុំ​វិញ​ស្នាម ក៏​ទះ​ដៃ​លាន់ នាំ​គ្នា​និយាយ​សរសើរ​ផ្សេង ៗ ត្រឹម​តែ​យិត​ធនូ​ទន់​មក​បាន​ប៉ុណ្ណេះ នៅ​មិន​ទាន់​អស់​រឿង នៅ​មាន​ការ​ដែល​សំខាន់​ជាង​នេះ​ដែល​គេ​ត្រូវ​ធ្វើ គឺ​បាញ់​ត្រូវ​វង់ អ្នក​មើល​ទាំងអស់​ឈប់​មើល​ឆោម​ព្រាហ្មណ៍ នាំ​គ្នា​សម្លឹង​ឆ្ពោះ​តែ​ទៅ​ត្រង់​វង់ មិន​បាន​ដាក់​ភ្នែក ព្រោះ​ជា​វេលា​ដ៏​សំខាន់ យក​ឈ្នះ​យក​ចាញ់​គ្នា​ក្នុង​វេលា​ប្រមាណ​មួយ​មីនុត​ទៀត​ប៉ុណ្ណឹង2 ។

គ្រា​នោះ​ព្រាហ្មណ៍​ក៏​ទម្លាក់​ក្រាញ់​កែ​ក្រាយ​រំពើន ហើយ​ស្រងេវ​នេត្រ​តម្រង់ លែង​តម្លោះ​ធនូ​ខ្វាប់​ចេញ​ទៅ​ប្រហារ​ភ្នែក​ត្រី​មាស​ធ្លាក់​ចុះ​ដល់​ធរណី ខាង​អ្នក​មើល​ក៏​ទះ​ដៃ​ប្រែស​ ៗ លាន់​ទាំង​ស្នាម​ធំ អ្នក​ដែល​មាន​ជ័យ​នោះ​ជា​អ្នក​ណា​ក៏​តាម គេ​មិន​ត្រូវ​ការ​នឹង​គិត​យក​មក​ជា​អារម្មណ៍ គេ​ត្រូវការ​តែ​សប្បាយ​ជា​ការ​ធំ និង​ត្រូវ​ការ​ឲ្យ​ដឹង​ផល​ជា​បំផុត​នៃ​ការ​នោះ ដែល​កំពុង​តែ​ឃ្លាន​ដឹង​រាល់​គ្នា គឺ​បាញ់​ត្រូវ ឬ​មិន​ត្រូវ​ប៉ុណ្ណោះ ។

តែ​កាល​ណា​ពួក​ក្សត្រិយ៍ អ្នក​ទ្រង់​មាលា​សៀត​រោម​សត្វ ឬ ទ្រង់​ឆ្នួត ដើរ​ត្រង់​ទៅ​កាន់​ទី​ធនូ​សិល្ប​ម្ដង ៗ ទ្រូង​នាង ទ្រៅ​បទី ក៏​ជួល​ច្រាល​ឡើង​មក​កាល​នោះ ត្រី​មាស​ដែល​ព្យួរ​តែងតោង​លើ​កង​ចក្រ ជា​គ្រឿង​សម្គាល់​យថាកម្ម​របស់​នាង ឥឡូវ​នេះ នាង​ក៏​កាន់​តែ​រីករាយ​ក្នុង​ហឫទ័យ​ខ្លះ​ហើយ ចិត្ត​របស់​នាង​នៅ​ចាប់​ប្រតិព័ទ្ធ​នឹង​ប្រុស​កម្លោះ ដែល​មាន​ស្បែក​ខ្លា ជា​គ្រឿង​ដណ្ដប់​កាយ​នោះ តាំង​តែ​គេ​ឈាន​ជើង​ទៅ​កណ្ដាល​ស្នាម នាង​ក៏​នឹក​ស្នេហា​ជាង​ក្សត្រិយ៍​ទាំងឡាយ ដែល​ទ្រង់​ប្រែ​ពណ៌​ស្វាយ ទោះបី​នាង​មិន​បាន​គិត​ទុក​ពី​ដើម​ថា ប្រុស​កម្លោះ​នោះ​នឹង​ចូល​មក​ធ្វើ​ការ​ប្រកួត​ថ្វី​ដៃ​នឹង​គេ​ក៏​ពិត តែ​ខណៈ​ដែល​គេ​ឈរ​កណ្ដាល​ស្នាម​នឹង​ធ្វើ​ការ​ប្រឡង ចិត្ត​របស់​នាង​រំជួល ដោយ​ចង់​ឲ្យ​គេ​បាន​ទទួល​សេចក្ដី​អំណរ​វេលា​នេះ ក៏​សម​ដូច​មនោ​រថ​របស់​នាង​ហើយ នាង​ញញឹម​ដោយ​អារម្មណ៍​ដ៏​រីករាយ ទើប​យាង​យាត្រា​ទៅ​រក​អ្នក​ដ៏​មាន​ជ័យ​ដោយ​រួសរាន់ យក​ភួង​មាល័យ​ទៅ​បំពាក់​ក ឲ្យ​ប្រុស​កម្លោះ ជា​គ្រឿង​ប្រកាស​សិទ្ធិ​ជា​ដាច់​ខាត​ថា ប្រុស​កម្លោះ​នេះ​ជា​គូ​ភិរម្យ​របស់​នាង បីដូច​ជា​ប្រថាប់​ដោយ​ព្រះ​វលញ្ចករ ។

ការ​ដែល​មើល​ទៅ​ឃើញ ទ្រៅ​បទី យក​ភួង​ផ្កា​ទៅ​បំពាក់​ឲ្យ​អ្នក​មាន​ជ័យ​នោះ បណ្ដា​អ្នក​រួម​ការ​ប្រឡង​ជា​មួយ​គ្នា តែ​មិន​សម្រេច​សម​ប្រាថ្នា នាំ​គ្នា​មក​អង្គុយ​ជូត​ញើស​នោះ ក៏​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ឫស្យា និង​សេចក្ដី​ឈឺ​ចិត្ត រោល​រាល​ក្នុង​ចិត្ត​មហិមា នឹង​ទប់ទល់​អាត្មា​ពុំ​បាន ក៏​ប្រឹក្សា​គ្នា​ហើយ​យល់​ឃើញ​ព្រម​គ្នា​ថា ត្រូវ​តែ​សម្លាប់​អ្នក​ដែល​មាន​ជ័យ ដែល​មិន​ប្រាកដ​នាម​នេះ​មួយ​រំពេច​ជា​ដាច់​ខាត នឹង​ទុក​វា​ឲ្យ​រស់​នៅ​និង​កើត​សេចក្ដី​អប្ប​យស​ដល់​គេ​ឯង​រាល់​គ្នា​ទួទៅ ត្បិត​វា​ជា​យាចក​ដើរ​តែ​សូម​ទាន​គេ​តាម​ថ្នល់ ហើយ​មក​បាន​ធីតា​ក្សត្រិយ៍ ជា​បាទ​បរិចារិកា​ដូច្នេះ ធ្វើ​ឲ្យ​អាម៉ាស់​មុខ ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស ព្រោះ​វា​មក​មើល​ងាយ​រាជ​ត្រកូល កំពូល​ឥសូរ​របស់​យើង ត្រូវឃុំ​ខ្លួន​នាង ទ្រៅបទី ទុក​ព្រោះ​ជា​ស្រី​អត់​ខ្មាស ដាក់​ខ្លួន​បន្ទាប​ត្រកូល​សុខ​ចិត្ត​យក​ព្រាហ្មណ៍​អនាថា​ជា​ភស្ដា​មើល​ងាយ​បារមី​ព្រះ​បិតា និង​ព្រះ​រាជា​ទាំងឡាយ ដ៏​ជា​រាជ​សម្ពន្ធ​មិត្រ​សឹង​ទ្រង់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ យើង​រាល់​គ្នា​នឹង​មើល​ចំណាំ​តទៅ​ទៀត​ពុំ​បាន​ឡើយ។

ភ្លាម​ស្រែក​គំរាម​លាន់​ដោយ​ក្រោធ​ក្ដាត់ ពួក​ក្សត្រិយ៍​អ្នក​ធនូ​សិល្ប​ទាំង​ប៉ុន្មាន ក៏​លោក​ចេញ​អំពី​កន្លែង រាំ​ក្របី​ចិញ្ចែង​ចូល​ទៅ​រក​ព្រាហ្មណ៍​កម្លោះ ដែល​បាន​នាង​ជា​បំណាច់ កើត​តស៊ូ​គ្នា​ឡើង​ជា​កោលាហល គ្មាន​អ្នក​ណា​អាច​នឹង​រម្ងាប់​បាន ការ​យម្ពរ​ក្លាយ​ទៅ​ជា​ការ​កាប់​សម្លាប់​គ្នា​កណ្ដាល​ស្នាម​ធំ ក្សត្រិយ៍​ទាំងឡាយ​ដែល​មក​ដើម្បី​បាន​នាង ត្រឡប់​ជា​មក​ដេក​រនៀល​លើ​ផែន​ពសុធា​នាំ​គ្នា​ចូល​មក​ក្នុង​អន្ទាក់​មច្ចុរាជ​ដោយ​អង្គឺ​ហេតុ​ដ៏​គួរ​សម កណ៌ ជា​អ្នក​ល្បី​នាម​បាន​ចូល​ប្រឡង​យុទ្ធ​និង​ពួក​ព្រាហ្មណ៍​អ្នក​មាន​ជ័យ ត​ទល់​គ្នា​ល្មួត​អស់​វេលា​ជា​យូរ មួយ​ចាក់ មួយ​កាប់ មួយ​កាប់ មួយ​កាត់ មួយ​កែង មួយ​គេច កែ​ក្រាយ​រា​រង មួយ​រុក​មួយ​រុញ​សង្ខុញ​ចូល​ជិត សង្ឃ​ករិរោម​ត​រេរា​រាំ​ខ្ញង់​កល​បីដូច​ខ្យល់​កំបុត​ត្បូង ប្រហារ​ត្រូវ​ដៃ​ជើង​ព្រាហ្មណ៍​ដោយ​ព្រួញ​ធនូ​ជា​ច្រើន​អន្លើ រាប់​ថា​បាញ់​ត្រង់​គ្រាន់​បើ ។

ទ្រៅបទី វេលា​នោះ​ជា​ទុក្ខ​តឹង​ទ្រូង​ណាស់​ណា នឹក​ប្រទេច​ផ្ដាសា​មរត៌ក​នៃ​សេចក្ដី​លំអ​ឆោម​របស់​នាង​តែ​ក្នុង​ចិត្ត ដែល​ជា​ហេតុ​ឲ្យ​កើត​កាប់​សម្លាប់​គ្នា លោហិត​ច្រាល​ពាស​ស្នាម តែ​ត​មក​បន្តិច នាង​ក៏​រម្ងាប់​ទុក្ខ​នោះ​បាន ដោយ​ឃើញ​ថា​ខ្លួន​នាង​គ្មាន​មន្ទិល​សៅហ្មង ប្រការ ១ ទៀត ជីវិត​របស់​ប្រុស​ដែល​ជា​គូ​របស់​នាង​សោត ក៏​ប្រាស​ចាក​អន្តរាយ ត្បិត​វេលា​នេះ កណ៌ ឈប់​តស៊ូ​ហើយ ដោយ​ឃើញ​ថា​បើ​ពួក​គេ​ខំ​តស៊ូ​ទៅ ក៏​គង់​ស្លាប់​ក្នុង​កណ្ដាល​ដៃ​ព្រាហ្មណ៍​កម្លោះ​នេះ​ជា​មិន​ខាន គិត​ដូច្នោះ​ហើយ​គេ​ក៏​ស្រែក​សួរ​ព្រាហ្មណ៍​នោះ​ជា​ផ្លូវ​ញ៉ម​ខ្លាច​ថ្វី​ដៃ​ថា ម្នាល​លោក​ លោក​ជា​ត្រកូល​ព្រាហ្មណ៍​មែន ឬ តែ​ភាព​និង​មានះ​របស់​លោក​សម្ដែង​ឲ្យ​ឃើញ​ថា មិន​មែន​ជា​ត្រកូល​ព្រាហ្មណ៍​ឯ​ណា​មាន​ថ្វី​ដៃ អាច​នឹង​មក​ត​ដៃ​និង​ក្សត្រិយ៍​បាន វៀរ​លែង​តែ​បរសុរាម (រាមា​សូរ) ដែល​ប្រាកដ​​តាម​បរម្បរា​គតិ​ថា បាន​ប្រហារ​ក្សត្រិយ៍​ទួទៅ ទាំង​លោក ឯ​យាចក​អានាថា ធ្លាប់​តែ​ដើរ​សូម​ទាន​គេ​រាល់​ផ្ទះ​រាល់​រៀន​ផ្សារ និង ថា​ជា​អ្នក​ស្ទាត់​ចម្បាំង​មិន​បាន​ពិត​ដូច្នេះ បណ្ដា​អ្នក​ចម្បាំង​ដូច​គ្នា គ្មាន​អ្នក​ណា​មាន​ថ្វី​ដៃ​ច្បាំង​ល្អ​ដូច អរជុន ក្នុង​ពពួក​មនុស្ស​ដែល​គ្រង​ជីវិត​របស់​នៅ​សព្វ​ថ្ងៃ​នេះ និង​ត​ដៃ​នឹង​យើង​បាន ក៏​តែ​មួយ អរជុន ប៉ុណ្ណោះ ក្រៅ​អំពី​នោះ​គ្មាន ។

ព្រាហ្មណ៍​កម្លោះ​ញញឹម​តប ហើយ​ដើរ​ចូល​ទៅ​កាន់​ទី​កន្លែង​ដើម ទ្រៅបទី ក៏​លី​លា​តាម​គូ​ស្ងួន​របស់​នាង​ទៅ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៣៖អវាហមង្គលនៃនាងទ្រៅបទី

ស្រី​អនាថា អាស្រ័យ​នៅ​ក្នុង​រោង​នាយ​ស្មូន​ឆ្នាំង ចាំ​មើល​ផ្លូវ​កូន​ទាំង ៥ ដែល​នាំ​គ្នា​ទៅ​មើល​ការ​ស្វយម្ពរ​នាង ទ្រៅបទី បុត្រ​ទៅ​បាត់​យូរ​ពេក​ខុស​ពេល​វេលា នាង​ក៏​ព្រួយ​ក្នុង​ចិន្ដា ក្រែង​ថា​កើត​ហេតុ​ភេទ​ភ័យ​ឡើង​ក្នុង​ស្រុក​គេ ខណៈ​នោះ នាង​ឮ​សូរ​សន្ធឹក​ជើង​ដើរ​ចូល​មក​ដល់ ដឹក​ទាំង​ដៃ​នាង​ក្រមុំ​មួយ​មក​ផង សឹង​តែ​កាយ​ដោយ​គ្រឿង​ប្រដាប់​ដ៏​វិចិត្រ សុទ្ធ​តែ​ពេជ្រ-និល​ចិន្ដា​ព្រោង​ព្រាយ ខណៈ​ដែល​បែរ​ទៅ​ឃើញ​នាង​ធីតា​ទ្រង់​នូវ​ឆោម​ឆើត​ឆាយ សេចក្ដី​បីតិ​ត្រេកអរ​ក៏​ផ្សាយ​សព្វ​សារព៌ាង្គ​រាង​កាយ គ្រាន់​តែ​ក្រឡេក​ទៅ​ឃើញ នាង​ក៏​នឹក​រឿង​រហូត មាតា​និង​បុត្រ​ក៏​សន្ទនា​ប្រាស្រ័យ​គ្នា​តាម​ទំនៀម ព្រះ​រាជ​កុមារ​ទាំង ៥ ក៏​ទូល​រៀបរាប់​រឿង​សិទ្ធិ​ជោគ​ដែល​ខ្លួន​ធ្វើ​ការ​មាន​ថ្វី​ដៃ ឲ្យ​នាង ជននី ស្ដាប់ តាំង​ពី​ដើម​ដល់​ចុង ។

ឥឡូវ​នេះ នឹង​សម្ដែង​អំពី​ហេតុ​ការណ៍ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ក្រុង​បញ្ចាល ព្រះ​រាជ ទ្រុបទ ប្រថាប់​ក្នុង​បន្ទប់​ក្រឡា​ព្រះ​បន្ទំ​តែ​មួយ​ព្រះ​អង្គ ក្រៅ​អំពី​នោះ​ក៏​មាន​អ្នក​ថ្វាយ​ង៉ាន​ផ្លិត (អ្នក​បក់​ថ្វាយ) ទ្រង់​ជញ្ជឹង​ជ្រប់​ដល់​ព្រះ​គ្រោះ​របស់​ព្រះ​អង្គ បន្តិច​ស្ដេច​ក្រោក​ឡើង​ទឹង​តាំង​ធាក់​អ្នក​នេះ​អ្នក​នោះ ដែល​នៅ​ជិត​ថ្វាយ​ង៉ាន​ផ្លិត​ក្នុង​វេលា​នោះ ខណៈ​នោះ​ព្រះ​រាជ​ឱរស​ចូល​ទៅ​គាល់​ក្នុង​បន្ទប់ មាន​ភក្ដ្រ​ផូរផង់​ញញឹម​ញញែម​រីករាយ​ព្រះ​រាជា​ធ្វើ​ព្រះ​ភក្ដ្រ​តឹងធ្មឹង​ទៅ​រក​ឱរស លុះ​ស្វាង​ព្រះ​ក្រោធ​ហើយ​ត្រាស់​សួរ​ថា ទ្រៅបទី នៅ​ឯ​ណា អ្នក​ណា​បាន​នាង ឱ​កូន​សំឡាញ់​ឪពុក ព្រះ​សូរ​សៀង​ដែល​ត្រាស់​ចេញ​មក ញ័រ​ហើយ​ស្អក​ស្អា ទ្រង់​គង់​ស្ងៀម​បន្តិច​ត្រាស់​តទៅ​ទៀត​ថា ឱ​កូន​ឪពុក អំពី​នេះ​ជាដើម​ទៅ​នាង​តោង​ដើរ​សូម​ទាន​គេ​ចិញ្ចឹម​ពោះ​រាល់​មាត់​ទ្វារ​ផ្ទះ​អ្នក​ដទៃ ទាន​វត្ថុ​ដែល​បុគ្គល​លះ​ដោយ​ការុណ្យ​ចិត្ត និង​ប្រាណី​នេះ​ឯង ជា​រាជ​បណ្ដាការ​របស់​នាង ភាជន ដែល​នាង​កាន់​ត្រាច់​សូម​ទាន​គេ​នោះ ទុក​ជា​គ្រឿង​ប្រដាប់​ត្បូង​របស់​នាង អនិច្ចា​ឪពុក​នឹង​ទ្រាំ​អត់​សេចក្ដី​វេទនា​អស់​នេះ​បានឬ កាល​ឃើញ​កូន​ស្រី​ស្ពាយ​យាម​នៅ​ស្មារ​ដើរ​សូម​ទាន​គេ ឪពុក​បាន​សាង​អកុសល​កម្ម​ទុក​អំពី​កាល​ណា​ហ៎្ន ទើប​បាន​ទទួល​សេចក្ដី​អវមាន (មើល​ងាយ) ដូច​នេះ អនិច្ចា ឪពុក​រម្ងាប់​ទុក្ខ​ក្នុង​រឿង​នេះ​មិន​បាន ហើយ​ព្យាយាម​ដូចម្ដេច ៗ វា​ក៏​មិន​បាត់​ក្រំ​ក្នុង អាពុក​ប្រឹង​អត់​សង្កត់​ណាស់ ទាស់​តែ​ស្គម​ទ្រម​ខ្លួន របស់​ដែល​ផុត​វិស័យ​សតិ​បញ្ញា​នឹង​កែ​ខៃ ឬ​អស់​ផ្លូវ​នឹង​ដើរ​ហើយ ឪពុក​នឹង​ធ្វើ​ម្ដេច​បាន ឪពុក​តាំង​ចិត្ត​ថា​នឹង​លើក​ឲ្យ​ទៅ​អរជុន តែ​ព្រះ​ដ៏​ធំ​ជា​ម្ចាស់​សួគ៌​មក​បណ្ដាល​ឲ្យ​ឃ្លៀង​ឃ្លាត​ទៅ​យ៉ាង​ដទៃ ឪពុក​ដឹង​ច្បាស់​ហើយ​ថា ការ​យំ​ខ្សឹកខ្សួល​មិន​ជា​ប្រយោជន៍ តែ​ទុក្ខ​នេះ​ជា​មរណ​ទុក្ខ​របស់​បិតា​ហើយ បិតា​មិន​អាច​នឹង​រម្ងាប់​បាន​បាន​ដោយ​ឧបាយ​យ៉ាង​ណា​ឡើយ ។

ធ្ឫស្ដ-ទយុម័ន ក្រាប​ទូល​ដោយ​សម្ដី​ដ៏​ល្ហែម​ថា បពិត្រ​ព្រះ​ជនក​នាថ សូម​ព្រះ​អង្គ​ចូល​បន្ទោរ​បង់​នូវ​សេចក្ដី​សោកសៅ​អស់​នេះ​ចេញ អំពី​ព្រះ​កោមល​ចុះ​ព្រះ​ករុណា អរជុន​ជា​អ្នក​បាន​នាង​ទៅ​ជា​ប្រាកដ​ហើយ ។

ព្រះ​រាជា​មាន​ព្រះ​អស្សុ​ជល​កំពុង​ហៀរ​ហូរ ក៏​ស្វាង​ចែស​ដោយ​ពលវ​បីតិ​ក្នុង​ខណៈ​នោះ ត្រាស់​សួរ​ជា​ប្រញាប់​ថា មែន​ឬ ឯង​ដឹង​បាន​យ៉ាង​ម្ដេច អើ​ឯង​និយាយ​ទៅ​មើល ។

ព្រះ​ឱរស​ទូល​ប្រព្រឹត្ត​ហេតុ​ថា កាល​ព្រាហ្មណ៍​នាំ​ព្រះ​នាង​បង (ព្រះ​ជេដ្ឋកគិនី) ទៅ​កាន់​ទី​សំណាក់ ទូល​ព្រះ​បង្គំ​បាន​លប​តាម​ទៅ​មើល​មិន​ឲ្យ​គេ​ឃើញ លុះ​គេ​ចូល​ទៅ​ក្នុង​ទី​សំណាក់​របស់​គេ ទូល​ព្រះ​បង្គំ​ផ្ទៀង​ត្រចៀក​លប​ស្ដាប់​អំពី​ក្រៅ​ទ្វារ បាន​ដឹង​រឿង​នេះ​ច្បាស់ ក្នុង​កាល​ដែល​និយាយ​រៀបរាប់​ឲ្យ​មាតា​គេ​ស្ដាប់ ទូល​ព្រះ​បង្គំ​ទើប​ដឹង​បាន​ថា​ព្រាហ្មណ៍ ១ ពួក​គ្នា ៥ នាក់ ស្លៀក​ដណ្ដប់​ស្បែក​អម្រឹត​នោះ​គឺ បាណ្ឌវ​កុមារ​បង​ប្អូន​ទាំង ៥ ប្លម​អង្គ​មក​មុខ​គួរ​អាសូរ បាណ្ឌព​កុមារ និង​មាតា​បាន​សេចក្ដី​ព្រួយ​លំបាក​ជា​បំផុត ព្រោះ​ទុយោជន៍​គិត​ឫស្យា​ដុត​មន្ទីរ​របស់​គេ ដើម្បី​ឲ្យ​ស្លាប់​ក្នុង​គំនរ​ភ្លើង តែ​គ្រោះ​ជា ពាណ្ឌព​កុមារ​ដឹង​ខ្លួន​បាន​ជា​មុន ទើប​នាំ​គ្នា​រត់​តាម​ផ្លូវ​បាដាល រួច​អំពី​ភ័យ​មក បាន​នាំ​គ្នា​ដើរ​ផ្លូវ​មក​ជា​មួយ​នឹង​ពួក​ព្រាហ្មណ៍ ទាល់​តែ​មក​ដល់​ក្រុង​បញ្ចាល​នេះ ព្រះ​រាជា​ទ្រង់​ជឿជាក់​អស់​សង្ស័យ ទើប​ត្រាស់​ថា កូន​ឯង​ចូរ​ទៅ​ប្រាប់​អគ្គ​មហា​សេនា​បតី ឲ្យ​គេ​ទៅ​ស៊ើប​សួរ​យក​សេចក្ដី​ពិត​មក​ឲ្យ​បាន ។

ខ្ញុំ​រាជការ​មួយ​ពួក​ទទួល​រាជ​ឱង្ការ​ហើយ នាំ​គ្នា​ដើរ​សំដៅ​ទៅ​ផ្ទះ​ស្មូន​ឆ្នាំង មន្ត្រី​អម្បាល​នោះ​ចូល​ទៅ​ថ្វាយ​គំនាប់​បាណ្ឌព​កុមារ ហើយ​ម្នាក់​ក្នុង​ពួក​មន្ត្រី​ដែល​ទៅ​នោះ ទូល​ប្រព្រឹត្ត​ហេតុ​ដល់​រាជ​កុមារ​ដែល​បាន ទ្រៅបទី ថាៈ យើង​ខ្ញុំ​នាំ​គ្នា​សម្ដែង​សេចក្ដី​អំណរ​ដែល​លោក​មាន​ជ័យ​ការ​ដែល​លោក​សម្ដែង​ស្នាដៃ​ក្នុង​ថ្ងៃ​នេះ ពួក​អ្នក​ចម្រៀង​នឹង​ចង​ជា​បទ​កាព្យ​ទុក​សម្រាប់​សង្គីតប្រគំ​ច្រៀង ពួក​ចិន្ត​កវី​រាជ​ប្រាជ្ញ​ពង្សាវតារ​នឹង​ចារឹក​រឿង​នេះ ទុក​ក្នុង​ពង្សាវតារ​ឲ្យ​ខ្ចរខ្ចាយ និករ​ជាតិ​ទាំងឡាយ​ក៏​នឹង​មនសិការ​ចាំ​ទុក រហូត​កល្បាវសាន​ដោយ​ឆន្ទ​និយម កាល​ក្សត្រិយ៍​ទាំងឡាយ​បាញ់​មិន​ត្រូវ​វង់​នោះ ខត្តិយា​ធិបតី​របស់​យើង​ព្រួយ​ព្រះ​ហឫទ័យ​ថា ព្រះ​រាជ​ធីតា​របស់​ព្រះ​អង្គ គង់​តោង​នៅ​ជា​លីវ​សាវកែ​រក​គូ​គ្មាន​រហូត​ជីវិត រឿង​នេះ​ជា​ទុក្ខ​ធំ​គ្រប​សង្កត់​ព្រះ​ហឫទ័យ តើ​ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរគុណ​លោក​យ៉ាង​ខ្ពស់​ដែល​លោក​បាន​កំចាត់​មេឃ​មីរ ពោល​គឺ​សេចក្ដី​កង្វល់​ដ៏​ធំ​សឹង​គ្រប​សង្កត់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​ចេញ​ទៅ​បាន ក្នុង​វេលា​នេះ​យើង​ខ្ញុំ​យល់​ឃើញ​ថា ក៏​ល្មម​នាំ​មក​បញ្ចេញ​ចែក​គ្នា​ស្ដាប់​បាន ហើយ​មិន​មែន​ជា​ការ​ល្មើស ក្នុង​ការ​រក្សា​សេចក្ដី​សម្ងាត់​ក្នុង​ព្រះ​ហឫទ័យ​នោះ​ទេ គឺ​អំពី​ដើម​មក​ទ្រង់​បំណង​នឹង​ឲ្យ​អរជុន អ្នក​ដែល​ល្បី​នាម​ទួទៅ​ទាំង​សកល​ជម្ពូ​បាន​ធីតា​របស់​ព្រះ​អង្គ តែ​វេលា​នេះ​ក៏​ទ្រង់​ព្រះ​បីតិ​យ៉ាង​លើស​លន់ ព្រោះ​ព្រះ​ធីតា​មិន​តោង​នៅ​ជា​លីវ​សាវកែ ហើយ​ព្រះ​អង្គ​ឆ្ងល់​ខ្វល់​ព្រះ​ហឫទ័យ​ជា​ពន្លឹក ចង់​ជ្រាប​ជាតិ​ត្រកូល នឹង​ស្រុក​កំណើត​របស់​អ្នក​មាន​ជ័យ​រហូត​ដល់​វេលា​នោះ ដែល​មក​បាន​ដឹក​ដៃ ទ្រៅបទី ព្រះ​រាជ​ធីតា​មក ។

បាណ្ឌព​រាជ​កុមារ​អង្គ​ធំ (គឺ​យុធិស្ឋិរ) ទទួល​ភារៈ​ទទួល​និយាយ​ត​តប​ពួក​ខ្ញុំ​រាជការ​ដែល​មក ដោយ​ព្រះ​អង្គ​ឯង​ទ្រង់​មាន​បន្ទូល​ថា ខ​សន្យា​ការ​ស្វយម្ពរ​ដែល​ស្ដេច​ក៏​ទ្រង់​ដ៏​ទ្រង់​នូវ​ឥស្សរស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នក​ទាំងឡាយ បាន​ប្រកាស​ហើយ​នោះ​អ្នក​ទាំងឡាយ​នឹង​យើង​ទាំងអស់​គ្នា ក៏​បាន​ជ្រួតជ្រាប​សព្វ​គ្រប់​ហើយ អ្នក​ណា​ក៏​អាច​នឹង​ចូល​ទៅ​ប្រឡង​ល​ថ្វី​ដៃ​បាន​គ្រប់ ៗ គ្នា បណ្ដាល​ដែល​នៅ​ក្នុង​ទី​នោះ ឯ​ខ​សន្យា​នោះ​សុភាព​បុរស​នេះ​ណែ បាន​បដិព័ទ្ធ​ហើយ​ដោយ​ប្រពៃ ព្រោះ​ហេតុ​នេះ​ព្រះ​ធីតា​ជា​ម្ចាស់​របស់​អ្នក​ទាំងឡាយ​ទើប​បាន​ជា​គូ​ភិរម្យ​របស់​គេ ទោះបី​អាក្រក់​ល្អ​ក៏​តាម​យថាកម្ម ។

ពួក​ខ្ញុំ​រាជការ​អម្បាល​នោះ ចេញ​ទឹក​មុខ​ងឿង យុធិស្ឋិរ​មិន​ចង់​ឲ្យ​ខ្ញុំ​រាជការ​ទាំង​នោះ​ងឿង​ឆ្ងល់ ទើប​ពោល​ទៅ​ទៀត​ថា មនុស្ស​ទួទៅ​គ្មាន​អ្នក​ណា​មួយ​ឡើយ​សង្ស័យ​ថា អរជុន​ជា​អ្នក​ចម្បាំង​ដ៏​ឯក​រក​គូ​ប្រៀប​គ្មាន ហើយ​តោង​មិន​សង្ស័យ​តទៅ​ទៀត​ថា អរជុន​ប្រាកដ មិនមែន​អ្នក​ដទៃ​មក​អំពី​ណា​ដែល​បាន​ព្រះ​ធីតា​ជា​ម្ចាស់​របស់​អ្នក យើង​សូម​សម្ដែង​សេចក្ដី​គាប់​ចិត្ត​នឹង​អនុមោទនា​ដល់​ចៅហ្វាយ​នាយ​របស់​អ្នក ដែល​បាន​ឃើញ​ការ​សម្រេច​ផល​តាម​ប្រាថ្នា នូវ​របស់​សឹង​គិត​ទុក​មក​ជា​យូរយារ​ហើយ​នោះ ។

កាល​ពួក​ខ្ញុំ​រាជការ​បាន​ស្ដាប់​ដូច​នោះ ក៏​ក្រោក​ឡើង​ព្រម​គ្នា ថ្វាយ​គំនាប់​ឱន​លំទោន​ហើយ​ក៏​លា​ទៅ សេចក្ដី​បំណង​របស់​គេ​វេលា​នេះ​ក៏​សម្រេច​ពិត​ឥត​សង្ស័យ មក​ល​សួរ​យក​ការ​ពិត​បាន តាម​ដែល​ម្ចាស់​ជីវិត​ប្រើ​មក គេ​ក៏​រីករាយ​នាំ​គ្នា​ត្រឡប់​ទៅ​ក្រាប​ទូល​ប្រព្រឹត្ត​ហេតុ​ដល់​ព្រះ​រាជា​វិញ​ថា ការ​ដែល​ត្រាស់​ប្រើ​ទៅ​នោះ ឥឡូវ​សម្រេច​ដូច​ព្រះ​ហឫទ័យ​បំណង​ហើយ ។

កាល​បាន​សេចក្ដី តាម​ដែល​ត្រាស់​ប្រើ​ឲ្យ​ទៅ​ស៊ើប​ក្នុង​ជាន់​ក្រោយ​នោះ​ហើយ គ្រា​នោះ​ត្រាស់​ឲ្យ​មាន​មហោស្រព​ក្នុង​ព្រះ​រាជ​មន្ទីរ នឹង​ត្រាស់​ឲ្យ​ទៅ​អញ្ជើញ​បាណ្ឌវ​កុមារ​ទាំង ៥ ចូល​មក​គាល់ មាន​ការ​ទទួល​តាម​ខត្តិយ​ប្រវេណី ក្នុង​ទី​សម្រាប់​ទទួល​មន្ត្រី ទ្រង់​ចូល​ទៅ​ឱប​ឱរស​ប្រសា និង​បង​ប្អូន​ទាំង ៤ អង្គ ទៀត​តាម​លំដាប់ ត្រាស់​សន្ទរកថា​ទទួល​សម្ពន្ធ​មិត្រ​មេត្រី នឹង​ទទួល​ប្រកាន់​សព្វ​ភ័យ​ទាំង​ពួង​ក្នុង​រាជធានី​របស់​ព្រះ​អង្គ មិន​ឲ្យ​មាន​មោះ​ថ្លោះ​ការ​បាន ។

លំដាប់​នោះ​ទ្រង់​ឲ្យ​ចាត់​ការ​ស្វយម្ពរ​វិវាហ​មង្គល រាជ​ធីតា ទ្រៅបទី សម​ស័ក្ដិ សម​កិត្តិយស នៃ​ខត្តិយ​ធីតា​គ្រប់​ប្រការ ទាំង​ឲ្យ​មាន​ការ​ល្បែង​លេង​តាម​ទំនៀម​វិវាហ​សម្ពោធ ពួក​បាណ្ឌ​កុមារ​ក៏​ដោះ​គ្រឿង​ប្លម​ចេញ នៅ​ជា​សុខ​ក្នុង​អារក្ខា​របស់​ព្រះ​ចៅ​បញ្ចាល​រាជ ជា​រាជ​សម្ពន្ធ​មិត្រ​ដ៏​ប្រសើរ​ស្មើ​ចិត្ត​នោះ​ហោង ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៤៖ទីប្រជុំរដ្ឋមន្ត្រី

កាល ទ្រៅបទី អភិសេក​សម​រស និង​អរជុន​កុមារ​សម្រេច​ហើយ បាណ្ឌវ​ក្សត្រិយ៍​ក៏​នៅ​ជា​សុខ​ក្នុង​អំណាច​រក្ខា​នៃ​បញ្ចាល​រាជ ការ​គ្រប់គ្រង​រក្សា​ដូច​នេះ ជាទី​ត្រូវ​ហឫទ័យ​បាណ្ឌវ​ក្សត្រិយ៍​ណាស់ នឹង​ប្លម​អង្គ​ដើរ​ហើរ​ទៅ​ឯ​ណា​ដូច​អំពី​ដើម​ទៀត​ពុំ​បាន​ឡើយ ព្រោះ​ទុយោជន៍​បាន​ឃើញ​ហើយ​ចាំ​បាន​ជា​ប្រាកដ​ថា រាជ​កុមារ​អម្បាល​នេះ​នៅ​មាន​ជីវិត​រស់​នៅ ទុយោជន៍​គង់​ជា​ភ្ញាក់​ខ្លួន​មិន​តិច​ដែរ មក​ឃើញ​បាណ្ឌវ​ក្សត្រិយ៍​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​លោក ហើយ​គង់​នឹង​ឆ្ងល់​ក្នុង​ហឫទ័យ​ជា​បំផុត ដែល​មក​ឃើញ​អរជុន​មាន​ជ័យ បាន​នាង​ក្សត្រិយ៍​បញ្ចាល ជា​បាទ​បរិចារិការ នោះ​ចិត្ត​ឫស្យា​របស់​ទុយោជន៍​គង់​ឈួល​ឡើង​រក​ទី​បំផុត​គ្មាន ដែល​មក​ឃើញ​ព្រះ​ញាតិ ដែល​ព្រះ​អង្គ​ធ្វើ​ឧបាយ​នឹង​បំផ្លាញ​ឲ្យ​វិនាស​ក្នុង​អគ្រនី​នោះ មក​ចង​ស្ពាន​មេត្រី​នឹង​ព្រះ​ចៅ ទ្រុបទ ដែល​ជា​សត្រូវ​នឹង​ព្រះ​អង្គ​តាំង​ពី​កាល​ណា​មក​ហើយ ។

មាន​ការ​ប្រជុំ​ធំ​នៅ​ក្រុង​ហស្ថិនបូរ ធ្ឫតរាស្ត្រ​ប្រថាប់​លើ​រាជ​បល្លង្ក​មាន​រាជ​បរិពារ​ឈរ​ព័ទ្ធ​ជុំវិញ​ត្រៀប បី​ដូច​ជា​ផ្កាយ​ហេម​រោម​ព្រះ​ចន្ទ​ស្ងាត់​សម្លេង​ច្រៀប ប្រុង​ស្ដាប់​សព្ទ​ព្រះ​រាជ​តម្រាស់ ព្រះ​រាជា​ក៏​ទ្រង់​ក្រោក​ឡើង​ឈរ មាន​ព្រះ​រាជ​ឱង្ការ​សីហនាទ​ត្រាស់​ថា ។

ម្នាល​មន្ត្រី​ទី​ប្រឹក្សា​ទាំង​សម្ចាយ​ដែល​មក​សន្និបាត​ក្នុង​ទី​នេះ សុទ្ធ​តែ​ជា​អ្នក​ដែល​យើង​ទុក​ចិត្ត​ក្នុង​រាជការ​ផែនដី អ្នក​ទាំងឡាយ​ជា​គោល​សិលា​របស់​ប្រទេស អាណា​ចក្រ​របស់​យើង​ដែល​នឹង​តាំង​នៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ​ជា​ភ្នែក ជា​ច្រមុះ​សេចក្ដី​ចម្រើន​រុងរឿង​ថ្កើង​កេរ្តិ៍ នឹង​សេចក្ដី​សុខ​សម្រាន្ត​របស់​រាស្ត្រ​ដែល​នឹង​វឌ្ឍនា​តទៅ​បាន ក៏​ព្រោះ​អាស្រ័យ​អ្នក​ទាំងឡាយ សេចក្ដី​សត្យ​សុចរិត​នឹង​ផែនដី​នៃ​អ្នក​រាល់​គ្នា ក៏​គ្មាន​ផ្លូវ​ឲ្យ​រង្គៀស សេចក្ដី​ដែល​អ្នក​ទាំងឡាយ​ភក្ដី​នឹង​យើង ក៏​គ្មាន​បន្ទិល​មួហ្មង​សូម្បី​ប៉ុន​ល្អង​ធូលី របស់​មោះហ្មង​ឆ្គង​រាគី​ក៏​គ្មាន​ចូល​មក​លាយ​ឡំ​ក្នុង​សេចធាតុ​ពោល​គឺ​សេចក្ដី​ភក្ដី​នេះ​ឡើយ យើង​ឲ្យ​ហៅ​អ្នក​ទាំងឡាយ​មក​ប្រជុំ​ក្នុង​គ្រា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​ពិគ្រោះ​បញ្ហា​មួយ ៗ ដែល​តែ​អំពី​វិចារណញ្ញាណ​របស់​យើង​តែ​ម្នាក់​ឯង មិន​អាច​នឹង​ទំពា​ឲ្យ​បែក​ទៅ​បាន សូម​ប្រើ​ជា​ញាណ​អ្នក​រាល់​គ្នា​ចូល​ជួយ​ទំពា​យើង សូម​ឲ្យ​អ្នក​ទាំងអស់​ចូល​សម្ដែង​សេចក្ដី​ភក្ដី​ដល់​យើង នឹង​ចូល​បំពេញ​ចំពោះ​ដល់​ផែនដី​ក្នុង​គ្រា​នេះ​ម្ដង​ទៀត អ្នក​ទាំងឡាយ​ក៏​ជ្រាប​ហើយ​ថា ពួក​បាណ្ឌព​បាន​ចង​សម្ពន្ធ​មេត្រី​នឹង​ព្រះ​រាជា ទ្រុបទ ដែល​ជា​សឹក​សត្រូវ​នឹង​យើង ដើម្បី​នឹង​រំលាយ​លាង​អមិត្រ​អ្នក​គិត​ប្រទូស្តរាយ ឲ្យ​ចេញ​ចាក​មាគ៌ា​ពោល​គឺ ភយន្តរាយ អ្នក​ទាំងឡាយ​នឹង​គិត​ធ្វើ​ដូចម្ដេច​ស្រួល ។

ទុយោជន៍​ក្រោក​ឡើង​ឈរ ពោល​កែ​បញ្ហា​ជា​ដំបូង​ថា សេចក្ដី​យល់​របស់​ទូល​បង្គំ​ជា​ខ្ញុំ​ក្នុង​រឿង​នេះ គឺ​ត្រូវ​ឲ្យ​សូក​ពួក​សេនាបតី​ព្រះ​ចៅ ទ្រុបទ ធ្វើ​ឲ្យ​បែក​សាមគ្គី​ក្នុង​រវាង​ពួក​គេ​ឡើង​នេះ​ជា​ឧបាយ ១ ខ ទូល​បង្គំ​ជា​ខ្ញុំ​នៅ​មាន​ឧបាយ​ក្នុង​ចិត្ត​មួយ​យ៉ាង​ទៀត ដែល​នឹង​ឲ្យ​ផល​វិសេស​ជាង​ខ​មុន គឺ​ត្រូវ​រិះ​រក​ទោស​ដ៏​លាមក មក​បាច​ប្រឡាក់​នាង ទ្រៅបទី ឲ្យ​នាង​និយាយ​មិន​ចេញ​កែ​ខ្លួន​មិន​រួច ខ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​បាណ្ឌវ​ក្រោធ​មួហ្មង​ហើយ លះ​លែង​នាង​ចោល អំពី​នោះ​មិត្រ​ភ័ក្ដិ​រវាង​ពួក​បាណ្ឌវ និង​បញ្ចាល​រាជ​ក៏​នឹង​ដាច់​អំពី​គ្នា​ទៅ​ឯង ការ​ដែល​ត្រូវ​ធ្វើ​ត​អំពី​នោះ​ទៀត គឺ​ដាក់​ថ្នាំ​បំពុល ភីម យក្ស​ធំ​ឲ្យ​ស្លាប់​បង់ ប៉ុណ្ណេះ​ក៏​អស់​រឿង​អំពល់​ចិត្ត​យើង​ទៅ​ហើយ ទុយោជន៍​អង្គុយ​ចុះ កណ៌​ក្រោក​ឡើង​ឈរ​ថ្លែង​មតិ ។

សូម​ទ្រង់​អភ័យ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្នុង​ការ​ដែល​មាន​សេចក្ដី​ឃើញ​មិន​ដូច​ទ្រង់​ទុយោជន៍ ដែល​ជាទី​សំឡាញ់​របស់​យើង ទូល​ព្រះ​បង្គំ​ឃើញ​មាន​ថ្នាំ​កែ​តែ​មួយ​មុខ គឺ​អាស្រ័យ​កម្លាំង​ទាហាន​ដ៏​រឹង​រិទ្ធិ​របស់​យើង ឲ្យ​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចៅ ទ្រុបទ ជា​យ៉ាង​ឆាប់ ទូល​ព្រះ​បង្គំ​ជឿ​ថា កងទ័ព​របស់​គេ​ទុពល​ភាព គង់​នឹង​ទប់ទល់​កម្លាំង​ទាហាន​របស់​យើង​មិន​បាន ដែល​នឹង​លើក​កម្លាំង​ទៅ​យាយី​គ្រា​នេះ ត្រូវ​ចាត់​ការ​ដោយ​រួស​រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ​ក្រិស្ណ ព្រះ​រាជា​គុជរាត មាន​ឱកាស​លើក​កម្លាំង​មក​ជួយ​គេ​បាន ។

លំដាប់​នោះ ព្រះ​ចៅ ធ្ឫត​រាស្ត្រ​ត្រាស់​សួរ ភីស្ម ក្សត្រិយ៍​ជរា​តើ​នឹង​មាន​យោបល់​យល់​ឃើញ​ដូចម្ដេច ភីស្ម ថ្លែង​ថា កាល​បើ​ព្រះ​ករុណា​សុំ​សេចក្ដី​ឃើញ​របស់​ទូល​ព្រះ​បង្គំ ក៏​ត្រូវ​ពោល​តែ​ពាក្យ​ពិត តែ​បុរាណ​លោក​ថា (ពាក្យ​ពិត​រែង​ស្លែង) ទូល​ព្រះ​បង្គំ​យល់​ឃើញ​ថា តាម​សិទ្ធិ​នៃ​រាជ​ប្រវេណី យូធិស្និរ​ជា​រជ្ជ​ទាយាទ តាម​ច្បាប់​ត្រូវ​បាន​រាជ​សម្បត្តិ បើ​ព្រះ​ករុណា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​លះ​រាជ​សម្បត្តិ​ទាំង​មូល​ឲ្យ​គេ​សោត ក៏​គួរ​បែង​ផែនដី​ឲ្យ​គេ​ពាក់​កណ្ដាល យុត្តិធម៌​នឹង​សេចក្ដី​ពិត​ត្រូវ​ឲ្យ​ទ្រង់​ប្រតិបត្តិ​ការ​ក្នុង​រឿង​នេះ​ដូច​នេះ បើ​ទ្រង់​កើប​កោយ​យក​ទ្រព្យ​សម្បត្តិ​ទាំង​ភាគ​ដែល​គេ​ត្រូវ​បាន​មក​សោត ទូល​បង្គំ​ព្យាករណ៍​ទុក​វេលា​នេះ​ថា សេចក្ដី​វិនាស​លិច​លង់​អាណា​ចក្រ​របស់​ទ្រង់ នឹង​មក​ដល់​ក្នុង​មិន​យូរ សេចក្ដី​លោភ​លន់​ហួស​ប្រមាណ នឹង​នាំ​នូវ​សេចក្ដី​វិនាស​យ៉ាង​ធំ​មក​ឲ្យ​ដល់​ប្រយូរ​វង្ស​របស់​ទ្រង់ ដំណឹង​ដែល​ឧរស​ព្រះ​ករុណា​គិត​ប្រទុស្ត​នឹង​ដុត​បង​ប្អូន​ទាំង​រស់​នោះ ល្បី​រហូត​ទៅ​ក្រៅ​អាណា​ចក្រ​រុកុ អ្នក​ស្រុក​ខាង​ក្នុង​ខាង​ក្រៅ​រាជ​អាណា​ចក្រ​ពោល​ខ្ទាំងខ្ទប់​ថា ទុយោជន៍​គិត​ប្រទុស្តរាយ​ទំលាយ​ព្រះ​ញាតិ ។

កណ៌​ក្រោក​ឈរ​ឡើង​ជា​គម្រប់​ពីរ​ដង ដើម្បី​បរិយាយ​វចន​វោហារ​របស់ ភីស្ម គេ​និយាយ​ថា ចិត្ត​របស់ ភីស្ម ប្រកប​ដោយ​ឆន្ទា​គតិ ភ្នែក​របស់ ភីស្ម ងងឹត​ក្នុង​យុត្តិធម៌ វិចរណញាណ​របស់ ភីស្ម ឃើញ​ឆេវ​ទៅ​ក្នុង​ផ្លូវ​ខុស ភីស្ម មាន​រោគាពាធ​ឯ​ណា​និមួយ​មក​បិទ​បាង ញ៉ាំង​ទស្សន​ញាណ​របស់​គេ​ឲ្យ​វិកល​ទៅ រឿង​នេះ​ជា​មុខ​ក្រសួង​របស់​ទី​ប្រឹក្សា ទី​ប្រឹក្សា​តោង​តប​បញ្ហា​ឲ្យ​ឆិត​ជិត​ទៅ​តែ​ម្ដង ដោយ​ទឹក​ចិត្ត​ដ៏​ត្រជាក់ មិន​ត្រូវ​ញញើត​នឹង​គ្រឿង​ខ្ទាំងខ្ទប់​ឯ​ណា​និមួយ សម្ដី​ទី​ប្រឹក្សា​អ្នក​ប្រកប​ដោយ​សេចក្ដី​ប្រហែស​ធ្វេស និយាយ​ចេញ​មក​ឃើញ​ថា ខ្សត់​វិចរណញាណ​មិន​គិត​ឲ្យ​ជុំ​ជិត​ជ្រុងជ្រោយ​សិន រមែង​នាំ​សេចក្ដី​វិនាស​មក​ឲ្យ​ប្រទេស ។

ទោណ​អាចារ្យ​ឃាត់​កណ៌​ថា ឈប់​សិន​ទៅ​កណ៌​អើយ ឈប់​រលាស់​អណ្ដាត ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​អួត​ទៅ​សិន​ទៅ អ្នក​មិន​បង្អង់​និយាយ ទាល់​តែ​សេចក្ដី​វិនាស​ធ្លាក់​មក​លើ​ខត្តិយ​ចង្ស​របស់​យើង​ទៅ​ឬ អាការ​ធ្ងន់​ណាស់​ព្រះ​គុណ​អើយ កុំ​ម៉្លោះ​ពេក វិទូរ​ក្រោក​ឈរ​ឡើង​ពោល​ទទឹង​ទាស់​នឹង​មតិ​ទុយោជន៍​ថា ។

មុខងារ​នាទី​របស់​ខ្ញុំ បង្គាប់​ខ្ញុំ​ឲ្យ​ពោល​ចេញ​មក​តាម​សេចក្ដី​ពិត​ត្រង់​ក្នុង​ចិត្ត ផល​ក្នុង​ទី​បំផុត​នឹង​បង្កើត​ឡើង​ដូចម្ដេច ទុក ១ អន្លើ ថា​បើ​បណ្ដោយ​ឲ្យ​ករណី​ហេតុ​ដំណើរ​ទៅ​ដូច​នេះ ក្នុង​ពេល​មិន​យូរ គង់​នឹង​ប្រទះ​អានិដ្ឋារម្មណ៍​ជា​មិន​ខាន ព្រះ​នាមាភិធ័យ​នៃ​វង្ស​ក្សត្រិយ៍​របស់​យើង​នឹង​សាបសូន្យ​ទៅ ព្រោះ​ហេតុ​នោះ​គំនិត​របស់​យើង​ខ្ញុំ ក៏​គឺ​នឹង​ឲ្យ​ផ្សះ​ផ្សា​សេចក្ដី​បែក​សាមគ្គី​រវាង​ព្រះ​ញាតិវង្ស ដោយ​ឧបាយ​ឯ​ណា​និមួយ​ដ៏​ប្រពៃ តាម​ផ្លូវ​យុត្តិធម៌ ។

ការ​ប្រឹក្សា​គ្នា​ក​ឈប់​ស្លេះ​តែ​ប៉ុណ្ណេះ ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ប្រកាស​កាត់​សំនួន ជា​ពាក្យ​ដាច់​ខាត​ចេញ​មក​ថា ត្រូវ​ទៅ​ទទួល​បាណ្ឌវ​ក្សត្រិយ៍​ដែល​ត្រូវ​និរទេស ត្រឡប់​មក​កាន់​ព្រះ​នគរ​វិញ យើង​នឹង​ប្រគល់​ផែនដី​ហស្ថិន​បូរ​ឲ្យ​ពាក់​កណ្ដាល ឲ្យ​បង​ប្អូន​ទាំង ៥ សេព​សោយ​សម្បត្តិ​តាម​ខត្តិយ​ប្រវេណី ។

លំដាប់​នោះ ទើប​ទ្រង់​ចាត់​ឲ្យ​រាជ​ទូត​នាំ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​បញ្ចាល ដើម្បី​នឹង​អញ្ជើញ យុធិស្ឋិរ ព្រម​ទាំង​ប្អូន​បួន​នាក់​ត្រឡប់​មក​ព្រះ​នគរ កាល​រាជ​ទូល​អម្បាត​នេះ​ទៅ​ដល់​ក្រុង​បញ្ចាល នាំ​គ្នា​ចូល​គាល់​ក៏​ប្រទះ​គ្នា​នឹង​បាណ្ឌវ​កុមារ កំពុង​គាល់​សន្ទនា​រីករាយ ជា​មួយ​ព្រះ​ចៅ ទ្រុបទ ។

ព្រះ​រាជ ទ្រុបទ ត្រាស់​ព្រះ​សូរ​សៀង​យ៉ាង​អាណោច​អាធម​ថា យុធិស្ឋិរ គ្មាន​រឿង​អ្វី​ក្នុង​ពង្សាវតារ​របស់​លោក នឹង​ដូច​រឿង​របស់​អ្នក​ទេ មុខ​គួរ​វេទនា​អ្វី​ម៉្លេះ ដែល​ព្រះ​ញាតិ​របស់​អ្នក​ត្រឡប់​ទៅ​ជា​សត្រូវ ជា​គូ​ចង​ពៀរ​វេរា​នឹង​គ្នា​ដូច​នេះ ។

យុធិស្ឋិរ ពោល អារឿង​លាភ រឿង​អំណាច ទូល​ព្រះ​បង្គំ​មិន​ចង់​ឃើញ​មុខ​វា វា​ធ្វើ​ឲ្យ​បង​ប្អូន​ទាស់​ទែង​គ្នា ឪពុក​និង​កូន​ទាស់​គ្នា ទ្រព្យ​សម្បត្តិ អំណាច ស្ត្រី របស់ ៣ មុខ​នេះ ជា​មារ​សម្រាប់​ផ្ចាញ់​មនុស្ស​យើង​ឲ្យ​វិនាស​ហីនហោច​ទៅ ។

ព្រះ​រាជា ទ្រុបទ ឡើង​ព្រះ​ភ័ក្ដ្រ​ច្រាល​ដោយ​លោហិត ត្រាស់​ថា យើង​សុំ​ធ្វើ​ពាក្យ​ផ្ដេជ្ញា​ប្រកាស​ទុក​ក្នុង​ទី​នេះ ថា​បើ​អ្នក​ឯង​មិន​បាន​ចំណែក​ព្រះ​នគរ​ដោយ​ស្រួល​សោត យើង​នឹង​ជួយ​អ្នក​ឯង​ដោយ​កម្លាំង​អាវុធ ។

ខណៈ​នោះ​អ្នក​ភ្នាក់ងារ​មុខ​ក្រសួង​នាំ​ទូត​ចូល​ទៅ​គាល់ ទូត​អម្បាល​នោះ​ចូល​ទៅ​ក្រាប​ចំពោះ​ព្រះ​ភ័ក្ដ្រ​ក្រាប​ទូល​ថា ខត្តិយា​ធិបតី​ដ៏​ជា​ម្ចាស់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ត្រាស់​បញ្ជា​ឲ្យ​នាំ​ពារ​ដ៏​មាន​ដ៏​ជា​មង្គល​មក​ក្រាប​ទូល​ព្រះ​អង្គ​ឲ្យ​ទ្រង់​ជ្រាប ដ្បិត​ព្រះ​រាជា​មាន​ព្រះ​ហឫទ័យ​សោមនស្ស​ណាស់ ដែល​មក​ឃើញ​សេចក្ដី​រួបរួម​គ្នា​រវាង​រាជ​ត្រកូល​ទាំង​ពីរ គឺ បណ្ឌុ និង បញ្ចាល តែ​ព្រះ​រាជា​ដ៏​ជា​ប្រធាន​នៃ​កុរុរដ្ឋ​មាន​ព្រះ​រាជ​ហឫទ័យ​បំណង​នឹង​ឃើញ​វិមល​ភ័ក្ដ្រ​ព្រះ​ភាគិណៃ​ទាំង​ប្រាំ ព្រះ​រាជ​ជននី​សោត​ក៏​ចង់​យល់​ព្រះ​ភ័ក្ដ្រ​យុវតី​ស្រី​សុណិសា ប្រជាជន​ត្រៀម​ព្រម​គ្នា​ហើយ ដើម្បី​នឹង​ទទួល​ស្ដេច ។

ព្រះ​រាជា ទ្រុបទ មិន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​រឿង​ដែល​បាណ្ឌវ​កុមារ​នឹង​គ្នា​ត្រឡប់​ទៅ​ក្រុង​ហស្ថិនបូរ​វិញ តែ​នឹង​ទ្រង់​ហាម​ឃាត់​សោត មើល​ទៅ​ជា​ការ​មិន​គួរ ក្នុង​ទី​បំផុត​ក៏​ទ្រង់​អនុញ្ញាត​តាម​សុំ ។

បាណ្ឌព​កុមារ ព្រម​ដោយ​ព្រះ​ជននី នឹង​នាង ទ្រៅបទី ក៏​រៀបចំ​រាជ​ដំណើរ ស្ដេច​ដើរ​ផ្លូវ​ទៅ​ថ្កាន​ក្រុង​ហស្ថិនបូរ មាន​ទាហាន​នឹង​រាជ​បរិពារ​ជា​ក្បួន​ហែហម នឹង​មាន​ភ្លេង​ត្រែ​សង្ខ​តូរ្យតន្ត្រី​ប្រគំ​សូរ​សព្ទ​ទ្រហឹង​អឺងអាប់​ទៅ​តាម​មគ្គ​វិថី ។

កាល​មក​ដល់​ក្រុង​ហស្ថិបូរ មន្ត្រី​ខ្ញុំ​រាជការ​អ្នក​ធំ​ចេញ​មក​ទទួល​នៅ​ទ្វារ​ព្រះ​នគរ រាស្ត្រ​និករ​ទាំង​ពួង​ក៏​ជ្រើមជ្រួល​បបួល​គ្នា​មក​ទទួល​ស្ដេច​ជាទី​ស្រឡាញ់​របស់​គេ ដោយ​បីតិ​ដ៏​មាន​កម្លាំង​សឹង​ពុំ​អាច​នឹង​ទប់​ជើង​ឲ្យ​នឹង លុះ​ឮ​សូរ​កាំភ្លើង ទឹង ទឹង ដែល​គេ​បាញ់​ថ្វាយ​គំនាប់​ខ្ទរ​ទាំង​ពសុធា អ្នក​នគរ​ក៏​ចូល​ចិត្ត​បាន​ថា បិយ​ក្សត្រិយ៍​របស់​គេ​ចូល​មក​ក្នុង​​ខេត្ត​ព្រះ​នគរ​ហើយ សេចក្ដី​រីករាយ​របស់​រាស្ត្រ​ទប់​ជើង​មកន​នឹង បណ្ដា​ស្រី​ប្រុស ចាស់​ក្មេង តូច​ធំ ស្រោក​ស្ររ​ហូរហៀរ​ចេញ​មក ដើម្បី​ឃើញ​បាណ្ឌវ​ក្សត្រិយ៍ ។ នៅ​ទី​ព្រះ​រាជ​វាំង និង​តាម​ផ្លូវ​ថ្នល់ ដោត​រាជវ័ត ឆ័ត្រ​ទ្រង់​ព្រោងព្រាត នៅ​មាត់​ទ្វារ​និមួយ ៗ ក៏​សុទ្ធ​តែ​ប្រដាប់​ដោយ​គ្រឿង​សម្ដែង​សេចក្ដី​បដិសណ្ឋារ​ត្រេកអរ​ទទួល នឹង​ជា​ទី​ប្រដាប់​កិត្តិយស​នៃ​ខត្តិយ​រាជ លុះ​បាណ្ឌវ​កុមារ​ចូល​មក​ដល់​ទី​គាល់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ស្ដេច​ចុះ​ចាក​រាជ​បល្ល័ង្ក ត្រង់​មក​ឱប​ក្មួយ​រាល់​អង្គ​តាម​លំដាប់ បាណ្ឌវ​កុមារ​ក៏​ក្រាប​ទៀប​បាទ​យុគល​ទទួល​ពរ ព្រះ​រាជជិនី នឹង​ពួក​នារី​ដែល​មាន​បណ្ដា​ស័ក្ដិ​ខ្ពស់​ក្នុង​រាជ​សំណាក់​ក៏​ដូច​គ្នា នាំ​គ្នា​ទៅ​ទទួល ទ្រៅបទី ទ្រៅបទី​ក៏​ក្រាប​ចុះ​ទៀប​បាទ សម្ដែង​សេចក្ដី​គោរព​តាម​បែប​សុភាព​ស្ត្រី មើល​ទៅ​កិរិយា​មារយាទ និង​រូប​ឆោម​របស់​នាង​ជាទី​ត្រូវ​ព្រះ​ហឫទ័យ ព្រះ​រាជ​វង្សានុវង្ស​ក្សត្រី​ជា​យ៉ាង​ក្រៃពេក ពួក​ប្រយូររវង្ស​គ្រប់​ព្រះ​អង្គ ក៏​ស្រឡាញ់​ពេញ​ហឫទ័យ និង​សរសើរ​គុណ​សម្បត្តិ​របស់​នាង​ជា​អនេក​ប្រការ ។ ការ​ផ្សះផ្សារ​រវាង​ព្រះ​ញាតិ​ដែល​ឃ្លាត​គ្នា​ទៅ បាន​សះ​ជា​ព្រម​ព្រៀង​ឡើង​វិញ​ដោយ​ប្រការ​ដូច​នេះ មធុរ​កថា​របស់​ព្រះ​ចៅ ធ្ឫតរាស្ត្រ ក៏​ត្រាស់​ប្រលោម​លួង​ឲ្យ​សាមគ្គី​គ្នា​ទៅ​វិញ​ជា​ច្រើន​ប្រការ ទោះបី​មិនស្និទ្ធ​គ្នា​ដូច​អំពី​ដើម​ក៏​អង្គឺ​ក្ដី ទ្រង់​ប្រាស្រ័យ​នឹង​យុធិស្ឋិរ​ជា​ក្មួយ​ច្បង​ថា សេចក្ដី​អារិ​ចិត្ត​រវាង​ក្មួយ​និង​មា វេលា​នេះ រាប់​ថា​គ្មាន​ហើយ តទៅ​ខាង​មុខ​សុំ​ឲ្យ​មេត្រី​រវាង​រាជ​ត្រកូល​កុរុ និង​បណ្ឌុ​គប្បី​មាន​ដល់​គ្នា ដែល​ជា​ព្រះ​ញាតិ​ជីដូន​មួយ​គ្នា មា​សុខ​ចិត្ត​បែង​ផែនដី​ឲ្យ​ក្មួយ​ពាក់​កណ្ដាល ក្មួយ​នឹង​តាំង​រាជធានី​ឡើង​ថ្មី​ទៀត​នៅ​ខណ្ឌ​វបថ ឬ​នៅ​ទី​ដទៃ​ក៏​បាន ហើយ​ចូរ​គ្រប់គ្រង​អាណា​ចក្រ​របស់​ក្មួយ​ឲ្យ​ជា​សុខ​សម្រាន្ត​ភិយ្យោយស​ចុះ ។

អាស្រ័យ​ហេតុ​នេះ រាជ​អាណា​ចក្រ​ក្រហស្ដិនបូរ ទើប​ត្រូវ​ញែក​ជា​ពីរ​ភាគ ទុយោជន៍​រើស​យក​ខេត្រ​ផ្សេង ៗ ក្នុង​ទិស​បូព៌ ដែល​សម្បូណ៌​ទៅ​ដោយ​ផលា​ផល​ជា​សិទ្ធិ​របស់​ខ្លួន យុធិស្ឋិរ​បាន​ភាគ​ខាង​លើ ដែល​ជា​ទី​អរញ្ញ​ប្រទេស តោង​កាប់​គាស់​រាន​សាង​ជា​រាជធានី​ទីក្រុង​ឡើង ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៥៖ឥន្ទ្របថរដ្ឋ រាជអាណាចក្រថ្មី

ត​មក បាណ្ឌវ​ក្សត្រិយ៍​ទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​សាង​រាជធានី​ទីក្រុង​ថ្មី​នៅ​ខណ្ឌ​វបថ ផ្ដើម​កសាង​កាប់​គាស់​ឈើ​ព្រៃ ចូល​ចាំង​ជម្រះ​ដី ទី​ទួល​ឲ្យ​រាប​ទៀប​ស្មើ​ផ្ទៃ ស្រេច​ហើយ​នៃ ទើប​សាង​ព្រះ​រាជ​មន្ទីរ ព្រម​ទៅ​ដោយ​កំផែង​ដ៏​វិចិត្រ ហាក់​ដូចជា​ទេព​និម្មិត្រ​ក៏​ប្រហែល​គ្នា តាំង​នៅ​ឆ្នេរ​ទន្លេ​យមុនា​ខ្ពស់​ត្រដឹម​ស្កឹមស្កៃ លេច​កំពូល​ច្រូងច្រាង​ប្រាង្គ​លលៃ​គ្រប​ទៅ​លើ​ទន្លេ ជីក​ស្រះ​ជីក​គូ​នឹង​បន្លាយ​ជ្រលង​អូរ សម្រាប់​បង្ហូរ​ទឹក​ចេញ​ចូល​តាម​ត្រូវ​ការ ធ្វើ​ទាំង​ឱទ្យាន​សួន​ផ្កា និង​សួន​ច្បារ​ផលា​ផល​ជុំវិញ​ព្រះ​រាជ​មន្ទីរ​សុទ្ធ​សឹង​តែ​ព្រឹក្សា​លតា​ជាតិ​ដ៏​មាន​ផ្លែ​ផ្កា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យល់ មាន​ជ្រលង​ដង​ទឹក​ដ៏​ថ្លា ហូរ​អំពី​ទន្លេ​យមុនា​ចូល​ទៅ​ក្នុង​ឱទ្យាន ដក់​ទៅ​ក្នុង​ល្អាង​ដ៏​មាន​នៅ​ក្នុង​សួន​ជា​អន្លើ ៗ សម្រាប់​ចិញ្ចឹម​ឈើ​ព្រឹក្សា​លតា​ជាតិ​ឲ្យ​ស្រស់​ខ្ចី​ជានិច្ច មាន​ហ្វូង​រមាំង​ទ្រាយ​ទន្សាយ​ក្ដាន់​ជាដើម ដើរ​រក​ស៊ី​ស្មៅ​ក្នុង​ត្រិណុទ្យាន​ដ៏​ខៀវ​ខ្ចី​វិស័យ​ដូចជា​ព្រំ​ដ៏​វិចិត្រ មាន​ហ្វូង​បក្សី​នរ​ជាតិ ហិច​ហើរ​ឆ្វៀល​ឆ្វាត់​ចាប់​ព្រឹក្សា មយូរា​ដើរ​កែ​ក្រាយ​ក្បែរ​គុម្ព​ឈើ ខ្លះ​ទំ​លើ​មែក​ឈើ​ស្រសាស់​ស្លាប ក្ងោក​ប៉ោល​តោក​នូវ​សេក​ចាប យាស​យំ​កេបកាប​តាម​ភាសា សកុណា​ឆ្លាស់​ឆ្លើយ​រងំ​ព្រៃ ត្រូវ​នឹង​សម្លេង​រៃ​យំ​ងាំង ៗ ឮ​ហើយ​ភាន់​ភាំង​ឈាន​ឈប់​ឈរ​ស្ដាប់​សព្វ​បក្សី ។ អាស្រ័យ​លោក​សង្ខារ​តាក់តែង​ឡើង ដោយ​ធម្មតា​ឯង​ខ្លះ អាស្រ័យ​វិទ្យា​របស់​បុគ្គល​រចនា​ឡើង​ខ្លះ ឆោម​លំអ​នៃ​ធម្មជាតិ​ទាំងឡាយ​នោះ ទើប​ប្រមូល​មក​មាន​ព្រម​នៅ​ទី​នោះ ជាទី​សម្រាន្ត​រម្យ​រីករាយ​នៃ​អ្នក​ដ៏​ជា​ម្ចាស់ លុះ​សាង​ស្រេច​បាណ្ឌវ​ក្សត្រិយ៍​ក៏​ស្ដេច​ឡើង​គង់​វាំង​ថ្មី​តាម​វិធី​បុរាណ​សម្មត​នាម​ថា ឥន្ទ្របថ ព្រោះ​ល្អ​ប្រហែល​រម្យ​ស្ថាន​ក្នុង​ត្រៃត្រឹង្ស​ភព​របស់​សម្ដេច​អម្រិន្ទ្រាធិរាជ ។ គ្រា​នោះ​អ្នក​នគរ​ព្រម​គ្នា​អញ្ជើញ​យុធិស្ឋិរ​ឡើង​សោយរាជ​សម្បត្តិ​នា​ក្រុង​ឥន្ទ្របថ ដោយ​ម្លប់​ពោធិ​សម្ភារ​របស់​ព្រះ​អង្គ ប្រទេស​ក៏​ស្ដុកស្ដម្ភ​សម្បូណ៌​ឡើង​គ្រប់​យ៉ាង ប្រជា​រាស្ត្រ​នៅ​ជា​សុខ​ក្សេមក្សាន្ត​សព្វ​ទិវា​រាត្រី ឥត​មាន​ភិតភ៏យ​ដោយ​រឿង​អ្វី ទ្រង់​ផ្សាយ​ព្រះ​រាជាបុភាព​វាទ​ចេញ​ទៅ​បន្តិច​ម្ដង ៗ រឿយ ៗ ទៅ ទាល់​តែ​ឥន្ទ្របថ​រដ្ឋ​ធំ​ទូលាយ​ជាង​កំណត់​ដើម មិនមែន​តែ​មាន​ដែនដី​ធំ​ប៉ុណ្ណោះ នៅ​មាន​កម្លាំង​រេហ៍ពល​ដ៏​ក្លាហាន​ជា​អនេក ទ្រង់​នៅ​អំណាច​ឥស្សរ​ភាព​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសន​យ៉ាង​ស្រួច លុះ​ព្រះ​យុធិស្ឋិរ​ឃើញ​ថា ការ​ព្រះ​នគរ​បាន​ចម្រើន​ធំ​ទូលាយ​ដល់​ខ្នាត​ហើយ​ការ​គ្រប់គ្រង​ក៏​ខ្ជាប់ខ្ជួន​បរិបូណ៌​គ្រប់​យ៉ាង​ហើយ ទ្រង់​នៅ​ព្រះ​តេជានុភាព និង​ព្រះ​កិត្តិយស​ជា​មហា​រាជា ទ្រង់​ប្រាថ្នា​និង​ធ្វើ​ពិធី​សូយយ័ជនកម៌ ការ​បូជា​មហា​រាជ ដើម្បី​ប្រកាស​ឥស្សរ​ភាព​របស់​ទ្រង់ អ្នក​ជា​មហា​រាជា ឲ្យ​ប្រាកដ​ទៅ​ក្នុង​ពពួក​ក្សត្រី​នោះ​ដែរ​គ្រង​នគរ​តូច​តាច​នៅ​ជិត​ខាង​រាជ​រដ្ឋ​សីមា ទើប​ទ្រង់​ប្រើ​អនុជា​ទាំង ៤ អង្គ ឲ្យ​យាត្រា​ទៅ​ជាន់​ដែន​ប្រទេស​រាជ​ជិត​ខាង​អម្បាល​នោះ ដើម្បី​ប្រកាស​ឥស្សរ​ភាព​ជា​ក្សត្រិយ៍​ធំ​លើ​នានា​ប្រទេស​រាជ ពួក​ប្រទេស​រាជ​ដែល​ព្រម​ចុះ​ចូល ក៏​បាន​អញ្ជើញ​មក​ប្រជុំ​ក្នុង​ពិធី សូយយ័ជនកម៌ ចំណែក​ឯ​ប្រទេស​ដែល​រឹង​ទទឹង ឬ​តស៊ូ ក៏​ត្រូវ​ប្រហារ​ខ្ទេច​ទៅ ដែនដី​ក៏​ត្រូវ​រឹប​យក​មក​រួម​ជា​អាណា​ចក្រ​មហា​រាជា​ឥន្ទ្របថ ។ រាជ​សូយ​ពិធី​គ្រា​នេះ កើត​ផល​សម្រេច​យ៉ាង​ធំ​ក្នុង​ផ្លូវ​រដ្ឋ​ប្រសាសនោបាយ ធ្វើ​ឲ្យ​ព្រះ យុធិស្ឋិរ តាំង​មាំ​នៅ​ក្នុង​រាជ​សម្បត្តិ បាន​ផ្សាយ​រាជ​សម្បត្តិ​អាណា​ចក្រ​គ្រប​ទៅ​លើ​សាមន្តរាជ​តូច​ធំ​ទាំងឡាយ ជា​បច្ច័យ​ឲ្យ​ព្រះ​អង្គ​មាន​មិត្រ​មេត្រី នឹង​មហា​រាជា​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​លើ​ជា​ច្រើន​អង្គ ហើយ​ជួយ​ជ្ញជូន​ព្រះ​តេជានុភាព និង​កិត្តិ​ប្រវត្តិ​ឲ្យ​ខ្ចរខ្ចាយ​ទួទៅ​ក្នុង​នានា​ប្រទេស ។ ស្រេច​ការ​ពិធី​នេះ​ហើយ​មិន​យូរ​ប៉ុន្មាន ទុរយោជន៍​ព្រម​ដោយ​រាជ​បរិពារ និង​ព្រះ​សសុនិ ជា​បិតុលាធិរាជ​នៃ​គណៈ​ក្សត្រិយ៍​គោរព ស្ដេច​ទៅ​ប្រពាត​ឯ​នគរ​ឥន្ទ្របទ ដែល​ឧស្សាហ៍​ស្ដេច​ទៅ​ទាំង​ម៉្លេះ ដោយ​ព្រះ​ហឫទ័យ​ពេញ​ទៅ​ដោយ​សេចក្ដី​ឬស្យា ជាង​ទៅ​សម្ដែង​សេចក្ដី​ត្រេកអរ​ក្នុង​រឿង​សាង​រាជធានី​ថ្មី សារពើ​ដែល​ទ្រង់​បាន​ឃើញ សារពើ​ដែល​ទ្រង់​បាន​ស្ដាប់ សារពើ​ដែល​ទ្រង់​បាន​ប្រារព្ធ​ទៅ​ដល់ សុទ្ធ​តែ​ជា​គ្រឿង​រុញ​រុក​ឲ្យ​កើត​សេចក្ដី​ឬស្យា និង​អាឃាត​ឡើង នឹង​មើល​ភូមិ​ប្រទេស​ឥន្ទ្របទ​ក៏​ល្អ​ឯក​អស្ចារ្យ នឹង​មើល​ទៅ​មុខ​មាត់​ប្រជាជន ក៏​រីករាយ​ឆ្អែតឆ្អន់​ទៅ​ដោយ​សេចក្ដី​សុខ​សម្រាន្ត ព្រះ​រាជា​ណាចក្រ​រុងរឿង​សម្បូណ៌​ព្រម​ពេញ​ទៅ​ដោយ​របស់​ដ៏​មាន​តម្លៃ ជាទី​គួរ​មើល​គួរ​ឃើញ​របស់​ដែល​អស្ចារ្យ​បំផុត​ក៏​គឺ​ព្រះ​រាជ​វាំង ផុត​វិស័យ​ទុយោជន៍​នឹង​ប្រទះ​ឃើញ​ក្នុង​ទី​ដទៃ ការ​ដែល​ទៅ​ក្រុង​ឥន្ទ្របទ​គ្រា​នេះ សង្កេត​មើល​អាកប្ប​កិរិយា​ក៏​ដូចជា​ភ្ញៀវ​តាង​ប្រទេស​ទាំង​ពួង ដែល​គេ​តែង​ទៅ​កាន់​ប្រទេស​នានា​តាម​សព្វ​មួយ​ដង តែ​ក្នុង​ហឫទ័យ​ទុយោជន៍ ពេញ​ទៅ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​ដ៏​លើស​លន់ តែ​ទៅ​ដោយ​អំណាច​ដែល​មក​ឃើញ​របស់​ចំឡែក​អស្ចារ្យ​ដូច​នេះ ជាទី​ដឹក​ភ្នែក​ឲ្យ​មើល​ទាល់​តែ​ភ្លើន វេលា​ដែល​ទ្រង់​យាង​ទត​មហា​ស្ដាន ជួន​កាល​ព្រះ​សិរ​ទៅ​ប៉ះ​នឹង​ជញ្ជាំង ដែល​ខាត់​រលោង​ឡើង​ស្រមោល​ដូចជា​កញ្ចក់​ខ្ឌាំង ក្នុង​កាល​ដែល​ទ្រង់​ព្យាយាម​នឹង​យាង​ទៅ​ត្រង់​នោះ ដោយ​ស្មាន​ថា​ជា​ទី​ចន្លោះ​ដល់​ទៅ ១ កន្លែង​ទៀត ខណ​កាល​ទ្រង់​យាង​ពី​បន្ទប់ ១ ចូល​ទៅ​បន្ទប់ ១ ទៀត ទៅ​ប្រទះ​កន្លែង​បន្ទប់​ទឹក ប្រប៉ា1 ដែល​កំពុង​ខ្ពុល​បញ្ចេញ​សុគន្ធ​សា ៗ មាន​អាការ​ដូចជា​គ្រាប់​ភ្លៀង​ដ៏​ល្អិត ធ្លាក់​ចុះ​អំពី​ពិដាន​ស្រោច​ទទឹក​គ្រឿង​ទ្រង់​ជោក ដល់​ទៅ​មួយ​កន្លែង​ទៀត​ទ្រង់​លាត់​អង្ខើញ​ព្រះ​ភូសា ដោយ​សម្គាល់​ថា​ជា​ល្អាង​ទឹក តែ​ទឹក​នោះ​ជា​ផ្លូវ​ដើរ ជា​របស់​វិការ​ដោយ​ថ្វី​ដៃ​ជាង​ធ្វើ​បញ្ឆោត​ទុក ។ តែ​សេចក្ដី​ពិត មិនមែន​ជា​ពួក​បាណ្ឌវ​ក្សត្រិយ៍​បំណង​នឹង​ធ្វើ​លលេង ឬ​ធ្វើ​ដើម្បី​ឲ្យ​ទ្រង់​អាម៉ាស់​មុខ​នោះ​ទេ តែ​ទុយោជន៍​ឯង​មាន​សន្ដាន​ចិត្ត​ជា​បុគ្គល​ពាល ក៏​ចេះ​តែ​ចាំ​រើស​យក​រឿង​រញ៉ិករញុក​បន្តិច​បន្តួច​នេះ​ពូត​ឡើង​ជា​ដុំ ព្រោះ​ប្រទះ​ត្រង់​រឿង​ដែល​ទ្រង់​ល្ងើល​កាលណា ពួក​បាណ្ឌវ​ក៏​ទ្រង់​សម្រួល​កាល​នោះ ដោយ​អត់​មិន​បាន​ទ្រង់​សម្រួល​ឃឹក ៗ តាម​ភេទ​ជា​ញាតិ​ស្និទ្ធិ​មិនមែន​ជា​ទ្រង់​សម្រួល​ក្អាកក្អាយ​យ៉ាង​កញ្ជះ​គេ​នោះ​ទេ ទុរយោជន៍​នឹក​អៀន​ខ្មាស​ក៏​រក​រឿង​ចង​អាឃាដ​ទៅ​ឯង ប្រញាប់​ស្ដេច​ចេញ​មក​ពី​ទីក្រុង​ឥន្ទ្របទ លុះ​មក​ដល់​ព្រះ​នគរ ក៏​ទ្រង់​លើក​យក​រឿង​ដែល​បរិវិតក្ក​នោះ​មក​ប្រារព្ធ​នឹង​សកូនី​ជា​បិតុលា​ថា ៖ ទ្រង់​សកូនី ខ្ញុំ​ឈឺ​ចិត្ត​ណាស់ ពួក​បាណ្ឌវ​ជា​មនុស្ស​អាក្រក់​សល់​សែន បាន​ត្រៀម​ការ​ទុក​ធ្វើ​បាប​ខ្ញុំ ដោយ​ឧបាយ​ដ៏​លែប​ខាយ មាន​ទេវតា​ជា​ប្រធាន​ព្រះ​តុល គំនិត​របស់​គេ​គិត​តែ​មើល​ងាយ​ខ្ញុំ​ប៉ុណ្ណោះ សេចក្ដី​ប្រមាទ​មើល​ងាយ​អស់​នេះ ចត់​ល្វីង​ជាង​ខ្លឹម​ឈើ​ដែល​ល្វីង​ណាស់​ទៅ​ទៀត វា​តាំង​ចិត្ត​មើល​ងាយ​ប្រមាទ​គ្នា​មែន ៗ ហេតុ​នោះ​ពួក​វា​ទើប​ដើរ​តាម​ខ្ញុំ​ស្ររ ដូចជា​ឆ្កែ​តាម​ជើង​ដំរី ដើម្បី​នឹង​បាន​ឃើញ​ហេតុ​ភេទ​ដែល​វា​ក្លែង​ធ្វើ​ទត​គឺ​វា​ចាំ​មើល​តែ​ខ្ញុំ​ដែល​ភ្លាត់​ដួល​តិត​ដួល​តូង អារឿង​ដួល​វា​ក៏​សំខាន់​ណាស់​ដែរ ដូចជា​ធ្លាក់​អំពី​ទី​ខ្ពស់​រលាត់​ដៃ​ជើង​ទៅ​អស់​ក្រែល ព្រះ​រាជ​ហឫទ័យ​ព្រះ​ជនក​ខ្ញុំ​សោត​ក៏​ត្រជាក់​ល្ហិម ដោយ​ជរា​ភាព​បៀតបៀន ឥឡូវ​នេះ​ទ្រង់​មិន​អាច​នឹង​ត្រិះ​រិះ​កែ​បញ្ហា​ដែល​ជំពាក់​ទាក់​ទិន​នឹង​ជ្រៅ​សុខុម​នេះ​បាន តែ​ខ​នេះ​អស់​យើង​រាល់​គ្នា​ដែល​ជា​កូន​ប្រុស​មាន​ដៃ​មាន​ជើង​គ្រប់​បរិបូណ៌​មិន​ត្រូវ​មើល​បំណាំ ឬ​ទ្រង់​យល់​ដូចម្ដេច ព្រះ​ជន​លោក​ជរា​ណាស់​ហើយ ទ្រង់​ចាំ​តែ​ស្ដាប់​ទីប្រឹក្សា​យ៉ាង​អព្យាក្រិត ទើប​ឯ​ទីប្រឹក្សា​នោះ​សោត​និង​ទុក​ចិត្ត​វា ក៏​ដូចជា​ទុក​ចិត្ត​អសិរពិស អាពួក​ចង្រៃ​វា​លក់​ម្ចាស់​ឯង​ទ្រម វា​ទូល​ណែ​នាំ​ឲ្យ​ព្រះ​ជនក បែង​ព្រះ​រាជ​អាណា​ចក្រ​របស់​ខ្ញុំ​ឲ្យ​ទៅ​ពួក​បាណ្ឌវ​ពាក់​កណ្ដាល​ដែល​គេ​មិន​មាន​សិទ្ធិ ឬ​មុខ​ក្រសួង​និង​ត្រូវ​បាន​សោះ​ឡើយ ព្រះ​ជនក​លោក​គំនិត​ស្រាល​ណាស់ បើ​ប្រសិន​ជា​ត្រូវ​និរទេស​ចេញ​អំពី​ព្រះ​រាជ​វាំង​ទៅ​ម្ដង ប្រហែល​ជា​នឹង​ទ្រង់​ជ្រាប​ព្រះ​អង្គ​ថា ឱ​នេះ​ទោស​ព្រោះ​ចិញ្ចឹម​អសិរពិស​ទុក ១ ក្រោល​ធំ​នោះ​ឯង ខ្ញុំ​ពោល​មក​ទាំង​នេះ​ព្រោះ​ជា​ការ​ផ្ទុក​ផ្ទាល់​ខ្លួន ព្រះ​បិតុលា​ក៏​ឃើញ​នឹង​ព្រះ​នេត្រ​ស្រាប់​ហើយ​ថា ពួក​អធម៌​សេនាបតី​របស់​យើង បាន​កើប​កោយ​ព្រះ​រាជ​ទ្រព្យ​អំពី​ព្រះ​ឃ្លាំង ផ្ទុក​ផ្ទេរ​ទៅ​ឲ្យ​ចាក់​ទៅ​ឲ្យ​ពួក​បាណ្ឌវ​ប៉ុន្មាន ខ្ញុំ​មិនមែន​ជា​កូន​ស្រី និង​មក​ដេក​យំ​ហ៊‍ី ៗ តាម​សភាព​ជា​អ្នក​ចិត្ត​ទន់​នោះ​ទេ ខ្ញុំ​ចំ​ជា​កូន​ប្រុស​ខ្ញុំ​នឹង​ច្បាំង​ទាល់​តែ​ផុត​ដង្ហើម​អស្សាសបស្សាស​ជាទី​បំផុត តែ​ចង់​ក្របែល​អាពួក​ចង្រៃ​អប្បលក្សណ៍​អស់​នេះ​ជា​មុន ហើយ​នឹង​ងាប់​ទៅ​ក៏​តាម​ការ​ចុះ ខ្ញុំ​គ្នេរ​មើល​ឃើញ​ថា​កម្លាំង​កង​ទ៍ព​របស់​យើង​ក្នុង​វេលា​នេះ​ទន់​ណាស់ មិន​ល្មម​នឹង​ធ្វើ​ការ​ដណ្ដើម​ជ័យ​កណ្ដាល​យុទ្ធ​ភូមិ​ជា​មួយ​នឹង​សឹក ព្រោះ​វា​មាន​កម្លាំង​រឹង​រិទ្ធិ មាន​ទាំង​ពួក​សម្ពន្ធ​មិត្រ​ជិត​ខាង​ជំនួយ​ច្រើន​ផ្លូវ ឯ​សេចក្ដី​លំអ​រុងរឿង​ក្នុង​ប្រទេស​របស់​គេ ជា​គ្រឿង​ធ្វើ​ឲ្យ​រកាំ​ក្នុង​ភ្នែក​ខ្ញុំ​ណាស់ ស្មើ​ដូចជា​កន្ទុយ​ថ្លែន​ដែល​កើត​ក្នុង​ភ្នែក ខ្ញុំ​ចង់​តែ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស​ដូច​នេះ ខ្ញុំ​នឹង​មាន​អាយុ​រស់​នៅ សូម្បី​ដូច​ជីវិត​ក្អែក​ក៏​តាម​ការ​ចុះ ។ សកុនិ អង្គុយ​ស្ដាប់​រឿង​ផ្ដេសផ្ដាស​នេះ​រឿយ​ទៅ មិន​មាន​ឆ្លើយ​ឆ្លង​ថា​អ្វី​ដល់​មួយ​ម៉ាត់ ទាល់​តែ​ទុរយោជន៍​ពោល​ចប់​ចុះ គេ​ជា​ខ្ញុំ​រាជការ​ធ្លាប់​តែ​ប្រចិប​ប្រចែង​ម្ចាស់ ស្ទាត់​ក្នុង​ការ​អង្គុយ​ស្ដាប់​ស្ងៀម ៗ នឹង​ស្ទាត់​ក្នុង​ពិធី​ប្រតិបត្តិ​មិន​ឲ្យ​ទាស់​អធ្យាស្រ័យ​ម្ចាស់ កាល​ឃើញ​ទុរយោជន៍​ខ្ញាល់​នឹង​ពួក​ព្រះ​ញាតិ​ណាស់​ណា ជា​ឱកាស​នឹង​បំពេញ​ឡើង​ឲ្យ​ដល់​ការ​គេ​ក៏​ក្អែរ​ពិស​ដាក់​បន្ថែម​ឡើង​ឲ្យ​ម្ចាស់​រឹត​តែ​ក្ដៅ​ក្រហាយ​ឡើង​ជាង​មុន ។ ទ្រង់​មាន​បន្ទូល​នេះ​គាប់​ហើយ មើល​ទៅ​កម្រ​នឹង​កាច់​កម្លាំង​ពួក​បាណ្ឌវ​បាន ព្រោះ​ប្រទេស​តូច​ធំ​រាប់អាន​គេ តែ​ត្រង់​ដែល​ទ្រង់​ត្រាស់​ថា ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​ដោយ​សេចក្ដី​អប្បយស នោះ​ជា​ព្រះ​តម្រិះ​ដ៏​ខុស​សោះ សេចក្ដី​អប្បយស​ប្រៀប​ដូច​អាកាស​ធាតុ​ក៏​ថា​បាន មិនដូច​នោះ​ទេ ក៏​ដូចជា​មុខ​ដំបៅ​អាច​នឹង​រក្សា​ឲ្យ​សះ​ជា​ទៅ​បាន​ក្នុង​មិន​យូរ សេចក្ដី​គិត​មួយ​យ៉ាង​បាន​មក​ដុះ​ឡើង​ក្នុង​ចិត្ត​ខ្ញុំ នឹង​ទូល​ឲ្យ​ទ្រង់​ជ្រាប​ដោយ​ឧបាយ​មួយ​យ៉ាង​ឃើញ​បាន​ការ​ជា​ប្រាកដ គឺ យុធិស្ឋិរ ចូល​ចិត្ត​លេង​ស្កា​រមែង​ដឹង​ឮ​រាល់​គ្នា​ហើយ ចំណែក​ឯ​ខ្ញុំ​ទ្រង់​ក៏​ទ្រង់​ជ្រាប​ហើយ ដែល​ថា​ស្ទាត់​ក្នុង​ការ​ល្បែង​ស្កា​យ៉ាង​ម្ដេច យុធិស្ឋិរ នៅ​ទន់​ហត្ថ​ណាស់ ខ្ញុំ​អាច​នឹង​លេង​យក​ជ័យ​ជម្នះ​បាន​ដោយ​ឧបាយ​ទាំង​ពាន់​ផ្លូវ គឺ​ខ្ញុំ​នឹង​លេង​ដោយ​កូន​ស្កា​បង្កប់​សំណរ​ជន្លរ​ឲ្យ​បាន​ចិត្ត​ខ្លាំង​ឡើង ៗ ប្រមាណ​តែ​ត្រឹម​ពាក់​កណ្ដាល​ឡូ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ហោច​ទៅ​តែ​ម្ដង នឹង​លេង​ឲ្យ​អស់​សាច់​ឈាម​ទៅ​តែ​ម្ដង នឹង​រឹប​យក​ទាល់​តែ​កាន់​អម្បែង​ដើរ​សុំ​ទាន ឬ នឹង​រឹត​គាត់​ឲ្យ​តឹង​ជាង​នេះ​ទៅ​ទៀត​ក៏​បាន ដោយ​សន្យា​ថា អ្នក​ចេញ​ត្រូវ​ចេញ​ចាក​ព្រះ​នគរ​ទៅ​នៅ​ព្រៃ​កំសត់​អស់​វេលា ១២ ឆ្នាំ យើង​អាច​នឹង​លាង​សឹក​សត្រូវ​របស់​យើង​ឲ្យ​អបជ័យ​រលីង​ទៅ ដោយ​គំនិត​លែប​ខាយ​ឧបាយកល​ខាង​ក្នុង​ដូច​នេះ មិនមែន​ចេញ​មុខ​ច្បាំង​គ្នា​ក្ឌុងក្ឌាំង​បំផ្លាញ​គ្រឿង​យុទ្ធ​ភណ្ឌ​ទៅ​ទទេ ៗ នោះ​ទេ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៦៖ការលេងស្កាភ្នាល់យ៉ាងធំ

ឥឡូវ​នេះ​ទុរយោជន៍​នឹង​សកុនី បាន​រួម​គំនិត​គិត​ការ​ត្រៀម​ទុក​ព្រម​ស្រេច​ហើយ លំដាប់​នោះ ទុរយោជន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ក្រាប​ចុះ​យុគល​បាទ ទ្រង់​ព្រះ​កន្សែង​អាក់អួល​ទឹក​ព្រះ​នេត្រ​ស្រក់​ស្រស្រាក់​ស្រោច​ភក្ត្រា ព្រះ​រាជ​បិតា​ឃើញ​អាការ​កូន​សម្លាញ់​ដូច​នោះ ក៏​ត្រាស់​សួរ​ដល់​ហេតុ​ផល ។ ព្រះ​ជា​ម្ចាស់​លើ​ត្បូង​ចូល​ទ្រង់​ជ្រាប សេចក្ដី​ល្អ​នៃ​ក្រុង​ឥន្ទ្របទ​របស់​យុធិស្ឋិរ ជា​ជាង​ហស្ដិនបូរ​របស់​យើង ដែល​ល្បីល្បាញ​ពី​ណា​មក​ហើយ ជា​ច្រើន​ភាគ ទី​ព្រះ​ឃ្លាំង​របស់​គេ​ពេញ​ទៅ​ដោយ​មាស ប្រាក់ កែវកង ពេជ្រ និល​ចិន្ដា​ដ៏​មាន​តម្លៃ រដ្ឋ​សីមា​របស់​គេ​សុទ្ធ​សឹង​តែ​ប្រាសាទ​ច្រូង​ច្រាង​ច្រាល​រន្ទាល ហាក់បី​ដូចជា​យោង​យឺត​យក​អំពី​ស្ថាន​សួគ៌ មក​ប្រតិស្ថាន​ទុក​នៅ​ទី​នោះ​សម្បត្តិ​ទាំង​នេះ ដើម​ឡើយ​យើង​ជា​អ្នក​អប​លោក​ឲ្យ​គេ ឥឡូវ​នេះ​គេ​រុងរឿង​ហួស​មុខ​មាត់​យើង​ទៅ​ហើយ គេ​ធ្វើ​រឹក​ក្រអឺត​ក្រទម​មើល​ងាយ​យើង​យ៉ាង​អ្នក​ព្រៃ ព្រះ​ករុណា ទូល​ព្រះ​បង្គំ​ខ្ញុំ​ចាំ​ចង់​តែ​ស្លាប់​បង់ ជា​សេចក្ដី​ពិត​តាម​ប្រមាណ​មើល ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​តាម​ដែល​ទទួល​សេចក្ដី​ទោមនស្ស​ទាំង​នេះ គង់​ជា​មិន​មាន​ជីវិត​រស់​នៅ​រហូត​មក​បាន​ក្រាប​ទូល​រឿង​នេះ​ឲ្យ​ទ្រង់​ជ្រាប​ទេ តែ​គ្រោះ​ជា​ទ្រង់ សកុនិ បាន​ជួយ​បន្ទោរ​ទុក​អម្បាល​នេះ​ចេញ​ទៅ​បាន​ខ្លះ រាប់​ថា​ជា​ព្រះ​គុណ​យ៉ាង​ខ្ពស់​ទ្រង់​សម្ដែង​បំភ្លឺ​ឧបាយកល​យ៉ាង​ឯក​សម្រាប់​នឹង​កាច់​កិន​គូ​បរប័ក្ស​ក្រគួត​នឹង​យើង​ឲ្យ​រលើង​ក្ឌូង​ទៅ លេស​ខ​នោះ ទ្រង់ សកុនិ ឲ្យ​ប្រតិបត្តិ​ដូច​នេះ អញ្ជើញ​យុធិស្ឋិរ​មក​លេង​ស្កា​ភ្នាល់​គ្នា ពួក​យើង​ត្រៀម​ការ​ស្រេច​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​គេ​អមរាជ័យ​រាល់​ក្ដារ​ទៅ ត្រា​តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​របស់​ដែល​ខូច​ទៅ​ត្រឡប់​មក​វិញ គឺ​ថា​នឹង​យក​រាជ​អាណា​ចក្រ​ពាក់​កណ្ដាល ដែល​ចែក​ទៅ​ឲ្យ​គេ​មក​វិញ បើ​គ្រោះ​អាក្រក់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចាញ់​គេ​ក៏​តាម​យថាកម្ម ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សុខ​ចិត្ត​ទទួល​បាប​គ្រោះ​កម្ម​នោះ​ដោយ​តុណ្ណីភាព ឲ្យ​គេ​ជា​ព្រះ​រាជា​តែ​មួយ​អង្គ ជំនួស​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទាំងអស់​ទៅ​ចុះ ថា​បើ​មិន​ដូច​នោះ​ទេ ត្រូវ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​គ្រង​អាណា​ចក្រ​ទាំង​មូល ដោយ​មិន​ចាំ​បាច់​បែង​ប៉ាន់​ឲ្យ​អ្នក​ឯ​ណា​នីមួយ​តែ​ដែល​ឲ្យ​ធ្វើ​ធំ​ទាំង​ពីរ ផ្កាយ​ពីរ​ដួង​នឹង​ចរ​ទៅ​ក្នុង​រាសី​តែ​មួយ​ជា​មួយ​គ្នា​មិន​បាន​ព្រះ​ករុណា ។ ធ្ឫតរាស្ត្រ​ត្រាស់​តប កូន​សម្លាញ់​ឪពុក លោភ​កើត​ឡើង​ព្រោះ​ទោស ទើប​ឯ​ទោស​នោះ​សោត បាន​នឹង​សេចក្ដី​វក់​មួយ​រំពេច ៗ ប៉ុណ្ណោះ ម្ដេច​បា​បណ្ដាល​ឲ្យ​ភ្លើង​ពិរោធ​ចូល​មក​ដុត​រោល​ហឫទ័យ​របស់​បា​ឲ្យ​ក្រៀម​ក្រំ​ទៅ​ថ្វី ម្ដេច​បាន​ទើប​មក​គិត​យាយី​បង​ប្អូន​ឯង​ទៀត គេ​បាន​លំបាក​តោក​យ៉ាក​មក​ក៏​ល្មម​ហើយ ឲ្យ​គេ​នៅ​ជា​សុខ​ផង​ចុះ​កូន ការ​ស្វែង​រក​រឿង​ទៅ​លើ​អ្នក​មាន​អំណាច​នជស័ក្ដិ ក៏​ស្មើ​ដូចជា​ដាស់​រាជសីហ៍​ដែល​ដេក​លក់​ឲ្យ​ភ្ញាក់ អា​រឿង​ភ្នាល់​បា​កុំ​នាំ​មក​និយាយ​ឲ្យ​បិតា​ឮ បិតា​ស្អប់​ឈ្មោះ​បោះ​សម្លេង​វា​ណាស់ វា​ប្រាប់​ហេតុ​សេចក្ដី​វិនាស​នឹង​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ បិតា​ព្រឺ​ក្បាល​កាល​មក​គិត​នឹង​អនុញ្ញាត​ឲ្យ​បា​លេង​ស្កា​ភ្នាល់​គ្នា​នេះ តែ​ចូល​សួរ​វិទូរ​មើល គេ​នឹង​មាន​សេចក្ដី​ដូចម្ដេច​ក្នុង​រឿង​នេះ ។ វិទូរ មិន​បង្អង់​ឲ្យ​សួរ​ទាន់ ក្រោក​ឡើង​ឈរ​សុំ​រាជ​វរោកាស​ហើយ​សម្ដែង​សេចក្ដី​ឃើញ​របស់​គេ​ថា​ទេវ ព្រះ​អង្គ​រមែង​ទ្រង់​ជ្រាប​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មិន​ធ្លាប់​ជា​អ្នក​ប្រចុបប្រចែង​អ្នក​ណា សម្ដី​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ច្រើន​តែ​ឲ្យ​ទោស​ដល់​ទូល​ព្រះ​បង្គំ​វិញ​ជា​ញយ ៗ គ្រា​នេះ​ក៏​ទៀត ព្រោះ​លោក​ថា​ពាក្យ​ពិត​រែង​ស្លែង ទូល​ព្រះ​បង្គំ​តោង​សូម​ពោល​តាម​មតិ​របស់​ខ្លួន លោភ​ចិត្ត​របស់​ម្ចាស់​យើង ដែល​ទៅ​ដណ្ដើម​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​មក​ជា​របស់​ព្រះ​អង្គ​នោះ នឹង​នាំ​ឲ្យ​វិនាស​ទៅ​ឯង លេស​ដែល​ទ្រង់​គិត​បំណង​នឹង​ធ្វើ​ទៅ​នោះ សុទ្ធ​តែ​ហាយនកម្ម និង​អំណោយ​ផល​អាក្រក់​គួរ​ខ្លាច​ណាស់​ណា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ឃើញ​ថា​ជា​មុខ​ក្រសួង​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រូវ​តែ​ក្រាប​ទូល​ដាស់​តឿន​ព្រះ​សតិ​ទ្រង់​ព្រះ​ករុណា ។ សេចក្ដី​មិន​ពេញ​ព្រះ​ហឫទ័យ​ឲ្យ​លេង​ស្កា​ភ្នាល់ របស់​ព្រះ​រាជា​នឹង​ពាក្យ​យល់​ទាល់​របស់​វិទូរ​នេះ មិន​ធ្វើ​ឲ្យ​ទុរយោជន៍​រសាយ​មនោ​មាន​ទៅ​បាន ត្រឡប់​ជា​ទ្វេរ​សេចក្ដី​ឬស្យា​ឲ្យ​ចាស់​ក្លា​ឡើង ចំណែក​ឯ​យុធិស្ឋិរ​ជា​អ្នក​ប្រកប​ដោយ​គុណ​សម្បត្តិ​ផ្សេង ៗ ក៏​មែន​តែ​នៅ​ទន់ ១ យ៉ាង​គឺ​ត្រង់​សព្វ​ព្រះ​ហឫទ័យ​លេង​ស្កា ខ​នេះ​ជា​មារ​ដ៏​សំខាន់ ដែល​ព្រះ​អង្គ​មិន​អាច​នឹង​តស៊ូ​វា​បាន ។ កាល​ទ្រង់​ជ្រាប​ថា មាន​ល្បែង​ភ្នាល់​ស្កា​នៅ​ទី​ណា ក៏​តោង​ស្ដេច​ទៅ​ទត ឬ​ទៅ​លេង​ជា​មួយ​នឹង​គេ​នៅ​ទី​នោះ​ជា​ដរាប ព្រោះ​ហេតុ​នោះ ការ​ទុរយោជន៍​អញ្ជើញ​ទៅ​ក្រសាល​ការ​ភ្នាល់ ទ្រង់​ឃើញ​ជា​កិត្តិយស​មួយ​យ៉ាង គួរ​នឹង​ទទួល​អញ្ជើញ​ទៅ​ភ្នាល់​នឹង​គេ ទើប​ស្ដេច​ចេញ​ចាក​ឥន្ទ្របទ​បូរី នាំ​យក​ទាំង​ព្រះ​អនុជ​ទាំង ៤ នឹង​ព្រះ​ជននិ​ជរា​នឹង​ទ្រៅបទី ទៅ​ផង ។ ចាប់​លេង​ភ្នាល់​ស្កា ក្ដារ​ដំបូង យុធិស្ឋិរ ចាញ់​មួយ​ពាន់ ក្នុង​ក្ដារ​ត ៗ ទៅ​ក៏​ទន់​ជាង​គេ​ជា​ដរាប​ក្នុង​ថ្ងៃ​គ្រោះ​មិន​ល្អ​នោះ ថ្ងៃ​ព្រឹក​ឡើង​ទ្រង់​ក្រសាល​ទៀត ក៏​ចាញ់​គេ​ទៀត កាល​ចាញ់​ណាស់​ទៅ ក៏​កើត​ក្ដៅ​ក្រហាយ​ខ្លាំង​ឡើង ៗ មាស ពេជ្រ សេះ ដំរី រថ ទ្រង់​យក​មក​ដាក់​ភ្នាល់​នឹង​គេ​ទៀត លំដាប់​នោះ​ទ្រង់​យក​ព្រះ​រាជ​ទ្រព្យ​ក្នុង​ព្រះ​ឃ្លាំង​មក​តាំង​ភ្នាល់ រួច​អំពី​នោះ​ទ្រង់​យក​រាជ​អាណា​ចក្រ របស់​ទាំង​ពីរ​មុខ​នេះ​ក៏​រលាយ​ទៅ​តាម​គ្នា​ដូច​មុន ទោះ​ម្ល៉ឹង​ហើយ សេចក្ដី​ក្រហល់​ក្រហាយ​ក្នុង​ការ​ល្បែង​ក៏​មិន​មាន​ស្រាក ទ្រង់​លើក​យក​ព្រះ​អនុជ​ទាំង ៤ តាំង​ភ្នាល់ អស់​ព្រះ​អនុជ​ទាំង ៤ ដាក់​ព្រះ​អង្គ​ឯង​ទៀត ក្នុង​ទី​បំផុត​ដាក់​នាង ទ្រៅបទី ក៏​របូត​បាត់​ស្រមោល​ទៅ​ទៀត ជាទី​អប្បយស​អាម៉ាស់​មុខ​ជា​បំផុត ភីស្ម ទោណ និង វិទូរ មើល​តែ​ក្នុង​ចិត្ត​សែន​ស្លុត​សែន​សង្វេគ​វេទនា ចំណែក​ឯ កណ៌ ទុហសាសន និង​ពួក​អ្នក​គិត​កោង​អប្បល័ក្ខណ៍​ទាំង​ប៉ុន្មាន អង្គុយ​លេង ទឹក​មុខ​ញញឹម ដោយ​ឃើញ​ផ្លូវ​បាន​ប្រៀប​យ៉ាង​ធំ ដូច​មនោរថ​ហើយ ។ ទី​បំផុត​ដែល​ថា​រាប់​ឈ្នះ​ចាញ់​គ្នា ក៏​គឺ​ត្រឹម ទ្រៅបទី ទុរយោជន៍ ត្រាស់​ឲ្យ វិទូរ ទៅ​យក​ខ្លួន​នាង​មក​ក្នុង​បន្ទប់​ទី​ប្រជុំ​រដ្ឋ​មន្ត្រី ដោយ​ទ្រង់​យល់​ឃើញ​ថា វេលា​នេះ​នាង​មិនមែន​ជា​រាជិនី នាង​ធ្លាក់​ទៅ​ជា​ទាសី​ហើយ វិទូរ ក្រាប​ទូល​អង្វរ​ថា សុំ​ព្រះ​ហឫទ័យ​កុំ​ទ្រង់​ធ្វើ​ដល់​ម៉្លោះ​ដែល​នឹង​នាំ ទ្រៅបទី មក​កាន់​ទី​នេះ ជា​ការ​ប្រមាទ​មើល​ងាយ​នាង​ហួស​សម​គួរ ជា​ហេតុ​ឲ្យ​ពួក​បាណ្ឌវ​បណ្ដាល​ទោស​ខ្មួលខ្មាញ់​ឡើង​នឹង​កើត​ហេតុ​ធំ រឿង​នេះ​តែ​ខំ​ធ្វើ​រំលោភ​ទៅ សូម្បី​តែ​ទារក​ក្នុង​ប្រទេស​ឥន្ទ្របទ​ក៏​អត់​មិន​បាន ។ ទុរយោជន៍​ពោល​ពាក្យ​ទ្រគោះ​ឲ្យ វិទូរ ជា​ច្រើន ត្រាស់​ឲ្យ​រាជ​បុរស​ទៅ​កោះ​យក​ខ្លួន​នាង ទ្រៅបទី មក វិទូរ ជា​អ្នក​ស្លូត​សុចរិត​ដក​តែ​ដង្ហើម​ធំ​នឹង​គិត​តែ​ក្នុង​ចិត្ត​ថា ទុរយោជន៍​បោះបង់​ធម្ម​ចរិយា​ហើយ សេចក្ដី​ទុច្ចរិត​ជា​ផ្លូវ​ត្រង់​ទៅ​អបាយ ឥឡូវ​ទុយោជន៍ ក៏​កិល​នឹង​ចុះ​ទៅ​កាន់​ផ្លូវ​នោះ​ហើយ ។ គ្រា​នោះ​ទ្រៅបទី​ទេវី កំពុង​ប្រថាប់​នៅ​ក្នុង​បន្ទប់ បន្តិច​រាជ​បុរស​ទៅ​ដល់ បើក​ទ្វារ​ក្រាក​ចូល​ទៅ ទូល​ប្រវត្តិ​ហេតុ​ដល់​នាង​តាម​ព្រះ​រាជ​តម្រាស់ ទ្រៅបទី ធ្លាក់​ព្រះ​ហឫទ័យ​ក្តុក តែ​ដំកល់​សតិ​សម្បជញ្ញៈ​ទាន់ មាន​បន្ទូល​នឹង​សារ័ណ​ទូត អ្នក​មក​កោះ​ខ្លួន ថា​ម្នាល​នាយ ត្រៀច​យើង​បាន​ស្ដាប់​សំដី​អ្នក​ឯង​និយាយ​ដូច​នេះ​មែន​ឬ ព្រះ​រាជ​ស្វាមី​ត្រាស់​នឹង​អ្នក​ដូច​នេះ​ឬ1 ទ្រង់​អស់​ព្រះ​រាជ​ទ្រព្យ​ហើយ​ឬ ទើប​យក​ព្រះ​រាជិនី​ទៅ​ដាក់​ភ្នាល់​នឹង​គេ ទ្រង់​វិកល​ព្រះ​សតិ​ទៅ​ហើយ​ឬ ។ ព្រះ​រាជ​ទ្រព្យ​អស់​ហើយ​ក្រាប​ទូល ព្រះ​ចៅ យុធិស្ឋិរ បង់​ខាត​សព្វ​សារពើ​ដែល​នៅ​ក្នុង​សេចក្ដី​គ្រប់គ្រង​របស់​ខ្លួន រហូត​ដល់​មកុដ ព្រះ​អនុជ ព្រះ​រាជិនី ។ល។ ទាំងអស់​ហើយ ។ ទ្រៅបទី ក្រោក​ឈរ​មាន​សវនិយ​ដោយ​ទោស, ថា ។ បើ​ព្រះ​រាជា​របស់​យើង​ដាក់​ព្រះ​អង្គ​ជា​របស់​សម្រាប់​ភ្នាល់​នឹង​គេ អំពី​ដើម​ទី​ទៅ​ហើយ​សោត ព្រះ​អង្គ​ក៏​ក្លាយ​ទៅ​ជា​ទាសៈ​គេ​មួយ​រំពេច​ទៅ​ហើយ ពី​ត្រឹម​នោះ​មក​ព្រះ​អង្គ​មិន​មាន​អំណាច​នឹង​មក​យក​ខ្លួន​យើង​ទៅ ដាក់​ភ្នាល់​ទៀត​ឡើយ ព្រោះ​ហេតុ​ថា​ធម្មតា​ជាតិ​ជា​ខ្ញុំ​គេ​រមែង​គ្មាន​ទ្រព្យ​សម្បត្តិ នឹង​មិន​មាន​អំណាច​នឹង​លក់​ដូរ​របស់​អ្វី​បាន ព្រោះ​ហេតុ​នោះ គាត់​ចូល​នាំ​ពាក្យ​នេះ​ទៅ​ក្រាប​ទូល​ព្រះ​ភស្ដា​របស់​យើង​ថា គ្មាន​អ្នក​ណា​មាន​អំណាច​ត្រូវ​បាន​ទ្រៅបទី ។ រាជទូត​ត្រឡប់​ទៅ​ដល់​ទី​ប្រជុំ​របស់​រដ្ឋ​មន្ត្រី ក៏​នាំ​សម្ដី​ប្រជួស​ប្រសោក​របស់​នាង​ក្រាប​ទូល​ទុរយោជន៍ ទុរយោជន៍​ក៏​ខ្ញាល់​ណើង​ដូច​ភ្លើង​អគ្គិសនី ត្រាស់​ប្រើ​ទុហសាសន​ជា​អនុជ ឲ្យ​ទៅ​អូស​យក​នាង​មាត់​រឹង​មក​គាល់​ជា​ឆាប់ ។ ទុហសាសន​ទៅ​ដល់​ដំណាក់ ចូល​ទៅ​ក្នុង​បន្ទប់​ទ្រៅបទី ថ្លែង​ព្រះ​រាជ​ឱង្ការ​ថា ឱ​ក្សត្រ​បញ្ចាល​ព្រះ​នាង​ត្រូវ​គេ​យក​ទៅ​ដាក់​ភ្នាល់ ឥឡូវ​នេះ​ព្រះ​នាង​ធ្លាក់​ទៅ​ជា​របស់​នៃ​អ្នក​ឈ្នះ​ហើយ សម្ដេច​ព្រះ​ជេដ្ឋា​ទុរយោជន៍ មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​គាល់​ព្រះ​អង្គ ដែល​ជា​ម្ចាស់​ម្នាយ​របស់​នាង អំពី​នេះ​ជាដើម​ទៅ​នាង​ធ្លាក់​ទៅ​ជា​បាទ​បរិចារិការ​របស់​ព្រះ​អង្គ​ហើយ ។ ទ្រៅបទី​ទេវី បាន​ស្ដាប់​ពាក្យ​ប្រមាថ​មើល​ងាយ​នេះ ព្រះ​កាយ​ញ័រ​ចំប្រប់ ដោយ​សេចក្ដី​ខ្លាច និង​ក្រោធ​ក្រៃពេក នាង​យក​ព្រះ​ហស្ថ​បាំង​ព្រះ​ភ័ក្ដ្រ​មិន​ឲ្យ​ទុហសាសន​ឃើញ​អាការ​ដែល​វិការ​ទៅ ព្រះ​ហឫទ័យ​ញ័រ​តឺក ៗ រញ្ជួយ​ទាំង​សកល​កាយ ខណៈ​នោះ នាង​ស្ទុះ​ចេញ​អំពី​កន្លែង ព្យាយាម​នឹង​រត់​ចេញ​ទៅ​ខាង​ក្រៅ តែ​ទុហសាសន​កំណាច​អប្រិយ៍​ក៏​ចាប់​កន្ត្រាក់​កេសា​របស់​នាង​អ្នក​រន្ធត់​អស់​អង្គ ហាក់បី​ដូចជា​ស្លឹក​ព្រឹក្សា​ខ្ចី​ត្រូវ​ព្រះ​ពាយ​បក់​បោក​មក អូស​យក​ទៅ បី​ដូច​ជា​យម​បាល​អូស​សត្វ​នរក នាង​លុត​ជង្គង់​អង្វរ​ទុហសាសន​ថា អើ​អ្នក អ្នក​កុំ​មក​ប៉ះ​ពាល់​កាយ​ខ្ញុំ​ដោយ​ដៃ​របស់​អ្នក ដែល​មាន​បន្ទឹល​ជាប់ អ្នក​ក៏​រមែង​ជ្រាប​ហើយ​ថា សក់​របស់​ស្ត្រី​ស័ក្ដិ​សិទ្ធិ សុភាព​ស្ត្រី​កាល​មាន​គ្រឿង​តែង​កាយ​រយីករយាក​ដូច​នេះ នឹង​ទៅ​រក​អ្នក​ធំ​ម្ដេច​បាន តែ​ទុហសាសន​ជា​មនុស្ស​ប្រកប​ដោយ​និស្ស័យ​របឹង​រឹង​រុស មិន​ព្រម​ស្ដាប់​ពាក្យ​នាង​អង្វរ គេ​តប​នាង​ថា នាង​មាន​គ្រឿង​បិទ​បាំង​កាយ​ក្ដី អាក្រាត​កាយ​ក្ដី យើង​មិន​ទទួល​ដឹង នាង​ត្រូវ​តែ​ដើរ​តាម​យើង​ជា​ឆាប់​បង្អង់​យឺត​យូរ​មិន​បាន ។ គ្រា​នោះ​ទ្រៅបទី​ទោះបី​មិន​ស្ម័គ្រ​នឹង​ទៅ ក៏​តោង​ទៅ​ទាំង​រយីករយាក សក់​របូត​រលូត​ក្រញ៉ាញ់​ក្រញ៉ាស់ ព្រោះ​ត្រូវ​ចាប់​អូស​ដោយ​កំហល់​កំហែង ព្រះ​នេត្រ​ពេញ​ទៅ​ដោយ​អស្សុជល​ស្រក់​សស្រាក​ស្រោច​ភ័ក្ដ្រា​សុតា​ស្ត្រី ទ្រៅបទី​ទៅ​ដល់​ទី​ចំពោះ​ព្រះ​ភ័ក្ដ្រ​អ្នក​ធំ​ទាំងឡាយ នាង​ក៏​អភិប្រាយ​សុំ​ទោស​អ្នក​ធំ​ជា​មុន​ថា បពិត្រ​លោក​ទាំងឡាយ​ដ៏​ចម្រើន សូម​លោក​ឲ្យ​អភ័យ​ដល់​ខ្ញុំ​ដែល​បាន​ឈាន​ចូល​មក​ក្នុង​ទី​ប្រជុំ​នេះ ទាំង​គ្រឿង​ស្លៀកពាក់​ដ៏​មិន​គប្បី ។ ភីស្ម ទោណ និង​អ្នក​ធំ​ឯ​ទៀត​ជា​ច្រើន កាល​ក្រឡេក​ទៅ​ឃើញ​ទ្រៅបទី ក៏​ដាក់​ភ័ក្ដ្រ​ជ្រប់​ដោយ​សេចក្ដី​អៀន​ខ្មាស​ជួស​នាង និង​អាសូរ​ដល់​នាង​ជា​ពន្លឹក តែ ទុរយោជន៍ អ្នក​មាន​និស្ស័យ​របឹង ឥត​អាសូរ​ដ៏​តិច​សោះ ស្រែក​បង្គាប់​ដោយ​សេចក្ដី​វក់​ថា ទុហសាសន ចូល​សម្រាត​សំពត់​នាង​ចេញ​ឲ្យ​ដល់​ស្បែក សម្រាត​ឲ្យ​រលីង​ទាំង​ខ្លួន ឲ្យ​បង​សម្លឹង​មើល​ឆោម​ឆវី​របស់​ក្នុង​យាម​អាក្រាត​កាយ​រនល​នេះ​ម្ដង ។ ការ​លាមក​ឥត​ខ្មាស​ដូច​នេះ ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​ទី​ប្រជុំ​នោះ បណ្ដាល​ឆុល​ឆួល​ទោស​ឡើង​តែ​រាល់ ៗ គ្នា ទាល់​តែ​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​ពួក​នោះ យក​ដៃ​ទៅ​ចាប់​ក្ដាប់​ដង​ក្រប៊ី ក៏​កិរិយា​ដែល​គេ​យក​ដៃ​ទៅ​ចាប់​ដង​គ្រប៊ី មើល​ទៅ​ហាក់​ដូច​ជា​ធ្វើ​ទោស​ចិត្ត​របស់​គេ ឲ្យ​ធូ​រសាយ​ទៅ​បាន ខ្លះ​បាត់​ណែន​ក្នុង​ដើម​ទ្រូង​គ្រាន់​បើ ។ ដោយ​សន្ដាន​ចិត្ត​ជា​បុគ្គល​ពោល​ជ្រោក​ជ្រាក ប្រាស​ចាក​មេត្តា ទុហសាសន បាន​ចូល​ទៅ​បោច​រោច​សម្រាត​សំពត់​អាវ​ទ្រៅបទី តាម​បង្គាប់​ព្រះ​ជេដ្ឋា ទ្រៅបទី​ស្រែក​ថា ចូរ​ស្ដាប់​ខ្ញុំ​ម្ចាស់​ផង លោក​អ្នក​ធំ​ទាំងឡាយ លោក​ក៏​មាន​ភរិយា និង​បុត្រី​ដូច​គ្នា លោក​នឹង​បណ្ដោយ​ឲ្យ​ស្រី​អ្នក​មាន​ព្រហ្ម​ចរិយ ត្រូវ​គេ​កំហែង​លេង​នៅ​មុខ​អស់​លោក​ដូច​នេះ​ឬ ចូល​ជួយ​ខ្ញុំ​ម្ចាស់​ផង​ព្រះ​អង្គ ចូល​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​អាសអាភាស​អស់​នេះ​ផង​ព្រះ​គុណ ស្ងាត់​ទៅ​មួយ​ស្របក់ ទ្រៅបទី​ស្រែក​ម្ដង​ទៀត​ថា ម្ដេច​ស្ងៀម​ស្ងាត់​រាល់​គ្នា​ដូច​នេះ គ្មាន​នរណា​និមួយ​ក្នុង​ពួក​លោក​លើក​អង្គុលី​ឡើង​ការពារ​សមាន​ស័ក្ដិ​នៃ​ស្ត្រី​ដ៏​រក​មន្ទិល​គ្មាន​នេះ​ហើយ​ឬ សេចក្ដី​ល្បី​ខ្ចរខ្ចាយ​ជាតិ​របស់​គុរុ កិត្តិគុណ​ចាស់​របស់​ភាតរវង្ស​សាប​សូន្យ​អស់​ទៅ​ហើយ​ឬ ក្សត្រិយ៍​ទាំងឡាយ​លើក​លែង​ជា​អ្នក​ចម្បាំង​ហើយ​ឬ ស៊ូ​នាំ​គ្នា​អង្គុយ​មើល​ការ​លាមក​ដូច​នេះ​បាន​ឬ​ហ្ន៎ ។ ភីស្ម ក្រោធ​មុខ​ឡើង​ក្រហម ទោណ ខាំ​មាត់ ក្ដាប់​ដៃ​ប្រុង​នឹង​ដាល់ វិទូរ ថ្ងូ​ហឺ ៗ យក​ចិត្ត​ជួយ ចំណែក​ឯ ភីម ជា​អនុជ​យុធិស្ឋិរ​គ្រវី​ដំបង​ស្រែក​ប្រកាស​ជា​ពាក្យ​ស្បថ​ថា នឹង​ហុត​ឈាម ទូហសាសន ហើយ​នឹង​យក​ជីវិត ទុរយោជន៍ ឲ្យ​បាន ដោយ​ដំបង​នេះ​មុន​ថ្ងៃ​ដែល​ខ្លួន​គេ​ស្លាប់ ។ ទុរយោជន៍​ធ្វើ​ឫក្ស​សម្ដែង​អំណាច​យ៉ាង​សម្បើម​ដោយ​មាន​ជ័យជំនះ បែរ​មក​ត្រាស់​នឹង​យុធិស្ឋិរ​ថា ទ្រង់​ចូល​ពោល​ដោយ​ពិត​មក​មើល ព្រោះ​ទ្រង់​តែង​តែ​ពោល​ពាក្យ​ពិត​រាល់​វេលា ទ្រង់​បង់​រាជ​អាណា​ចក្រ បង់​អនុភាតា បង់​ខ្លួន​របស់​ទ្រង់ មិន​បង់​តែ​ប៉ុណ្ណោះ​បង់​ទាំង​មហេសី​មក​ខ្ញុំ​មែន​ឬ​មិន​មែន យុធិស្ឋិរ​មិន​ហើប​មាត់ ចំណែក​ឯ​កណ៌ នឹក​អស់​សំណើច​ក៏​សើច​កាក តែ ភីស្ម អង្គុយ​សម្រក់​ទឹក​ភ្នែក​ព្រិច ៗ មិន​មាន​ពោល​ថា​ម្ដេច​សោះ ។ វេលា​នោះ ព្រះ​ចៅ​ធ្ឫតរាស្ត្រ កំពុង​ប្រថាប់​នៅ​ក្នុង​ព្រះ​រាជ​វាំង​មិន​បាន​ទ្រង់​ជ្រាប​ហេតុ​ទេ ដែល​កើត​ឡើង​ក្នុង​ទី​ប្រជុំ​រដ្ឋ​មន្ត្រី​នោះ​ឡើយ ព្រាហ្មណាចារ្យ​ទាំងឡាយ​កំពុង​ស្វធ្យាយ​វទធម៌​វត្ត​ល្ងាច ខណៈ​នោះ​ទ្រង់​ឮ​សម្លេង​សិង្គាល (ឆ្កែ​ចចក) លូ​ក្នុង​ព្រៃ​ប្រាប់​ហេតុ​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ ទ្រង់​ក៏​ធ្លាក់​ព្រះ​ហឫទ័យ​ក្ដុក ព្រះ​កាយ​ញ័រ​ទ្រិច ៗ មួយ​ស្របក់​វិទូរ​ទៅ​ដល់​ក្រាប​ទូល​ប្រវត្តិ​ហេតុ​តាម​ដែល​ ទុរយោជន៍ ក៏​ឡើង កាល​ទ្រង់​ជ្រាប​ហេតុ​អប្បមង្គល​ដូច​នោះ ហើយ​ក៏​ទ្រង់​ព្រះ​កន្សែង​ត្រាស់​ព្រះ​សូរ​សៀង​ញ័រ​រន្ធត់​ថា អាកូន​កម៌ វា​ធ្វើ​ឲ្យ​ព្រះ​រាជា ទ្រុបទ បាន​នូវ​សេចក្ដី​អាសអាភាស​ហើយ ដោយ​ប្រមាទ​មើល​ងាយ​ធីតា​របស់​គេ​ដ៏​ជា​វិសុទ្ធិ​កន្យា សុំ​ពាក្យ​ភាវនា​របស់​បិតា​អ្នក​កំពុង​តែ​ព្រួយ​សោក​ទុក្ខ​នៅ​វេលា​នេះ ចូល​អភិបាល​ការពារ​ភយន្តរាយ​នៃ​ព្រះ​ជា​ម្ចាស់​ដ៏​ជា​ធំ​ក្នុង​ស្ថាន​សួគ៌ តាម​ដែល​បាន​ឮ​ក្នុង​ហេតុ​ភេទ​អាក្រក់​នោះ​ចុះ ។ គ្រា​នោះ​មាន​អ្នក​នាំ​ស្ដេច​ទៅ​រក​នាង​ទ្រៅបទី ទ្រង់​ត្រាស់​នឹង​នាង​ថា ម្នាល​បុត្រី​វិសុទ្ធិ​រាជា នាង​ជា​ទី​សម្លាញ់​ដួច​ដួង​ហឫទ័យ​របស់​បិតុល អនិច្ចា​បុត្រ​របស់​ធំ​បាន​ធ្វើ​សេចក្ដី​កំហឹង​ដល់​នាង​ជា​ទម្ងន់ នាង​ចូរ​ឲ្យ​អភ័យ​ដល់​វា​ផង​ចុះ នឹង​សុំ​ទោស​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​កុំ​ឲ្យ​ធ្លាក់​លើ​ត្បូង​របស់​វា ក្មួយ​សម្លាញ់​របស់​ធំ នាង​នឹង​ប្រាថ្នា​អ្វី​ធំ​នឹង​ប្រទាន​ឲ្យ​នាង​គ្រប់​យ៉ាង ។ ទ្រៅបទី​ពោល​ពាក្យ​ថ្វាយ​ជ័យ​ដល់​ព្រះ​រាជា អ្នក​ទ្រង់​នូវ​មេត្តា​គុណ​នឹង​ទូល​សុំ​សេចក្ដី​មេត្តា​ប្រោស​ជួយ​ឲ្យ យិធិស្ឋិរ រាជ​ស្វាមី​រូច​ចាក​ភាវៈ​ជា​ទាសៈ ទ្រង់​ក៏​ប្រទាន​ឲ្យ​រួច​មួយ​រំពេច​ព្រះ​ចៅ​ធ្ឫតរាស្ត្រ សុំ​ឲ្យ​ទេវី​សម្ដែង​សេចក្ដី​ប្រាថ្នា​យ៉ាង​ដទៃ​តទៅ​ទៀត នាង​ក្រាប​ទូល​សុំ​ឲ្យ​បាន សេះ រថ អាវុធ របស់​គេ​មក​វិញ សេចក្ដី​ប្រាថ្នា​គ្រា​ទី​ពីរ​នេះ​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ក៏​ទ្រង់​ប្រទាន​ឲ្យ​ជា​យ៉ាង​ឆាប់ ហើយ​សុំ​ឲ្យ​នាង​សម្ដែង​សេចក្ដី​ប្រាថ្នា គ្រា​ទី​បី​តទៅ ទ្រៅបទី​ក្រាប​ទូល​ថា ខ្ញុំ​ម្ចាស់​ជា​ធីតា​ក្សត្រិយ៍ ខ្ញុំ​ម្ចាស់​អស់​ប្រាថ្នា​របស់​ដទៃ​ទៀត​ហើយ ប្រាថ្នា​តែ​ពីរ​ដង​ប៉ុណ្ណេះ​ក៏​ល្មម​ហើយ នឹង​ប្រាថ្នា​សព្វ​សារពើ​មិន​គួរ​ព្រះ​ករុណា ។ បាណ្ឌវ​ក្សត្រិយ៍ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ឥន្ទ្របទ​វិញ វេលា​ចេញ​ទៅ​អំពី​ក្រុង​ហស្ដិនបូរ ទុរយោជន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ទូល​បន្ទោស​ព្រះ​រាជ​បិតា ដោយ​សេចក្ដី​ពិរោធ​ថា ល្អង​ធុលី​ព្រះ​បាទ អនុញ្ញាត​ឲ្យ​ពួក​បាណ្ឌវ​ទាំង ៥ រួច​ទៅ​ជា​សុខ គេ​គិត​តែ​នឹង​ធ្វើ​សង្គ្រាម​សង​សឹក​យើង ព្រោះ​ហេតុ​នោះ​សុំ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ភ្នាល់​ស្កា​នឹង​គេ​មួយ​ក្ដារ​ទៀត ហើយ​កំរិត​ដែល​នឹង​ភ្នាល់​ម្ដង​នេះ​ដូច​នេះ អ្នក​ចាញ់​តោង​ត្រូវ​និរទេស​ទៅ​នៅ​ព្រៃ​កំណប់ ១២ ឆ្នាំ រួច​អំពី​នោះ​ត្រូវ​ពួន​មុខ​នៅ​ក្នុង​ទី​សន្ដោស ១ ឆ្នាំ​ទៀត យើង​អាច​នឹង​ចៀសវាង​សឹក​សង្គ្រាម​បាន ដោយ​ឧបាយ​យ៉ាង​នេះ​ប៉ុណ្ណោះ ។ ព្រះ​រាជា​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ទន់ ក៏​បណ្ដោយ​តាម​រាជ​ឱរស​ត្រាស់ បង្គាប់​ឲ្យ​រាជ​ឱរស​ទៅ​តាម​បាណ្ឌវ​ក្សត្រិយ៍​អម្បាល​នោះ ត្រឡប់​មក ចាប់​ផ្ដើម​លេង​ស្កាភ្នាល់​ម្ដង​ទៀត យុធិស្ឋិរ និង សកុនិ អង្គុយ​ទល់​មុខ​គ្នា ចាប់​លេង​ទៅ​តាម​តម្រិះ ហើយ​នឹង​ប្រុង​ជើង​នឹង​យក​ប្រៀប​ដោយ​សព្វ​ខ្លួន សកុនិ​យក​កូន​ស្កា​បង្កប់​សំណរ​មក​លេង​ទៀត យុធិស្ឋិរ​ក៏​ចាញ់​ទៅ​ទៀត​ដូច​ដែល ក្នុង​ទី​បំផុត​ព្រះ​អង្គ​នឹង​អនុភាតា​ព្រម​ដោយ​ទ្រៅបទី ក៏​ត្រូវ​ទទួល​សេចក្ដី​អបរាជ័យ​ដ៏​ជា​ផល​នៃ​ល្បែង​ស្កា គេ​និរទេស​ចេញ​ចាក​និវេសន៍​មហា​ស្ថាន ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៧៖ការនិរទេសបាណ្ឌវក្សត្រិយ៍

បាណ្ឌវ​ក្សត្រិយ៍ បង​ប្អូន​ទាំង​ប្រាំ​អង្គ ព្រម​ដោយ​ទ្រៅបទី​ទេវី ត្រូវ​គេ​និរទេស​ចាក​ភារា ក៏​ស្ដេច​នាំ​គ្នា​លីលា​ចាក​ក្រុង​សន្សឹម ៗ ទៅ​បែរ​ព្រះ​ភក្ដ្រ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស​ដែន​ព្រៃ ព្រះ​ភក្ដ្រ​ស្លក់​ស្លាំង ព្រះ​ឱស​ស្ងួត​ក្រៀម ព្រះ​នេត្រ​អាប់​ឥត​រស្មី អ្នក​ដែល​ប្រទះ​ឃើញ​ស្ដេច​តាម​ផ្លូវ តាម​ព្រៃ ក៏​ដក​ដង្ហើម​ធំ​រាល់ ៗ គ្នា ស្ដេច​នាំ​គ្នា​យាត្រា​តត្រុក​ទៅ​មិន​មាន​ចរចា ហាក់​ដូចជា​ថា បើ​ព្រះ​ឱស្ឋ​ចេញ​ទៅ​សោត ក្រែង​ហួស​កម្លាំង ហឫទ័យ​នឹង​ទទួល​ទ្រាំ​ទ្រ​បាន នៅ​វេលា​មួយ​នោះ ទើប​មួយ​អង្គ​ក្នុង​ពួក​នោះ មាន​បន្ទូល​ចេញ​មក​ថា អរជុន​ក្នុង​រវាង​នេះ​ទៅ​ទល់​នឹង​វេលា​ដែល​ខ្ញុំ​បាន​ឃើញ​ក្បាល​ទុរយោជន៍​ដោត​នៅ​ចុង​ព្រះ​សែង​ធួន​នេះ ខ្ញុំ​នឹង​មិន​បាន​នូវ​សេចក្ដី​ស្ងប់​នឹង​សុខ​ជា​ដាច់​ខាត ។ សហទេព ក៏​គិត​ឃើញ​ប្រហែល​គ្នា ទើប​ឆ្លើយ​ឆ្លង​សំដី​ប្រណិធាន​របស់​ខ្លួន​ទៅ​ថា ខ្ញុំ​នឹង​មិន​តម្លោះ​ធ្នូ​នេះ ត្រា​តែ​ព្រួញ​ធ្នូ​នេះ​បាន​ស៊ី​សាច់​ផឹក​ឈាម អាចោរ​កំណាច អម្បាល​នោះ​ជា​មុន​សិន ។ អង្គ​ទី​បួន នឹក​ក្ដៅ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ចង់​ពោល​ពាក្យ​សម្បថ​ទុក​ជា​ច្រើន​យ៉ាង ទើប​លើក​ព្រះ​ហស្ថ​ដ៏​មាំ​ឡើង​ពោល​ថា ដៃ​នេះ​នឹង​មិន​សម្រាក​ឲ្យ​សប្បាយ ត្រា​តែ​លាង​អា​ពួក​កំណាច​ចិត្ត​ទមិឡ ឲ្យ​រលីង​ទៅ​អំពី​ផែន​ធរណី ។ ចំណែក​ឯ​យុធិស្ឋិរ មិន​ត្រាស់​ថា​ដូចម្ដេច​ឡើយ ដាក់​ព្រះ​ភក្ដ្រ​ស្រងូត ខណៈ​ដែល​អនុភាព​តាំង​សេចក្ដី​បំណង​ទុក​ផ្សេង ៗ គ្នា ព្រះ​អាការ​មើល​ទៅ​ស្រងូត ពេញ​ទៅ​ដោយ​សេចក្ដី​ជញ្ជឹង​ដូចជា​មិន​ដឹង​ជា​មាន​ហេតុ​ការណ៍​អ្វី​ខាង​ក្រៅ ចំពោះ​ដឹង​តែ​ហេតុ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ស្ដេច​ដំណើរ​ទៅ​តាម​មាគ៌ា ព្រះ​សិរ​ឱន​ក្រងុល​រុល​តែ​ទៅ​មុខ​នឹង​ក្រឡេក​មើល​នាយ​អាយ​សោះ ព្រះ​ភក្ដ្រ​ជោក​ទៅ​ដោយ​អស្សុជល យូរ ៗ ក៏​ដក​ដង្ហើម​ធំ​ម្ដង ។ ឯ​ទ្រៅបទី​ទេវី​សោត មើល​ទៅ​មុខ​គួរ​អាសូរ​ជាង​ស្ដេច​ប្រុស ៗ អស់​នោះ នាង​ទ្រង់​សំពត់​អំបោះ មិន​ទ្រង់​សំពត់​អំបោះ និង​ទ្រង់​សំពត់​ព្រែ​ដូច​ស្ដេច​ស្រី​ក្នុង​ព្រះ​នគរ ព្រះ​កេសា​របស់​នាង​វែង​សំយាក​លើ​ស្មា​ព្រះ​នេត្រា​គយ​គន់​មើល​តែ​ទៅ​ដី មិន​ងើប​ងើយ​ងាក​មើល​ទៅ​ទី​ដទៃ ហាក់បី​ដូចជា​ថា សេចក្ដី​អាម៉ាស់​មុខ​ដែល​នាង​បាន​ទទួល​មក​សង្កត់​ព្រះ​ហឫទ័យ​មិន​អាច​នឹង​មើល​ទៅ​ទី​ដទៃ​បាន តែ​ខំ​មើល​ក៏​នឹង​ទ្វេ​ចំនួន​ច្រើន​ឡើង ។ នាង​ដើរ​ហាល​កំដៅ​ថ្ងៃ​ជា​រាល់​ទិវា ឥត​មាន​វេលា​ណា​ដែល​ហៅ​ស្រួល ត្រូវ​តែ​កំដៅ​សូរ្យ​រង្សី​គ្មាន​អ្វី​បិទបាំង​ព្រះ​សិរ ឲ្យ​ស្រន់​អក់​ក្ដៅ​ក្នុង​អង្គ ភក្ដ្រ​ផង់​របស់​នាង​ត្រូវ​ខ្យល់​បក់​បោក​មក​តាម​ផ្លូវ ក៏​ក្រៀម​ក្រស់​អស់​រាសី លុះ​ចូល​វេលា​សន្ធិយា​រាត្រី​កាល​ណា ទឹក​សន្សើម​ក៏​ធ្លាក់​បំព្រំ​បី​ដូចជា​ស្រប់​ស្រោច​ភក្ដ្រ​នាង ហូរ​ហៀរ​រហាម​លាយ​គ្នា​នឹង​អស្សុជល​ធារា នាង​ខំ​យាត្រា​តាម​ព្រះ​ភស្ដា​មុខ​គួរ​វេទនា​មា​ល្បាយ ។ ដើរ​ផ្លូវ​ទៅ​គ្រា​នោះ កាល​កន្លង​ទៅ​ក៏​ច្រើន​ទិវា​រាត្រី​ក្នុង​ទី​បំផុត ក៏​បាន​ដល់​ព្រៃ​ធំ ១ ឈ្មោះ​ថា កនកវ័ន ក្នុង​ព្រៃ​នោះ​ងងឹត​ណាស់​ណា នាំ​ឲ្យ​ទ្រង់​សម្គាល់​ទៅ​ថា យប់​សន្ធិយា​មក​ដល់​ឆាប់​ខុស​ប្រក្រតី ដើម​ប្រឹក្សា​ក្នុង​ព្រៃ​នោះ​ដុះ​ដិត​ជិត​គ្នា កម្រ​ព្រាន​ព្រៃ​ណា​នឹង​ជ្រៀត​ជើង​ចូល​ទៅ​បាន នរណា​មួយ​ឈាន​ចូល​ទៅ​ហើយ ដែល​មិន​ត្រូវ​បន្លា​មុត – ធ្ពក់ ឬ​ប៉ាស់​នឹង​ដើម​ឈើ​នោះ​គ្មាន​ដែល​លំបាក​ជាង​នេះ​ទៅ​ទៀត ក៏​គឺ​ផ្លូវ​ក្នុង​ព្រៃ​នោះ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម ធំ​តូច​រដិប​រដុប​ទំគិច ជំពុប​ប៉ះ​ព្រះ​បាទ​ក្សត្រិយ៍ បង​ប្អូន​អម្បាល​នោះ​រហូត​ទៅ ជួន​កាល​ជជ្រុល​ជជ្រក​បោក​ប៉ះ​ទៅ​លើ​ឈើ លើ​ថ្ម ជួន​កាល​ក៏​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​ជង្ហុក ព្រះ​បាទ​ដែល​ទន់​ត្រសូល​រាល់ ៗ អង្គ ក៏​ដាច់​ដោច​រលាត់​ជាំ​ដាំ​ខ្ទេចខ្ទី​មិន​មាន​ទី​ស្រួល​ត្រង់​ណា ទោះបី​ម៉្លោះ​ក្ដី ព្រៃ​ធំ​ត្រឈៃ​នោះ​បាន​ជាទី​អាស្រ័យ​ម្លប់​មួយ​យ៉ាង​មិន​ត្រូវ​កំដៅ​ថ្ងៃ​ចែងចាំង ព្រោះ​បាំង​ទៅ​ដោយ​ស្លឹក​ឈើ​តែ​ទាំង​ពីរ​យ៉ាង កម្រ​នឹង​វិនិច្ឆ័យ​ទៅ​ថា​យ៉ាង​ណា​លំបាក​ជាង​យ៉ាង​ណា ព្រោះ​កំដៅ​ថ្ងៃ​ក៏​ដុត​កំដៅ​កាយ​ឲ្យ​ក្រៀមក្រស់​អាប់​អស់​រាសី បន្លា​សោត​ក៏​មុត​ធ្ពក់​រលាត់​ដាច់​សាច់​ចេញ​ឈាម ។ ទី​នោះ​តែ​ព្រលប់​ព្រិល ៗ ក៏​ងងឹត​ដូចជា​យប់​ជ្រៅ​ទៅ​ហើយ រាត្រី​សត្វ​ក៏​ចេញ​ចាក​អំពី​ទី​លំនៅ​យាស​យំ​ទ្រហឹង តាម​ភេទ​ភាសា គោចរ​រក​ស៊ី​លក្នុង​ព្រៃ​ធំ​សំ​សាន បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​គេ​និរទេស​ចាក​និវេសន៍​វាំង​ជ័យ តោង​ដើរ​ព្រៃ​មក​ដល់​ត្រង់​នេះ តោង​ប្រទះ​នឹង​ភ័យ​ក្នុង​ព្រៃ​មុខ​គួរ​ស្ញែង​នេះ​ម្ដង​ទៀត ត្រង់​ផ្លាស់​ប្ដូរ​គ្នា​ទៅ​ចាំ​យាម ប្រយ័ត្ន​ការ​អន្តរាយ​ឲ្យ​រាល់ ៗ អង្គ មាន​វេលា​ផ្ទំ​សម្រាក​ព្រះ​កាយ​បាន​មួយ​ស្របក់ ៗ មួយ​អង្គ​គ្រាន់​មាន​កម្លាំង​នឹង​ចេញ​ដើរ​ទៅ​ពី​ព្រលឹម ផ្ទំ​បន្តិច​បន្តួច​យ៉ាង​គេ​រត់​ភ័យ​បាន​ធ្វើ​រត្តិ​សម័យ​ឲ្យ​កន្លង​ទៅ​រហូត​ដល់​ភ្លឺ​ដោយ​ប្រការ​ដូច​នេះ ។ លុះ​ព្រឹក​ឡើង បាណ្ឌវ​ក្សត្រិយ៍​នៅ​និទ្រា​នៅ​ឡើយ ព្រោះ​ក្នុង​អរញ្ញ​ប្រទេស​នោះ​ងងឹត​សូន្យ​សុង គ្មាន​ពន្លឺ​លេច​ចូល​ទៅ​ប្រាប់​ម៉ោង​វេលា មិន​ឃើញ​ខែ​មិន​ឃើញ​ផ្កាយ ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​រាត្រី​កាល ថា​គោចរ​ទៅ​ហើយ​បាន​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ យាម​ប៉ុណ្ណេះ​យាម​ប៉ុណ្ណោះ​នាឡិកា សង្កេត​ដឹង​បាន​តែ​ដោយ​អាស្រ័យ​សម្លេង​សត្វ​ព្រៃ បាណ្ឌវ​ក្សត្រិយ៍​ដើរ​ដេក​នៅ​ក្នុង​ព្រៃ​នកវ័ន​នោះ ទំរាំ​តែ​លេច​ចេញ​វាល​ក៏​ច្រើន​ទិវា​រាត្រី​តែ​ជា​ប៉ុន្មាន​យប់​ប៉ុន្មាន​ថ្ងៃ​ទ្រង់​ចាំ​មិន​បាន ព្រោះ​នឿយ​យ៉ាក​លំបាក​ព្រះ​កាយ​ពល​ដោយ​ត្រេច​វិលវល់​ក្នុង​ព្រឹក្ស​ព្រៃ​អស់​កម្លាំង​ល្ហិតល្ហៃ ព្រះ​ហឫទ័យ​ស្ញុល​ទៅ​តាម​គ្នា ទាល់​តែ​ភ្លេច​គិត​នឹក​ដល់​រឿង​ថ្ងៃ-ខែ​ដែល​កន្លង​ទៅ ដែល​ចាំ​បាន​ខ្លះ​ក៏​ស្រពិច​ស្រពិល ។ ថ្ងៃ​នោះ ទ្រង់​តើន​ឡើង​ហើយ ក៏​នាំ​គ្នា​ដើរ​ឆ្ពោះ​សំដៅ​ទៅ​ទិស​លើ មាន​មួយ​ថ្ងៃ​នោះ ក៏​ទៅ​ដល់​ជាយ​ព្រៃ ទៅ​ដល់​ដោយ​មិន​ទាន់​ដឹង​ខ្លួន បាន​ឃើញ​ពន្លឺ​ឆ្លុះ​មក​ខាង​មុខ​ក្នុង​រយៈ​ឆ្ងាយ​ប្រហែល​គ្នា​នឹង​ពន្លឺ​ដែល​ឆ្លុះ​ចូល​ទៅ​ក្នុង​អណ្ដូង​ដ៏​ជ្រៅ ទ្រង់​មាន​សេចក្ដី​សង្ឃឹម និង​ធូរ​ក្នុង​ហឫទ័យ​តែ​រាល់ ៗ អង្គ ក៏​នាំ​គ្នា​រូត​រះ​ដើរ​សំដៅ​ទៅ​ត្រង់​ពន្លឺ​នោះ មួយ​ស្របក់​ក៏​ចេញ​ផុត​អំពី​ព្រៃ​ធំ ទៅ​ដល់​ទី​ដែល​ឃើញ​ពន្លឺ​អំពី​ចម្ងាយ ទី​នោះ​ជា​ទី​វាល​ខ្សាច់​ធំ ឥត​មាន​ព្រឹក្សា​សូម្បី​មួយ​ដើម​ដុះ​នៅ​ទី​នោះ​សោះ​ឡើយ ការ​ដែល​នឹង​ដើរ​កាត់​វាល​ខ្សាច់​ទៅ​នោះ ជា​ការ​លំបាក​មិន​តិច នឹង​ទៅ​បាន​ក៏​តែ​សត្វ​ឱដ្ឋ​ដែល​ជា​សត្វ​ធន់ធា សម្រាប់​បាណ្ឌវ​ក្សត្រិយ៍ ឃើញ​ជា​លំបាក​ជាង​ដើរ​រុករុល​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ​ជា​ប្រាកដ ព្រោះ​ថា​ទ្រង់​មាន​រាង​កាយ​ទន់​ល្វេងល្វើយ​ស្បើយ​កម្លាំង​ដោយ​ដើរ​ផ្លូវ​មក​ជា​យូរ​ថ្ងៃ​ណាស់​ហើយ កំដៅ​ថ្ងៃ​សោត​ក៏​ក្ដៅ​ដល់​ទី​នឹង​ដាក់​ជើង​សម្ផស្ស​ដី​ស្ទើរ​ពុំ​បាន លំបាក​ជាង​ដើរ​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​មក​ត្រូវ​គ្រួស ឬ​ថ្ម​តូច ៗ ក៏​បែង​ចែក​ជា​រស្មី​ឆ្លុះ​ព្រាត ៗ ចាំង​ចូល​ក្នុង​ចក្ខុ​បីដូច​ជា​កញ្ចក់​ត្រូវ​រស្មី​ព្រះ​អាទិត្យ ធ្វើ​ឲ្យ​ងងឹត​ព្រិល​ដើរ​ពុំ​បាន សេចក្ដី​ក្ដៅ​ធ្វើ​ឲ្យ​ស្ងួត​ក​ស្រេក​ទឹក ឯ​រឿង​ទឹក​ផឹក​ក្នុង​ទី​នោះ​ក៏​រក​គ្មាន​ឃើញ​ទំនង​ថា​និង​មាន​ត្រង់​ណា​សោះ​ឡើយ ទ្រង់​សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា មុខ​ជា​នឹង​ដួល​ដាច់​ខ្យល់​ស្លាប់ ក្នុង​កណ្ដាល​វាល​នោះ​ជា​មិន​ខាន ព្រោះ​អស់​ព្រះ​កាយ​ពល​ល្ហិតល្ហៃ​ពេញ​បន្ទុក​មក​ហើយ ក្រែង​នឹង​លើក​ជើង​ឈាន​ដើរ​ទៅ​ទៀត​ពុំ​រួច ដើម​ព្រៃ​ព្រឹក្សា​រ៉ុយ ៗ ដែល​មាន​នៅ​ទៀប​ទី​នោះ​សោត ក៏​មិន​ជា​ទី​ត្រជាក់​ដូច​ក្នុង​ព្រៃ​ធំ ព្រះ​ពាយ​បក់​បោក​ដោយ​ទាំង​កំដៅ​ថ្ងៃ មក​ប៉ះ​ពាល់​ភក្ដ្រ​ស្ងួត​ក្រៀម ក៏​រឹប​វឹប​តែ​ក្រំ​ក្រៀម​ស្ងៀម​ណាស់​ទៅ​ទៀត ទោះ​បី​ម៉្លោះ​ក្ដី​ទ្រង់​ក៏​បបួល​បង​ប្អូន​ព្យាយាម​ដើរ​ឆ្លង​វាល​ខ្សាច់ ឬ​ហៅថា ទន្លេ​ខ្សាច់​ទៅ​ទាល់​តែ​ព្រលប់​ទៀប​យប់​អស្ដង្គត វេលា​នោះ​ទ្រង់​បាន​ឃើញ​អាស្រម​មួយ​ខ្នង​តូច មាន​ព្រៃ​ឈើ​នឹង​ស្រះ​ទឹក​ថ្លា​នៅ​ជា​ខាង​កើត​ជាទី​ត្រជាក់​ត្រជុំ​សប្បាយ ល្មម​នឹង​បំបាត់​ទុក្ខ​វេទនា​ដែល​នឿយ​ព្រួយ​មក​តាម​មាគ៌ា​បាន​ខ្លះ ទើប​ទ្រង់​ដើរ​ចូល​ទៅ​កាន់​ទី​នោះ​សំចត​នៅ​ក្នុង​អាស្រម នឹង​អាស្រ័យ​ទឹក​នៅ​ក្នុង​ស្រះ​នោះ​គ្រាន់​នឹង​រក្សា​ជីវិត​ទុក ១ គ្រា​សិន ។ អាស្រម​នោះ តាំង​នៅ​ក្នុង​ញក​ភ្នំ​ហិមាល័យ បាណ្ឌវ​ក្សត្រិយ៍​តាំង​ព្រះ​ហឫទ័យ​នឹង​អាស្រ័យ​នៅ​ក្នុង​អាស្រម​នេះ​រហូត​កាល ១២ ឆ្នាំ តាម​កំណត់​និរទេស មាន​ភ្នំ​បែប​ជា​បរិវារ​ព័ទ្ធ​ជុំ​វិញ ពាស​ពេញ​ទៅ​ដោយ​ប្រឹក្សា​លតា​ជាតិ​ផ្សេង ៗ ជា​ដង្គុម​ត្រសុំ​ត្រសាយ​សាខា ជា​រយ៉ា​រំយោល​យោង​យោន​មាន​ទាំង​ស៊ុំ​ទ្រុម​គុម្ព​ឈើ​ស្លឹក​ជិត​ងងឹត​សូន្យ​សុង មុខ​គួរ​ខ្លាច​ព្រឺព្រួច ព្រៃ​នោះ​ឯង​ធម្មជាតិ​តាក់តែង​ឡើង ដូច​នេះ មិន​ដែល​មាន​នរណា​អាច​ឈាន​ជើង​ចូល​ទៅ​កាប់​កាត់​ឈើ​ព្រៃ​នោះ​សោះ​ឡើយ តាំង​ពី​ណា ៗ មក​ហើយ មិន​ដែល​ឮ​សម្លេង​មនុស្ស​ណា​មួយ ដើរ​ចូល​ទៅ​វីវរ​ក្នុង​មហា​វ័ន​នោះ​ដល់​ម្ដង​ឡើយ​រាល់ ៗ រដូវ ព្រៃ​ព្រឹក្សា​នោះ​ចេះ​តែ​លូត​លាស់​ខៀវ​ស្រស់​ជា​ធម្មតា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យង់​យល់ ឬ​ម្យ៉ាង​វិញ​ទៀត គួរ​ហៅថា​ជា​ទី​ត្រជាក់​ភ្នែក ក្នុង​គិម្ហរដូវ​ក៏​មិន​សុវ​ក្ដៅ​ពេក ក្នុង​ហេមន្ត​រដូវ​ក៏​មិន​សូវ​រងារ​ណាស់ តែ​យក​ស្រួល​បំផុត​ក្នុង​វស្សន្ត​រដូវ​ត្រូវ​ភ្លៀង​ធ្លាក់​ជាទី​ត្រេជាក់​ត្រជំ​ជាង​រដូវ​ទាំង​ពួង មេឃ​មីរ​បិទ​បាំង​សូរិយាកាស រមែង​ឲ្យ​កើត​ស្រទំ​ស្រទន់​ត្រជាក់​អាកាស​ធាតុ ទាំង​ម្លប់​ដោយ​ស្លឹក​ព្រៃ​ព្រឹក្សា​ជាតិ​អំបាល​នោះ​បាំង​ខាំង​ខណ្ឌ​មួយ​ជាន់​ទៀត ក៏​រីត​តែ​ធ្វើ​ឲ្យ​ត្រជាក់​ផែន​ពសុធា មាន​ទាំង​សន្សើម​នឹង​ទឹក​ភ្លៀង​ធ្លាក់​រៀង ៗ រ៉ុយ ៗ ប្រប្រុយ​ចុះ​មក ប្រស់​ព្រំ​លើ​គុម្ព​ឈើ​តូច​ធំ​ទាំងឡាយ ត្រិណ​ជាតិ​បាន​ទទួល​សេចក្ដី​ត្រជាក់​ត្រជុំ​នៃ​ធម្មជាតិ ក៏​លូត​លាស់​ខៀវ​ស្រស់​ងងឹត​ដាស​ទៅ​ទាំង​ផ្ទៃ​ធរណី មើល​ទៅ​គួរ​ជាទី​ទស្សនា កល់​បីដូច​ជា​ព្រំ​ចៀម​ធំ​ដែល​បុគ្គល​យក​ទៅ​ក្រាល​ទុក​នៅ​ទី​នោះ មាន​ទាំង​ហ្វូង​សត្វ​ចតុប្បាទ​យំគឹក​កង​រំពង​ព្រៃ ច្រឡំ​លាយ​ទៅ​ដោយ​សម្លេង​បក្សី​យំ​ច្រេវ​ច្រាវ​អឹង​អាប់​ទាំង​ផែន​វនាល័យ ពន់​ពី​នោះ​មាន​ទាំង​ជ្រលង​ដង​អូរ ទឹក​ហូរ​ចុះ​ទៅ​តាម​ចន្លោះ​ថ្ម ឮ​សន្ធឹក​ឈូ ៗ ឆរ ៗ ដោយ​អន្លើ ៗ ទី​ខ្លះ​ក៏​ហូរ​ចាក់​ទៅ​ប៉ះ​លើ​ផែន​សិលា​ខ្ទាត​គ្រាប់​ប្រប្រុយ​ហុយ​ជា​ផ្សែង ជួន​កាល​ហូរ​ប៉ះ​ទៅ​លើ​ផែន​ថ្ម ហើយ​ហូរ​ចូល​ទៅ​ភ្លាំង ៗ ភ្លុង ៗ ច្រស់​ខូង​ជា​អន្លង់​និង​រអាង ផុត​ពី​នោះ​ទៅ​ក៏​ហូរ​សាច​រាច​ជ្រួត​ជ្រាប​ទៅ​តាម​គុម្ព​ឈើ គល់​ព្រឹក្សា​ទាំងឡាយ​សម្រាប់​ជប់​លៀង​ព្រឹក្សា​លតា​ជាតិ​ទាំង​ពួង ឲ្យ​ល្អ​ខៀវ​ស្រស់​ជានិច្ច​រាល់​រដូវ​កាល ន័យ​ថា​ព្រៃ​នោះ​ជាទី​អាស្រ័យ​នៅ​នៃ​ទេពារ្ហស​ទាំងឡាយ ជួន​កាល​មើល​ទៅ​ប្រហែល​ហាក់​ភាព​ចម្លង​នៃ​និរយ​ភូមិ​ជា​ពន្លឹក មុខ​គួរ​ព្រឺ​ព្រួច​ក្នុង​កោមល​ហឫទ័យ ។ ទី​បំផុត​នៃ​ការ​ដើរ​ព្រៃ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ក៏​ឈប់​ត្រឹម​នេះ​ឃើញ​សម​គួរ​តាម​កំណត់​ការ​សញ្ញា​និរទេស​ហើយ បាណ្ឌវ​ក្សត្រិយ៍​បាន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ ១២ ឆ្នាំ ពេញ​តាម​កម្រិត​អាស្រ័យ​ផ្លែ​ឈើ មើល​ឈើ បន្លែ​ព្រៃ​នឹង​សាច់​សត្វ ដែល​ទ្រង់​ថ្លែង​សរ​បាន​មក​ជា​អាហារ​ចិញ្ចឹម​ជីវិត ។ នា​ថ្ងៃ ១ នោះ​ក្នុង​រវាង​ដែល​នៅ​ព្រៃ អរជុន​ភ្នក​នឹក​ដល់​រឿង​ដើម ទើប​និយាយ​ចេញ​មក​ថា ខ្ញុំ​នៅ​មាន​សេចក្ដី​ឆ្ងល់​ថា មនុស្ស​ណា​មួយ​នឹង​មាន​សេចក្ដី​ក្រំ​ក្រៀម ទុក្ខ​ទ្រម​ដូច​យ៉ាង​ខ្ញុំ​ខ្លះ យើង​ព្រាត់​ព្រាក​ចាក​ព្រះ​នគរ ចាក​សម្បត្តិ នឹង​គណ​ញាតិ​តូច​ធំ​ទាំងឡាយ រាល់ ៗ ថ្ងៃ​ដែល​កន្លង​ទៅ មាន​តែ​ទ្វេ​សេចក្ដី​សោក​សៅ​របស់​យើង​ឲ្យ​ពេញ​ពោរ​ឡើង បីដូច​ជា​ថា​ចេះ​តែ​មន្ថែម​ទុក្ខ​សោក​មក​លើ​យើង​ឲ្យ​ព្រៀប​ជានិច្ច​និរន្តរ៍ កាល​នាង​ទ្រៅបទី​ទេវី​ចូល​មក​ក្នុង​ប្រជុំ ហើយ​ត្រូវ​គេ​ចាប់​សម្រាត​សំពត់​នាង​ផ្ចាញ់​ផ្ចាល​ឲ្យ​យើង​អាម៉ាស់​មុខ​អ្នក​តូច​អ្នក​ធំ​ទាំង​ពួង ការ​ប្រមាទ​មើល​ងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន​ដូច​នេះ ឈ្មោះ​ថា​ប្រមាទ​ដោយ​ក្លាហាន ហួស​ចិត្ត​ស្ត្រី​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​អៀន​ខ្មាស​នឹង​ទប់​ទល់​បាន យ៉ាង​ទេវី​នឹង​ទ្រាំ​បាន​ឬ អើ​ម្ដេច​គ្រា​នោះ ខ្ញុំ​ក៏​មិន​ក្របែល​អាពួក​កំណាច​អស់​នោះ​ឲ្យ​ខ្ទេច​ទៅ​តែ​អនិច្ចា ទាល់​តែ​ស្មើ​នេះ​មក​ហើយ នឹង​ទៅ​រាវ​រក​យក​រឿង​ដែល​កន្លង​ទៅ​ហើយ​មក​និយាយ តើ​នឹង​មាន​ប្រយោជន៍​អ្វី ។ ភីម បាន​ឮ​ដូច​នោះ​ទើប​និយាយ​ផង​ថា មិន​តែ​ប៉ុណ្ណោះ ក្ដារ​ដែល​លេង​គ្នា​គ្រា​ក្រោយ​បំផុត​នោះ មិន​តែ​ធ្វើ​វិចរណ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ប៉ុណ្ណោះ វា​ធ្វើ​ទាំង​ចក្ខុ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ផង ក្នុង​ខណៈ​នោះ​យើង​ឃើញ​ផល​អាក្រក់​បាន​ក្រឡែត ៗ យើង​ក៏​នៅ​តែ​ភ្នាល់​នឹង​គេ ទាល់​តែ​បោះ​ធេង​រលីង​ដូចជា​គជ ឥឡូវ​នេះ​នឹង​ជា​ប្រយោជន៍​អី ដែល​មក​យំ​ស្ដាយ​ទឹក​ដោះ​ដែល​កំពប់​អស់​ទៅ​ហើយ​។ អើ ក៏​កាល​ខត្តិយ​រាជ​លើក​លែង​ត្រង់​សច្ច និង​ធម្ម ហើយ​ទៅ​ប្រព្រឹត្ត​ក្នុង​បទ​ដែល​វិន័យ​ហាម​មិន​ឲ្យ​ប្រតិបត្តិ ក៏​បាន​ឈ្មោះ​ថា ទ្រង់​លើក​លែង​ជា​ក្សត្រិយ៍​គ្រង​រាជ្យ កម៌​ប្រកាស​មក​ថា រាជ​សម្បត្តិ និង​រាជ​អាណា​ចក្រ​នៃ​ខត្តិយ​រាជ​នោះ រមែង​ត្រូវ​គេ​រឹប​យក​ខ្លួន​ខត្តិយ​រាជ​នោះ ៗ សោត​ក៏​រមែង​អានុភាព​នោះ​ធ្វើ​ទោស​ឲ្យ​ត្រង់​ជីវិត​ដោយ​បទ​សន្ដោស មាន​អាការ​ដូចជា​អ្នក​ទោស​ដែល​លោក​នរទេស ឲ្យ​ទៅ​នៅ​ព្រៃ​ព្រោះ​ហេតុ​តែ​ល្បែង​ខ​ត្រង់​នេះ​ក្នុង​ព្រះ​គម្ពីរ​របស់​យើង ពោល​ទុក​ថា ការ​លេង​ភ្នាល់​ជា​ការ​បាប​មិន​ដូច​នោះ​ឬ ឥឡូវ​យើង​បាន​ទទួល​វិបាក សម​តាម​គម្ពីរ​ពោល​ទុក​មែន​ឬ​ទេ យើង​ខូច​ព្រះ​នគរ​ខូច​ឥស្សរភាព ខូច​សព្វ​សារពើ​គង់​នៅ​តែ​ជីវិត​ដែល​រក​កិត្តិយស​គ្មាន​សោះ​ប៉ុណ្ណោះ យើង​ទៅ​អួត​ភ្នាល់​នឹង​គេ​មិន​មាន​គិត​អស់​ប៉ុន្មាន​អស់​ទៅ ចេះ​តែ​កើប​កោយ​ចាក់​ទៅ​ទាល់​រលីង​ក្រើង ហ្នឹង​គឺ​សេចក្ដី​ឆ្កួត​របស់​យើង មិន​មែន​ឬ ឥឡូវ​យើង​ជាប់​នៅ​ក្នុង​ផុក​ផុង​ហើយ មិន​មែន​ឬ តែ​ជា​រឿង​ដែល​កន្លង​ទៅ​ហើយ មិន​គួរ​និង​នាំ​មក​នីយាយ​ថ្វី ឲ្យ​តែ​វា​បែក​ពពុះ​មាត់​ឥត​អំពើរ យើង​ធ្វើ​ខ្លួន​យើង​មិន​ស្រួល​ឯង ឲ្យ​មនុស្ស​ទាំង​លោក​សើច​ឡក​ឡឺយ​បាន ៗ បន្ទាប​ខ្លួន​ចូល​ទៅ​លេង​ស្កា ទាល់​តែ​ចាញ់​អស់​ទ្រព្យ​ធមធាន ហើយ​មិន​ស្កប់ ថែម​ទាំង​ព្រម​ឲ្យ​គេ​និរទេស​ខ្លួន​ព្រោះ​ល្បែង​នោះ​ទៀត​ផង ខ​សញ្ញា​ការ​និរទេស​ពួក​យើង​នេះ វា​ធ្ងន់​ខ្លួន​ពេក​ណាស់ ចង​រឹត​យើង​មាំ​ពេក​រើ​ខ្លួន​មិន​រួច ស្មើ​ដូចជា​ឲ្យ​ទៅ​ស្លាប់​ក៏​ថា​បាន ។ នកុល កាល​បាន​ស្ដាប់​ភីម អភិប្រាយ​សព្វ ៗ ក៏​ទ្រង់​ព្រះ​កន្សែង​ដោយ​មក​រំពឹង​ដល់​ហេតុ​ការណ៍​ទៅ​ខាង​មុខ ដែល​នឹង​ត្រូវ​បាន​ប្រសព្វ​ក្នុង​ថ្ងៃ​ត ៗ ទៅ ទ្រង់​ឈឺ​ចិត្ត​ជា​បំផុត ទើប​មាន​បន្ទូល​ថា ឱ​គ្រា​គ្រោះ​ថ្នាក់​វិបត្តិ​សាត់​មក​ដល់​បុរស​ឯ​ណា​និមួយ​ឃុំ​សតិ​ទុក​បាន នឹង​ចោល​ទូក​ដែល​កំពុង​លិច​មុន​របស់​ដទៃ តែ​នោះ​វា​អស់​ផ្លូវ​តែ​ខៃ​ហេតុការណ៍​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ហើយ វៀរ​លែង​តែ​សាច់​របស់​គេ ។ សហ​ទេព​ថែម​មក​ទៀត​ថា ឱ​ព្រះ សម្លេង​ដែល​ទ្រៅបទី​ថ្ងូរ​ក្នុង​បន្ទប់​ប្រជុំ​រដ្ឋ​មន្ត្រី​នោះ វា​ឮ​ជាប់​ត្រចៀក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​ទេវី​ត្រាស់​ត្រូវ​ច្បាប់​ហើយ ព្រះ​រាជ​ស្វាមី​របស់​នាង ធ្លាក់​ទៅ​ក្នុង​ឋានៈ​ជា​ទាសាហើយ រមែង​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ដែល​នឹង​លក់​នាង ឬ​នឹង​យក​នាង​ទៅ​ដាក់​ភ្នាល់ ម្ដេច​យើង​មិន​លើក​ច្បាប់​ត្រង់​នេះ​ឡើង​ជជែក ហើយ​សុំ​ឲ្យ​ការ​ដំណើរ​ទៅ​តាម​នោះ តែ​គ្រា​នោះ​កំពុង​ជ្រួល ទាំង​គេ​ទាំង​ឯង​ប្រហែល​ជា​គ្មាន​នរណា​ទាន់​នឹក​ឃើញ វរ​តែ​ទៅ​គិត​អាណិត​នាង​តែ​រាល់​គ្នា អ្នក​តូច​អ្នក​ធំ​បណ្ដា​ដែល​នៅ​ក្នុង​ទី​ប្រជុំ​នោះ​ជា​ច្រើន អត់​មិន​បាន​នាំ​គ្នា​ទឹក​ភ្នែក​ទៅ​តាម ៗ គ្នា វៀរ​លែង​តែ​ទុយោជន៍​ប៉ុណ្ណោះ ខ្ញុំ​ចង់​ដឹង​ណាស់​ចិត្ត​ថ្លើម​វា​ដូច​ម្ដេច​ហ្ន៎ ។ យុធិស្ឋិរ អង្គុយ​ស្ដាប់​អនុជន​ទាំង​បួន​សន្តនា​គ្នា​រហូត​មក​ដល់​វេលា​នេះ ដោយ​មិន​ចង់​យល់​ទាស់ តែ​អត់​មិន​បាន​ទើប​ពោល​ជា​ផ្លូវ​ប្រលោម​ចិត្ត​ប្អូន​ថា កុំ​ណា៎ កុំ​តូច​ចិត្ត​ទៅ​ថ្វី យើង​បាន​ស្បត់​ទុក​ហើយ​ថា នឹង​ធ្វើ​ការ​កែ​កំហឹង​វិញ​ត្រា​តែ​បាន ក្នុង​ថាន​នេះ​ក្សត្រិយ៍ យើង​ត្រូវ​តែ​បដិបត្តិ​បការ​ឲ្យ​សម​ដែល​បាន​ប្រណិធាន​ទុក​រាល់​មាត់ ទាំង​នេះ​ព្រោះ​កម្ម​របស់​យើង ៗ តោង​ទទួល​សោយ​ទុក្ខ​វេទនា​អំបាល​នេះ យើង​នឹង​គេច​ចៀស​ទៅ​ណា​ក៏​មិន​រួច របស់​ដែល​ត្រូវ​វិប័ត្ត ក៏​ត្រូវ​តែ​វិប៍ត្ត របស់​ដែល​វិប័ត្ត​ហើយ​សោត ក៏​វប័ត្ត​រូច​ទៅ​ហើយ មុខងារ​របស់​យើង​វេលា​នេះ​មាន​តែ​ចៀស​វាង​ភ័យ ពឹង​ពួន​មុខ​ទៅ​តាម​ខ​សញ្ញា​បន្តិច​ទៀត​ប៉ុណ្ណោះ សេចក្ដី​លំបាក​តោក​យ៉ាក​របស់​យើង ក៏​ស្បើយ​អស់​ហើយ ។ ខ​សញ្ញា ដែល​បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​បដិបត្តិ​វេលា​នេះ ឈ្មោះ​ថា​អស់​ហើយ នៅ​តែ​ត្រង់​លាក់​ខ្លួន​ពួន​ភ័យ រក្សា​ខ្លួន​ទុក​ឲ្យ​បាន លុះ​គិត​ឃើញ​ដូច​នោះ​ហើយ បាណ្ឌវ​ភាតា ក៏​នាំ​គ្នា​ផ្លាស់​ទី​កន្លែង​រឿយ​ទៅ ចេញ​ចាក​ទី​នេះ ទៅ​កាន់​ទី​នោះ​ដូចជា​មនុស្ស​កំសត់​ដើរ​ដេក​ព្រៃ​ក៏​ប្រហែល​គ្នា ការ​ដែល​ត្រេច​ពនេចរ​ទៅ​ដូច​នេះ រមែង​មាន​ភ័យ​ជុំវិញ​ខ្លួន រមែង​នឿយ​លំបាក​កាយ​ជា​ធម្មតា ព្រោះ​មាន​សភាព​ដ៏​ជា​ធម្មតា​របស់​កាយ តែង​អន្ទោល​ទៅ​តាម​កាយ នឹង​ចៀស​វាងផុត​ទៅ​មិន​បាន គឺ​ត្រូវ​កំដៅ​ថ្ងៃ សេចក្ដី​ក្រហល់​ក្រហាយ​ស្រេក​ទឹក​ឃ្លាន​អាហារ សេចក្ដី​នឿយ​ព្រួយ​ព្រះ​កាយ​ពល ព្រះ​បាទ​ដែល​ធ្លាប់​តែ​ទន់​ត្រសូល ក៏​ទៅ​ជា​ក្រស់​ក្រិន​ពុល​ពង​បន្លា​មុត ជំពប់​ប៉ះ​បែក​ចេញ​លោហិត របស់​អំបាល​នេះ​ជា​ទុក្ខ​វេទនា រាល់​គ្រា​ដែល​ទ្រង់​នាំ​គ្នា​សញ្ចរ​ពី​ត្រង់​នេះ​ទៅ​ត្រង់​ណោះ ។ វា​មួយ​នោះ ទ្រង់​យក​អាវុធ​សម្រាប់​អង្គ ទៅ​លាក់​ទុក​លើ​មែក​ឈើ ហើយ​នាំ​គ្នា​ចូល​ទៅ​កាន់​ក្រុង​វិរាជ ដើម្បី​នឹង​លាក់​ខ្លួន​ពួន​ពឹង​អាត្មា​នៅ​ក្នុង​ក្រុង​នោះ ឲ្យ​ផុត​ភ័យន្តរាយ ព្រោះ​ហេតុ​ថា តាម​ខ​សញ្ញា​ការ​និរទេស បញ្ញត្តិ​ទុក​ថា បើ​ពួក​គោរព​ទៅ​ប្រទះ​ឃើញ​ខ្លួន​ក្នុង​រវាង​សន្យា​នេះ​សោត ពួក​បាណ្ឌវ​តោង​ត្រឡប់​ទៅ​ដើរ​ព្រៃ​ជា​ថ្មី​វិញ ១២ ឆ្នាំ​ទៀត ខ​ត្រង់​នេះ​ពួក​បាណ្ឌវ​ត្រូវ​បតិបត្តិ​និង​ប្រយ័ត្ន​អង្គ​ឲ្យ​មែនទែន​តាម​ការ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៨៖ព្រះចៅក្រុងវិរាដ

វា​មួយ​នោះ ព្រះ​ចៅ​ក្រុង​វិរាដ​ប្រថាប់​លើ​រាជាសនៈ ក្នុង​ព្រះ​ទីនាំង​វិនិច្ឆ័យ មាន​អមាត្យ​មុខ​មន្ត្រី​បង្គំ​គាល់​ត្រៀបត្រា ទ្រង់​ស្ដាប់​ដីកា និង​ពាក្យ​ស្រែក​ថ្លែង​ទុក​របស់​បណ្ដា​រាស្ត្រ កំពុង​ទ្រង់​វិនិច្ឆ័យ​សេចក្ដី​ឲ្យ​ទៅ​តាម​យុត្តិធម៌ ដល់​ពួក​ដែល​ត្រូវ​បៀតបៀន ខណៈ​នោះ​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ប្រុស​បួន​ប្រាំ​នាក់​តែង​កាយ យ៉ាង​គ្រាំ​គ្រា​ឈរ​នៅ​ទ្វារ​ព្រះ​បរម​រាជ​វាំង ទើប​មាន​ព្រះ​រាជ​ឱង្កា ឲ្យ​រាជ​ភត្ត​ម្នាក់​ទៅ​សួរ​ថា អ្នក​អម្បាល​នោះ​ជា​អ្នក​ណា ត្រូវ​ការ​អ្វី កាល​បាន​ទ្រង់​ព្រះ​សណ្ដាប់​សេចក្ដី​នោះ​ហើយ ត្រាស់​ឲ្យ​ហៅ​ចូល​មក​មុខ​ព្រះ​ទីនាំង ព្រះ​រាជ​ទាន​ឱកាស​ឲ្យ​គេ​ក្រាប​ទូល​សេចក្ដី​ដល់​ព្រះ​អង្គ​ដោយ​ត្រង់ គ្រា​នោះ​មួយ​អង្គ​ក្នុង​ពួក​បង​ប្អូន​ទាំង​ប្រាំ​ក្រាប​ទូល​ថា គ្រោះ​អាក្រក់​មុខ​គួរ​ស្ញែង​ដែល​បាន​ឧប្បត្ដិ​ដល់​មហា​រាជ​យុធិស្ឋិរ ប្រហែល​ជា​មាន​ជ្រាប​ដល់​ព្រះ​អង្គ​ហើយ ហើយ​គ្រោះ​ពួក​ទូល​បង្គំ​ជា​ខ្ញុំ​នេះ ជា​ភាគ​មួយ​ក្នុង​ព្រះ​គ្រោះ​នោះ​ដែរ គឺ​ពួក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​ខ្ញុំ​រាជការ​មហា​រាជ​យុធិស្ឋិរ​កាល​ព្រះ​អង្គ​ត្រូវ​និរទេស​ចេញ​ចាក​ព្រះ​នគរ​ហើយ ពួក​ទូល​ព្រះ​បង្គំ​ក៏​រងា​ក្នុង​ចិត្ត ដោយ​ហេតុ​គ្មាន​ទីពឹង ទើប​ត្រេច​ស្វែង​រក​ចៅហ្វាយ​នាយ​ដ៏​សម​គួរ​ជាទី​ពឹង​តទៅ បាន​ឮ​ព្រះ​កិត្តិគុណ​របស់​ព្រះ​អង្គ​ដែល​ទ្រង់​អើ​ពើ​ណាស់​នោះ ទៅ​ដឹក​ពួក​ទូល​បង្គំ​ឲ្យ​មក​ដល់​ទី​នេះ ពួក​ទូល​ព្រះ​បង្គំ​មាន​បំណង​នឹង​មក​រក​ការ​ធ្វើ​ក្នុង​ព្រះ​រាជ​សំណាក់​ឯ​ណា​នីមួយ តែ​គ្មាន​ព្រះ​រាជា​អង្គ​ណា​ទទួល​ចិញ្ចឹម ចេះ​តែ​បដិសេធ​រាល់​នគរ ក្នុង​ទី​បំផុត​ទើប​មក​ដល់​ទី​នេះ ពួក​ទូល​ព្រះ​បង្គំ​សូម​ប្រគល់​កាយ​ថ្វាយ​ជីវិត​នឹង​ព្រះ​អង្គ​សូម​ជ្រក​កោន​ក្រោម​ម្លប់​ពោធិសម្ភារ ។ ព្រះ​រាជា​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ស្លុត​ព្រះ​ហឫទ័យ​ពន់​ប្រមាណ បែរ​ព្រះ​ភក្ដ្រ​ទៅ​ខាង​សេនាបតី​មាន​ព្រះ​រាជ​តម្រាស់​ថា ការ​និរទេស​យុធិស្ឋិរ​ដោយ​ផ្លូវ​អយុត្តិធម៌​នេះ ធ្វើ​ឲ្យ​យើង​ជា​រាជ​សម្ពន្ធ​មិត្រ​កើត​ទោមនស្ស​ច្រើន ហើយ​ធ្វើ​ឲ្យ​បណ្ដា​រាស្ត្រ​ពាស​ពេញ​ទាំង​ផែនដី​បាន​សេចក្ដី​ព្រួយ​លំបាក​ច្រើន រាស្ត្រ​មាន​ចំនួន​ជា​ច្រើន​ពាន់ នាំ​គ្នា​ក្រឡុក​ប៉ុកប៉ាក​ព្រាត់​ចាក​ទី​លំនៅ អាស្រ័យ​ហេតុ​ម្ចាស់​ម្នាយ​របស់​គេ​ត្រូវ​និរទេស​ទៅ​ដើរ​ព្រៃ សេចក្ដី​វក់​របស់​ទុរយោជន៍​នេះ​នឹង​នាំ​សេចក្ដី​វិនាស​ដល់​ខ្លួន យើង​នឹង​បដិសេធ​ពាក្យ​សុំ​នេះ​មិន​បាន គេ​មិន​បាន​មក​សុំ​ទាន គេ​សុខ​ចិត្ត​មក​រក​ការ​ធ្វើ ខ​នេះ​សម្ដែង​ឲ្យ​ឃើញ​ច្បាស់​ថា គេ​មិនមែន​ជា​យាចក​ដើរ​សូម​ទាន​តាម​ថ្នល់ គាត់​ចូល​ទទួល​គេ​ទុក​សម្រាប់​គាល់​បម្រើ​យើង ។ បាណ្ឌវ​ក្សត្រិយ៍​ព្រម​គ្នា​ធ្វើ​វន្ទា​ព្រះ​រាជា ហើយ​ក៏​ថយ​ចេញ​មក​អំពី​មុខ​ព្រះ​ទីនាំង ត​អំពី​នោះ​មក​មួយ​ស្របក់ មាន​ស្ត្រី​ម្នាក់​តែង​កាយ​រយីករយាក ដើរ​ចូល​ទៅ​ក្នុង​អន្តេបុរស្ថាន គឺ​ព្រះ​រាជ​វាំង​ជាន់​ក្នុង តែ​ទម្រង់​ឆោម​ល្អ​ឥត​ខ្ចោះ អ្នក​ណា​ឃើញ​ហើយ​ក៏​មាន​ចិត្ត​បដិព័ទ្ធ​នឹង​ឆោម​របស់​នាង​ស្ទើរ​ភ្លាំង​ភ្លើ​ស្មារតី ។ ព្រះ​រាជិនី​ព្រះ​ចៅ​វិរាដ​ត្រាស់​សួរ នាង​ជា​អ្នក​ណា នាង​ត្រូវ​ការ​អ្វី ។ ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​កំសត់​អត់​ទី​ពឹង មាន​តែ​សេចក្ដី​ព្រួយ​ប្រាណ​ស្ទើរ​ប្រេះ​ទ្រូង​ស្លាប់ ។ នាង​ឈ្មោះ​អី ? មើល​ទៅ​ព្រះ​ភក្ដ្រ​រានី1 បណ្ដាល​ឲ្យ​ឃើញ​ថា ទ្រង់​មេត្តា​ប្រណី​ដល់​នាង​ជា​ប្រាកដ សេចក្ដី​ល្អ​រូប​ល្អ​ឆោម​របស់​បាង​យ៉ាង​ត្រចេះ​ត្រចង់ កិរិយា​មារយាទ​ដ៏​រៀបរយ​ឥត​ឆ្គង សម​ជា​អ្នក​មាន​ត្រកូល​ឧត្ដម​ពង្ស តែ​មើល​ទៅ​បែប​ជា​មនុស្ស​កើត​ទុក្ខ មុខ​ស្លក់​មើល​ទៅ​លក្ខណៈ​ល្អ​អស្ចារ្យ ធ្វើ​ឲ្យ​រានី​នឹក​ឆ្ងល់ ទើប​ត្រាស់​សួរ​ថា រូប​រាសី​របស់​នាង​ម្ល៉េះ ម្ដេច​ក៏​មិន​កំចាត់​ឧបទ្រព​ភ័យ​ឲ្យ​ឃ្លា​ឃ្លាត​ចេញ​ទៅ ។ ព្រះ​មេ​ម្ចាស់ ព្រះ​នាង​ទ្រៅបទី ទ្រង់​នៅ​រូប​សម្បត្តិ​យ៉ាង​ឆើត​រក​ទី​ប្រៀប​បាន​ដោយ​ក្រ ម្ដេច​ទ្រង់​គង់​ត្រូវ​គ្រោះ​កម្ម នាំ​ឲ្យ​ស្ដេច​ទទួល​ឧបទ្ទវ​អន្តរាយ តោង​ស្ដេច​ព្រាត់​ព្រាក​ចាក​ព្រះ​នគរ នឹង​សិរី​រាជ​សម្បត្តិ​បាន កាល​នាំ​មក​ធៀប​នឹង​រូប​ខ្ញុំ​ម្ចាស់ ដែល​គ្រាន់​តែ​ជា​ទាសី​របស់​ព្រះ​ទេវី​សោត​ក៏​តោង​មិន​សង្ស័យ​ក្នុង​រឿង​នេះ ។ រានី​ត្រាស់​សួរ​តទៅ​ទៀត​ថា នាង​ត្រូវ​ការ​អ្វី ហើយ​នាង​ក្រាប​ទូល​ទេពី​ថា ខ្ញុំ​ម្ចាស់​ត្រូវ​ការ​មក​រក​ការ​ឯ​ណា​នីមួយ​ធ្វើ​គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត ។ នាង​សុខ​ចិត្ត​នៅ​បម្រើ​យើង​ឬ ? សៃរិន្ធរី​ទទួល​ធ្វើ​នាទី​នោះ​ដោយ​តុណ្ណីភាព ហើយ​ថ្វាយ​បង្គំ​លា​ថយ​ចេញ​ទៅ​នៅ​ក្នុង​បន្ទប់​ពួក​សាវឡិក (ពួក​ខ្ញុំ​រាជការ​ស្ត្រី) ។ ម្ដង​នេះ​យើង​នឹង​បាន​ឃើញ​បន្ទប់​ទី​បន្ទំ​របស់​រានី វេលា​រាត្រី​យាម​យប់​សន្ធយា ក្នុង​បន្ទប់​ព្រះ​ទេវី​អុជ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោង​ព្រាយ ពិដោ​ឈ្ងុយ​ឈ្ងប់​សព្វ​សាយ​ទៅ​ដោយ​ក្លិន​ប្រេង​ក្រអូប​ដែល​អុជ​នោះ ទួទាំង​ល្វែង​ព្រះ​មន្ទីរ ជញ្ជាំង​បន្ទប់​ព្រះ​ដំណាក់​ធ្វើ​ដោយ​មោរ៉ា សិលាឡាយ​ថ្វី​ដៃ​ជាង​ធ្វើ​ដ៏​វិចិត្រ​យ៉ាង​ឯក ឆ្លៅឆ្លុះ​រស្មី​រលង់​រលីង​ព្រិល​នេត្រ ព្យួរ​រំយោល​រយ៉ា​ដែល​ថ្វីដៃ​ប៉ាក់​ជា​រូប​ផលាផល នឹង​ទង​ភ្ញី​រស់​រវើក មុខ​គួរ​មើល​ត្រកាល​ភ្នែក នឹង​តាំង​គ្រឿង​តាំង​ដ៏​មាន​តម្លៃ​ឯ​ទៀត​ជា​ច្រើន ទី​ផ្ទៃ​ព្រះ​តំណាក់​ក្រាល​ដោយ​សិលា​ទន់ ហើយ​ក្រាល​ព្រំ​ចៀម​ដ៏​ទន់​ត្រជាក់​ជើង​មាន​ជាយ​ប៉ាក់​ចាក់​ចំ​ដោយ​ខ្សែ​សយ​មាស​ប្រាក់ មាន​ព្រះ​ទែន​ភ្លុក​ដ៏​ចិញ្ចែង​ដាស​សំពត់​ព្រែ តាំង​នៅ​កណ្ដាល​បន្ទប់​នេះ សៃរិន្ធរី​តែង​ចូល​គាល់​បម្រើ​ព្រះ​ទេវី​ដល់​ក្នុង​បន្ទប់​នេះ ។ ក្នុង​បន្ទប់ ១ ទៀត មាន​របៀប​ប្រហែល​គ្នា​នេះ កិច្ច​កល​ព្រះ​អនុជ​របស់​រានី កំពុង​ផ្ទំ​ក្រៀមក្រំ​ដាលដំ​ក្នុង​ឧរាជា​ទម្ងន់ ជួន​កាល​ក៏​ថ្ងូរ​រវើ​រវាយ ជួន​កាល​ក៏​ដក​ដង្ហើម​ធំ​ឃូ ព្រះ​ជេដ្ឋ​ភគិនី រានី​ព្រះ​ចៅ​វិរាដ ប្រថាប់​ទៀប​ព្រះ​ទែន​ភ្លុក យក​ព្រះ​ហស្ត​ស្ទាប​ព្រះ​នលាត​អនុជ ដើម្បី​នឹង​រម្ងាប់​សេចក្ដី​ឈឺ​ចាប់​ឲ្យ​ធូរ​ស្បើយ​ទៅ តែ​ក៏​មិន​ស្បើយ​ល្ហើយ​ដូច​នឹក លំដាប់​នោះ​ព្រះ​អនុជ​ព្រះ​កន្សែង​អាក់អួល​ហើយ​មាន​ព្រះ​បន្ទូល​ចេញ​មក​ថា ម្ចាស់​បង​ប្រហែល​ជា​ចោល​ប្អូន​ឲ្យ​ស្លាប់​បង់​តែ​ឯង​ហើយ​ឬ ? មិនមែន ៗ ទេ បង​មិន​និយាយ​នឹង​ប្អូន​ឯង​ហើយ បើ​ឯង​និយាយ​ព្រើល ៗ ដូច​នេះ អ្វី​មក​បញ្ចូល​ចិត្ត​ឲ្យ​នឹក​ដល់​មជ្ជុរាជ ប្អូន​ឯង​ប្រឈួន​បន្តិច​បន្តួច​ប៉ុណ្ណោះ​តើ មិន​ប៉ុន្មាន​ថ្ងៃ​ក៏​ជា ជា​ប្រក្រតី​ទៅ​វិញ ។ កុំ​គប្បី​នឹក​ដូច​នោះ​ឡើយ​ម្ចាស់​បង អាការ​រោគ​ប្អូន​គ្រា​នេះ​មិនមែន​តិចតួច​យ៉ាង​ម្ចាស់​បង​សម្គាល់ សមុដ្ឋាន​រោគ​នៅ​ក្នុង​ចិត្ត ហើយ​ដែល​នឹង​បាត់​ទៅ​បាន ដោយ​ហេតុ​ពីរ​យ៉ាង ឯ​ណា​នីមួយ គឺ​ស្លាប់​បង​ឬ ។ រានី​ត្រាស់​កាត់​សំនួន​ពាក់​កណ្ដាល​ឡើង​ថា​ទៀត​ហើយ ៗ ប្អូន​ឯង​និយាយ​ចេញ​ឈ្មោះ​សេចក្ដី​ស្លាប់​ទៀត​ហើយ ។ ល្អ​ហើយ ថា​បើ​ដូច​នោះ ទូល​បង្គំ​តោង​ធ្វើ​មុខ​ក្រាស់​លមើល បើ​ម្ចាស់​បង​ប្រទាន​អភ័យ​រឿង​មុខ​ក្រាស់ ទូល​បង្គំ​នឹង​ទូល​រឿង​ពិត​ហើយ នឹង​បញ្ចេញ​សេចក្ដី​ស្ងាត់​កំបាំង នៃ​អាការ​រោគ​ក្នុង​ខ្លួន​ឲ្យ​ទ្រង់​ជ្រាប ។ សេចក្ដី​ស្ងាត់​កំបាំង​អី​ប្រុស​អើយ ? ម្ចាស់​បង​ប្រទាន​ទោស​ឲ្យ​ទូល​បង្គំ​ឬ ? រានី​នឹក​ឆ្ងល់ មិន​ដឹង​បើ​នឹង​មានសវនិយ​ថា​ដូចម្ដេច ។ ព្រះ​នាង​ចូល​ព្រះ​ហឫទ័យ​ថា ចិត្ត​អនុជ​វរ​ទៅ​ដោយ​សេចក្ដី​ឈឺ​ចាប់ មាន​សតិ​វិប្បលាស​និយាយ​រវើរវាយ​ទៅ ព្រះ​នាង​ទ្រង់​សន្និដ្ឋាន​ថា សមុដ្ឋាន​អាការ​ប្រឈួន​នៃ​ព្រះ​អនុជ​គង់​មក​ពី​សេចក្ដី​រញឹករញុក ឬ​សេចក្ដី​ខឹង​រអីរអូវ សូម្បី​តែ​បន្តិច​បន្តួច​ក៏​ដរ​ទៅ​ធំ​ខ្លាំង​ឡើង​បាន អាច​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​មាន​អាការ​ធ្ងន់​ពៀប​ទៅ​បាន​ព្រះ​នាង​ទ្រង់​ចិន្ដា​ថា គួរ​លួង​លោម​សួរ​យក​សេចក្ដី​ពិត ដូច​នេះ គង់​ជា​មិន​ទាស់​ខុស​អ្វី ព្រះ​នាង​ទើប​ត្រាស់​លួង​លោម​ដោយ​ព្រះ​សូរ​សៀង​ដ៏​ផ្អែម​ល្ហែម​ថាៈ កិច្ច​ក ! បា​ឯង​ឈឺ​អ្វី​ប្អូន​សម្លាញ់​បង ចូរ​ប្រាប់​បង​ឲ្យ​សព្វ​គ្រប់​មក​មើល ។ កិច្ច​ក ក៏​បញ្ចេញ​សេចក្ដី​ស្ងាត់​កំបាំង​ក្នុង​ចិត្ត ថ្វាយ​ព្រះ​នាង បង​ទ្រង់​ព្រះ​សណ្ដាប់​ដោយ​ឥត​ខ្មាស​ថា ឆោម​ល្អ​នៃ​នាង​សៃរិន្ធរី​សាវឡិក​ស្ដេច​បង បាន​ចូល​មក​សន្ធំ​ក្នុង​ចិត្ត​ទូល​បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ ការ​ដែល​នាង​ប្រើ​ចុង​ភ្នែក​ក្រឡេក​ម្ដង ៗ ធ្វើ​ឲ្យ​ទូល​បង្គំ​ចាប់​ចិត្ត​បដិព័ទ្ធ​មិន​ភ្លេច ១ វេលា តាំង​អំពី​ខណៈ​ដែល​បាន​ឃើញ​វរ​ភក្ដ្រ​របស់​នាង​មក​ទើស​នឹង​វេលា​នេះ ទូល​បង្គំ​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ក្ដុកក្ដួល​អួល​ក្នុង​ឧរា ដោយ​ហេតុ​ត្រូវ​កាម​សរ (សរ គឺ​កាម) របស់​នាង ។ ទូល​ប៉ុណ្ណោះ​ហើយ ក៏​បណ្ដាល​អាក់​អួល​ឆួល​ឡើង ទឹក​ព្រះ​នេត្រ​ត្រស្រក់​ផ្លុក ៗ រានី ឃើញ​ព្រះ​អនុជ​កន្សែង ក៏​ចូល​ព្រះ​ហឫទ័យ​ថា នេះ​ព្រោះ​សេចក្ដី​ស្រឡាញ់ មក​គ្រប​រួប​រឹត​ដួង​ចិត្ត​អនុជ ព្រះ​នាង​ក៏​ទ្រង់​ដាស់​តឿន​អនុជ ក្នុង​រឿង​ដែល​ចង​ចិត្ត​ស្រឡាញ់ ដ៏​មិន​គប្បី ជា​ហេតុ​នាំ​មក​នូវ​សេចក្ដី​អប្បយស​ថាៈ បា​ឯង មិន​នឹក​ដល់​សេចក្ដី​ថោក​ទាប​កិត្តិយស និង​វង្ស​ត្រកូល ដោយ​ហេតុ​បន្ទាប​ខ្លួន​ទៅ​ផ្ដេក​ផ្ដិត​និង​នាង​ទាសី​នេះ​ឬ បា​ឯងធ្វើ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​នៃ​បុព្វបុរស​ឲ្យ​សាបសូន្យ​ទៅ​នឹង​នាំ​មក​នូវ​សេចក្ដី​អប្បយស ដល់​ខត្តិយ​វង្ស​ដ៏​ឧត្ដម​សក្ដិ ដោយ​ត្រូវ​នាង​ទាសី​ពត់​ទាល់​តែ​វរវឹក​ខួរ ការ​ញញឹម​ញញែម ឬ​ចោល​កន្ទុយ​ភ្នែក​ជា​សម្បត្តិ​របស់​ស្ត្រី​អ្នក​លេង ចូរ​អ្នក​ត្រួតត្រា​មើល​ឲ្យ​ល្អ កុំ​បី​ទុំ​ស៊ុន​មុន​ស្រគាល កុំ​បី​អាល​គ្រុន​មុន​ជម្ងឺ រឿន​នេះ ជា​សេចក្ដី​អប្រិយ​បំផុត មិន​គួរ​ប្រថុយ​ប្រាណ​ទៅ​ផ្ដេកផ្ដិត សេចក្ដី​ស្រឡាញ់​រមែង​មាន​រាល់​រូប អ្នក​ណា​គេ​មិន​ឲ្យ​ស្រឡាញ់ តែ​ស្រឡាញ់​ឲ្យ​គប្បី តែ​លោហិត​ប្រុស​កម្លោះ​កំពុង​ពេញ​ពាល ច្រើន​តែ​ញ៉ាំង​សេចក្ដី​វវឹកវរ​ឲ្យ​កើត​ក្នុង​ចិត្ត ដោយ​មិន​ត្រិះ​ត្រួត​ឲ្យ​សម​គួរ នេះ​ជា​ហេតុ​ឲ្យ​ខូច​សមាន​សក្ដិ​នៃ​រាជ​ត្រកូល និង​ជា​មន្ទិល​ចៅហ្មង​ដល់​គណៈ ។ កិច្ចក​តបៈ ទូល​បង្គំ​ដឹង​រឿងរ៉ាវ​អស់​នេះ​សព្វ​គ្រប់​អស់​ហើយ តែ​ប្រហែល​ស្ដេច​បង​នូវ​មិន​ទាន់​ទ្រង់​ជ្រាប មរណ​កាល​របស់​ទូល​បង្គំ​វា​ចូល​មក​ជិត​ណាស់​មក​ហើយ បើ​ស្ដេច​បង​មាន​បំណង​ឲ្យ​ទូល​បង្គំ​ស្លាប់ ឬ​នឹង​មើល​ចិត្ត​ទូល​បង្គំ​សោត មិន​ចាំ​បាច់​ស្ដេច​បង​នាំ​យក​បរមត្ថ​ចរិយា​មក​ទេសនា​ច្រក​ត្រចៀក​មនុស្ស​ដែល​ទាប​នឹង​ស្លាប់​ដូច​នេះ​ទេ ។ រានី ត្រាស់ សេចក្ដី​បំណង​របស់​បង គឺ​ថា​នឹង​ជួយ​ប្អូន​ឲ្យ​ផុត​អំពី​អប្បយស​អាម៉ាស់​មុខ​ទាំង​នេះ​ជា​ប្រាកដ តែ​បង​តូច​ចិត្ត​ណាស់​ប្អូន ដែល​មក​ឃើញ​សណ្ហុ​វាចា​ពាក្យ​ដាស់​តឿន​របស់​បង មាន​តែ​បក់​ភ្លើង​គឺ​សេចក្ដី​ឆ្កួត​តណ្ហា​របស់​អ្នក​ឯង​ឲ្យ​ឆេះ​រោល​រាល​ខ្លាំង​ឡើង ហាក់​ដូចជា​មក​ញុះ​ប្អូន​ឯង​ឲ្យ​ដើរ​ទៅ​កាន់​ផ្លូវ​វិនាស​កម្ម តែ​បើ​ចេតនា​របស់​ប្អូន​បំណង​នឹង​យក​ឲ្យ​បាន ឬ​នឹង​ស្លាប់​នោះ បង​ជា​បង​នឹង​ឲ្យ​ប្អូន​ស្លាប់​ម្ដេច​បាន ត្រូវ​តែ​ជ្រោមជ្រែង​ជួយ​ជីវិត​ទុក​សិន វៀរ​លែង​តែ​របស់​ហួស​វិស័យ ។ ត្រាស់​ប៉ុណ្ណោះ​ហើយ ព្រះ​ទេពី​ក៏​ចេញ​ពី​បន្ទប់​នោះ មាន​សោវណី​ឲ្យ​ហៅ​នាង​ស្នំ សៃរិន្ធរី ៗ ចូល​មក​គាល់ ឈរ​ចំពោះ​មុខ​ព្រះ​ទីនាំង​ចាំ​ស្ដាប់​ព្រះ​សោវណី រានី ឃើញ​នាង​ចូល​មក​គាល់​ហើយ តែ​ក៏​មិន​ត្រាស់​ថា​អ្វី ទ្រង់​ប្រថាប់​ព្រងើយ ដូចជា​មាន​សេចក្ដី​មួហ្មង​អ្វី​ក្នុង​ព្រះ​ហឫទ័យ​មួយ​យ៉ាង តែ​ដែល​ពិត ព្រះ​នាង​កំពុង​រិះ​គិត​រក​ប្រយោជន៍​ដែល​នឹង​ត្រាស់​ចេញ​មក ព្រោះ​ជា​រឿង​សុខុម នឹង​ជា​រឿង​មុខ​គួរ​ខ្ពើម ព្រះ​នាង​ទើប​ជញ្ជឹង​រក​ផ្លូវ​មួយ​ស្របក់​សិន ទើប​មាន​ព្រះ​សោវណី​ថា មុខ​គួរ​ស្ដាយ​ណាស់​ណា ដែល​មក​ឃើញ​កន្យា​អ្នក​ឧត្ដម​សម្បូណ៌​ដោយ​គុណ​សម្បត្តិ​យ៉ាង​នាង​មក​ធ្លាក់​ទៅ​ទាសី សម្រាប់​បម្រើ​ការ​ក្នុង​ផ្ទះ​ដូច​នេះ ។ សៃរិន្ធរី តប នេះ​ជា​អកុសល​កម្ម​របស់​ខ្ញុំ​ម្ចាស់ វា​តាម​មក​ស្នង​ផល ។ រានី ត្រាស់ យើង​ឃើញ​ច្បាស់​ថា នាង​ឯង​មិនមែន​ជា​ស្ត្រី​ធម្មតា ព្រោះ​មាន​សរសៃ​ក្រសែ​លោហិត​ខៀវ​ច្រើន ស្មើ​នឹង​សរសៃ​លោហិត​របស់​យើង ល្អ​ហើយ នាង​គង់​ត្រេកអរ​កាល​បាន​ស្ដាប់​ថា អនុជ​របស់​យើង​មាន​សេចក្ដី​ស្នេហា​នាង​ឯង ហើយ​ខ្លួន​យើង​ក៏​ពេញ​ចិត្ត អនុជ ដែល​បាន​ឃើញ​នាង​បាទ​បរិចារិការ​របស់​អនុជ ។ ពាក្យ​នេះ​មិន​ធ្វើ​ឲ្យ សៃរិន្ធរី កើត​ក្រេកអរ ឬ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​សោះ​ឡើយ ត្រឡប់​ធ្វើ​ឲ្យ​នាង​ក្រេវ​ក្រោធពិរោធ​ដូច​អគ្រនី​ត្រូវ​ពាយុ​ទើប​តប​ព្រះ​រាជ​សោវណី​ថា វា​អាម៉ាស់​មុខ​ណាស់​ព្រះ​រាជិនី ម្ដេច​ព្រះ​មេ​ម្ចាស់​នឹក​ដល់​រឿង​នេះ​ផង ខ្ញុំ​ម្ចាស់​មិន​បាន​គិត​មិន​បាន​នឹក​សោះ​ឡើយ​ថា​ព្រះ​មេ​ម្ចាស់​នឹង​បន្ទាប​ព្រះ​អង្គ ចុះ​លេង​ក្នុង​រឿង​អប្រិយ​នេះ​ដែល​អ្នក​ជា​ទាំង​ពួង​គេ​មិន​ដែល​និយាយ ឬ​ប្រព្រឹត្ត​មក​សោះ ខ្ញុំ​ម្ចាស់​ទើប​នឹង​ដឹង​បាន​ក្នុង​វារៈ​នេះ​ជា​ដំបូង​ថា សក្ដិ​ខ្ពស់​នឹង​កេរ្តិ៍​ឈ្មោះ​ល្អ​នោះ វា​មិន​បាន​ជាប់​នៅ​ជា​មួយ​គ្នា​ជានិច្ច​ទៅ ព្រះ​មេ​ម្ចាស់​ប្រហែល​ជា​មិន​ដែល​ប្រទះ​ឃើញ​នារី​ដែល​ស៊ូ​លះ​ជីវិត​របស់​ខ្លួន ដើម្បី​ការពារ​រក្សា​កិត្តិយស​ទុក ប្រហែល​ជា​ទ្រង់​ធ្លាប់​ប្រទះតែ​ស្ត្រី​ដែល​ឮ​តែ​សម្លេង​ប្រាក់​ក្រើង ក៏​ញញឹម​ដាក់ ហើយ​បណ្ដាល​ឲ្យ​ប្រុស​សម្រេច​ដូច​ប្រាថ្នា ខ្ញុំ​ម្ចាស់​គ្មាន​ពាក្យ​ង្វី​ឡើយ ដែល​នឹង​ក្រាប​ទូល​ឲ្យ​ច្រើន​ទៅ​ជាង​នេះ មាន​តែ​ពាក្យ​បញ្ចប់​ពាក្យ​ដើម​បន្តិច​ទៅ​ទៀត​ថា អំពី​នេះ​ជាដើម​ទៅ ខ្ញុំ​ម្ចាស់​មិន​បាន​ជា​សាវឡិក គាល់​បម្រើ​ព្រះ​មេ​ម្ចាស់​តទៅ​ហើយ មាន​អំណាច​នឹង​ចង់​ទៅ​ណា​ទៅ​បាន​តាម​ចិត្ត ។ រានី ត្រាស់​ជា​ប្រញាប់​ថា កុំ​តូច​ចិត្ត​ឡើយ​សាវឡិក ចូល​ឲ្យ​អភ័យ​ដល់​យើង​ចុះ ចូល​ភ្លេច​ពាក្យ​ដែល​យើង​និយាយ​អម្បាញ​ទៅ កុំ​ខឹង​ស្របាល​ឡើយ ចូរ​យក​ពែង​សុរា​នេះ​ទៅ​ថ្វាយ​កិច្ចក ម្ល៉េះ​ប្រហែល​ជា​ចាំ​មើល​ផ្លូវ​នាង ។ រានី សម្គាល់​ថា ដែល សៃរិន្ធរី សម្ដែង​អាការ​ក្រវក្រោធ និង​ជា​មាយា​ស្រី ព្រះ​នាង​អស់​សង្ស័យ​ហើយ ជឿ​ក្នុង​ព្រះ​ហឫទ័យ​ថា សៃរិន្ធរី គង់​ត្រេកអរ​ក្នុង​រឿង​ដែល​កិច្ចក មាន​ចិត្ត​ស្នេហា​បដិព័ទ្ធ​នឹង​ខ្លួន ហើយ​ជឿ​ថា នាង​គង់​ត្រេកអរ​នឹង​នាំ​ពែង​ស្រា​ទៅ​ថ្វាយ​កិច្ចក សៃរិន្ធរី ដឹង​បាន​ជា​ប្រាកដ​ថា សុរា​មួយ​ពែង​នេះ ជា​ឧបាយ​ដើម្បី​ញ៉ាំង​ហេតុ​ឲ្យ​សម​ផល ឲ្យ​អ្នក​ទាំង​ពីរ​គឺ​ខ្លួន​នាង​និង​កិច្ចក​បាន​ជួប​គ្នា​ស្ងាត់ ៗ ក្នុង​ជាន់​ដំបូង​នាង​គិត​រេរា លុះ​គិត​ម្ដង​ទៀត​នាង​ក៏​ព្រម​ទៅ ដោយ​តាំង​ចិត្ត​ខ្ជាប់​ក្នុង​កុសល​រាសី ជា​កម្លាំង​សម្រាប់​តទល់​អាការ​កំហែង​បង្ខំ​ជម្រៅ​នៃ​បុរស នាង​ក៏​ឱន​គំនាប់​ទទួល​យក​ពែង​សុរា​អំពី​ព្រះ​ហស្ត​រានី ក្នុង​ខណៈ​ដែល​នាង​កំពុង​ដើរ​ចូល​ទៅ​កាន់​បន្ទប់​កិច្ចក​នោះ នាង​នឹក​តែ​ក្នុង​ចិត្ត​ថា វេលា​នេះ​យើង​ចូល​ទៅ​កាន់​ទី​ជម្រូង​ជម្រះ ដូច​ចូល​ទៅ​ក្នុង​រង្វង់​ស្នែង​សត្វ យើង​មិន​ដឹង​បើ​នឹង​ប្រតិបត្តិ​ដូចម្ដេច​ឲ្យ​រួច​ខ្លួន បើ​យើង​ទទឹង​អាជ្ញា​រានី​សោត​ទោស​ទណ្ឌ​នឹង​ធ្លាក់​លើ​ខ្លួន​យើង ឥឡូវ​នឹង​ប្រថុយ​ទៅ​រក​កិច្ចក សេចក្ដី​សៅហ្មង​នឹង​មាន​ដល់​ខ្លួន​យើង ៗ នឹង​គេច​វេះ​ទៅ​ផ្លូវ​ណា​មិន​រួច ហើយ​ប្រសិន​បើ​យើង​ប្រតិបត្តិ​តាម​បញ្ជា​រានី អ្នក​ណា​នឹង​ជា​នា​បាន​ថា ការ​ចូល​ទៅ​ក្នុង​បន្ទប់​ស្ងាត់​តែ​ពីរ​នាក់ ហើយ​គ្មាន​គ្រឿង​ការពារ​ខ្លួន​ផង វា​នឹង​មិន​ឲ្យ​ទោស​ដល់​ខ្លួន​យើង​ម្ដេច​បាន អ្នក​ណា​នឹង​ធានា​បាន​ថា កិច្ចក​នឹង​មិន​ធ្វើ​អ្វី រឿង​នេះ​សូម្បី​តែ​ស្រី​អ្នក​ព្រៃ​ដែល​ស្ដួច​ស្ដើង​ចរិយា​សម្បត្តិ​វា​ក៏​គង់​ខ្លាច​ច្រើន​ស្មើ​នឹង​ខ្លាច​ខ្លា តែ​ទោះបី​ដូចម្ដេច​ក្ដី យើង​នឹង​ព្យាយាម​រក្សា​កិត្តិយស​របស់​យើង​ទុក​ដោយ​ពេញ​កម្លាំង ដែល​នឹង​រក្សា​បាន ទោះបី​បង់​ជីវិត​ក៏​តាម​ការ សូម​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​ចូល​ជួយ​អភិបាល​ខ្ញុំ​ម្ចាស់​ក្នុង​គ្រា​នេះ ។ ដោយ​សេចក្ដី​គិត​យ៉ាង​នេះ​ជា​គ្រឿង​ឃុំ​ចិត្ត នាង​ក៏​ប្រថុយ​ឈាន​ជើង​ចូល​ទៅ​កាន់​បន្ទប់​កិច្ចក ឯ​ហេតុការណ៍​ដែល​កើត​ឡើង​នោះ វា​ក៏​មិន​ខុស​អី​និង​ដែល​នាង​ស្មាន​ទុក កិច្ចក​កាល​ឃើញ​នាង​ចូល​ទៅ​តែ​ម្នាក់​ឯង ក៏​នឹក​ញញឹម​ប្រឹមប្រិយ៍​ក្នុង​ចិត្ត​ក្រោក​ឡើង​ស្ទុះ​ទៅ​នឹង​ឱប​នាង ៗ គ្មាន​អាវិធ​នឹង​ការពារ​ខ្លួន​ពិត តែ​នាង​ប្រុង​ខ្លួន​ទុក​តស៊ូ​ដោយ​កម្លាំង​កាយ នាង​ទះ​តប់​ខ្វាច​ខ្ញាំ ថ្ពរ​របូត​អំពី​ដៃ​កិច្ចក ដែល​កំពុង​ស្រវឹង​សុរា រត់​ចេញ​អំពី​បន្ទប់ ។ ព្រះ​ចៅ​ក្រុង​វិរាដ​វេលា​នោះ កំពុង​ប្រថាប់​នៅ​ក្នុង​ព្រះ​ទី​នាំង​វិនិច្ឆ័យ ខណៈ​នោះ​មាន​ស្ត្រី​ម្នាក់ ស្រែក​រត់​ចូល​ទៅ​មុខ​ព្រះ​ទីនាំង ចូល​ទៅ​ដល់​បល្លង្ក​គង់ ដោយ​អាការ​អាច​ហ៊ាន​នឹង​ស្រែក​ថា អយុត្តិធម៌ អយុត្តិធម៌ ដ៏​លាមក កើត​ឡើង​ក្នុង​ម្លប់​សាលា​យុត្តិធម៌​ហើយ ព្រះ​រាជា​អើយ​កាល​ស្ត្រី​ភាព​អ្នក​មាន​កម្លាំង​តិច គ្មាន​ទី​ពឹង​ពាក់ មក​ត្រូវ​ញាំ​ញី​សមាន​សក្ដិ​លេង​តាម​អំពើ​ចិត្ត ក្នុង​ខាង​ក្នុង​កំផែង ៤ ជាន់​នៃ​ព្រះ​បរម​មហា​រាជ​វាំង​របស់​ព្រះ​អង្គ​ដូច​នេះ សេចក្ដី​វិនាស​សសៀរ​ចូល​ជិត​ព្រះ​អង្គ​ណាស់​ហើយ ។ គ្រា​នោះ​មាន​មហា​តលិក​ម្នាក់ ព្យាយាម​បណ្ដេញ​នាង​ចេញ​អំពី​ទី​នោះ ហៅ​នាង មេ​ចំកួត មេ​កំព្រើល ៗ ខណៈ​នោះ កិច្ចក​ក៏​តាម​ចូល​មក​ក្នុង​ព្រះ​រោង​គាល់ ចាប់​សក់​នាង​ដឹក​យក​ទៅ​អំពី​ទី​ប្រជុំ​នោះ បណ្ដា​អ្នក​ប្រជុំ​អម្បាល​នោះ​មិន​ទាន់​ដឹង​ថា កើត​ហេតុ​រឿង​អ្វី​ឡើយ កាល​កិច្ចក​អូស​ចូល​ទៅ​ក្នុង​វាំង សៃរិន្ធរី បាន​ស្រែក​រហូត​ផ្លូវ​សុំ​ឲ្យ​ប្រុស​ម្នាក់​ឈរ​នៅ​ជិត​នោះ​ជួយ ហើយ​មើល​ទៅ​ដូចជា​ស្គាល់​ប្រុស​នោះ​ផង តែ​ខាង​ប្រុស​នោះ​ឃើញ​ថា​មិន​គប្បី​នឹង​ធ្វើ​អ៊‍ឹកធឹក​វឹកវរ​កណ្ដាល​ផ្លូវ​ថ្នល់ គ្រាន់​តែ​ខ្សឹប​ប្រាប់​នាង​ថា ឲ្យ​នាង​ធ្វើ​មាយា​ឱន​លំទោន ព្រម​តាម​គេ​ទៅ​សិន​ទៅ ដល់​វេលា​រាត្រី​នឹង​មាន​ពួក​មក​ជួយ មក​នៅ​ជិត ៗ នាង ដើម្បី​នឹង​ជួយ​ឲ្យ​រួច​អំពី​សេចក្ដី​អប្បយស ។ សៃរិន្ធរី ក៏​ប្រតិបត្តិ​តាម នាង​ស្ងៀម​មិន​មាន​សម្ដែង​អាការ​ទទឹង​ត​ទៅ ដើរ​តាម​កិច្ចក ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​ស្រួល កាល​ទាំង​ពីរ​ចូល​ទៅ​ផុត​ហើយ កិច្ចក​ក៏​ចាក់​គន្លឹះ​ទ្វារ​គ្រិប ហើយ​ពោល​ប្រលោម​នាង​ថា កុំ​ណ៎ា កុំ​កាត់​មេត្រី​ក្ដី​ស្នេហា​របស់​បង​ឡើយ​វង់​ភក្ដ្រ​ដ៏​ត្រឡុង​ដូច​វង់​ខែ​នេះ​មក​បណ្ដាល​ឲ្យ​បង​វង្វេង​ស្មារតី​ទៅ ក្ដី​ស្នេហា​ដ៏​ធ្ងន់​មហិមា​ស្មើ​មហា​បរពត​បាន​មក​គ្រប​សង្កត់​ហឫទ័យ​របស់​បង វេលា​នេះ​ខ្លួន​បង​ធ្លាក់​ទៅ​ជា​ទាស​នៃ​សេចក្ដី​ស្រឡាញ់​ហើយ គ្មាន​អ្វី​នឹង​បន្ធូ​បន្ថយ​ទៀត​ទេ ក្រៅ​អំពី​នាង​ព្រម​ព្រៀង​ទទួល​បដិព័ទ្ធ​ប៉ុណ្ណោះ កុំ​ខឹង​ស្របា​ឡើយ​ណា​ស្រស់​ស្រី​បង​សូម​ផ្ញើ​មេត្រី​ក្ដី​ស្នេហា​ផង កុំ​ឲ្យ​បង​ស្លាប់​បង់​អសោចិ៍​អសារ​ឥត​ការ ។ លំដាប់​នោះ កិច្ចក​ខិត​ចូល​ជិត​លា​ព្រះ​ពាហា ជាទី​បបួល​ឲ្យ​នាង​ឱប ហើយ​លោម​តទៅ​ទៀត​ថា សូម​ឲ្យ​បង​ឱប​រឹត​ផ្ដិត​ទ្រូង​បន្ដិច​ស្រស់​ស្រី ដើម្បី​បន្ទោរ​បង់​នូវ​សេចក្ដី​ក្រហល់​ក្រហាយ ដែល​រុំ​រឹត​ចិត្ត​បង ត​អំពី​នោះ​ទៅ បង​ក៏​ជា​របស់​នាង ៗ ក៏​ជា​របស់​បង ជា​និរន្ដរ៍​ទៅ​ណា​ពៅ​ព្រលឹង ។ សៃរិន្ធរី​ញញឹម​ដោយ​ឧបាយ ហើយ​ក៏​ស្ងៀម​នៅ មិន​បាន​ត​តប​សម្ដី កិច្ចក​ក៏​និយាយ​ប្រលោម​ត​លួង​ទៅ​ថា សេចក្ដី​អៀន​ខ្មាស​ឃើញ​ប្រាកដ​នូវ​ទឹក​មុខ​យុវតី​សៃរិន្ធរី វា​មក​អុជ​កង​អគ្រនី​ក្នុង​ទ្រូង​បង​ឲ្យ​រោល​រាល កុំ​គេច​មុខ​ដ៏​បំព្រង​ដូច​ដួង​ខែ​អំពី​ការ​សម្លឹង​របស់​រៀម​ឡើយ កុំ​ស្ងាត់​ស្ងៀម​សម្ដី​ពិរោះ​ស្រណោះ​សោត​ទ្វារ ចូរ​បដិជ្ញា​មក​តែ​មួយ​ម៉ាត់ អំពី​វរ​ឱស្ឋ​ដ៏​ប្រិមប្រិយ​ដូច​ទទឹម​ព្រាយ ក៏​អាច​នឹង​ជួយ​រំសាយ​ទុក្ខ​និង​ជ្រោមជ្រែង​ជីវិត​បង​ឲ្យ​គង់​នៅ​បាន ។ ក្នុង​ទី​បំផុត​សៃរិន្ធរី​ក៏​ស្នង​វាទី​ថាៈ ម្ដេច​ទ្រង់​ប្រញាប់​ប្រញាល់​ម្ល៉េះ ចាំ​ឲ្យ​យប់​យាម​សន្ធិយា​សិន ខ្ញុំ​ម្ចាស់​នឹង​ទៅ​ណា ។ នាង ! ដឹង​បាន​ដោយ​ក្រ​ណាស់ សម្រាប់​ចិត្ត​អ្នក​គួរ​ស្រឡាញ់​កំពុង​ពេញ​ជ្រួល​គ្រប់​ខណៈ​ដង្ហើម​ចេញ​ចូល នឹង​បង្អង់​ចាំ​វេលា​នេះ​វេលា​នោះ ៗ នឹង​ប្រែ​ថា​ម្ដេច កិច្ចក តប​ដោយ​សម្លេង​ញ័រ​រន្ថាន់ ។ សេចក្ដី​ខ្មាស​ក្នុង​ខណៈ​នោះ​ពន់ពេក តែ​នាង​ក្លែង​តែង​ឧបាយ​ធ្វើ​មុខ​ញញឹម ហើយ​ឲ្យ​ពាក្យ​បដិញាណ​ថា នឹង​មក​រក​ក្នុង​វេលា​ព្រលប់​យប់​នេះ​មិន​ខាន សូម​ទាន​ឲ្យ​តែ​បន្ធូរ​បន្ធយ​សិន ។ កិច្ចក​និយាយ​ម្ដង​ទៀត​ក្នុង​ទី​បំផុត​ថា បង​គាប់​ចិត្ត អំណរ​គុណ​ជា​បំផុត មធុរសកថា​ប៉ុណ្ណោះ អាច​ជួយ​រក្សា​ដួង​ចិត្ត​ជីវិត​បង​ឲ្យ​គង់​នៅ​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​តទៅ ខណៈ​នេះ​បង​ត្រឡប់​ដឹង​ខ្លួន​ដូច​អំពី​ដើម​ជីវិត​របស់​បង​ប្រសិន​ជា​មាន​ប្រយោជន៍​ដល់​នាង សូម្បី​តែ​បន្តិច​បន្តួច​ក្ដី​បង​ស៊ូ​លះ​ឲ្យ​ប្អូន ។ សម្រាប់​ចិត្ត​គូ​ស្រឡាញ់ ដែល​កំពុង​ស្រឡាញ់​ថ្មី ៗ ក្ដៅ ៗ ឃើញ​ថា វេលា​ដែល​កន្លង​ទៅ​យឺត​យូរ​ជា​បំផុត ចូល​បែប​តម្រា​ភាសិត​ថា រាល់ ៗ ម៉ោង​ដែល​កន្លង​ទៅ​ម្យឺត ៗ នោះ​ឃើញ​ដូចជា​យឹត​យូរ​ស្មើ​នឹង​អាយុ​កាល បី​ដូជា​តា កង់​រថ​ព្រះ​អាទិត្យ​ជាប់​ភក់​ផុង​ដូច​នោះ ទោះ​បី​ដូច​នោះ​ក្ដី រាត្រី​កាល​ដែល​កិច្ចក​ក្រវើន​រន្ថាន់​ក្នុង​ចិត្ត ក៏​បាន​មក​ដល់​ទី​បំផុត វេលា​សន្ធិយាចរ​មក​ដល់ មាន​ស្រមោល​ងងឹត​ព្រិល​ឆៀង​ទៅ​ខាង​ខ្មៅ បាន​ជួយ​ឧបត្ថម្ភ ទឹល​ចិត្ត​កិច្ចក​កំពុង​ដើរ​ញាប់​តឹក ៗ ឲ្យ​រីករាយ​ឡើង​បាន​បន្ដិច​ដោយ​មាន​សេចក្ដី​សង្ឃឹម​បង្កើត​ឡើង តែ​មក​ដល់​ត្រង់​នេះ​ហើយ​ឃើញ​នាឡិកា ហាក់​ដូចជា​ដើរ​រឹត​តែ​យឺត​យូរ​ជាង​សព្វ​ដង កិច្ចក​ផ្ទំ​លើ​ព្រះ​ទែន​ប្រុង​ឲន្ទ្រីយ៍​ររៀសរវៃ ចាំ​ស្ដាប់​សូរ​ជើង​នាង​ឆោម​លំអរ​នឹង​ឈាន​ជើង​ចូល​ទៅ​រក​ខ្លួន ក្នុង​ទី​បំផុត​ទ្វារ​បន្ទប់​នោះ ក៏​សន្សឹម ៗ បើក​បន្តិច ៗ រូប​ស្រស់​បំព្រង​តែង​ខ្លួន​ទងវង​ជជាយ​បាន​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​នោះ កិច្ចក​ក្រឡេក​ឃើញ​ញញឹម​ញញែម​ក្រោក​ឡើង​អង្គុយ ហើយ​អញ្ជើញ​នាង​ឲ្យ​អង្គុយ​ក្នុង​រង្វង់​ដៃ នាង​ស្សឹម ៗ ដើរ​ចូល​ទៅ​កាន់​ទី​ព្រះ​ទែន ដោយ​គ្រឿង​តែង​កាយ ដោះ​គ្រឿង​តែង​កាយ​ខាង​ក្រៅ​ចេញ​ភ្លាម យី​អើ​មិន​មែន​ស្រី​ទេ​តើ កិច្ចក​ឃើញ​ច្បាស់​ទៅ​ជា​អ្នក​ចម្បាំង​ម្នាក់​រូប​សម្បើម​មក​ឈរ​នៅ​មុខ​គេ ហើយ​ស្រែក​គំរាម​ថា អា​ខ្មោច​ឥត​ខ្មាស អា​ឯង​មិន​ដឹង​ទេ​ឬ ជា​ស្ត្រី​បរិសុទ្ធ​មិន​លក់​កិត្តិយស​របស់​ខ្លួន ព្រោះ​ឃើញ​លាភ ឥឡូវ​អា​ឯង​ចូល​ត្រៀម​ខ្លួន​រឿង​ចិត្ត​ខ្មៅ​របស់​អា​ឯង ដើម្បី​ចុះ​ទៅ​កាន់​និរយ​ភូមិ​ជា​ឆាប់ ។ និយាយ​តែ​ប៉ុណ្ណោះ គេ​ក៏​ចាប់​កិច្ចក​កន្ត្រាក់​អំពី​ព្រះ​ទែន​ប្រហារ​ជីវិត​ដោយ​ក្ដាប់​ដៃ​ដ៏​មាន​ឫទ្ធិ​ស្លាប់​បង់ ភីម អ្នក​ក្លែង​ខ្លួន​ជា​ស្ត្រី ក៏​ប្រវា​ឡើង​កំផែង​វាំង​កិច្ចក ចុះ​ទៅ​ដេក​ព្រងើយ គ្មាន​អ្នក​ឯ​ណា​នីមួយ​ក្នុង​វាំង​នោះ ដឹង​ថា​មាន​ហេតុ​កើត​ឡើង ។ ព្រឹក​ឡើង​ទាល់​តែ​ថ្ងៃ​ហួស បន្ទប់​ទី​បន្ទំ​កិច្ចក​នៅ​តែ​បិទ អ្នក​ទាំង​ពួង​សង្ស័យ មាន​ទទួល​សវនិយ​ទៅ​ពិនិត្យ​មើល ដើម្បី​ឲ្យ​ដឹង​ជា​ហេតុ​ដូចម្ដេច ល​បើក​ទ្វារ​ចូល​ទៅ អ្នក​បម្រើ​នោះ​ក៏​ទច់​ង៉ក់​ធ្វើ​ភ្នែក​ក្រលួង ព្រោះ​ឃើញ​សព​កិច្ចក​ដេក​ស្ដូក លោហិត​ច្រាល​ពាស​ទាំង​ល្វែង និង​ប្រឡាក់​ទៅ​តាម​ខ្លួន​សព កាល​សេចក្ដី​នោះ​ជ្រាប​ទៅ​ដល់​ព្រះ​ញាតិ​វង្ស ក៏​ភ្ញាក់​ផ្អើល​តែ​រាល់​គ្នា រានី​ជា​ព្រះ​ជេដ្ឋ​ភគនី ក៏​ទៅ​ជា​ខ្យល់​ចាប់​បាត់​ស្មារតី ដោយ​អំណាច​ទោស​ឃោរឃៅ អ្នក​អម្បាល​នោះ​ក៏​រក​រឿង​ចោទ​ថា នាង​ទាសី​ជា​អ្នក​សម្លាប់ តែ​មិន​មាន​ស្មរ​បន្ទាល់​ល្មម​យក​ជា​ការ​ពិត​បាន ព្រោះ​មាន​សេចក្ដី​ឃើញ​ថា រឿង​ឃាដកម្ម ប្រុស​មាន​រូប​រាង​មាំមួន​យ៉ាង​កិច្ចក​នេះ ស្ត្រី​មិន​អាច​នឹង​ធ្វើ​បាន ទោះបី​ដូច​នោះ​ក្ដី មនុស្ស​ទាំងឡាយ​ក៏​មិន​អស់​សង្ស័យ នូវ​មាន​សេចក្ដី​ឃើញ​ថា​រឿង​ឃាដកម្ម​គ្រា​នេះ​ជា​ករណី​ហេតុ​ស្ងាត់​កំបាំង តែ​រានី​ទ្រង់​សង្ស័យ ត្រង់​ដែល​ថា សៃរិន្ធរី ជា​អ្នក​ដើម​ហេតុ ដោយ​ហេតុ​នេះ​ព្រះ​នាង​មិន​បាន​បិទបាំង​រឿង​សង្កា​នេះ​ទុក តែង​ត្រាស់​ប៉ោច ៗ ជា​ញយ ៗ ថា​តែ​ឃើញ​មុខ​នាង​ទាសី​កាល​ណា​ឲ្យ​នឹក​ជិន​នឹក​ស៊ី​ក្នុង​ចិត្ត ព្រោះ​តែ​ឃើញ​ហើយ បណ្ដាល​តឿន​ព្រះ​ហឫទ័យ​ឲ្យ​ព្រះ​នាង​នឹក​ដល់​មរណ​កម្ម​របស់​ព្រះ​អនុជ ក្នុង​ទី​បំផុត​ព្រះ​រាជា​ក៏​ត្រូវ​ខ្យល់​កួច​ត្រឡប់​ត្រឡិន​នាំ​ឲ្យ​ជឿ​ពាក្យ​ព្រះ​មហេសី ត្រាស់​ឲ្យ​ចង​ដៃ​ចង​ជើង​សៃរិន្ធរី នាំ​យក​ទៅ​ដុត​ទាំង​រស់ ព្រម​នឹង​សព​កិច្ចក​លើ​ជើង​ថ្ករ​ជា​មួយ​គ្នា ។ ឯ​នាង​ទាសី​សៃរិន្ធរី ត្រូវ​គេ​ផ្ចាញ់​ផ្ចាល​ជា​ច្រើន​ម៉ោង ដើម្បី​នឹង​ឲ្យ​នាង​ទទួល​សារភាព​តាម​ពិត តែ​នាង​ខំ​អត់​ធន់​ទារុណ​កម្ម​នោះ ដោយ​សេចក្ដី​មានះ​ក្លាហាន ដោយ​ឈ្វេង​យល់​ច្បាស់​ថា ពួក​បាណ្ឌវ​ក្សត្រិយ៍​នឹង​មក​ជួយ​នាង​ឲ្យ​រួច​អំពី​ភ័យ​ក្នុង​វេលា​មាន​ឱកាស ការ​ដែល​ត្រូវ​ចង​ដៃ​ចង​ជើង​រឹត​ក្រញុះ ដូចជា​គេ​ចង​ជ្រូក​នោះ ព្រះ​នាង​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​សោក នឹក​ស្រណោះ​ស្ដាយ​ព្រះ​អនុជ​ដែល​សុគត​ទៅ និង​ដិត​ចិត្ត​នឹង​នាង​ទាសី​ជា​ទម្ងន់ ។ លំដាប់​នោះ គេ​នាំ​នាង​ទៅ​កាន់​សុសាន​ប្រទេស2 មាន​ទាហាន​ប្រមាណ ៥០ នាក់​ឃុំ​ខ្លួន​នាង​ទៅ ដើម្បី​ការពារ​មិន​ឲ្យ​នាង​រត់ និង​ចាំ​ការពារ​មិន​ឲ្យ​ពួក​ញាតិ​របស់​នាង​មក​ដណ្ដើម​យក​ខ្លួន​នាង​ទី​បាន ។ ទី​មេន3 នោះ​គេ​បាន​ចាត់​ចែង​តម្កល់​ជើង​ថ្ករ ត្រៀម​ទុក​ថ្វាយ​ព្រះ​ភ្លើង​សព​កិច្ចក ចំណែក​ឯ​នាង​ក៏​ត្រូវ​បង្គាប់​ឲ្យ​ឡើង​ទៅ​ដុត​ខ្លួន​សម្លាប់​លើ​ជើង​ថ្ករ​នេះ ព្រម​នឹង​សព​កិច្ចក​ដែល​គេ​ចោទ​ថា​នាង​ជា​អ្នក​សម្លាប់ តែ​មុន​នឹង​ឡើង​ទៅ​លើ​ជើង​ថ្មរ គេ​បាន​អនុញ្ញាត​ឲ្យ​នាង​ប្រការ​សតិ​សេចក្ដី​ឯ​ណា​នីមួយ មុន​វេលា​លា​ស្លាប់ ថា​បើ​នាង​មាន​បំណង​នឹង​ពោល​បច្ឆឹម​វាចា​លំដាប់​នោះ​នាង​ក្រោក​ឡើង​ឈរ​ដោយ​អាច​ហាន ហើយ​និយាយ​សម្លេង​យ៉ាង​ច្បាស់លាស់ មិន​មាន​រន្ធត់​ថាៈ ម្នាល​សុភាព​បុរស​ទាំងឡាយ ប្រសិន​ជា​អ្នក​មក​នឹក​មួយ​រំបេច​មើល​ថា បើ​មាតា ឬ​បង​ស្រី ប្អូន​ស្រី បុត្រី របស់​អ្នក បាន​នូវ​សេចក្ដី​អាម៉ាស់​មុខ ព្រោះ​ប្រុស​ដែល​ស្លាប់​ទៅ​នេះ ទាំង​នាង​នោះ​ឯង​ក៏​មិន​ពេញ​ចិត្ត​នឹង​យក​សម្មាន​សក្ដិ​របស់​ខ្លួន​មក​ប្ដូរ​នឹង​ប្រុស​នេះ ដូច​យ៉ាង​ខ្លួន​ខ្ញុំ​នេះ តើ​អ្នក​នឹង​ចង​ដៃ​ចង​ជើង​យក​នាង​ទៅ​ដុត​ទាំង​រស់ ព្រោះ​ហេតុ​ដែល​នាង​ព្យាយាម​នឹង​ការពារ​សេចក្ដី​បរិសុទ្ធ​របស់​នាង​ឬ ខ្ញុំ​ជឿ​ថា អ្នក​ទាំង​ពួង​គង​នឹង​ប្រកែក​ព្រម​គ្នា​ថា នឹង​មិន​ធ្វើ​ដល់​នាង​ឡើយ ថា​ប់​ដូច​នោះ​សោត​ហេតុ​ម្ដេច​ស្ត្រី​កំសត់​គ្មាន​ផ្ទះ​សម្បែង គ្មាន​ញាតិ​វង្ស គ្មាន​អ្វី​បរិភោគ​ចិញ្ចឹម​ជីវិត រស់​នៅ​ដោយ​ត្រដរ ដោយ​អ្នក​ដទៃ​ឲ្យ​ទាន មក​ត្រូវ​ទោស​ដូច​នេះ ខុស​នឹង​អ្នក​ទាំង​ពួង ក្នុង​មួយ​វេលា​ឬ​ពីរ​បី​មីនុត​ទៀត ខ្ញុំ​នឹង​ដុត​ជីវិត​គ្មាន​ខ្លួន តែ​ចិត្ត​របស់​ខ្ញុំ​នឹង​រង្គាត់​ទៅ​ក្នុង​លោក ចិត្ត​របស់​ព្រហ្ម​ចារិនី​មិន​ចេះ​ស្លាប់ ។ លុះ​នាង​និយាយ​ចប់​ចុះ​ផុត​មាត់ ឃើញ​បុរស​ម្នាក់​ខ្មៅ​ធំ​មាំ​រត់​សំដៅ​ទៅ​មាត់​ទន្លេ ត្រង់​ទី​ដែល​នឹង​ថ្វាយ​ព្រះ​ភ្លើង​សព​កិច្ចក ស្រែក​បណ្ដើរ​ថា ខ្លួន​គេ​កាន់​រាជសារ​មក ដោយ​មាន​កិច្ច​ដ៏​ប្រញាប់ គេ​រត់​ចូល​មក​យ៉ាង​លឿន ៗ ទាល់​តែ​អ្នក​រក្សា​ការ​នឹង​ហាម​ឃាត់ ឬ​សួរ​យក​សេចក្ដី​មិន​ទាន់ ៗ ដឹង​ជា​អ្នក​ណា​នោះ​មក​ល្អ ឬ​មក​អាក្រក់ គេ​ក៏​ដល់​មក​ទី​ប្រជុំ​ជន រត់​កាត់​ហ្វូង​អ្នក​រក្សា​ការ​ដែល​ឈរ​ត្រៀប​ជុំ​វិញ ក្រប៊‍ី​ដែល​កាន់​នៅ​ដៃ​ក៏​វាត់​ឆ្វេង​វាត់​ស្ដាំ ត្រូវ​ដាច់​ករ​ធ្លាក់​អំពី​កាយ​រណែល ហើយ​ស្រែក​ប្រកាស​សម្លេង​ដ៏​ខ្លាំង​ថា ៖ កិច្ច​របស់​យើង​ដែល​មក​ទាំង​ប្រញាប់​ប្រញាល់​នេះ ក៏​គឺ​នឹង​មក​ជួយ​ស្ត្រី​ដែល​ជាប់​ចំណង​នេះ កិច្ច​ត​ទៀត គឺ​នឹង​សម្ដែង​ឲ្យ​មនុស្ស​ទាំងឡាយ​ឃើញ​ថា ដែល​តូច​មុខ​មុត​នេះ (យក​ដៃ​ចង្អុល​ទៅ​ក្រប៊‍ី) នឹង​ប្រហារ​ក្បាល​អ្នក​រាល់​គ្នា​ឲ្យ​កំបុត​ទៅ​បាន ។ និយាយ​ដូច​នោះ​ហើយ គេ​ក៏​ស្ទុះ​ប្រវារ​ឡើង​ទៅ​លើ​ជើង​ថ្ករ​ទៅ​ជួយ​ស្រាយ​សៃរិន្ធរី ហើយ​នាំ​ចុះមក វេលា​ត្រឡប់​មក បាន​កាប់​សម្លាប់​គ្នា​នឹង​ពួក​អ្នក​រក្សា​ការ ១ ភ្លេង​ធំ គេ​វាត់​ឆ្វេង​ក្រហែល​ស្ដាំ​ដោយ​ក្រប៊‍ី​សម្រាប់​ដៃ​ខ្លះ សាច់​ដៃ​ខ្លះ ដាច់​ជើង​ស្លាប់​ទៅ​ប្រមាណ ២០ នាក់ ឈាម​បាច​ប្រសាច​ពាស​មាត់​ទន្លេ ទី​ឈាបនកិច្ច​ក្លាយ​ទៅ​ជា​ទី​ចម្បាំង ពេញ​ទៅដោយ​លោហិត​មនុស្ស អ្នក​រស់​រួច​ជីវិត​ទៅ​ក៏​មិន​ប៉ុន្មាន​នាក់ អ្នក​ដែល​រួច​អំពី​មុខ​ក្របី ក៏​គឺ​អ្នក​ដែល​គេច​រត់​ទៅ​ជា​មុន ស្រេច​ការ​កាប់​សត្រូវ​ដោយ​កម្លាំង​ក្លា​មុខ​គួរ​ព្រឺ​ព្រួច​ប៉ុណ្ណោះ​ហើយ បុរស​នោះ​ក៏​ត្រកង​សៃរិន្ធរី​ដាក់​លើ​ស្មា​លី​ហិច​យាត្រា​ទៅ ក្នុង​រយៈ​ផ្លូវ​ឆ្ងាយ​ផុត​កន្ទុយ​ភ្នែក ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី៩៖ពួកកុរុចូលជាន់ដែនវិរាដ

ក្នុង​រវាង​ឆ្នាំ​ទី​បំផុត​នៃ​ការ​និរទេស​បាណ្ឌវ​ក្សត្រិយ៍ ទុរយោជន៍​បាន​ព្យាយាម​ស៊ើប​រក ទី​សំណាក់​ពាក់​ពួន​លាក់​ខ្លួន​ពួក​បាណ្ឌវ​ជានិច្ច ចំណែក​ឯ​បាណ្ឌវ​ក្សត្រិយ៍​ក៏​ពឹង​ពួន​លាក់​ខ្លួន​យ៉ាង​សុខុម គ្មាន​អ្នក​ណា​ដឹង​ដំណឹង​ឬ​ឮ​រហើប​រហាយ​សោះ​ដូច​ប្រាកដ​ហើយ​ខាង​ដើម គ្រប់ ៗ ពួក​កង​ក្រវែល​ដែល​ទុរយោជន៍​ប្រើ​ទៅ​ឲ្យ​ក្រវែល​ស៊ើប​រក​ដំណឹង​នោះ បាន​ត្រឡប់​វិល​ទៅ​វិញ​ដោយ​ប្រាស​ចាក​ផល​ដែល​បំណង​ប៉ង​ទុក ទៅ​ថ្លែង​ការណ៍​ថ្វាយ​ទុរយោជន៍​ថា ពួក​គេ​បាន​ខ្មី​ឃ្មាត​ចេញ​ទៅ​ស៊ើប​រក​ខ្លួន​គ្រប់​កន្លែង​ដែល​មនុស្ស​អាស្រ័យ​នៅ និង​ក្នុង​ដែន​ដង​ព្រៃ​រហោ​ឋាន​មិន​បាន​ប្រទះ​យុធិស្ឋិរ ឬ​គ្រាន់​តែ​ឮ​ដំណឹង​រសិប​រសៀប​សោះ ទុរយោជន៍​ទ្រង់​សម្គាល់​ថា សត្វ​សាហាវ​ក្នុង​ព្រៃ​គង់​ខាំ​ស៊ីបាណ្ឌវ​ក្សត្រិយ៍​ទាំង​ប្រាំ​ទៅ​ហើយ ព្រោះ​ពួក​ដែល​ត្រូវ​និរទេស​ចាក​និវេស​ស្ថាន​ទៅ​ដើរ​ព្រៃ មិន​ដែល​រួច​ពី​ខ្លា​ខាំ​ស៊ី ទុរយោជន៍​រឹត​តែ​ជឿ ហើយ​ទុក​ចិត្ត​ជា​ខ្លាំង​ឡើង​រាល់​វេលា​ថា ពួក​បាណ្ឌវ​គ្មាន​ខ្លួន​ហើយ ទាំង​នេះ​ព្រោះ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ប្រាថ្នា​តែ​ឲ្យ​គូ​បដិបក្ស​សូន្យ​ទៅ​អំពី​ផែនដី ទើប​ស្រូត​ទុក​ដាក់​ឲ្យ​ទៅ​ជា​ដូច​នេះ​ដូច​នោះ​ជា​មុន​ឯ​ទោណ​អាចារ្យ គ្មាន​ចិត្ត​ព្យាបាទ​បំណង​ស៊ី​សាច់​ច្របាច់​ឈាម​ដូច​នោះ​ទេ ទាំង​ភីស្ម ដែល​មាន​ព្រះ​កេសា​ស្កូវ​ព្រោង ក៏​ដូច​គ្នា មិន​ទ្រង់​ជឿ​សោះ​ថា​បាណ្ឌវ​ក្សត្រិយ៍​អស់​ព្រះ​ជន្ម ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​កាល ៨០ ឆ្នាំ​ហើយ កិច្ចការ​ទាំង​ពួង​ទ្រង់​ត្រិះ​រិះ​រក​ហេតុ​ផល​ឲ្យ​ឃើញ​ជាក់​ស្ដែង​សព្វ​គ្រប់ ទើប​បញ្ចេញ​វាចា​ក្នុង​រឿង​នេះ ក៏​ទ្រង់​រំឭក​ថា កុំ​អាល​សន្និដ្ឋាន​ដោយ​រួស​រាន់​ហួស​ទៅ ទ្រង់​ទុក​ព្រះ​ហឫទ័យ​ថា ពួក​បាណ្ឌវ​កាល​នោះ ក៏​ឈ្មោះ​ថា​មាន​ពួក​ច្រើន​នៅ​ក្នុង​ខ្លួន​សត្វ​សាហាវ​យង់ឃ្នង មិនមែន​មក​ប្រឡង​រិទ្ធិ​ពាធា​យាយី​បាន​ដោយ​ងាយ ៗ ទេ ទ្រង់​អាច​តស៊ូ​មនុស្ស​ឬ​សត្វ​សាហាវ​រាប់​ដោយ​ចំនួន​រយ​ពាន់ នាយ​ខ្មាន់​ធ្នូ​យ៉ាង​អរជុន​ជឿ​ថា គង់​ជា​មិន​ត្រូវ​សឹក​លបប្រទុស្តរាយ​បាន ព្រះ​ហឫទ័យ​ភីស្ម ទ្រង់​ព្រួយ​តែ​ទុរយោជន៍​វិញ ក្រែង​សត្រូវ​លប​វាយ​បាន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​មក​ប្រមាទ​ជឿ​ថា សត្វ​សាហាវ​ខាំ​បាណ្ឌវ​ក្សត្រិយ៍​ស្លាប់​បង់​ហើយ ក្រិបាចារ្យ និង​ភីស្ម គេ​មិន​បាន​សំងំ​ទុក​តែ​ក្នុង​ចិត្ត កាល​ទុរយោជន៍​ត្រាស់​សួរ​រឿង​នេះ ក៏​ក្រាប​ទូល​មូល​មតិ​តាម​ត្រង់ ៗ ចំពោះ​ព្រះ​ភក្ដ្រ​ថា ៖
ទូល​ព្រះ​បង្គំ​មាន​សេចក្ដី​កង្វល់​អំពល់​ចិត្ត គិត​ដល់​រឿង​និរាស​ភ័យ​នៃ​ព្រះ​អង្គ​ពន់ពេក មិន​សូវ​ជា​ទៅ​នឹក​ដល់​បាណ្ឌវ​ក្សត្រិយ៍​ដែល​ជឿ​ថា​ប្រាស​ចាក​ភ័យ មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នោះ​ទេ ព្រះ​ករុណា ព្រោះ​ទោះបី​អាក្រក់​ល្អ ក៏​ជា​រឿង​របស់​គេ ក៏​ឥឡូវ​ឆ្នាំ​ទី ១៣ នៃ​ការ​និរទេស​ទៀប​នឹង​អស់​ហើយ គួរ​តែ​ព្រះ​អង្គ​ព្យាយាម​ផ្សះ​ផ្សារ​ការ​បាក់​បែក​គ្នា​ជា​យូរ​ឆ្នាំ​ហើយ​នេះ ឲ្យ​ដាច់​ស្រេច​ទៅ នឹង​បាន​ជា​ផ្លូវ​សុខ​កាយ​សប្បាយ​ចិត្ត មិន​តោង​ភ្ញាក់​ផ្អើល​តទៅ មិន​ដូច​នោះ​នឹង ….. តែ​ទូល​ព្រះ​បង្គំ​ក្រែង​ព្រះ​ហឫទ័យ​ដែល​នឹង​ក្រាប​ទូល​រឿង​ពិត ដែល​វា​និង​មក​ផ្ដាច់​ជីវិត​យក​ទៅ​ក្នុង​ថ្ងៃ​ឯ​ណា​នីមួយ​ក្នុង​វេលា​ក្រោយ ។ ចារបុរស1 ដែល​ទុរយោជន៍​ប្រើ​ឲ្យ​ទៅ​ស៊ើប បាន​សេចក្ដី​ល្អិត​ល្អ​មក​ហើយ តែ​កាល​ឃើញ​ថា ខ្លួន​ប្រកែក​នឹង​គេ​មិន​រួច ទើប​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ពត៌មាន​ដ៏​ល្អ គួរ​នឹង​នាំ​មក​ក្រាប​ទូល​ឲ្យ​ទ្រង់​ជ្រាប យុធិស្ឋិរ​អស់​ព្រះ​ជន្ម​ហើយ​ជា​ប្រាកដ នៅ​មាន​ពត៌មាន​ល្អ​ជាង​នោះ​ទៀត គឺ​កិច្ចក​កុមារ ប្អូន​ថ្លៃ​ព្រះ​ចៅ​វិរាដ ក៏​ស្លាប់​ដោយ​ដៃ​មនុស្ស​កំណាច​ប្រហារ​បង់​ហើយ ទូល​ព្រះ​បង្គំ​ត្រេកអរ​នឹង​សង្ឃឹម​ទុក​ថា មិន​ប៉ុន្មាន​ថ្ងៃ ទង់ជ័យ​នៃ​ពួកកោរព​ដ៏​ថ្កើង​រិទ្ធិ នឹង​ទៅ​ប្រតិស្ឋាន​លើ​កំពូល​ប្រាសាទ ព្រះ​ចៅ​វិរាដ​រលាស់​កន្ទុយ​យ៉ាង​រំភើយ ។ ទុរយោជន៍​នឹក​ញញឹម​ប្រប្រិម​ក្នុង​កមល​ហឫទ័យ ដូច​យ៉ាង​កូន​ក្មេង​កំពុង​ពេញ​ពាល ត្រាស់​ឲ្យ​រៀប​កងទ័ព​ត្រៀម​ទុក​ដើម្បី​នឹង​លើក​ទៅ​វាយ​ក្រុង​វិរាដ ឲ្យ​សព្វ​គ្រប់​ព្រម​ទាំង​ទាហាន​ទាំង​គ្រឿង​យុទ្ធ​ភ័ណ្ឌ ។ ត​មក​ពីរ​បី​វេលា កង​ទ័ព​កុរុ​មាន​សុសរម័ន អ្នក​ក្លៀវក្លា​រឹងរិទ្ធិ​ក្រៃក្រៀង​ហ៊ាន​ជា​មេ​ទ័ព បាន​លើក​ទ័ព​យាត្រា​ត្រង់​ទៅ​ក្រុង​វិរាដ សុទ្ធ​តែ​កងទ័ព​ដែល​បាន​តាក់តែង​យ៉ាង​ឯក​គ្រប់​ប្រការ ចាត់​យ៉ាង​ផ្ចិត​ផ្ចង់​តាំង​ពី​ផែនទី​សម្រាប់​ដើរ​ទ័ព​ចូល​ទៅ​វាយ​និង​ការពារ​ខ្លួន រហូត​ដល់​ឡេវ​អាវ​ពល​ទាហាន ចាត់​ល្អ​រៀបរយ​ដោយ​បែប ៗ គ្រប់​យ៉ាង តាំង​ពី​កាល​ណា​មក កងទ័ព​កុរុ​ដែល​លើក​ចេញ​ពី​ក្រុង​ទៅ មិន​ដែល​សម្ដែង​អាការ​ក្លា​រីករាយ ហើយ​នឹង​បំណង​យក​ជ័យជម្នះ​ដូច​នេះ រឿង​សេចក្ដី​ស្លាប់​កណ្ដាល​សង្គ្រាម​នោះ គេ​មិន​បាន​គិត​យក​មក​ជា​អារម្មណ៍​ក្នុង​ចិត្ត​សោះ​ឡើយ គេ​បញ្ជូន​ចិត្ត​ឈោង​ចំពោះ​ដល់​ទី​យុទ្ធ​ភូមិ​ឥត​មាន​រួញរា មាន​តែ​ស្រើប​ស្រាល​សាទរ​ហ៊ោ​កញ្ចៀវ​អឺងអាប់​ស្ទើរ​ដាច់​ផែន​ពសុធា សេចក្ដី​ក្លាហាន​ដូច​នេះ លោក​វាយ​តម្លៃ​ថ្លៃ​ជាង​សេចក្ដី​ប្រាថ្នា​នៃ​អ្នក​មាន​ចិត្ត​លោភ​គិត​តែ​ខាង​បាន ។ គ្រា​នោះ​ព្រះ​ចៅ​វិរាដ​បាន​ទទួល​ថ្លែង​ការណ៍​ថា សឹក​លើក​ចូល​មក​ជាន់​ដែន​វិរាដ ទ្រង់​មាន​បញ្ជា​ឲ្យ​រួបរួម​ទាហាន ដើម្បី​នឹង​លើក​ទៅ​តទល់​សឹក​នឹង​កម្ចាត់​ឲ្យ​ជ្រុះ​ស្រឡះ​ទៅ​អំពី​ដែន កុំ​ឲ្យ​សឹក​ចូល​មក​ដល់​ក្រុង​ជា​មុន​ទ្រង់​ដំណើរ​កងទ័ព​ទៅ​ទទួល​សឹក​នៅ​ទី​កណ្ដាល​វាល​ធំ កងទ័ព​ទាំង​សង​ខាង​បាន​មក​ប្រទះ​ប្រទល់​មុខ​គ្នា​នៅ​ទី​នោះ ឈប់​បង្អង់​ស្ងៀម​ចាំ​ស្ដាប់​អាណត្តិ​សញ្ញា នឹង​ចូល​ធ្វើ​ការ​ត​យុទ្ធ​គ្នា កងទ័ព​ទាំង​សង​ខាង​ឈរ​ប្រឈម​ទល់​មុខ​គ្នា បីដូច​ជា​ថា អ្នក​បញ្ជា​កងទ័ព​ទាំង​សង​ខាង កំពុង​តាំង​គ្រឿង​ថត​រូប​កងទ័ព​មុខ​របស់​ខ្លួន​ដូច​នោះ មួយ​ស្របក់​សុសរម័ន អ្នក​បញ្ជាការ​កងទ័ព​កុរុ​ស្រែក​ប្រកាស​ថា ច្បាំង រន្ទះ​សម្លេង​ឮ​ច្បាស់​ទៅ​ដល់​កងទ័ព​ម្ខាង លំដាប់​នោះ​កូន​សរ​ដូច​គ្រាប់​ភ្លៀង ក៏​រត់​វឺវូ​លើ​នភាកាស ពួយ​ប្រជួស​ប្រច្រាស​គ្នា​ទៅ​ត្រង់​ទិស​ទាំង​សង​ខាង​ទំគិច​គ្នា​ឮ​សូរ​ឆាត ៗ ឆាប់ ៗ ក្នុង​កណ្ដាល​វេហា កូន​សរ​ខ្លះ​ក៏​ទៅ​ត្រូវ​រាង​កាយ​ទាហាន​ខាង​សឹក កូន​សរ​ខ្លះ ក៏​ធ្លាក់​ដល់​ដី​ឥត​មាន​ត្រូវ​ការ​បច្ចា​មិត្រ ទាំង​ពីរ​ពួក​ក៏​សង្ខុញ​ចាប់​ជិត​ប្រកិត​ចូល​ទៅ​កល់​បីដូច​លលក​សមុទ្រ បុក​រុក​លោ​លោត​ចូល​ទៅ​ប្រហារ​គ្នា​នូវ​គ្នា​ដោយ​កូន​សរ កាន់​តែ​ក្រាស់​ឡើង ៗ ដោយ​លំដាប់ ឮ​សូរ​សព្ទ​អ៊‍ឹកធឹក​គឹកកង​ខ្លាំង​ឡើង ៗ ស្ទើរ​កក្រើក​អំពើក​ទាំង​ផែន​ពសុធា ចុង​ក្រោយ​មក​យោធា​ទាំង​សង​ខាង​ក៏​ចូល​ប្រឡូក​តស៊ូ​គ្នា ដោយ​ដាវ​លំពែង​អាវុធ​ខ្លី​សម្រាប់​ដៃ ។ មេ​ទ័ព​ទាំង​សង​ខាង មិន​តែ​ដេញ​ពល​ក្នុង​បង្គាប់​បញ្ជា​ខ្លួន​ឲ្យ​ចូល​ប្រឡូក​គ្នា​ប៉ុណ្ណោះ ខ្លួន​ឯង​ទាំង​ពីរ​ប៉ែក​បាន​ច្បាំង​ផង​ដូច​យ៉ាង​ពល​ទាហាន​កូន​សរ​មេទ័ព​ខាង​កុរុ​បាញ់​មក​ត្រូវ​ព្រះ​កាយ​ព្រះ​រាជា​វិរាដ មាន​របួស​បន្តិច សូម្បី​ត្រូវ​មាន​របួស​ហើយ​ក្ដី ទ្រង់​ក៏​នៅ​សម្ដែង​សេចក្ដី​ក្លាហាន​ច្បាំង​រឿយ​ទៅ ដើម្បី​នាំ​សម្រើប​ចិត្ត​ពល​ទាហាន​ច្បាំង​តទៅ សូម្បី​ទ្រង់​យក​ព្រះ​ហឫទ័យ​​ទុក្ខ​ដាក់​ម្ល៉ោះ​ក្ដី ក្នុង​ជាន់​ដំបូង​នេះ នឹង​ផ្ទឹម​មុខ​ទាហាន​កុរុ​មិន​បាន ព្រោះ​កងទ័ព​វិរាដ​ទន់​ហាត់ ឬ​ថា​មិន​សូវ​ប្រសប់​ក្នុង​យុទ្ធ​វិធី​ក៏​ថា​បាន សេចក្ដី​ខ​នេះ​ធ្វើ​ឲ្យ​ឃើញ​ផល​ក្នុង​ខណៈ​នោះ គឺ​ទាហាន​ក្រុង​វិរាដ​ចេះ​តែ​ថយ​ក្រោយ រុក​ទៅ​មុខ​ទើស​ទើ​ទៅ​មិន​រួច ថយ​ទៅ​តាំង​មាំ​ហើយ​ក៏​របេះ ៗ ថយ​ចូល​ទៅ​ទៀត ក្នុង​មិន​យូរ​ប៉ុន្មាន ក៏​ថយ​ផាយ​ទៅ​តែ​ម្ដង ទាល់​តែ​ឃើញ​ថា ទប់​ទល់​កុរុ​មិន​នឹង ។ ត​មក​បន្ដិច សុសរម័ន ចាប់​ព្រះ​រាជា​វិរាដ​បាន​ក្នុង​ទី​ចម្បាំង​ពន្ធនាការ​នាំ​យក​ទៅ​ទុក​ក្នុង​កងទ័ព​កុរុ ទាហាន​កុរុ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​គ្មាន​ស្រែក​ហ៊ោ ជយោ ៗ ឮ​សូរ​សព្ទ​គឹកកង​ស្ទើរ​ផ្អៀង​ផែន​ប្រថពី កាល​ចាប់​បាន​ព្រះ​ចៅ​វិរាដ​ទៅ​ហើយ ឈ្មោះ​ថា​ចប់ ១ ភ្លេង​ប៉ុណ្ណោះ ការ​ដែល​មើល​ទៅ​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្លួន​ដ៏​ជា​កំពូល​ទ័ព ជាប់​អន្ទាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​សឹក​នោះ​ឯង ជា​អណត្តិ​សញ្ញា​មក​ដាស់​តឿន​ចិត្ត​អ្នក​បង្គាប់​ការ​គ្រប់​ជាន់ ឲ្យ​ក្រើន​ពល​ទាហាន​ដែល​កំពុង​ស្លុត ត្រឡប់​ជា​មាន​ព្យាយាម​រៀង​ខ្លួន ដើម្បី​នឹង​ច្បាំង​យក​ជ័យជម្នះ​មក​វិញ​ត្រា​តែ​បាន ពួក​ទាហាន​វិរាដ​ព្យាយាម​ច្បាំង​រុករាន​ដោយ​មាន​ក្លាហាន យ៉ាង​មិន​គិត​ជីវិត​ដើម្បី​ជួយ​ម្ចាស់​របស់​គេ ឲ្យ​រួច​អំពី​អន្ទាក់​នៃ​អរិរាជ​សត្រូវ ខ្មួល​ខ្មាញ់​ចូល​ទៅ មួយ​លើក​ហើយ​មួយ​លើក​ទៀត ក៏​មិន​កើត​ផល​សម្រេច​ទៅ​បាន ដោយ​កម្លាំង​សឹក​កំពុង​ឃឹកឃាក់​ខ្លាំង​ណាស់ ការ​សែល​បែក​ផាយ​ថយ​មក​រាល់​ដង មុខ​គួរ​ឲ្យ​ទាហាន​រអា​ចិត្ត​តែ​មិន​ដូច​នោះ ត្រឡប់​ជា​ធ្វើ​ឲ្យ​ទាហាន​អស់​នោះ កើត​មាន​ក្លា​ឡើង ចូល​វាយ​មួយ​ហ៊ឺ​ទៀត កល់​បីដូច​ជា​លលក​សមុទ្រ​គ្រា​ត្រូវ​ពាយុ​បោក​បក់ ការ​ច្បាំង​ក្នុង​លើក​នេះ​ឃើញ​ថា ស្រុះ​គ្នា​ហើយ​ឃើញ​ញឹក​ដូចជា​ឡើង ៗ គេ​មិន​បាន​រួម​កម្លាំង​ព្រួត​គ្នា​វាយ​ដោយ​អន្លើ ៗ ដូច​កាល​មុន គេ​ពង្រីក​ថែវ​ទាហាន​រាយ​រហូទ​ទី​ចម្បាំង ក្នុង​ទី​បំផុត​ទ័ព​កុរុ​មាន​អាការ​ធុញ​ក្នុង​ចិត្ត​កើត​សេចក្ដី​រទីស​រទាស មិន​ស្មើ​ភាគ​ការ​មាន​ជ័យជម្នះ កើត​សេចក្ដី​រាយ​ក្នុង​ជាន់​ដំបូង​នោះ ត្រឡប់​ជា​រោយរៀវ​អន្ដរធាន​ទៅ សឹក​ខាង​ក្រុង​វិរាដ​ឡើង​ចុង​ដៃ កាន់​តែ​មាន​កម្លាំង​ហ៊ឹក​ហ៊ាក់​គ្រប​មក​លើ​ខ្លួន លំដាប់​នោះ ពល្លក (នេះ​ជា​នឆាម​ប្លមរបស់​ភីម គ្រា​ប្លម​ខ្លួន​ទៅ​នៅ​ក្នុង​វិរាដ) បាន​ទៅ​ជួយ​ព្រះ​ចៅ​វិរាដ​ឲ្យ​របូត​រួច​មក​បាន ពួក​សេនា​ទាហាន​របស់​ទ្រង់ នាំ​គ្នា​ហ៊ោ​គឹកកង​រំពង​ទាំង​ទី​យុទ្ធភូមិ ដោយ​មាន​ជ័យ ម្ដង​នេះ​ជា​វារ​ព្រះ​រាជា​វិរាដ​និង​ធ្វើ​ការ​សង​សឹក​វិញ ទាហាន​វិរាដ​ចូល​វាយ​កាន់​តែ​ស្រុះ​គ្នា ហើយ​ញឹក​ឡើង​ព្រិប ៗ ឃើញ​បាន​ផល​ល្អ​ឡើង​ដោយ​លំដាប់ ទាល់​តែ​ទ័ព​កុរុ​ទ្រ​មិន​បាន បែក​ខ្ចាត់ខ្ចាយ​ផាយ​ចូល​ក្រុង​ហស្ថិបុរ ចាប់​បាន​សុសរម័ន​មេទ័ព​កុរុ​បាន តែ​ដើម្បី​នឹង​សម្ដែង​មេត្តា​ចិត្ត ព្រះ​រាជា​វិរាដ​ត្រាស់​ឲ្យ​លែង​ខ្លួន​គេ ទៅ​នគរ​ដើម​វិញ ។ ទ័ព​កុរុ​ដែល​ទុរយោជន៍​បញ្ជូន​ទៅ​ធ្វើ​សង្គ្រាម​និង​ក្រុង​វិរាស ដោយ​ចិត្ត​មនោ​មាន​ក្លាហាន ក៏​ចប់​ចុះ​ដោយ​ប្រការ​តែ​ប៉ុណ្ណេះ​ម្ដង ។ តែ​សង្គ្រាម​ដែល​ទន់ទាប​ចាញ់​ប្រៀប​គេ​គ្រា​នេះ មុខ​គួរ​ទម្លាយ​សេចក្ដី​ព្រហ៊ើន​យង់ឃ្នង​របស់​ទុរយោជន៍​ឲ្យ​ថយ​ចុះ តែ​មិន​ដូច​នោះ ត្រឡប់​ធ្វើ​ជា​ឲ្យ​ទុរយោជន៍​កំរើប​រិទ្ធិ​ណាស់ ឡើង​ជាង​មុន​ទៅ​ទៀត ប្រញាប់​រួបរួម​កងទ័ព​បាន​ល្មម​ការ​ហើយ ការ​លើក​ក្បួន​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ក្រុង​វិរាដ​ម្ដង​ទៀត​ជា​គ្រា​ទី ២ ដោយ​រួសរាន់ គ្រា​នេះ​ទ្រង់​នាំ​ទ័ព​ដោយ​ព្រះ​អង្គ​ឯង ទុរយោជន៍​លើក​ទ័ព​ទៅ​គ្រា​នេះ ចំពោះ​ត្រូវ​នឹង​វេលា​ដែល​ព្រះ​រាជា​វិរាដ​មាន​រាជកិច្ច តោង​ស្ដេច​ចេញ​ចាក​ព្រះ​នគរ​ទៅ ដំណឹង​ទ័ព​ដឹង​ដល់​សេនាបតី​របស់​ព្រះ​អង្គ គេ​បាន​ប្រជុំ​គ្នា​ជំនួស​ព្រះ​នេត្រ​ព្រះ​ស្រោត ដើម្បី​ប្រឹក្សា​រឿង​ដែល​នឹង​ចាត់​ការ​តស៊ូ​មហា​ភ័យ​ដែល​កើត​ឡើង​ក្នុង​បច្ចុប្បន្ន​បន្ទាន់​វេលា ក្នុង​រវាង​ដែល​ព្រះ​រាជា​របស់​គេ​មិន​នៅ ព្រះ​រាជ​បុត្រ រជ្ជទាយាទ​បាន​ទទួល​ដំណែង​ជា​អ្នក​បង្គាប់​បញ្ជា​កងទ័ព ពេញ​កិត្តិយស គេ​បាន​ត្រៀម​សេះ ដំរី និង​គ្រឿង​យុទ្ធ​ភ័ណ្ឌ​គ្រប់​មុខ​គ្រប់​យ៉ាង​ដោយ​រួសរាន់ ទាំង​កេណ្ឌ​ទាហាន​បញ្ចូល​ថ្មី​ឡើង​ទៀត បំពេញ​ចំនួន​ដែល​ខ្វះ​ខាត​ក្នុង​កាល​សង្គ្រាម​គ្រា​មុន​ឲ្យ​ធួន​ការ​ដែល​ប្រមើល​ទុក កើត​រជោ​រជើប​ជ្រួល​ទួទាំង​ព្រះ​រាជាណាចក្រ សូម្បី​តែ​ស្រី​ក៏​មាន​ភាគ​ជំនួយ​ការ​ទ័ព​តាម​កម្លាំង​និង​សេចក្ដី​អាច​របស់​ខ្លួន ត្រង់​នេះ​គួរ​សរសើរ​សេចក្ដី​សាមគ្គី​អ្នក​ស្រុក​វិរាដ ។ កាល​ត្រៀម​ការ​ព្រម​ស្រេច​ហើយ ក៏​បាន​ដំណឹង​រាជការ​សឹក​មក​ម្ដង​ទៀត​ថា សឹក​លើក​ចូល​មក​ជាន់​ដែន​ហើយ កង​ទាហាន​រក្សា​ក្រុង​ក៏​ម្នីម្នា​លើក​ទៅ​ធ្វើ​ការ​រាំងរា​ទប់​អំពី​ចម្ងាយ កុំ​ឲ្យ​ចូល​មក​ដល់​ក្រុង ។ កង​ទ័ព​ទាំង​ពីរ​បាន​ប្រទះ​គ្នា​ម្ដង​ទៀត ភាព​នៃ​ការ​ប្រយុទ្ធ​បាន​ដំណើរ​ទៅ​យ៉ាង​គ្រា​មុន ផ្លាស់​គ្នា​ឈ្នះ​ចាញ់​ជា​ធម្មតា សេនា​ទាហាន​ទាំង​ពីរ​ពួក​មាន​ចំនួន​ច្រើន​អនេក​អនន្ត ចូល​ត​យុទ្ធ​គ្នា​ខ្មួលខ្មាញ់​ឥត​ស្រាកស្រាន្ត ប្រហែល​ហាក់ដូច​លលក​សមុទ្រ ដេញ​គ្នា​ពពូន​ពពាន ប្រទះ​ប្រទាក់​គ្នា​ម្ដង ៗ ឮ​សូរ​គគ្រឹក​គគ្រាំ សម្លេង​ស្រែក​បង្អៅ សម្លេង​ថ្ងូរ ទ្រហោ​យំ ពាក្យ​ស្បថ ពាក្យ​ប្រមាទ​មើល​ងាយ ពាក្យ​ផរុស​វាទ​ជេរ​ប្រទេច​នានា ទ្រហឹង​អឺងកង​ទាំង​ដែន​យុទ្ធភូមិ ។ ខណៈ​ដែល​កំពុង​ច្បាំង មាន​រឿង​ចម្លែក​មួយ​យ៉ាង ដែល​ជាតិ​អ្នក​ចម្បាំង​គេ​មិន​ធ្លាប់​ប្រព្រឹត្ត ព្រះ​រាជ​បុត្រ​ព្រះ​ចៅ​វិរាដ​អ្នក​ជា​កំពូល​ទ័ព បញ្ជា​ការ​កងទ័ព​ធំ​ខាង​វិរាដ ឃើញ​ទាហាន​កាប់​សម្លាប់​គ្នា​ឈាម​ច្រាល ក៏​ក្រាប​ជាន់ ខូច​ព្រះ​ហឫទ័យ​ទប់​ពុំ​បាន ស្ដេច​លប​ចុះ​អំពី​រថសឹក គេច​ចេញ​ចាក​ទី​ចម្បាំង បែរ​ព្រះ​ភក្ដ្រ​សំដៅ​បូរី លុះ​ស្ដេច​រត់​ទៅ​មួយ​ស្របក់​ហើយ នាយ​សារថី​របស់​ទ្រង់ ទើប​ដឹង​ថា​ស្ដេច​បាត​ទៅ​អំពី​ព្រះ​រាជរថ​ក្នុង​ជាន់​ដំបូង​ដែល​ងាក​ទៅ​ទៅ​មិន​ឃើញ​គេ ស្មាន​ថា​ព្រះ​រាជ​កុមារ​គង់​សុគត​ដោយ​ថ្វី​ដៃ​បច្ចា​មិត្រ តែ​មិន​ឃើញ​លោហិត​ជាប់​នៅ​នឹង​ព្រះ​ទីនាំង​ទ្រង់​ដល់ ១ ដំណក់​សោះ នាំ​ឲ្យ​គេ​ឆ្ងល់​ហើយ​សន្និដ្ឋាន​ថា គង់​ស្ដេច​រត់​ទៅ​ជា​ប្រាកដ ទាហាន ១ ពួក​នេះ បាន​ទទួល​បង្គាប់​ឲ្យ​ទៅ​តាម​អញ្ជើញ​ស្ដេច​មក​កាន់​ទី​យុទ្ធភូមិ យូរ​បន្តិច​ក៏​ឃើញ​ព្រះ​រាជ​កុមារ​កំឡាច ត្រូវ​ទាហាន​ឃុំ​ខ្លួន​ដូច​អ្នក​ទោស ឬ​ដូច​ឈ្លើយ​សឹក នាំ​មក​កាន់​ទី​ចម្បាំង​វិញ ពួក​ពល​ទាហាន​របស់​ទ្រង់​ពោល​ស៊កសៀត​ថា មិន​គួរ​ឡើយ​នឹង​មក​សម្ដែង​សេចក្ដី​កំឡាច​ក្នុង​វេលា​កិត្តិយស​ខ្ពស់​មុខ ឬ​គ្រា​ត៧ព​ចូល​ច្រមុះ​ដូច​នេះ​សូម្បី​តែ​នាយ​សារថី​របស់​ទ្រង់ ក៏​អត់​គំរោះ​គំរាម​មិន​បាន​ថា​ក្រឡេក​ឃើញ​តែ​ឈាម ក៏​មុខ​ឡើង​ស្លេក​ស្លាំង ព្រលឹង​ផាយ​បាត​ដូច​ស្ត្រី​នាយ​សារថី​អ្នក​បរ​រថសឹក​នៃ​ព្រះ​រាជ​កុមារ រមែង​មាន​និស្ស័យ​ជា​អ្នក​ចម្បាំង ហើយ​ច្រើន​តែ​ជោរ អ្នក​ចម្បាំង​ដូច​គ្នា​នឹង​អ្នក​អង្គុយ​លើ​រថ​នោះ អ្នក​ចម្បាំង​កម្លោះ​តូច​ពោល គឺ​នាយ​សារថី​នេះ គេ​អាក់​ខាន​កាន់​អាវុធ​នៅ​ដៃ​យូរ​ណាស់​ហើយ គេ​គិត​ឃើញ​ថា ការ​ដែល​គេ​នឹង​ចេញ​មុខ​ធ្វើ​ទៅ​នោះ​ជា​ការ​សំខាន់ តែ​នឹក​បារម្ភ​ក្រែង​ព្រះ​រាជ​កុមារ​មេទ័ព​នឹង​គេច​រត់​ទៅ​ទៀត សឹក​នឹង​ចាប់​ខ្លួន​បាន ក៏​បរ​រថ​កាត់​ទៅ​ជ្រុង​ទី​ចម្បាំង​ដាន​ម្ខាង​ដល់​ទៅ​ដើម​ឈើ​ធំ​ស៊ុំ​ទ្រុម​ក៏​ឡើង​ទៅ​លើ​ដើម​ឈើ​នោះ យក​ធ្នូរ​សរ​និង​បំពង់​ព្រួញ​ដ៏​ក្រស់ក្រាស់​របស់​គេ​សឹង​លាក់​ទុក​មក​យូរ​ហើយ ៗ ក៏​ចុះ​មក​រក​ចៅហ្វាយ​ឡើង​បរ​រថ​ទៅ តាំង​ចិត្ត​នឹង​មក​ជួយ​តស៊ូ​រាជ​សត្រូវ របស់​ចៅហ្វាយ​នាយ ដោយ​កូន​សរ​ដែល​ច្រេះ​ចាប់​ក្រាំង​នោះ​ទាល់​តែ​ឃើញ​ខ្មៅ​ឃើញ​សរ ទើប​ទូល​ថា ទូល​បង្គំ​នឹង​បង្ហាញ​ទ្រង់​បាញ់ សេះ​វា​នឹង​នាំ​រថ​ទៅ​ឯ​ណា ក៏​តាម​តែ​វា មើល​ចុះ​ទាហាន​កងទ័ព​ខាង​សឹក​លោះ​ទៅ​ច្រើន​ណាស់​ហើយ ។ ទូល​ដូច​នោះ​ហើយ ក៏​លើក​សរ​ឡើង​បាញ់​ចេញ​ទៅ​ជា​ច្រើន​ព្រួញ ព្រួញ​មួយ​ទៅ​ធ្លាក់​នៅ​មុខ​ព្រះ​ភក្ដ្រ​ភី​ស្ម កូន​សរ​មួយ​ទៀត​ទៅ​ធ្លាក់​ទៀប​ជើង​ទោណ​អាចារ្យ​ខាង​កង​ទ័ព​កុរុ ។ ទោណ​អាចារ្យ​ភ្ញាក់​ខ្លួន លាន់​មាត់​ថា ច្បាស់​ហើយ​កាល​ឃើញ​កូន​សរ​បាញ់​មក​ត្រង់​ចំពោះ​ហើយ គេ​ចាប់​កូន​សរ​នោះ​បាន នឹង​ស្គាល់​ខ្លួន​អ្នក​បាញ់​ផង នឹង​ថា​កូន​សរ​ដែល​ធ្លាក់​ទៀប​ជើង​គេ​នោះ អ្នក​បាញ់​មិន​បាន​តម្រង់​ក្បាល​គេ អ្នក​បាញ់​បំណង​ឲ្យ​គ្រាន់​តែ​ជ្រិះ​ជើង​ប៉ុណ្ណោះ ងាក​ទៅ​រក​ទុរយោជន៍​អ្នក​ជា​ស្ដេច​សឹក ទូល​ថា ឥឡូវ​នេះ ទូល​បង្គំ​មាន​សេចក្ដី​បារម្ភ ក្នុង​រឿង​ដែល​នឹង​ដណ្ដើម​យក​ជ័យ កូន​សរ​នេះ​មិនមែន​កូន​សរ​អ្នក​ដទៃ​ឆ្ងាយ គឺ​កូន​សរ​អរជុន​ជា​សិស្ស​អ្នក​មាន​ថ្មី​ដៃ​របស់​ទូល​ព្រះ​បង្គំ សិស្ស​នេះ​បើ​ទោះបី​នៅ​ក្នុង​ទី​ប្រទល់​មុខ​គ្នា​ម្ខាង​ម្នាក់ គួរ​បាញ់​ទៅ​ត្រូវ​ជា​ប្រាកដ ក៏​មាន​បំណង​នឹង​បាញ់​ឲ្យ​ត្រូវ​ខ្លួន​ទូល​បង្គំ តែ​នេះ​គេ​ចង់​សម្ដែង​សេចក្ដី​គោរព​ដល់​អាចារ្យ​ចាស់​របស់​គេ ទើប​បាញ់​សរ​មក​ឲ្យ​គ្រាន់​តែ​ឆិត​ជើង ជា​ការ​គំនាប់​ជំនួស​ខ្លួន ។ ទុរយោជន៍ មាយា​ទ្រង់​សំរួល​ក្នុង​កល ក្នុង​ព្រះ​ហឫទ័យ​មាន​សេចក្ដី​អំណរ​លន់​លើស ដែល​បាន​មក​ជួប​ព្រះ​ញាតិ អ្នក​ត្រូវ​និរទេស​ចាក​និវេសនស្ថាន តាម​ខ​សន្យា​ជា​យូរ​មក​ហើយ​នោះ ទ្រងហ់​អំណរ​ទាំង​នេះ ដោយ​ទ្រង់​តម្រិះ​ថា ល្អ​ហើយ ជួប​គ្នា​គ្រា​នេះ យើង​នឹង​បាន​ន្ថែម​ទោស​និរទេស​គេ​ទៅ​ទៀត ១២ ឆ្នាំ ។ ទុរយោជន៍ ក៏​បញ្ចេញ​សេចក្ដី​ត្រេកអរ​ក្នុង​ព្រះ​ហឫទ័យ​ឲ្យ​ភីស្ម​ស្ដាប់​តែ​ខាង​ភីស្ម​មិន​ចង់​រវល់ មិន​ចូល​ចិត្ត​នឹង​រឿង​សាង​មហា​ស្ថាន​លើ​នភតល2 (គំនិត​ឆ្កួត) ហើយ​មិន​ចង់​ចូល​ទៅ​នៅ​ក្នុង​មហា​ស្ថាន​ដូច​នោះ ដែល​អ្នក​ដទៃ​និម្មិត​ឡើង ខណៈ​ដែល​គេ​កំពុង​សន្ទនា​ជា​មួយ​នឹង​ទុរយោជន៍​នោះ រថសឹក​ស្ដេច​សឹក​ក្រុង​វិរាដ ត្រង់​ស្លេវ​មក​ក្នុង​ទី​នោះ ឮ​សូរ​សន្ធឹក​គគ្រឹក​ហាក់​ដូច​ផ្គរ​លាន់ ថ្លែង​សរ​បាច​ប្រសាច​ធ្លាក់​មក​ចុះ​ក្នុង​កណញដាល​កងទ័ព​កុរុ​ដូច​គ្រាប់​ភ្លៀង គ្រាប់​ភ្លៀង​គឺ​កូន​សរ​នោះ​មិន​ចំពោះ​តែ​ធ្លាក់​ទៅ​ខាង​មុខ បាន​ធ្លាក់​បាច​ប្រសាច​ទៅ​ខាង​ឆ្វេង​ខាង​ស្ដាំ​រថសឹក ដែល​បរ​សំដៅ​ទៅ​ទិស​នោះ ៗ រថសឹក​ដ៏​ពន្លឹក​នោះ ចូល​លិក​លុយ​ដេញ​ពល​ខាង​បច្ចាមិត្រ​បែក​ញែក​ធ្លុង​ទៅ ជាន់​ពល​ទាហាន​ស្លាប់​ត្រៀប​ត្រា​កណ្ដាល​ទី​ចម្បាំង គ្រា​នោះ​នាយ​សារថី​អ្នក​មាន​ថ្វី​ដៃ ទើប​ទូល​ស្ដេច​សឹក​ថា តោង​ច្បាំង​សឹក​យ៉ាង​នេះ មើល​ចុះ ពល​ទាហាន​បែក​ខ្ចាយ​ទៅ​ហើយ ពល​ទាហាន​របស់​ទ្រង់ ថា​ជា​អ្នក​មាន​ជ័យ ។ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វិរាដ​អ្នក​ជា​កំពូល​ទ័ព​នៃ​ក្រុង​វិរាដ ក៏​មាន​ជ័យជម្នះ​សឹក​ដោយ​ប្រការ​ដូច​នេះ សំឡេង​និកររាស្ត្រ​សព្ទ​សាធុការ​កង​រំពង កណ្ដាល​ពួក​សេនា​ទាហាន​ដែល​ត្រូវ​អាវុធ​មុត​ជា​ទម្ងន់ ស្រែក​ថ្ងូរ​រលូង​នោះ ពួក​អ្នក​ស្រុក​ក៏​ហូរហៀរ​ច្រៀត​បៀត​គ្នា​មក​ពាស​ពេញ​ផ្លូវ​ថ្នល់ ដើម្បី​សម្ដែង​សេចក្ដី​អំណរ​ក្នុង​រឿង​មាន​ជ័យ កាល​ស្រេច​ការ​កម្រាប​សឹក​ហើយ អង្គ​ក្សត្រិយ៍​សឹក​ប្រទេស​វិរាដ​ក៏​ស្ដេច​ឡើង​ប្រថាប់​លើ​រថ​សឹក អធឹក​ទៅ​ដោយ​ចតុរង្គ​និកាយ​ត្រឡប់​ថ្កាន​រាជធានី ទ្រង់​សន្ទនា​រីករាយ​ជា​មួយ​នឹង​នាយ​សារថី​អ្នក​ភក្ដី​របស់​ព្រះ​អង្គ មក​តាម​ថ្នល់​ក្នុង​ព្រះ​នគរ ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »

រឿងមហាភារតយុទ្ធ ភាគទី១០៖ការតភព្វប្រសប់

ថ្ងៃ​ត​មក​អំពី​ថ្ងៃ​ដែល​មាន​ជ័យ មាន​ការ​ប្រជុំ​ធំ​ជា​ផ្លូវ​រាជការ ដើម្បី​ប្រកាស​ពត៌​ដ៏មាន​ដ៏​មុខ​គួរ​បីតិ​ត្រេកអរ​ឲ្យ​ប្រាកដ​កិត្តិយស​ទួទៅ​ថា កងទ័ព​ក្រុង​វិរាដ​មាន​ជ័យជម្នះ​កងទ័ព​កុរុ​យ៉ាង​ស្រស់ មុខ​ព្រះ​ទីនាំង​គំនាល់​ពេញ​ទៅ​ដោយ​មនុស្ស ច្រៀត​បៀត​ញៀតញាក់​គ្នា​ស្ទើរ​ដក​ដង្ហើម​មិន​រួច អ្នក​ដំណាង​រាស្ត្រ​គ្រប់​ពួក​គ្រប់​ជាន់​បាន​នាំ​គ្នា​មក​កុះករ ដើម្បី​មាន​ចំណែក​នៃ​សេចក្ដី​សោមនស្ស​រីករាយ វេលា​មុន​ដែល​ព្រះ​ចៅ​វិរាដ​និង​ស្ដេច​យាង​ចេញ​កាត់​ទី​ប្រជុំ មាន​រឿង​ចម្លែក​ប្លែក​អស្ចារ្យ​មុខ​គួរ​ឆ្ងល់ គឺ​មាន​មនុស្ស​ប្លែក​មុខ​ម្នាក់​ឡើង​ទៅ​អង្គុយ​លើ​បល្លង្គ​គង់ព្រះ​រាជាធិរាជ បួន​នាក់​ទៀត​មុខ​មាត់​ប្លែក​ដែរ តែង​កាយ​យ៉ាង​ក្សត្រិយ៍ ឈរ​សម្លែង​កិរិយា​គោរព ឬ​គាល់​ជុំ​វិញ​បល្លង្គ​នោះ នេះ​ជា​ឧប្បត្តិហេតុ​ដ៏​កំបាំង​ធ្វើ​ឲ្យ​ទី​ប្រជុំ​មាន​សេចក្ដី​ងើល​ឆ្ងល់​ជា​បំផុត តែ​គ្មាន​និកររាស្ត្រ​ណា​មួយ​ហ៊ាន​ហើប​មាត់​បរិហារ​ថា​ម្ដេច បាន​តែ​ខ្សឹបខ្សៀវ​គ្នា​តិច ៗ និង​សំឡឹង​មើល ហើយ​មើល​ទៀត ដោយ​សង្ស័យ អ្នក​ប្លែក​មុខ​នេះ​ជា​អ្នក​ណា​ហ្ន៎ តែ​គង់​ជា​មិនមែន​អ្នក​ក្បត់​ដណ្ដើម​រាជ​សម្បត្តិ អ្នក​ខ្លះ​នឹក​ឃើញ​ស្រពិច​ស្រពិល មើល​ទៅ​ប្រហែល ៗ ជា​នឹង​ចាំ​មុខ​អ្នក​ប្លែក​មុខ​អម្បាល​នេះ​បាន​ពីរ​បី​នាក់ តែ​នឹក​មិន​ឃើញ​ថា​ជា​ឈ្មោះ​អ្វី ឯ​អ្នក​ដែល​មិន​ធ្លាប់​ឃើញ​ព្រះ​ភក្ដ្រ​ព្រះ​រាជាវិរាដ ក៏​មិន​មាន​សង្ស័យ ។

ខណៈ​អ្នក​មើល​ទាំងឡាយ​កំពុង​នឹក​ស្មាន​ទៅ​ផ្សេង ៗ នានា ព្រះ​រាជា​វិរាដ ក៏​ស្ដេច​យាង​ចូល​មក​ក្នុង​ព្រះ​ទីនាំង​គំនាល់​ព្រះ​ភក្ដ្រ​ឡើង​ក្រហម កាល​ទត​ឃើញ​អ្នក​ប្លែក​មុខ​បង្ហាញ​ឡើង​ទៅ​អង្គុយ​លើ​បល្លង្ក​របស់​ព្រះ​អង្គ ទ្រង់​សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា ខ្ញុំ​រាជការ​ក្នុង​ព្រះ​ដំណាក់ ព្រម​គ្នា​ចាត់​ឧប្បត្ដិ​ឡើង ជា​កិច្ច​សម្ពោធិការ​មាន​ជ័យជម្នះ​ពួក​កុរុ​ព្រះ​លោហិត ពុះ​ខ្មួល​ជ្រួល​ក្នុង​ព្រះ​វរកាយ កាល​មក​នឹក​ដល់​សេចក្ដី​មុខ​ក្រាស់ ឥត​ខ្មាស​របស់​ពួក​រាជ​បរិពារ​ឡើង​មក គួរ​ឬ​មក​បណ្ដោយ​ឲ្យ​កញ្ជះ​គេ​ឡើង​ទៅ​អង្គុយ​លើ​រាជ​បល្លង្ក​សប្បាយ ជា​ការ​ទុរាចារ​ដល់​ព្រះ​ទី​នាំង​ដ៏​សក្ដិសិទ្ធិ​របស់​ខត្តិយរាជ​ជា​បំផុត ទ្រង់​រំពឹង​ថា សេចក្ដី​បញ្ចើច​លលេង​ដូច​នេះ​ប្លែក​ណាស់​ណា វា​គង់​នឹង​កាត់​ក្បាល​អញ​ក្នុង ១ ថ្ងៃ​មិន​ខាន ។ លុះ​ស្ដេច​យាង​ចូល​មក​ជិត ទ្រង់​ចាំ​មុខ​អ្នក​អង្គុយ​លើ​បល្លង្ក​នោះ​បាន​ថា អ្នក​នោះ​ជា​អ្នក​បម្រើ​ការ​របស់​ព្រះ​អង្គ គឺ​អ្នក​កម្សត់ ដែល​ព្រះ​អង្គ​ទទួល​គេ​ទុក​ឲ្យ​នៅ ជា​ខ្ញុំ​ល្អង​ធូលី​ព្រះ​បាទ​ដផយ​សេចក្ដី​ករុណា​ដល់​គេ​នោះ​ឯង កាល​ទ្រង់​ជ្រាប​ដូច​នោះ ក៏​បណ្ដាល​ព្រះ​ទោស​ហឺ​ខ្លាំង​ឡើង​ទៀត ត្រាស់​ព្រះ​សូរសៀង​ក្រេវ​ថា យ៉ាង​ម៉េច​នេះ​វើយ ។ តន្តរបាល សេនាបតី​ម្នាក់​ក្រោក​ឈរ​ឡើង ក្រាប​ទូល​ថា សូម​ទ្រង់​បន្ទោរ​ព្រះ​ទោស​សិន​ព្រះ​ករុណា អ្នក​ប្លែក​មុខ​អង្គុយ​លើ​បល្លង្ក​របស់​ព្រះ​អង្គ​នោះ មិនមែន​ដទៃ​ឆ្ងាយ គឺ​មហា​រាជ​យុធិស្ឋិរ គួរ​សរសើរ​ថា យើង​ជា​អ្នក​មាន​ភ័ព្វ​ដ៏​ប្រសើរ​ដែល​ព្រះ​រាជា​ដ៏​ជា​ប្រមុខ​នៃ​ក្សត្រិយ៍​ទាំងឡាយ​បាន​មក​ប្រថាប់​ជា​ប្រធាន​ក្នុង​ទី​នេះ ។ ព្រះ​រាជា​វិរាដ​ទ្រង់​ត្រាស់​មិន​ចេញ​មួយ​ស្របក់ ជីពចរ​ដើរ​ខ្លាំង ហើយ​ញាប់ញ័រ​តឹក ៗ ឲ្យ​នឹក​ឆ្ងល់​ខ្វល់​ក្នុង​ព្រះ​ហឫទ័យ ព្រះ​ហឫទ័យ​ស្ទុះ​ស្ទះ​ឆ្វាត់ឆ្វែង​មួយ​រយ​មួយ​ពាន់​សា​នឹង​យក​ជា​ការ​អ្វី​មិន​បាន លុះ​ទ្រង់​រំពឹង​មួយ​ស្របក់​ធំ​សេចក្ដី​សន្ធិះ​នោះ​ក៏​រលាយ​បាត់​ទៅ ទើប​ទ្រង់​ថ្វាយ​គំនាប់​មហា​រាជ​យុធិស្ឋិរ​ដោយ​គោរព​ហើយ​ទូល​ថា សូម​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​ទោស​ព្រះ​ករុណា​ចូល​ព្រះ​ទាន​អហោសិកម្ម​ដល់​ទូល​បង្គំ ដែល​ប្រមាថ​ភ្លាំងភ្លាត់​ទៅ​ហើយ សូម​ព្រះ​អង្គ​ទទួល​ទូល​បង្គំ​ទុក​ជា​ខ្ញុំ​តទៅ​ព្រះ​ករុណា ។ ត្រាស់​ប៉ុណ្ណោះ​ហើយ ក៏​ទ្រង់​ព្រះ​កន្សែង​អាក់អួល​ដោយ​ទ្រង់​រឭក​ឡើង​មក​ដល់​កាល​ដែល​កន្លង​ទៅ​ហើយ រវាង​ដែល​បាណ្ឌវ​ក្សត្រិយ៍​ប្លម​អង្គ​មក​នៅ​បម្រើ​ព្រះ​អង្គ​យ៉ាវ​បាវ ទ្រង់​តូច​ព្រះ​ទ័យ​ជា​ទម្ងន់ កាល​មក​គិត​ដល់​ការ​ដែល​បាន​ប្រើប្រាស់​មហារាជ ដូច​បាវព្រាវ​ទ្រង់​ជ្រាប​ព្រះ​អង្គ​ថា បាន​កន្លង​អកុសល​កម្ម​មួយ​យ៉ាង​ដែល​គ្មាន​ផ្លូវ​នឹង​អច្ចយោ​ទោស​នេះ​បាន ក្រៅ​ចាក​ស្លាប់​បង់​ប៉ុណ្ណោះ ។ យុធិស្ឋិរ​ឃើញ​ព្រះ​រាជា​ជា​ទុក្ខ​ដល់​អំពើ​ល្មើស​ដូច​នោះ ក៏​ស្ដេច​ក្រោក​ឡើង​ឈរ​មុខ​បល្លង្ក ឱប​អង្គ​ព្រះ​រាជា​ហើយ​ត្រាស់​ថា ខ្ញុំ​នឹង​អហោសិកម្ម​សេចក្ដី​ប្រមាទ​ភ្លាំងភ្លាត់ ដែល​ទ្រង់​មិន​បាន​ធ្វើ​សោះ យ៉ាង​ដូចម្ដេច ខ្ញុំ​វិញ​គួរ​តែ​សូម​អភ័យ នឹង​អំណរ​គុណ​បុណ្យ​ទ្រង់​ដែល​មេត្តា​ឲ្យ​ខ្ញុំ​សំណាក់​ពាក់​អាស្រ័យ​នឹង​ទ្រង់ ឧបត្ថម្ភ​ការពារ​អន្តរាយ​ក្នុង​គ្រា​គ្រោះ​ថ្នាក់​នេះ ។ មិន​ដូច​នោះ​ទេ ព្រះ​ករុណា​បើ​ប្រសិន​ជា​មាន​ហេតុ​ល្អ​កើត​ឡើង​ក្នុង​ទី​នេះ​សោត​ក៏​មែន​ដទៃ​ឆ្ងាយ គឺ​ថ្វី​ដៃ​សម្ងាត់​ដែល​បាន​អប​លោក​ព្រះ​អង្គ​ក្នុង​ដំណែង​ជា​ចៅហ្វាយ​ជីវិត​ជា​ខ្ញុំ​ព្រះ​អង្គ ។ អើ អើ ចូរ​លើក​ពាក្យ​សំណើរ​នេះ ទុក​អធិប្បាយ​ក្នុង​កាល​ដទៃ​ចុះ ទ្រង់​ជ្រាប​ឬ​ទេ​ថា យើង​បាន​វាយ​កង​ទ័ព​កុរុដែល​រុករាន​ចូល​មក​ជាន់​ដែន​ក្នុង​គ្រា​ទី ២ ឲ្យ​បាក់បប​រត់​ខ្ចាត់​ផាយ​ទៅ​វិញ ក្នុង​កាល​ទ្រង់​មិន​នៅ ។ ទូល​បង្គំ​ទើប​នឹង​ដឹង​ឥឡូវ​នេះ​ឯង​ព្រះ​ករុណា​មិន​ទុក​ព្រះ​ទ័យ​ឬ ដែល​នឹង​ឲ្យ​ទូល​បង្គំ​ដឹង​ខ្លះ​ថា ព្រះ​អរជុន​របស់​ព្រះ​អង្គ​នឹង​រាជិនី​ទ្រៅបទី ឥឡូវ​នេះ​សំណាក់​នៅ​ឯ​ណា ។ គេ​សំណាក់​នៅ​ទី​នេះ​ទាំងអស់ តែ​ប្លែង​ផ្លាស់​នាម​យ៉ាង​ដទៃ ៗ ដើម្បី​បំបិទ​បំបាំង​ឈ្មោះ​ដើម នេះ​គឺ​នកុល​មាន​នាម​ជា​គ្រន្ថិត នេះ​សហទេព​ផ្លាស់​នាម​ជា​តន្តរបាល ជា​អមាត្យ​របស់​ទ្រង់ នេះ​អរជុន ជា​នាយ​សារថី​របស់​ទ្រង់ នេភីម ផ្លាស់​នាម​ជា ពល្លក ជា​អ្នក​សម្លាប់​កិច្ចការ​ខ្ញុំ​មាន​សេចក្ដី​តូច​ចិត្ត​ច្រើន ដែល​ទើប​នឹង​លាន់​វាចា​ក្នុង​វេលា​នេះ ឯ​ទ្រៅបទី​ទេវី​ផ្លាស់​នាម​ជា សៃរិន្ធរី​ជា​សាវឡឹក​អ្នក​គាល់​បម្រើ​ជិត​ដិត​របស់​ព្រះ​រានី​វិរាដ​ដែល​កិច្ចក វង្វេង​លង់​ស្រឡាញ់​ទាល់​តែ​ស្លាប់​ខ្លួន ព្រះ​រាជា​ទ្រង់​ស្ដាប់​យុធិស្ឋិរ​ថ្លែង​រឿងរ៉ាវ​រហូត​មក​ដល់​ត្រង់​នេះ ក៏​មាន​សេចក្ដី​ឆ្ងល់​នឹង​អស្ចារ្យ​ក្នុង​ព្រះ​ហឫទ័យ កាល​កិរិយា​នៃ​កិច្ចក​ជា​រឿង​ឲ្យ​កើត​សោកសៅ​ក្នុង​កាល​ដ៏​កន្លង​ទៅ​ពិត តែ​វេលា​នេះ​មិន​មក​ប៉ះពាល់​ព្រះ​ហឫទ៧យ​ដូច​រឿង​ដេល​ត្រាស់​ឲ្យ​ចង​ដៃ​ចង​ជើង​ទ្រៅបទី​បោះ​ក្នុង​គំនរ​អគ្រនី វេលា​នេះ​ទ្រង់​ឃើញ​ថា មរណភ័យ ដែល​កិច្ចក​បាន​ទទួល​នោះ​ជា​ទោស​ទណ្ឌ​ដ៏​សាល សម្រាប់​លាមក​ដែល​កិច្ចក​បំណង​នឹង​លើក​ខ្លួន​ផ្ទឹម និង​ស្រី​ម្នាក់​ដែល​សក្ដិសិទ្ធិ​ជាង​មាតា​បង្កើត បរិសុទ្ធ​ជាង​ទេពធីតា​ក្នុង​ឋាន​សួគ៌ ទ្រង់​ឃើញ​ទោស​ព្រះ​អង្គ​ឯង​ដែល​បាន​ព្រមព្រៀង​ឲ្យ​ព្រះ​មហេសី ធ្វើ​ការ​កាច់​កិន​សម្មាន​សក្ដិ​ព្រះ​រាជិនី​ទ្រៅបទី អ្នក​បរិសុទ្ធ​រក​មន្ទិល​គ្មាន​ទោះបី​យុធិស្ឋិរ​លួង​លោម​យក​ចិត្ត​ដូចម្ដេច​ក្ដី ក៏​មិន​បាត់​ក្ដៅ​ក្ដួល​ហឫទ័យ កាល​មក​រឭក​ដល់​រឿង​ប្រមាទ​ភ្លាំងភ្លាត់​ដែល​កន្លង​ទៅ​ហើយ​ក៏​កើត​វិប្បដិសារី​រសាប់​រសល់​ខ្វល់ខ្វែង​ចិន្ដា​យុធិស្ឋិរ​ទើប​អញ្ជើញ​ទ្រង់ ឲ្យ​ចូល​ទី​សៃយាសន៍​ព្រោះ​ការ​និទ្រា​ជា​ឱសថ សម្រាប់​រម្ងាប់​សេចក្ដី​ទុក្ខ​សោក​បាន​មួយ​យ៉ាង​ហើយ​ត្រាស់​ថា យើង​ឈប់​និយាយ​ហើយ បើ​សម្ដី​របស់​យើង ដែល​និយាយ​ចេញ​ទៅ​ចេះ​តែ​ធ្វើ​ឲ្យ​អស្សុជល​របស់​ទ្រង់ ហៀរ​ហូរ​ដូច​នេះ​ម្នាល​មហារាជ​រឿង​ដែល​កន្លង​ទៅ​ហើយ​គួរ​គប្បី​ដឹង​ថា វា​រួច​ទៅ​ហើយ មិន​គួរ​នឹង​អំពល់​ទៅ​រំពឹង​យក​មក​វិញ ឲ្យ​វា​កើត​សោក​ស្រណោះ​ទទេ ៗ សឹង​រក​ខ្លឹមសារ​បន្តិច​គ្មាន លោក​អ្នក​មាន​បណ្ដា​សក្ដិ​ខ្ពស់​ជាង​ខ្ញុំ​ជា​ច្រើន​អ្នក​បាន​ប្រសប់​ភព​សេចក្ដី​លំបាក​លំបិន ជាង​សេចក្ដី​លំបាក​ដែល​ឧប្បត្ដិ​ដល់​ខ្លួន​ខ្ញុំ​ក្នុង​គ្រា​នេះ​ជា​ច្រើន​ទ្រង់​មក​បង្ហូរ​អស្សុជល​សស្រាក់​ដូច​នេះ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ខ្លោច​ផ្សា​ពន់​ប្រមាណ​ជាង​ពាក្យ​ប្រមាទ​មើល​ងាយ ដែល​ទ្រង់​ធ្វើ​ដល់​ខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន​នោះ​វិញ​ឬ​ឈឺ​ចាប់​ជាង​ការ​ធ្ងន់​ឯ​ណា​និមួយ ដែល​ទ្រង់​នឹង​គប្បី​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ ទ្រង់​ក៏​ជា​ប្រាជ្ញ​កាល​ណា​ហ្ន៎ បញ្ញា​របស់​ទ្រង់​នឹង​ប្រតិបត្តិ​រក្សា​ព្រះ​អង្គ​ទ្រង់ បើ​ទ្រង់​រម្ងាប់​ព្រះ​ហឫទ័យ​ក្នុង​រឿង​នោះ​សម្រាប់​ព្រះ​អង្គ​ទ្រង់​មិន​បាន ក៏​ចូល​រម្ងាត់​ដើម្បី​ឃើញ​ដល់​ខ្ញុំ​ចុះ ។ វេលា​នេះ​ព្រះ​រាជា​វិរាដ​ទ្រង់​រម្ងាប់​ត្រឡប់​ព្រះ​ហឫទ័យ​បាន ហើយ​ដោយ​ទ្រង់​ចិន្ដា​ថា រឿង​ទុក្ខ​ទោមនស្ស​នេះ មិនមែន​ឲ្យ​ក្ដៅ​ក្រហាយ​តែ​ខ្លួន​ឯង​ទេ ជា​ផ្លូវ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​រាជាធិរាជ របស់​ទ្រង់​ផង ដោយ​ប្រការ​ដូច​នេះ ទើប​ទ្រង់​ព្យាយាម​យ៉ាង​ពេញ​សតិ​បញ្ញា ដើម្បី​ហាម​ឃាត់​អស្សុជល​ធារា ។ តាំង​ពី​យុធិស្ឋិរ ត្រូវ​និរទេស​ទៅ​ដើរ​ព្រៃ ការ​ទារុណ​កម្ម​លមក​ជា​ច្រើន​យ៉ាង​ដែល​កើត​ឡើង​ក្នុង​រដ្ឋ​សីមា​ឥន្ទ្របថ អយុត្តិធម៌ និង​ការ​គ្រប់គ្រង​មិន​ត្រូវ​ទំនៀម​បាន​កើត​ឡើង​ទួទៅ​ទាំង​ព្រះ​រាជអាណា​ចក្រ ព្រះ​រាជវាំង ឥន្ទ្របថ​គ្រា​មួយ​នោះ​ល្អ​ចិញ្ចែង​រក​ទី​ប្រៀប​គ្មាន ឥឡូវ​នេះ​ក្លាយ​ទៅ​ជា​សំបុក​ប្រចៀវ​នឹង​ព្រាប​ទាំងឡាយ មាន​ចោរ​លួច​ប្លន់​បៀតបៀន​អ្នក​ស្រុក​ឲ្យ​បាន​សេចក្ដី​ក្ដៅ​ក្រហាយ​ជា​ញឹកញយ របៀប​ការ​គ្រប់គ្រង​បាន​ផ្លាស់​ប្ដូរ​ខុស​រូប​ដើម​ជា​ច្រើន ព្រោះ​ប្រទេស​និមួយ ៗ ដែល​នឹង​ចម្រើន​រុងរឿង​នឹង​ពោល​សរុប​រួម​តែ​ក្នុង ១ ម៉ាត់​ថា អំណាច​ជា​ធម៌ នេះ​ជា​របៀប​អ្នក​ធ្វើ​ការ​គ្រប់គ្រង​ប្រទេស នឹង​អ្នក​នៅ​ក្រោម​សេចក្ដី​គ្រប់គ្រង ប្រទេស​ឥន្ទ្របថ​ដែល​ធ្លាប់​សុខ​សាន្ត​ត្រាណ​និរាសភ័យ​មក អំពី​ដើម​ត្រឡប់​ទៅ​ជា​ចលាចល​ស្អុះស្អាប់​និកររាស្ត្រ​ទាំងឡាយ ចង់​ឲ្យ​តែ​យុធិស្ឋិរ​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ គេ​នាំ​គ្នា​រាប់​ខែ​រាប់​ឆ្នាំ ចាំ​មើល​ផ្លូវ​បិយ​មហារាជ​របស់​គេ​ដោយ​សេចក្ដី​រំជួល​ចិត្ត ពណ៌មាន​រឿង​បាណ្ឌវ​ក្សត្រិយ៍​ស្ដេច​ទៅ​នៅ​ក្នុង​សំណាក់​វិរាដ​បាន​ល្បី​ទួទៅ​ក្នុង​នានា​ប្រទេស ពួក​ក្សត្រិយ៍​សាមន្តរាជ​ដែល​នៅ​ក្នុង​សេចក្ដី​គ្រប់គ្រង​របស់​ក្សត្រិយ៍​មហា​សាល​យុធិស្ឋិរ បាន​នាំ​គ្នា​ម្នីម្នា​ទៅ​ថ្កាន​ក្រុង ដើម្បី​សម្ដែង​សេចក្ដី​គោរព នឹង​ថ្វាយ​សេចក្ដីដល់​បរម​ក្សត្រិយ៍​ដ៏​ជា​ចៅហ្វាយ​នាយ​របស់​គេ អ្នក​ខ្លះ​តោង​ដើរ​ជើង​ទៅ មាន​សេចក្ដី​នឿយ​លំបាក​ដោយ​មាគ៌ា​ដ៏​ឆ្ងាយ ដើម្បី​ឃើញ​ព្រះ​ភក្ដ្រ​មហា​រាជា​របស់​គេ​ម្ដង​ទៀត អ្នក​ខ្លះ​ក៏​នឹក​ឫស្យា​ព្រះ​ចៅ​វិរាដ ដែល​ឲ្យ​យុធិស្ឋិរ​សំណាក់​អាស្រ័យ​នៅ​ក្នុង​ម្លប់​សំយ៉ាប ។ តែ​យុធិស្ឋិរ​នឹង​ត្រឡប់​ទៅ​នគរ​វិញ ដោយ​សុវត្ថភាព​មិន​បាន ដោយ​ទ្រង់​ជ្រាប​ថា នឹង​តោង​ច្បាំង​គ្រប់​ជំហាន ដែល​ឈាន​ត្រឡប់​ទៅ​វិញ ទើប​ទ្រង់​ប្រឹក្សា​នឹង​ព្រះ​រាជា​វិរាដ​រាជ​សម្ពន្ធមិត្រ​ក្នុង​រឿង​នេះ ដើម្បី​កំណត់​គ្រោង​ការ​សង្គ្រាម ដែល​នឹង​លើក​ទៅ​វាយ​យក​ផែនដី​របស់​ព្រះ​អង្គ ដែល​បណ្ដាល​ឲ្យ​យើង​ត្រូវ​និរទេស​នោះ​សព្វ​គ្រប់​ហើយ ពង្សសាវតារ​ដ៏​ល្បី​នាម​ក្នុង​ជីវិត​របស់​ខ្ញុំ​អាច​នឹង​សរុប​បាន​ក្នុង​ពាក្យ​មួយ​ម៉ាត់​ថា ការ​ភ្នាល់​ប៉ុណ្ណោះ​ឯង ខ្ញុំ​យក​អាណាចក្រ និង​ឥស្សរភាព​ទៅ​ភ្នាល់​នឹង​គេ ចាញ់​គេ​រាល់​ក្ដារ មិន​ថា​ក្ដារ​ណា តែ​បង់​ចុះ​ក៏​បាត់​ទៅ មិន​បង់​តែ​មកុដ​របស់​ខ្ញុំ បង់​ទាំង​ខ្លួន​ធ្លាក់​ទៅ​ខ្ញុំ​គេ​ផង ព្រម​ទាំង​ទ្រៅបទី​ត្រូវ​ជា​បណ្ដូល​ចិត្ត តែ​ដែល​បង់​នាង​ទៅ ខ្ញុំ​មិន​សូវ​ទោមនស្ស​តូច​ចិត្ត​ស្មើ​នឹង​អាម៉ាស់​មុខ ត្រង់​ដែល​ទុហសាសន វា​ចាប់​សម្រាត​នាង​កណ្ដាល​ទី​ប្រជុំ​ជន គ្រា​នោះ​ចិត្ត​ខ្ញុំ​ស្លុត​សង្វេគ​ស្ទើរ​ទ្រាំ​ពុំ​បាន តែ​បាន​ព្រះ​ករុណា​ធិគុណ​ព្រះ​អយ្យកោ ភីស្មៈ ដែល​ទ្រង់​បាន​ពោល​ជា​ផ្លូវ​ប្រឹក្សា​ថា ការ​ដែល​ធ្វើ​ទោស​ទណ្ឌកម្ម ដល់​យើង សុំ​ឲ្យ​ជា​ការ​ធ្វើ​និរទេស​ចេញ​ចាក​និវេសស្ថាន រហូត​វេលា ១៣ ឆ្នាំ ជា​កំណត់ យើង​ក៏​ព្រម​ទទួល​ទណ្ឌកម្ម​នោះ ដោយ​តុណ្ហីភាព ទោះបី​ទណ្ឌកម្ម​នោះ​តឹងរឹង​ម្ល៉ោះ​ក្ដី​ឥត​ថា យើង​បាន​ទទួល​សោយទរ​មាន​កម្ម​លំបាក​លំបិន​ដល់​ខ្នាត រហូត​កាល​កំណត់​និរទេស​ក្នុង​រវាង​នោះ​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ព្រម​ទាំង​អន្ធការ ទើប​នឹង​បាន​ឃើញ​ពន្លឺ​ដ៏​រុងរឿង ពោល​គឺ​សេចក្ដី​មេត្តា​របស់​ទ្រង់ ដែល​ទ្រង់​ទទាក់​ទទួល​ឲ្យ​ទៅ​ជា​សុខ​ក្នុង​អំណាច អារក្ខា​ក្នុង​រាជ​ដំណាក់​នោះ ឥឡូវ​នេះ​យើង​ខ្ញុំ​បាន​ទទួល​និរទេស​ទណ្ឌកម្ម​នោះ​ដោយ​សុចរិត​គ្រប់​ធុន​បាន​កំណត់​ហើយ បាន​ប្រតិបត្តិ​យ៉ាង​តឹងរឹង​តាម​ខ​សន្យា​ដែល​ចង​រឹត​ខ្ញុំ​នោះ​គញរប់​ប្រការ វេលា​នេះ​ខ្ញុំ​មាន​សេចក្ដី​ធូរ​ស្រួល​ក្នុង​ចិត្ត​គិត​នឹង​ត្រឡប់​ទៅ​ស្រុក​ទេស​របស់​ខ្ញុំ​វិញ នឹង​ទ្រាំ​ដើរ​ទៅ​សំចត​ឯ​ណោះ​បន្តិច​ឯ​ណេះ​បន្តិច​ដូច​ចចក រហូត​និរន្តរកាល​ទៅ​មិន​បាន ។ ព្រះ​រាជា​វិរាដ​តប​ថា ទូល​បង្គំ​ជឿ​ជា​ប្រាកដ​ថា នឹង​បាន​ព្រះ​នគរ​មក​វិញ ដោយ​មិន​តោង​ធ្វើ​សង្គ្រាម​នោះ​ជា​មិន​ខាន ក្រប៊‍ី​របស់​យើង​តែ​មួយ​យ៉ាង​ប៉ុណ្ណោះ អាច​នឹង​ចាត់​ការ​វិវាទ​ឲ្យ​ស្ងប់​ទៅ​បាន ឬ​ឲ្យ​ដាច់ស្រេច ព្រោះ​ថា​អ្វី​ដែល​បង់​ទៅ​ដោយ​អយុត្តិធម៌​នោះ កម្រ​នឹង​ត្រឡប់​បាន​មក​វិញ​ដោយ​ប្រតិភាព ។ ក្នុង​ខ​នេះ​ទ្រៅបទី​ក៏​យល់​ឃើញ​ផង នាង​ជា​ស្រី​ក៏​មែន តែ​នាង​ធីតា​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង ហើយ​ជា​មហេសិ​ក្សត្រិយ៍ នាង​ទើប​មាន​សវនិយ​ថា ការ​ដែល​ព្យាយាម​សំរួបសំរួន​បង​ប្អូន ដែល​ទាក់ទង​ខ្វែង​គំនិត​គ្ន​គ្រា​នេះ​ស្នើ​ដូច​យល់​ស្រប ការ​ទុច្ចរិត​បង់​ពាក្យ​សត្រូវ​បាន​ទទួល​រង្វាន់​តែ ១ យ៉ាង គឺ​មរណៈ​ទុរយោជន៍ យក​ប្រៀប​ទ្រង់​យ៉ាង​ដូចម្ដេច​ខ្លះ គេ​ឆ្លាស​បញ្ឆោត​ទ្រង់​ឲ្យ​ចូល​ទៅ​ក្នុង​អង្គប់​យ៉ាង​ម៉េច គេ​ក្លែង​តែង​វោហារ​ធ្វើ​ជា​លេង​ល្បែង​ភ្នាល់​យ៉ាង​ញាតិ​យ៉ាង​មិត្រ តែ​កល​គិត​យក​រាជ​អាណាចក្រ​របស់​ទ្រង់​ទៅ បណ្ដេញ​ទ្រង់​ឲ្យ​ចុះ​ចាក​ផ្ទះ​សម្បែង នឹង​ចាក​ប្រយូរវង្ស​របស់​ទ្រង់​យ៉ាង​ម៉េច ព្រះ​ហឫទ័យ​របស់​ទ្រង់​គង់​ជា​រាក់​មិន​ចាក់​ធ្លុះ​ទៅ​ក្នុង​ឧបាយកល​នោះ ទើប​ប្រមាទ​ភ្លាំងភ្លាត់​ទៅ​ជ្រៅ​ដល់​ម្ល៉េះ ឲ្យ​ការ​សង្គ្រាម ៗ យ៉ាង​ចេញ​មុខ​នេះ​វិញ​វិនិច្ឆ័យ ទើប​នឹង​ដឹង​ថា ខាង​ណា​ខុស​ធម៌​ខាង​ណា​ត្រូវ​ធម៌ ។ ព្រះ​យុធិស្ឋិរ តប​ដោយ​គិត​ទុក​មក​ហើយ​ថា បង​ចង់​ល​ចិត្ត​នាង​មើល​ក្នុង​រឿង​នេះ តើ​ជា​យង់​យល​ដូចម្ដេច បង​នឹង​បញ្ជូន​ទូត​មួយ​ប៉ែក​ទៅ​កាន់​រាជ​ដំណាក់ ស្រីក្ឫស្ណ1 ព្រះ​រាជា​ប្រទេស​ទ្វារក ឲ្យ​យក​ចិត្ត​ឈឺ​ឆ្អាល​ខាង​បង​ក្នុង​ការ​សង្គ្រាម​គ្រា​នេះ អរជុន​នេះ​ឯង​ជា​ទូត​របស់​បង ។ ព្រឹក​ឡើង​ថ្ងៃ​ត​អំពី​នោះ អរជុន​ក៏​អញ្ជើញ​រាជ​សាសន៍​ទៅ​កាន់​ក្រុង​ទ្វារក​ជា​ព្រះ​នគរ​របស់​ព្រះ​ក្ឫស្ណ (ក្រិស្ណ) សឹង​តាំង​នៅ​មាត់​ទន្លេ​ខាង​លិច​រយៈ​ផ្លូវ​ឆ្ងាយ ក្នុង​ដែន​ឥឡូវ​នេះ​ហៅថា​គូជរាត អរជុន​ធ្លាប់​ទៅ​មក​កាន់​រាជសំណាក់​ក្ឫស្ណ​ឆ្នាំ​ដំបូង ៗ ក្នុង​រវាង ១២ ឆ្នាំ ដែល​ត្រូវ​និរទេស​នោះ រាជ​កុមារ​ទាំង​ពីរ​នេះ​ជា​សម្ពន្ធមិត្រ ស្និទ្ធស្នាល​គ្នា​ច្រើន​ទាំង​ជាប់​ជា​ព្រះ​ញាតិ​នឹង​គ្នា​ផង ក្នុង​ឱកាស​ដែល​ទៅ​គ្រា​នោះ អរជុន​បាន​ឃើញ​ក្សត្រិយ៍ ១ អង្គ តែង​កាយ​រៀបរយ​ដើរ​ចូល​ទៅ​ក្នុង​រាជវាំង​ទ្វារក ចូល​មុន​អរជុន​មិន​ប៉ុន្មាន​ជំហាន មើល​ទៅ​ភាព​ក្សត្រិយ៍​នោះ ឃើញ​ថា​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដូច​គ្នា ហើយ​មើល​ទៅ​ឃើញ​ថា មាន​ធុរៈ​ប្រញាប់​ដូច​គ្នា​អ្នក​យាម​ទ្វារ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដោយ​ស្រួល មើល​ទៅ​កិរិយា​ដូចជា​ព្រះ​រាជ​មិត្រ ឬ​ព្រះ​ញាតិ​នឹង​ព្រះ​រាជ​ក្ឫស្ណ អរជុន​នឹក​ឆ្ងល់​ថា ជា​អ្នក​ណា​ហ្ន៎​តែ​គ្មាន​វេលា​នឹង​សាក​សួរ​ឲ្យ​អស់​សង្ស័យ ក្នុង​រឿង​ដ៏​ឥត​ប្រយោជន៍ ព្រោះ​ទ្រង់​មក​ជា​ការ​រាជការ​រួសរាន់​ព្រះ​ហឫទ័យ​ខ្វល់​ទៅ​តែ​ក្នុង​រឿង​រាជការ ។ កាល​ស្ដេច​ចូល​ទៅ​ដល់​ទ្វារ​វាំង​នាយ​ទ្វារបាល ក៏​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដោយ​ស្រួល​ដូច​គ្នា ដោយ​មិន​ចាំ​បាច់​ធ្វើ​របៀប​យ៉ាង​ម្ដេច តែ​វេលា​នោះ បាន​ទ្រង់​ជ្រាប​ថា​ក្ឫស្ណ​កំពុង​ផ្ទំ​សម្រាន្ត​និន្ទ្រារម្មណ៍​ក្នុង​វេលា​រសៀល​ទ្រង់ ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ក្រលា​បន្ទំ តែ​មិនមែន​ជា​ប្រុស​ទៅ​ដាស់​ចូល​ទៅ​រង់​ចាំ​ក្នុង​ទី​នោះ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ខាត​វេលា កាល​ស្ដេច​តើន​ឡើង​នឹង​បាន​ទូល​ស្នើ​តាម​ការ​ខណៈ​ដែល​អរជុន​ឈាន​ចូល​ទៅ​ក្នុង​បន្ទប់​ក្រលា​បន្ទំ ព្រះ​រាជា​មាន​ភ្ញៀវ​ម្នាក់​ទៀត​ជ្រៀត​ដើរ​ចូល​ទៅ​ផង ដើរ​ស្រាវ​ជើង​ទៅ​មុខ​អរជុន​ពីរ​បី​ជំហាន រាជ​កុមារ​អង្គ​នោះ​វាយ​រឹក​ធំ ចូល​ទៅ​ឈរ​ខាង​ដើម​ព្រះ​ទែន​បន្ទំ​ក្បែរ​ព្រះ​សីរ អរជុន​ចូល​ទៅ​ឈរ​ខាង​ចុង​ព្រះ​ទែន​ការ ដែល​មានមនុស្ស​ពព្រូស​ពប្រាស់​ធ្វើ​ឲ្យ​ព្រះ​រាជា​តើន​បន្ទំ កាល​បើក​ព្រះ​នេត្រ​ឡើង​ក៏​ឃើញ​អរជុន​ដែល​នៅ​ចុង​ព្រះ​បាទ​មុន ដោយ​សេចក្ដី​បីតិ​ព្រឺព្រួច ដែល​បាន​ជួប​ព្រះ​រាជ​សម្ពន្ធមិត្រ​ដ៏​ស្និទ្ឌស្នាល ក៏​ត្រាស់​សួរ​ដោយ​រួសរាន់​ថា អរជុន​ទ្រង់​មក​ពី​អង្កាល យើង​មាន​សេចក្ដី​សោមនស្ស​ណាស់ ដែល​បាន​ឃើញ​មុខ​បិយមិត្រ ។ ទូល​បង្គំ​ទើប​នឹង​មក​អម្បាញ់​មិញ ។ ទូល​បង្គំ​មក​មុន​នេះ​ជា​សម្ដី​អ្នក​ម្នាក់​និយាយ​កាត់​ឡើង ពាក់​កណ្ដាល​ភ្ញៀវ​ដែល​មក​រក​ម្ខាង​នោះ គឺ​តុរយោជន៍ កាល​ក្រិស្ណ ប្រែ​ព្រះ​ភក្ដ្រ​ទៅ​ខាង​អ្នក​និយាយ​ក្រោយ​នេះ ឃើញ​ក្រិស្ណ ឈរ​ខាង​ដើម​ព្រះ​ទែន​ថ្វយ​គំនាប់ ក៏​ត្រាស់​ថា យូរ​ហើយ​ណា ទើប​នឹង​មក​ជួប​គ្នា​ក្នុង​ថ្ងៃ​នេះ​សិទ្ធិ​ជោគ​ស្លោក​ល្អ​នាំ​ទ្រង់​ឲ្យ​មក​ដល់​ទី​នេះ ។ ទុរយោជន៍​ចង់​បាន​ក្រិស្ណ​ជា​សម្ពន្ធមិត្រ ដោយ​សិនិទ្ធភាព​ជា​អ្នក​មក​ដល់​មុន (ព្រោះ​ព្រះ​វេណី​ក្សត្រិយ៍​ឥណ្ឌូ​បុរាណ ថា​បើ​កើត​ហេតុ​ទាស់​ទែង​គ្នា​ឡើង នឹង​សុំ​ឲ្យ​ជួយ​រវាង​បរប័ក្ស គេ​ច្រើន​តែ​ទទួល​ជួយ​ខាង​អ្នក​មក​ដល់​មុន) មិន​បាន​ប្រាស្រ័យ​បដិសន្ទនា​ឲ្យ​យឺត​យូរ​ពោល​តែ​កំបុត ៗ ថា ទូល​បង្គំ​សូម​ឲ្យ​ព្រះ​អង្គ​មាន​ភាគ​ជំនួយ​ក្នុង​ការ​សង្គ្រាម ដែល​នឹង​មាន​មក សូម​ព្រះ​អង្គ​ជា​បក្ស​ខាង​ទូល​បង្គំ ។ អរជុន​មិន​បាន​ស្រែក​សុំ​សេចក្ដី​ជំនួយ​យក​ប្រៀប​មុន ក្រោយ​ដូច​នោះ អង្គុយ​តែ​ស្ងៀម​ក្រិស្ណ​ជញ្ជឹង​មួយ​ស្របក់​ក៏​ត្រាស់​ថា ខ្ញុំ​ឥត​មាន​ទើស​ទាល់​ទេ ក្នុង​ការ​ដែល​នឹង​ប្រគល់​កម្លាំង​យោធា​របស់​ខ្ញុំ ដើម្បី​ជា​ប្រយោជន៍​ដល់​ទ្រង់​ឯ​ណា​និមួយ ឬ​ទាំង​សង​ខាង តែ​ខ្ញុំ​សុំ​និយាយ​បំភ្លឺ​ត្រង់​នេះ​សិន តាម​សេចក្ដី​យល់​ឃើញ​របស់​ខ្ញុំ អ្នក​ទាំង​ពីរ​មាន​ភាគ​ស្មើ​គ្នា ដើម្បី​នឹង​រក្សា​ជញ្ជាំង​ត្រាជូរ​ឲ្យ​ទៀត​ត្រង់ រវាង​សេចក្ដី​សម្ពន្ធមិត្រ​សម្រាប់​ខ្លួន នឹង​សម្រាប់​ប្រទេស ខ្ញុំ​សុំ​ប្រគល់​កងទ័ព​ជើង​គោក​និង​កម្លាំង​ទ្រព្យ​ទាំងមូល​អាណាចក្រ​ឲ្យ​ម្ខាង តែ​ម្ខាង​ទៀត ខ្ញុំ​ចង់​ប្រគល់​ខ្លួន​ខ្ញុំ ឲ្យ​ដោយ​មិន​បាន​កាន់​អាវុធ ឬ​ពាក់​ក្រិស្ណ​គញរឿង​ការពារ​ខ្លួន ឥឡូវ​នេះ​សូម​ឲ្យ​ទ្រង់​ទាំង​សង​ខាង​រើស​យក​តាម​គាប់​ចិត្ត​ចុះ ។ ទុរយោជន៍​ទូល​ដោយ​រួសរាន់​ថា ទូល​បង្គំ​សុំ​ទទួល​យក​ខាង​កងទ័ព​គោក និង​ធន​ទ្រព្យ​ទាំង​ពួង​ជា​របស់​ខាង​ទូល​បង្គំ ។ អរជុន​ទូល​ថា ទូល​បង្គំ​មាន​សេចក្ដី​អំណរ​លន់ ដែល​បាន​ក្រិស្ណ​ជា​ពួក​ខាង​ទូល​បង្គំ ទូល​បង្គំ​វាយ​តម្លៃ​មិត្តភាព​យ៉ាង​ក្រិស្ណ ខ្ពស់​ជាង​កម្លាំង​ពល​ទាហាន​របស់​ព្រះ​អង្គ ។ គ្រា​នោះ​កងទ័ព​គោក​របស់​ព្រះ​ចៅ​ក្រិស្ណ ក៏​ចាត់ចែង​លើក​ទៅ ក្រុង​ហស្តិនបុរ ដោយ​រួសរាន់ ទុរយោជន៍​ជា​អ្នក​នាំ​ទ័ព​ទៅ​ឯង ក្នុង​វេលា​ជា​មួយ​គ្នា​នោះ ក្រិស្ណ​ក៏​ស្ដេច​តាម​អរជុន​ទៅ​ឯ​ក្រុង​វិរាដ​ស្ដេច​ទៅ​គ្រា​នេះ​គ្មាន​កាន់​អាវុធ​គ្មាន​រាជបុរស​តាម​ស្ដេច​ទៅ​ផង​ទេ កាល​ក្សត្រិយ៍​ទាំង​ពីរ​ទៅ​ដល់​រាជ​ដំណាក់​ព្រះ​ចៅ​វិរាដ​ហើយ មាន​ការ​ប្រជុំ​ប្រឹក្សា​សើរើ​រឿង​បាណ្ឌវ​ក្សត្រិយ៍ ក្រិស្ណ​ប្រថាប់​ជា​ប្រធាន​ក្នុង​ទី​ប្រជុំ​នោះ ទ្រង់​ព្យាយាម​តែ​នឹង​បំបាត់​មិន​ឲ្យ​កើត​សង្គ្រាម​កាប់​សម្លាប់​គ្នា វេលា​នោះ​ទ្រង់​ក្រោក​ឈរ​ឡើង​ពោល​សុន្ទរកថា សំរួបរំរួល ដើម្បី​ឲ្យ​ស្ងប់​សឹក ដើម្បី​សេចក្ដី​ជា​មិត្រ ក្នុង​ទី​បំផុត​បាន​ព្រមព្រៀង​គ្នា​តាម​ពាក្យ​ណែនាំ​របស់​ក្រិស្ណ​ឲ្យ​បញ្ជូន​ទូត​ទៅ​គាល់​រាជា​ធតរាស្ត្រ​ព្រះ​ញាតិ​ជាន់​អ្នក​ធំ ដើម្បី​ធ្វើ​ការ​សាមគ្គី​រស​គ្នា​និង​គោរព ។

បានចុះផ្សាយក្នុង រឿងមហាភារតយុទ្ធ. Leave a Comment »